ជំពូកទី ១០
ស្ដេចមួយតពីស្ដេចមួយទៀត — ស្ដេចខ្លះសុចរិត ខ្លះទៀតទុច្ចរិត — កាលណាមានសេចក្ដីសុចរិត នោះប្រជាជនបានពរ ហើយចម្រើនឡើង ដោយសារព្រះអម្ចាស់។
១ហើយហេតុការណ៍បានកើតឡើងថា សែស ដែលជាពូជពង្សរបស់ហេត — ត្បិត ហេតបានសុគតដោយអំណត់ ព្រមទាំងរាជវង្សានុវង្សរបស់ទ្រង់ទាំងអស់ លើកលែងតែ សែស — ហេតុដូច្នោះហើយ សែស បានចាប់ផ្ដើមកសាងឡើងវិញនូវប្រជាជនមួយដែលត្រូវបាក់បែក។
២ហើយហេតុការណ៍បានកើតឡើងថា សែសបានចងចាំពីការបំផ្លិចបំផ្លាញដល់ពួកអយ្យកោរបស់ទ្រង់ ហើយទ្រង់បានកសាងឡើងនូវនគរមួយដ៏សុចរិត ត្បិតទ្រង់បានចងចាំពីអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានធ្វើក្នុងការនាំយ៉ារេឌ និងបងប្រុសរបស់លោកឆ្លងកាត់ទីជម្រៅ ហើយទ្រង់បានដើរតាមផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយទ្រង់បង្កើតបានបុត្រាបុត្រីទាំងឡាយ។
៣ហើយបុត្រច្បងរបស់ទ្រង់ ដែលមាននាមថា សែស បានបះបោរប្រឆាំងទ្រង់ ទោះជាយ៉ាងណាក៏ដោយ គង់តែ សែស ត្រូវបានវាយដោយដៃនៃចោរម្នាក់ ដោយព្រោះទ្រង់មានទ្រព្យច្រើនលើសលប់ ដែលបាននាំសន្តិភាពមកឲ្យបិតាខ្លួនវិញ។
៤ហើយហេតុការណ៍បានកើតឡើងថា បិតាទ្រង់បានស្ថាបនាទីក្រុងជាច្រើននៅលើផ្ទៃដែនដី ហើយប្រជាជនបានចាប់ផ្ដើមជាថ្មី រាលដាលពាសពេញលើផ្ទៃដែនដី។ ហើយសែសបានរស់នៅរហូតដល់មានព្រះជន្មាយុចាស់ខ្លាំង ហើយទ្រង់បង្កើតបានរីពឡាគិស។ ហើយទ្រង់ក៏សុគតទៅ ហើយរីពឡាគិសបានសោយរាជ្យជំនួសទ្រង់។
៥ហើយហេតុការណ៍បានកើតឡើងថា រីពឡាគិសពុំបានធ្វើនូវអ្វីដែលត្រឹមត្រូវនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ទេ ត្បិតទ្រង់មានភរិយា និងស្នំជាច្រើន ហើយបានបំពាក់ទៅលើស្មារបស់មនុស្សនូវអ្វីដែលពិបាកនឹងទ្រាំទ្របាន មែនហើយ ទ្រង់បានយកពន្ធពួកគេជាទម្ងន់ ហើយពន្ធទាំងនេះ ទ្រង់បានយកទៅស្ថាបនាអគារដ៏ធំទូលាយជាច្រើន។
៦ហើយទ្រង់បានស្ថាបនាឡើងសម្រាប់ខ្លួនទ្រង់នូវបល្ល័ង្កមួយដ៏សែនល្អ ហើយទ្រង់បានសង់គុកជាច្រើន ហើយអស់អ្នកណាដែលមិនព្រមបង់ពន្ធ នោះទ្រង់ដាក់ទៅក្នុងគុក ហើយអស់អ្នកណាដែលមិនអាចបង់ពន្ធ នោះទ្រង់ដាក់ទៅក្នុងគុក ហើយទ្រង់បានឲ្យពួកគេធ្វើការមិនឈប់ឈរសោះ ប្រយោជន៍បានការទ្រទ្រង់ពីពួកគេ ហើយអស់អ្នកណាដែលប្រកែកមិនព្រមធ្វើការ នោះទ្រង់បានបញ្ជាឲ្យយកទៅសម្លាប់ចោល។
៧ហេតុដូច្នោះហើយ ទ្រង់យកបានអស់ទាំងស្នាដៃដ៏ល្អវិចិត្រ មែនហើយ ទាំងមាសសុទ្ធរបស់ទ្រង់ ក៏ទ្រង់បានឲ្យចម្រាញ់នៅក្នុងគុកដែរ ហើយស្នាដៃដ៏ល្អគ្រប់យ៉ាង ក៏ទ្រង់បានចាត់ឲ្យធ្វើនៅក្នុងគុក ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានធ្វើឲ្យប្រជាជនកើតទុក្ខ វេទនា ដោយសារអំពើសហាយស្មន់ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ទ្រង់។
៨ហើយកាលទ្រង់បានសោយរាជ្យអស់រយៈពេលសែសិបពីរឆ្នាំ នោះប្រជាជនបានបះបោរឡើងប្រឆាំងនឹងទ្រង់ ហើយក៏ចាប់ផ្ដើមមានសង្គ្រាមជាថ្មីនៅលើដែនដី ដរាបដល់រីពឡាគិសត្រូវសុគតទៅ ហើយពួកបុត្រាបុត្រីរបស់ទ្រង់ ត្រូវបានដេញឲ្យចេញពីដែនដី។
៩ហើយហេតុការណ៍បានកើតឡើងថា ក្រោយពីរយៈពេលជាច្រើនឆ្នាំមក នោះម៉ូរីអានតុន (លោកជាពូជពង្សរបស់រីពឡាគិស) ប្រមូលបានកងទ័ពមួយពីពួកអ្នកដែលត្រូវបានបណ្ដេញចេញ ហើយបានលើកទៅច្បាំងនឹងប្រជាជន ហើយលោកបានអំណាចលើទីក្រុងជាច្រើន ហើយសង្គ្រាមនោះ បានក្លាយជាសាហាវក្រៃលែង ហើយអស់រយៈពេលជាច្រើនឆ្នាំ លោកបានអំណាចលើអស់ទាំងដែនដី ហើយបានតាំងខ្លួនជាស្ដេចលើអស់ទាំងដែនដី។
១០ហើយបន្ទាប់ពីលោកបានតាំងខ្លួនឡើងធ្វើជាស្ដេច នោះទ្រង់បានសម្រាលបន្ទុករបស់ប្រជាជន ដោយហេតុនេះហើយ ទ្រង់បានទទួលការប្រោសប្រណីនៅក្នុងភ្នែកនៃប្រជាជន ហើយពួកគេបានចាក់ប្រេងតាំងលោកឲ្យធ្វើជាស្ដេចរបស់ពួកគេ។
១១ហើយទ្រង់បានអនុវត្តសេចក្ដីយុត្តិធម៌ដល់ប្រជាជន ប៉ុន្តែពុំមែនសម្រាប់ខ្លួនទ្រង់ទេ ហើយមកពីអំពើសហាយស្មន់ជាច្រើនរបស់ទ្រង់ ហេតុដូច្នោះហើយ ទ្រង់ត្រូវបានកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
១២ហើយហេតុការណ៍បានកើតឡើងថា ម៉ូរីអានតុនបានស្ថាបនាទីក្រុងជាច្រើន ហើយប្រជាជនបានក្លាយទៅជាមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភបំផុតនៅក្រោមរាជ្យរបស់ទ្រង់ ទាំងខាងអគារ និងខាងមាស និងប្រាក់ និងខាងការដាំធញ្ញជាតិ និងចិញ្ចឹមហ្វូងចៀម និងហ្វូងសត្វ និងអ្វីៗដែលត្រូវបានឲ្យមកពួកគេវិញ។
១៣ហើយម៉ូរីអានតុន បានរស់នៅដល់ព្រះជន្មាយុដ៏ចាស់ណាស់ ហើយបន្ទាប់មក ទ្រង់បង្កើតបានគិម ហើយគិមបានសោយរាជ្យជំនួសបិតាទ្រង់ ហើយទ្រង់បានសោយរាជ្យប្រាំបីឆ្នាំ ហើយបិតាទ្រង់ក៏សុគតទៅ។ ហើយហេតុការណ៍បានកើតឡើងថា គិម មិនបានសោយរាជ្យក្នុងសេចក្ដីសុចរិតទេ ហេតុដូច្នោះហើយ ទ្រង់ពុំបានទទួលការប្រោសប្រណីពីព្រះអម្ចាស់ឡើយ។
១៤ហើយព្រះអនុជរបស់ទ្រង់បានបះបោរប្រឆាំងនឹងទ្រង់ ដោយហេតុនេះ បាននាំទ្រង់ទៅក្នុងការជាប់ឃុំឃាំង ហើយទ្រង់បាននៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានបុត្រាបុត្រីទាំងឡាយនៅក្នុងការជាប់ឃុំឃាំង ហើយនៅក្នុងវ័យចាស់របស់ទ្រង់ នោះទ្រង់បង្កើតបានលេវី ហើយទ្រង់ក៏សុគតទៅ។
១៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីការសុគតរបស់បិតាខ្លួន នោះលេវីបានបម្រើនៅក្នុងការជាប់ឃុំឃាំងអស់រយៈពេលសែសិបពីរឆ្នាំ។ ហើយទ្រង់បានធ្វើសង្គ្រាមតទល់នឹងស្ដេចរបស់ដែនដី ដោយហេតុនេះ ទ្រង់យកបាននគរមកវិញ។
១៦ហើយបន្ទាប់ពីទ្រង់យកបាននគរមកវិញហើយ នោះទ្រង់បានធ្វើនូវអ្វីដែលត្រឹមត្រូវ នៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ ហើយប្រជាជនបានចម្រើនឡើងនៅលើដែនដី ហើយទ្រង់មានព្រះជន្មាយុរស់នៅដល់វ័យចាស់ ហើយបង្កើតបានបុត្រាបុត្រីទាំងឡាយ ហើយទ្រង់បង្កើតបានកូរ៉ុម ដែលទ្រង់បានចាក់ប្រេងតាំងឲ្យធ្វើជាស្ដេចជំនួសទ្រង់។
១៧ហើយហេតុការណ៍បានកើតឡើងថា កូរ៉ុមបានធ្វើនូវអ្វីដែលល្អនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់អស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានបុត្រាបុត្រីជាច្រើន ហើយបន្ទាប់ពីទ្រង់បានរស់នៅជាយូរអង្វែង នោះទ្រង់ក៏សុគតទៅ ដូចអ្នកឯទៀតនៅលើផែនដីដែរ ហើយគីសបានសោយរាជ្យជំនួសទ្រង់។
១៨ហើយហេតុការណ៍បានកើតឡើងថា គីស បានសុគតទៅដែរ ហើយ លិប សោយរាជ្យជំនួសទ្រង់។
១៩ហើយហេតុការណ៍បានកើតឡើងថា លិប ក៏បានធ្វើនូវអ្វីដែលល្អនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ដែរ។ ហើយនៅក្នុងសម័យ លិប នោះសត្វពស់អសិរពិសទាំងឡាយត្រូវបានបំផ្លាញចោលអស់ទៅ។ ហេតុដូច្នោះហើយ ពួកគេបានទៅឯដែនដីនៅទិសខាងត្បូង ដើម្បីរកអាហារសម្រាប់ប្រជាជននៅលើដែនដី ត្បិតដែនដីនោះពោរពេញទៅដោយសត្វព្រៃ។ ហើយរីឯ លិប ផ្ទាល់ ក៏បានក្លាយទៅជាអ្នកបរបាញ់ដ៏ជំនាញម្នាក់ដែរ។
២០ហើយពួកគេបានស្ថាបនាទីក្រុងមួយដ៏ធំ នៅជិតចន្លោះតូចមួយនៃដែនដី នៅកន្លែងដែលសមុទ្រចែកដែនដីនោះ។
២១ហើយពួកគេបានទុកដីផ្នែកខាងត្បូងជាទីរហោស្ថានសម្រាប់បរបាញ់សត្វ។ ហើយផ្ទៃដែនដីភាគខាងជើងទាំងមូល ពោរពេញទៅដោយបណ្ដាជន។
២២ហើយពួកគេឧស្សាហ៍ជាខ្លាំង ហើយពួកគេទិញ និងលក់ និងជួញដូរជាមួយគ្នា ដើម្បីរកកម្រៃ។
២៣ហើយពួកគេបានធ្វើការរកជាតិរ៉ែគ្រប់យ៉ាង ហើយពួកគេបានធ្វើមាស និងប្រាក់ និងដែក និងលង្ហិន និងលោហធាតុគ្រប់បែបយ៉ាង ហើយពួកគេបានជីកយកវាចេញពីដី ហេតុដូច្នោះហើយ ពួកគេបានគរដីជាគំនរធំៗ ដើម្បីរករ៉ែ រកមាស និងប្រាក់ និងដែក និងស្ពាន់។ ហើយពួកគេបានធ្វើវត្ថុដ៏ល្អគ្រប់បែបយ៉ាង។
២៤ហើយពួកគេមានសូត្រព្រែ និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយពួកគេបានត្បាញសំពត់គ្រប់បែបយ៉ាង ដើម្បីពួកគេអាចស្លៀកបិទបាំងខ្លួនពីភាពអាក្រាត។
២៥ហើយពួកគេបានធ្វើគ្រឿងឧបករណ៍គ្រប់បែបយ៉ាង ដើម្បីកាប់គាស់ដី គឺភ្ជួរ និងសាបព្រោះ ច្រូតកាត់ និងបោកផង។
២៦ហើយពួកគេបានធ្វើគ្រឿងឧបករណ៍គ្រប់បែបយ៉ាង ដែលគេប្រើសម្រាប់ឃ្វាលសត្វរបស់គេ។
២៧ហើយពួកគេបានធ្វើគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមគ្រប់បែបយ៉ាង។ ហើយពួកគេបានធ្វើវត្ថុដ៏ចម្លែកគ្រប់បែបយ៉ាង។
២៨ហើយគ្មានប្រជាជនណា ដែលមានពរជាងពួកគេ ហើយចម្រើនឡើងជាងដោយព្រះហស្តនៃព្រះអម្ចាស់ឡើយ។ ហើយពួកគេនៅលើដែនដីមួយ ដែលជាដែនដីជម្រើសលើដែនដីទាំងអស់ ត្បិតព្រះអម្ចាស់ ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ។
២៩ហើយហេតុការណ៍បានកើតឡើងថា លិប មានព្រះជន្មាយុរស់នៅជាច្រើនឆ្នាំ ហើយបង្កើតបានបុត្រាបុត្រីទាំងឡាយ ហើយទ្រង់ក៏បង្កើតបាន ហេអើថុម។
៣០ហើយហេតុការណ៍បានកើតឡើងថា ហេអើថុម បានសោយរាជ្យជំនួសបិតាខ្លួន។ ហើយកាល ហេអើថុម បានសោយរាជ្យបានម្ភៃបួនឆ្នាំ មើលចុះ នគរត្រូវដណ្ដើមយកពីទ្រង់។ ហើយទ្រង់បានបម្រើនៅក្នុងការជាប់ឃុំឃាំងអស់ជាច្រើនឆ្នាំ មែនហើយ គឺអស់មួយជីវិតរបស់ទ្រង់។
៣១ហើយទ្រង់បង្កើតបាន ហេត ហើយ ហេត បានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់។ ហើយហេតបង្កើតបានអើរ៉ុន ហើយអើរ៉ុនបានរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានអាំនីកាដា ហើយអាំនីកាដាក៏រស់នៅក្នុងការជាប់ឃុំឃាំង អស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានកូរីអានទុម ហើយកូរីអានទុមរស់នៅក្នុងការជាប់ឃុំឃាំងអស់មួយជីវិតទ្រង់ ហើយទ្រង់បង្កើតបានកុម។
៣២ហើយហេតុការណ៍បានកើតឡើងថា កុមយកនគរបានពាក់កណ្ដាលមកវិញ។ ហើយទ្រង់បានសោយរាជ្យលើនគរមួយចំហៀងអស់សែសិបពីរឆ្នាំ ហើយទ្រង់បានទៅច្បាំងនឹងស្ដេចអាំគីឌ ហើយពួកគេបានច្បាំងអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងរយៈពេលនោះ កុមមានអំណាចលើអាំគីឌ ហើយយកបានអំណាចលើផ្នែកនគរដែលនៅសល់ទាំងប៉ុន្មាន។
៣៣ហើយនៅសម័យកុម នោះចាប់ផ្ដើមមានពួកចោរនៅលើដែនដី ហើយពួកគេបានប្រើផែនការទាំងឡាយពីជំនាន់ដើម ហើយបានធ្វើពិធីស្បថតាមរបៀបពួកចាស់បុរាណ ហើយស្វែងរកបំផ្លាញនគរទៀត។
៣៤ឥឡូវនេះ កុម បានប្រយុទ្ធនឹងពួកគេជាច្រើន ទោះជាយ៉ាងណាក៏ដោយ គង់តែទ្រង់ពុំបានឈ្នះលើពួកគេឡើយ៕