ជំពូកទី ១៥
ពួកសាសន៍យ៉ារេឌរាប់លាននាក់ ត្រូវបានស្លាប់នៅក្នុងចម្បាំង — ស៊ិស និងកូរីអានទុមើរ ប្រមូលប្រជាជនទាំងអស់មកច្បាំងដល់ស្លាប់ — ព្រះវិញ្ញាណនៃព្រះអម្ចាស់ ឈប់តស៊ូជាមួយនឹងពួកគេ — ប្រជាជាតិយ៉ារេឌត្រូវបំផ្លាញចោលទាំងស្រុង — កូរីអានទុមើរតែម្នាក់គត់ ដែលនៅសល់។
១ហើយហេតុការណ៍បានកើតឡើងថា កាលកូរីអានទុមើរបានជាពីរបួស នោះទ្រង់បានចាប់ផ្ដើមនឹកឃើញដល់ពាក្យទាំងឡាយ ដែលអេធើរបាននិយាយមកទ្រង់។
២ទ្រង់បានទតឃើញថា ប្រជាជនរបស់ទ្រង់ត្រូវស្លាប់ ដោយមុខដាវអស់ជិតពីរលាននាក់ទៅហើយ ហើយទ្រង់បានចាប់ផ្ដើមព្រួយនៅក្នុងចិត្ត មែនហើយ បុរសដ៏ខ្លាំងពូកែពីរលាននាក់ ត្រូវស្លាប់ព្រមទាំងប្រពន្ធរបស់គេ និងកូនរបស់គេផង។
៣ទ្រង់បានចាប់ផ្ដើមប្រែចិត្តពីការអាក្រក់ដែលទ្រង់បានប្រព្រឹត្ត ទ្រង់បានចាប់ផ្ដើមនឹកឃើញដល់ពាក្យពេចន៍ដែលបាននិយាយចេញមកពីមាត់របស់អស់ទាំងពួកព្យាការី ហើយទ្រង់បានទតឃើញថា ពាក្យទាំងនោះត្រូវបានបំពេញមកដល់ពេលនេះដ៏សព្វគ្រប់ ហើយព្រលឹងទ្រង់ទួញសោក ហើយមិនព្រមសះស្បើយឡើយ។
៤ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានសរសេរសំបុត្រមួយច្បាប់ទៅឲ្យស៊ិស មានប្រាថ្នាចង់ឲ្យគាត់លើកលែងជីវិតឲ្យប្រជាជន ហើយទ្រង់នឹងប្រគល់នគរឲ្យដើម្បីជីវិតរបស់ប្រជាជន។
៥ហើយហេតុការណ៍បានកើតឡើងថា កាលស៊ិសបានទទួលសំបុត្ររបស់ទ្រង់ហើយ នោះគាត់បានសរសេរសំបុត្រមួយច្បាប់មកកូរីអានទុមើរថា បើសិនជាទ្រង់ព្រមចុះចាញ់ ដើម្បីឲ្យគាត់សម្លាប់ទ្រង់ដោយដាវរបស់គាត់ផ្ទាល់ នោះទើបគាត់នឹងលើកលែងជីវិតឲ្យប្រជាជន។
៦ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនពុំបានប្រែចិត្តពីអំពើទុច្ចរិតរបស់ខ្លួនទេ ហើយប្រជាជនរបស់កូរីអានទុមើរត្រូវបានចាក់រុកឲ្យមានកំហឹងនឹងប្រជាជនរបស់ស៊ិស ហើយប្រជាជនរបស់ស៊ិសត្រូវបានចាក់រុកឲ្យមានកំហឹងនឹងប្រជាជនរបស់កូរីអានទុមើរ ហេតុដូច្នោះហើយ ប្រជាជនរបស់ស៊ិសបានច្បាំងនឹងប្រជាជនរបស់កូរីអានទុមើរ។
៧ហើយកាលកូរីអានទុមើរបានឃើញថាទ្រង់ជិតចាញ់ នោះទ្រង់បានរត់គេចពីប្រជាជនរបស់ស៊ិស។
៨ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានមកដល់សមុទ្ររីពលីអានគុម ដែលបកប្រែមកថា ធំ ឬលើសអ្វីទាំងអស់ ហេតុដូច្នោះហើយ កាលពួកគេបានមកដល់សមុទ្រនេះហើយ នោះពួកគេបានបោះត្រសាលរបស់គេ ហើយស៊ិសក៏បានបោះត្រសាលគាត់នៅជិតពួកគេដែរ ហេតុដូច្នេះហើយ ដល់ស្អែកឡើង ពួកគេបានច្បាំងគ្នា។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រយុទ្ធយ៉ាងសាហាវអស្ចារ្យនៅក្នុងការប្រយុទ្ធនោះ កូរីអានទុមើរត្រូវរបួសទៀត ហើយទ្រង់សន្លប់ដោយអស់ឈាម។
១០ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពរបស់កូរីអានទុមើរបានវាយសម្រុកទៅលើពលទ័ពរបស់ស៊ិស រហូតដល់បានវាយឈ្នះពួកគេ ធ្វើឲ្យពួកគេរត់គេចចេញពីខ្លួន ហើយពួកគេបានរត់ទៅទិសខាងត្បូង ហើយបានបោះត្រសាលរបស់ពួកគេនៅត្រង់កន្លែងមួយដែលហៅថា អូកាត។
១១ហើយហេតុការណ៍បានកើតឡើងថា កងទ័ពរបស់កូរីអានទុមើរ បានបោះត្រសាលរបស់ពួកគេនៅជិតកូនភ្នំរ៉ាម៉ា ហើយគឺនៅភ្នំដដែលនេះ ដែលឪពុកខ្ញុំ គឺមរមនបានលាក់បញ្ជីទាំងឡាយថ្វាយព្រះអម្ចាស់ ដែលជាបញ្ជីពិសិដ្ឋ។
១២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រមូលអស់ទាំងប្រជាជននៅលើអស់ទាំងផ្ទៃដែនដី ដែលពុំទាន់ស្លាប់ លើកលែងតែអេធើរ។
១៣ហើយហេតុការណ៍បានកើតឡើងថា អេធើរបានឃើញនូវសកម្មភាពទាំងអស់របស់ប្រជាជន ហើយលោកបានឃើញថា ប្រជាជនដែលនៅខាងកូរីអានទុមើរ ត្រូវបានប្រមូលទៅក្នុងកងទ័ពរបស់កូរីអានទុមើរ រីឯប្រជាជនដែលនៅខាងស៊ិស ត្រូវបានប្រមូលទៅក្នុងកងទ័ពរបស់ស៊ិស។
១៤ហេតុដូច្នោះហើយ អស់រយៈពេលបួនឆ្នាំ នោះពួកគេប្រមូលប្រជាជន ដើម្បីពួកគេអាចប្រមូលមនុស្សទាំងអស់ដែលនៅលើផ្ទៃដែនដី ហើយដើម្បីពួកគេអាចទទួលកម្លាំងទាំងអស់ ដែលពួកគេមានលទ្ធភាពអាចទទួល។
១៥ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានមកជុំគ្នាហើយ នោះមនុស្សម្នាក់ៗ នៅក្នុងកងទ័ពដែលគេចង់នៅ ជាមួយនឹងប្រពន្ធរបស់គេ និងកូនរបស់គេ — ទាំងប្រុសទាំងស្រី និងកូនក្មេងៗ ត្រូវបានប្រដាប់ដោយគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទាំងឡាយ ដោយមានខែលទាំងឡាយ និងប្រដាប់បាំងដើមទ្រូងទាំងឡាយ និងមួកដែកទាំងឡាយ ហើយស្លៀកពាក់តាមរបៀបសង្គ្រាម — ពួកគេបានចេញមកច្បាំងតទល់គ្នា ហើយពួកគេប្រយុទ្ធពេញមួយថ្ងៃ ហើយពុំឈ្នះ ពុំចាញ់សោះ។
១៦ហើយហេតុការណ៍បានកើតឡើងថា ដល់ពេលយប់ ពួកគេនឿយហត់ ហើយត្រឡប់ទៅឯជំរំរបស់ពួកគេវិញរៀងខ្លួន ហើយបន្ទាប់ពីពួកគេបានត្រឡប់ទៅឯជំរំគេវិញហើយ នោះពួកគេបានស្រែកទ្រហោយំ ហើយទួញសោកចំពោះការបាត់បង់ប្រជាជនគេ ដែលត្រូវស្លាប់បង់ ហើយសម្រែករបស់ពួកគេ ការទ្រហោយំ និងការទួញសោករបស់គេឮជាខ្លាំង រហូតដល់បានពុះជ្រែកអាកាសជាពន់ប្រមាណ។
១៧ហើយហេតុការណ៍បានកើតឡើងថា ដល់ស្អែកឡើង ពួកគេបានទៅច្បាំងទៀត ហើយថ្ងៃនោះ ធំ ហើយឃោរឃៅណាស់ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេពុំឈ្នះពុំចាញ់ដែរ ហើយនៅពេលយប់មកដល់ទៀត នោះពួកគេបានពុះជ្រែកអាកាស ដោយសម្រែករបស់គេ និងការទ្រហោយំ និងការទួញសោកចំពោះការបាត់បង់ប្រជាជនគេដែលត្រូវសម្លាប់បង់។
១៨ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមើរបានសរសេរសំបុត្រមួយច្បាប់ទៅឲ្យស៊ិសទៀត មានប្រាថ្នាចង់ឲ្យគាត់ឈប់មកច្បាំងទៀត តែឲ្យគាត់យកនគរ ហើយលើកលែងជីវិតឲ្យប្រជាជន។
១៩ប៉ុន្តែមើលចុះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានឈប់តស៊ូជាមួយនឹងពួកគេទៀតហើយ ហើយអារក្សសាតាំងមានអំណាចទាំងស្រុងទៅលើដួងចិត្តនៃមនុស្ស ត្បិតពួកគេបានបណ្ដោយខ្លួនទៅក្នុងភាពរឹងរូសនៃចិត្តរបស់គេ និងភាពងងឹតងងល់នៃគំនិតរបស់គេ ដែលបណ្ដាលឲ្យពួកគេត្រូវបំផ្លាញបង់ ហេតុដូច្នោះហើយ ពួកគេបានចេញទៅច្បាំងទៀត។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រយុទ្ធពេញមួយថ្ងៃ ហើយកាលពេលយប់មកដល់ នោះពួកគេបានដេកនៅលើដាវរបស់ខ្លួន។
២១ហើយដល់ស្អែកឡើង ពួកគេបានប្រយុទ្ធរហូតដល់ពេលយប់មកដល់ទៀត។
២២ហើយកាលពេលយប់មកដល់ នោះពួកគេស្រវឹងនឹងកំហឹង ដូចជាមនុស្សស្រវឹងស្រាទំពាំងបាយជូរ ហើយពួកគេបានដេកនៅលើដាវរបស់ខ្លួនទៀត។
២៣ហើយដល់ស្អែកឡើង ពួកគេបានប្រយុទ្ធទៀត ហើយកាលពេលយប់មកដល់ នោះពួកគេទាំងអស់ត្រូវស្លាប់ដោយដាវ លើកលែងតែប្រជាជនរបស់កូរីអានទុមើរ ហាសិបពីរនាក់ និងប្រជាជនរបស់ស៊ិស ហុកសិបប្រាំបួននាក់ប៉ុណ្ណោះ។
២៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានដេកនៅលើដាវរបស់ខ្លួននៅយប់នោះ ហើយដល់ស្អែកឡើង ពួកគេបានប្រយុទ្ធទៀត ហើយពួកគេតតាំងគ្នានៅក្នុងសមត្ថភាពរបស់គេ ដោយដាវរបស់គេ និងខែលរបស់គេពេញមួយថ្ងៃ។
២៥ហើយកាលពេលយប់មកដល់ នៅមានប្រជាជនរបស់ស៊ិស សាមសិបពីរនាក់ និងប្រជាជនរបស់កូរីអានទុមើរ ម្ភៃប្រាំពីរនាក់។
២៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបរិភោគ ហើយដេក ហើយប្រុងប្រៀបខ្លួន ដើម្បីស្លាប់នៅថ្ងៃស្អែក។ ហើយពួកគេជាមនុស្សមាឌធំ ហើយខ្លាំងពូកែ បើសិនជាគិតតាមកម្លាំងមនុស្ស។
២៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រយុទ្ធអស់រយៈពេលបីម៉ោង ហើយពួកគេសន្លប់ដោយអស់ឈាម។
២៨ហើយហេតុការណ៍បានកើតឡើងថា កាលទ័ពរបស់កូរីអានទុមើរបានទទួលកម្លាំងល្មមគ្រប់គ្រាន់ ដើម្បីពួកគេអាចដើរបាន នោះពួកគេបម្រុងរត់គេចយកតែអាយុរៀងខ្លួន ប៉ុន្តែមើលចុះ ស៊ិសបានក្រោកឡើង ព្រមទាំងទ័ពរបស់គាត់ផង ហើយគាត់បានស្បថនៅក្នុងកំហឹងថា គាត់នឹងសម្លាប់កូរីអានទុមើរឲ្យបាន ឬក៏គាត់នឹងត្រូវវិនាសដោយដាវ។
២៩ហេតុដូច្នោះហើយ គាត់បានដេញតាមពួកគេ ហើយដល់ស្អែកឡើង គាត់បានតាមទាន់ពួកគេ ហើយពួកគេបានប្រយុទ្ធដោយដាវទៀត។ ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានដួលស្លាប់ទាំងអស់គ្នាដោយដាវទៅ លើកលែងតែកូរីអានទុមើរ និងស៊ិស មើលចុះ ស៊ិសបានសន្លប់ដោយអស់ឈាម។
៣០ហើយហេតុការណ៍បានកើតឡើងថា កាលកូរីអានទុមើរបានផ្អែកខ្លួនទៅលើដាវរបស់ទ្រង់ ដើម្បីទ្រង់សម្រាកបន្តិច នោះទ្រង់បានកាត់ក្បាលរបស់ស៊ិស។
៣១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីទ្រង់បានកាត់ក្បាលរបស់ស៊ិសហើយ នោះស៊ិសបានច្រត់ដៃក្រោកឡើង ហើយដួលចុះ ហើយបន្ទាប់ពីគាត់ខិតខំរកដង្ហើម គាត់ក៏ស្លាប់ទៅ។
៣២ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមើរបានដួលចុះទៅលើដី ហើយហាក់បីដូចជាទ្រង់គ្មានជីវិតសោះ។
៣៣ហើយព្រះអម្ចាស់មានព្រះបន្ទូលទៅអេធើរ ហើយប្រាប់លោកថា ៖ ចូរចេញទៅចុះ។ ហើយលោកក៏ចេញទៅ ហើយបានឃើញថា ព្រះបន្ទូលនៃព្រះអម្ចាស់បានបំពេញទាំងអស់មែន ហើយលោកបានបង្ហើយបញ្ជីរបស់លោក (ហើយមួយភាគរយ ក៏ខ្ញុំមិនបានសរសេរដែរ) ហើយលោកបានលាក់បញ្ជីរបស់លោកទាំងនោះតាមរបៀបម្យ៉ាង ដែលប្រជាជនលិមហៃបានប្រទះឃើញ។
៣៤ឥឡូវនេះ ពាក្យចុងក្រោយបំផុត ដែលបានសរសេរដោយអេធើរ គឺ ៖ ទោះជាព្រះអម្ចាស់ទ្រង់ចង់ឲ្យខ្ញុំប្រែរូប ឬឲ្យខ្ញុំរងទុក្ខ ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់នៅក្នុងសាច់ឈាមក៏ដោយ នោះមិនជាការសំខាន់ទេ ឲ្យតែខ្ញុំបានសង្គ្រោះនៅក្នុងនគរព្រះ។ អាម៉ែន៕ :៚