គម្ពីរមរ៉ូណៃ
ជំពូកទី ១
មរ៉ូណៃសរសេរសម្រាប់ជាប្រយោជន៍ដល់ពួកសាសន៍លេមិន — ពួកសាសន៍នីហ្វៃណាដែលមិនព្រមបដិសេធព្រះគ្រីស្ទ នោះត្រូវយកទៅសម្លាប់ចោល។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ឥឡូវនេះ ខ្ញុំមរ៉ូណៃ បន្ទាប់ពីបានបញ្ចប់នូវការសង្ខេបអំពីដំណើររឿងនៃប្រជាជនយ៉ារេឌហើយ នោះខ្ញុំបានគិតស្មានថា ខ្ញុំមិនត្រូវសរសេរអ្វីទៀតទេ ប៉ុន្តែខ្ញុំនៅពុំទាន់វិនាសនៅឡើយ ហើយខ្ញុំពុំបានបង្ហាញខ្លួនឲ្យពួកសាសន៍លេមិនដឹងទេ ខ្លាចក្រែងពួកគេនឹងបំផ្លាញរូបខ្ញុំចោល។
២ត្បិតមើលចុះ សង្គ្រាមរវាងពួកគេ មានសភាពសាហាវជាអតិបរមា ហើយពីព្រោះតែសម្អប់របស់ពួកគេ នោះពួកគេបានសម្លាប់សាសន៍នីហ្វៃទាំងអស់ ដែលពុំបដិសេធព្រះគ្រីស្ទ។
៣ហើយខ្ញុំមរ៉ូណៃនឹងពុំបដិសេធព្រះគ្រីស្ទទេ ហេតុដូច្នោះហើយ ខ្ញុំបានដើរគ្រប់ទិសទី ដែលខ្ញុំអាចទៅបាន ដើម្បីសេចក្ដីសុខដល់ជីវិតខ្ញុំ។
៤ហេតុដូច្នោះហើយ ខ្ញុំសរសេរនូវការណ៍ខ្លះទៀត ដែលផ្ទុយនឹងអ្វីៗដែលខ្ញុំបានសន្និដ្ឋានមក ព្រោះខ្ញុំបានគិតស្មានថា ខ្ញុំមិនត្រូវសរសេរអ្វីទៀតទេ ប៉ុន្តែខ្ញុំសរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍ដល់ពួកបងប្អូនរបស់ខ្ញុំ គឺពួកសាសន៍លេមិននៅថ្ងៃណាមួយក្នុងពេលអនាគត ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់៕