ព្រះគម្ពីរ
មរ៉ូណៃ 4


ជំពូក​ទី ៤

របៀប​ពួក​អែលឌើរ និង​ពួក​សង្ឃ​ធ្វើ​បុណ្យ​សាក្រាម៉ង់​ផ្នែក​នំប៉័ង ត្រូវ​បាន​ពន្យល់​ប្រាប់។ ប្រមាណ ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

របៀបពួក​អែលឌើរ និង​ពួក​សង្ឃ​របស់​គេ ធ្វើ​បុណ្យ​សាច់ និង​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ​ដល់​សាសនាចក្រ ហើយ​ពួក​គេ​បាន​ធ្វើ​បុណ្យ​នេះ ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ហេតុ​ដូច្នោះ​ហើយ យើង​ដឹង​ថា របៀប​នេះ​ត្រឹម​ត្រូវ ហើយ​អែលឌើរ ឬ​សង្ឃ​បាន​ធ្វើ​បុណ្យ​នេះ​ដូច​ត​ទៅ​គឺ —

ហើយ​ពួក​គេ​បាន​លុតជង្គង់​ចុះ​ជាមួយ​នឹង​សាសនាចក្រ ហើយ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ​ថា ៖

ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះ​អង្គ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំង​អស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ទទួល​ទាន ដោយនូវ​ការ​ចងចាំ​ដល់​ព្រះ​កាយ​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ ថា​ពួក​គេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ​ជា​ដរាប។ អាម៉ែន៕