ព្រះគម្ពីរ
ហេលេមិន 2


ជំពូក​ទី ២

ហេលេមិន ជា​កូន​នៃ​ហេលេមិន​ក្លាយ​ទៅ​ជា​មេ​ចៅក្រម — កាឌីអានតុន​ដឹកនាំ​បក្ស​ពួក​គិសគូមេន — អ្នក​បម្រើ​របស់​ហេលេមិន​សម្លាប់ គិសគូមេន​ចោល ហើយ​បក្ស​ពួក​កាឌីអានតុន​រត់គេច​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ៥០–៤៩ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​សែសិប​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ក្រោយ​ពី​មរ៉ូណៃហា​បាន​កសាង​សន្តិ​ភាព​ឡើង​វិញ​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន មើល​ចុះ គ្មាន​នរណា​ម្នាក់​បំពេញ​វេទិកា​ជំនុំ​ជំរះ​ទេ ហេតុ​ដូច្នេះ​ហើយ ក៏​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា​មួយ​ទៀត​នៅ​ក្នុង​ចំណោម​ប្រជាជន​ថា តើន​រណា​ត្រូវ​បំពេញ​វេទិកា​ជំនុំ​ជំរះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេលេមិន​ដែល​ត្រូវ​ជា​កូន​របស់​ហេលេមិន ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​បំពេញ​វេទិកា​ជំនុំ​ជំរះ​ដោយ​សំឡេង​របស់​ប្រជាជន។

ប៉ុន្តែ​មើល​ចុះ គិសគូមេន ជា​អ្នក​ដែល​ធ្វើ​ឃាត​ពេហូរ៉ាន បាន​ដេកចាំ​បំផ្លាញ​ហេលេមិន​ដែរ ហើយ​វា​ត្រូវ​បាន​គាំទ្រ​ដោយ​បក្ស​ពួក​របស់​វា ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ថា ពុំ​ឲ្យ​នរណា​ម្នាក់​ដឹង​នូវ​អំពើ​ទុច្ចរិត​របស់​វា​ឡើយ។

ព្រោះ​មាន​តែ​កាឌីអានតុន​ម្នាក់ ដែល​ជា​មនុស្ស​ប៉ិនប្រសប់​ខាង​ពាក្យ​សម្ដី និង​ខាង​កលល្បិច​ផង ដើម្បី​ប្រព្រឹត្ត​កិច្ចការ​សម្ងាត់​នៃ​ការ​ឃាតកម្ម និង​ការ​ប្លន់ ហេតុ​ដូច្នេះ​ហើយ វា​បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​បក្ស​ពួក​របស់​គិសគូមេន។

ហេតុ​ដូច្នេះ​ហើយ វា​បាន​បញ្ជោរ​ពួក​គេ និង​គិសគូមេន​ផង​ថា បើ​សិន​ជា​ពួក​គេ​ដាក់​វា​នៅ​ក្នុង​វេទិកា​ជំនុំ​ជំរះ នោះ​វា​នឹង​អនុញ្ញាត​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​បក្ស​ពួក​វា​ថា ពួក​គេ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​មាន​អានុភាព និង​សិទ្ធិ​អំណាច​នៅ​ក្នុង​ចំណោម​ប្រជាជន ហេតុដូច្នេះ​ហើយ គិសគូមេន​បាន​ស្វែងរក​បំផ្លាញ​ហេលេមិន​ចោល។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​វា​ដើរ​ឆ្ពោះ​ទៅ​វេទិកា​ជំនុំ​ជំរះ ដើម្បី​បំផ្លាញ​ហេលេមិន មើល​ចុះ អ្នក​បម្រើ​ម្នាក់​របស់​ហេលេមិន ដោយ​ចេញ​ទៅ​ក្រៅ​នៅ​ពេល​យប់ ហើយ​ដោយ​បាន​ក្លែង​ខ្លួន ក៏​បាន​ដឹង​អំពី​ផែនការ​ទាំង​នោះ ដែល​បាន​គ្រោងទុក​ដោយ​បក្ស​ពួក​នេះ ដើម្បី​បំផ្លាញ​ហេលេមិន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​ជួប​នឹង​គិសគូមេន ហើយ​គាត់​បាន​ធ្វើ​សញ្ញា​មួយ​ឲ្យ​វា ហេតុ​ដូច្នេះ​ហើយ ទើប​គិសគូមេន​ឲ្យ​គាត់​ដឹង​នូវ​គោលដៅ​នៃ​បំណង​របស់​វា ចង់​ឲ្យ​គាត់​នាំ​ទៅ​ឯ​វេទិកា​ជំនុំ​ជំរះ ដើម្បី​វា​អាច​ធ្វើ​ឃាត​ហេលេមិន​បង់។

ហើយ​កាល​អ្នក​បម្រើ​របស់​ហេលេមិន បាន​ដឹង​ចិត្ត​ទាំង​អស់​របស់​គិសគូមេន ហើយ​ដឹង​ថា បំណង​របស់​វា គឺ​ធ្វើ​ឃាត ហើយ​ដឹង​ដែរ​ថា បំណង​របស់​ពួក​ជន​ទាំង​អស់​ដែល​នៅ​ក្នុង​បក្ស​ពួក​របស់​វា គឺ​ដើម្បី​ធ្វើ​ឃាត និង​ដើម្បី​ប្លន់ និង​ដើម្បី​បាន​អំណាច (ហើយ​នេះ គឺជា​ផែនការ​សម្ងាត់​របស់​ពួក​គេ និង​ការ​រួម​គំនិត​របស់​ពួក​គេ) នោះ​អ្នក​បម្រើ​របស់​ហេលេមិន​បាន​និយាយ​ទៅ​កាន់​គិសគូមេន​ថា ៖ ចូរ​យើង​ទៅ​ឯ​វេទិកា​ជំនុំ​ជំរះ។

ឥឡូវ​នេះ ការ​នេះ​ធ្វើ​ឲ្យ​គិសគូមេន​ពេញ​ចិត្ត​ជា​ខ្លាំង ព្រោះ​វា​បាន​គិត​ស្មាន​ថា វា​នឹង​សម្រេច​ផែនការ​របស់​វា​ហើយ ប៉ុន្តែ​មើល​ចុះ អ្នក​បម្រើ​របស់​ហេលេមិន នៅ​ពេល​ពួក​គេ​កំពុងតែ​ដើរ​ឆ្ពោះ​ទៅ​ឯ​វេទិកា​ជំនុំ​ជំរះ បាន​ចាក់​គិសគូមេន​ត្រង់​បេះដូង ធ្វើ​ឲ្យ​វា​ដួល​ស្លាប់​ដោយ​គ្មាន​បាន​ស្រែក​ថ្ងូរ​ឡើយ។ ហើយ​គាត់​បាន​រត់​ទៅ​ជម្រាប​ហេលេមិន​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដែល​គាត់​បាន​ឃើញ និង​បាន​ឮ និង​បាន​ធ្វើ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេលេមិន​បាន​ចាត់​ឲ្យ​ទៅ​ចាប់​បក្ស​ពួក​ចោរប្លន់ និង​ពួក​ឃាតករ​សម្ងាត់​នេះ ដើម្បី​អាច​ប្រហារជីវិត​ពួក​វា​ចោល​តាម​ច្បាប់។

១១ប៉ុន្តែ​មើល​ចុះ កាល​កាឌីអានតុន​បាន​ដឹង​ថា គិសគូមេន​មិន​បាន​ត្រឡប់​មក​វិញ​ទេ នោះ​វា​ខ្លាចក្រែង​វា​ត្រូវ​គេ​បំផ្លាញ​បង់ ហេតុ​ដូច្នេះ​ហើយ វា​បាន​បញ្ជា​ឲ្យ​បក្ស​ពួក​វា​មក​តាម​វា។ ហើយ​ពួក​វា​បាន​រត់​ចេញ​ទៅ​ក្រៅ​ដែនដី​តាម​ផ្លូវ​សម្ងាត់​មួយ ចូល​ទៅ​ក្នុង​ទី​រហោ​ស្ថាន ម្ល៉ោះ​ហើយ ពេល​ហេលេមិន​បាន​ចាត់​ឲ្យ​ទៅ​ចាប់​ពួក​វា ក៏​មិន​អាច​រក​ពួក​វា​ឃើញ​ឡើយ។

១២ហើយ​កាឌីអានតុន​នេះ​នឹង​ត្រូវ​បាន​និយាយ​ដល់​ទៀត​នៅ​ពេល​ក្រោយ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សែសិប​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

១៣ហើយ​មើល​ចុះ នៅ​ទី​បញ្ចប់​នៃ​គម្ពីរ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា កាឌីអានតុន​នេះ គឺជា​មូលហេតុ​នៃ​ការ​រលំ មែន​ហើយ សឹង​តែ​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​នៃ​ប្រជាជន​នីហ្វៃ។

១៤មើល​ចុះ ពុំ​មែន​ខ្ញុំ​និយាយ​ថា ទី​បញ្ចប់​នៃ​គម្ពីរ​ហេលេមិន​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​អំពី​ទី​បញ្ចប់​នៃ​គម្ពីរ​នីហ្វៃ​វិញ ដែល​ខ្ញុំ​បាន​យក​ពី​នោះ​នូវ​ដំណើរ​រឿង​ទាំង​អស់ ដែល​ខ្ញុំ​បាន​សរសេរ​មក​នេះ៕