ជំពូកទី ៩
ពួកអ្នកនាំសាររកឃើញមេចៅក្រមស្លាប់នៅឯវេទិកាជំនុំជំរះ — ពួកគេត្រូវដាក់គុក ហើយក្រោយមកត្រូវបានដោះលែង — ដោយការបំភ្លឺ នោះនីហ្វៃប្រាប់ថា ស៊ីអានទុម ជាឃាតករ — នីហ្វៃត្រូវបានទទួលស្គាល់ដោយមនុស្សខ្លះថា ជាព្យាការីម្នាក់។ ប្រមាណជាឆ្នាំ ២៣–២១ ម.គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលនីហ្វៃបាននិយាយពាក្យទាំងនេះហើយ នោះមានមនុស្សខ្លះនៅក្នុងចំណោមពួកគេបានរត់ទៅឯវេទិកាជំនុំជំរះ មែនហើយ គឺមានមនុស្សប្រាំនាក់ដែលទៅ ហើយពួកគេបាននិយាយគ្នានៅពេលគេទៅថា ៖
២មើលចុះ ឥឡូវនេះ យើងនឹងដឹងយ៉ាងច្បាស់ថា តើបុរសនេះជាព្យាការីមួយរូបឬទេ ហើយព្រះទ្រង់បានបញ្ជាលោកឲ្យព្យាករនូវកិច្ចការដ៏អស្ចារ្យទាំងនេះដល់យើងឬទេ។ មើលចុះ យើងមិនជឿថាទ្រង់បានបញ្ជាទេ មែនហើយ យើងក៏មិនជឿថា លោកជាព្យាការីមួយរូបដែរ ទោះជាយ៉ាងណាក៏ដោយ បើសិនជាការណ៍ដែលលោកបាននិយាយអំពីមេចៅក្រមនេះពិតថា លោកស្លាប់ នោះយើងនឹងជឿថា ពាក្យឯទៀតដែលលោកបាននិយាយមកនោះពិតមែនដែរ។
៣ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានរត់នៅក្នុងសមត្ថភាពរបស់គេ ហើយបានមកដល់វេទិកាជំនុំជំរះ ហើយមើលចុះ មេចៅក្រមបានដួលទៅលើដី ហើយបានដេកក្នុងថ្លុកឈាមរបស់លោកមែន។
៤ហើយឥឡូវនេះ មើលចុះ កាលពួកគេបានឃើញដូច្នេះ នោះពួកគេមានសេចក្ដីអស្ចារ្យណាស់ ដរាបដល់ពួកគេដួលចុះទៅដី ព្រោះពួកគេពុំបានជឿពាក្យទាំងឡាយ ដែលនីហ្វៃបាននិយាយអំពីមេចៅក្រមសោះ។
៥ប៉ុន្តែឥឡូវនេះ កាលពួកគេបានឃើញ ទើបគេជឿ ហើយការភ័យខ្លាចក៏មានមកដល់ពួកគេ ខ្លាចក្រែងអស់ទាំងសេចក្ដីជំនុំជំរះដែលនីហ្វៃបាននិយាយនោះ នឹងធ្លាក់មកលើប្រជាជនមែន ហេតុដូច្នេះហើយ ទើបពួកគេញ័រ ហើយដួលចុះទៅលើដី។
៦ឥឡូវនេះ នៅពេលចៅក្រមត្រូវគេធ្វើឃាតទៅមួយរំពេចនោះ — លោកត្រូវបានចាក់ដោយប្អូនរបស់លោក ដែលស្លៀកពាក់ក្លែងខ្លួន ហើយវារត់គេចទៅបាត់ ហើយពួកអ្នកបម្រើបានរត់ទៅប្រាប់ប្រជាជនស្រែកប្រាប់គ្នាអំពីឃាតកម្មនៅក្នុងចំណោមពួកគេ
៧ហើយមើលចុះ ប្រជាជនបានប្រមូលគ្នាមកឯកន្លែងវេទិកាជំនុំជំរះ — ហើយមើលចុះ គេមានសេចក្ដីអស្ចារ្យណាស់ កាលគេបានឃើញមនុស្សប្រាំនាក់ដួលទៅលើដីនោះ។
៨ហើយឥឡូវនេះ មើលចុះ ប្រជាជនពុំដឹងអ្វីសោះ អំពីហ្វូងមនុស្សដែលប្រមូលគ្នាទៅឯសួនរបស់នីហ្វៃ ហេតុដូច្នេះហើយ ពួកគេបាននិយាយគ្នាថា ៖ ពួកអ្នកទាំងនេះហើយដែលបានធ្វើឃាតចៅក្រមចោល ហើយព្រះទ្រង់បានវាយពួកគេ ដើម្បីកុំឲ្យពួកគេអាចរត់គេចពីយើងបាន។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់អ្នកទាំងនោះ ហើយបានចងគេ ហើយដាក់គេក្នុងគុក។ ហើយមានសេចក្ដីប្រកាសមួយផ្ញើទៅក្រៅថា ចៅក្រមត្រូវស្លាប់ ហើយពួកឃាតករត្រូវចាប់ខ្លួនបាន ហើយត្រូវដាក់ទៅក្នុងគុក។
១០ហើយហេតុការណ៍បានកើតឡើងថា លុះស្អែកឡើង ប្រជាជនបានប្រជុំគ្នាមកដើម្បីកាន់ទុក្ខ ហើយតមអាហារនៅឯពិធីបញ្ចុះសពនៃលោកមេចៅក្រមដ៏មហិមា ដែលត្រូវបានស្លាប់។
១១ម្ល៉ោះហើយ ពួកចៅក្រមទាំងនោះផង ដែលនៅឯសួនរបស់នីហ្វៃ ហើយបានឮពាក្យរបស់លោក ក៏បានប្រមូលគ្នាមកឯពិធីបញ្ចុះសពនេះដែរ។
១២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានស៊ើបសួរក្នុងចំណោមប្រជាជនថា ៖ តើនៅឯណាទៅពួកអ្នកទាំងប្រាំ ដែលត្រូវបានចាត់ឲ្យទៅស៊ើបសួរអំពីមេចៅក្រមថា តើលោកបានស្លាប់ឬទេនោះ? ហើយពួកគេបានឆ្លើយថា ៖ អំពីអ្នកទាំងប្រាំដែលលោកថា លោកបានចាត់ឲ្យទៅនោះ យើងមិនដឹងទេ ប៉ុន្តែមានមនុស្សប្រាំនាក់ដែលជាឃាតករ ដែលយើងបានដាក់ក្នុងគុកទុក។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកចៅក្រមទាំងនោះ ចង់ឲ្យគេនាំពួកអ្នកទាំងនោះមក ហើយពួកគេត្រូវបាននាំមក ហើយមើលចុះ ពួកគេគឺជាជនប្រាំនាក់ ដែលត្រូវបានចាត់ឲ្យទៅនោះ ហើយមើលចុះ ពួកចៅក្រមសាកសួរគេឲ្យដឹងអំពីរឿងនោះ ហើយពួកគេបានប្រាប់អំពីអ្វីៗទាំងអស់ដែលគេបានធ្វើថា ៖
១៤យើងបានរត់ទៅដល់កន្លែងវេទិកាជំនុំជំរះ ហើយកាលពួកយើងបានឃើញគ្រប់ការណ៍ទាំងអស់ ដូចដែលនីហ្វៃបានធ្វើបន្ទាល់ នោះពួកយើងមានសេចក្ដីអស្ចារ្យជាខ្លាំង ដរាបដល់ធ្វើឲ្យយើងដួលទៅលើដី ហើយកាលយើងបានដឹងខ្លួនពីការណ៍អស្ចារ្យឡើងវិញ មើលចុះ ពួកគេបានដាក់យើងក្នុងគុក។
១៥ឥឡូវនេះ រីឯចំពោះអ្នកធ្វើឃាតបុរសនេះ យើងមិនដឹងថា នរណាជាអ្នកធ្វើទេ ហើយយើងដឹងតែប៉ុណ្ណេះថា យើងបានរត់មកតាមដែលលោកមានបំណង ហើយមើលចុះ លោកបានស្លាប់ទៅហើយ តាមពាក្យសម្ដីរបស់នីហ្វៃ។
១៦ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកចៅក្រមបានអធិប្បាយរឿងនេះប្រាប់ដល់ប្រជាជន ហើយបានស្រែកឡើងទាស់នឹងនីហ្វៃថា ៖ មើលចុះ យើងដឹងថា នីហ្វៃនេះច្បាស់ជាបានរួមគំនិតជាមួយនឹងនរណាម្នាក់ឲ្យសម្លាប់ចៅក្រម ហើយបន្ទាប់មក លោកអាចប្រកាសការណ៍នេះដល់យើង ដើម្បីលោកអាចប្រែចិត្តយើងឲ្យទៅតាមសេចក្ដីជំនឿរបស់លោក ដើម្បីលោកអាចលើកខ្លួនលោកជាបុរសដ៏មហិមាម្នាក់ ជាមនុស្សជម្រើសរបស់ព្រះ និងជាព្យាការីម្នាក់។
១៧ហើយឥឡូវនេះ មើលចុះ យើងនឹងស៊ើបសង្កេតបុរសនេះ ហើយលោកនឹងទទួលសារភាពនូវកំហុសរបស់លោក ហើយប្រាប់ឲ្យយើងដឹងនូវឃាតករពិតប្រាកដដល់ចៅក្រមនេះ។
១៨ហើយហេតុការណ៍បានកើតឡើងថា ជនប្រាំនាក់នោះត្រូវបានដោះលែង នៅក្នុងថ្ងៃពិធីបញ្ចុះសព។ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានតវ៉ានឹងពួកចៅក្រមចំពោះពាក្យទាំងឡាយ ដែលបាននិយាយទាស់នឹងនីហ្វៃដែរ ហើយបានប្រកែកនឹងពួកគេម្នាក់ម្ដងៗ ដរាបដល់ពួកគេបានផ្ចាញ់ផ្ចាលគេ។
១៩ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានបញ្ជាឲ្យចាប់នីហ្វៃ ហើយចង ហើយនាំយកមកខាងមុខហ្វូងមនុស្សដែរ ហើយពួកគេបានចាប់ផ្ដើមសួរលោកដោយរបៀបផ្សេងៗ ដើម្បីពួកគេអាចចាប់កំហុសលោក ដើម្បីគេអាចចោទទោសប្រហារជីវិតដល់លោក —
២០ដោយបាននិយាយទៅលោកថា ៖ អ្នកជាជនផ្សំគំនិត តើអ្នកណាដែលបានធ្វើឃាតកម្មនេះ? ឥឡូវនេះ ប្រាប់យើងមក ហើយទទួលស្គាល់កំហុសរបស់អ្នកចុះ ដោយបាននិយាយថា មើលចុះ នេះគឺជាប្រាក់ ហើយយើងក៏នឹងឲ្យអ្នករួចជីវិតផង បើសិនជាអ្នកប្រាប់យើង ហើយទទួលស្គាល់នូវការផ្សំគំនិតគ្នា ដែលអ្នកបានធ្វើជាមួយនឹងវា។
២១ប៉ុន្តែនីហ្វៃបាននិយាយទៅពួកគេថា ៖ នែ៎ ពួកអ្នកដែលឆ្កួតលីលាអើយ អ្នករាល់គ្នាដែលមានចិត្តមិនកាត់ស្បែក អ្នករាល់គ្នាដែលខ្វាក់ ហើយអ្នករាល់គ្នាដែលជាមនុស្សរឹងរូស តើអ្នករាល់គ្នាដឹងថា តើព្រះអម្ចាស់របស់អ្នក នឹងទុកឲ្យអ្នកបន្តការធ្វើបាបរបស់អ្នកយូរដល់ណាទៅ?
២២ឱអ្នករាល់គ្នាគួរតែចាប់ផ្ដើមស្រែកទ្រហោ ហើយទួញយំ ព្រោះការបំផ្លិចបំផ្លាញដ៏ធំ ដែលកំពុងរង់ចាំអ្នកនៅក្នុងពេលនេះ លើកលែងតែអ្នកប្រែចិត្ត។
២៣មើលចុះ អ្នករាល់គ្នានិយាយថា ខ្ញុំបានផ្សំគំនិតជាមួយមនុស្សម្នាក់ឲ្យទៅធ្វើឃាតស៊ីសូរាំ ដែលជាមេចៅក្រមរបស់យើង។ ប៉ុន្តែមើលចុះ ខ្ញុំសូមប្រាប់អ្នកថា នេះគឺដោយព្រោះខ្ញុំបានធ្វើបន្ទាល់ដល់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងអំពីការណ៍នេះ មែនហើយ គឺដើម្បីជាទីបន្ទាល់មួយដល់អ្នកថា ខ្ញុំបានដឹងនូវអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នា។
២៤ហើយដោយព្រោះខ្ញុំបានធ្វើការនេះ អ្នករាល់គ្នានិយាយថា ខ្ញុំបានផ្សំគំនិតជាមួយមនុស្សម្នាក់ឲ្យគេធ្វើការនេះ មែនហើយ ដោយព្រោះខ្ញុំបានបង្ហាញដល់អ្នកនូវទីសម្គាល់នេះ ទើបអ្នករាល់គ្នាខឹងនឹងខ្ញុំ ហើយរកបំផ្លាញជីវិតខ្ញុំទៅវិញ។
២៥ហើយឥឡូវនេះ មើលចុះ ខ្ញុំនឹងបង្ហាញដល់អ្នកនូវទីសម្គាល់មួយទៀត ហើយមើលថា តើអ្នករាល់គ្នានឹងរកបំផ្លាញខ្ញុំដោយការណ៍នេះឬ។
២៦មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ៖ ចូរទៅផ្ទះរបស់ស៊ីអានទុម ដែលជាប្អូនរបស់ស៊ីសូរាំ ហើយនិយាយទៅគាត់ថា —
២៧តើនីហ្វៃដែលជាព្យាការីក្លែងក្លាយ ជាអ្នកដែលព្យាករអំពីការអាក្រក់ជាច្រើន អំពីប្រជាជននេះ បានផ្សំគំនិតជាមួយនឹងអ្នក ដែលអ្នកបានធ្វើឃាតស៊ីសូរាំ ដែលត្រូវជាបងអ្នកឬ?
២៨ហើយមើលចុះ គាត់នឹងប្រាប់អ្នកថា ៖ ទេ។
២៩ហើយអ្នករាល់គ្នានឹងនិយាយទៅគាត់ថា ៖ តើអ្នកបានធ្វើឃាតបងអ្នកឬ?
៣០ហើយគាត់នឹងឈរដោយភិតភ័យ ហើយមិនដឹងជាត្រូវនិយាយអ្វីទេ។ ហើយមើលចុះ គាត់នឹងប្រកែកចំពោះអ្នក ហើយគាត់នឹងធ្វើហាក់ដូចជាគាត់មានសេចក្ដីអស្ចារ្យជាខ្លាំង ទោះជាយ៉ាងណាក៏ដោយ គង់តែគាត់នឹងប្រកាសដល់អ្នកថា គាត់ឥតទោសសោះ។
៣១ប៉ុន្តែមើលចុះ អ្នករាល់គ្នានឹងពិនិត្យគាត់មើល ហើយអ្នករាល់គ្នានឹងរកឃើញឈាម ជាប់លើជាយអាវក្រៅរបស់គាត់។
៣២ហើយកាលអ្នករាល់គ្នាបានឃើញយ៉ាងនេះ អ្នករាល់គ្នានឹងនិយាយថា ៖ តើឈាមនេះមកពីណាមក? តើពួកយើងមិនដឹងថា នេះគឺជាឈាមរបស់បងអ្នកឬ?
៣៣ហើយនៅពេលនោះ គាត់នឹងញ័រ ហើយមានសម្បុរស្លាំង ហាក់បីដូចជាសេចក្ដីស្លាប់បានមករកគាត់។
៣៤ហើយនៅពេលនោះ អ្នករាល់គ្នានឹងនិយាយថា ៖ ដោយសារការភិតភ័យនេះ និងភាពស្លេកស្លាំងនេះ ដែលមានមកលើមុខរបស់អ្នក មើលចុះ ពួកយើងដឹងថា អ្នកមានទោសហើយ។
៣៥ហើយនៅពេលនោះ ការភិតភ័យដ៏ធំនឹងមកដល់គាត់ ហើយនៅពេលនោះ គាត់នឹងទទួលថ្លែងប្រាប់អ្នក ហើយឈប់ប្រកែកថា គាត់មិនបានធ្វើឃាតកម្មនេះតទៅទៀតហើយ។
៣៦ហើយនៅពេលនោះ គាត់នឹងនិយាយទៅអ្នកថា ខ្ញុំ នីហ្វៃ មិនបានដឹងអ្វីអំពីរឿងនេះទេ លើកលែងតែវាត្រូវបានប្រទានដល់ខ្ញុំ ដោយព្រះចេស្ដានៃព្រះប៉ុណ្ណោះ។ ហើយនៅពេលនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំជាមនុស្សស្លូតត្រង់ម្នាក់ ហើយថា ខ្ញុំត្រូវបានចាត់មកដល់អ្នកពីព្រះ។
៣៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទៅ ហើយបានធ្វើ គឺដូចដែលនីហ្វៃបាននិយាយទៅពួកគេ។ ហើយមើលចុះ ពាក្យទាំងឡាយដែលលោកបាននិយាយគឺមានពិតមែន ព្រោះស្របតាមពាក្យទាំងនោះ នោះវាបានប្រកែក ហើយស្របតាមពាក្យទាំងនោះ នោះវាបានទទួលសារភាពដែរ។
៣៨ហើយវាត្រូវបាននាំយកមកដើម្បីបញ្ជាក់ថា គឺវាផ្ទាល់ពិតជាឃាតករ ដរាបដល់ធ្វើឲ្យមនុស្សប្រាំនាក់នោះ ត្រូវបានដោះលែងឲ្យមានឥស្សរភាព ហើយនីហ្វៃក៏ដូច្នោះដែរ។
៣៩ហើយមានពួកសាសន៍នីហ្វៃខ្លះ ដែលជឿដល់ពាក្យពេចន៍របស់នីហ្វៃ ហើយមានខ្លះទៀតដែលជឿដោយព្រោះទីបន្ទាល់របស់មនុស្សប្រាំនាក់នោះ ព្រោះពួកគេត្រូវបានប្រែចិត្តជឿ នៅពេលពួកគេនៅក្នុងគុក។
៤០ហើយឥឡូវនេះ មានមនុស្សខ្លះនៅក្នុងចំណោមប្រជាជន ដែលបាននិយាយថា នីហ្វៃគឺជាព្យាការីមួយរូប។
៤១ហើយមានអ្នកឯទៀត ដែលបាននិយាយថា ៖ មើលចុះ លោកគឺជាព្រះមួយអង្គ ព្រោះបើពុំមែនជាព្រះមួយអង្គទេ នោះលោកពុំអាចដឹងនូវគ្រប់ការណ៍ទាំងអស់បានទេ។ ត្បិតមើលចុះ លោកបានប្រាប់យើងនូវគំនិតទាំងឡាយនៃចិត្តរបស់យើង ហើយព្រមទាំងបានប្រាប់យើងអំពីការណ៍ទាំងឡាយ ហើយលោកថែមទាំងបាននាំមកឲ្យយើងស្គាល់ឃាតករដ៏ពិតប្រាកដ ទៅលើលោកមេចៅក្រមរបស់យើង៕