សេចក្ដីព្យាករណ៍នៃនីហ្វៃ គឺជាកូនប្រុសរបស់ហេលេមិន — ព្រះទ្រង់គំរាមកំហែងដល់ប្រជាជននីហ្វៃថា ទ្រង់នឹងធ្វើទោសពួកគេនៅក្នុងសេចក្ដីពិរោធរបស់ទ្រង់ឲ្យដល់នូវសេចក្ដីបំផ្លិចបំផ្លាញទាំងស្រុង លើកលែងតែពួកគេប្រែចិត្តពីអំពើទុច្ចរិតរបស់គេ។ ព្រះទ្រង់នឹងវាយ ប្រជាជននីហ្វៃដោយអាសន្នរោគ ពួកគេប្រែចិត្ត ហើយបែរមករកទ្រង់។ សាំយូអែល ជាសាសន៍លេមិនមួយរូប ព្យាករដល់ពួកសាសន៍នីហ្វៃ។
មានរួមនៅក្នុងជំពូកទី ៧ ទៅ ១៦។
ជំពូកទី ៧
នីហ្វៃត្រូវគេបដិសេធនៅដែនដីខាងជើង ហើយត្រឡប់មកសារ៉ាហិមឡាវិញ — លោកអធិស្ឋាននៅលើប៉មក្នុងសួនរបស់លោក ហើយបន្ទាប់មក ហៅឲ្យប្រជាជនប្រែចិត្ត ឬក៏ត្រូវវិនាស។ ប្រមាណជាឆ្នាំ ២៣–២១ ម.គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហុកសិបប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននៃសាសន៍នីហ្វៃ នោះនីហ្វៃ ជាកូនប្រុសរបស់ហេលេមិន បានត្រឡប់មកឯដែនដីសារ៉ាហិមឡាពីដែនដីខាងជើងវិញ។
២ព្រោះលោកបានទៅនៅក្នុងចំណោមប្រជាជន ដែលនៅក្នុងដែនដីខាងជើង ហើយបានផ្សាយព្រះបន្ទូលនៃព្រះទៅគេ ហើយបានព្យាករការណ៍ជាច្រើនទៅគេ។
៣ហើយពួកគេបានបដិសេធពាក្យទាំងអស់របស់លោក ដរាបដល់លោកមិនអាចស្នាក់នៅក្នុងចំណោមពួកគេបានទៀត តែត្រូវត្រឡប់មកដែនដីកំណើតរបស់លោកវិញ។
៤ហើយដោយបានឃើញប្រជាជននៅក្នុងស្ថានភាពមួយដ៏ប្រកបដោយភាពទុច្ចរិតដ៏គួរស្ញែងខ្លាចបែបនេះ ហើយពួកចោរកាឌីអានតុនទាំងនោះ បំពេញវេទិកាជំនុំជំរះទាំងឡាយ — ដោយបានដណ្ដើមយកអានុភាព និងសិទ្ធិអំណាចនៃដែនដី ដោយបានទុកចោលព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយគ្មានអ្វីជាស្មោះត្រង់នៅចំពោះមុខទ្រង់សោះ ដោយពុំបានធ្វើការយុត្តិធម៌ដល់កូនចៅមនុស្សឡើយ
៥ដោយបានធ្វើការកាត់ទោសដល់ជនសុចរិត ដោយព្រោះសេចក្ដីសុចរិតរបស់គេ ដោះលែងជនជាប់ទោស និងពួកទុច្ចរិតឲ្យរួចខ្លួនដោយពុំធ្វើទោស ដោយព្រោះប្រាក់របស់គេ ហើយថែមទាំងបាននៅលើមុខតំណែង ជាប្រមុខនៃរដ្ឋាភិបាលដើម្បីគ្រប់គ្រង ហើយធ្វើតាមតែទំនើងចិត្តរបស់គេ ដើម្បីពួកគេអាចបានកម្រៃ និងសិរីល្អនៃពិភពលោក ហើយថែមទៀត គឺដើម្បីពួកគេអាចប្រព្រឹត្តដោយងាយនូវអំពើកំផិត និងលួច និងសម្លាប់ និងធ្វើតាមទំនើងចិត្តរបស់គេ។
៦ឥឡូវនេះ អំពើទុច្ចរិតដ៏ធំនេះ បានមកលើពួកសាសន៍នីហ្វៃ នៅក្នុងពេលមិនយូរឆ្នាំប៉ុន្មានទេ ហើយកាលនីហ្វៃបានឃើញការណ៍នេះ នោះចិត្តលោកបានពោរពេញទៅដោយសេចក្ដីព្រួយនៅក្នុងទ្រូងលោក ហើយលោកបានស្រែកឡើងនៅក្នុងសេចក្ដីឈឺចាប់ក្នុងព្រលឹងលោកថា ៖
៧ឱ ប្រសិនបើខ្ញុំរស់នៅក្នុងសម័យដែលអយ្យកោនីហ្វៃរបស់ខ្ញុំ បានចេញមកជាមុនដំបូងពីដែនដីយេរូសាឡិម នោះខ្ញុំអាចមានសេចក្ដីអំណរជាមួយនឹងលោកនៅលើដែនដីសន្យា នៅពេលនោះ ប្រជាជនរបស់លោកងាយប្រដៅ មុតមាំនៅក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយកម្រដឹកនាំឲ្យធ្វើអំពើទុច្ចរិត ហើយពួកគេឆាប់ស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ —
៨មែនហើយ ប្រសិនបើថ្ងៃទាំងឡាយរបស់ខ្ញុំ គឺនៅក្នុងថ្ងៃទាំងនោះ នោះព្រលឹងរបស់ខ្ញុំ ច្បាស់ជាមានសេចក្ដីអំណរនៅក្នុងអំពើសុចរិតរបស់បងប្អូនរបស់ខ្ញុំដែរ។
៩ប៉ុន្តែមើលចុះ ខ្ញុំត្រូវរស់ក្នុងសម័យនេះ ហើយចិត្តខ្ញុំពោរពេញទៅដោយសេចក្ដីព្រួយ ពីព្រោះតែអំពើទុច្ចរិតរបស់បងប្អូនរបស់ខ្ញុំ។
១០ហើយមើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា គឺនៅលើប៉មមួយ ដែលនៅក្នុងសួនរបស់នីហ្វៃ នៅជិតផ្លូវនាំចូលទៅផ្សារធំនៅក្នុងទីក្រុងសារ៉ាហិមឡា ហេតុដូច្នេះហើយ នីហ្វៃបានក្រាបនៅលើប៉ម ដែលនៅក្នុងសួនរបស់លោក ប៉មនោះនៅជិតក្លោងទ្វារសួនផង ដែលនាំទៅកាន់ផ្លូវធំ។
១១ហើយហេតុការណ៍បានកើតឡើងថា មានមនុស្សខ្លះដើរកាត់តាមនោះ ហើយបានឃើញនីហ្វៃ នៅពេលដែលលោកកំពុងចាក់ព្រលឹងលោកទៅព្រះនៅលើប៉ម ហើយពួកគេបានរត់ទៅប្រាប់ប្រជាជនអំពីអ្វីៗដែលគេបានឃើញ ហើយមនុស្សទាំងហ្វូងៗបានប្រមូលគ្នាមក ដើម្បីឲ្យបានដឹងនូវដើមហេតុនៃការទួញសោកដ៏ធំចំពោះអំពើទុច្ចរិតរបស់ប្រជាជន។
១២ហើយឥឡូវនេះ កាលនីហ្វៃបានក្រោកឡើង នោះលោកបានឃើញហ្វូងមនុស្សទាំងឡាយ ដែលបានប្រមូលគ្នាមក។
១៣ហើយហេតុការណ៍បានកើតឡើងថា លោកបានហើបមាត់លោក ហើយបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រមូលគ្នាមកយ៉ាងនេះ? តើដើម្បីឲ្យខ្ញុំប្រាប់អ្នកអំពីអំពើទុច្ចរិតរបស់អ្នកឬ?
១៤មែនហើយ ព្រោះតែខ្ញុំបានមកលើប៉មរបស់ខ្ញុំ ដើម្បីខ្ញុំអាចចាក់ព្រលឹងខ្ញុំទៅព្រះ ពីព្រោះសេចក្ដីព្រួយបារម្ភដ៏ខ្លាំងនៃចិត្តរបស់ខ្ញុំ គឺដោយសារអំពើទុច្ចរិតទាំងឡាយរបស់អ្នក!
១៥ហើយដោយសារសេចក្ដីទុក្ខសោក និងព្រួយបារម្ភរបស់ខ្ញុំ ទើបអ្នករាល់គ្នាបានប្រមូលគ្នាមក ហើយមានចិត្តអស្ចារ្យ មែនហើយ ហើយអ្នករាល់គ្នាមានរឿងដ៏ធំដើម្បីមានចិត្តអស្ចារ្យ មែនហើយ អ្នករាល់គ្នាត្រូវតែមានចិត្តអស្ចារ្យ ពីព្រោះអ្នករាល់គ្នាបានបណ្ដោយឲ្យអារក្សក្ដាប់ជាប់ចិត្តរបស់អ្នកយ៉ាងខ្លាំង។
១៦មែនហើយ តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាបណ្ដោយឲ្យខ្លួនត្រូវដឹកនាំ ដោយជនដែលស្វែងរករុញច្រានព្រលឹងអ្នកចុះទៅក្នុងសេចក្ដីទុក្ខដ៏អស់កល្បជានិច្ច និងសេចក្ដីវេទនាដ៏មិនចេះមិនចេះហើយដូច្នេះ?
១៧ឱ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ចូរអ្នករាល់គ្នាប្រែចិត្តចុះ! តើហេតុអ្វីទៅ បានជាអ្នករាល់គ្នាចង់ស្លាប់? ចូរអ្នករាល់គ្នាត្រឡប់មកវិញចុះ ចូរអ្នករាល់គ្នាត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ។ តើហេតុអ្វីបានជាទ្រង់បោះបង់ពួកអ្នកចោល?
១៨គឺដោយសារអ្នករាល់គ្នាបានធ្វើចិត្តរឹងរូស មែនហើយ អ្នករាល់គ្នាមិនព្រមស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អ មែនហើយ អ្នករាល់គ្នាបានបង្កឲ្យទ្រង់មានកំហឹងនឹងអ្នក។
១៩ហើយមើលចុះ ជាជាងប្រមូលពួកអ្នកមក លើកលែងតែអ្នកព្រមប្រែចិត្ត មើលចុះ ទ្រង់នឹងធ្វើឲ្យពួកអ្នកត្រូវខ្ចាត់ខ្ចាយ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយទៅជាសាច់សម្រាប់ឆ្កែ និងសត្វព្រៃ។
២០ឱ តើហេតុដូចម្ដេច បានជាពួកអ្នករាល់គ្នាភ្លេចព្រះរបស់អ្នក ក្នុងថ្ងៃតែមួយដែលទ្រង់បានដោះលែងអ្នកដូច្នេះ?
២១ប៉ុន្តែមើលចុះ គឺដើម្បីបានកម្រៃ ដើម្បីឲ្យបានមនុស្សសរសើរ មែនហើយ ហើយដើម្បីអ្នករាល់គ្នាអាចបានមាស និងបានប្រាក់។ ហើយអ្នករាល់គ្នាបានភ្ជាប់ចិត្តអ្នកទៅលើទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះ ដោយសារវត្ថុទាំងនោះ ទើបអ្នករាល់គ្នាធ្វើឃាត និងប្លន់ និងលួច និងធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាងរបស់ខ្លួន ហើយធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង។
២២ហើយដោយសារហេតុនេះ សេចក្ដីវេទនានឹងមកដល់អ្នករាល់គ្នា លើកលែងតែអ្នកប្រែចិត្ត។ ព្រោះបើសិនជាអ្នករាល់គ្នាពុំប្រែចិត្តទេ មើលចុះ ទីក្រុងដ៏ធំនេះ និងទីក្រុងទាំងអស់ដែលនៅជុំវិញនេះផង ដែលនៅក្នុងដែនដីរបស់យើងនឹងត្រូវដកយកចេញ ដើម្បីឲ្យអ្នករាល់គ្នាគ្មានទីជម្រកក្នុងនោះទេ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់នឹងពុំប្រទានឲ្យអ្នកនូវកម្លាំង ដូចដែលទ្រង់ធ្លាប់បានធ្វើមកដល់ឥឡូវនេះ ដើម្បីប្រឆាំងទប់ទល់នឹងពួកខ្មាំងសត្រូវរបស់អ្នកទេ។
២៣ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងពុំបង្ហាញដល់ពួកទុច្ចរិតនូវកម្លាំងរបស់យើងឲ្យម្នាក់ច្រើនជាងម្នាក់ទៀតទេ លើកលែងតែដល់អស់អ្នកណា ដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេ ហើយប្រុងស្ដាប់តាមពាក្យរបស់យើងប៉ុណ្ណោះ។ ឥឡូវនេះ ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាឃើញ ឱបងប្អូនរបស់ខ្ញុំអើយ ថាពួកសាសន៍លេមិននឹងត្រូវបានគ្រាន់បើជាងអ្នក លើកលែងតែអ្នករាល់គ្នាប្រែចិត្ត។
២៤ត្បិតមើលចុះ ពួកគេសុចរិតជាងអ្នក ព្រោះពួកគេពុំបានធ្វើបាបប្រឆាំងនឹងការចេះដឹងដ៏មហិមា ដែលអ្នករាល់គ្នាបានទទួលនោះទេ ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់ពួកគេ មែនហើយ ទ្រង់នឹងពន្យារថ្ងៃរបស់គេ និងបង្កើនពូជរបស់គេ ក្នុងកាលអ្នករាល់គ្នានឹងត្រូវបំផ្លាញឲ្យអស់ លើកលែងតែអ្នកប្រែចិត្ត។
២៥មែនហើយ ចូរសេចក្ដីវេទនាមានមកដល់អ្នកចុះ ដោយសារអំពើគួរខ្ពើមឆ្អើមដ៏ធំ ដែលមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានយកខ្លួនទៅរួបរួមជាមួយនឹងពួកនោះ មែនហើយ គឺក្រុមចោរសម្ងាត់ ដែលបានបង្កើតឡើង ដោយកាឌីអានតុននោះ!
២៦មែនហើយ ចូរសេចក្ដីវេទនាមានមកដល់អ្នកចុះ ដោយសារការឆ្មើងឆ្មៃ ដែលអ្នករាល់គ្នាបានទុកឲ្យចូលក្នុងចិត្តអ្នក ដែលបានលើកអ្នកឡើងផុតពីអ្វីៗដែលល្អ ដោយព្រោះទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់អ្នក!
២៧មែនហើយ ចូរសេចក្ដីវេទនាមានមកដល់អ្នកចុះ ដោយសារអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់អ្នក!
២៨ហើយលើកលែងអ្នករាល់គ្នាប្រែចិត្ត បើពុំនោះសោតទេ អ្នករាល់គ្នានឹងត្រូវវិនាសបង់ មែនហើយ សូម្បីតែដែនដីទាំងឡាយរបស់អ្នកក៏នឹងត្រូវដកយកពីអ្នកដែរ ហើយអ្នករាល់គ្នានឹងត្រូវបំផ្លាញចេញពីលើផ្ទៃផែនដីទៅ។
២៩មើលចុះ ឥឡូវនេះ ខ្ញុំពុំនិយាយថា ការណ៍ទាំងនេះនឹងកើតឡើងដោយខ្លួនខ្ញុំផ្ទាល់នោះទេ ព្រោះពុំមែនខ្លួនខ្ញុំផ្ទាល់ទេ ដែលខ្ញុំដឹងការណ៍ទាំងនេះ ប៉ុន្តែមើលចុះ ខ្ញុំដឹងថា ការណ៍ទាំងនេះពិត ព្រោះព្រះអម្ចាស់ទ្រង់បានធ្វើឲ្យខ្ញុំដឹងការណ៍ទាំងនេះ ហេតុដូច្នេះហើយ ខ្ញុំធ្វើទីបន្ទាល់ថា វានឹងកើតឡើងមែន៕