ជំពូកទី ៤
សង្គ្រាម និងការកាប់សម្លាប់មានតទៅ — ពួកទុច្ចរិតធ្វើទោសដល់ពួកទុច្ចរិត — អំពើទុច្ចរិតដ៏ធំលើសលែងទៅទៀតស្ថិតនៅលើពួកអ៊ីស្រាអែលទាំងស្រុង — ពួកស្ត្រី និងក្មេងៗត្រូវយកទៅបូជាថ្វាយរូបព្រះទាំងឡាយ — ពួកសាសន៍លេមិនចាប់ផ្ដើមកម្ចាត់ ពួកសាសន៍នីហ្វៃចេញពីមុខ។ ប្រមាណជាឆ្នាំ ៣៦៣–៣៧៥ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយហុកសិបបី នោះពួកសាសន៍នីហ្វៃបាននាំពលទ័ពឡើងទៅច្បាំងនឹងពួកសាសន៍លេមិនចេញពីដែនដីចោលស្ងាត់។
២ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពសាសន៍នីហ្វៃ ត្រូវវាយតបឲ្យត្រឡប់ថយមកដែនដីចោលស្ងាត់វិញ។ ហើយនៅពេលពួកគេកំពុងនឿយហត់នៅឡើយ នោះកងទ័ពសាសន៍លេមិនដ៏ថ្មីមួយកងបានមកវាយពួកគេ ហើយពួកគេបានច្បាំងយ៉ាងសាហាវ ដរាបដល់ទ័ពលេមិនបានដណ្ដើមយកទីក្រុងចោលស្ងាត់បាន ហើយបានសម្លាប់ពួកនីហ្វៃជាច្រើន ហើយបានចាប់មនុស្សជាច្រើនយកទៅជាឈ្លើយ។
៣ហើយអ្នកដែលនៅសល់ទាំងប៉ុន្មានបានរត់គេចចេញ ហើយបានចូលរួមជាមួយនឹងបណ្ដាជននៃទីក្រុងទីអានគុម។ ឥឡូវនេះ ទីក្រុងទីអានគុមនេះនៅត្រង់ជាយដែនជាប់នឹងសមុទ្រ ហើយនៅជិតទីក្រុងចោលស្ងាត់ដែរ។
៤ដោយមកពីពលទ័ពសាសន៍នីហ្វៃ បានឡើងទៅរកវាយពួកលេមិន បានជាពួកគេត្រូវបរាជ័យ បើពុំនោះសោតទេ ពួកលេមិនពុំអាចមានអំណាចអ្វីមកលើពួកគេបានឡើយ។
៥ប៉ុន្តែមើលចុះ សេចក្ដីជំនុំជំរះទាំងឡាយនៃព្រះនឹងដេញទាន់ពួកទុច្ចរិត ហើយពួកទុច្ចរិតនឹងត្រូវធ្វើទោសដោយពួកទុច្ចរិត ត្បិតពួកទុច្ចរិតនេះហើយដែលបានចាក់រុកចិត្តកូនចៅមនុស្សឲ្យមានការខ្ចាយឈាម។
៦ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានធ្វើការរៀបចំដើម្បីមកប្រឆាំងនឹងទីក្រុងទីអានគុម។
៧ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយហុកសិបបួន នោះពួកសាសន៍លេមិនបានមកប្រឆាំងនឹងទីក្រុងទីអានគុម ដើម្បីគេអាចដណ្ដើមយកទីក្រុងទីអានគុមផង។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបានរុញច្រានឲ្យថយទៅក្រោយវិញ ដោយពួកនីហ្វៃ។ ហើយកាលពួកនីហ្វៃបានឃើញថា ពួកគេបានរុញច្រានពួកលេមិនឲ្យថយក្រោយ នោះពួកគេក៏អួតអាងចំពោះកម្លាំងរបស់ខ្លួនទៀត ហើយពួកគេបានចេញទៅនៅក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីទៅដណ្ដើមយកទីក្រុងចោលស្ងាត់មកវិញ។
៩ឥឡូវនេះ រឿងទាំងអស់នេះក៏បានកើតឡើងរួចហើយ ហើយទាំងសងខាងមានមនុស្សស្លាប់រាប់ពាន់អ្នក គឺទាំងពួកនីហ្វៃ និងពួកលេមិន។
១០ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីបីរយហុកសិបប្រាំមួយបានកន្លងផុតទៅ ហើយពួកលេមិនបាននាំគ្នាមកច្បាំងនឹងពួកនីហ្វៃទៀត ក៏ប៉ុន្តែពួកនីហ្វៃពុំប្រែចិត្តចេញពីការអាក្រក់ដែលគេបានធ្វើឡើយ ហើយនៅតែបន្តអំពើទុច្ចរិតរបស់ខ្លួនទៅទៀត។
១១ហើយគ្មានអណ្ដាតឯណាអាចអធិប្បាយបាន ឬក៏គ្មានមនុស្សណាអាចសរសេរការអធិប្បាយដោយឥតខ្ចោះនូវទិដ្ឋភាពដ៏ស្ញែងអស្ចារ្យនៃការខ្ចាយឈាម និងការកាប់សម្លាប់ដែលមាននៅក្នុងចំណោមប្រជាជន ទាំងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនបានឡើយ ហើយចិត្តរបស់គេរាល់គ្នាសុទ្ធតែរឹងរូស ម្ល៉ោះហើយបានជាគេសប្បាយចិត្តក្នុងការខ្ចាយឈាមគ្នាមិនចេះចប់សោះ។
១២ហើយពុំដែលមានអំពើទុច្ចរិតដ៏ធំបែបនេះ នៅក្នុងចំណោមអស់ទាំងកូនចៅរបស់លីហៃ ឬក៏នៅក្នុងចំណោមវង្សអ៊ីស្រាអែល ដូចជានៅក្នុងចំណោមប្រជាជននេះឡើយ ស្របតាមព្រះបន្ទូលនៃព្រះ។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនក៏ដណ្ដើមយកទីក្រុងចោលស្ងាត់បាន ហើយការណ៍នេះគឺដោយសារពួកគេមានចំនួនច្រើនជាងពួកនីហ្វៃ។
១៤ហើយពួកគេបានលើកទៅវាយយកទីក្រុងទីអានគុមទៀត ហើយបានបណ្ដេញបណ្ដាជន ចេញពីទីក្រុងនោះ ហើយបានយកមនុស្សជាច្រើនធ្វើជាឈ្លើយ មានទាំងពួកស្ត្រី និងកូនក្មេង ហើយបានចាប់យកពួកនេះទៅប្រហារជីវិត បូជាថ្វាយរូបព្រះទាំងឡាយរបស់គេ។
១៥ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយហុកសិបប្រាំពីរ នោះពួកសាសន៍នីហ្វៃបានក្រេវក្រោធ ពីព្រោះពួកសាសន៍លេមិនបានបូជាពួកស្ត្រី និងកូនក្មេងរបស់ពួកនីហ្វៃ បានជាពួកគេលើកទ័ពទៅវាយប្រហារពួកលេមិនដោយសេចក្ដីក្រេវក្រោធជាអតិបរមា ដរាបដល់ពួកគេមានជ័យជម្នះលើពួកលេមិន ហើយបានរុញច្រានពួកនេះចេញពីដែនដីរបស់គេទៅ។
១៦ហើយពួកលេមិនពុំបានត្រឡប់មកច្បាំងនឹងពួកនីហ្វៃទៀតទេ រហូតដល់ឆ្នាំទីបីរយចិតសិបប្រាំ។
១៧ហើយនៅក្នុងឆ្នាំនេះ ពួកគេបានចុះមកច្បាំងជាមួយនឹងពួកសាសន៍នីហ្វៃដោយអស់សមត្ថភាពរបស់គេ ហើយពួកគេពុំអាចរាប់ចំនួនទេ ពីព្រោះមកពីពួកនោះមានគ្នាច្រើនឥតគណនា។
១៨ហើយចាប់ពីពេលនោះមក ពួកសាសន៍នីហ្វៃពុំមានអំណាចអ្វីទៅលើពួកលេមិនបានឡើយ ប៉ុន្តែបានចាប់ផ្ដើមកម្ចាត់ចេញដោយពួកលេមិន ហាក់បីដូចដំណក់សន្សើមនៅចំពោះព្រះអាទិត្យ។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបានចុះមកប្រឆាំងទីក្រុងចោលស្ងាត់ ហើយមានចម្បាំងមួយដ៏ឃោរឃៅបំផុត ដែលបានច្បាំងនៅលើដែនដីចោលស្ងាត់ ជាចម្បាំងដែលពួកគេបានឈ្នះពួកនីហ្វៃ។
២០ហើយទ័ពនីហ្វៃបានរត់គេចចេញពីពួកគេទៀត ហើយពួកគេបានមកឯទីក្រុងបូអូស នៅទីនោះពួកគេបានទប់ទល់នឹងសាសន៍លេមិនដោយក្លាហាន ដរាបដល់សាសន៍លេមិនពុំបានឈ្នះពួកគេទេ រហូតដល់ពួកគេត្រឡប់មកជាលើកទីពីរទៀត។
២១ហើយកាលពួកគេមកជាលើកទីពីរ នោះពួកសាសន៍នីហ្វៃត្រូវបានរុញច្រាន ហើយត្រូវសម្លាប់ដោយការកាប់សម្លាប់មួយដ៏ធំ ឯពួកស្ត្រីរបស់គេ និងកូនក្មេងរបស់គេត្រូវចាប់មកប្រហារជីវិតបូជាថ្វាយរូបព្រះទាំងឡាយទៀត។
២២ហើយហេតុការណ៍បានកើតឡើងថា ពួកនីហ្វៃបានរត់គេចចេញពីពួកគេទៀត ដោយបាននាំបណ្ដាជនទាំងអស់ទៅជាមួយពួកគេ ទាំងនៅក្នុងទីក្រុង និងនៅក្នុងភូមិទាំងឡាយផង។
២៣ហើយឥឡូវនេះ ខ្ញុំមរមន ដោយបានឃើញថា ពួកសាសន៍លេមិនជិតយកដែនដីបានហើយ ហេតុដូច្នេះហើយ ខ្ញុំបានទៅឯភ្នំស៊ិម ហើយបានយកបញ្ជីទាំងអស់ ដែលអាំម៉ារ៉ុនបានលាក់ទុកថ្វាយព្រះអម្ចាស់៕