ក.យ.ស., រ៉ូម ៧:៥–២៧ (ចូរប្រៀបធៀបនឹងគម្ពីររ៉ូម ៧:៥–២៥)
(ព្រះគ្រីស្ទមានព្រះចេស្ដា ដើម្បីនឹងប្រែប្រួលព្រលឹងមនុស្សលោក)។
៥ត្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាបដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្ដាលឲ្យអស់ទាំងអវយវៈក្នុងរូបកាយរបស់យើងរាល់គ្នាបង្កើតផលដល់សេចក្ដីស្លាប់។
៦តែឥឡូវនេះ យើងត្រូវបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ដោយបានស្លាប់ចំពោះក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ ហើយមិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
៧ដូច្នេះ យើងនឹងថាដូចម្ដេច? តើក្រឹត្យវិន័យជាតួបាបឬអី? ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកលែងតែដោយសារក្រឹត្យវិន័យចេញ ត្បិតខ្ញុំមិនបានស្គាល់សេចក្ដីលោភផង លើកលែងតែដោយសារក្រឹត្យវិន័យបានចែងថា « កុំឲ្យលោភ »។
៨តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្តិ នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភនៅក្នុងខ្លួនខ្ញុំវិញ។ ត្បិតក្រៅពីក្រឹត្យវិន័យអំពើបាបបានស្លាប់សូន្យ។
៩ត្បិតគ្រាមួយ ខ្ញុំបានរស់នៅដោយគ្មានការរំលងក្រឹត្យវន័យ ប៉ុន្តែកាលព្រះបញ្ញត្តិនៃព្រះគ្រីស្ទបានកើតមក នោះបាបក៏រស់ឡើង ហើយឯខ្ញុំក៏ត្រូវស្លាប់វិញ។
១០ហើយកាលខ្ញុំមិនបានជឿតាមព្រះបញ្ញត្តិនៃព្រះគ្រីស្ទដែលបានកើតមក ដែលសម្រាប់ឲ្យមានជីវិត នោះខ្ញុំឃើញថា វាបានដាក់ទោសខ្ញុំដល់ស្លាប់។
១១ត្បិតបាបបានឱកាស ដោយមិនទទួលស្គាល់ព្រះបញ្ញត្តិ ហើយបានបញ្ឆោតខ្ញុំ ហើយដោយសារអំពើបាប នោះខ្ញុំត្រូវបានប្រហារបង់។
១២ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំឃើញថា ក្រឹត្យវិន័យជាបរិសុទ្ធ ហើយសេចក្ដីបញ្ញត្តិក៏បរិសុទ្ធ សុចរិត ហើយល្អដែរ។
១៣ដូច្នេះ ចុះសេចក្ដីល្អនេះបានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី? ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដើម្បីឲ្យវាបានសម្ដែងចេញមកថា ជាបាបមែន ដោយសារអ្វីដែលជាសេចក្ដីល្អ ដោយបង្កើតសេចក្ដីស្លាប់នៅក្នុងខ្លួនខ្ញុំ ប្រយោជន៍ឲ្យបាប ដោយសារព្រះបញ្ញត្តិបានក្លាយទៅជាធ្ងន់ក្រៃលែង។
១៤ត្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែកាលខ្ញុំនៅក្រោមអំណាចក្រឹត្យវិន័យ នោះខ្ញុំនៅខាងរូបកាយ ដោយត្រូវបានលក់ទៅក្រោមអំណាចអំពើបាប។
១៥តែឥឡូវនេះ ខ្ញុំនៅខាងវិញ្ញាណវិញ ត្បិតអ្វីដែលខ្ញុំត្រូវបានបញ្ជាឲ្យប្រព្រឹត្ត នោះខ្ញុំក៏ប្រព្រឹត្ត ហើយអ្វីដែលខ្ញុំត្រូវបានបញ្ជាមិនឲ្យអនុម័ត នោះខ្ញុំក៏មិនអនុម័ត។
១៦ត្បិតអ្វីដែលខ្ញុំដឹងថាមិនត្រូវ នោះខ្ញុំក៏នឹងមិនប្រព្រឹត្តដែរ ត្បិតអ្វីដែលជាអំពើបាប នោះខ្ញុំស្អប់។
១៧គ្រានោះ បើសិនជាខ្ញុំមិនប្រព្រឹត្តការដែលខ្ញុំមិនត្រូវបានអនុម័ត នោះខ្ញុំយល់ព្រមថាក្រឹត្យវិន័យល្អមែន។
១៨ដូច្នេះមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តអំពើបាប ប៉ុន្តែខ្ញុំខំរកដើម្បីពង្រាបអំពើបាបនោះ ដែលនៅក្នុងខ្លួនខ្ញុំវិញ។
១៩ត្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែដើម្បីប្រព្រឹត្តអ្វីដែលល្អ នោះខ្ញុំរកមិនកើតសោះ គឺដោយនូវព្រះគ្រីស្ទប៉ុណ្ណោះ។
២០ត្បិតការល្អដែលខ្ញុំចង់ធ្វើ កាលនៅក្រោមអំណាចក្រឹត្យវិន័យ នោះខ្ញុំមិនឃើញថាជាល្អទេ ហេតុដូច្នេះហើយ ខ្ញុំមិនបានធ្វើការនោះទេ។
២១ប៉ុន្តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នៅក្រោមអំណាចក្រឹត្យវិន័យ នោះខ្ញុំឃើញថាជាល្អវិញ ការនោះហើយដែលខ្ញុំធ្វើ។
២២ឥឡូវនេះ បើខ្ញុំប្រព្រឹត្តការនោះ តាមរយៈជំនួយពីព្រះគ្រីស្ទ នោះខ្ញុំមិនចង់ធ្វើនៅក្រោមអំណាចក្រឹត្យវិន័យទេ ខ្ញុំមិនបាននៅក្រោមអំណាចក្រឹត្យវិន័យឡើយ ហើយវាមិនមែនខ្ញុំទៀតទេដែលខំរកធ្វើខុស ប៉ុន្តែដើម្បីពង្រាបអំពើបាប ដែលនៅក្នុងខ្លួនខ្ញុំទេតើ។
២៣យ៉ាងនោះ ខ្ញុំឃើញថានៅក្រោមអំណាចក្រឹត្យវិន័យ គឺកាលខ្ញុំចង់ប្រព្រឹត្តសេចក្ដីល្អ នោះសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ត្បិតខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យនៃព្រះ តាមប៉ែកខាងក្នុងមនុស្ស។
២៤ហើយឥឡូវនេះ ខ្ញុំឃើញមានក្រឹត្យវិន័យមួយទៀត គឺជាព្រះបញ្ញត្តិនៃព្រះគ្រីស្ទ ហើយក្រឹត្យវិន័យនោះក៏នៅជាប់ក្នុងគំនិតរបស់ខ្ញុំ។
២៥ប៉ុន្តែអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ កំពុងតែធ្វើសង្គ្រាមនឹងក្រឹត្យវិន័យនៃគំនិតរបស់ខ្ញុំ ហើយទាំងចាប់នាំខ្ញុំទៅជាប់ឃុំឃាំង ចំពោះក្រឹត្យវិន័យខាងអំពើបាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំទាំងប៉ុន្មានផង។
២៦ហើយបើខ្ញុំមិនពង្រាបអំពើបាបដែលនៅក្នុងខ្លួនខ្ញុំទេ ប៉ុន្តែជាមួយនឹងសាច់ឈាម បម្រើក្រឹត្យវិន័យនៃអំពើបាបវិញ ឱរូបខ្ញុំអើយ វេទនាអ្វីម្ល៉េះ! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីតួសេចក្ដីស្លាប់នេះទៅបាន?
២៧ខ្ញុំសូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ដូច្នេះគឺដោយសារគំនិត នោះខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃព្រះ។