បុព្វកថា
មុក្ដាដ៏មានតម្លៃមហិមា គឺជាការជ្រើសរើសនូវឯកសារដ៏សំខាន់ទាំងឡាយ ដែលទាក់ទងទៅនឹងចំណុចសំខាន់ៗជាច្រើន អំពីសេចក្ដីជំនឿ និងគោលលទ្ធិនៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ វត្ថុទាំងនេះត្រូវបានផលិតដោយព្យាការី យ៉ូសែបស៊្មីធ ហើយបានបោះពុម្ពនៅក្នុងកាសែតទៀងទាត់ប្រចាំសាសនាចក្រនៅសម័យលោក។
ប្រជុំឯកសារទាំងឡាយលើកទីមួយ មានចំណងជើងថា មុក្ដាដ៏មានតម្លៃមហិមា ត្រូវបានធ្វើឡើងនៅឆ្នាំ ១៨៥១ ដោយអែលឌើរ ហ្វ្រាំងក្លិន ឌី រិចឺត្ស កាលនោះត្រូវជាសមាជិកក្នុងក្រុមប្រឹក្សានៃពួកដប់ពីរនាក់ ហើយជាប្រធានលើបេសកកម្មប្រចាំប្រទេសអង់គ្លេស។ គោលបំណងនោះ គឺដើម្បីធ្វើឲ្យស្រួលបានអត្ថបទសំខាន់ៗ ដែលពុំសូវមានបោះពុម្ពផ្សាយ នៅគ្រា យ៉ូសែប ស៊្មីធ។ កាលសមាជិកនៃសាសនាចក្រមានកាន់តែច្រើនឡើងពាសពេញទ្វីបអឺរ៉ុប និងទ្វីបអាមេរិក នោះមានការតម្រូវឲ្យមានវត្ថុទាំងនេះ។ មុក្ដាដ៏មានតម្លៃមហិមា ត្រូវបានទទួលប្រើប្រាស់ទូទៅ ហើយក្រោយមកក្លាយទៅជាគម្ពីរបមាណីយនៃសាសនាចក្រ តាមការសម្រេចរបស់គណៈប្រធានទីមួយ និងសន្និសីទទូទៅ នៅទីក្រុងសលត៍ លេក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៨៨០។
ការកំណែថ្មីមួយចំនួន ត្រូវបានធ្វើឡើងនៅក្នុងមាតិកា តាមសេចក្ដីត្រូវការរបស់សាសនាចក្រ។ នៅឆ្នាំ១៨៧៨ ផ្នែកនានានៃគម្ពីរម៉ូសេ ដែលពុំមាននៅក្នុងច្បាប់ទីមួយនោះ ត្រូវបានបញ្ចូល។ នៅឆ្នាំ១៩០២ ភាគខ្លះនៃមុក្ដាដ៏មានតម្លៃមហិមា ដែលជាសម្ភារៈដូចគ្នា ដែលបានបោះពុម្ពផ្សាយនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា នោះត្រូវបានដកចេញ។ ការរៀបចំចេញជាជំពូក និងខ ព្រមទាំងជាលេខយោងទាំងឡាយ នោះត្រូវបានធ្វើឡើងនៅឆ្នាំ ១៩០២។ ការបោះពុម្ពផ្សាយលើកទីមួយដែលមានជួរពីរ ព្រមទាំងមានលិបិក្រម នោះគឺនៅឆ្នាំ ១៩២១។ ពុំមានការកែប្រែណាទៀតឡើយ រហូតដល់ខែមេសា ឆ្នាំ១៩៧៦ កាលមានវត្ថុនៃវិវរណៈពីរចំណុចត្រូវបានបន្ថែម។ នៅឆ្នាំ១៩៧៩ វត្ថុទាំងពីរនេះត្រូវបានដកចេញពីមុក្ដាដ៏មានតម្លៃមហិមា ហើយបានដាក់ក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលឥឡូវនេះឃើញថាជា កណ្ឌទី ១៣៧ និង១៣៨។ ការបោះពុម្ពផ្សាយសព្វថ្ងៃនេះ មានការកែប្រែខ្លះ ដែលត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យឯកសារនោះស្រុះគ្នានឹងឯកសារមុនៗ។
ដែលមានដូចតទៅនេះ គឺជាបុព្វកថាចំពោះមាតិកានៅសព្វថ្ងៃនេះ គឺ ៖
-
ការជ្រើសរើសចេញពីគម្ពីរម៉ូសេ ៖ ការដកស្រង់ចេញពីគម្ពីរលោកុប្បត្តិ ដែលជាការបកប្រែព្រះគម្ពីរប៊ីប ដោយយ៉ូសែប ស៊្មីធ កាលលោកបានចាប់ផ្ដើមធ្វើនៅខែមិថុនា ១៨៣០ (History of the Church, [ប្រវត្តិនៃសាសនាចក្រ] ១:៩៨–១០១, ១៣១–១៣៩)។
-
គម្ពីរអ័ប្រាហាំ — ជាការបកប្រែចេញពីក្រាំងប្របុសទាំងឡាយនៃពួកអេស៊ីព្ទ ដែលបានមកក្នុងកណ្ដាប់ដៃយ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨៣៥ ដែលមានការនិពន្ធទាំងឡាយរបស់អយ្យកោអ័ប្រាហាំ។ ការបកប្រែនេះត្រូវបានបោះពុម្ពផ្សាយបន្តិចម្ដងៗនៅក្នុងកាសែត Times and Seasons ចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា ឆ្នាំ១៨៤២ នៅក្រុងណៅវូ រដ្ឋអិលលីណោយ (History of the Church, ៤:៥១៩–៥៣៤)។
-
យ៉ូសែប ស៊្មីធ — ម៉ាថាយ — ជាការស្រង់ចេញពីទីបន្ទាល់របស់ម៉ាថាយ នៅក្នុងការបកប្រែព្រះគម្ពីរប៊ីប ដោយយ៉ូសែប ស៊្មីធ (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៦០–៦១ សម្រាប់ព្រះបញ្ញត្តិពីព្រះ ឲ្យចាប់ផ្ដើមការបកប្រែព្រះគម្ពីរសញ្ញាថ្មី)។
-
យ៉ូសែប ស៊្មីធ — ប្រវត្តិ — ជាការសង្ខេបចេញពីទីបន្ទាល់ និងប្រវត្តិរបស់យ៉ូសែប ស៊្មីធ តាមផ្លូវការ ដែលលោកបានរៀបចំឡើងនៅ ឆ្នាំ១៨៣៨ ហើយដែលបានបោះពុម្ពផ្សាយបន្តិចម្ដងៗ នៅក្នុងកាសែត Times and Seasons នៅក្រុងណៅវូ រដ្ឋអិលលីណោយ ចាប់ផ្ដើមពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ១៨៤២ (History of the Church, ១:១–៤៤)។
-
មាត្រានៃសេចក្ដីជំនឿរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ជាសេចក្ដីថ្លែងប្រាប់ដោយ យ៉ូសែប ស៊្មីធ ដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត Times and Seasons នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៨៤២ ជាមួយនឹងប្រវត្តិដ៏ខ្លីអំពីសាសនាចក្រ ដែលស្គាល់ទូទៅថា សំបុត្រជូនលោកវែន្តវើធ (History of the Church, ៤:៥៣៥–៥៤១)។