ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ
យើងសូមប្រកាសជាឧឡារិកថា ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់គ្រប់ជាតិសាសន៍នៅក្នុងពិភពលោកនេះ ។ ព្រះជាព្រះបិតា បានប្រទានដល់យើងនូវកំណើតដ៏ទេវភាព ជាជីវិតដែលឥតប្រៀបផ្ទឹម និងពលិកម្មធួនដ៏និរន្ដរ៍នៃព្រះរាជបុត្រាសំណព្វរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ដោយព្រះចេស្ដានៃព្រះបិតា នោះព្រះយេស៊ូវបានរស់ឡើងវិញម្ដងទៀត ហើយបានទទួលជ័យជម្នះលើសេចក្ដីស្លាប់ ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង ជាគំរូរបស់យើង និងជាព្រះប្រោសលោះរបស់យើង ។
ពីររយឆ្នាំកន្លងទៅ នៅព្រឹកនិទាឃរដូវដ៏ស្រស់ស្អាតមួយក្នុងឆ្នាំ ១៨២០ យុវជនយ៉ូសែប ស្ម៊ីធ កំពុងស្វែងរកដោយចង់ដឹងថាគួរចូលរួមព្រះវិហារមួយណា គាត់បានចេញទៅក្នុងព្រៃនៅជិតផ្ទះគាត់ នៅប៉ែកខាងជើងរដ្ឋនូវយ៉ោកសហរដ្ឋអាមេរិកដើម្បីអធិស្ឋាន ។ គាត់បានសួរសំណួរទាក់ទងទៅនឹងសេចក្ដីសង្គ្រោះនៃព្រលឹងគាត់ ហើយទុកចិត្តថាព្រះនឹងដឹកនាំគាត់ ។
យើងសូមប្រកាសដោយរាបសាថា នៅក្នុងចម្លើយចំពោះការអធិស្ឋានរបស់គាត់ ព្រះជាព្រះបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេចមកជួបយ៉ូសែប ហើយបានផ្ដើម « តាំងរបស់ទាំងអស់ឡើងវិញ » ( កិច្ចការ ៣:២១ ) ដូចបានទាយទុកក្នុងព្រះគម្ពីរប៊ីប ។ នៅក្នុងការនិមិត្តនេះ គាត់បានរៀនថា បន្ទាប់ពីការស្លាប់របស់ពួកសាវកជំនាន់ដើម នោះព្រះវិហាររបស់ព្រះគ្រីស្ទក្នុងសញ្ញាថ្មីត្រូវបានបាត់បង់ពីផែនដី ។ យ៉ូសែបនឹងធ្វើជាឧបករណ៍ក្នុងការនាំវាត្រឡប់មកវិញ ។
យើងសូមអះអាងថា នៅក្រោមការដឹកនាំរបស់ព្រះបិតា និងព្រះរាជបុត្រា នោះសារទូតសួគ៌ាបានយាងមកបង្រៀនដល់យ៉ូសែប ហើយបានស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។ យ៉ូហានបាទីស្ទដែលបានរស់ឡើងវិញបានស្ដារសិទ្ធិអំណាចដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។ ពួកសាវកបីនាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់កាលពីដើម—ពេត្រុស យ៉ាកុប និងយ៉ូហាន—បានស្ដារភាពជាសាវក និងកូនសោនៃសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ។ អ្នកផ្សេងទៀតបានយាងមកផងដែរ រួមមានទាំង អេលីយ៉ា ដែលបានស្ដារសិទ្ធិអំណាចដើម្បីចងភ្ជាប់ក្រុមគ្រួសារជាមួយគ្នាជារៀងរហូតនៅក្នុងទំនាក់ទំនងដ៏អស់កល្បជានិច្ចដែលហួសពីសេចក្ដីស្លាប់ ។
យើងសូមធ្វើជាសាក្សីបន្ថែមថា យ៉ូសែប ស៊្មីធ ត្រូវបានប្រគល់អំណោយទាន និងអំណាចនៃព្រះដើម្បីបកប្រែកំណត់ត្រាពីបុរាណគឺព្រះគម្ពីរមរមន—សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ទំព័រនៃអត្ថបទពិសិដ្ឋនេះ រួមមាននូវដំណើររឿងនៃការបម្រើដោយផ្ទាល់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចំណោមរាស្ត្រនៅអឌ្ឍគោលខាងលិចភ្លាមៗបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ វាបង្រៀនអំពីគោលបំណងនៃជីវិត ហើយពន្យល់អំពីគោលលទ្ធិនៃព្រះគ្រីស្ទ ដែលសំខាន់ចំពោះគោលបំណងនោះ ។ ជាដៃគូគម្ពីរទៅនឹងគម្ពីរប៊ីប ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ថា មនុស្សគ្រប់រូបគឺជាបុត្រាបុត្រីនៃព្រះបិតាសួគ៌ជាទីស្រឡាញ់ ថាទ្រង់មានផែនការដ៏ទេវភាពសម្រាប់ជីវិតរបស់យើង ហើយថាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មានបន្ទូលនៅសព្វថ្ងៃនេះ ក៏ដូចជាពីជំនាន់មុនដែរ ។
យើងសូមប្រកាសថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានរៀបចំឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ គឺជាព្រះវិហាររបស់ព្រះគ្រីស្ទក្នុងសញ្ញាថ្មីដែលបានស្ដារឡើងវិញ ។ សាសនាចក្រនេះគឺជាយុថ្កានៅក្នុងជីវិតដ៏ឥតខ្ចោះនៃថ្មជ្រុងយ៉ាងឯក គឺព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងដង្វាយធួនដ៏និរន្ដរ៍ និងការរស់ឡើងវិញដ៏ពិតរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទបានហៅពួកសាវកជាថ្មីម្ដងទៀត ហើយបានប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់ពួកគេ ។ ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យមករកទ្រង់ និងសាសនាចក្ររបស់ទ្រង់ ដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងដើម្បីទទួលបានអំណរដ៏ខ្ជាប់ខ្ជួន ។
ពីររយឆ្នាំបានកន្លងហួសទៅហើយ ចាប់តាំងពីការស្ដារឡើងវិញត្រូវបានចាប់ផ្ដើមដោយព្រះជាព្រះបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ មានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក បានឱបក្រសោបយកចំណេះដឹងមួយនៃព្រឹត្តការណ៍ដែលបានព្យាករទុកទាំងនេះ ។
យើងរីករាយនឹងប្រកាសថា ការស្ដារឡើងវិញដែលបានសន្យានោះ បន្ដឆ្ពោះទៅមុខតាមរយៈវិវរណៈជាបន្ដបន្ទាប់ ។ ផែនដីនឹងពុំនៅដដែលឡើយ នៅពេលព្រះនឹង « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ( អេភេសូរ ១:១០ ) ។
ដោយគារវភាព និងការដឹងគុណ ពួកយើងជាសាវករបស់ទ្រង់ សូមអញ្ជើញមនុស្សទាំងអស់ឲ្យបានដឹង—ដូចជាយើងបានដឹង—ថាស្ថានសួគ៌បានបើក ។ យើងអះអាងថា ព្រះកំពុងបង្ហាញព្រះឆន្ទៈរបស់ទ្រង់ចំពោះបុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់ ។ យើងថ្លែងទីបន្ទាល់ថា អស់អ្នកដែលសិក្សាសារលិខិតអំពីការស្ដារឡើងវិញនេះប្រកបដោយការអធិស្ឋាន ហើយធ្វើសកម្មភាពដោយជំនឿ នឹងត្រូវប្រទានពរឲ្យទទួលបានសាក្សីផ្ទាល់ខ្លួនអំពីទេវភាព និងគោលបំណងរបស់វានៅក្នុងការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង ដូចដែលបានសន្យា ។
ការប្រកាសនេះត្រូវបានអានដោយប្រធាន រ័សុល អិម ណិលសុន ជាផ្នែកមួយនៃសារលិខិតរបស់លោកនៅក្នុងសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩០ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ នៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ។