ការស្គាល់ថាអ្នកជានរណា — ហើយថាយើងជាមនុស្សប្រភេទណាតាំងពីដើមមក
ថ្មីៗនេះ ក្មួយស្រីអាយុ ១៦ ឆ្នាំរបស់ខ្ញុំឈ្មោះ មេហ្គេន និងមិត្តភក្តិពីរនាក់ទៀត របស់នាងបានមកសម្រាកនៅផ្ទះរបស់ខ្ញុំ ។ នៅពេលយើងនិយាយគ្នានាល្ងាចនោះ មិត្តម្នាក់របស់គាត់បានសួរខ្ញុំថា តើការធំឡើងនៅក្នុងកសិដ្ឋាននៅជំនាន់មុនៗនោះមានសភាពបែបណាដែរ ។ … ខ្ញុំបានប្រាប់ មេហ្គេន និងមិត្តភក្តិរបស់នាងថា នៅ « ជំនាន់មុន » ខ្ញុំមានការអៀនខ្មាសជ្រុលពេក ហើយពិតជាគ្មានទំនុកចិត្តលើខ្លួនឯងសោះ ។
មេហ្គេនបានសួរថា « តើអ្នកមីងអាចយកឈ្នះលើអារម្មណ៍បែបនោះដោយរបៀបណា ? » ខ្ញុំស្ទើរតែឆ្លើយចម្លើយដែលនៅចុងៗមាត់ខ្ញុំទៅហើយ ស្រាប់តែខ្ញុំបានឈប់ ដោយទទួលអារម្មណ៍ថា យុវនារីដ៏អស្ចារ្យទាំងនេះនឹងកាន់តែយល់បានច្រើនជាង ប្រសិនបើខ្ញុំពន្យល់បន្ថែមទៀត ។ ដូច្នេះខ្ញុំបានពន្យល់ពួកគេពីហេតុផលខាងវិញ្ញាណវិញ ៖ ខ្ញុំគ្មានអារម្មណ៍ទាំងនោះឡើយ រហូតដល់ខ្ញុំបានចាប់ផ្តើមយល់អំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យចំពោះខ្ញុំ ថាអារម្មណ៍របស់ខ្ញុំអំពីខ្លួនខ្ញុំ និងជីវិតរបស់ខ្ញុំបានចាប់ផ្តើមផ្លាស់ប្តូរបន្ដិចម្ដងៗ ។ ក្រោយមកសំណួររបស់ពួកគេបានកើតឡើងភ្លាមថា ៖ តើខ្ញុំ ដឹងថា ព្រះអម្ចាស់មានព្រះទ័យបែបណាយ៉ាងដូចម្តេច ? ហើយតើពួកគេអាចដឹងអំពីព្រះទ័យរបស់ទ្រង់ចំពោះពួកគេដោយរបៀបណា ?
អស់រយៈជាច្រើនម៉ោង ដោយមានព្រះគម្ពីរនៅក្នុងដៃ យើងបាននិយាយគ្នាអំពីរបៀបដើម្បីស្តាប់ឮសំឡេងនៃព្រះវិញ្ញាណ អំពីព្រះទ័យដ៏អន្ទះសាររបស់ព្រះអម្ចាស់ក្នុងការបើកសម្តែងចំណេះដឹងដែលបានទុកយ៉ាងសុវត្ថិភាពនៅក្នុងវិញ្ញាណរបស់យើងទាក់ទងនឹងរឿងថាខ្លួនយើងជានរណា និងអ្វីជាបេសកកម្មរបស់យើង ព្រមទាំងអំពីរបៀបដែលជីវិតនឹងមានការខុសប្លែកបែបណានៅពេលយើងដឹងរឿងនោះ ។
… គ្មានជោគជ័យ និងសុភមង្គលរបស់យើងណានៅលើលោកនេះសំខាន់ជាងការរៀនស្តាប់តាមសំឡេងនៃព្រះវិញ្ញាណឡើយ ។ ព្រះវិញ្ញាណគឺជាអង្គដែលបើកបង្ហាញពីអត្តសញ្ញាណរបស់យើង — គឺមិនគ្រាន់តែថាយើងជានរណានោះទេ — ប៉ុន្ដែថែមទាំងដឹងថាយើងជាមនុស្សប្រភេទណាតាំងពីដើមដំបូងមកទៀតផង ។ ហើយថានៅពេលយើងដឹងពីរឿងនេះ នោះជីវិតរបស់យើងនឹងដឹងពីគោលបំណងដ៏អស្ចារ្យ ដែលនឹងផ្លាស់ប្ដូរយើងទាំងស្រុង ។
… វិញ្ញាណរបស់យើងចង់ឲ្យយើងចងចាំពីសេចក្តីពិតថាយើងជានរណា ដោយសាររបៀបដែលយើងមើលមកខ្លួនយើង ដឹងអំពីអត្តសញ្ញាណរបស់យើង វានឹងជះឥទ្ធិពលលើអ្វីគ្រប់យ៉ាងដែលយើងធ្វើ ។ … វាជះឥទ្ធិពលលើរបៀបដែលយើងរស់នៅ ។ ដូច្នេះនាថ្ងៃនេះ ខ្ញុំសូមអញ្ជើញអ្នកឲ្យពិចារណានៅក្នុងរបៀបមួយថ្មី — គឺមិនគ្រាន់តែថាអ្នកជានរណានោះទេ — ថែមទាំងដឹងថាអ្នកជាមនុស្សប្រភេទណាតាំងពីដើមដំបូងមកផងដែរ ។
… តើអ្នកអាចស្រមៃឃើញថា ព្រះដែលស្គាល់យើងយ៉ាងឥតខ្ចោះបានបម្រុងទុកឲ្យយើងកើតមកក្នុងពេលនេះ នៅពេលដែលស្ថានភាពប្រែកាន់តែតានតឹង ហើយការប្រឆាំងកាន់តែមានខ្លាំងឡើងជាងពេលណាៗទាំងអស់ដែរឬទេ ? តើនៅពេលណាដែលទ្រង់ត្រូវការស្ត្រីដែលនឹងជួយចិញ្ចឹម ហើយដឹកនាំជំនាន់ជម្រើសមួយនៅក្នុងបរិយាកាសគ្រោះថ្នាក់ខាងវិញ្ញាណនោះ ? តើអ្នកអាចស្រមៃឃើញថា ទ្រង់បានជ្រើសរើសយើងដោយសារទ្រង់បានដឹងថា យើងនឹងគ្មានក្តីភ័យខ្លាចដើម្បីសាងសង់ទីក្រុងស៊ីយ៉ូនឬទេ ?
… មានត្រកូលខ្ពស់ និងអស្ចារ្យ ។ មានភាពក្លាហាន និងការប្តេជ្ញាចិត្ត ។ ស្មោះត្រង់ ហើយគ្មានការភ័យខ្លាច ។ នោះគឺជាអ្នក — ហើយនោះគឺជារូបអ្នកតាំងពីដើមដំបូងមក ។ ការយល់ដឹងអំពីសេចក្តីពិតនោះអាចផ្លាស់ប្តូរជីវិតរបស់អ្នក ដោយសារចំណេះដឹងនេះនាំមកនូវទំនុកចិត្តដែលពុំអាចធ្វើតាមរបៀបផ្សេងណាទៀតឡើយ ។
… នៅពេលអ្នកយល់ថា អ្នក ត្រូវបានជ្រើសរើស ហើយបម្រុងទុកសម្រាប់ពេលឥឡូវនេះ ហើយនៅពេលអ្នករស់នៅស្របតាមបេសកកម្មនោះ នោះអ្នកនឹងកាន់តែសប្បាយរីករាយជាងមុន ។
… ព្រះជាព្រះវរបិតារបស់យើង ហើយបុត្រាបង្កើតតែមួយរបស់ទ្រង់គឺជាព្រះគ្រីស្ទ ។ សូមឲ្យយើងរីករាយក្នុងការអនុវត្តគាំទ្រដោយក្លាហានចំពោះព្រះអង្គសង្គ្រោះសារជាថ្មីម្តងទៀត ហើយបម្រើដោយក្លាហាន និងរឹងប៉ឹងនៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់ ។ យើងសូមឲ្យយើងកុំខ្លាចក្នុងការស្ថាបនាទីក្រុងស៊ីយ៉ូននៃព្រះរបស់យើងឡើយ — ដោយសារយើងដឹងថា យើងជានរណា ហើយយើងជាមនុស្សប្រភេទណាតាំងពីដើមដំបូងមក ។