ព្រះយេស៊ូវរក្សាថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋនៃបុណ្យរំលងជាមួយនឹងពួកសាវករបស់ទ្រង់ ។ ទ្រង់ចាប់ផ្ដើមធ្វើពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ដែលពួកសិស្សរបស់ទ្រង់ត្រូវបានអញ្ជើញឲ្យទទួលទាន និងផឹកដើម្បីនឹកចាំដល់ទ្រង់ ។ ទ្រង់បង្រៀនពួកគេអំពីព្រះចេស្ដានៃការលួងលោមរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ហើយដោយដឹងថា ពេលវេលារបស់ទ្រង់ជាមួយនឹងពួកគេនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗ នោះទ្រង់មានព្រះបន្ទូលប្រាប់ពួកគេថា ទ្រង់ស្រឡាញ់ពួកគេ ។ ពួកសាវករបស់ទ្រង់បានអភិវឌ្ឍយ៉ាងច្រើនចាប់តាំងពីថ្ងៃដំបូងដែលពួកគេបានជួបទ្រង់ ប៉ុន្តែព្រះបន្ទូលរបស់ទ្រង់បង្ហាញថា ទ្រង់ដឹងថាការផ្លាស់ប្ដូររបស់ពួកគេទៅជាពួកសិស្សដ៏ពិតគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះ ។
បន្ទាប់ពីអ្វីដែលត្រូវបានហៅជារឿយៗថា ការទទួលទានអាហារចុងក្រោយ នោះព្រះយេស៊ូវបង្គាប់ឲ្យពួកសិស្សរបស់ទ្រង់តាមទ្រង់ទាំងយប់ទៅកាន់សួនច្បារដ៏ស្ងប់ស្ងាត់មួយឈ្មោះថា សួនច្បារគែតសេម៉ានី ។ ទោះជាលោកចៅហ្វាយរបស់ពួកគេបង្គាប់ឲ្យពួកគេចាំយាមជាមួយនឹងទ្រង់យ៉ាងណាក្ដី ក៏ពួកសិស្សដ៏នឿយហត់ទាំងនោះបានដេកលង់លក់ដែរ ។ ព្រះយេស៊ូវចាប់ផ្ដើមអធិស្ឋានតែអង្គឯង ហើយរំពេចនោះបានគ្របដណ្ដប់ដោយការឈឺចាប់ដែលពុំអាចយល់បាន ។ នៅក្នុងសួនច្បារនោះ ទ្រង់ចាប់ផ្ដើមដំណើរការនៃការលើកដាក់មកលើអង្គទ្រង់នូវអំពើបាបនៃលោកិយនេះ ។ វាជាការចាប់ផ្ដើមសកម្មភាពនៃពលិកម្មដែលនឹងឈានទៅដល់ការបញ្ចប់ទាំងស្រុងនាថ្ងៃបន្ទាប់នៅលើឈើឆ្កាងនៃភ្នំលលាដ៏ក្បាល ។
ការឈឺចាប់ដែលព្រះយេស៊ូវទទួលគឺធំធេងណាស់ ។
ប៉ុន្តែវាត្រូវបានមើលរំលងដោយសារតែស្រឡាញ់ដ៏មហិមារបស់ទ្រង់ ។ ចំពោះព្រះវរបិតាទ្រង់ ។ ចំពោះពួកសិស្សរបស់ទ្រង់ ។ ចំពោះយើង ។ ចំពោះអ្នក ។ ពេលពួកសាវកដេកលង់លក់ នោះព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យពួកគេរកឃើញនូវការសម្រាកថ្មី សម្រាប់ព្រលឹងរបស់ពួកគេ ។ ដោយសារទ្រង់ ពួកគេអាចបោះបង់ចោលកំហុសពីអតីតកាល ហើយរីកចម្រើនក្លាយជាពួកសិស្សដែលព្រះតែងតែចង់ឲ្យពួកគេប្រែក្លាយ ។
ការផ្លាស់ប្ដូរពុំដែលហួសពេលនោះទេ ។ ពលិកម្មរបស់ព្រះយេស៊ូវមានន័យថា អ្នកអាចបោះចោលអតីតកាលរបស់អ្នកបាន ។
ព្រះយេស៊ូវពុំរំពឹងឲ្យយើងសម្រេចបានភាពល្អឥតខ្ចោះនៅក្នុងជីវិតនេះនោះទេ ប៉ុន្តែទ្រង់ពិតជាសព្វព្រះទ័យចង់ជួយយើងឲ្យកែលម្អបន្តិចម្ដងៗជារៀងរាល់ថ្ងៃ ។ សូមចំណាយពេលឥឡូវនេះ ដើម្បីសរសេរអ្វីមួយដែលអ្នកចង់ផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នក ។