សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
11johnson


សេចក្ដីណែនាំ​អំពី​ការ​ធ្វើ​ដំណើរ

ជំនួប​ពេលល្ងាច​ជាមួយនឹង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ

ថ្ងៃ ពុធ ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០

យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​នៅ​ជាមួយ​នឹង​បងប្អូន​នា​រាត្រី​នេះ ។ ជៀល និង​ខ្ញុំ​បាន​ចំណាយ​ពេល​បួន​ឆ្នាំ​ក្នុង​កិច្ច​ចាត់តាំង​ជាមួយ​បងប្អូន​ដ៏​អស្ចារ្យ​នៅ​ទ្វីប​អឺរ៉ុប ហើយ​យើង​បាន​ភ្ញាក់ផ្អើល និង​រីករាយ​យ៉ាង​ខ្លាំង ពេល​ប្រធាន​ណិលសុន​បានសុំ​យើង​ឲ្យ​ត្រឡប់​មក ស៊ី.អ៊ី.អេស វិញ ។ យើង​មាន​អារម្មណ៍​ដូច​បាន​ត្រឡប់​មក​ផ្ទះ​វិញ មក​នៅ​ជិតដិត​នឹង​បងប្អូន​ដែល​​មាន​ការលះបង់​ និង​ការខិតខំ​យ៉ាងខ្លាំង​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​រៀន និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខណៈ​ដែល​បាន​អង្កេត​មើល​ដំណើរ​ត្រឡប់​ទៅ​មក​របស់​យើង​ផ្ទាល់ និង​របស់​មនុស្ស​ដទៃ​ក្នុង​ជីវិត​នេះ ខ្ញុំ​បាន​គិត​អំពី​ដំណើរ ដែល​យើង​កំពុង​ធ្វើ​ឆ្ពោះ​ទៅ​ជីវិត​ដ៏​អស់កល្ប ។ សម្រាប់​ពួកយើង​ដែល​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ គន្លង​នៃ​ជីវិត​របស់​យើង​គឺ​ស្រដៀង​គ្នា ។ យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្រ្គោះ ហើយ​ធ្វើតាម​ទ្រង់​មិន​ថា​មាន​ឧបសគ្គ​យ៉ាង​ណា​ទេ ។ យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទទួល​ពិធីបរិសុទ្ធ​ដែល​ចាំបាច់ ហើយ​កាន់​ខ្ជាប់​ដល់​ចុង​បំផុត ។ ប៉ុន្ដែ​សេចក្ដី​លម្អិត​នៃ​ជីវិត​នីមួយៗ​គឺ​ខុសគ្នា​ខ្លាំង​ណាស់ ហើយ​ឧបសគ្គ​ដែល​យើង​ប្រឈម​ក៏​ខុសគ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ដែរ ។

សូម​គិត​អំពី​ដំណើរ​របស់​គ្រួសារ​លីហៃ​ទៅកាន់​ដែនដី​សន្យា ។ ដំណើរ​ដ៏​វិសេស​របស់​ពួកគេ​អាច​ផ្ដល់​នូវ​ការយល់ដឹង​ខ្លះ​មក​ក្នុង​ដំណើរ​របស់​យើង​ផ្ទាល់ ។ ពួកគេ​បាន​ដឹង​ថា ពួកគេ​បាន​ឆ្ពោះ​ទៅ​ដែនដី​សន្យា ប៉ុន្ដែ​ពួកគេ​មិន​ដឹង​អ្វី​គ្រប់​យ៉ាង​អំពី​ទិសដៅ ឬ​ក៏​ផ្លូវ​ជាក់លាក់​ដើម្បី​ទៅដល់​ទីនោះ​ទេ ។ ពួកគេ​បាន​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​តាម​ផ្លូវ ។ សូម្បី​តែ​នីហ្វៃ ដែល​មិន​ដែល​រអ៊ូ​រទាំ​នោះ ក៏​បាន​ពន្យល់​ថា ពួកគេ « រងទុក្ខ​សេចក្ដី​វេទនា និង​សេចក្ដី​លំបាក​មក​ជាច្រើន​ក៏​ដោយ មែន​ហើយ គឺ​ច្រើន​ណាស់​រហូតដល់​ [ ពួកគេ​ពុំ​អាច ] ​សរសេរ​ឲ្យ​អស់​ទេ » ។

ពួកគេ​បាន​ទទួល​ការណែនាំ​នៅ​តាម​ផ្លូវ ។ តាមពិត​ទៅ លីហៃ​បាន​ដឹង​នៅ​យប់​នោះ​ថា « ស្អែក​ឡើង​លោក​ត្រូវ​ធ្វើ​ដំណើរ​ចូល​ទីរហោស្ថាន​ទៀត » ។ នៅ​ព្រឹក​បន្ទាប់ លោក​បាន​រកឃើញ​លីអាហូណា​នៅ​ទ្វារ​ត្រសាល​របស់​លោក ដែល​បាន​ផ្ដល់​ការដឹកនាំ​មកពី​ព្រះ​នៅក្នុង​ដំណើរ​របស់​ពួកគេ ។​ ប៉ុន្ដែ​ការមាន​លីអាហូណា​មិន​បាន​ផ្លាស់ប្ដូរ​ភូមិសាស្ដ្រ​រវាង​ពួកគេ និង​ដែនដី​សន្យា​ឡើយ ។ វា​មិន​បាន​បង្រួញ​ឧបទ្វីប​អារ៉ាប់ ឬ​ក៏​សមុទ្រ​ដែល​ពួកគេ​ត្រូវ​ឆ្លង​ដែរ ។​ ពួកគេ​នៅតែ​ត្រូវ​ឆ្ពោះ​ទៅមុខ ដោយ​ប្រឈម​នឹង​ឧបសគ្គ​ដែល​មាន​នៅក្នុង​ដំណើរ​ដ៏​យូរ​របស់​ពួកគេ ។ ប៉ុន្ដែ​លីអាហូណា​បាន​ដឹកនាំ​ពួកគេ « ទៅ​តាម​ទិស​នៃ​ដុំ​មូល ដែល​នាំ​យើង​ទៅក្នុង​តំបន់​ដ៏​មាន​ជីជាតិ​ច្រើន​នៃ​ទីរហោស្ថាន » ហើយ​ប្រសិនបើ​ពួកគេ​មិន​ខ្ជិល​ច្រអូស​ទេ​នោះ វា​បាន​ជួយ​ពួកគេ​ឲ្យ​ជ្រើសរើស​ផ្លូវ​ត្រូវ ។

លេមិន និង​លេមយួល​បាន​រអ៊ូរទាំ ដោយសារ​តែ​ទុក្ខ​លំបាក​ដែល​ពួកគេ​បាន​ជួប​នៅក្នុង​ដំណើរ​នោះ ។ ទុក្ខ​លំបាក​ទាំងនោះ​ខ្លះ​គឺជា​កំហុស​របស់​ពួកគេ​ផ្ទាល់ ។ ប៉ុន្ដែ ទោះជា​ពេល​ពួកគេ​បាន​ធ្វើ​តាម​ការដឹកនាំ និង​ធ្វើ​ដំណើរ​ត្រឹមត្រូវ​ហើយ​ក្ដី ក៏​ពួកគេ​នៅតែ​បរិភោគ​អាហារ​សាច់​ស្រស់ឆៅ និង​ត្រូវ​កម្ដៅ​ថ្ងៃ​ហែង​នៅលើ​វាលខ្សាច់ ។ ស្រដៀងគ្នា​នឹង​បទពិសោធន៍​របស់​លេមិន និង​លេមយួល ពេល​ខ្លះ​មនុស្ស​គិត​ថា​ពួកគេ​នឹង​មិន​ជួប​ឧបសគ្គទេ បើ​ពួកគេ​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ នោះ​អ្វីៗ​នឹង​ងាយស្រួល ។ នោះ​មិន​ត្រឹមត្រូវ​ឡើយ ។ វា​មាន​ន័យ​ថា យើង​អាច​ទទួល​បាន​ការពង្រឹង​កម្លាំង និង​ការដឹកនាំ ប៉ុន្ដែ​មិនមែន​មាន​ន័យ​ថា យើង​មិន​ជួប​ឧបសគ្គ​ឡើយ ។​

ទោះជា​ពួកគេ​បាន​ធ្វើ​ដំណើរ​ជា​ក្រុម​ក្ដី ក៏​ពួកគេ​ម្នាក់ៗ​នៅលើ​ដំណើរ​ផ្ទាល់ខ្លួន​គេ​ផងដែរ ។ ទោះជា​ដំណើរ​របស់​ពួកគេ​នាំ​ពួកគេ​ឲ្យ​ទៅ​ទីតាំង​ដូចគ្នា​ក្ដី ក៏​គន្លង​ដ៏​អស់កល្ប​របស់​ពួកគេ​ម្នាក់ៗ​ខុសគ្នា​យ៉ាង​ខ្លាំង ហើយ​ត្រូវបាន​សម្រេច​ដោយ​ការសម្រេច​ចិត្ត និង​សកម្មភាព​ផ្ទាល់ខ្លួន​របស់​គេ​នៅតាម​ផ្លូវ​ផងដែរ ។

យើង​ម្នាក់ៗ​មាន​ដំណើរ​ផ្ទាល់ខ្លួន និង​ជា​លក្ខណៈ​បុគ្គល​ក្នុង​ជីវិត​នេះ ប៉ុន្ដែ​យើង​ក៏​មាន​ផ្នែក​នៃ​ដំណើរ​នោះ​ជាមួយ​មនុស្ស​ដទៃ​ផង​ដែរ ។ ឧទាហរណ៍ យើង​នៅលើ​ដំណើរ​រួមគ្នា​មួយ​ក្នុង​កិច្ច​ខិតខំ​របស់​យើង​ក្នុង​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថានសាសនា និង​ការអប់រំ​ក្នុង​សាសនាចក្រ ។ យើង​មាន​កម្មវត្ថុ​មួយ ​ជាទូទៅ​យើង​ដឹង​ពី​កន្លែង​ដែល​យើង​ទៅ ប៉ុន្ដែ​យើង​មិន​ដឹង​ពី​ឧបសគ្គ​ទាំងអស់ ឬ​សេចក្ដី​លម្អិត​នៃ​ផ្លូវ​ដើម្បី​ទៅ​ដល់​ទីនោះ​ឡើយ ។

ពួកយើង​ម្នាក់ៗ​ជ្រើសរើស​ពី​របៀប​ដែល​យើង​នឹង​ធ្វើ​ដំណើរ​ជាក្រុម ។ យើង​អាច​រអ៊ូរទាំ ។ យើង​អាច​រីករាយ ។ យើង​អាច​មាន​អំណរ​ទោះ​ក្នុង​ឧបសគ្គ​ក្ដី ។ សម្រាប់​មនុស្ស​មួយ​ចំនួន ការផ្លាស់ប្ដូរ​ក្នុង​គោលនយោបាយ ឬ​នីតិវិធី​របស់​សាសនាចក្រ​អាច​ជា​ឧបសគ្គ ។ ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​ឃើញ​ពី​របៀប​ដែល ស​&វ ឆ្លើយតប​នឹង​ការផ្លាស់ប្ដូរ​ដ៏​បំផុស​គំនិត​នេះ ដែល​សង្កត់​ធ្ងន់​លើ​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ ។

យើង​នឹង​ជួប ហើយ​យើង​កំពុងតែ​ជួប​នឹង​ឧបសគ្គ ។ តាមរយៈ​ការធ្វើតាម​ការដឹកនាំ​របស់​ព្រះអម្ចាស់ យើង​អាច​យកឈ្នះ ហើយ​រៀន​មកពី​ឧបសគ្គ​ទាំងនេះ​បាន ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពោល​ថា « វា​ជាក់ច្បាស់​ណាស់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​អំណាច​ដល់​កិច្ចការ​ដែល​ត្រូវ​ធ្វើ ព្រមទាំង​កម្លាំង​ស្រប​តាម​ផ្លូវ​ដែល​យើង​ត្រូវ​រត់ និង​ព្រះគុណ ក៏​ដូចជា​ជំនួយ​តាម​ដែល​យើង​ត្រូវការ » ។

យើង​ទទួល​បាន​ការដឹកនាំ​ដើម្បី​ជួយ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រង់​បំផុត ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​មាន​ជីវជាតិ​ជាង​ក្នុង​ទីរហោស្ថាន​នៃ​ដំណើរ​របស់​យើង ។ យើង​មាន​ការដឹកនាំ​មកពី​ព្យាការី ។ ខ្ញុំ​ដឹង​ថា យើង​ត្រូវបាន​ដឹកនាំ​ដោយ​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ នេះ​គឺជា​ពរជ័យ ! យើង​ត្រូវបាន​ដឹកនាំ​ដោយ​កម្មាភិបាល​អប់រំ​សាសនាចក្រ ហើយ​យើង​ក៏​មាន​បងប្រុស​វិប ក្រុម​ការងារ​របស់​លោក និង​ថ្នាក់ដឹកនាំ​ដ៏​បំផុស​គំនិត​ផ្សេងទៀត​ផងដែរ ។ បន្ថែម​លើ​នេះ ពួកយើង​ម្នាក់ៗ​មាន​សិទ្ធិ​ទទួល​ការដឹកនាំ​ផ្ទាល់ខ្លួន នៅពេល​យើង​ប្រឈម​នឹង​បញ្ហា​ណាមួយ​ក្នុង​ការចាត់តាំង​ផ្ទាល់ខ្លួន​របស់​យើង ។

ទាំង​កម្មាភិបាល​អប់រំ​សាសនាចក្រ ទាំង​គណៈកម្មាការ​ប្រតិបត្តិ​នៃ​កម្មាភិបាល​នោះ​បាន​ជួប​ប្រជុំ​គ្នា​រាល់​ខែ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ យើង​ទទួល​បាន​ការដឹកនាំ និង​ការប្រឹក្សា ។ យើង​ក៏​មាន​ពរជ័យ​មកពី « ជំនួប​ពេលល្ងាច​ជាមួយនឹង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ » រាល់​ឆ្នាំ​ផងដែរ ហើយ​ជាច្រើនឆ្នាំ​កន្លង​មក យើង​បាន​ទទួល​ការដឹកនាំ​ដ៏​មាន​ប្រយោជន៍ និង​ចំ​គោលដៅ​យ៉ាង​ច្រើន​ដើម្បី​ជួយ​យើង​ក្នុង​ដំណើរ​របស់​យើង​—ក្នុង​នាម​ជា​អង្គការ និង​ជា​បុគ្គល ។

ខ្ញុំ​អធិស្ឋាន​ថា យើង​អាច​បើក​ចិត្ត​ទទួល​ការដឹកនាំ និង​ការណែនាំ​មក​ពី​ព្រះអម្ចាស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​នឹង​ជួយ​ដឹកនាំ​យើង ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព