ជំនួបពេលល្ងាចជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ ៖ ផ្នែកសំខាន់
ល្ងាចមួយ ជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ
ថ្ងៃសុក្រ ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០
អែលឌើរ បែតណា បានរំឭកយើងថា ការបង្រៀនគឺពុំមែនជាការប្រាប់ វារួមមានទាំងការស្ដាប់ ការអង្កេត និងការញែកដឹង ។ ប្រាកដណាស់ថាវាមានរួមទាំងការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើង ។
សំណួរ
ប្រធាន ណិលសុន ថ្មីៗនេះបានបង្រៀនអំពីសារៈសំខាន់នៃវិវរណៈផ្ទាល់ខ្លួន ។ តើអ្នកនឹងបង្រៀនអំពីការទទួលវិវរណៈផ្ទាល់ខ្លួនយ៉ាងណាខ្លះ ?
អែលឌើរ ដេវីឌ អេ បែដណា
នៅពេលយើងគោរពដល់សេចក្ដីសញ្ញារបស់យើង នោះយើងមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង ។ ជាញឹកញាប់ យើងនិយាយហាក់ដូចជាស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ គឺជាព្រឹត្តការណ៍ដ៏កម្រ ។ យើងគួរផ្ដោតឲ្យស្គាល់កាន់តែច្រើននូវអ្វីដែលកើតឡើង ដែលបណ្ដាលឲ្យព្រះវិញ្ញាណចាកចេញ ។ បើអ្នក និងខ្ញុំធ្វើឲ្យអស់ពីលទ្ធភាពយើង ហើយមិនប្រព្រឹត្តការរំលងធ្ងន់ធ្ងរ នោះយើងអាចពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំយើងបាន ។
មនុស្សជាច្រើនហាក់ដូចជាជឿថា ការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធគឺអស្ចារ្យ ធំសម្បើម និងភ្លាមៗ ។ សេចក្ដីពិតគឺថាព្រះវិញ្ញាណបរិសុទ្ធដឹកនាំតាមរបៀបតូចរហៀង និងកើនឡើងបន្ដិចម្ដងៗតាមពេលវេលា ។ ជាញឹកញាប់អ្នកនឹងមិនដឹងថាអ្នកកំពុងទទួលវិវរណៈក្នុងពេលដែលអ្នកកំពុងទទួលវិវរណៈនោះទេ ។
នីហ្វៃគឺជាឧទាហរណ៍ដ៏ឥតខ្ចោះនៃគំរូនេះ ។ លោកបានទៅដោយមិនដឹងជាមុនសោះឡើយថាតើលោកនឹងត្រូវធ្វើអ្វីខ្លះ ។១ លោក បានឆ្ពោះទៅមុខ ប៉ុន្តែមិនដឹងសោះថាលោកត្រូវបានដឹកនាំនោះទេ ។ យើងគួរធ្វើការភ្ជាប់នឹងអ្វីដែលបានកើតឡើងចំពោះនីហ្វៃ គឺប្រហែលជាវាជារបៀបវិវរណៈមានដំណើរការចំពោះយើងនៅក្នុងស្ថានភាពជាច្រើន ។
សមាជិកទាំងឡាយនៃសាសនាចក្រ ពេលខ្លះមានភាពភ័យខ្លាចថាពួកគេនឹងធ្វើកំហុស ដូច្នេះពួកគេមិនដើរឆ្ពោះទៅមុខទេ ។ នីហ្វៃ និងបងប្រុសរបស់គាត់បានចាប់ឆ្នោត ។ វាពុំដំណើរការបានល្អទេ ។ តើបទពិសោធន៍នោះជាកំហុសឆ្គងចំពោះនីហ្វៃឬទេ ? អត់ទេ ។ លោកបានបង្រៀនមេរៀនដ៏ល្អមួយ ។ នៅពេលពួកគេព្យាយាមដើម្បីទៅយកផ្ទាំងលង្ហិនមកពីឡាបាន់ដោយប្រើមាស និងទ្រព្យសម្បត្តិរបស់ពួកគេ នីហ្វៃបានរៀនមេរៀនមួយទៀតដែលរៀបចំលោកសម្រាប់អ្វីដែលមាននៅខាងមុខ ។
មានគោលការណ៍ដែលទាក់ទងទៅនឹងការទទួលវិវរណៈ ។ ឧទាហរណ៍ ប្រធាន ផាកកឺ បានថ្លែងថា « ប្រធាន ហារ៉ូល ប៊ី លី បានប្រាប់ខ្ញុំម្ដងនោះថា ការបំផុសគំនិតកើតមានឡើងកាន់តែងាយ នៅពេលអ្នកបោះជើងជាន់នៅលើទីតាំងដែលជាតម្រូវការ ។ … ប្រធាន លី និយាយត្រូវ ! »២ វាមានគុណតម្លៃក្នុងការនៅក្នុងកន្លែង ពិចារណា អធិស្ឋាន ហើយស្វែងរកជំនួយ ។
គោលការណ៍នេះមានការអនុវត្តដ៏ធំទាក់ទងទៅនឹងការងារបម្រើ ។ មានមនុស្សជាច្រើនដែលមានកិច្ចចាត់តាំងផ្ដល់ការងារបម្រើ បានគិតថា ការផ្ញើសារ គឺគ្រប់គ្រាន់ហើយ ។ មានស្ថានភាពជាច្រើនដែលអ្នកចាំបាច់ត្រូវទៅដល់ផ្ទះ ហើយអ្នកចាំបាច់ត្រូវមើលមនុស្សនោះដោយផ្ទាល់ភ្នែក ។ អ្នកនឹងទទួលបានការបំផុសគំនិត និងចំណាប់អារម្មណ៍នៅក្នុងផ្ទះនោះ ដែលអ្នកនឹងមិនទទួលបានតាមរបៀបផ្សេងទេ ។
សំណួរ
តើអ្នកបន្ថែមអ្វីខ្លះទៅក្នុងការយល់ដឹងអំពីវិវរណៈដែលបានទទួលដោយប្រធានណិលសុន និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀត ?
អែលឌើរ ដេវីឌ អេ បែដណា
សមាជិកសាសនាចក្រជាច្រើនជជែកគ្នាពីវិវរណៈដ៏ច្រើនដែលកើតមានឡើងចាប់តាំងពីប្រធានណិលសុនបានក្លាយជាប្រធានសាសនាចក្រ ។ ការកែសម្រួលដែលកើតមានឥឡូវនេះ ត្រូវបានពិភាក្សា ហើយបានអធិស្ឋាននៅក្នុងក្រុមប្រឹក្សាអស់ជាច្រើនឆ្នាំ និងជាច្រើនទស្សវត្សរ៍ផងដែរ ។ ក្នុងឧទាហរណ៍ជាច្រើន វិវរណៈមិនមែនជាអ្វីដែលត្រូវធ្វើទេ ប៉ុន្តែវិវរណៈគឺពេលណាត្រូវធ្វើ ។
សំណួរ
ក្រៅពីការទទួលវិវរណៈថាត្រូវធ្វើវានៅពេលណា នោះយើងនឹងទទួលវិវរណៈម្ដងម្កាលអំពីអ្វីដែលយើងធ្វើផងដែរ មែនទេ ?
អែលឌើរ ដេវីឌ អេ បែដណា
សូមកុំធ្វើឲ្យវាផ្ដាច់ចេញពីគ្នា វាពុំមែនទាំងអស់ហ្នឹង ។ ជាច្រើនដង វិវរណៈអំពីអ្វីដែលត្រូវធ្វើគឺមានភាពច្បាស់លាស់ណាស់ ។ ប៉ុន្តែពេលវេលាដែលត្រូវធ្វើ គឺជាអ្វីដែលមនុស្សជាច្រើនមានបញ្ហា ។ ដូច្នេះតាមចាំបាច់ យើងអាចទទួលវិវរណៈទាំងអំពីអ្វីដែលត្រូវធ្វើ និងពេលវេលាដែលត្រូវធ្វើវា— ពុំមែនគ្រាន់តែជាមួយនេះ ឬមួយនោះទេ ។
សំណួរ
ក្នុងនាមជាគ្រូបង្រៀន យើងរៀបចំមេរៀនរបស់យើង ហើយអធិស្ឋានឲ្យសិស្ស ។ តើយើងស្គាល់ការបំផុសគំនិតសម្រាប់អ្នកទាំងឡាយដែលយើងបង្រៀន និងផ្ដល់ការងារបម្រើដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
អំឡុងការរៀបចំ និងការអធិស្ឋានរបស់អ្នក ជាញឹកញាប់នឹងមានគំនិតភ្លាមៗមួយ ជាការបំផុសគំនិត ហើយអ្នកអាចមានឈ្មោះមួយផុសក្នុងគំនិតអ្នក ឬឃើញមុខស្រដៀងគ្នាមួយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាវាថាជា « គំនិតភ្លាមៗ » ។៣ នៅពេលវាកើតមានភ្លាមៗ អ្នកអាចស្គាល់ថាអ្នកបានទទួលច្បាស់នូវអ្វីដែលត្រូវការ ហើយគ្រាទាំងនោះគឺជាភាពអស្ចារ្យណាស់ ។
ប្រភពដ៏មហិមាបំផុតនៃគំនិតដែលអ្នកនឹងមាននោះ គឺជាសំណួរដែលសិស្សរបស់អ្នកនឹងសួរ ។ ជាច្រើនឆ្នាំមក ខ្ញុំបានហាត់ឆ្លើយសំណួរមកពីយុវវ័យ និងយុវមជ្ឈិមវ័យរាប់ពាន់នាក់ ។ ដោយសារតែមានមនុស្សច្រើននៅក្នុងការប្រជុំ ជាញឹកញាប់ខ្ញុំអនុញ្ញាតឲ្យពួកគេផ្ញើសារសំណួររបស់ពួកគេមកកាន់ខ្ញុំតាមរបៀបដែលគ្រប់គ្រងមួយ ។ ( ខ្ញុំមិនផ្ដល់យោបល់ឲ្យអ្នកធ្វើដូចគ្នានេះទេ ) ។ ការអានសំណួរអនាមិកទាំងនោះគឺជាបទពិសោធន៍រៀនសូត្រដ៏អស្ចារ្យបំផុតមួយដែលមនុស្សគ្រប់គ្នាអាចមាន នៅពេលធ្វើការជាមួយមនុស្សវ័យក្មេង ។ ពួកគេពិតជាសួរអំពីអ្វីដែលពួកគេមានបញ្ហា និងអ្វីដែលពួកគេចាំបាច់ត្រូវការជំនួយ ។ តើយើងដឹងនូវអ្វីដែលយើងនិយាយ ឬបង្រៀនរហូតដល់យើងដឹងថាពួកគេនៅត្រង់ណាដោយរបៀបណា?
សំណួរ
នៅក្នុងការស្វែងរកវិវរណៈ យើងពុំគួរមានបញ្ជីបង្គាប់— ជាបញ្ជីនៃអ្វីៗដែលយើងគួរធ្វើ និងពេលវេលានោះទេ ។ វាគួរតែជាគោលការណ៍ច្រើនជាង ត្រឹមត្រូវទេ ? ប៉ុន្តែយើងមានគំរូរបស់នីហ្វៃ យ៉ូសែប ស៊្មីធ និង យ៉ូសែប អេហ្វ ស្ម៊ីធ អានបទគម្ពីរ ស្ដាប់តាមព្យាការី បន្ទាប់មកទទួលបានវិវរណៈ ។ តើទាំងនោះគឺជាគោលការណ៍ ឬក៏ជាគន្លងមួយឬទេ ?
អែលឌើរ ដេវីឌ អេ បែដណា
យើងទទួលទានព្រះបន្ទូលនៃព្រះ ដូច្នេះយើងអាចស្ដាប់ឮ និងស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ នៅពេលយើងបង្វែរការស្វែងរកវិវរណៈទៅជាបញ្ជីមួយ— ថាធ្វើរឿងទាំងនេះ នោះរឿងនេះនឹងកើតឡើង— នោះគឺជាពេលដែលយើងស្ថិតនៅលើទីតាំងដ៏គ្រោះថ្នាក់ហើយ ។ យើងត្រូវតែរងចាំព្រះអម្ចាស់ ដឹងជាមុន ហើយឆ្លើយតបទៅតាមពេលវេលា របស់ទ្រង់— យើងមិនតម្រូវឲ្យមានវិវរណៈតាមពេលវេលារបស់យើងទេ ។
សំណួរ
តើយើងអាចរស់នៅក្នុងជីវិតយើងតាមរបៀបមួយដែលយើងតែងតែត្រៀមខ្លួនជាស្រេចសម្រាប់វិវរណៈ នៅពេលណាព្រះអម្ចាស់បានត្រៀមជាស្រេចដើម្បីចាក់ស្រោចវាមកលើយើងដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
ឃ្លា ត្រៀមខ្លួនជាស្រេច គឺសំខាន់ណាស់ ។ យើងគួរតែរស់នៅដោយត្រៀមខ្លួនជាស្រេចសម្រាប់វិវរណៈ— ដើម្បីយើង « អាចមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ យើង ] » ។៤
ប្រហែលជាមានមនុស្សមួយចំនួនយករឿងនេះធ្វើជារឿងធំពេក សូមប្រើសតិបញ្ញារបស់យើង ។
សូមគិតអំពីរបៀបដែល អូលីវើរ ខៅឌើរីបានក្លាយជាស្មៀនសរសេររបស់យ៉ូសែប ស្ម៊ីធ ។ គាត់បានស្ដាប់ឮអំពីផ្ទាំងលង្ហិនមាស អំពីយ៉ូសែប ហើយមានបំណងចង់ជួបយ៉ូសែប ។ គាត់បានធ្វើតាមបំណងប្រាថ្នានោះ ។
ព្រះអម្ចាស់បានប្រកាសទៅអូលីវើរ ៖
« អ្នកមានពរហើយចំពោះអ្វីដែលអ្នកបានធ្វើ ព្រោះអ្នកបានសូមពីយើង ហើយមើលចុះដរាបណាអ្នកសូមជាញឹកញាប់ នោះអ្នកបានទទួលការបង្គាប់ពីព្រះវិញ្ញាណរបស់យើង ។ បើសិនជាពុំនោះសោតទេ អ្នកនឹងពុំបានមកដល់ទីដែលអ្នកនៅពេលនេះឡើយ ។
មើលចុះ អ្នកដឹងហើយថា អ្នកបានសុំពីយើង ហើយយើងបានបំភ្លឺគំនិតរបស់អ្នក » ។៥
ប្រយោគបន្ទាប់នៅក្នុងខគម្ពីរនេះ គឺជាការជម្រុញចិត្តបំផុតចំពោះខ្ញុំ ។ អូលីវើរទទួលបានការបំផុសគំនិត ហើយលោកមិនដឹងថា លោកត្រូវបានបំផុសគំនិតនោះឡើយ ។ លោកបានទទួលវិវរណៈ ហើយលោកមិនដឹងថា លោកបានទទួលវិវរណៈឡើយ ។ ដូច្នេះវិវរណៈបានកើតមានតាមរយៈ យ៉ូសែប ទៅដល់ អូលីវើរ ដើម្បីប្រាប់លោកថា លោកត្រូវបានបំផុសគំនិត ហើយទទួលបានវិវរណៈ ។
« ហើយឥឡូវនេះ យើងប្រាប់អ្នកនូវការណ៍ទាំងឡាយនេះ ដើម្បីឲ្យអ្នកបានដឹងថា អ្នកត្រូវបានបំភ្លឺដោយព្រះវិញ្ញាណនៃសេចក្ដីពិត » ។៦
នោះជាអ្វីដែលខ្ញុំចង់ប្រាប់អំពីការមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។
សំណួរ
អ្នកបានប្រាប់ថា នីហ្វៃ និងបងប្រុសរបស់លោកបានចាប់ឆ្នោតដើម្បីកំណត់ថានរណានឹងទៅ ហើយសុំយកផ្ទាំងចំណារមក បន្ទាប់មកព្យាយាមទិញពួកគេដោយមាស និងប្រាក់ ។ នៅពេលយើងចាំបាច់ត្រូវធ្វើអ្វីមួយ តើយើងអាចប្រាកដថាយើងធ្វើវាត្រូវពេលដោយរបៀបណា ? តើយើងដឹងថា យើងកំពុងធ្វើវាត្រឹមត្រូវដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
នីហ្វៃពុំធ្វើកំហុស ឬវិនិច្ឆ័យពេលវេលាខុសនោះទេ ។ វាគឺជាបទពិសោធន៍រៀនសូត្រមួយ មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្ដងៗ ។ លោកបានរៀបចំខ្លួនគ្រប់ពេល —« ដោយមិនដឹងជាមុនពីរឿងដែល [លោក] គួរធ្វើ » ។៧
បើយើងកំពុងខំអស់ពីសមត្ថភាពរបស់យើង ហើយព្យាយាមឧទ្ទិសខ្លួន និងលះបង់ នោះយើងនឹងពុំជះឥទ្ធិពលមិនសមរម្យទៅដល់អ្នកដទៃទេ ។ ស្ថានសួគ៌ទទួលខុសត្រូវលើការណ៍នេះ មិនមែនជាអ្នក និងខ្ញុំទេ ។ ក្នុងនាមជាសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខ្ញុំមានការចាត់តាំងគ្រប់ពេលដែលខ្ញុំដឹងថាខ្ញុំពុំអាចធ្វើដោយខ្លួនឯងនោះទេ ។ កាលអ្នកខិតខំធ្វើឲ្យអស់ពីសមត្ថភាពខ្លួន នោះអ្នកត្រូវបានពង្រីក និងពង្រឹង ។ អ្នកមិនដឹងដោយមនសិការជានិច្ចថាពេលណាជាពេលត្រឹមត្រូវនោះទេ ។ អ្នកគ្រាន់តែធ្វើឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ ។
ប្រធាន ហ៊ីងគ្លី ជាញឹកញាប់បានបង្រៀនថា « វានឹងដំណើរការទាំងអស់ » ។ ហើយខ្ញុំជឿរឿងនោះ តែខ្ញុំនៅតែគិតថា « មែនហើយ ប្រាកដជាមានអ្វីលើសពីនោះ » ។ កាលណាខ្ញុំកាន់តែចាស់ ខ្ញុំកាន់តែយល់ច្បាស់ថា មានចម្លើយតែមួយគត់ប៉ុណ្ណោះ ។ ព្រះនឹងមិនទុកចោលអ្នកឲ្យនៅឯការទេ ពេលអ្នកព្យាយាមទំនុកបម្រុង បីបាច់ និងមានការងារបម្រើចំពោះកូនចៅរបស់ទ្រង់នោះ ។ បើអ្នកខិតខំឲ្យអស់ពីសមត្ថភាព ធ្វើកិច្ចការដោយសេចក្ដីសុចរិត វានឹងដំណើរការទាំងអស់ ។ ហើយអ្នកនឹងរៀនមេរៀននៅតាមផ្លូវនោះ ។
សំណួរ
តើយើងបង្រៀនសិស្សដែលមានអារម្មណ៍ថាពុំល្អគ្រប់គ្រាន់ដើម្បីពួកគេត្រៀមខ្លួនទទួលវិវរណគ្រប់ពេលដោយរបៀបណា ៕ វាហាក់ដូចជាជាកិច្ចការដ៏គួរខ្លាចមួយចំពោះពួកគេ ។
អែលឌើរ ដេវីឌ អេ បែដណា
ជំនួសឲ្យការគិតថា « តើខ្ញុំនឹងប្រាប់ពួកគេអ្វីខ្លះ ? » សូមផ្ដោតលើថា « តើខ្ញុំនឹងសួរពួកគេអ្វីខ្លះ ? » ហើយមិនគ្រាន់តែសួរថា « តើខ្ញុំនឹងសួរពួកគេអ្វីខ្លះនោះទេ ? » ប៉ុន្ដែថែមទាំងសួរថា « តើខ្ញុំនឹងអញ្ជើញពួកគេឲ្យធ្វើអ្វី ? »
គ្រប់ទង្វើនៃការសួរសំណួរ វាគឺជាការអញ្ជើញពួកគេឲ្យធ្វើសកម្មភាព ។ បើសិស្សនឹងឆ្លើយ វាគឺជាការបង្ហាញពីសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ។ សេចក្តីជំនឿគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ ពេលយើងធ្វើសកម្មភាពស្របតាមការបង្រៀនរបស់ព្រះគ្រីស្ទ នោះយើងទទួលពរជ័យជាអំណាចរបស់ទ្រង់ ។ អ្វីដែលយើងភាគច្រើនចង់បាន គឺអំណាច ដើម្បីឲ្យយើងអាចធ្វើសកម្មភាព ។ នោះវាមិនដំណើរការទេ ។
បំណងរបស់យើងពុំគួរថា « តើខ្ញុំត្រូវប្រាប់ពួកគេអ្វីខ្លះ ? នោះទេ » ។ ផ្ទុយទៅវិញ សំណួរដើម្បីសួរខ្លួនយើងគឺ « តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីខ្លះ ? តើខ្ញុំអាចសួរសំណួរបំផុសគំនិតអ្វីខ្លះ ដែលនឹងចាប់ផ្ដើមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកក្នុងជីវិតរបស់ពួកគេ ? » សំណួរទាំងឡាយដែលបានសួរគឺពិតជាសាមញ្ញ ដូចជា « តើអ្នកកំពុងរៀនងអ្វី ? » ដោយឆ្លើយនឹងសំណួរនានា បុគ្គលនោះកំពុងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំចម្លើយរបស់គាត់ឬនាង ។ តួនាទីរបស់យើងគឺត្រូវធ្វើវាឲ្យមានសុវត្ថិភាពក្នុងការពិភាក្សាពីរឿងទាំងនោះ ហើយអញ្ជើញពួកគេឲ្យធ្វើសកម្មភាព ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនបាន ។
បើអ្នកស្រឡាញ់ពួកគេ ហើយពិតជាព្យាយាមធ្វើអ្វីដែលស្ថានសួគ៌ចង់ឲ្យធ្វើ នោះអ្នកនឹងត្រូវបានដឹកនាំតាមរបៀបដ៏សាមញ្ញបំផុត ។ សំណួរនានាពុំចាំបាច់ស្មុគស្មាញទេ ។ អ្នកព្យាយាមស្វែងរកចំនុចរបស់ពួកគេនៅក្នុងការយល់ដឹង ដោយសារអ្នកពិតជាយកចិត្តទុកដាក់ ។
មនុស្សវ័យក្មេងដែលធ្លាក់ចុះតែងតែធ្វើឲ្យកង្វល់មើលទៅសមហេតុផល ។ មានមនុស្សជាច្រើនដែលពុំត្រូវបានអញ្ជើញឲ្យរៀនដោយខ្លួនឯង ពួកគេគ្រាន់តែពឹងទៅលើអ្វីដែលអ្នកដទៃបានប្រាប់ដល់ពួកគេ ។ ប្រសិនបើអ្នកទាំងអស់គ្នា ឬខ្ញុំដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ គឺជាអ្វីដែលមនុស្សដទៃបង្រៀន ឬប្រាប់ពួកយើង នោះគ្រឹះនៃទីបន្ទាល់របស់យើងអំពីទ្រង់គឺត្រូវបានសង់នៅលើដីខ្សាច់ហើយ ។៨ នោះជាមូលហេតុដែលអញ្ជើញពួកគេឲ្យធ្វើសកម្មភាព និងរៀនដោយខ្លួនឯងជួយស្ថាបនាពួកគេនៅលើគ្រឹះមួយរឹងមាំជាង ។
សំណួរ
យុវជនម្នាក់អានព្រះគម្ពីរមរមនជាលើកដំបូង ហើយបានសរុបសេចក្ដីថាគាត់ពុំមានអារម្មណ៍ពីព្រះវិញ្ញាណទេ ។ ប្រហែជាគាត់កំពុងរង់ចាំពួកទេវតាមកពីស្ថានសួគ៌មកប្រកាសថាវាជាការពិតហើយ ។ តើយើងអាចជួយក្នុងស្ថានភាពដូចនេះដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
មានសមាជិកសាសនាចក្រស្មោះត្រង់ដ៏អស្ចារ្យជាច្រើនដែលពុំគិតថាពួកគេបានល្អគ្រប់គ្រានទេ ដោយសារពួកគេពុំមានបទពិសោធន៍មហិមាដូចជាអ្នកទាំងឡាយដែលបានពិពណ៌នានៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ។ បទពិសោធន៍អស្ចារ្យ គឺពុំមែនជាបទដ្ឋានទេ ។ បើអ្នកគោរពសេចក្ដីសញ្ញារបស់អ្នក ហើយកំពុងតែដើរឆ្ពោះទៅមុខ នោះអ្នកកំពុងតែធ្វើល្អហើយ ហើយអ្នកធម្មតាទេ ។ សូលពុំបានផ្លាស់ប្រែចិត្តតាមរយៈពន្លឺនោះទេ ។ អាលម៉ាតូចពុំបានផ្លាស់ប្រែចិត្តដោយសារទេវតាទេ ។
« ចូរឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ ខណៈនោះអ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ » ។៩ មិនមែនទំនុកចិត្តលើប្អូនឡើយ— គឺទំនុកចិត្តលើទ្រង់ ដើម្បីធ្វើអ្វីៗដែលគ្មានយើងណាម្នាក់អាចធ្វើបាន ។
បងប្រុស ឆាដ វិប
« ត្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះ » ។១០ យើងអាចនឹងភ្ញាក់ផ្អើលពេលរកឃើញថាមានថ្ងៃណាមួយ គំនិតដែលយើងបានគិតថាជារបស់យើង គឺពិតជាមកពីព្រះវិញ្ញាណបរិសុទ្ធទៅវិញនោះទេ ។ នៅពេលយើងព្យាយាមធ្វើល្អ គំនិត និងបំណងប្រាថ្នារបស់យើងនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
សុន្ទរកថារបស់ប្រធានណិលសុនអំពីវិវរណៈ លោកបានអញ្ជើញយើងឲ្យចាក់ស្រោចដួងចិត្តរបស់យើងទៅព្រះវិវរបិតាសួគ៌ ទូលជាមួយទ្រង់ ស្មោះត្រង់ចំពោះទ្រង់ បន្ទាប់មកស្ដាប់ទ្រង់ ។ ទ្រង់បានសុំឲ្យយើងកត់ត្រាទុកនូវចំណាប់អារម្មណ៍ដែលកើតមាន ហើយអនុវត្តតាម ។ បន្ទាប់មកលោកបានមានប្រសាសន៍ថា « កាលអ្នកធ្វើដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ អ្នកនឹងរីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ ›» ។១១
ការបំផុសគំនិតជាច្រើនដែលកើតមានចំពោះខ្ញុំដោយផ្ទាល់ ពុំកើតមានខណៈដែលខ្ញុំកំពុងអធិស្ឋានទេ ។ ខ្ញុំអធិស្ឋាន ខ្ញុំសញ្ជឹងគិត ខ្ញុំព្យាយាមកត់ត្រាទុកចំណាប់អារម្មណ៍ដែលមាន ។ ប៉ុន្តែនៅពេលខ្ញុំធ្វើសកម្មភាព បន្ទាប់មកការបំផុសគំនិតបានកើតមាន ។ អំឡុងមេរៀនមួយ ពេលយើងច្រៀងទំនុកតម្កើង នៅពេលនិយាយរកនរណាម្នាក់ ឬក្នុងមជ្ឈដ្ឋានផ្សេងទៀត ចម្លើយចំពោះការអធិស្ឋានចាប់ផ្ដើមកើតមាន ។
អែលឌើរ ដេវីឌ អេ បែដណា
ការប្រុងប្រយ័ត្នមួយ ៖ មធ្យោបាយ ឬលំនាំនៃវិវរណៈអាចមានភាពផ្សេងៗគ្នាសម្រាប់មនុស្សទាំងអស់នៅលើពិភពលោក ។ ឧទាហរណ៍ នៅក្នុងអាហ្វ្រិក ជាញឹកញាប់ មនុស្សទទួលបាននូវការនិមិត្តដ៏អស្ចារ្យជាច្រើន ។ វាជាទូទៅដែលពួកអ្នកផ្សព្វផ្សាយសាសនាជួបនឹងនរណាម្នាក់នៅតាមផ្លូវ ដែលនិយាយថា « ខ្ញុំបានឃើញអ្នកក្នុងការយល់សប្ដិ ហើយអ្នកមានសារមួយមកពីព្រះ ។ ខ្ញុំចង់ស្ដាប់អ្វីដែលអ្នកត្រូវប្រាប់ខ្ញុំ » ។ ខ្ញុំពុំមានសុបិនដូចជាពួកបរិសុទ្ធស្មោះត្រង់នៅអាហ្វ្រិកនោះទេ ។
យើងបង្រៀនយ៉ាងច្រើនមកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ដូច្នេះយើងត្រូវប្រុងប្រយ័ត្នចំពោះការដាក់បង្គាប់ទៅលើអ្នកដទៃនូវលំនាំនៃបទពិសោធន៍របស់យើង ។ នេះពុំមានន័យថា លំនាំរបស់ពួកគេមិនសូវមានសុពលភាព ឬប្រយោជន៍នោះទេ ។ សូមចាំថា វាមានរបៀបខុសៗគ្នាជាច្រើនដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចភ្ជាប់នឹងចិត្ត និងគំនិតរបស់នរណាម្នាក់ ។
សូមបើកចិត្តឲ្យទូលាយចំពោះរឿងទាំងឡាយ ដើម្បីប្អូនអាចអញ្ជើញ ហើយទាក់ទាញនរណាម្នាក់ឲ្យធ្វើ ដើម្បីពួកគេអាចធ្វើសកម្មភាព និងរៀនសម្រាប់ខ្លួនគេ ។
សំណួរ
តើយើងបង្កើនទំនុកចិត្តទៅលើសមត្ថភាពរបស់យើងដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ហើយមិនពឹងផ្អែកទៅលើដំណើរការដែលយើង អាចស្ដាប់ ឬអាន អំពីនរណាម្នាក់ទៀតដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
ពាក្យដកស្រង់ចេញមកពីប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ គឺជាធនធានដ៏អស្ចារ្យមួយសម្រាប់នរណាម្នាក់ដែលកំពុងចាប់ផ្ដើមដំណើរការនៃការកើនទំនុកចិត្តនេះនៅក្នុងការទទួលវិវរណៈ ៖
« សូមបង្ហាញខ្ញុំនូវពួកបរិសុទ្ធថ្ងៃចុងក្រោយដែលត្រូវមានអព្ភូតហេតុ ទីសម្គាល់ និងការនិមិត្តដើម្បីរក្សាខ្លួនឲ្យខ្ជាប់ខ្ជួនក្នុងសាសនាចក្រនេះ ហើយខ្ញុំនឹងបង្ហាញអ្នកនូវសមាជិកសាសនាចក្រដែលមិនឈររឹងមាំចំពោះមុខព្រះ និងអ្នកដែលដើរលើផ្លូវរអិល ។ វាពុំមែនតាមរយៈការបើកសម្ដែងដ៏អស្ចារ្យចំពោះយើងថា យើងនឹងស្ថាបនានៅក្នុងសេចក្ដីពិតទេ ប៉ុន្តែវាគឺតាមរយៈភាពរាបសារ និងការគោរពប្រតិបត្តិដោយស្មោះត្រង់ចំពោះបទបញ្ញត្តិ និងក្រិត្យវិន័យរបស់ព្រះ ។…
« កាលនៅពីក្មេង… ជាញឹកញាប់… ខ្ញុំនឹងសូមដល់ព្រះអម្ចាស់ ឲ្យបង្ហាញដល់ខ្ញុំនូវការណ៍ដ៏អស្ចារ្យមួយចំនួន ដើម្បីខ្ញុំអាចទទួលបាននូវទីបន្ទាល់មួយ ។ ប៉ុន្តែព្រះអម្ចាស់បានដកហូតការណ៍អស្ចារ្យទាំងនោះពីខ្ញុំ ហើយបានបង្ហាញខ្ញុំនូវសេចក្ដីពិតមួយបន្ទាត់ម្ដងៗ… រហូតដល់ទ្រង់បានធ្វើឲ្យខ្ញុំដឹងសេចក្ដីពិត ចាប់តាំងពីម្កុដនៃក្បាលខ្ញុំ រហូតដល់បាតជើងខ្ញុំ ហើយរហូតដល់សេចក្ដីសង្ស័យ និងការភ័យខ្លាចត្រូវបានជម្រះចេញពីខ្ញុំទាំងស្រុង ។ ទ្រង់មិនចាំបាច់បញ្ជូនទេវតាពីស្ថានសួគ៌មកធ្វើការណ៍នេះ ហើយទ្រង់ក៏មិនបាច់ថ្លែងដោយត្រែទេវតាដែរ ។ គឺតាមរយៈការខ្សឹបជាសំឡេងតូចរហៀងនៃព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ នោះទ្រង់បានប្រទានដល់ខ្ញុំនូវទីបន្ទាល់ដែលខ្ញុំមាន ។
« ហើយតាមរយៈគោលការណ៍ និងអំណាចនេះ ទ្រង់នឹងប្រទានដល់បុត្រាបុត្រីមនុស្សទាំងអស់នូវចំណេះដឹងនៃសេចក្ដីពិត ដែលនឹងនៅជាមួយពួកគេ ហើយវានឹងធ្វើឲ្យពួកគេដឹងសេចក្ដីពិតនោះ ដូចព្រះញាណដឹងពីវា ហើយធ្វើតាមព្រះទ័យរបស់ព្រះវរបិតា ដូចជាព្រះគ្រីស្ទធ្វើវា ។ ហើយគ្មានការបើកបង្ហាញដ៏អស្ចារ្យណានឹងអាចសម្រេចការណ៍នេះបានឡើយ » ។១២
នរណាដែលកំពុងមានការពុះពារ អាចនឹងបោះជំហានដំបូង ហើយធ្វើនូវអ្វីដែល យ៉ូសែប អេហ្វ ស្ម៊ីធ បានធ្វើ ។
សមាជិកទាំងឡាយនៃសាសនាចក្រមួយចំនួនចង់មើលឃើញពន្លឺមួយនៅលើផ្លូវដើរទៅក្រុង ដាម៉ាស ពីមុនពួកគេជឿ ។ ពិតមែនឬ ? តើសុលស្ថិតក្នុងស្ថានភាពស្គាល់សំឡេងតូចរហៀងឬទេ ? គាត់ត្រូវតែមាននូវការហៅដាស់គាត់ខាងវិញ្ញាណ ។ មានមនុស្សជាច្រើនមើលឃើញទេវតាដូចជាអាលម៉ាតូចបានឃើញ ។ ពិតមែនឬ ? អាលម៉ាពុំស្ថិតក្នុងស្ថានភាពស្គាល់សំឡេងតូចរហៀងទេ ។ គាត់ត្រូវតែមាននូវការហៅដាស់គាត់ខាងវិញ្ញាណ ។ ហើយប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានថ្លែងទីបន្ទាល់ថា វាពុំមែនជាពន្លឺ ឬទេវតានោះទេ ។ វាគឺជាការស្គាល់សំឡេងតូចរហៀង ដើម្បីនាំឲ្យមានទំនុកចិត្ត ។ គ្រាន់តែទៅហើយធ្វើ ។
បើយើងមិនរក្សាបទបញ្ញត្តិនោះទេ យើងមិនអាចមានទំនុកចិត្តនោះ ហើយយើងនឹងមិនមានភាពជាដៃគូពីព្រះវិញ្ញាណផងដែរ ។ មានយុវវ័យដែលត្រូវប្រែចិត្ត ហើយមានយុវវ័យដែលដាក់បន្ទុកខ្លាំងលើខ្លួនគេ ហើយពុំដែលគិតថាខ្លួគេល្អគ្រប់គ្រាន់ឡើយ ។ ប្អូនពុំចាំបាច់ត្រូវតែល្អឥតខ្ចោះនោះទេ ប្អូនគ្រាន់តែប្រែចិត្តដោយស្មោះ ត្រូវធ្វើជាមនុស្សល្អ ខិតខំឲ្យអស់ពីសមត្ថភាព និងឈានទៅមុខទៅបានហើយ ។
សំណួរ
លោកបាននិយាយ និងសរសេរជាច្រើនអំពីការផ្ដោតទៅលើសិស្ស និងផ្ដោតទៅលើការរីកចម្រើនរបស់ពួកគេ ។ តើមានអ្វីបន្ថែមទៀតដែលលោកចង់បង្រៀនយើងអំពីការអញ្ជើញព្រះវិញ្ញាណបរិសុទ្ធនៅក្នុងដំណើរការនោះ ?
អែលឌើរ ដេវីឌ អេ បែដណា
« ចូរតាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយចូរកុំឲ្យទាំងអស់គ្នានិយាយព្រមគ្នាឡើយ ប៉ុន្តែចូរឲ្យនិយាយម្នាក់ម្តងៗ ហើយចូរឲ្យទាំងអស់គ្នាស្តាប់ពាក្យសំដីរបស់អ្នកនោះ ប្រយោជន៍កាលណាទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់បានស្អាងឡើងទាំងអស់គ្នា ហើយប្រយោជន៍ឲ្យមនុស្សគ្រប់ រូបអាចបានសិទ្ធិស្មើគ្នា » ។ ១៣ យើងមិនមែនជាគ្រូបង្រៀនទេ គឺព្រះវិញ្ញាណបរិសុទ្ធជាគ្រូបង្រៀន ។ ខគម្គីរនេះគឺជាការក្រើនរំឭកមួយឲ្យតាំងព្រះវិញ្ញាណបរិសុទ្ធជាគ្រូបង្រៀន ។ ហើយ « គន្លងមួយ » —មិនមែនគ្រាន់តែគន្លងនេះទេ— គន្លងមួយគឺត្រូវអនុញ្ញាតឲ្យម្នាក់និយាយម្នាក់ម្ដងៗ ហើយឲ្យមនុស្សទាំងអស់ស្ដាប់ការនិយាយនេះ ។ វាស្ដាប់ទៅសាមញ្ញាណាស់ ហើយវាអាចថែមទាំងមើលទៅងាយស្រួលទៀត ។
បើមនុស្សមានអារម្មណ៍សុវត្ថិភាព នោះពួកគេអាចប្រាប់អំពីសំណួរខ្លះៗរបស់ពួកគេ និងអ្វីដែលពួកគេមិនប្រាកដក្នុងចិត្ត ។ ពួកគេមិនរៀនមកពីអ្នកដទៃនៅក្នុងបន្ទប់មួយនោះទេ ប៉ុន្តែអ្វីដែលមនុស្សម្នាក់និយាយអាចអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេជាបុគ្គលម្នាក់ៗ ។ ពួកគេចូលរួមនៅក្នុងការបង្ហាញសេចក្ដីជំនឿជារួមមួយនៅក្នុងព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ ក្នុងពេលដែលមនុស្សគ្រប់រូបនៅក្នុងទីតាំងនោះ កំពុងសួរ កំពុងស្វែងរក និងកំពុងគោះ ។ ហើយក្នុងការអនុវត្តសេចក្ដីជំនឿជាលក្ខណៈបុគ្គល និងរួមនោះ យើងអញ្ជើញព្រះវិញ្ញាណ ។ ពាក្យ តាំង មិនមានន័យថា ចាត់តាំង ទេ ។ យើងមិនអាចចាត់តាំងឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាគ្រូបង្រៀនបានឡើយ ប៉ុន្ដែយើងអាចយាង និងទាក់ទាញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាគ្រូបង្រៀន ។
នៅក្នុងការប្រជុំអញនកផ្សព្វផ្សាយសាសនា យើងបានពិភាក្សាពីបញ្ហាជាច្រើន ហើយខ្ញុំបានសួរអ្នកផ្សព្វផ្សាយសាសនាថា « តើប្អូនបានឮអ្វី ដែលមិនទាន់បាននិយាយ ? » អ្នកផ្សព្វផ្សាយសាសនាអាយុ ១៨ ឆ្នាំម្នាក់ ដែលនៅក្នុងបេសកកម្មបានបួនសប្ដាហ៍ បានឆ្លើយថា « អែលឌើរ បែតណា បើខ្ញុំស្ដាប់ចម្លើយក្នុងសំឡេងរបស់អ្នក ឬនៅក្នុងសំឡេងអ្នកផ្សព្វផ្សាយសាសនាដទៃទៀត នោះគឺជាសារលិខិតសម្រាប់មនុស្សគ្រប់គ្នា ។ បើខ្ញុំមានអារម្មណ៍ពីវាក្នុងចិត្តខ្ញុំ ឬមានយោបល់មួយក្នុងគំនិតខ្ញុំ នោះគឺមកពីព្រះ ហើយវាគឺសម្រាប់ខ្ញុំប៉ុណ្ណោះ » ។ តើអ្នកស្ងើចសរសើរនឹងចម្លើយនោះទេ ? តើត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីបង្រៀន ឬបង្កើតជាការសម្ដែង ឬបទពិសោធន៍ផ្សេងទៀត ដើម្បីឲ្យមនុស្សអាយុ ១៨ ម្នាក់នឹងមានការយល់ដឹងខាងវិញ្ញាណដូច្នោះ ?
ដូច្នេះការអញ្ជើញពួកគេឲ្យធ្វើសកម្មភាព — អនុវត្តសេចក្ដីជំនឿរបស់គេ — ជួយទាក់ទាញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនពួកគេរៀងៗខ្លួន និងគ្រប់គ្នាជារួម ។
វាសំខាន់ខ្លាំងណាស់ដើម្បីធ្វើជាអ្នករៀន និងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធធ្វើជាគ្រូបង្រៀន ។ យើងមានតួនាទីមួយ ។ យើងធ្វើការអញ្ជើញ ការបញ្ចុះបញ្ចូល និងការដឹកនាំ ប៉ុន្តែបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្វីៗតាមរបៀបដ៏អស្ចារ្យ ។
សំណួរ
យុវនារីម្នាក់បានសួរខ្ញុំ បើខ្ញុំនៅចាំថាខ្ញុំបង្រៀននាងនូវគោលការណ៍ជាក់លាក់មួយ ។ នាងបាននិយាយថា វាបានផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូត ។ ខ្ញុំបានចាំពីស្ថានភាព ហើយខ្ញុំពុំបង្រៀននាងសោះ តាមពិតនាងបានភ្លេចចំណុចដែលខ្ញុំកំពុងព្យាយាមបង្រៀន ។ នាងត្រូវបានបង្រៀនដោយព្រះវិញ្ញាណ ។ តើយើងជួយសិស្សឲ្យទទួលស្គាល់ថាពួកគេកំពុងទទួលវិវរណៈ ដើម្បីពួកគេអាចមានទំនុកចិត្តដើម្បីស្វែងរកបន្ថែមទៀតសម្រាប់ខ្លួនពួកគេដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
តើប្អូនអាចអញ្ជើញនាងឲ្យធ្វើអ្វីខ្លះ ដើម្បីនាងអាចបើកភ្នែកឃើញអ្វីដែលនាងមិនបានឃើញពីមុន ?
ព្រះវិញ្ញាណបរិសុទ្ធនឹងរំឭកពីគ្រប់ទាំងសេចក្តីដល់យើង » ។១៤ នាងមានបទពិសោធន៍ដ៏អស្ចារ្យនេះ ដែលនាងបានឮអ្វីមួយ ដែលច្បាស់ជាមិនបាននិយាយ ។ ជួយនាងឲ្យស្គាល់រឿងនោះ ។ សួរនាងឲ្យគិតអំពីបទពិសោធន៍ និងការរកឃើញរឿងមួយឬពីរទៀតដូច្នេះ ។ ជួយនាងរកឃើញគន្លងមួយក្នុងរឿងទាំងពីរ ឬបីនោះដែលបានកើតឡើង ហើយរកឃើញអ្វីដែលបាននាំមកនូវគំនិតខាងវិញ្ញាណនោះ ។
មានភាពផ្សេងៗគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្សវ័យក្មេងរបស់យើង ហើយពួកគេមានគ្រប់ឧបសគ្គ និងបញ្ហាទាំងអស់ ។ ប៉ុន្តែយើងគួរតែរំពឹងថាវាគឺជាអ្វីដែលយើងប្រាប់ពួកគេជានោះ ។ ហើយយើងគួរតែអញ្ជើញពួកគេឲ្យធ្វើសកម្មភាព ។ ហើយប្អូននឹងឈរឆ្ងល់យ៉ាងអស្ចារ្យចំពោះអ្វីដែលពួកគេនិយាយមក ។ សូមគិតដំបូងគេថាត្រូវអញ្ជើញពួកគេឲ្យធ្វើអ្វី ដើម្បីពួកគេអាចរៀននូវអ្វីដែលពួកគេចាំបាច់ត្រូវរៀន ។
សំណួរ
តើអ្នកអាចជួយយើងយល់ ឬរៀន ឬស្ដាប់ និងអង្កេតបានកាន់តែប្រសើរឡើងដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា
ខ្ញុំសូមផ្ដល់អនុសាសន៍ឲ្យអ្នកទិញសៀវភៅមរមនមួយក្បាលដែលពុំថ្លៃ ហើយអានវាពីក្របខាងមុខដល់ក្របខាងក្រោយ ស្វែងរកមើលគ្រប់ស្ថានភាពអំពី « ភ្នែកដើម្បីមើល និងត្រចៀកដើម្បីស្ដាប់ » ឬពាក្យស្រដៀងគ្នានោះ ។ សូមរកមើលនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា និងព្រះគម្ពីរសញ្ញាថ្មីផងដែរ ។ សូមទៅក្នុងបទគម្ពីរជាភ្នាក់ងារមួយ— សួរ ស្វែងរក និងគោះ— ដោយសំណួររបស់អ្នក ៖ « តើខ្ញុំមើលឃើញនូវអ្វីដែលខ្ញុំមើលមិនឃើញតាមធម្មតាដោយរបៀបណា ? តើខ្ញុំស្ដាប់ឮអ្វីដែលជាធម្មតាខ្ញុំស្ដាប់មិនឮដោយរបៀបណា ? នៅពេលប្អូនអានគម្ពីរដោយមានសំណួរទាំងនោះ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនប្អូន ហើយផ្ដល់ចម្លើយចំពោះសំណួររបស់ប្អូន ។ ខ្ញុំពុំអាចផ្ដល់ទៅឲ្យអ្នកទេ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នកជាបុគ្គល ឯកជន និងដោយផ្ទាល់អំពីអ្វីដែលជាចម្លើយចំពោះអ្នក ។
ខ្ញុំសូមចែកឧទាហរណ៍មួយ។ ភរិយាខ្ញុំ សូសាន តែងតែជាគ្រូបង្រៀនសួរសុខទុក្ខដ៏ស្មោះត្រង់អស្ចារ្យ ។ នៅពេលមានការសម្របសម្រួលដើម្បីផ្ដល់ការងារបម្រើ ប្រធាន ណិលសុន បានសុំឲ្យមាន « ភាពកាន់តែបរិសុទ្ធ និងកាន់តែពិសិដ្ឋ » ១៥ នៅក្នុងរបៀបផ្ដល់ការងារបម្រើ សូសានបានស្ដាប់ ហើយចង់ស្វែងយល់ថាវាជាអ្វី ។ បន្ទាប់ពីការពិចារណា និងការអធិស្ឋាន គាត់បានធ្វើការសរុបដ៏អស្ចារ្យ— ដើម្បីសួរទៅបងប្អូនស្រីដែលគាត់ផ្ដល់ការងារបម្រើ « តើភាពកាន់តែបរិសុទ្ធ និងកាន់តែពិសិដ្ឋ នៅក្នុងការងារបម្រើរបស់យើងមានន័យយ៉ាងណាចំពោះអ្នក ? »
នោះគឺជាសំណួរដែលសាមញ្ញបំផុត និងស្ដែងបំផុត ដែលអ្នកអាចសួរ ប៉ុន្តែចម្លើយមកពីបងប្អូនស្រីទាំងនោះគឺអស្ចារ្យនាស់ ។ បងប្អូនស្រីម្នាក់បានសុំឲ្យទៅព្រះវិហារបរិសុទ្ធជាមួយគ្នា ។ បងប្អូនស្រីម្នាក់ទៀតបានសុំឲ្យអានសុន្ទរកថាសន្និសីទទូទៅមួយ ហើយនៅម៉ោងបាយថ្ងៃត្រង់នឹងពិភាក្សាជាមួយគ្នានូវអ្វីដែលពួកគេបានរៀន ។ សូសានបានងឿងឆ្ងល់ បើនាងបានធ្វើអ្វីមួយខុសកាលពីមុន ។ នាងពុំបានធ្វើអ្វីខុសទេ ។ កាន់តែបរិសុទ្ធ កាន់តែពិសិដ្ឋ— បានបើកភ្នែកទៅមើលតាមរបៀបជាច្រើនដែលពួកគេពុំធ្លាប់មើលឃើញកាលពីមុន ។
សំណួរ
នៅក្នុងរយៈពេលពីរបីនាទីដែលនៅសល់ តើអ្នកនឹងចែកចាយអ្វីខ្លះអំពីអារម្មណ៍ការចែកចាយ និងទីបន្ទាល់របស់អ្នក ?
អែលឌើរ ដេវីឌ អេ បែដណា
ខ្ញុំស្រឡាញ់អ្នក ។ ខ្ញុំស្រឡាញ់អ្នក និងអ្វីដែលយើងព្យាយាមប្រែក្លាយ ។ ខ្ញុំស្រឡាញ់អ្វីដែលអ្នកធ្វើ ។ យើងអាចកែលម្អទាំងអស់គ្នា ប៉ុន្តែខ្ញុំនិយាយថា « អរគុណ » ។ ខ្ញុំសូមនិយាយថា អរគុណ ជំនួសឲ្យគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ និងកម្មាភិបាលអប់រំនៃសាសនាចក្រ ។
ការរស់នៅលើផែនដី ក្នុងរដូវកាលនេះនៃគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ គឺជាពរជ័យមួយជីវិត ។ ជាច្រើនឆ្នាំកន្លងទៅ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រាប់ខ្ញុំដដែលៗថា « ដាវីឌ នេះគឺជារដូវកាលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រដែលបានស្ដារឡើងវិញនេះ » ។ ហើយលោកពិតជានិយាយត្រឹមត្រូវ ។
សូមគិតពីរឿងដែលយើងមានពរជ័យឲ្យមើលឃើញ ។ សូមពិចារណាថា ឆ្នាំនេះគឺជាខួប ២០០ ឆ្នាំនៃការនិមិត្តដំបូងនោះ ។ ព្រះវិហារបរិសុទ្ធត្រូវបានប្រកាសនៅក្នុង ប៉ាពួ នូវហ្គីណេ និង នៅក្នុងទីក្រុងភ្នំពេញ កម្ពុជា ។ យើងមានអ្នកផ្សព្វផ្សាយសាសនានៅក្នុងសហភាពសូវៀត និងប្រទេសកុម្មុយនីស៍ពីមុន និងព្រះវិហារបរិសុទ្ធនៅប្រទេសអុយក្រែន ។ នេះគឺជារដូវកាលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រដែលបានស្ដារឡើងវិញនេះ ។
យើងមានការទទួលខុសត្រូវដ៏ជាក់លាក់មួយនៅសម័យនេះ ។ បើយើងត្រូវបានរក្សាទុកសម្រាប់ជំនាន់នេះ វាគឺដោយសារយើងមានរឿងជាច្រើនត្រូវធ្វើ ហើយយើងមានតួនាទីមួយនៅក្នុងការជួយដល់ជំនាន់ទើបតែពេញវ័យឲ្យត្រៀមខ្លួនជាស្រេច ។ នេះគឺជារដូវកាលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រដែលបានស្ដារឡើងវិញនេះ—មានការផ្ទុយដ៏ខ្លាំងបំផុត និងឱកាសដ៏ច្រើនបំផុត ។ នៅថ្ងៃនេះ យើងមានឱកាសនេះរួមគ្នាដើម្បីបម្រើ ថ្លែងទីបន្ទាល់ ផ្ដល់ការងារបម្រើ និងជួយគ្នា ។
ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញចន្លោះរវាងពាក្យសម្ដីដែលខ្ញុំបានបង្ហាញ និងអ្វីដែលខ្ញុំបានចង់ប្រាប់ ។ ខ្ញុំធ្វើជាសាក្សីថា ព្រះវរបិតា និងព្រះរាជបុត្រាបានបង្ហាញព្រះកាយដល់យ៉ូសែប ស្ម៊ីធ កាលពី ២០០ ឆ្នាំមុន ។ ខ្ញុំធ្វើជាសាក្សីថា ព្រះវរបិតាគឺជាព្រះបិតារបស់យើង ហើយទ្រង់អ្នកនិពន្ធនៃផែនការនៃសុភមង្គល ។ ខ្ញុំដឹង ខ្ញុំថ្លែងទីបន្ទាល់ ហើយខ្ញុំធ្វើជាសាក្សីថា ព្រះយេស៊ូវ គ្រីស្ទគឺជាព្រះរាជបុត្រាសំណព្វតែមួយគត់របស់ព្រះវរបិតាសួគ៌ ។ ខ្ញុំសូមធ្វើជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ។ ទ្រង់បានរស់ឡើងវិញ ផ្នូរនោះនៅទទេស្អាត ។ « ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ » ។១៦
ខ្ញុំធ្វើជាសាក្សីថា តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ នោះសិទ្ធិអំណាចបព្វជិតភាព និងកូនសោបព្វជិតភាពត្រូវបានស្ដារឡើងវិញមកលើផែនដីនេះ ហើយថាការបង្ហាញព្រះកាយរបស់ព្រះវរបិតា និងព្រះរាជបុត្រាបានផ្ដើមការស្ដារឡើងវិញនៃដំណឹងល្អ ។ ខ្ញុំធ្វើជាសាក្សីថា ការស្ដារឡើងវិញនោះកំពុងបន្ដ ។
ខ្ញុំថ្លែងសាក្សី ហើយខ្ញុំបង្ហាញក្ដីស្រឡាញ់នេះដល់អ្នក នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។