ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
រស់នៅ​ដោយ​មាន​គោល​បំណង ៖ សារៈ​សំខាន់​នៃ «​បំណង​ស្មោះ​អស់​ពី​ចិត្ត​»


រស់នៅ​ដោយ​មាន​គោល​បំណង ៖ សារៈ​សំខាន់​នៃ «​បំណង​ស្មោះ​អស់​ពី​ចិត្ត​»

រាត្រី​ជួប​ជាមួយ​នឹង បងប្រុស រែនដល អិល រីដ ការប្រជុំ​ធម្មនិដ្ឋាន សម្រាប់​យុវមជ្ឈិមវ័យ• ថ្ងៃ​ទី 11 ខែ មករា ឆ្នាំ ២០១៥​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់–អៃដាហូ

នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​បាន​នៅ​ជាមួយ​អ្នក​រាល់​គ្នា​នា​រាត្រី​នេះ ។ វា​ជា​កិត្តិយស​មួយ​សម្រាប់​ភរិយា​ខ្ញុំ និង​ខ្ញុំ ដែលបាន​នៅ​ទីនេះ​នាល្ងាច​នេះ ។ ខ្ញុំ​បាន​គិត​ថា វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ទូរសព្ទ​របស់​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​ដំណើរ​មក រីកប៊ើហ្គ នៅ​លើ​ប្រតិទិន​នៅ​ថ្ងៃនេះ ។ វា​បាន​ប្រាប់​ខ្ញុំ ពី​ការប្រែប្រួល​នៃ​អាកាសធាតុ ហើយ​បាន​ឲ្យ​ខ្ញុំ​នូវ​បញ្ជី​នៃ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ក្រុង​នេះ ។ ទូរសព្ទ​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ពី​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ក្នុង​ទីក្រុង​រ៉េចប៊ើក​នៅ​ចុង​សប្ដាហ៍​នេះ​ដែរ ។

ហ្អេ៎​! ឥឡូវ​ដែល​ខ្ញុំ​បាន​ដឹង​ពី​វា​ហើយ—វា​មិន​បាន​ចុះ​ការ​និយាយ​របស់​ខ្ញុំ​ជា​តំបន់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ។ ខ្ញុំ​គិត​ថា នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ដឹង​ថា​វា​ជា​ទូរសព្ទ smart phone នោះ !

ទោះ​បី​ជា​ទូរសព្ទ smart phone​របស់​អ្នក​មិន​បាន​ណែនាំ​វា អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​ដើម្បី​ចំណាយ​ពេល​មួយ​ម៉ោង​ជាមួយ​ខ្ញុំ​នា​រាត្រី​នេះ—ជា​ពេល​មួយ​ម៉ោង​ដែល​អ្នក​មិន​អាច​យក​បាន​វិញ ។ ដូច្នេះ ខ្ញុំមាន​ទំនួល​ខុសត្រូវ​ដ៏​ធំធេង ដើម្បី​ឲ្យ​ការ​ប្រជុំ​នេះ​មាន​តម្លៃ ។ ប៉ុន្តែ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា អ្វី​ដែល​ខ្ញុំ​និយាយ​នឹង​មិន​សំខាន់​ដូច​អ្វី​ដែល​ព្រះ​វិញ្ញាណ​បង្រៀន​អ្នក​នោះ​ទេ ហើយ​ថា​វា​នឹង​មាន​តម្លៃ តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំង​នោះ​ប៉ុណ្ណោះ ។

ខ្ញុំ​គិត​ថា អ្នក​នឹង​យល់​ស្រប​ជាមួយ​ខ្ញុំ​ថា​ពេល​នេះ​ជា​ពេល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​មាន​ជីវិត​រស់​នៅ ។ អ្នក​សង្គម​វិទូ​បាន​ហៅ​ជំនាន់​របស់​ខ្ញុំ​ថា ជា​ជំនាន់​ក្រោយ​សង្រ្គាម ជំនាន់​បន្ទាប់​ជា​ជំនាន់ X ហើយ​ជំនាន់​របស់​អ្នក​ជា​ជំនាន់ Y ឬ​ជា​ជំនាន់ សហស្សវត្សរ៍ ។ ដោយ​ស្គាល់​ពី​ភាព​ស្ទាត់​ជំនាញ​របស់​អ្នក​ជាមួយ​នឹង​បច្ចេកវិទ្យា និង​របៀប​ដែល​អ្នក​បាន​អោបក្រសោប​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម អ្នក​ទាំង​អស់​គ្នា​ឆ្លាត ហើយ​មាន​ការ​សិក្សា​អប់រំ​ច្រើន​ជាង​ជំនាន់​មុនៗ ។ លក្ខណៈ​ពិសេស​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ប៉ុណ្ណោះទេ តែ​ក្នុង​ការ​ធ្វើកិច្ចការ​របស់​ព្រះអម្ចាស់​ផងដែរ ។

អ្នក​មាន​ជម្រើស និង​ឱកាស​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់ ។ ដូច​ជា​អ្វី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត វាជា​ពរជ័យ ហើយ​ក៏​ជា​បណ្ដាសា​ដែរ ។ ជម្រើស​ច្រើន​ពេក និង​ភាព​ភ័យខ្លាច​ក្នុង​ការ​ធ្វើ​ការ​ជ្រើស​រើស​ខុស ជារឿយៗ​នាំ​ទៅ​កាន់ «​ពិការភាព​ក្នុង​ការ​សម្រេចចិត្ត​» ដែល​ជា​បញ្ហា​មួយ​ក្នុង​ជំនាន់​របស់​អ្នក ។ វា​មាន​ការ​ពិបាក​ដើម្បី​ផ្ដោត​អារម្មណ៍​ជាង​ពេល​មុនៗ​ទាំង​អស់​! ជាមួយ​នឹង​បច្ចេក​វិទ្យា នៅ​ពេល​ដែល​អ្នក​ទិញ​អ្វី​មួយ​ភ្លាម វា​នឹង​ហួស​សម័យ​បន្ទាប់​ពី​អ្នក​ដើរ​ចេញ​ពី​ហាង​នោះ ។ មនុស្ស​ជា​ច្រើន ខ្លាចក្រែង​ក្នុង​ការ​ប្ដេជ្ញា​ទៅ​នឹង​អ្វី​មួយ ដោយ​សារ​ពួក​គេ​មាន​មន្ទិល​ថា​តើ​មាន​ជម្រើស​ល្អ​ជាង​នេះ​នឹង​មក​ទេ ។ ដូច្នេះ​ពួក​គេ​រង់ចាំ—ហើយ​បែរ​ជា​មិន​ជ្រើស​រើស​អ្វីសោះ ។ នៅ​ក្នុង​ស្ថានភាព​អកម្ម ពួកគេ​ជា​គោល​ដៅ​យ៉ាង​ងាយ​ស្រួល​ទៅ​នឹង​ការ​បញ្ឆោត​ចិត្ត ។ បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ ចម្លើយ​ទៅ​នឹង​ការ​បញ្ឆោត​ចិត្ត​គឺ ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ល្ងាច​នេះ—រស់​ដោយ​មាន​គោល​បំណង ៖ សារៈសំខាន់​នៃ​បំណង​ស្មោះ​អស់​ពី​ចិត្ត ។

I.  គោលបំណង

សូម​ស្រមៃ​ថា​អ្នក​កំពុង​នៅ​លើ​ទូក​សង្គ្រោះ មួយ​នៅ​កណ្ដាល​សមុទ្រ ដោយ​គ្មាន​អ្វី​សោះ​លើក​លែង​តែ​រលក​សមុទ្រ​នៅ​គ្រប់​ទិស​ដែល​អ្នក​អាច​មើល​ឃើញ ។ ទូក​នោះ​ត្រូវ​បាន​បំពាក់​ដោយ​ចង្វា ប៉ុន្តែ​តើ​ទិសដៅ​មួយ​ណា​ដែល​អ្នក​ត្រូវ​ចែវ​ទៅ ? ឥឡូវ​នេះ​សូម​ស្រមៃ​ថា​អ្នក​បាន​ឃើញ​ទី​ទួល​លឹមៗ ។ អ្នក​ដឹង​ថា​ទិស​មួយ​ណា​ដែល​អ្នក​ត្រូវ​ទៅ​ហើយ ។ តើ​ការ​មើល​ឃើញ​ដី​ទួល ផ្ដល់​ឲ្យ​អ្នក​ទាំង​នូវ​ការ​ជម្រុញចិត្ត និង​គោល​បំណង​ឬទេ ? មនុស្ស​ដែល​មិន​រក្សា​ការ​យល់​យ៉ាងច្បាស់​ពី​គោល​បំណង គឺ​ជា​អ្នក​រសាត់​ទៅ​ឆ្ងាយ ។ អ្នក​ដែល​រសាត់​ទៅ​ឆ្ងាយ អនុញ្ញាត​ឲ្យ​ជំនោរ​ទឹក​កំណត់​ទី​កន្លែង​ដែល​ពួក​គេ​ត្រូវ​ទៅ ។

លីអូ ថុលស្ទយ

ជីវិត​របស់​អ្នក​និពន្ធ​ជន​ជាតិ​រុស្ស៊ី​ដ៏​ល្បី​ឈ្មោះ លីអូ ថុលស្ទយ ជា​អ្នក​និពន្ធ​រឿង War and Peace, បាន​បង្ហាញ​ពី​ចំណុច​នេះ ។ លីអូ ថុលស្ទយ មាន​ជីវិត​យុវវ័យ​ដ៏​លំបាក ។ ឪពុក​ម្ដាយ​របស់​គាត់​បាន​ស្លាប់ ពេល​ដែល​គាត់​មាន​អាយុ ១៣​ឆ្នាំ ។ គាត់​ត្រូវ​បាន​ណែនាំ​ឲ្យ​ទៅ​ផ្លូវ​ឧបាយមុខ​ដែល​មាន​ការ​សេព​គ្រឿង​ស្រវឹង ល្បែង​ស៊ីសង និង​ភាព​ច្របូល​ច្របល់ លីអូ​មិន​សូវ​ខិតខំព្យាយាម​ក្នុង​ការ​សិក្សា​របស់​គាត់​ទេ ។ នៅ​អាយុ ២២​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ជីវិត​របស់​គាត់​ខ្វះ​គោល​បំណង​ពិត​ប្រកដ​មួយ ហើយ​គាត់​បាន​សរសេរ​នៅ​ក្នុង​កំណត់​ហេតុ​គាត់​ថា «​ខ្ញុំ​រស់​នៅ​ដូច​ជា​សត្វ​តិរច្ឆាន​» ។ ពីរ​ឆ្នាំ​ក្រោយ​មក គាត់​បាន​សរសេរ​ថា «​ខ្ញុំ​មាន​អាយុ ២៤​ឆ្នាំ ហើយ​ខ្ញុំ​នៅ​តែ​មិន​បាន​ធ្វើ​អ្វី​សោះ​» ។ ការ​មិន​ស្កប់​ចិត្ត​របស់​ថុលស្ទយ បាន​ជម្រុញ​គាត់​ឲ្យ​ចាប់​ផ្ដើម​ដំណើរ​ដើម្បី​ស្វែង​រក​គោល​បំណង​ក្នុង​ជីវិត​របស់​គាត់ ភាគច្រើន​តាម​រយៈ​ការ​សាកល្បង និង​កំហុស—ពី ហេតុអ្វី ។ មុន​ពេល​ដែល​គាត់​ស្លាប់​នៅ​អាយុ ៨២​ឆ្នាំ គាត់​បាន​បញ្ចប់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​គាត់​ថា «​អត្ថន័យ និង​សេចក្ដី​រីករាយ​ពេញ​លេញ​នៅ​ក្នុង​ជីវិត ស្ថិតនៅ​ក្នុង​ការ​ស្វែង​រក​ការ​យល់​ដឹង​ដ៏​ឥតខ្ចោះ​នៃ​ព្រះហឫទ័យ​របស់​ព្រះ​»11—ហើយ​ខ្ញុំ​សូម​បន្ថែម​ថា ការ​ធ្វើ​តាម​ ព្រះហឫទ័យ​របស់​ព្រះ ។

វា​ត្រូវ​បាន​និយាយ​ថា ពីរ​ថ្ងៃ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក គឺ​ជា​ថ្ងៃ​ដែល​អ្នក​កើត និង​ថ្ងៃ ដែល​ដែល​អ្នក​រកឃើញ​ពី​មូល​ហេតុ​ដែល​អ្នក​កើត​មក ។2 ដោយសារ​យើង​មាន​ដំណឹង​ល្អ យើង​មិន​ចាំ​បាច់​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ព្យាយាម​ស្វែង​យល់​ពី​គោល​បំណង​របស់​វា​នោះ​ទេ ។ ផ្ទុយទៅវិញ យើង​អាច​ផ្ដោត​អារម្មណ៍​លើ​ការ​បំពេញ​គោល​បំណង​នោះ ។

នៅ​ក្នុង ម៉ាថាយ ៥:៤៨ បាន​ចែង​ថា «​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ​» ។

ខ្ញុំ​គិត​ថា យើង​ម្នាក់ៗ​មាន​ក្ដី​ប្រាថ្នា​ពី​ធម្មជាតិ​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង ។ តែ​ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​កំហុស មនុស្ស​ជា​ច្រើន​ជឿជាក់​ថា គោល​ដៅ​នៃ​ភាព​ល្អ​ឥតខ្ចោះ​គឺ​មិន​អាច​សម្រេច​បាន​ទេ ។ ហើយ​វា​នឹង​មិន​អាច​សម្រចបាន បើវា​មិន​ដោយ​សារ​តែ​ដង្វាយ​ធួន​នោះ​ទេ ។ ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​យើង ធ្វើ​ឲ្យ​ភាព​ឥតខ្ចោះ​អាច​សម្រេច​បាន ។ «​មែន​ហើយ ចូរមក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន ល្អ​ឥតខ្ចោះ នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់ចោល​នូវ​អស់​ទាំង​អំពើដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើសិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ព្រះ​គ្រីស្ទ​» (មរ៉ូណៃ ១០:៣២; គូស​បញ្ជាក់​បន្ថែម​) ។

ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម​ដែល​ជម្រុញ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ព្រះ​វរបិតា​សួគ៌​របស់​យើង ។ ដូច​ដែល លីអូ ថុលស្ទយ បាន​រក​ឃើញ អ្នក​ដឹង​ថា​មាន​សេចក្ដី​រីករាយ​នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ភាព​ល្អ​ឥត​ខ្ចោះ ។ គោលបំណង​ដ៏​សំខាន់ មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​អ្នក​ធ្វើ​វា​ឲ្យ​ទៅ​ជា​ការ​ស្វែង​រក ដើម្បី​ធ្វើតាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់ ។

អែលឌើរ ថាដ  អរ ខាលីស្ទើរ បាន​សួរ​ថា ៖ «​តើ​ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​មាន​ទស្សនៈ​វិស័យ​ត្រឹមត្រូវ​ពី​ជោគវាសនា​ដ៏​ទេវភាព​នៃព្រះ​គម្ពីរ និង​សាក្សី​នានា​ដែល​បាន​ថ្លែង​ទី​បន្ទាល់​យ៉ាង​ច្បាស់ ? ដោយ​សារ​ការ​កើន​ឡើង​នៃ​ទស្សនៈ​វិស័យ ការ​ជម្រុញ​ចិត្ត​ក៏​កើន​ឡើង​ដែរ​» ។3

បេសកកម្ម

ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្ទើរ​តែ​បាន​សម្រេច​ចិត្ត​ថា​មិន​ទៅ​បម្រើ​បេសកកម្ម​ទៅ​ហើយ ។ បន្ទាប់​ពី​រៀន​នៅ​មហាវិទ្យាល័យ និង​ចូល​បម្រើ​ក្នុង​កងទ័ព​បាន​មួយ​ឆ្នាំ ខ្ញុំ​មាន​ការងារ​ដ៏ល្អ​មួយ​នៅ​មន្ទីរពេទ្យ​ក្នុង​មូល​ដ្ឋាន ជា​អ្នក​បចេ្ចកទេស​ខាង​កាំ​រស្មី​អ៊ិច ។ ថ្ងៃ​មួយ លោក​វេជ្ជ​បណ្ឌិត ជេម ផីងគ្រី ជា​អ្នក​វះកាត់​មួយ​រូប​នៅ​មន្ទីរពេទ្យ​នោះ បាន​អញ្ជើញ​ខ្ញុំ​ពិសារ​អាហារ​ថ្ងៃ​ត្រង់ ។ នៅ​ក្នុង​ការ​សន្ទនា​របស់​យើង លោក​វេជ្ជ​បណ្ឌិត ផីងគ្រី បាន​ស្វែង​យល់​ថា​ខ្ញុំ​គ្មាន​បំណង​ទៅ​បម្រើ​បេសកកម្ម​ទេ ហើយ​គាត់​បាន​សូរ​ពី​ថា ហេតុអី​បាន​ជា​មិន​ទៅ ? ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មាន​អាយុ​ច្រើន​បន្តិច​ហើយ ហើយ​វា​ប្រហែល​ជា​យឺត​ពេក​ហើយ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា វា​មិន​មែន​ជា​ហេតុផល​ដ៏​ល្អ​ទេ ហើយ​ថា​គាត់​បាន​ទៅ​បម្រើ​បេសកកម្ម​បន្ទាប់​ពី​គាត់​បាន​បញ្ចប់​សាលាពេទ្យ ។ បន្ទាប់​មក គាត់​បាន​ថ្លែង​ទី​បន្ទាល់​របស់​គាត់​ពី​សារៈ​សំខាន់​នៃ​បេសកកម្ម​របស់​គាត់ ។

ទីបន្ទាល់​របស់​គាត់ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អធិស្ឋាន ដូច​ដែល​ខ្ញុំ​មិន​ដែល​ធ្វើ​ពីមុន​មក—ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ ខ្ញុំ​អាច​គិត​ពី​មូល​ហេតុ​ជា​ច្រើន ដើម្បី​មិន​ទៅ​បម្រើ​បេសកកម្ម ៖ ខ្ញុំ​ខ្មាស់​អៀន​ច្រើន—អៀន​ជាខ្លាំង​រហូត​ដល់​ការ​គិត​ពី​ការ​និយាយ​លា​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ជា​ហេតុផល​គ្រប់​គ្រាន់ ដើម្បី​មិន​ទៅ ។ ខ្ញុំ​មាន​ការងារ​ដែល​ខ្ញុំ​ចូល​ចិត្ត ។ ខ្ញុំ​មាន​អាហារូបករណ៍ ដែល​ប្រហែល​ជា​នឹង​គ្មាន​បន្ទាប់​ពី​បេសកកម្ម ។ ដែល​សំខាន់​បំផុត​នោះ ខ្ញុំ​មាន​មិត្តស្រី​ដែល​រង់ចាំ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​បម្រើ​កងទ័ព—ហើយ​ខ្ញុំ​ដឹង​ថា នាង​នឹង​មិន​រង់​ចាំ​ខ្ញុំ​ពីរ​ឆ្នាំ​ទៀត​ទេ​! ខ្ញុំ​បាន​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត​ដើម្បី​ទទួល​បាន​ការ​បញ្ជាក់​ថា​ហេតុផល​របស់​ខ្ញុំ​ត្រឹមត្រូវ ហើយ​ថា​ខ្ញុំ​ត្រូវ ។

គួរឲ្យ​ខក​ចិត្ត ខ្ញុំ​មិន​អាច​បាន​ការ​យល់​ព្រម ឬ​បដិសេធ​ដោយ​ងាយ​ស្រួល​ដែល​ខ្ញុំ​សង្ឃឹម​ទុក​នោះ​ទេ ។ ហើយ​គំនិត​មួយ​បាន​លេច​ឡើង​ចំពោះ​ខ្ញុំ ៖ «​តើ​ព្រះ​អម្ចាស់​សព្វព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ?​» ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ទ្រង់​សព្វព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម ហើយ​វា​បាន​ក្លាយ​ជា​ពេល​នៃ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល ខ្ញុំ ចង់​ធ្វើ ឬ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ ? វា​ជា​សំណួរ​ដែល​យើង​អាច​សួរ​ខ្លួន​ឯង​ជា​ញឹក​ញាប់ ។ វា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​រាល់​គ្នា​ក្នុង​ការ​ស្ថាបនា​ជំហាន​ដំបូង​នៅ​ក្នុង​ជីវិត​របស់​យើង ។ ជា​ច្រើន​ដង យើង​មាន​អាកប្បកិរិយា​នៃ «​ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដែល​ទ្រង់​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ធ្វើ ព្រះអង្គ—ដរាបណា​វា​ជា​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ និង​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​» ។

ដោយ​អំណរ​គុណ ខ្ញុំ​បាន​ជ្រើសរើស​ទៅ​បម្រើ​បេសកកម្ម ហើយ​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ខាង​ជើង​ក្នុង​ប្រទេស​ម៊ិកស៊ិក ។ ដើម្បី​កាត់​បន្ថយ​ការ​ធុញ​ថប់ ដែល​អ្នក​ខ្លះ​អាច​មាន—ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​មិត្ត​ស្រី​របស់​ខ្ញុំ​មិន​បាន​រង់ចាំ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រៀប​ការ​ជាមួយ​គាត់​! គាត់​គឺ​ជា​ពរ​ជ័យ​ដ៏​អស្ចារ្យ​ជាង​គេ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ដោយ​ដឹង​ពី​គោល​បំណង​ក្នុង​ជីវិត​របស់​យើង ថា​ដើម្បី​ក្លាយ​ដូច​ជា​ព្រះ​វរបិតា​សួគ៌​យើង ខ្ញុំ​បាន​រកឃើញ​ថា គ្មាន​សាកលវិទ្យា​ល័យណា​ដែល​ល្អ​ជាង​ការ​រៀប​អាពាហ៍ពិពាហ៍ ហើយ​មាន​ក្រុម​គ្រួសារ​ដើម្បី​បង្រៀន​យើង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូន​ចៅ​របស់​ទ្រង់​នោះ​ទេ ។ ដោយ​ចំណេះដឹង​ដែល​ខ្ញុំ​ដឹង បើ​ខ្ញុំ​ជា​អ្នក​វិញ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​បាន​ចូល​រៀន​ក្នុង​សាកល​វិទ្យាល័យ​នោះ ។ ខ្ញុំ​ដឹង​ថា ការ​ចុះ​ឈ្មោះ​ចូល​រៀន គឺ​ចាប់​ផ្ដើម​ក្នុង​ពេល​ឥឡូវ​នេះ ។

II. ដោយ​ស្មោះ​អស់​ពី​ចិត្ត

ពេល​ដែល​កូន​ប្រុស​របស់​យើង​ទើប​តែ​រៀន​និយាយ គេ​ចង់​ដឹង​ចង់​ឃើញ​មិន​ឈប់​ឈរ​សោះ ។ នៅ​ក្នុង​វាក្យស័ព្ទ​ដែល​មាន​កំណត់​របស់​គេ ពាក្យ​ដែល​គេ​ចូល​ចិត្ត​ជាង​គេ​គឺ «​ហេតុអ្វី​?​» បើ​ខ្ញុំ​និយាយ​ថា «​វា​ដល់​ពេល​ចូល​គេង​ហើយ​» គេ​នឹង​ឆ្លើយ​ថា «​ហេតុអ្វី​?​»

«​ខ្ញុំ​នឹង​ទៅ​ធ្វើការ​» ។

« ហេតុអ្វី ?​»

«​ចូរ​យើង​អធិស្ឋាន​» ។

« ហេតុអ្វី ?​»

«​ដល់​ពេល​ទៅ​ព្រះវិហារ​ហើយ​» ។

« ហេតុអ្វី ?​»

៥០០​ដង​ដំបូង​ដែល​គេ​និយាយ​បែបនេះ—វា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ។ តែ​ទោះ​បី​ជា​បន្ទាប់​ពី​ភាព​គួរ​ឲ្យ​ស្រឡាញ់​បាន​បាត់​ទៅ ហើយ​វា​បាន​ក្លាយ​ជា​គួរឲ្យ​រំខាន​បន្តិច​ក្ដី ក៏​ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ការ​រំឭក​យ៉ាង​ញឹកញាប់ ដើម្បី​ពិនិត្យ​ពី មូលហេតុ (​ដោយ​ចំៗ​)នៅ​ក្រោយ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ធ្វើ ។

ខ្ញុំ​មិន​ប្រាកដ​ថា​មាន​ន័យ​សំខាន់​នៅ​ក្នុង​អក្សរ  Y ជា​ឈ្មោះ​ជំនាន់​របស់​អ្នក ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មាន​តម្លៃ​នៅ​ក្នុង​ការ​គិត​របស់​ខ្លួន​ថា​ជា ជំនាន់ «​ហេតុ​អ្វី​» ។ ជំនាន់ ។ [ស្លាយ​បញ្ចាំង] វាជា​ការ​សំខាន់​នៅ​ក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ ដើម្បី​តាំង​ចិត្ត​ពី មូល​ហេតុ ដែល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ។

ការ​រស់​នៅ​ដោយ​បំណង​ស្មោះ​អស់​ពី​ចិត្ត មាន​ន័យ​ថា​យល់​ដឹង​ពី «​មូលហេតុ​» ហើយ​ដឹង​ជាមុន​នូវ​ការ​ជម្រុញ​ដែល​នៅ​ពី​ក្រោយ​សកម្មភាព​របស់​យើង ។ សូក្រាត​បាន​និយាយថា «​ជីវិត​ដែល​មិន​បាន​សាកល្បង ជាជីវិត​ដែល​គ្មាន​តម្លៃ​»4 សូម​ពិចារណា​ពីរបៀប​ដែល​អ្នក​ចំណាយ​ពេល​របស់​អ្នក ហើយ​សូម​សួរ​ខ្លួន​ឯង​ជា​រឿយៗ​ថា «​ហេតុអ្វី​?​» វា​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​មើល​ឃើញ​ហួស​ពី​ពេល​ចំពោះ​មុខ ។ វា​ប្រសើរ​ជាង​ក្នុង​ការ​មើល​ទៅ​មុខ ហើយ​សួរ​ខ្លួន​ឯង​ថា «​តើ​ខ្ញុំ​ធ្វើ​វា​ដើម្បី​អ្វី​?»​ហើយ​មើល​ទៅ​ក្រោយវិញ​ដោយ​និយាយ​ថា «​ហេតុអ្វី អូ៎ តើ​ហេតុអ្វី​បាន​ជាខ្ញុំធ្វើ​វា​?​» បើ​ហេតុ​ផល​តែមួយ​ថា​ជា​អ្វី​ដែល​ព្រះ​មាន​ព្រះសព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ធ្វើ នោះ​វា​គ្រប់​គ្រាន់​ហើយ ។

ផ្កាយ

ខ្ញុំ​បាន​រៀន​ពី​សារៈ​សំខាន់​នៃ​បំណង​ស្មោះ​អស់​ពី​ចិត្ត ពេល​ដែល​ខ្ញុំ​នៅ​ជា​សិស្ស​វយ័ក្មេង​ក្នុង​ថ្នាក់​សិក្ខាសាលា ។ គ្រូ​របស់​យើង​បាន​អញ្ជើញ​យើង​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ដើម្បី​តាម​ដាន​ការ​រីកចម្រើន​របស់​យើង គាត់​បាន​បង្កើត​តារាង​មួយ​ជាមួយ​នឹង​ឈ្មោះ​របស់​យើង​ម្ខាង និង​បញ្ជី​ព្រះ​គម្ពីរ​នៅ​ខាង​លើ ។ គ្រប់​ពេល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ ថ្កាយ​មួយ​នឹង​ដាក់​នៅ​ជាប់​ឈ្មោះ​របស់​អ្នក ។ នៅ​ពេល​ដំបូង ខ្ញុំ​មិន​ខិតខំ​ក្នុង​ការ​អាន​ទេ ហើយ​វា​មិន​យូរ​ប៉ុន្មាន ខ្ញុំ​អាន​កាន់​តែ​ខ្សោយ​ទៅៗ ។ ជម្រុញ​ដោយ​អារម្មណ៍​នៃ​ការ​ខ្មាស់​អៀន និង​ស្មារតី​ប្រកួត​ប្រជែង​ខាង​ក្នុង​របស់​ខ្ញុំ ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន ។ រាល់​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ផ្កាយ​មួយ ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ ហើយ​ផ្កាយ​កាន់​តែ​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល នោះ​ការ​ជម្រុញ​ចិត្ត​ឲ្យ​ខ្ញុំ​អាន​កាន់​តែ​ខ្លាំង​ដែរ—នៅ​ចន្លោះ​ម៉ោង​រៀន បន្ទាប់​ពី​មក​ពី​រៀន នៅ​គ្រប់​នាទី​ទំនេរ ។

នេះ​ជា​រឿង​ដ៏​ល្អ​ពេល​ខ្ញុំ​អាច​ប្រាប់​ថា ខ្ញុំ​បាន​បញ្ចប់​ការ​អាន​មុន​គេ​នៅ​ក្នុង​ថ្នាក់—ប៉ន្តែ​ខ្ញុំ​មិន​បាន​ចប់​មុន​គេ​ទេ (​ហើយ​ខ្ញុំ​ក៏​មិន​មែន​អ្នក​ចប់​ក្រោយ​គេ​ដែរ​) ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ដោយ​ការ​អាន​ព្រះ​គម្ពីរ ? ខ្ញុំ​ដឹង​ថា អ្នក​គិត​ថា «​ជា​ទីបន្ទាល់ មែន​ឬទេ ? ប៉ុន្តែ មិន​មែន​ទេ ខ្ញុំ​បាន​ទទួល​ផ្កាយ​ជា​ច្រើន ។ ខ្ញុំ​បាន​ទទួល​ផ្កាយ ដោយ​សារ​វា​ជា មូល​ហេតុ ដែល​ខ្ញុំ​អាន ។ វា​ជា បំណង​ស្មោះ​អស់​ពី​ចិត្ត​របស់​ខ្ញុំ ។

មរ៉ូណៃ​បាន​ប្រាកដ​ក្នុង​ចិត្ត​ពេល​ដែល​លោក​ពិពណ៌នា​ពី​របៀប​ដើម្បី​រក​ឲ្យ​ឃើញថា​បើ​ព្រះ​គម្ពីរ​មរមន​ពិត ៖ « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត, ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​» (មរ៉ូណៃ ១០:៤; គូស​បញ្ជាក់​បន្ថែម​) ។

មើល​ទៅ​ក្រោយ​វិញ ខ្ញុំ​អាច​ឃើញ​ថា​ព្រះ​អម្ចាស់​ពី​ជា​យុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ ។ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គួរ​តែ​រំពឹង​ថា​នឹង​រក​ឃើញ​អ្វី​ផ្សេង​ទៀតជាង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វែង​រក​ទៅ​វិញ ? ខ្ញុំ​ពិត​ជា​មិន​ដែល​ឈប់ ហើយ​សួរ​ខ្លួន​ឯង​ពី មូលហេតុ ដែល​ខ្ញុំ​អាន​ព្រះ​គម្ពីរ​មរមន​ទេ ។ ខ្ញុំ​ជា​អ្នក​ដែល​រសាត់​ទៅឆ្ងាយ ដោយ​អនុញ្ញាត​ឲ្យ​ការ​ជម្រុញ​ខាង​លោក​កិយ​ដឹក​នាំ​ខ្ញុំ ត្រឹម​តែ​រកឃើញ​ថា ខ្ញុំ​បាន​អាន​សៀវភៅ​ត្រូវ សម្រាប់​ហេតុផល​ខុស​ប៉ុណ្ណោះ ។ បំណង​ស្មោះ​អស់​ពី​ចិត្ត គឺ​ការ​ធ្វើ​អ្វី​ដែល​ត្រូវ សម្រាប់​ហេតុផល​ដែល​ត្រឹមត្រូវ ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ខ្ញុំ​កំពុង​ពុះពារ​ជាមួយ​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ទៅ​បម្រើ​បេសកកម្ម​ឬ​អត់ ជា​ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​ដោយ​បំណង​ស្មោះ​អស់​ពី​ចិត្ត ។ បើ​ខ្ញុំ​នឹង​ចំណាយ​ពេល​ពីរ​ឆ្នាំ​ចែក​ចាយ​ទីបន្ទាល់​ពី​ព្រះ​គម្ពីរ​មរមន ជា​ដំបូង​ខ្ញុំ​ត្រូវ​តែ មាន ទី​បន្ទាល់​ជា​មុន​សិន ។

ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន បំពេញ​នូវ​គោល​បំណង​ដ៏​ទេវភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ជាក់​ប្រាប់​ពី​ជីវិត និង​បេសកកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​សារ​ខ្ញុំ​បាន​អាន​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។

រឿង​ប្រៀប​ធៀប​នឹង​ផ្លែក្រូច

ខ្ញុំ​ចង់​ចែក​ចាយ​នូវ​រឿង​ប្រៀបធៀប​សម័យ​ទំនើប​ដែល​ខ្ញុំ​នឹង​ហៅ​វា​ថា «​រឿង​ប្រៀប​ធៀប​នឹង​ផ្លែក្រូច​» ។ នៅ​ពេល​ដែល​អ្នក​ស្ដាប់ សូម​ពិចារណា​ថា​រឿង​នេះ​បង្រៀន​អ្នក​ពី​អំណាច​នៃ​បំណង​ស្មោះ​អស់​ពី​ចិត្ត​អ្វី ។

មាន​យុវជន​ម្នាក់​ដែល​មាន​មហិច្ឆតា​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ដោយ​សារ​វា​ផ្ដល់​ប្រាប់​បៀវត្សន៍​ខ្ពស់ ហើយ​មាន​កិត្យានុភាព​ជា​ខ្លាំង ។ គាត់​បាន​រៀប​ចំ​ប្រវត្តិរូប​ការងារ​របស់​គាត់ ហើយ​មាន​ការ​សម្ភាសន៍​ជា​ច្រើនដង ។ នៅ​ទី​បំផុត គាត់​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​តំណែង​កម្រិត​ចាប់ផ្ដើម​ដំបូង ។ បន្ទាប់​មក​គាត់​បាន​បង្វែរ​មហិច្ឆតា​របស់​គាត់​ទៅ​គោល​ដៅ​បន្ទាប់—ជា​តំណែង​អ្នក​គ្រប់​គ្រង​ដែល​នឹង​ផ្ដល់​ឲ្យ​គាត់​នូវ​កិត្យានុភាព និង​ប្រាក់​បៀវត្សន៍​កាន់​តែ​ច្រើន ។ ដូច្នោះ គាត់​បាន​បញ្ចប់​ភារកិច្ច​ទាំង​អស់​ដែល​គាត់​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ ។ គាត់​បាន​ចូល​ធ្វើ​ការ​មុន​ម៉ោង​នៅ​ព្រឹក​ខ្លះ ហើយ​នៅ​ធ្វើ​ការ​យូរ ដូច្នេះ​អ្នកចាត់ការ​របស់​គាត់​នឹង​ឃើញ​គាត់​ធ្វើ​ការ​ច្រើន ។

ប្រាំឆ្នាំ​ក្រោយ​មក តំណែង​អ្នក​គ្រប់​គ្រង​បាន​មាន ។ ប៉ុន្តែ ដោយ​ការ​ខក​ចិត្ត​ជា​ខ្លាំង តំណែង​នោះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​បុគ្គលិក​ម្នាក់​ទៀត​ដែល​ទើប​តែ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​បាន​ប្រាំមួយ​ខែ​ប៉ុណ្ណោះ ។ យុវជន​នោះ មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ហើយ​គាត់​បាន​ទៅ​រក​អ្នក​ចាត់ការ​របស់​គាត់ និង​ទាមទារ​រក​ការ​ពន្យល់ ។

អ្នក​ចាត់ការ​វ័យឆ្លាត​បាន​និយាយ​ថា «​មុន​ពេល​ដែល​ខ្ញុំ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក តើ​អ្នក​អាចធ្វើ​រឿងមួយ​សម្រាប់​ខ្ញុំ​បាន​តេ ?​»

បុគ្គលិក​នោះ​បាន​និយាយ​ថា «​ប្រាកដ​ជា​បាន​» ។

«​តើ​អ្នក​អាច​ទៅ​ហាង​មួយ ហើយ​ទិញ​ផ្លែ​ក្រូច​ខ្លះ​បាន​ទេ ? ភរិយា​របស់​ខ្ញុំ​ត្រូវ​ការ​វា​» ។

យុវជន​នោះ​បាន​យល់​ព្រម ហើយ​ក៏​ចេញ​ទៅ​ហាង​បាត់​ទៅ ។ ពេល​ដែល​គាត់​ត្រឡប់​មក​វិញ អ្នក​ចាត់​ការ «​តើ​ផ្លែក្រូច​អ្វី​ដែល​អ្នក​បាន​ទិញ ?​»

យុវជន​នោះ​បាន​ឆ្លើយ​ថា «​ខ្ញុំ​មិន​ដឹង​ទេ​» ។ «​អ្នក​គ្រាន់​តែ​និយាយ​ឲ្យ​ទិញ​ផ្លែក្រូច ទាំង​នេះ​ហើយ​ជា​ផ្លែក្រូច ។ សូម​យក​វា​ទៅ​» ។

អ្នក​ចាត់​ការ​បាន​សួរ​ថា «​តើ​វា​មាន​តម្លៃ​ប៉ុន្មាន ?​» ។

ចម្លើយ​គឺ «​ខ្ញុំ​មិន​ប្រកដ​ទេ​» ។ «​អ្នក​បាន​ឲ្យ​ខ្ញុំ ៣០​ដុល្លារ ។ នេះ​ជា​វិក័យប័ត្រ ហើយ​នេះ​ជា​លុយ​អាប់​» ។

អ្នក​ចាត់​ការ​បាន​និយាយ​ថា «​អរគុណ​» ។ «​ឥឡូវ​នេះ​សូម​អង្គុយ​ចុះ ហើយ​សូម​យក​ចិត្ត​ទុកដាក់​ដោយ​ប្រុង​ប្រយ័ត្ន​» ។

ហើយ​អ្នក​ចាត់​ការ​បាន​ហៅ​បុគ្គលិក​ដែល​បាន​ទទួល​ការ​ឡើង​តំណែង​មក ហើយ​សូម​ឲ្យ​គាត់​ធ្វើ​កិច្ច​ការ​ដូច​គ្នា​នោះ ។ គាត់​បាន​យល់​ព្រម​ភ្លាម ហើយ​ក៏​ចេញ​ទៅ​ហាង​បាត់​ទៅ ។

ពេល​ដែល​គាត់​ត្រឡប់​មក​វិញ អ្នក​ចាត់​ការ «​តើ​ផ្លែក្រូច​អ្វី​ដែល​អ្នក​បាន​ទិញ ?​»

គាត​បាន​ឆ្លើយ​ថា «​នៅ​ក្នុង​ហាង​មាន​ផ្លែ​ក្រូច​ជាច្រើន​ប្រភេទ—មាន​ទាំង​ក្រូច​លឿង ក្រូចវ៉ាឡិនសា (Valencia) ក្រូច​ក្រហម ក្រូច​ឃ្វិច និង​ជា​ច្រើន​ប្រភេទ​ទៀត ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទិញ​មួយ​ណា​ទេ ។ តែ​ខ្ញុំ​ចាំ​ថា​លោក​និយាយ​ថា ភរិយា​របស់​លោក​ត្រូវ​ការ​ក្រូច ដូច្នេះ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​សួរ​គាត់ ។ គាត់​បាន​និយាយ​ថា​គាត់​នឹង​មាន​ពិធី​ជប់​លៀង​មួយ ហើយ​ថា​គាត់​នឹង​ធ្វើ​ទឹក​ក្រូច​ច្របាច់ ។ ដូច្នេះ ខ្ញុំ​បាន​សួរ​អ្នក​លក់​ថា​ក្នុង​ចំណោម​ក្រូច​ទាំង​អស់​មួយ​ណា មាន​ទឹក​ឆ្ញាញ់​ជាង​គេ ។ អ្នក​លក់​បាន​និយាយ​ថា ក្រូច​វ៉ាឡិនសា​ពេញ​ទៅ​ដោយ​ទឹក​ដ៏​ផ្អែម ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​ទិញ ។ ខ្ញុំ​បាន​យក​វា​ទៅ​ផ្ទះ​របស់​លោក​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ការិយាល័យ​វិញ ។ ភរិយា​របស់​លោក​រីក​រាយ​ណាស់​» ។

អ្នក​ចាត់​ការ​បាន​សួរ​ថា «​តើ​វា​មាន​តម្លៃ​ប៉ុន្មាន ?​» ។

«​បាទ នេះ​ជា​បញ្ហាមួយ​ទៀត ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទិញ​ប៉ុន្មាន ដូច្នេះ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ភរិយា​លោក​ម្ដង​ទៀត ហើយ​សួរ​ថា​គាត់​មាន​ភ្ញៀវ​ប៉ុន្មាន​នាក់ ។ គាត់​បាន​និយាយ​ថា មាន​២០​នាក់ ។ ខ្ញុំ​បាន​សួរ​អ្នក​លក់​ថា​តើ​ក្រូច​ប៉ុន្មាន​ផ្លែ​ដែល​ត្រូវ​ការ​ដើម្បី​ធ្វើ​ទឹក​ក្រូច​សមា្រប់​មនុស្ស​២០នាក់​នោះ ហើយ​វា​ច្រើន​ណាស់ ។ ដូច្នេះ ខ្ញុំ​បាន​សួរ​អ្នក​លក់​ថា​តើ​អាច​បញ្ចុះ​តម្លៃ​ឲ្យ​ខ្ញុំ​បាន​ទេ ហើយ​គាត់​យល់​ព្រម​! ជា​ធម្មតា ក្រូច​មួយផ្លែ​មាន​តម្លៃ ៧៥​សេន តែ​ខ្ញុំ​ចំណាយ​ត្រឹម​តែ ៥០​សេន​ប៉ុណ្ណោះ ។ នេះ​ជា​លុយ​អាប់ និង​វិក័យ​ប័ត្រ​របស់​លោក ។

អ្នក​ចាត់​ការ​ញញឹម ហើយ​និយាយ​ថា «​អរគុណ អ្នក​អាច​ទៅ​បាន​ហើយ​» ។

គាត់​បាន​មើល​មក​យុវជន​ដែល​បាន​តាម​ដាន​ហេតុ​ការណ៍​នោះ ។ យុវជន​នោះ​បាន​ក្រោក​ឈរ​ឡើង ទម្លាក់​ស្មា​របស់​គាត់ ហើយ​និយាយ​ថា «​ខ្ញុំ​យល់​ពី​អ្វី​ដែល​អ្នក​មានន័យ​ហើយ​» ហើយ​គាត់​បាន​ដើរ​ចេញ​ពី​ការិយាល័យ​នោះ​ដោយ​ស្រពាប់​ស្រពោន ។

តើ​អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង​បុរស​វ័យ​ក្មេង​ទាំង​ពី​នាក់​នេះ ? ពួក​គេ​ទាំង​ពីរ​បាន​សូម​ឲ្យ​ទិញ​ផ្លែ​ក្រូច ហើយ​ពួក​គេ​បាន​ធ្វើ​វា ។ អ្នក​ប្រហែល​ជា​និយាយ​ថា ម្នាក់​បាន​ខ្នះខ្នែង ឬ​ក៏​មាន​សមត្ថាភាព​ជាង ឬ​បាន​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​សេចក្ដី​លម្អិត ។ ប៉ុន្តែ​ភាព​ខុសគ្នា​ដែល​សំខាន់​បំផុត គឺ​បំណង​ស្មោះ​អស់​ពី​ចិត្ត ជាជាង​ការ​ទៅ​តាម​ទំនោរ ។ យុវជន​ដំបូង ត្រូវ​បាន​ជំម្រុញ​ចិត្ត​ដោយ​លុយ តំណែង និង​កិត្យានុភាព ។ យុវជន​ទី​ពីរ ត្រូវ​បាន​ជម្រុញ​ចិត្ត​ដោយ​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ ដើម្បី​តម្រូវ​ចិត្ត​និយោជក​របស់​គាត់ និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​ខាង​ក្នុង​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ដ៏​ល្អ​បំផុត​មួយ​រូប​ដែល​គាត់​អាច​ធ្វើ​បាន ។

តើ​អ្នក​អាច​អនុវត្ត​រឿង​ប្រៀប​ធៀប​នេះ នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ? តើ​ការ​ខិត​ខំ​របស់​អ្នក​នៅ​ក្នុង​គ្រួសារ​អ្នក នៅ​សាលារៀន នៅ​កន្លែង​ធ្វើការ និង​នៅ​ព្រះ​វិហារ មាន​ភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​បើ​អ្នក​ស្វែង​រក​ដើម្បី​ឲ្យ​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​ជានិច្ច និង​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ទ្រង់ ជម្រុញ​ដោយ​ការ​ស្រឡាញ់​ចំពោះ​ទ្រង់​វិញ​នោះ ?

III. ការ​អនុវត្ត

ចៀស​វាង​ពី​ការ​បញ្ឆោតចិត្ត—សារៈ​សំខាន់​នៃ​ការ​ផ្ដោត​អារម្មណ៍

តើ​មាន​ប៉ុន្មាន​ដង​ដែល​អ្នក​បាន​អង្គុយ​ចុះ​នៅ​មុខ​កុំព្យូទ័រ​ដើម្បី​ធ្វើ​កិច្ច​ការ​សាលា ឬ​កិច្ចការ​សម្រាប់​ការងារ ពេល​ដែល​មាន​ការ​លោត​ឡើង​ភ្លាម​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​អ្វីមួយ ដែល​ដូច​ជា​មូដ​ដែល​អ្នក​បាន​រក​កាល​ពី​ថ្មីៗ​នោះ ? បន្ទាប់​មក ពេល​អ្នក​កំពុង​រក​មើល​នៅ​ក្នុង​ហាង​តាម​អ៊ិន​ធើរណែត អ្នក​សម្គាល់​ឃើញ​ថាមាន​មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​អ្នក​ក៏​នៅ​លើ​អ៊ិន​ធើរ​ណែត​ដែរ ដូច្នេះ​អ្នក​ចាប់​ផ្ដើម​ជជែក​លេង​ជាមួយ​គេ ។ ហើយ​អ្នក​ទទួល​ការ​ជូន​ដំណឹង​មួយ​ថា​មិត្ត​ភក្ដិ​ម្នាក់​របស់​បាន​ដាក់​អ្វី​មួយ​នៅ​លើ Facebook ហើយ​អ្នក​ត្រូវ​តែ​មើល​ថា​វា​ជា​អ្វី ។ មុន​ពេល​ដែល​អ្នក​ដឹង​ខ្លួន អ្នក​បាន​បាត់​បង់​ពេល​ដ៏មាន​តម្លៃ ហើយ​បាន​ភ្លេច​ពី​មួល​ហេតុ​ដែល​អ្នក​បាន​មក​លើ​កុំព្យូទ័រ​ដំបូង​ឡើយ ។ មាន​ពេល​ជា​ច្រើន​ដង​ដែល​យើង​បាន​ទទួល​ការ​រំខាន ពេល​ដែល​យើង​គួរ​ធ្វើ​អ្វី​មួយ ។ ការ​បញ្ឆោតចិត្ត​ប្លន់​យក​ពេល​វេលា​របស់​អ្នក ជា​ពេល​ដែល​គួរ​តែ​ត្រូវ​បាន​ដាក់​ទៅ​លើ​ការ​ល្អវិញ ។ សមត្ថភាព​ដើម្បី​ផ្ដោត​អារម្មណ៍ ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការ​បញ្ឆោត​ចិត្ត​ទាំង​ឡាយ ។

ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្នា​រីករាយ​នឹង​ការ​ធ្វើ​តេស្ត ។ ដូច្នេះ យប់​នេះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​តេស្ត​យ៉ាង​រហ័ស​មួយ នៃ​សមត្ថភាព​នៃ​ការ​ផ្ដោត​អារម្មណ៍ ។ អ្នក​នឹង​ឃើញ​ថា​មាន​ពីរ​ក្រុម ៖​ក្រុម​មួយ​នឹង​ស្លៀកពាក់​ស មួយ​ទៀត​នឹង​ស្លៀកពាក់​ខ្មៅ ។ ពួក​គេ​នឹង​បោះ​បាល់​ទៅ​វិញ​ទៅ​មក ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាប់​ចំនួន​ដែល​បាន​បោះ​នៅ​ក្នុង​ក្រុម​ពណ៌​ស ។

[វីដេអូ ការ​ធ្វើ​តេស្ត​ការ​យល់​ដឹង ត្រូវ​បាន​បង្ហាញ ។]

តើ​មាន​ចំនួន​បោះ​ប៉ុន្មាន​ដែល​អ្នក​បាន​រាប់ ?

សូម​លើក​ដៃ​ឡើង បើ​អ្នក​រាប់​បាន ១៩ ​ដង ។ អ្នក​ណាខ្លះ​ថា  ២០​ដង ? អ្នក​ណាខ្លះ​ថា ២១​ដង ? អ្នក​ណាខ្លះ​ថា  22​ដង ?

ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ ២១ ។

អស់​អ្នក​ដែល​ទាយ​ថា ២១ សូម​លើក​ដៃ​ឡើង ។ ឥឡូវ​នេះ សូម​បន្ត​លើក​ដៃ​បើ​អ្នក​បាន​ឃើញ​ស្ត្រី​ជំនាស់​ម្នាក់​ដើរ ហើយរាំ​ចង្វាក់​moonwalk​ទៅវិញ​ទៅ​មក ។ ឥឡូវ​នេះ​សូម​បន្ត​លើក​ដៃ​បើ​អ្នក​ឃើញ​អ្នក​ចម្បាំង​និនចា​ម្នាក់ លេង​ជំនួស​អ្នក​លេង​ស្លៀក​ពាក់​ពណ៌​ខ្មៅ ។ តើ​អ្នក​បាន​ឃើញ​អ្នក​លេង​ស្លៀក​ពាក់​ខ្មៅ​ពាក់​មួក​ទេ ?

ឥឡូវ​សូម​មើល​ម្ដង​ទៀត ហើយ​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​មិន​បាន​ឃើញ​នៅ​លើក​ដំបូង ។

[វីដេអូ ការ​ធ្វើ​តេស្ត​ការ​យល់​ដឹង ត្រូវ​បាន​បង្ហាញ​ឡើង​វិញ ។]

យើង​នឹង​ចែកចាយ​ឲ្យ​វីដេអូ​នេះ ជាមួយ​អ្នក​នៅ​លើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​បន្ទាប់​ពី​នេះ ។

ការ​ផ្ដោត​អារម្មណ៍​របស់​យើង​មាន​សារៈ​សំខាន់​ណាស់ ។ ដូច​ជា​តេស្ត​នេះ​បាន​បង្ហាញ ជា​ធម្មតា​យើង​ឃើញ​អ្វី​ដែល​យើង​កំពុង​រក ។ ឬ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា «​ចូរ​រក នោះ​តែង​នឹង​ឃើញ​»” (លូកា ១១:៩) ។

បើ​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​ខាង​លោកិយ នោះ​យើង​អាច​បាត់​រឿង​ខាង​វិញ្ញាណ​ដែល​នៅ​ជុំវិញ​យើង ។ យើង​ប្រហែល​ជា​មិន​អាច​ទទួល​ស្គាល់​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចង់​ប្រទានដល់​យើង​ដើម្បី​ដឹក​នាំ​ជីវិត​របស់​យើង​ឲ្យ​ប្រទាន​ពរ​ដល់​អ្នក​ដទៃ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​ខាង​វិញ្ញាណ ហើយ​ជា​រឿង​ដែល​ប្រកប​ដោយ «​គុណ​ធម៌ គួរ​ឲ្យ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ​» (មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣) នោះ​យើង​នឹង​មិន​សូវ​ត្រូវ​បាន​បង្វែរ​អារម្មណ៍​ដោយ​ការ​បញ្ឆោត​ចិត្ត និង​ការ​បញ្ឆោត​ចិត្ត​ខាង​លោកិយ​ទេ ។ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​បញ្ឆោត​ចិត្ត គឺ​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​រ៉ឹងមាំ​លើ​គោល​បំណង​របស់​យើង ហើយ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ។ សូម​ប្រយ័ត្ន​នឹង​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក—កុំ​ចំណាយ​ពេល​ផ្ដោត​អារម្មណ៍​លើ​ការ​ឡើង​ភ្នំ​ត្រឹម​តែ​ដើម្បី​រក​ឃើញ​ថា​អ្នក​បាន​ឡើង​ភ្នំ​ខុស​ឲ្យ​សោះ ។

អំណាច​នៃ​រឿង​តូច​តាច

សាមសិប​ប្រាំឆ្នាំ បន្ទាប់​ពី​ខ្ញុំ «​បាន​កែតម្រូវ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​»​ហើយ​បាន​សម្រេចចិត្ត​ទៅ​បម្រើ​បេសកកម្ម កូន​ប្រុស​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ទៅ​លេង​ប្រទេស ម៉ិកស៊ិក​ជាមួយ​គាត់ ដោយ​សង្ឃឹម​ថា​នឹង​រក​ឃើញ​មនុស្ស​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​បង្រៀន ។ យើង​បាន​ចូល​រួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​មួយ​នៅ​ក្នុង​ទី​ក្រុង​តូច​នោះ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​បម្រើ​បេសកកម្ម ដោយ​គិត​ថា​ខ្ញុំ​និង​ស្គាល់​នរណាម្នាក់—ប៉ុន្តែ​គ្មាន​ម្នាក់​សោះ ។ បន្ទាប់​ពី​ការ​ប្រជុំ​នោះ យើង​បាន​សួរ​ប៊ីស្សព​បើ​គាត់​ស្គាល់​នរណាម្នាក់​ពី​បញ្ជី​ឈ្មោះ​ដែល​ខ្ញុំ​បាន​បង្រៀន ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​នោះ ។ គ្មាន​ម្នាក់​សោះ ។ គាត់​បាន​ពន្យល់​ថា គាត់​ក្លាយ​ជា​សមាជិក​ទើប​តែ​បាន​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ។ គាត់​បាន​ស្នើ​ឲ្យ​យើង​និយាយ​ទៅ​កាន់​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ជា​សមាជិក ២៧​ឆ្នាំ​មក​ហើយ—នៅ​តែ​ពិបាក តែវា​សម​នឹង​ព្យាយាម ។ ខ្ញុំ​បាន​មើល​បញ្ជី​ខ្ញុំ​ជាមួយ​គាត់​ដោយ​គ្មាន​ជោគជ័យ រហូត​ដល់​យើង​មក​ដល់​ឈ្មោះ​ចុង​ក្រោយ ៖ លីអូន័រ ឡូប៉េ ឌឺ អង់រីហ្គ ។

គាត់​បាន​និយាយ​ថា «​អូ៎ នឹង​ហើយ​» ។ «​គ្រួសារ​នេះ នៅ​ក្នុង​វួដ​មួយ​ទៀត តែ​គេ​ចូល​រួម​ក្នុង​អាគារ​នេះ ។ ការ​ប្រជុំ​សាក្រាម៉ង់​របស់​គេ​គឺ​នៅ​ម៉ោង​បន្ទាប់ ពួកគេ​គួរ​តែ​មក​ពី​នេះ​ក្នុងពេល​បន្តិច​ទៀត​» ។

យើង​ត្រូវ​ចាំ​តែ​១០​នាទី​ប៉ុណ្ណោះ​មុន​ពេល​ដែល លីអូន័រ​បាន​ដើរ​ចូល​មក​ក្នុង​អាគារ ។ ទោះ​បី​ជា​នៅ​ក្នុង​វ័យ​ជាង ៧០​ឆ្នាំ ក៏​ខ្ញុំ​នៅ​ស្គាល់​គាត់​ភ្លាម​មួយ​រំពេច ហើយ​គាត់​ក៏​ស្គាល់​ខ្ញុំ​ដែរ ។ យើង​បាន​ចែក​រំលែក​ការ​អោប​ដោយ​ទឹក​ភ្នែក​យ៉ាង​យូរ ។

គាត់​បាន​និយាយ​ថា «​យើង​បាន​អធិស្ឋាន​អស់​រយៈ​ពេល ៣៥​ឆ្នាំ​ឲ្យ​អ្នក​ត្រឡប់​មក ដើម្បី​យើង​អាច​អរគុណ​អ្នក​សម្រាប់​ការ​នាំ​យក​ដំណឹង​ល្អ​មក​ដល់​គ្រួសារ​យើង​» ។

នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ដទៃ​ទៀត​ចូល​មក​ដល់ យើង​បាន​ចែក​រំលែក​ការ​អោប និង​ទឹក​ភ្នែក ។ ខ្ញុំ​អាច​មើល​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ​តាម​កន្ទុយ​ភ្នែក​កំពុក​ឈរ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​នាក់​ដែល​កំពុង​ជូត​ទឹក​ភ្នែក​ជាមួយ​នឹង​ក្រវាត់​ក​គេ ។

វា​អស្ចារ្យ​ណាស់ នៅ​ពេល​ដែល​យើង​ចូល​រួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ហើយ​រក​ឃើញ​ថា​ប៊ីស្សព​គឺ​ជា​កូន​ប្រុស​របស់​លោក​យាយ លីអូន័រ អ្នក​លេង​ព្យាណូ​គឺ​ជា​ចៅ​ប្រុស អ្នក​ដឹក​នាំ​ភ្លេង​គឺ​ជា​ចៅស្រី យុវជន​ជាច្រើន​នាក់​ដែល​កាន់​បព្វជិត​ភាព​អើរ៉ុន​ជា​ចៅ​ប្រុស ចៅ​ស្រី​ម្នាក់​បាន​រៀប​ការ​ជាមួយ​នឹង​ទីប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​ស្តេក ។ កូន​ស្រី​ម្នាក់​បាន​រៀប​អាពាហ៍​ពិ​ពាហ៍​ជាមួយ​នឹង​ទី​ប្រឹក្សា​ក្នុង​គណៈប្រធាន​ស្តេក ។ កូន​ស្រី​ម្នាក់​ទៀត​បាន​រៀប​ការ​ជាមួយ​ប៊ីស្សព​ដែល​នៅ​វួដ​ជិត​នេះ ។ កូន​របស់​លោក​យាយ លីអូន័រ​ស្ទើរ​ទាំង​អស់​បាន​ទៅ​បម្រើ​បេសកកម្ម ហើយ​ឥឡូវ​ចៅប្រុស​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​បម្រើ​បេសកកម្ម​ផងដែរ ។

យើង​បាន​រៀន​ថា លោក​យាយ​លីអូន័រ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ​ជាង​ពួក​យើង​ទៅ​ទៀត ។ សព្វ​ថ្ងៃ​នេះ កូន​ៗ​របស់​គាត់​មាន​អំណរ​គុណ​ចំពោះ​ការ​ខិតខំ​ដ៏​ឥត​សំចៃ​របស់​គាត់ ដើម្បី​បង្រៀន​ពួក​គេ​ពី​ដំណឹង​ល្អ ៖ ពី​សារៈ​សំខាន់​នៃ​ការ​បង់​ដង្វាយ​មួយ​ភាគដប់ ព្រះ​វិហារ​បរិសុទ្ធ និង​​គម្ពីរ ការ​អធិស្ឋាន និង​សេចក្ដី​ជំនឿ​ដើម្បី​ទុក​ចិត្ត​លើ​ការ​អធិស្ឋាន ។ គាត់​បាន​បង្រៀន​ពួក​គេ​ថា ការ​សម្រេច​ចិត្ត​តូច​តាច​យូរៗ​ទៅ​នឹង​ទៅ​ជា​លទ្ធផល​ពេញ​លេញ​នៃ​សេចក្ដី​សុចរិត និង​ជីវិត​រីក​រាយ ហើយ​ពួក​គេ​បង្រៀន​គោលការណ៍​ទាំង​នោះ​ដល់​អ្នក​ដទៃ​ទៀត ។ សរុប​សេចក្ដី​មក មាន​មនុស្ស​ច្រើន​ជាង ៥០០​រយ​នាក់​ដែល​បាន​ចូល​រួម​ក្នុង​សាសនា​ចក្រ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ដ៏​អស្ចារ្យ​មួយ​នេះ ។ នោះ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឬទ័យ​ឲ្យ​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម ។ វា​បាន​បង្រៀន​ខ្ញុំ​ពី​លទ្ធផល​ដ៏​អស់កល្ប​ជានិច្ច នៃ​ការ​ស្វែង​រក​ដើម្បី​ឲ្យ​គាប់​ដល់​ព្រះហឫទ័យ​ព្រះ ។

ទាំង​អស់​នោះ​វា​ចាប់​ផ្ដើម​ពី​ការ​សន្យា​ធម្មតា​មួយ​នៅ​បាយ​ថ្ងៃ​ត្រង់ ។ ជា​រឿយ​ៗ​ខ្ញុំ​គិត​ថា បើ​លោក​វេជ្ជបណ្ឌិត ផីងគ្រី បាន​ផ្ដោត​អារម្មណ៌​លើ​អាជីព​របស់​គាត់ កិច្ចការ​ខាង​លោកិយ​ផ្សេង​ទៀត​ច្រើន​ជាង​នេះ គាត់​ប្រហែល​ជា​មិន​សួរ​ខ្ញុំ​ពី​មូល​ហេតុ​ដែល​ខ្ញុំ​មិន​ចេញ​ទៅ​បម្រើ​បេសកកម្ម​នោះ​ទេ ។ តែ​ការ​ផ្ដោត​អារម្មណ៍​របស់​គាត់​គឺ​នៅ​លើ​អ្នក​ដទៃ និង​លើ​ការ​បន្ត​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។ គាត់​ដាំ​គា្រប់​ពូជ​មួយ​ដែល​បាន​ដុះ ហើយ​បាន​ផ្ដល់​ផ្លែ និង​បន្ត​ទ្វេឡើង​ជា​ស្វ័យគុណ ។ គំនិត​ដ៏​បំផុស​គំនិត​បង្កើត​អំពើ​ល្អ អំពើ​ល្អ​បង្កើត​អំពើ​ល្អ​ផ្សេង​ទៀត ហើយ​បន្ត​រហូត​ដល់​អស់​កល្ប​ជានិច្ច ។

ម៉ាកុស ៤:២០ បាន​ចែង​ថា «​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ​» ។

គំនិត​តូច ទង្វើ​សាមញ្ញ​តែ​ពេញ​ទៅ​ដោយ​គោលបំណង អាច​មាន​ផលវិបាក​យ៉ាង​ខ្លាំង​នេះ ត្រូវ​បាន​គាំទ្រ​នៅ​ក្នុង​ព្រះ​គម្ពីរ ។ អាល់ម៉ា​បាន​បង្រៀន​កូន​របស់​គាត់ ហេលេមិន​ថា ៖

«​ដោយ​កិច្ចការ​តូចតាច និង ងាយ ទើបនាំ​ឲ្យ​កើត​កិច្ចការ​ដ៏ធំៗ​បាន ។ …

“… ដោយ​មធ្យោបាយ​ដ៏​សែន​តូច នោះ ព្រះ​អម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ជ្រប់​មុខ ហើយ​នាំ​មក​នូវ​ការ​សង្គ្រោះ​ដល់​មនុស្ស​ជា​ច្រើន​» (អាល់ម៉ា ៣៧:៦–៧) ។

មេរៀន​ដំបូង​ក្នុង​ជីវិត​គួរ​តែ​ជា​អ្វី​ដែល​ជា​អំណាច​ដ៏​អស្ចារ្យ​នៅ​ក្នុង​ផល​នៃ​ការ​លាយ​ផ្សំ​គ្នា​នៃ​រឿង​តូច​ដែល​យើង​អាច​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ។ រឿង​តូច និង​ងាយ​គឺ​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​អ្នក​ឥឡូវ​នេះ—ជា​ប្រយោជន៍​សម្រាប់​អ្នក ឬ​ប្រឆាំង​នឹង​អ្នក ។ ដូច​ជា​ព្រះ​អម្ចាស់​ប្រើ​រឿង​ទាំង​នេះ​ដើម្បី​ពង្រឹង​អ្នក សាតាំង​ប្រើ​វា​ដើម្បី​បញ្ឆោត​ចិត្ត​អ្នក ហើយនាំ​អ្នក​ឲ្យ​វង្វេង​ផ្លូវ​ដោយ​បន្តិចម្ដងៗ​ស្ទើរ​តែ​មិន​ដឹង​ខ្លួន ។

បញ្ហា​ប្រឈម​មុខ​របស់​យើង គឺ​ពេល​ដែលយើង​ឃើញ​គ្រួសារ​ដ៏​អស្ចារ្យ​មួយ ឬ​មនុស្ស​ដែល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ការ​រីក​ចម្រើន​ខាង​វិញ្ញាណ យើង​មិន​ឃើញ​ពី​ទង្វើ​តូច និង​សាមញ្ញ​ដែល​បង្កើត​វា​នោះ​ទេ ។ យើង​មើល​កីឡាករ​អូឡាំ​ពិក តែ​យើង​មិន​ឃើញ​ពី​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ហ្វឹកហាត់​ជា​ប្រចាំ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ជើង​ឯក​ទេ ។ យើង​ទៅ​ផ្សារ ហើយ​ទិញ​ផ្លែ​ឈើ​ស្រស់ តែ​យើង​មិន​ឃើញ​ការ​ដាំដុះ​នៃ​គ្រាប់​ពូជ និង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​ដ៏​ប្រុង​ប្រយ័ត្ន​ទេ ។ យើង​មើល​ទៅ​ប្រធាន មនសុន និង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ផ្សេង​ទៀត ហើយ​យើង​ដឹង​ពី​កម្លាំង​ខាង​វិញ្ញាណ និង​សេចក្ដី​ល្អ​របស់​ពួក​លោក តែ​អ្វី​ដែល​យើង​មិន​ឃើញ​គឺ​វិន័យ​ប្រចាំ​ថ្ងៃ​ដ៏​សាមញ្ញ​ដែល​ពួក​លោក​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត ។ រឿង​ទាំង​នេះ ងាយ​ស្រួល​នឹង​ធ្វើ តែ​វា​ក៏​ងាយ​ស្រួល​នឹង​មិន​ធ្វើ​ដែរ—ជា​ពិសេស​ដោយ​សារ​លទ្ធផល​មិន​ឆាប់​រហ័ស ។

យើង​រស់​នៅ​ក្នុង​ភិពភ​លោក​ដែល​វិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ។ យើង​ចង់​ទៅ​ពី​ការ​ដាំដុះ​ឲ្យ​ដល់​ការ​ច្រូត​កាត់​តែម្ដង ។ យើង​ស៊ាំ​នឹង​ការ​ទទួល​បាន​លទ្ធផល​ភ្លាម​ៗ—គ្រប់​ពេល​ដែលយើង​ត្រូវ​រង់​ចាំ​ច្រើន​ជាន​ពីរបី​វិនាទី ឲ្យ​Google​ឆ្លើយ​នឹង​គ្រប់​សំណួរ​របស់​យើង យើង​មាន​ការ​ធុញ​ទ្រាន់—តែ​យើង​ភ្លេច​ថា​លទ្ធផល​ទាំង​នេះ​គឺ​ជា​ការ​លាយ​ផ្សំនៃ​ជំនាន់​ជាច្រើន​នៃ​ការងារ និង​ការ​លះបង់ ។

អាល់ម៉ា​ផ្ដល់​ដំបូន្មាន​ដល់​ហេលេមិន​ដែល​ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ ។ គាត់​បាន​និយាយ​ថា និយាយ​ពី​លីអាហូណា និង «​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​» ដែល​បាន​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​លីហៃ «​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​» ៖

«​ពី​ព្រោះ​អព្ភូត​ហេតុ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ដ៏តូចតាច នោះ​វា​បាន​បង្ហាញ​ពួកគេ នូវ​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ។ ពួក​គេ​ខ្ជិល​ច្រអូស ហើយភ្លេច​អនុវត្ត​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម​របស់​គេ ហើយ​បន្ទាប់​មក ការណ៍​ដ៏​អស្ចារ្យ​ទាំង​នោះ​ក៏​ឈប់​មាន ហើយ​ពួក​គេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ ។

«​ឱកូន​ប្រុស​របស់​ឪពុក​អើយ ចូរ​យើង​កុំខ្ជិល​ច្រអូស​ដោយ​ព្រោះ​ផ្លូវ​ងាយ​ឡើយ ព្រោះ​នោះ​គឺ​ជា​ករណី​នៃ​ពួក​អយ្យកោ​យើង​ដែរ ព្រោះវា​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​ពួក​គេ ថា​បើ​សិន​ជា​គេ​ក្រឡេក​មើល នោះ​គេ​អាច​រស់​នៅ​ឯយើង​ក៏​ដូច្នោះ​ដែរ ។ ផ្លូវ​នោះ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច ហើយ​ងើ​សិន​ជា​យើង​នឹង​មើល នោះ​យើង​អាច​រស់​នៅ​រហូត​តទៅ ។

«​ហើយ​ឥឡូវ​នេះ ឱកូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ឲ្យ​ឃើញ​ថា​កូន​ថែរក្សា​វត្ថុ​ពិសិដ្ឋ​ទាំងនេះ មែន​ហើយ ចូរ​ឲ្យ​ឃើញ​ថា កូន​មើល​ទៅ​ព្រះ ហើយ​រស់​នៅ​» (អាលម៉ា ៣៧:៤០–៤១, ៤៦–៤៧) ។

រឿង​តូច និង​ងាយ​ស្រួល​បី

ខ្ញុំ​ចង់​សង្កត់​ធ្ងន់​លើ​វិធី​តូច និង​ងាយ​ស្រួល​បី​ដើម្បី «​មើល​ទៅ​ព្រះ​» ដែល​នឹង​ជួយ​យើង​រក្សា​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​លើ​គោល​បំណង​ដ៏​អស់​កល្ប​របស់​យើង ។ វិធី​ទាំង​នោះ​មិន​មែន​ថ្មី​សម្រាប់​អ្នក​ទេ—អ្នក​ធ្លាប់​បាន​ឮ​វា​ជា​ច្រើន​ដង​ពី​មុន​មក ។ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថាការ​ធ្វើ​តាម​វិធី​ទាំង​នេះ​យ៉ាង ខ្ជាប់ខ្ជួន ហើយ​ដោយ ស្មោះ​អស់​ពី​ចិត្ត នោះ​វា​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​មួយ​ប៉ុណ្ណោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ទាំង​អស់ ។ បើ​អ្នក​យល់—ខ្ញុំ​បាន​ន័យ​ថា​ពិត​ជា​យល់—ពី មូលហេតុ ខាង​ក្រោយ​វិន័យ​ងាយ​ទាំង​នេះ ដោយ​គ្មាន​សំណួរ អ្នក​នឹង​ធ្វើ​ឲ្យ​វា​ជា​អាទិភាព​កំពូល​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ទីមួយ ពេល​ដែល​យើង​ទទួល​សាក្រាម៉ង់ ជា​រឿយ​ៗ​យើង​គ្រាន់​តែ​ទៅ​តាម​ទំនោរ​ប៉ុណ្ណោះ ។ ពេល​ដែល​អ្នក​មើល​វីដេអូ​នេះ សូម​សម្គាល់​ការ​ផ្ដោត​អារម្មណ៍ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​ការ​ចង​ចាំ ហើយ​ពិចារណា​ពី​មូល​ហេតុ​ដែល​សំខាន់ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ «​នៅ​ពេល​ដែល​អាហារ​ពេល​យប់​ក្នុង​ឱកាស​បុណ្យ​រំលង​ដែល​បាន​រៀប​ចំ​ដោយ​ពិសេស​បាន​បញ្ចប់​ទៅ ព្រះ​យ៊េសូវ​បាន​យក​នំប៉័ង​មក​ប្រសិទ្ធពរ និង​បាន​កាច់​វា ហើយ​ប្រទាន​ទៅ​សាវក​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ថា​» ៖

ព្រះយេស៊ូវ​គ្រីស្ទ ៖ «​នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។ ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា ៖ ដើម្បី​រំឭក​ពី​ខ្ញុំ​» ។

អែលឌើរ ហូឡង់ ៖ «​ចាប់តាំង​ពីបទ​ពិសោធន៍​នៅបន្ទប់​ខាង​លើនោះ រហូត​ដល់​ល្ងាច​នៅក្នុង​សួនច្បារ​គេ​សាម៉ានី និង​នៅ​គាល់​កូថា​មកនោះ កូន​ចៅនៃ​សេចក្ដី​សន្យា​នោះ​បាន​ស្ថិត​នៅ​ក្រោម​សេចក្ដី​សញ្ញា​ដើម្បី​រំឭក​ចាំ​ដល់​ពលិកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​របៀប​ថ្មី ខ្ពស់ បរិសុទ្ធ និង​ផ្ទាល់​ខ្លួន​ច្រើន​ជាង​មុន ។ ជាមួយ​នឹង​ទឹក​មួយ​ពែង​តូច យើង​ចង​ចាំពី​ការ​បង្ហូរ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ និង​ពីជម្រៅ​នៃ​ការ​រង​ទុក្ខ​ខាង​វិញ្ញាណ​របស់​ទ្រង់ ។

«​ជា​មួយ​នឹង​ចំណែក​នំប៉័ង ដែល​តែង​តែ​កាច់ ប្រសិទ្ធពរ និង​ចែក​ជូន​ជា​មុន យើង​រំឭកចាំ​ពី​ព្រះកាយ​ដែល​រង​ទុក្ខ និង​ព្រះ​ទ័យ​សង្រេង​របស់​ទ្រង់ ។

«​នៅ​ក្នុង​ភាសា​ដ៏​សាមញ្ញ និង​ពិរោះ​ក្នុង​ការ​អធិស្ឋាន​អភិសេក​នំប៉័ង និង​ទឹក​របស់​សង្ឃ​វ័យ​ក្មេង​ទាំង​នោះ ពាក្យ​សំខាន់​ដែល​យើង​ឮ​ហាក់​ដូច​ជា​ពាក្យ ចងចាំ ។

«​បើ​ការ​រំឭក​ចាំ​ជា​ភារកិច្ច​សំខាន់​ចំពោះយើង តើ​អ្វី​ទៅ​ដែល​អាច​មក​ក្នុង​ការ​ចងចាំ​របស់​យើង ពេល​ដែល​និមិត្តរូប​ដែល​ច្បាស់លាស់ និង​មាន​តម្លៃ​ទាំង​នោះ​បាន​ផ្ដល់​ឲ្យ​យើង​» ?

ព្រះយេស៊ូវ​គ្រីស្ទ ៖ «​ហើយ​ការណ៍​នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ហើយ​ការណ៍​នេះ​នឹង​ទៅ​ជា​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​ចង​ចាំង​ដល់​យើង​ជានិច្ច ។ ហើយ​បើ​សិន​ជា​អ្នករាល់​គ្នាចងចាំ​ដល់ យើង​ជានិច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ​វិញ្ញាណ​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​» ។

អត្ថបទ​នៅ​លើ​អេក្រង់ ៖ តើ​អ្នក​និង «​រំឭក​ចាំ​ដល់​ទ្រង់​ជា​និច្ច​»​ដោយ​របៀបណា ?5

ពេល​ដែល​យើង​ចង​ចាំ​ទ្រង់​ជានិច្ច ហើយ​រក្សា​ព្រះ​បញ្ញត្តិទាំង​ឡាយ សូម​គិត​ពី​របៀប​ក្នុង​ផល​នៃ​ការ​លាយ​ផ្សំ​គ្នា​នៃ​ការ​មាន​ព្រះ​វិញ្ញាណ​ទ្រង់​នៅ​ជា​មួយ​យើង​ជានិច្ច នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​វិស័យ​នៃ​ជីវិត​របស់​យើង ។ សូម​ស្រមៃ​ពី​របៀប​ដែល​វា​នឹង​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​របស់​យើង និង​ការ​ដឹង​ពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ។

មាន​វិធី​ផ្សេង​ៗ​រាប់​មិន​អស់​ដែល​យើង​អាច​រក្សា​ការ​សន្យា​របស់​យើង ដើម្បី​ចង​ចាំ​ពី​ព្រះ​អង្គ​សង្រ្គោះ​ជា​រៀង​រាល់​ថ្ងៃ​។ តើ​អ្នក​នឹង​ចង​ចាំ​ទ្រង់​ជានិច្ច​ដោយ​របៀប​ណា ?

មនុស្ស​ស្ទើ​គ្រប់​រូប​និយាយ​ថា «​អធិស្ឋាន ហើយ​សិក្សា​ពី​ព្រះ​គម្ពីរ​» ។ នោះ​អ្នក​ត្រឹម​ត្រូវ​ហើយ បើសិន វា​ជា​ការ​ប្រហែល​ដ៏​ធំ បើ, វា​ត្រូវ​បាន​ធ្វើ​ដោយ​បំណង​ស្មោះ​អស់​ពី​ចិត្ត ។

ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ គឺ​ជា​បន្ទាប់​ពី​រឿង​តូច និង​ងាយ​ពីរ​ដែល​ខ្ញុំ​ចង់​លើក​ឡើង ។

ព្រះអម្ចាស់​ជ្រាប​យ៉ាង​ច្បាស់​ពី​របៀប​ការ​អធិស្ឋាន​ដែល​គ្មាន​ប្រសិទ្ធភាព​របស់​យើង ពេល​ដែល​យើង​និយាយ​ចេញ​ពី​ទម្លាប់ ៖ «​គេ​[នឹង]​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាក្រក់ បើសិន​ជា​គេ​អធិស្ឋាន ហើយ​បើ​មិន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ មែន​ហើយ ការ​អធិស្ឋាន​នោះ​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ដល់​ជន​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ពុំ​ទទួល​មនុស្ស​បែបនេះ​ទេ​» (មរ៉ូណៃ ៧:៩) ។

ការ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត បើក​ទ្វារ​ទាំង​សងខាង​នៃ​ការ​សន្ទនា​ជាមួយ​ព្រះ​វរបិតា​សួគ៌​របស់​យើង ដោយ​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​តាម​ដំបូន្មាន​អ្វី​ដែល​ទ្រង់​ប្រទាន​ឲ្យ ។ «​ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ច​ការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹក​នាំ​កូន​ទៅ​រក​ការ​ល្អ មែន​ហើយ កាល​ណាកូន​ដេក​ចុះ​នៅ​ពេល​យប់ ចូរ​ដេក​នៅ​ក្នុង​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែ​ទាំ​កូន ពេល​កូន​ដេក ហើយ​ពេល​កូន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ចិត្ត​កូន​ពោរពេញ​ទៅ ដោយ​អំណរ​គុណដល់​ព្រះ ហើយ​បើ​សិន​ជា​កូន​ធ្វើ​ការ​ទាំង​នេះ នោះ​កូន​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​» (អាលម៉ា ៣៧:៣៧) ។

ការអធិស្ឋាន និង​ការ​សិក្សា​ព្រះ​គម្ពីរ ជា​ធម្មតា​ទៅ​ជាមួយ​គ្នា ។ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី​សម័យ​ទំនើប នោះ​វា​ពង្រឹង​កម្លាំង​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន ។ គំរូ និង​ការ​ព្រមាន​ទាំង​ឡាយ​ដែល​រក​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ អប់រំ​បំណង​ប្រាថ្នា​របស់​យើង ។ នេះ​ជា​របៀប​ដែល​យើង​រីក​ចម្រើន​ទៅ​ការ​យល់​ដឹង​ពី​ព្រះ​គំនិត និង​ព្រះ​ទ័យ​របស់​ព្រះ​អម្ចាស់ ។

ពួក​ព្យាការី​ពី​ដើម និង​បច្ចុប្បន្ន​បាន​អង្វរក​ដល់​យើង​ឲ្យ​ធ្វើ​កិច្ចការ​តូច ហើយ​ងាយ ដូច​ជា​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះ​គម្ពីរ ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​គ្រប់​រូម​មិន​ធ្វើ​ដូច្នេះ ? ប្រហែល​ជា​ហេតុ​ផល​មួយ​គឺ​ថា យើង​គ្មាន​លទ្ធផល​អវិជ្ជមាន​ទេ បើ​យើង​មិន​ធ្វើ​វា​មួយ ឬ​ពី​ថ្ងៃ​នោះ—ដូច​ជា​ធ្មេញ​អ្នក​មិន​ពុក​ដែរ ហើយ​បាក់ បើ​អ្នក​ភ្លេច​ដុះ​វា​មួយ​ពេល​នោះ ។ លទ្ធផល​ភាគ​ច្រើន វិជ្ជមាន និង​អវិជ្ជមាន និង​មក​មុន ឬ​ក្រោយ​ប៉ុណ្ណោះ ។ តែ​វា នឹង មកដល់ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ដាំ​ដើម​ឈើ​ពីរ​ដើម​ដូច​គ្នា ហើយ​កម្ពស់​ស្មើ​គ្នា​នៅ​វាល​ក្រោយ​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដាំ​ដើមមួយ​ដែល​បាន​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​តិចតួច​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​បាន​ដាំ​មួយ​ដើម​ទៀត​ដែល​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់ ។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មិន​សម្គាល់​ឃើញ​ពី​ភាព​ខុស​យ៉ាង​ខ្លាំង​ពី​ការ​រីកលូត​លាស់​របស់​ដើមឈើ​ទាំង​ពីរ​ដើម​នោះ​ទេ ហើយ​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម​បី​ឆ្នាំ ។ ពេល​ដែល​យើង​ត្រឡប់​មក​វិញ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ភាព​ខុស​ប្លែង​យ៉ាង​ខ្លាំង​! ផល​នៃ​ការ​លាយ​ផ្សំ​គ្នា​នៃ​ពន្លឺ​ច្រើន​ជាង​បន្តិច​នៃ​ថ្ងៃ​នីមួយៗ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​ដ៏​ធំ—តាម​ពេល​វេលា—ក្នុង​ការ​រីកលូត​លាស់​នៃ​ដើម​ឈើ​ទាំង​ពីរ​ដើម ។ មាន​រឿង​ដូច​គ្នា​កើត​ឡើង​ក្នុង​ជីវិត​យើង ពេល​ដែល​យើង​ប្រឈម​ខ្លួន​យើង​នឹង​ពន្លឺ​ទាំង​អស់​ជា​រៀង​រាល់​ថ្ងៃ ។ យើង​ប្រហែល​មិន​អាច​សម្គាល់​ឃើញ​ភ្លាម​ពី​ការ​ផ្លាស់​ប្ដូរ តែ​ត្រូវ​បាន​ធានា​ថា​ការ​ផ្លាស់​ប្ដូរ​និង​កើត​មាន​នៅ​ក្នុង​អ្នក ហើយ​លទ្ធផល​នឹង​ជាក់​ច្បាស់​តាម​ពេល​វេលា ។

គំនិត​ដ៏​សាមញ្ញ​នៃ​ការ​លាយ​ផ្សំ​គ្នា​នៃ​វិន័យ​ប្រចាំ​ថ្ងៃ​នេះ ដោយ​គោល​បំណង និង​ស្មោះ​អស់​ពី​ចិត្ត អាច​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ គ្រប់ ក្នុង​វិស័យ​នៃ​ជីវិត​អ្នក ។ វា​អាច​មាន​ន័យ​ពី​ភាព​ខុស​គ្នា​រវាង​ការ​តស៊ូ​តាម​រយៈ​ជីវិត​សាមញ្ញ ឬ​ត្រូវ​ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រៃលែង និង​ការ​បំពេញ​រង្វាស់​នៃ​ការ​បង្ក​បង្កើត​របស់​អ្នក ។

ជា​ញឹក​ញាប់​ខ្ញុំ​បាន​ក្រឡេក​ក្រោយ​មើល​ជីវិត​របស់​ខ្ញុំ ហើយ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ពិបាក​ម្លេះ​សម្រាប់​ខ្ញុំ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ វា​មាន​ការ​ពិបាក​ដោយ​សារ​ខ្ញុំ​ត្រូវ​បាន​រំខាន—ខ្ញុំ​មើល​មិន​ឃើញ​ពី​គោល​បំណង​ដ៏​អស់​កល្ប​របស់​ខ្ញុំ ។ បំណង​ប្រាថ្នា និង​ឆន្ទៈ​របស់​ខ្ញុំ​គឺ​មិន​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ បើ​មិន​ដូច្នោះ​ទេ​ការ​សម្រេច​ចិត្ត​នឹង​ងាយ​ស្រួល​ជាង​នេះ ។ ហើយ​តើ​ហេតុ​អ្វី​បាន​ជា​វា​មិន​ស្រប​តាម​ដូច្នេះ ? ខ្ញុំ​បាន​ទៅ​ព្រះ​វិហារ ហើយ​ទទួល​យក​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ—តែ​មិន​ខ្ញុំ​មិន​បាន​ផ្ដោត​លើ​អត្ថន័យ​ពិត​របស់​វា​ទេ ។ ខ្ញុំ​បាន​អធិស្ឋាន តែ​ភាគច្រើន​ធ្វើ​ទៅ​តាម​ទំនោរ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ តែ​ម្ដង​ម្កាល ហើយ​មិន​បំណង​ស្មោះ​អស់​ពី​ចិត្ត​ទេ ។

ដូច​ដែល​អ្នក​បាន​ស្ដាប់​នៅ​ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា​អ្នក​បាន​មាន​អារម្មណ៍​ពី​វា តាម​រយៈ​ការ​ខ្សឹបប្រាប់​ពី​ព្រះ​វិញ្ញាណ នូវ​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដោយ​ការ​តាំង​ចិត្ត និង​ការ​ផ្ដោត​អារម្មណ៍ ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំង​ឡាយ ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ដោយ​គំនិត នៃ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ហើយ ឬ​មិន​ទាន់​បាន​ធ្វើ​ឡើយ ។ ចូរ​ឲ្យ​ព្រះ​អង្គ​សង្រ្គោះ​ជូត​ក្ដារ​ឲ្យ​ស្អាត ។ សូម​ចង​ចាំ​ពី​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល ៖ «​ដរាប​ណា​ពួក​គេ​ប្រែ​ចិត្ត ហើយ​ស្វែង​រក​ការ​អត់​ទោស ដោយ ស្មោះ​អស់​ពី​ចិត្ត នោះ​ពួក​គេ​តែង​តែ​នឹង​បាន​អត់​ទោស​ឲ្យ​» (មរ៉ូណៃ ៦:៨; គូស​បញ្ជាក់​បន្ថែម) ។

សូម​ចាប់​ផ្ដើម​ឥឡូវ​នេះ ។ រស់នៅ​ក្នុងជីវិត​ដែល​ពោរពេញ​ដោយ​គោល​បំណង ។ ដាក់​អំណាច​នៃ​ការ​លាយ​ផ្សំ​នៃ​វិន័យ​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​មាន​របៀប ក្នុង​វិស័យ​ដែល​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។ ខ្ញុំ​សន្យាថា មួយ​ឆ្នាំ​បន្ទាប់​ពី​ពេល​នេះ អ្នក​នឹង​រីក​រាយ​ថា​អ្នក​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ឬ​ស្ដាយ​ថា​មិន​បាន​ចាប់​ផ្ដើម​មុន​នេះ ។

ខ្ញុំ​ចង់​ឲ្យ​អ្នក​ពិចារណ​លើ​សំណួរ​ទាំង​បី​នេះ ។ ខ្ញុំ​សូម​ឲ្យ​អ្នក​ចែក​ចាយ​ចម្លើយ​របស់​អ្នក​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដោយ​ប្រើ #ldsdevo ។

ទីមួយ ៖ តើ​អ្នក​អាច​ធ្វើ​វា​បាន​ទេ ? តើ​វា​អាចទៅ​រួច​សម្រាប់​អ្នក​ធ្វើ​រឿង​តូច និង​ងាយ​ទាំង​នេះ​ទេ ? តើ​អ្នក​អាច​ខិតខំ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ដើម្បី «​ចង​ចាំ​ទ្រង់​ជានិច្ច​» (គ&ស ២០:៧៧, ៧៩)​បាន​ទេ ? តើ​អ្នក​ចំណាយ​ពេល​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​សិក្សា​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ទេ ?

ទី​ពីរ ៖ តើ​វា​នឹង​ដំណើរ​ការ​ដែរឬ​ទេ ? តើ​អ្នក​ពិត​ជា​ជឿ​លើ​ការ​សន្យា​របស់​ព្រះ​អម្ចាស់​ទេ ? តើ​អ្នក​ជឿ​ថា​ផល​នៃ​ការ​លាយ​ផ្សំ​នៃ​ការ​មាន​ព្រះ​វិញ្ញាណ​ទ្រង់​ជានិច្ច នឹង​មាន​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​លើ​គ្រប់​ផ្នែក​នៃ​ជីវិត​អ្នក​ទេ ?

នៅ​ទំ​បញ្ចប់ ៖ តើ​វា​មាន​តម្លៃ​ទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា វា មាន តម្លៃ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ខុស​ប្លែក​ទាំង​ស្រុង ។ ពេល​ដែល​អ្នក​ធ្វើ​កិច្ច​ការ​ទាំង​នេះ អ្នក​នឹង​រក​ឃើញ​ថា «​ហេតុ​ផល​»​ដែល​សំខាន់​បំផុត ក្រោយ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ គឺ​ថា​អ្នក​ស្រឡាញ់​ព្រះ​អម្ចាស់ ហើយ​ទទួល​ស្គាល់​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​អ្នក ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ​ក្ដី​រីក​រាយ​ដ៏​អស្ចារ្យ​ក្នុង​ការ​ស្វែង​រក​របស់​អ្នក សម្រាប់​ភាព​ឥតខ្ចោះ និង​ការ​យល់​ដឹង ហើយ​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. លីអូ ថុលស្ទយ ក្នុង ភីធើ  ធី វាយ «​The World of Tolstoy,” National Geographic, ខែ មិថុនា ឆ្នាំ ១៩៨៦, ទំព័រ ៧៦៧, ៧៩០ ។

  2. ឧទ្ទិស​ដល់ ម៉ាក ថ្វិន ។

  3. ថាដ អរ ខាលីស្ទើរ « Our Identity and Our Destiny​» (​សាកលវិទ្យល័យ ព្រិកហាំ យ៉ង់ សប្ដាហ៍​អប់រំ​ការ​ប្រជុំ​ធម្មនិដ្ឋាន ថ្ងៃ​ទី ១៤ ខែ សីហា  ឆ្នាំ ២០១២​) ទំព័រ  ៩ speeches.byu.edu ។

  4. «​Apology​» ការ​សន្ទនា​របស់​លោក​ផ្លាតូ ការ​បក​ប្រែ ។ បេនយ៉ាមីន ចូវិត ៣៨a

  5. ដក​ស្រង់​ចេញ​ពី​វីដេអូ «​រំឭក​ចាំ​ដល់​ទ្រង់​ជានិច្ច​»​lds.org/media-library សូម​មើល​ផងដែរ ជែហ្វ្រី អ័រ ហូឡិន «​This Do in Remembrance of Me​» Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៧–៦៨ ។