ការភ្លក់នូវពន្លឺ
ល្ងាចមួយជាមួយនឹងអែលឌើរ លីនជី. រ៉ូប៊ីន ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក• ថ្ងៃទី ៣ខែ ឧសភា ឆ្នាំ ២០១៥ • រោងឧបោសថសលត៍ លេក
បងប្អូនប្រុសស្រី សូមស្វាគមន៍មកកាន់ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ដោយមានការស្វាគមន៍ដ៏ពិសេសដល់ប្អូនៗដែលនឹងទទួលសញ្ញាបត្រពីថ្នាក់សិក្ខាសាលានៅឆ្នាំសិក្សានេះ—ជាសមិ្មទ្ធផលមួយគួរឲ្យសរសើរ និង ជាភស្តុងតាងនៃសេចក្តីជំនឿ និង ក្តីស្រឡាញ់របស់ប្អូនៗចំពោះព្រះអម្ចាស់ ។ ខ្ញុំសូមអញ្ជើញប្អូនៗឲ្យធ្វើតាមគំរូរបស់មនុស្សជាច្រើនផ្សេងទៀតដែលនៅទីនេះនារាត្រីនេះ ហើយបន្តស្វែងរកការសិក្សាខាងវិញ្ញាណនៅក្នុងថ្នាក់វិទ្យាស្ថានសាសនានៅក្នុងមូលដ្ឋាន ឬ នៅសាកលវិទ្យាល័យសាសនាចក្រ ។ ខ្ញុំសូមសន្យានឹងប្អូនៗថា ប្អូនៗនឹងបន្តទទួលការណែនាំដ៏សំខាន់សម្រាប់ការសម្រេចចិត្តផ្សេងៗទៀតនៅក្នុងជីវិត ព្រមទាំងជួបមនុស្សដែលនឹងជះឥទ្ធិពលយ៉ាងសំខាន់នៅក្នុងជីវិតប្អូនៗ ។
នាយប់នេះ ប្អូននឹងស្ដាប់ឮខ្ញុំថ្លែងជាសាក្សីអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ប្អូនៗនឹងស្តាប់ឮខ្ញុំប្រើពាក្យ « ខ្ញុំដឹង » ជាច្រើនដង ។ ខ្ញុំចង់ពិពណ៌នាដល់ប្អូនៗអំពីរបៀបដែលខ្ញុំបានដឹងថាទ្រង់គឺពិតជាព្រះរាជបុត្រានៃព្រះ ព្រះប្រោសលោះ និង ព្រះអង្គសង្គ្រោះនៃពិភពលោក ហើយថាដំណឹងល្អរបស់ទ្រង់ពិត ។
ខ្ញុំក៏ចង់ជួយប្អូនៗឲ្យមើលឃើញថាទីបន្ទាល់ប្អូនៗអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អទ្រង់ គឺរឹងមាំលើសជាងអ្វីដែលប្អូនអាចគិតទៅទៀត ។
តើទីបន្ទាល់ខ្ញុំនៅកន្លែងណានៅលើក្រាហ្វិកនៃសេចក្តីជំនឿ ?
ខ្ញុំចង់ចាប់ផ្តើមដោយឲ្យអ្នកវាស់វែងពីសតិអារម្មណ៍របស់ខ្លួនឯង ។ សូមមើលខ្សែនៅលើរូបភាពនេះ ហើយផ្តល់ពិន្ទុមួយអំពីទីបន្ទាល់របស់ប្អូនៗនៅលើក្រាហ្វិកនៃ សេចក្តីជំនឿនេះ ៖
នៅខាងក្រោមគឺជាអ្នកបដិសេធព្រះ ។ យើងនឹងដាក់ពិន្ទុសូន្យលើអ្នកបដិសេធព្រះ ។ នៅខាងលើនៃរង្វាស់នេះគឺលេខ ១០ ឬ មានដំរិះដ៏ឥតខ្ចោះពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អទ្រង់ ។ តើប្អូនៗនឹងដាក់ខ្លួននៅកន្លែងណានៅលើក្រាហ្វិកនេះ ? ខ្ញុំគិតថាប្អូនៗជាច្រើននឹងចង់ដាក់ពិន្ទុខ្លួនឯងឲ្យទាបជាងអ្វីដែលប្អូនៗសមនឹងបានទទួល ។
សូមចាំពីពិន្ទុដែលប្អូនៗបានដាក់ឲ្យខ្លួនឯង ដើម្បីឃើញថា តើវាកើនឡើងឬទេអំឡុងវគ្គសិក្សានៃបទបង្ហាញនេះ នៅពេលយើងពិភាក្សាលើកត្តាកសាងជំនឿនានានៃទីបន្ទាល់មួយ និង របៀបដែលកត្តានិមួយៗជួយយើងឈានដល់ចំណុចខ្ពស់បំផុតនៅលើក្រាហ្វិកនៃសេចក្តីជំនឿ ហើយមានបទពិសោធន៍នៃភាពសុខសាន្ត និង សុភមង្គលកាន់តែប្រសើរឡើង ។
អាលម៉ា អញ្ជើញមនុស្សម្នាក់ៗឲ្យចាប់យកជំហានទីមួយឲ្យដើរឆ្ពោះទៅមុខនៅលើក្រាហ្វិកនៃសេចក្តីជំនឿជាមួយនឹង « ការពិសោធន៍ដល់ពាក្យសម្តីរបស់ខ្ញុំ ហើយអនុវត្តសេចក្តីជំនឿមួយភាគតូច មែនហើយគឺបើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយក្រៅពីការ ចង់ ជឿ » (អាលម៉ា ៣២:២៧; ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ការចង់បាន
រូបខាងក្រោមនេះបង្ហាញពីប្រាជ្ញានៃការចាប់យកជំហានទីមួយនៃការចង់បាន ។
នៅក្នុងឆ្នាំ ១៦២៣ គណិតវិទូបារាំងដ៏មានទេពកោសល្យពីធម្មជាតិ និង ជាអ្នករកឃើញរូបមន្តគណិតវិទ្យា ឈ្មោះ ប្លេស ប៉ាស្កាល បានចាប់កំណើត ។ ក្នុងចំណោមការរកឃើញផ្សេងទៀតរបស់លោក គឺជាទ្រឹស្តីប្រូបាបនៃគណិតវិទ្យា ដែលផ្តល់នូវវិទ្យាសាស្ត្រអំពីទ្រឹស្តីនិទានជម្រើស—ជាយុទ្ធវិធីសមហេតុផលមួយសម្រាប់ធ្វើការសម្រេចចិត្តដែលអាចល្អបំផុត ។ ជាមួយនឹងទ្រឹស្តីនៃការសម្រេចចិត្ត នោះប៉ាស្កាល បានអង្កេតមើលយ៉ាងប៉ិនប្រសប់ថា នៅក្នុងល្បែងនៃជីវិត មនុស្សមិនអាចចៀសផុតពីការប្រថុយដ៏ធំបំផុតនៃជីវិតទេ ៖ ទោះជាមាន ឬ គ្មានព្រះក៏ដោយ ។ វាត្រូវបានគេស្គាល់ថាជាល្បែងប៉ាស្កាល ជាមួយនឹងជីវិតរបស់មនុស្សម្នាក់—ឬ ច្រើនជាងជាពិសេសជីវិតអស់កល្បជានិច្ចរបស់គាត់ ឬនាង—នៅចំណុចមួយដូចដែលបានបង្ហាញនៅក្នុងរូបភាពនេះ ៖
នៅក្នុងជួរឈរលើគេមានជម្រើសពីរ ៖ មាន ឬគ្មានព្រះ ។ នៅក្នុងជួរដេកក៏មានជម្រើសពីរផងដែរ ៖ ខ្ញុំអាចជ្រើសដើម្បីជឿក៏បាន មិនជឿក៏បាន ។
លទ្ធផលរួមដែលអាចកើតបានមានដូចខាងក្រោម ៖
-
បើសិនមានព្រះ ហើយខ្ញុំជឿ និង ធ្វើតាមទ្រង់ នោះខ្ញុំអាចគ្រងជីវិតអស់កល្បជានិច្ច ។
-
បើសិនខ្ញុំជឿ តែគ្មានព្រះវិញ នោះខ្ញុំពុំបានបាត់បង់អ្វីឡើយ ។
-
បើសិនខ្ញុំពុំជឿ ហើយក៏ពុំគោរព ឬធ្វើតាមព្រះ តែទ្រង់ពិតជាមានមែននោះ នោះខ្ញុំធ្វើឲ្យបាត់បង់ជីវិតដ៏នៅអស់កល្បជានិច្ចហើយ ។
-
បើសិនខ្ញុំជឿ តែគ្មានព្រះវិញ នោះខ្ញុំពុំបានទទួលអ្វីឡើយ ។
-
ល្បែងប៉ាស្កាលជជែករកហេតុផលថា ជម្រើសនៃការសម្រេចចិត្តគឺជឿលើការមានព្រះ ហើយថាមានតែមនុស្សឆ្កួតទេដែលភ្នាល់ប្រឆាំងទាស់នឹងការមានព្រះ ព្រោះថាគាត់បាត់បង់អ្វីៗគ្រប់យ៉ាង ហើយពុំបានទទួលអ្វីៗគ្រប់យ៉ាងស្រេចទៅហើយ ។
កូនប្រុសខ្ជះខ្ជាយនឹងជជែករកហេតុផលថា ឱកាសដែលគាត់បាត់បង់នោះគឺ « ផឹក ស៊ីហើយអរសប្បាយ » (នីហ្វៃទី ២ ២៨:៧)—គឺជារង្វាន់លួងចិត្តដ៏អន់មួយ នៅពេលអ្នកគិតអំពីអ្វីដែលនឹងបានទទួល ។ គាត់អាច « បានសេចក្តីអំណរនៅក្នុងកិច្ចការទាំងឡាយ [ របស់ខ្លួន ] មួយរដូវតែប៉ុណ្ណោះ [ ហើយ ] មិនយូរមិនឆាប់ទីបញ្ចប់នឹងមកដល់ » (នីហ្វៃទី ៣ ២៧:១១) ។ ក្តីសុបិនរបស់គាត់អំពីការកម្សាន្តដែលឥតដែនកំណត់ និង ភាពសប្បាយឆូឆរក្លាយជាសុបិនអាក្រក់ដែលអន្ទោលតាមប្រាណដោយសារ គាត់បានភ្ញាក់ខ្លួននៅគ្រាមួយបន្ទាប់ពីបទពិសោធន៍ដ៏ឆ្កួតលីលាដែលមាននៅក្នុងជីវិត ហើយមើលឃើញដោយខ្លួនឯងថា « សេចក្តីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » (អាលម៉ា ៤១:១០) ហើយក្រោយមក នៅថ្ងៃជំនុំជម្រះគឺនៅពេលគាត់ « នឹងទទួលស្គាល់នៅចំពោះព្រះថា សេចក្តីជំនុំជម្រះរបស់ទ្រង់គឺត្រឹមត្រូវ » (ម៉ូសាយ ១៦:១) ។ នៅពេលនោះគាត់ដឹងថា គាត់ត្រូវបានបោកបញ្ឆោតដោយមេបោក ជាមួយនឹងផ្លាកយីហោនៃសេចក្តីវេទនាដ៏គួរឲ្យទាក់ទាញដែលបានបង្ហាញថាជាការកម្សាន្តទៅវិញ ។ ហេតុដូច្នេះហើយ « កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ » (សុភាសិត ២៣:១៧) ។
ជាការណ៍ល្អណាស់ដែលមានឱកាសទីពីរសម្រាប់កូនប្រុសខ្ជះខ្ជាយនោះ—គឺជាមេរៀនអស្ចារ្យមួយដែលព្រះអង្គសង្គ្រោះរំពឹងចង់ឲ្យយើងរៀនពីរឿងប្រដូចនេះ ( សូមមើល លូកា ១៥:១១–៣២) ។
ដាំគ្រាប់ពូជ—ចូរចាប់ផ្តើមរៀនសូត្រ
អាលម៉ាពិពណ៌នាជំហានបន្ទាប់ថា ៖
« នោះសូមឲ្យចំណង់នេះ មាននៅក្នុងខ្លួនអ្នកគឺរហូតដល់អ្នកអាចទុកកន្លែងមួយសម្រាប់ពាក្យសម្តីរបស់ខ្ញុំមួយភាគចុះ ។
« ឥឡូវនេះ យើងនឹងប្រៀបធៀបព្រះបន្ទូលទៅនឹងគ្រាប់ពូជមួយគ្រាប់ ។ ឥឡូវនេះបើសិនជាអ្នករាល់គ្នា [ ទុកកន្លែងមួយ ] សម្រាប់ឲ្យគ្រាប់ពូជនោះ . … អាចដុះក្នុងចិត្តរបស់អ្នក » (អាលម៉ា ៣២:២៧–២៨) ។
ដាំគ្រាប់ពូជមានន័យថា ឥឡូវនេះអ្នកបានធ្វើសកម្មភាពលើបំណងប្រាថ្នាជាមួយនឹងការចង់ដឹងដ៏បំផុសគំនិតនៅក្នុងការពិសោធន៍ ។ ឥឡូវនេះអ្នកបានចាប់ផ្តើមដំណើរការនៃការរៀនសូត្រ ។
យោងតាមខគម្ពីរ ដំណើរការរៀនសូត្រនេះគួរតែធ្វើឡើងពីររបៀប ។ « ហើយដូចជាមនុស្សពុំមានសេចក្តីជំនឿទាំងអស់គ្នា នោះចូរអ្នករាល់គ្នាព្យាយាមស្វែងរក ហើយបង្រៀនគ្នាទៅវិញទៅមក នូវពាក្យសម្តីនៃប្រាជ្ញាវាងវៃ មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសម្តីនៃប្រាជ្ញាវាងវៃចេញពីសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរក ការរៀនសូត្រ គឺ ដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » (គ និង ស ៨៨:១១៨; ការសង្ងត់ន័យត្រូវបានបន្ថែម ) ។
ព្រះគម្ពីរក៏បានបង្រៀនយើងផងដែរអំពីវិធីពីរយ៉ាងនៃការសិក្សាតាមរយៈព្រះវិញ្ញាណបង្រៀនយើង ៖
« មែនហើយមើលចុះយើងនឹងប្រាប់អ្នកនៅក្នុង គំនិត របស់អ្នក និង នៅ ក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធដែលនឹងសណ្ឋិតមកលើអ្នក ហើយដែលនឹង គង់នៅក្នុងចិត្តរបស់អ្នក ។
« ឥឡូវនេះ មើលចុះ នេះគឺជាវិញ្ញាណនៃវិរវណៈ » (គ និង ស ៨:២–៣; ការសង្កត់ន័យត្រូវបានបន្ថែម ) ។
យុទ្ធវិធីរៀនសូត្រឲ្យស្របគ្នា និង បណ្ដាញនៃការរៀនសូត្រ
ពីមុនត្រឡប់ទៅក្រាហ្វិកសេចក្តីជំនឿវិញ ខ្ញុំចង់បង្ហាញពីទំនាក់ទំនងរវាងយុទ្ធវិធីពីរយ៉ាង និង បណ្ដាញនៃការរៀនសូត្រពីរយ៉ាង ។ ទំនាក់ទំនងរវាងចំណុចទាំងពីរនេះគួរតែផ្តល់ការយល់ដឹងដ៏មានប្រយោជន៍ដល់ប្អូនស្តីអំពីរបៀបដែលយើងបន្តរីកចម្រើនលើក្រាហ្វិកនៃសេចក្តីជំនឿ ។
នៅពេលយ៉ូសែប ស្ម៊ីធបានរៀនអំពីការអធិស្ឋាន ដោយសារការសិក្សានោះលោកបានអាននៅក្នុងព្រះគម្ពីរប៊ីបថា « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » (យ៉ាកុប ១:៥) ។
យ៉ូសែប បានរៀនអំពីការអធិស្ឋាន ដោយសារសេចក្តីជំនឿ នៅពេលលោកបានធ្វើសកម្មភាពលើសេចក្តីជំនឿរបស់លោក ហើយបានចូលទៅក្នុងព្រៃពិសិដ្ឋ ព្រមទាំងអធិស្ឋាន ។
រូបភាពពីរនៅខាងលើបំផុតគឺជាបណ្ដាញពីរនៃការរៀនសូត្រ—គំនិត និង ដួងចិត្ត ។
ការភ្ជាប់ការរៀនសូត្រ ដោយការសិក្សាជាមួយនឹងគំនិត
នៅពេលយើងស្វែងរកការរៀនសូត្រដោយការសិក្សា នោះព្រះអម្ចាស់មានបន្ទូលមកក្នុងគំនិតយើងតាមរយៈការបំផុសគំនិត ។ ក្នុងចំណោមពាក្យផ្សេងៗទៀតដែលទាក់ទងនឹងទំនាក់ទំនងនៃ « ការសិក្សា » និង « គំនិត » យើងអាចបន្ថែមចំណុចខាងក្រោម ៖ គំនិត ចំណាប់អារម្មណ៍ ការចង់ដឹង ការពិនិត្យមើល ការសិក្សា ការស្រាវជ្រាវ ការគិត ចម្ងល់ និងការពិចារណា ។
សំណួរបំផុសគំនិតបណ្តាលឲ្យមនុស្សម្នាក់ពិចារណា ហើយការពិចារណានៅក្រោមព្រះចេស្តានៃព្រះវិញ្ញាណនាំអ្នកឆ្ពោះទៅកាន់កម្រិតបន្ទាប់ទៀតនៃការរៀនសូត្រ ដែលការសិក្សាមានទំនាក់ទំនងជាមួយនឹងដួងចិត្ត ។
ការភ្ជាប់ការរៀនសូត្រ ដោយការសិក្សាជាមួយនឹងដួងចិត្ត
ការពិចារណារបស់អ្នកគឺកំពុងចិញ្ចឹមបីបាច់គ្រាប់ពូជ ហើយវាចាប់ផ្តើមចេញពន្លក រួចអ្នកចាប់ផ្តើមមានអារម្មណ៍បំផុសគំនិតដោយព្រះវិញ្ញាណ ។ វាគឺជាការបំផុសដួងចិត្ត ឬ អារម្មណ៍ដែលផ្លាស់ប្តូរគំនិតទៅជាជំនឿមួយ ។
អាលម៉ាបានថ្លែងបែបនេះថា ៖ « បើសិនជាគ្រាប់ពូជនោះជាគ្រាប់ពិត ឬជាគ្រាប់ល្អ បើសិនជាអ្នករាល់គ្នាពុំបោះវាចោលដោយការឥតជំនឿរបស់អ្នកដែលធ្វើឲ្យអ្នករឹងទទឹងនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ទេ មើលចុះគ្រាប់ពូជនោះនឹងចាប់ផ្តើមរីកឡើងនៅ ក្នុងទ្រូងរបស់អ្នក ហើយនៅពេលអ្នក ចាប់អារម្មណ៍ថាគ្រាប់នោះ រីកឡើងនោះអ្នករាល់គ្នានឹងនិយាយដោយខ្លួនឯងថា នោះច្បាស់ជាគ្រាប់ពូជល្អ ឬ ក៏ព្រះបន្ទូលនោះល្អ ព្រោះវាចាប់ផ្តើមពង្រីកព្រលឹងរបស់ខ្ញុំ មែនហើយ វាចាប់ផ្តើម បំភ្លឺយោបល់របស់ខ្ញុំ មែនហើយវាចាប់ផ្តើមមាន រសជាតិឆ្ងាញ់ ចំពោះខ្ញុំ » (អាលម៉ា ៣២:២៨ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ជាទូទៅខណៈដែលយើងភ្ជាប់ពាក្យយល់ ជាមួយពាក្យគំនិត ខគម្ពីរជាច្រើនភ្ជាប់ពាក្យយល់ជាមួយដឹងចិត្តផងដែរ ដូចជាខមួយនេះ «ហើយចិត្តគេបានបើក បណ្តាលឲ្យគេយល់នៅក្នុងចិត្តគេនូវពាក្យទាំងឡាយដែលទ្រង់បានអធិស្ឋាន » (នីហ្វៃទី ៣ ១៩:៣៣) ។ អំពី យ៉ាកុប ១:៥យ៉ូសែប វ័យក្មេងបាននិយាយថា « ពុំដែលមានបទគម្ពីរណាមួយដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្សដូចជាបទគម្ពីរនេះ មានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយ » (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១២) ។
ជាមួយអារម្មណ៍បែបនេះ នោះអាលម៉ានិយាយថា « ឥឡូវនេះ មើលចុះ តើការណ៍នេះពុំពង្រីកជំនឿរបស់អ្នកទេឬអី ? ខ្ញុំសូមប្រាប់អ្នកថា ទោះជាយ៉ាងណាក៏ដោយគង់តែវាពុំបានដុះដាលឡើងឲ្យទៅជាដំរិះដ៏ល្អឥតខ្ចោះនោះដែរ » (អាលម៉ា ៣២:២៩; ការសង្កត់ន័យត្រូវបានបន្ថែម ) ។
វាពុំទាន់ជាដំរិះដ៏ល្អឥតខ្ចោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការរំជួលដួងចិត្ត នោះវាបំផុសយើងឲ្យឈានជើងមួយជំហានទៀតលើក្រាហ្វិកនៃសេចក្តីជំនឿ ។ សម្រាប់ យ៉ូសែប វា បំផុសគំនិតលោកឲ្យធ្វើសកម្មភាព ហើយបានទទួលការញ្ជើញពីព្រះគម្ពីរដើម្បីអធិស្ឋាន ។ លោកនឹងមិន « ទទួលសាក្សី [ មួយ ] ឡើយ លុះដល់ពេលក្រោយពីការសាកល្បងសេចក្តីជំនឿរបស់ [ លោក ] សិន » (អេធើរ ១២:៦) ។
ការភ្ជាប់ការរៀនសូត្រ ដោយសេចក្តីជំនឿជាមួយនឹងគំនិត
ការរៀនសូត្រដោយសេចក្តីជំនឿតម្រូវ ឲ្យធ្វើសកម្មភាព លើអារម្មណ៍ និង សេចក្តីជំនឿ ។1( រូបភាពនៃ យ៉ូហាន ៧:១៧ និង រូបក្រាហ្វិក ) ព្រះអង្គសង្គ្រោះបានប្រទានការអញ្ជើញដ៏ពិតនេះដើម្បីរៀនដោយសេចក្តីជំនឿនៅពេលទ្រង់បានថ្លែងថា « បើអ្នកណាចង់ ធ្វើ តាមព្រះហឫទ័យទ្រង់ នោះនឹងបាន ដឹង ជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » (យ៉ូហាន ៧:១៧; ការសង្កត់ន័យបានបន្ថែម ) ។ ( រូបភាពធ្វើ/ដឹង ) នៅ ក្នុងខនេះព្រះអង្គសង្គ្រោះបង្រៀនយើងថា ការធ្វើសកម្មភាព គឺជាទង្វើរនៃសេចក្តីជំនឿដែល ប្រែក្លាយសេចក្តីជំនឿឲ្យទៅជាចំណេះដឹង ។ ចំពោះអ្នកដែលបដិសេធព្រះ ទ្រង់ទូន្មានថា « បើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ៖ ដើម្បីឲ្យអ្នករាល់គ្នា បានដឹង, ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ » (យ៉ូហាន ១០:៣៨; ការសង្ងត់ធ្ងន់ត្រូវបានបញ្ជាក់ ) ។
និយាយពី ដំរិះអាលម៉ាថ្លែងថា ៖
« ហើយឥឡូវនេះមើលចុះ ពីព្រោះអ្នករាល់គ្នាបានសាកល្បងធ្វើការពិសោធន៍ហើយបានដាំគ្រាប់ពូជ ហើយវាបានរីកឡើង និង ពន្លក ហើយបានចាប់ផ្តើម ដុះ នោះអ្នករាល់គ្នាត្រូវដឹង tថាគ្រប់ពូជនោះល្អ ។
« ហើយឥឡូវនេះ មើលចុះ តើដំរិះរបស់អ្នកបានឥតខ្ចោះឬ ? មែនហើយ ដំរិះរបស់អ្នកបានឥតខ្ចោះចំពោះរឿងនេះឯសេចក្តីជំនឿរបស់អ្នកសម្ងំនៅស្ងៀម ការណ៍នោះក៏បានដោយសារតែអ្នក ដឹង … ឯយោបល់របស់អ្នកក៏បានភ្លឺឡើង ហើយគំនិតរបស់អ្នកក៏ចាប់ផ្តើមរីកឡើង » (អាលម៉ា ៣២:៣៣–៣៤; ការសង្កត់ន័យបានបន្ថែម ) ។
ការធ្វើសកម្មភាពលើសេចក្តីជំនឿរបស់អ្នកបានផ្តល់ដំរិះដល់អ្នក ។
ក្នុងចំណោមពាក្យផ្សេងទៀត យើងអាចភ្ជាប់ខ្លួនយើងទៅនឹងការសិក្សាដោយសេចក្តីជំនឿ និងគំនិត នោះយើងអាចបន្ថែមចំណុចខាងក្រោម ៖ ចំណេះដឹងដ៏ឥតខ្ចោះ ( នៅក្នុងរឿងនោះ ) អធិស្ឋាន ប្រែចិត្ត ផ្លាស់ប្ដូរឥរិយាបទ គោរព បទពិសោធន៍ និងភ្លក់រសជាតិ ។
អាលម៉ាលប្រើពាក្យ ភ្លក់ តាមរបៀបមួយយ៉ាងពិសេស នៅពេលលោកបាននិយាយថា ភ្លក់នូវពន្លឺ ។សូមស្ដាប់ ៖
« ឱបើដូច្នេះ តើការណ៏នេះពុំមែនពិតទេឬអី ? ខ្ញុំសូមប្រាប់អ្នកថា មែនហើយពីព្រោះនេះជាពន្លឺ ហើយអ្វីក៏ដោយដែលជាពន្លឺគឺល្អ ពីព្រោះវាអាចញែកចេញបាន ហេតុដូច្នេះហើយ អ្នកត្រូវដឹងថា វាល្អ ហើយឥឡូវនេះមើលចុះបន្ទាប់ពីអ្នករាល់គ្នាបាន ភ្លក់នូវពន្លឺនេះហើយ តើដំរិះអ្នកបានល្អឥតខ្ចោះឬ ?
« មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ ហើយអ្នករាល់គ្នាក៏ពុំត្រូវទុកសេចក្តីជំនឿរបស់ខ្លួនមួយអន្លើឡើយ ដ្បិតអ្នករាល់គ្នាទើបតែអនុវត្តសេចក្តីជំនឿរបស់ខ្លួន ដើម្បីដាំគ្រាប់ពូជប៉ុណ្ណោះ ដើម្បីអ្នករាល់គ្នាអាចសាកធ្វើការពិសោធន៍ឲ្យ ដឹង ថាតើគ្រប់ពូជនោះល្អឬទេ (អាលម៉ា ៣២:៣៥–៣៦; ការសង្កត់ន័យបានបន្ថែម ) ។
វាកំពុងភ្លក់ពន្លឺ និង រស់ជាតិដែលបានផ្តល់ដល់អ្នកនូវដំរិះដ៏ឥតខ្ចោះ នៅក្នុង ការណ៍នោះឬ ដោយដឹងថាគ្រាប់ពូជនោះល្អ ។ ពន្លឺនេះគឺកំពុងអញ្ជើញអ្នកឲ្យមកកាន់ព្រះគ្រីស្ទ « ហើយព្រះចេស្តានៃព្រះដែល [ កំពុង ] សម្តែងអព្ភូតហេតុនៅក្នុង [ អ្នក ] …ហើយ[ កំពុងប្រែចិត្តអ្នកឲ្យជឿ ] ដល់ព្រះអម្ចាស់ » (អាលម៉ា ២៣:៦) ។
ការភ្ជាប់ការរៀនសូត្រ ដោយសេចក្តីជំនឿជាមួយនឹងដួងចិត្ត
អាលម៉ាបន្ត ៖ « ហើយមើលចុះ នៅពេលដើមចាប់ផ្តើមដុះឡើង នោះអ្នករាល់គ្នានឹងនិយាយថា ៖ ចូរយើង ថែទាំ ដោយថ្នាក់ថ្នម … ដោយសេចក្តីព្យាយាមដ៏ខ្លាំងក្លា និង ដោយសេចក្តីអត់ធន់ ហើយទន្ទឹងចាំផ្លែឈើនោះ …
« មើលចុះមិនយូរមិនឆាប់អ្នករាល់គ្នានឹង បេះបាន [ ឬ ភ្លក់ ] ផ្លែឈើ នោះដែលវិសេសបំផុត » (អាលម៉ា ៣២:៣៧, ៤១–៤២; ការសង្កត់ន័យបានបន្ថែម ) ។
ការភ្លក់ផ្លែឈើជួយយើងឲ្យឈានទៅដល់ទំនាក់ទំនងរវាងសេចក្តីជំនឿ និងអារម្មណ៏បំផុសគំនិតរបស់យើង ។ នៅទីនេះយើង រកឃើញខ្លួនយើងថា ផ្លែឈើនោះគឺពិតជាផ្អែម ហើយវិសេសបំផុត ។ ការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និង ការធ្វើតាមព្រះឆន្ទៈទ្រង់ ធ្វើឲ្យយើងភ្លក់ដង្វាយធួន និង ដំណឹងល្អតាមរបៀបជាច្រើនយ៉ាង ។ ដំបូងនៅក្នុងដំណើរការនេះ ដួងចិត្តយើងត្រូវបាន ផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ។ ឥឡូវនេះ « ការផ្លាស់ប្តូរដ៏ធំនៅ [ ក្នុង ]ដួងចិត្ត » កំពុងកើតឡើង ដូចដែលអាលម៉ាបានពិពណ៌នា (អាលម៉ា ៥:១២) ហើយព្រះវិញ្ញាណកំពុងតែ បង្វែរបទពិសោធន៍ និង ដំរិះយើងឲ្យទៅជាការប្រែចិត្តជឿ ។
ពេលយើង « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » (អាលម៉ា ២៣:៨)នោះយើងធ្វើតាមព្រះអង្គសង្គ្រោះដោយជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។នៅពេលយើង « ភ្លក់ផ្លែឈើ » នៃដំណឹងល្អ នោះយើងទទួលបទពិសោធន៍នៃពរជ័យ និង សេចក្តីអំណរ ព្រមទាំងភាពរីករាយបែបនេះ ដែលយើងចង់បានដើម្បីចែកចាយវាជាមួយមនុស្សដទៃ គឺដូចជាលីហៃបានធ្វើ ៖ « ហើយកាលឪពុកបានទទួលទានផ្លែឈើនោះហើយ នោះព្រលឹងវិញ្ញាណឪពុកក៏ពោរពេញទៅដោយសេចក្តីអំណរជាអតិបរមា ហើយដូច្នេះហើយ ឪពុកក៏ចាប់ផ្តើមមានបំណងចង់ឲ្យគ្រួសារឪពុកទទួលទានផ្លែឈើនោះដែរ ដ្បិតឪពុកដឹងថា ផ្លែឈើនោះគួរឲ្យមានប្រាថ្នាជាងផ្លែឈើណាៗទាំងអស់ » (នីហ្វៃទី ១ ៨:១២) ។
« ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ភាពពិតគឺ ការផ្លាស់ប្តូរដ៏ធំ ការផ្លាស់ប្រែឲ្យដូចជាព្រះយេស៊ូវគ្រីស្ទ ដោយ « [ ធ្វើតាម ] សេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយ [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាពួកបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ » (ម៉ូសាយ ៣:១៩) ។ នៅក្នុងន័យកាន់តែជ្រៅពីពាក្យនេះ នោះការប្រែចិត្តជឿរបស់យើងមិនទាន់ពេញលេញទេ រហូតដល់យើងរីកចម្រើនខាងវិញ្ញាណ « ដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » (អេភេសូរ ៤:១៣) ។ នេះនឹងក្លាយជាការស្វែងរក និង ដំណើរដ៏យូរអង្វែងនៃសេចក្តីជំនឿលើទ្រង់ ហើយជាមួយព្រះគុណ ឬ ជំនួយដ៏ទេវភាព ( សូមមើល នីហ្វៃទី ២ ២៥:២៣) ។
ការប្រែចិត្តជឿដ៏យូរអង្វែងនេះ នឹងតម្រូវយ៉ាងច្បាស់ថាឲ្យបន្តចិញ្ចឹមបីបាច់ នៅលើផ្លូវរបស់យើងដើម្បីចៀសវាងពីការស្វិតស្រពោនដែលបានពិពណ៌នាដោយអាលម៉ា ៖ « តែបើសិនជាអ្នករាល់គ្នាបោះបង់ដើមនោះ ហើយពុំបានគិតដល់ការថែទាំវា មើលចុះ វានឹងពុំចាក់ឫសទេ ហើយកាលណាកំដៅថ្ងៃមកដល់ នោះនឹងដុតរោលវាទៅវិញ …វានឹងក្រៀមស្ងួតទៅ » ( អាលម៉ា ៣២:៣៨ ) ។
« ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែ ឈានទៅមុខ ដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយ កាន់ខ្ជាប់ដរាបដល់ចុងបំផុតមើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » (នីហ្វៃទី ២ ៣១:២០; ការសង្កត់ន័យបានបន្ថែម ) ។
ការផ្លាស់ប្តូរដ៏ធំ និង ការប្រែចិត្តជឿនេះពុំមានន័យឈប់មានសំណួរនោះទេ ។ ទោះជាយ៉ាងណា ដោយបានការភ្លក់នូវពន្លឺ នោះសំណួរគួរតែកើតមានក្នុងខ្លួនយើងនូវបំណងមួយដើម្បីបន្តរៀនសូត្រ ជាជាងបង្កើតចម្ងល់ដែលអាចធ្វើឲ្យការរីកលាស់នៃជំនឿយើងវារួញស្វិត ។ « ហើយអស់អ្នកណាដែល ជឿដល់នាមយើងដោយឥតសង្ស័យអ្វី នោះយើងនឹងបញ្ជាក់ពាក្យរបស់យើងទាំងអស់ដល់អ្នកនោះ » (មរមន ៩:២៥) ។
មានសំណួរគឺល្អ ។ សំណួរធ្វើឲ្យគិតពិចារណា ស្រាវជ្រាវ និង អធិស្ឋាន ។ យ៉ូសែប ស៊្មីធ បានបន្តមានសំណួរពេញមួយជីវិតលោក ។ ស្ទើរតែគ្រប់កណ្ឌនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានបើកសម្តែងដល់លោកគឺជាលទ្ធផលនៃសំណួរដែលលោកបានសួរព្រះអម្ចាស់ក្នុងការអធិស្ឋាន មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្តងៗ ។ នេះក៏ជារបៀបដូចគ្នាដែលព្រះអង្គសង្គ្រោះបានរៀន ៖ « មុនដំបូងទ្រង់ពុំបានទទួលនូវភាពពោរពេញ ប៉ុន្តែបានព្រះគុណថែមពីលើព្រះគុណជាបន្តបន្ទាប់មករហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ » (គ និង ស ៩៣:១៣) ។
ដំរិះដ៏ឥតខ្ចោះ
ត្រឡប់ទៅក្រាហ្វិកនៃជំនឿយើងវិញ យើងបានដាក់នៅខាងលើបំផុតថា « ដំរិះដ៏ឥតខ្ចោះនៃព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ » ។
សូមពិនិត្យមើលឃ្លា « ដំរិះដ៏ឥតខ្ចោះ » ។ ក្នុងការនិយាយពី « ការភ្លក់នូវពន្លឺ » អាលម៉ា បានបង្រៀនថា « ដំរិះរបស់អ្នកបានឥតខ្ចោះ » (អាលម៉ា ៣២:៣៤) ។ ក្នុងខគម្ពីរខាងក្រោមនេះ សូមរកមើលឃ្លារបស់ព្យាការីមរមនដែលប្រើដូចគ្នា « ដំរិះដ៏ឥតខ្ចោះ » នៅពេលដែលលោកបានបន្ថែមទីបន្ទាល់ខ្លួនអំពីពន្លឺដូចគ្នានេះ ៖
« ដ្បិតមើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ ត្រូវបានប្រទានដល់អ្នករាល់គ្នាឲ្យវិនិច្ឆ័យ ដើម្បីឲ្យអ្នកដឹងខុស និងត្រូវ ហើយវិធីវិនិច្ឆ័យនោះច្បាស់លាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងដោយ ដំរិះដ៏ឥតខ្ចោះហាក់បីដូចជាពន្លឺថ្ងៃពីយប់ងងឹត ។
« ដ្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ ហេតុដូច្នេះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយ ដំរិះដ៏ឥតខ្ចោះ ថាមកពីព្រះ » ។ …
« ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ដោយឃើញថាអ្នករាល់គ្នាស្គាល់នូវពន្លឺដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជា ពន្លឺនៃព្រះគ្រីស្ទនោះចូរឲ្យឃើញថាអ្នករាល់គ្នាមិនវិនិច្ឆ័យដោយខុសឆ្គងឡើយ » (មរ៉ូណៃ ៧:១៥–១៦, ១៨; ការសង្កត់ន័យបានបន្ថែម ) ។
ព្យាការីទាំងពីរថ្លែងទីបន្ទាល់ថាវាគឺជាពន្លឺនៃព្រះគ្រីស្ទដែលផ្តល់ដល់យើងនូវ ដំរិះដ៏ឥតខ្ចោះ ពីសេចក្តីពិត ។ ទោះបីជាមនុស្សលោកទទួលស្គាល់ថាមានការដឹងខុស និង ត្រូវ ។ ពួកគេទទួលស្គាល់ពន្លឺនៃព្រះគ្រីស្ទដោយពាក្យថា សតិសម្បជញ្ញៈ, ដែលមកពីពាក្យឡាតាំងថា conscientia, ឬ « ដំរិះនៅក្នុងខ្លួនមនុស្សម្នាក់ » ។២
ដោយមានពន្លឺនោះជាត្រានៃសេចក្តីពិត នោះយើងបន្តរីកចម្រើនលើក្រាហ្វិកនៃសេចក្តីជំនឿ មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្តងៗ ( សូមមើល នីហ្វៃទី ២ ២៨:៣០; គ និង ស ៩៨:១២; ១២៨:២១), «ហើយដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនោះអ្នក អាចដឹង សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់» (មរ៉ូណៃ ១០:៥; ការសង្កត់ន័យបានបន្ថែម ) ។
បន្តិចទៀតយើងនឹងសាកល្បងការពិសោធន៍របស់អាលម៉ា ដូច្នេះអ្នកអាចរំឭកពីរសជាតិនៃពន្លឺ និង របៀបដែលវាផ្តល់ដំរិះដ៏ឥតខ្ចោះដល់អ្នក ។
ភាពផ្ទុយបើកសម្តែងសេចក្តីពិត
ពីមុនបន្តជាមួយបទពិសោធន៍នេះ វាសំខាន់ដើម្បីស្វែងរកធាតុចាំបាច់នៅក្នុងដំណើរការនេះ ។ យើងបានរៀនក្នុង នីហ្វៃទី ២ ២ ថា « ត្រូវតែមាន … ការផ្ទុយចំពោះរឿងសព្វសារពើ » (នីហ្វៃទី ២ ២:១១) ។ មនុស្សលោក « ភ្លក់នូវសេចក្តីល្វីងជូរចត់ ប្រយោជន៍ឲ្យពួកគេអាចចេះឲ្យតម្លៃដល់របស់ល្អ » (ម៉ូសេ ៦:៥៥) ។ ឧទាហរណ៍ សុខភាពគឺជាការសិក្សាចម្បងអំពីភាពផ្ទុយរបស់វាគឺការឈឺ និង ជំងឺ សេរីភាព ជាការសិក្សាពីការគាបសង្កត់ និង ទាសភាព សុភមង្គល ជាការសិក្សាពីភាពកើតទុក្ខជាដើម ។ ហើយដូចជាអព្ភូតហេតុនៃសត្វអំពិលអំពែកដ៏តូច នោះពន្លឺពុំមានន័យឡើយ បើគ្មានភាពងងឹតនោះ ។
ការផ្ទុយ គឺសំខាន់ចំពោះការអប់រំ និងសុភមង្គលរបស់យើង ។ បើគ្មានការផ្ទុយទេ សេចក្តីពិតនឹងនៅតែលាក់កំបាំង គឺដូចជាយើងមិនឲ្យតម្លៃលើខ្យល់ដង្ហើមឡើយ លុះត្រាតែយើងជិតដាច់ខ្យល់ ។ ដោយសារពន្លឺនៃព្រះគ្រីស្ទតែងតែមាននោះ មនុស្សជាច្រើនមិនកត់សម្គាល់ពីព្រះវិញ្ញាណនៅក្នុងជីវិតរបស់ខ្លួនឡើយ ដូចពួកលេមិននៅក្នុង នីហ្វៃទី ៣ ៩:២០ ដែល « បានជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេពុំបានដឹងទេ » ។
ការផ្ទុយមិនបើកសម្តែង ឬ បើកបង្ហាញសេចក្តីពិតឡើយ ប៉ុន្តែបង្ហាញអំណាច សេចក្តីអំណរ និង ភាពផ្អែមល្ហែមរបស់វាមកជាមួយផងដែរ ។ ឧទាហរណ៍ ជីវិតរបស់កូនប្រុសខ្ជះខ្ជាយមានរសជាតិជូរចត់ ដើម្បីទទួលស្គាល់ថាអ្វីទៅជាជីវិតផ្អែមល្ហែម ដែលគាត់បានបោះបង់ចោលនៅផ្ទះ ហើយពុំខ្វល់ពីភាពយុវ័យរបស់ខ្លួនឡើយ ។
វាមានតែតាមរយៈការឈឺចាប់ និង ជំងឺទេដែលយើងអាចទទួលបានតម្លៃនៃសុខភាពរបស់យើង ។ បើសិនយើងជាជនរងគ្រោះនៃភាពមិនស្មោះត្រង់ នោះយើងគ្រងមរតកនៃសេចក្ដីសុចរិត ។ ដោយការមានការដកពិសោធន៍ពីភាពអយុត្តិធម៌ ឬ ទទួលភាពឃោរឃៅ នោះយើងរីករាយនឹងការមានសេចក្តីស្រឡាញ់ និង សេចក្តីសប្បុរស—ទាំងអស់នេះជាមួយនឹង « ដំរិះដ៏ឥតខ្ចោះ » បានភ្លក់ផ្លែឈើនិមួយៗដោយពន្លឺដែលនៅក្នុងខ្លួនយើង ។ ដំរិះដ៏ឥតខ្ចោះចេញជាផលផ្លែ តាមរយៈការផ្ទុយនៅក្នុងរឿងគ្រប់យ៉ាង ។ ដោយការគោរពប្រតិបត្តិតាមព្រះបញ្ញាត្តិ ព្រះសន្យាថាបាននូវសុភមង្គល ភាពលូតលាស់ និង ការរីកចម្រើនដែលគ្មានទីបញ្ចប់ តាមរយៈ ការផ្ទុយ មិនមែនតាម ការចៀសចេញពី វាឡើយ ។ « សមុទ្រស្ងប់មិនអាចធ្វើឲ្យអ្នកជិះទូកពូកែឡើយ » ៣
សូមពិចារណាសេចក្តីថ្លែងការណ៍ដ៏មានដំរិះនេះមកពីព្យាការី យ៉ូសែប ស៊្មីធ ៖ « ដោយបង្ហាញពីភាពផ្ទុយគ្នា នោះសេចក្តីពិតនឹងត្រូវបានសម្តែងឡើង » ។៤
ហើយមួយនេះមកពី ព្រិកហាំ យ៉ង់ ថា ៖ «សេចក្តីពិតទាំងអស់អាចបង្ហាញ និង ធ្វើឲ្យឃើញតាមរយៈភាពផ្ទុយរបស់វា » ។៥
ការពិសោធន៍សេចក្តីជំនឿ
ឥឡូវ—សូមឲ្យអ្នកក្លាយជាអ្នកចូលរួមនៅក្នុងការពិសោធន៍នេះ ដោយឲ្យអ្នកពិចារណាអំពីបញ្ញត្តិដែលឲ្យយើង « ប្រែក្លាយ » ឬ មានគុណធម៌ ដូចជាព្រះគ្រីស្ទ ដោយធ្វើវាឲ្យផ្ទុយទៅនឹងភាពផ្ទុយរបស់វា ។ នៅពេលអ្នកពិចារណាពីគុណធម៌និមួយៗ នោះពន្លឺនៃព្រះគ្រីស្ទនៅក្នុងខ្លួនអ្នកគួរតែបញ្ជាក់ដល់គំនិត និង ដួងចិត្តអ្នកថា គុណធម៌និមួយៗដែលដូចជាព្រះគ្រីស្ទគឺ ផ្អែមល្ហែម ហើយភាពផ្ទុយរបស់វានោះគឺល្វីងជូរចត់ ៖
-
ស្រឡាញ់ផ្ទុយនឹងស្អប់ ប្រទូស្តរាយគ្នា ប្រឆាំងគ្នា
-
ស្មោះត្រង់ផ្ទុយនឹងកុហក បោកប្រាស់ លបលួច
-
អភ័យទោសផ្ទុយនឹង សងសឹក ការតូចចិត្ត ភាពជូរចត់
-
សប្បុរសផ្ទុយនឹងកំណាញ់ ខឹង ចិត្តអាក្រក់
-
អត់ធ្មត់ផ្ទុយនឹងរហ័សខឹង ច្រឡោតតោតតូង មិនអត់អោន
-
បន្ទាបខ្លួនផ្ទុយនឹងអំណួត មិនស្តាប់បង្គាប់ ក្រអឺតក្រទម
-
អ្នកផ្សះផ្សារផ្ទុយនឹងឈ្លោះប្រកែក បែងចែកវណ្ណៈ បង្កបញ្ហា
-
ឧស្សាហ៍ព្យាយាមផ្ទុយនឹងភាពគ្មានកម្លាំង បោះបង់ ចចេសរឹងរូស
ទាំងនេះគ្រាន់តែជាគុណធម៌មួយចំនួនដែលដូចជាព្រះគ្រីស្ទប៉ុណ្ណោះ ប៉ុន្តែវាគ្រប់គ្រាន់ល្មមដើម្បីបង្ហាញពីឥទ្ធិពលនៃការដកពិសោធន៍នៃគ្រាប់ពូជ ។
ក្នុងការពិចារណាពីបញ្ជីនេះ នោះអ្នកនឹងដឹងពីអំណាច សេចក្តីពិត និងភាពផ្អែមល្ហែមនៃគុណធម៌និមួយៗ ម្តងមួយៗ និងអស់ទាំងរាប់ពាន់នៃការដកពិសោធន៍ដ៏ត្រឹមត្រូវ ។ ផ្លែឈើល្អបានមកជាមួយនឹងភស្តុតាង និង ភាពត្រឹមត្រូវដែលជាប់មកជាមួយវា—គឺរសជាតិរបស់វា ! ភស្តុតាងគឺនៅពេលហូប ផ្លែឈើតាមផ្លែឈើ មួយបន្ទាត់ម្តងៗ ជាមួយនឹង « ដំរិះដ៏ឥតខ្ចោះ » ។ នោះប្រហែលជាអ្វីដែលសាវកប៉ុលចង់មានន័យនៅពេលលោកថ្លែងថា « ចូរលមើល គ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ » (ថែស្សាឡូនីចទី ១ ៥:២១; ការសង្កត់ន័យបានបន្ថែម ) ។ បើសិនអ្នកបញ្ចូលគុណធម៌ទាំងនេះទៅក្នុងជីវិតអ្នក នោះអ្នកនឹងនៅដ៏ខ្ពស់លើក្រាហ្វិកនៃជំនឿដែលអ្នកធ្លាប់គិត ។
ទោះជាយ៉ាងណាក៏ដោយ នេះខ្ញុំគ្រាន់តែចង់ហៅថាជាទីបន្ទាល់ទេរេសទ្រាល ឬ សិរីរុងរឿងនៃព្រះច័ន្ទប៉ុណ្ណោះ ។ អ្នកកោតខ្លាចព្រះដ៏ល្អម្នាក់នៃសាសនាមួយមានទីបន្ទាល់បែបនេះ ដោយសារពួកគេមាននូវពន្លឺនៃព្រះគ្រីស្ទ ដែលមរមនបាននិយាយ ហើយបានទទួលយកផ្នែកនៃដំណឹងល្អរបស់ទ្រង់ ។
ការដកពិសោធន៍សេចក្តីជំនឿ—គឺជាជំហានបន្ទាប់
ទីបន្ទាល់សេឡេស្ទាល ឬ សិរីរុងរឿងនៃព្រះអាទិត្យនឹងមក នៅពេលមនុស្សម្នាក់ស្វែងរក « ភាពពោរពេញរបស់ព្រះវរបិតា » ( សូមមើលគ និង ស ៧៦:៧៥–៧៨; ៩៣:១៩) ។ ពេលបុគ្គលម្នាក់ជ្រមុជទឹក ហើយសក្តិសមទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេទទួលអំណោយទានពិសិដ្ឋដ៏មហិមានៃពន្លឺនៃព្រះគ្រីស្ទ ដូចដែលបានកត់នៅក្នុងខនៃព្រះគម្ពីរមរមនថា ៖ « បើសិននេះជាបំណងនៅក្នុងចិត្តអ្នក តើមានអ្វីទៅដែលរារាំងអ្នកមិនឲ្យទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ថាទ្រង់នឹង ស្រោចព្រះវិញ្ញាណទ្រង់មកលើអ្នករាល់គ្នាយ៉ាងបរិបូរណ៌» (ម៉ូសាយ ១៨:១០,ការសង្កត់ន័យបានបន្ថែម )
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា « បើយើងកាន់តែបង្វែរចិត្ត និងគំនិតយើងទៅរកទ្រង់ នោះពន្លឺនៃសា្ថនសួគ៌នឹងបំភ្លឺដល់ព្រលឹងយើង » ។6
« ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះ ភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » (គ និង ស ៥០:២៤) ។
ខ្ញុំមិនចាំបាច់ប្រាប់អ្នកទេថា ពន្លឺដ៏ច្រើនបរិបូរណ៌ ពង្រីកទស្សនៈរបស់អ្នកនោះ—គឺអ្នកដឹងពីរឿងនោះហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ ថ្លែងថា « មនុស្សដែលខិតកាន់តែជិតភាពឥតខ្ចោះ នោះគាត់មានទស្សនៈកាន់តែច្បាស់ និង មានភាពរីករាយកាន់តែខ្លាំង » ។7
ជាមួយនឹងពន្លឺដ៏ប្រសើរដែលនឹងឃើញ នោះសូមដកពិសោធន៍ទៅនឹងកម្រិតសេឡេស្ទាល ហើយធ្វើឲ្យឃើញនូវភាពផ្ទុយគ្នានៃគោលលទ្ធិមួយចំនួន ដែលពិសេសចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាមួយអស់អ្នកដែលនៅក្រោមពន្លឺស្រអាប់ ៖
-
ព្រះគឺជាព្រះវរបិតាយើង ហើយយើងត្រូវបានបង្កើតឡើងតាមរូបរាងអង្គទ្រង់ បើផ្ទុយឪពុកសាច់ឈាមរបស់យើង ទ្រង់គឺពុំអាចយល់បាន និងពុំអាចដឹងបាន
-
ការរៀបចំដ៏ទេវភាពរបស់ទ្រង់ជាមួយនឹងព្យាការី និង សាវក ផ្ទុយនឹងវានោះ គឺថាជាការបោះបង់ចោលគំរូនៃការស្ថាបនានេះរបស់ទ្រង់ ។
-
ព្រះអម្ចាស់គឺជាព្រះនៃរបៀបរៀបរយ គ្រប់គ្រងតាមរយៈអស់អ្នកដែលកាន់កូនសោបព្វជិតភាព ផ្ទុយនឹងវានោះគឺថា វាជាការភាន់ច្រឡំ សំឡេងដែលខុសស្រឡះ « វិញ្ញាណក្លែងក្លាយ » (គ និង ស ៥០:២)
-
សិទ្ធិអំណាចបព្វជិតភាព និង ការហៅពីព្រះ ផ្ទុយនឹងវានោះគឺថា ជាសញ្ញាបត្រនៅក្នុងសាសនាវិទ្យា បានបោះឆ្នោត ជួល ឬ តែងតាំងខ្លួនឯងវិញ
-
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា ផ្ទុយនឹងវានោះគឺថា រស់នៅក្នុងជីវិតសាមញ្ញៗបានហើយ
-
កូនក្មេងដែលឥតទោស ផ្ទុយនឹងវានោះគឺថា បុណ្យជ្រមុជទឹកឲ្យកូនក្មេង
-
ព្រះគម្ពីរមរមនជាសាក្សីទីពីរ ផ្ទុយនឹងវានោះគឺថា ព្រះគម្ពីរប៊ីបគឺជាសាក្សីតែមួយគត់
-
កិច្ចការព្រះវិហារបរិសុទ្ធសម្រាប់មរណៈជន ផ្ទុយនឹងវានោះគឺថា អុចពន្លឺទាន និង ការអធិស្ឋានសម្រាប់មរណៈជនវិញ
-
អាពាហ៍ពិពាហ៍ និង គ្រួសារនៅអស់កល្បជានិច្ច ផ្ទុយនឹងវានោះគឺថា ដល់ពេលស្លាប់យើងនឹងបែកគ្នាហើយ
វាកំពុងតែបំភ្លឺដើម្បីបង្ហាញសេចក្តីពិតជាមួយការផ្ទុយរបស់វា ។ វាជួយបើកសម្តែងភាពពិត ដែលបានលាក់កំបាំង ។ យើងទទួលស្គាល់ថា យើងដឹងច្រើនជាងអ្វីដែលយើងគិតថាខ្លួនមាន ។ វាគួរតែបំផុសគំនិតដល់យើងឲ្យបន្ត « ព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទ… ហើយ … ហើយក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » (មរ៉ូណៃ ៧:១៩) ។
« មានពរហើយអ្នកណាដែលជឿឥតឃើញសោះ » (យ៉ូហាន ២០:២៩)
ឥឡូវសូមពិនិត្យមើលចំណាប់អារម្មណ៍មួយទៀតនៃសេចក្តីជំនឿ និង ទីបន្ទាល់ ។
សេចក្ដីណែនាំដល់បទគម្ពីរថ្លែងថា « សេចក្តីជំនឿ [ ពិត ] ត្រូវតែផ្តោតត្រង់ទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីវាដឹកនាំបុគ្គលម្នាក់ទៅកាន់សេចក្តីសង្គ្រោះ ។ …
« [ វា ] រួមបញ្ចូលនឹងសេចក្តីសង្ឃឹមមួយសម្រាប់អ្វីៗដែលមើលមិនឃើញ ប៉ុន្តែពិត [ សូមមើលហេព្រើរ ១១:១] » ។8
តើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬអី ដែលសេចក្តីជំនឿពិតលើព្រះយេស៊ូវគ្រីស្ទគឺ « ការជឿដោយពុំចាំបាច់ចង់ឃើញ » ។
មនុស្សទូទៅមើលទៅពិភពលោកតាមរយៈញាណប្រាំ ដោយទាមទារការមើលឃើញជាភស្តុតាង ។ ហើយព្រះគម្ពីរមានពេញសុទ្ធតែឧទាហរណ៍នៃអស់អ្នកដែលទទួលការបង្ហាញពីវត្តមានព្រះ និង អំណាច តាមរយៈញាណទាំងប្រាំ តែពុំទទួលបានការប្រែចិត្តជឿដ៏ជាប់លាប់មួយឡើយ ៖
-
• លេមិន និង លេមយួលបានឃើញ ទេវតា ( សូមមើល នីហ្វៃទី ១ ៣:២៩) ។ ពួកគេ បានឮ សំឡេងរបស់ព្រះអម្ចាស់បាន « ស្តីប្រដៅពួកគេយ៉ាងខ្លាំង » (នីហ្វៃទី ១ ១៦:៣៩) ។ ពួកគេ ទទួលអារម្មណ៍ ព្រះចេស្តានៃព្រះពេលនីហ្វៃបានលាតដៃលោកឡើងហើយ « ព្រះអម្ចាស់បានកន្ទ្រាក់ពួកគេ » (នីហ្វៃទី ១ ១៧:៥៤) ។ ពួកគេ បានភ្លក់ ហើយ ហិតក្លិន ៖ « យើងនឹងធ្វើឲ្យអាហារអ្នកផ្អែមឆ្ងាញ់ ដោយអ្នកមិនបាច់ចំអិនទេ » (នីហ្វៃទី ១ ១៧:១២) ។ ទោះជាមានការបង្ហាញជាច្រើនតាមរយៈញាណទាំងប្រាំនេះក្តី លេមិន និងលេមយួលនៅតែបះបោរ ។ តើការមើលឃើញគឺជាជំនឿរបស់ពួកគេឬ ?
-
ពេលម៉ូសេបានដឹកនាំប្រជាជននៃសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ពួកគេបានឃើញដុំភ្លើង បង្គោលភ្លើង សមុទ្រក្រហមញែកចេញពីគ្នា ពួកគេបានភ្លក់នំម៉ានា—មានបទសោធន៍ជាមួយនឹងញាណទាំងប្រាំនេះ ។ « ហើយទោះបីពួកគេត្រូវបាននាំទៅ ដោយមានព្រះអម្ចាស់ជាព្រះរបស់ពួកគេ ជាព្រះប្រោសលោះរបស់គេ យាងពីមុខគេ នាំគេក្នុងពេលថ្ងៃ និងផ្តល់ពន្លឺក្នុងពេលយប់ ហើយធ្វើអ្វីៗសព្វបែបយ៉ាងសម្រាប់ពួកគេ ដែលសមនឹងមនុស្សបានទទួលក្តី ក៏គង់តែពួកគេនៅតែធ្វើចិត្តរឹងរូស ហើយធ្វើគំនិតងងឹតងងល់ ហើយបានជេរប្រមាថទាស់នឹងលោកម៉ូសេ ហើយទាស់នឹងព្រះដ៏ពិត និង ដ៏មានព្រះជន្មរស់នៅដែរ » (នីហ្វៃទី ១ ១៧:៣០) ។ ការមើលឃើញយ៉ាងច្បាស់ពុំមែនជាជំនឿសម្រាប់ពួកគេឡើយ !
-
មានឧទាហរណ៍ស្រដៀងនេះជាច្រើនទៀតដែលនៅក្នុងព្រះគម្ពីរ ប៉ុន្តែបទពិសោធន៍ដ៏អស្ចារ្យនៃអ្វីៗទាំងអស់នោះគឺការល្ងង់ល្ងើខាងវិញ្ញាណទៅវិញ ដែលបដិសេធព្រះអង្គសង្គ្រោះ នៅពេលមានវត្តមានយ៉ាងច្បាស់នោះ ។ « ប៉ុន្តែទោះបើទ្រង់បានធ្វើទីសម្គាល់នៅមុខគេជាច្រើនទាំងម្ល៉េះ ក៏ដោយគង់តែគេមិនបានជឿដល់ទ្រង់ដែរ » (យ៉ូហាន ១២:៣៧; សូមមើលផងដែរ គ និង ស ១៣៨:២៦) ។
មានឧទាហរណ៍ជាច្រើនចំពោះការផ្ទុយគ្នាដើម្បីនិយាយថាការមើលឃើញគឺជាជំនឿផងដែរ ។ អស់អ្នកដែលសង្ឃឹមគ្រាន់តែសូមឲ្យមានបទពិសោធន៍អស្ចារ្យមួយ ដើម្បីជួយកំណត់ដល់ទីបន្ទាល់របស់ពួកគេពុំទទួលស្គាល់ថា ទីបន្ទាល់ និង សាក្សីដ៍អស្ចារ្យជាងនេះអំពីព្រះវិញ្ញាណមកកាន់ពួកយើងរាល់ថ្ងៃ តាមរបៀបតូចតាចជាច្រើន ដូចជាពេលចុងក្រោយមួយដែលអ្នកបានគូសបន្ទាប់ពីក្រោមខគម្ពីរអ្នក ។ សូមគិតពីការណ៍នេះ ។ មូលហេតុដែលអ្នកគូសបន្ទាប់ពីក្រោមខគម្ពីររបស់អ្នក ព្រោះអ្នកទទួលការបំផុសមួយ ចំណេះដឹងមួយជាការណ៍ « អស្ចារ្យ » មួយ ! ការបង្ហាញដ៏បំផុសគំនិតគឺជាវិវរណៈ ។
ឧទាហរណ៍មួយផ្សេងទៀតអំពីវិវរណៈគឺនៅពេលអ្នកត្រូវបានបំផុសគំនិតឲ្យមានចិត្តសប្បុរស ឬ ធ្វើទង្វើល្អ « ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ … គឺបានចាត់មកពីព្រះចេស្តា និង អំណោយទាននៃព្រះគ្រីស្ទ » (មរ៉ូណៃ ៧:១៦) ។ ពន្លឺនៃព្រះគ្រីស្ទគឺនៅមានវត្តមានជានិច្ច ! អ្នកកំពុងភ្លក់រសជាតិជារៀងរាល់ថ្ងៃ ។ ហើយមកពីការខ្សឹបប្រាប់នេះ « ការណ៍តូចតាចទាំងនេះ នោះបណ្តាលឲ្យមានការណ៍ដ៏ធំធេងឡើង » (គ និង ស ៦៤:៣៣) ។
« ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » (មរ៉ូណៃ ១០:៥)
តើអ្នកអាចគិតពីនរណាម្នាក់នៅក្នុងព្រះគម្ពីរមរមនដែលបានឃើញទេវតា ហើយបានជឿនោះឬទេ ? អ្នកអាចចង់គិតពីអាលម៉ាជាកូន ។ ទេវតាមួយបានបង្ហាញខ្លួនដល់លោក និង បុត្រានៃម៉ូសាយ ហើយ « ហាក់បីដូចជាចុះមកពីលើពពក ហើយទេវតានោះបាននិយាយហាក់បីដូចជាសំឡេងផ្គរលាន់ » (ម៉ូសាយ ២៧:១១) ។ អ្នកដឹងពីសាច់រឿងទាំងមូលនៃរឿងនេះ—អាលម៉ាបានប្រែចិត្ត ហើយក្រោយមកបានបម្រើ ។
តើការមើលឃើញគឺជាជំនឿសម្រាប់អាលម៉ាឬទេ ? ទេ ។ ហេតុអ្វី ? ពីព្រោះអាលម៉ាពុំទាន់អនុវត្តសិទ្ធិជ្រើសរើសរបស់គាត់នៅក្នុងការរៀនសូត្រដោយការសិក្សា និង ដោយសេចក្តីជំនឿ ហើយពុំទាន់អធិស្ឋានដើម្បីដឹងការពិតនៅឡើយ ។ ការមើលឃើញមិនមែនជាផ្លូវកាត់ដែលនាំឲ្យមានជំនឿ ឬ ទីបន្ទាល់នោះឡើយ គឺដូចជាភស្តុតាងនៅក្នុងគំរូជាច្រើន ដែលខ្ញុំបាននិយាយ ។ អាលម៉ាផ្ទាល់បានពិពណ៌នាពីរបៀបដែលលោកបានទទួលទីបន្ទាល់របស់ខ្លួន ហើយលោកពុំបានកំណត់ថា ដោយសារតែបានឃើញទេវតានោះឡើយ ។ ការពិត គ្មានការនិយាយអំពីទេវតាឡើយនៅក្នុងទីបន្ទាល់របស់លោក ៖
« ហើយនេះពុំទាន់អស់នៅឡើយទេ ។ តើអ្នករាល់គ្នាគិតស្មានថា ខ្ញុំដឹងរឿងទាំងនេះដោយខ្លួនខ្ញុំឬអី ? មើលចុះ ខ្ញុំសូមធ្វើបន្ទាល់ដល់អ្នករាល់គ្នាថា ខ្ញុំដឹងរឿងដែលខ្ញុំបាននិយាយទាំងអម្បាលម៉ាននេះថាជារឿងពិត ។ ហើយតើអ្នករាល់គ្នាគិតស្មានថា ខ្ញុំដឹងរឿងទាំងនោះ យ៉ាងប្រាកដដូចម្ដេចដែរ?
« មើលចុះ ខ្ញុំសូមប្រាប់អ្នកថា រឿងទាំងនេះ គឺព្រះវិញ្ញាណបរិសុទ្ធនៃព្រះ [ជាពន្លឺ ] ទ្រង់បានប្រាប់ដល់ខ្ញុំ ។ មើលចុះ ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ ។ ហើយឥឡូវនេះខ្ញុំដឹងរឿងនេះដោយខ្លួនខ្ញុំថាជារឿងពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានសម្តែងប្រាប់ខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយនេះគឺជា វិញ្ញាណនៃវិវរណៈ ដែលនៅក្នុងខ្លួនខ្ញុំ » (អាលម៉ា ៥:៤៥–៤៦, ការសង្កត់ន័យត្រូវបានបន្ថែម ) ។
« បទពិសោធន៍នៃការផ្លាស់ប្តូរអត្តចរិត » ឬ ការផ្លាស់ប្តូរអត្តចរិតភ្លាមៗ អាចកើតមកពីមជ្ឈដ្ឋានខាងក្រៅ តាមរយៈញាណទាំងប្រាំ ប៉ុន្តែវានៅបានខ្លី ដូចជាលេមិន និង លេមយួលជាដើម ។ ទីបន្ទាល់យូរអង្វែងមួយអាចកើតមានតែតាមរយៈពីក្នុងចិត្តមកជាមុន នៅពេលមនុស្សម្នាក់រៀនដោយការសិក្សា និង ដោយសេចក្តីជំនឿដោយមានព្រះវិញ្ញាណបរិសុទ្ធដាំដំណឹងល្អ « នៅខាងក្នុងខ្លួនគេ ទាំង [ ចារឹក ]ទុកក្នុងចិត្តគេ » (យេរេមា ៣១:៣៣) ។ នោះជាហេតុផលដែលសាសន៍នីហ្វៃ ដែល ទោះបីជា បានឃើញ, បានឮ និងបានស្ទាប ព្រះអង្គសង្គ្រោះពេលទ្រង់បានយាងទៅជួបនឹងពួកគេ ក៏បានភ្លក់ ហើយហិតក្លិន នំបុ័ងនៃអព្ភូតហេតុដែលទ្រង់បានប្រទានឲ្យផងដែរ ( សូមមើល នីហ្វៃទី ៣ ២០:៣–៩), ហេតុដូច្នេះហើយ « [ បានអធិស្ឋាន ] សុំនូវអ្វីៗដែលគេចង់បានបំផុត ហើយពួកគេមានប្រាថ្នាសុំឲ្យព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ពួកគេ » (នីហ្វៃទី ១៩:៩) ។
ប៉ុន្មានឆ្នាំមុន អ្នកផ្សព្វផ្សាយសាសនាវ័យចំណាស់បានចែកចាយរឿងខាងក្រោមនេះជាមួយខ្ញុំ ។ វាបានកើតឡើងចំពោះគាត់ កាលគាត់នៅក្មេងនៅទសវត្សរ៍ឆ្នាំ ១៩៦០ ហើយក៏បង្ហាញថាមានតែតាមរយៈការសិក្សា និង អធិស្ឋានប៉ុណ្ណោះដែលព្រះវិញ្ញាណបរិសុទ្ធផ្តល់សាក្សីនៃសេចក្តីពិតដល់យើង ។ លោកបានថ្លែងថា ៖
« ខ្ញុំកំពុងនៅប្រូវ៉ូ រដ្ឋយូថាហ៍ តែឯង នៅក្នុងផ្ទះតូចមួយជិតទីក្រុង ។ ខ្ញុំធ្វើការជាអ្នកលក់នៅក្នុងហាងគ្រឿងសង្ហារិមតូចមួយនៅទីក្រុង ប្រូវ៉ូ ហើយវាគឺជាអំឡុងសប្តាហ៍នៃបុណ្យឈប់សម្រាកចូលឆ្នាំថ្មីដែលការណ៍នេះបានកើតឡើង ។
« យើងបានឈប់ជាច្រើនថ្ងៃនៅសប្តាហ៍នោះ ។ វាគឺនៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែធ្នូ យប់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ។ យើងត្រូវបានអនុញ្ញាតឲ្យសម្រាកពីការងារចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ ហើយខ្ញុំនៅតែផ្ទះដោយគ្មានគម្រោងប្រារព្ធធ្វើពិធីអបអរអ្វីឡើយ ។ ខ្ញុំកំពុងតែរៀបចំអាហារពេលល្ងាច ដោយរង់ចាំវាឲ្យឆ្អិន ហើយខ្ញុំចង់អានសៀវភៅខ្លះ ។ ដោយគ្មានអ្វីអានសោះនៅក្នុងផ្ទះខ្ញុំនោះខ្ញុំបានចេញទៅក្រៅជាប់ផ្ទះខ្ញុំ ហើយសួរយុវជនដែលនៅជាប់ផ្ទះ ( សិស្សនៅ ប៊ី.វ៉ាយ.យូ ) ថាតើពួកគេមានសៀវភៅអ្វីអាន ឬអត់—ដោយសង្ឃឹមថានឹងបានទស្សនាវដ្តី Field & Streamឬ សៀវភៅផ្សេងទៀតស្រដៀងនោះ ។ ពួកគេបាននិយាយថា គ្មានទស្សនាវដ្តីដូចនោះទេ ប៉ុន្តែពួកគេមានសៀភៅមួយក្បាលដែលខ្ញុំប្រហែលជាចូលចិត្តអាន ។ ពួកគេបានហុចព្រះគម្ពីរមរមនមួយក្បាលឲ្យខ្ញុំ ។
« ខណៈដែលខ្ញុំធ្លាប់បានឮពីសាសនាចក្រមរមន ( អ្នកនៅយូថាហ៍ នរណាមិនស្គាល់ពួកមរមននោះ ? ) នោះខ្ញុំពុំស្គាល់គម្ពីរនេះទេ ។ ខ្ញុំបានអរគុណគេ ហើយយកវាមកផ្ទះខ្ញុំ ។ អំឡុងអាហារល្ងាច ខ្ញុំបានមើលវា ហើយចាប់ផ្តើមអាន ។ ខ្ញុំសារភាពថា ខ្ញុំបានមើលវាត្រួសៗនូវផ្នែកជាច្រើន ដោយព្យាយាមស្វែងរកឈុតឆាកសាច់រឿងរបស់វា ។ មានឈ្មោះ និង ទីកន្លែងជាច្រើនដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុន ហើយខ្ញុំអានវាមិនចូលសោះ ។ ដូច្នេះ ក្រោយពីបាយល្ងាចរួច ខ្ញុំបានយកព្រះគម្ពីរនោះត្រឡប់ទៅឲ្យពួកគេវិញ ហើយនិយាយថា « អត់អីទេ អរគុណហើយ » ។
យុវជនម្នាក់បានសួរ « ‹ តើលោកបានអធិស្ឋានពីព្រះគម្ពីរនេះអត់ ? › ‹ អធិស្ឋានពីវាឬ ? › ខ្ញុំបានតបទៅវិញ ។ ‹ ខ្ញុំគ្រាន់តែចង់បានសៀវភៅអាន មិនចង់អធិស្ឋានពីសៀវភៅស្អីទេ › ។ នេះជាការចាប់ផ្តើមការសន្ទនាដ៏គួរឲ្យចាប់អារម្មណ៍មួយអំពីមាតិកានៃព្រះគម្ពីរមរមន ។ ពួកគេបានប្រាប់ខ្ញុំថា នោះគឺជាព្រះគម្ពីរ បើសិនអ្នកអធិស្ឋានអំពីវាជាមុន ហើយអានវាដោយមានចេតនាពិតចង់ដឹងថាវាពិតឬអត់នោះ នោះព្រះនឹងបើកសម្តែងសេចក្តីពិតនៃគម្ពីរនេះដល់ខ្ញុំ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
« ខ្ញុំកើតមកក្នុងគ្រួសារអ្នកជឿខាងសាសនាកាតូលិក ហើយកាលនោះខ្ញុំមិនសូវសកម្មទេ ខ្ញុំជាសមាជិកនៃព្រះវិហារកាតូលិកដែលជឿស៊ប់ ដោយសារវាគឺជាអ្វីទាំងអស់ដែលខ្ញុំបានដឹង ។ ការអធិស្ឋានតែមួយគត់ដែលខ្ញុំធ្លាប់ធ្វើគឺជាការអធិស្ឋានរបស់ព្រះអម្ចាស់ គឺការអធិស្ឋានសរសើរដល់ ម៉ារី និងអានចេញមកពីសៀវភៅអធិស្ឋានរបស់កាតូលិក—ជាអ្វីដែលខ្ញុំពុំបានធ្វើជាយូរមកហើយ ។ ហើយឥឡូវយុវជនទាំងនេះ សុំឲ្យខ្ញុំអធិស្ឋានទៅព្រះ ដែលខ្ញុំពិតជាពុំដែលស្គាល់សោះ ហើយសូមទ្រង់ឲ្យប្រាប់ខ្ញុំ បើសិនជាគម្ពីរពិត ឬអត់នោះ ? មែនហើយ ដោយគ្មានអ្វីទៀតត្រូវធ្វើ ហើយវានឹងនៅសល់ថ្ងៃឈប់ជាច្រើនថ្ងៃទៀត ។ ខ្ញុំក៏បានយកគម្ពីរនោះមកផ្ទះវិញ ហើយបានគាស់ស្រាបៀរមួយដប កាន់បារីមួយដើម ហើយបានលុតជង្គង់ចុះ សុំឲ្យព្រះប្រាប់ខ្ញុំថា តើគម្ពីរនេះពិតឬអត់ ។ បន្ទាប់មកខ្ញុំចាប់ផ្តើមអាន ៖ ‹ ខ្ញុំ នីហ្វៃដោយបានកើតមកពី ឪពុកម្តាយល្អ › ។
« ឈ្មោះ និង ទីន្លែងនានា គឺមានដូចទៅនឹងអ្វីដែលខ្ញុំទើបតែបានអានពីប៉ុន្មានម៉ោងមុន ។ តែភាពខុសគ្នានៅពេលនេះនោះគឺ ខ្ញុំឈប់មានអារម្មណ៍ថា អត់ជឿទៀតហើយ ។ ខ្ញុំពិតជាជក់ចិត្តនឹងសៀវភៅនេះណាស់ ! ខ្ញុំអាចឃើញនីហ្វៃ ខ្ញុំអាចឃើញបងប្អូនរបស់គាត់ ហើយវាធ្វើឲ្យខ្ញុំខឹង នៅពេលពួកគេធ្វើបាបគាត់ ។ ខ្ញុំចូលចិត្តនីហ្វៃ ! ខ្ញុំសរសើរមនុស្សល្អ ហើយមានអារម្មណ៍សោកស្តាយចំពោះមនុស្សអាក្រក់ ។ ខ្ញុំបានអានអស់ជាច្រើនម៉ោង ហើយខ្ញុំពុំចង់ដាក់ព្រះគម្ពីរចុះឡើយ ។ ទីបំផុតនៅពេលខ្ញុំបានមើលនាឡិកា វាជិតម៉ោងប្រាំព្រឹកទៅហើយ ។ ខ្ញុំបានជូនពរខ្លួនឯងថា សួស្តីឆ្នាំថ្មី ហើយបានចូលដេកទៅ ។
« ខ្ញុំបានក្រោកឡើងនៅម៉ោងប្រាំបីកន្លះ ហើយបានឈោងយកសៀវភៅដោយមិនដឹងខ្លួន ។ ហើយខ្ញុំបានអាន ហើយធ្វើបែបនោះពេញមួយចុងសប្តាហ៍ ។ ដូចជាបងប្រុសផាលី ភី ប្រាត្ត ដែរ ខ្ញុំពុំនឹកនារកបាយទឹក ខ្ញុំមិនចង់ធ្វើអ្វីដែលរំខានខ្ញុំក្នុងការអានឡើយ ។ ខ្ញុំបានបិទទូរសព្ទ ហើយអានពេញមួយថ្ងៃ ដោយគ្រាន់តែឈ្លាតពេលបន្តិចដើម្បីហូបអាហារសម្រន់ប៉ុណ្ណោះ ។ ដូចជាយប់ទីមួយដែរ នៅទីបំផុតខ្ញុំបានដឹងថាវាទាបភ្លឺទៅហើយ ខ្ញុំបានដេកពីរបីម៉ោង ចាប់ព្រះគម្ពីរមកអាន ហើយបន្តធ្វើបែបនោះរាល់ថ្ងៃ ។ ទីបំផុត នៅម៉ោងប្រាំព្រឹកថ្ងៃចន្ទ ខ្ញុំបានអានព្រះគម្ពីរនោះចប់ ហើយមានអារម្មណ៍ថាងងុយដេក—ដោយអស់កម្លាំងខ្លាំង ។
« ពីមុនបុណ្យគ្រីស្ទម៉ាសឆ្នាំនោះ ខ្ញុំបានលក់ព្រំធំមួយនៅតំបន់ អាមេរិកកាំង ហ្វក ។ វាជាព្រំពិសេសម្យ៉ាង ហើយចៅហ្វាយខ្ញុំចង់ឲ្យខ្ញុំចាត់ចែងការក្រាលព្រំនោះ ។ ចៅហ្វាយរបស់ខ្ញុំគឺជាអតីតប៊ីស្សពនៅក្នុងទីក្រុងប្រូវ៉ូ ហើយបានប្រាប់ខ្ញុំជាច្រើនដងអំពីសាសនាចក្រ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍អ្វីឡើយ ។ គាត់ជាចៅហ្វាយដ៏ល្អ ប៉ុន្តែកុំចង់ធ្វើឲ្យគាត់ខឹងឡើយ ព្រោះគាត់ក៏ចេះខឹងដែរ ។ នៅម៉ោងប្រាំបីព្រឹកថ្ងៃចន្ទនោះ ខ្ញុំគួរតែទៅចាត់ចែងការក្រាលព្រំនោះ ។ ម៉ោងណាត់បានមកដល់ ម៉ោងប្រាំបួន ម៉ោងដប់ហើយពុំឃើញខ្ញុំមក ។
« ទីបំផុតវាម៉ោងដប់កន្លះទៅហើយ ចៅហ្វាយរបស់ខ្ញុំខឹងដាច់ក្បាលដាច់កន្ទុយ ហើយបានចូលមកក្នុងផ្ទះខ្ញុំ ដើម្បីស្តីឲ្យខ្ញុំ តែដោយបានឃើញខ្ញុំដេកនៅលើសាឡុង ដោយមានព្រះគម្ពីរមរមនដាក់លើទ្រូងផង នោះគាត់បានប្ដូរចិត្តវិញ ។ គាត់បានបិទទ្វារថ្នមៗ ហើយត្រឡប់ទៅហាងវិញ ដោយទុកចិត្តថា គាត់អាចចាប់ផ្តើមក្រាលព្រំបានហើយ ។ ខ្ញុំបានភ្ញាក់ដឹងខ្លួននៅម៉ោងដប់មួយកន្លះ ( ដោយមិនដឹងថាចៅហ្វាយខ្ញុំមកផ្ទះខ្ញុំឡើយ ) ពេលខ្ញុំមើលម៉ោង ក៏បានអធិស្ឋានយ៉ាងខ្លីម្តងទៀត នេះជាលោកទីពីរហើយ ដែលខ្ញុំអធិស្ឋាន ។ ខ្ញុំស្លៀកពាក់យ៉ាងលឿន ( ដោយជឿថាពេលខ្ញុំទៅដល់ទីនោះ ខ្ញុំប្រហែលត្រូវបណ្តេញចេញពីការងារហើយ ) ខ្ញុំបានឡើងឡាន ហើយបើកយ៉ាងលឿនទៅកន្លែងធ្វើការ ។
« ខ្ញុំបានឃើញចៅហ្វាយខ្ញុំនៅទីនោះ ក៏បានទៅជួបគាត់ដើម្បីសុំទោស ។ គាត់បានបែរមក ហើយញញឹម ព្រមទាំងសួរខ្ញុំថា ‹ តើអ្នកចូលចិត្តព្រះគម្ពីរនោះខ្លាំងប៉ុណ្ណា › ? ដោយដឹងពីអ្វីដែលបានកើតឡើង ចិត្តខ្ញុំបានត្រឡប់ទៅគិតកាលពីសប្តាហ៍មុន ហើយខ្ញុំនិយាយបានតែមួយគត់ ទាំងស្រក់ទឹកភ្នែកថា ‹ ព្រះគម្ពីរនេះពិត ។ ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ › ។ បន្ទាប់មកខ្ញុំបានយំ ហើយគាត់បានមកដាក់ដៃលើខ្ញុំ ហើយអង្វែលលួងលោមខ្ញុំ ។ ខ្ញុំបានជ្រមុជទឹកក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៦៥ » ។
ខ្ញុំបានជួបបងប្រុសដ៏ល្អម្នាក់នេះកាលពីប៉ុន្មានទសវត្សរ៍មុន បន្ទាប់ពីការប្រែចិត្តជឿរបស់គាត់ ខណៈដែលគាត់ និងភរិយាគាត់បម្រើបេសកកម្មនៅមជ្ឈមណ្ឌលអ្នកទស្សនា សាន់ ឌីអាហ្គោ មរមន បាថាលាន ។ មូលហេតុដែលខ្ញុំចូលចិត្តរឿងនេះជាខ្លាំងនោះ គឺការផ្ទុយគ្នានៅក្នុងការព្យាយាមពីរដងដើម្បីអានព្រះគម្ពីរមរមន ។ ពេលដំបូងដែលគាត់ចាប់ផ្តើមអាន វាពុំមែនដោយចេតនា និងការអធិស្ឋានពិតឡើយ ។ នៅក្នុងការព្យាយាមលើកទីពីររបស់គាត់ ដោយមានបំណង និង អធិស្ឋាន វាបានក្លាយជាបទពិសោធន៍ដែលផ្លាស់ប្តូរទាំងស្រុង ។
មានតែរបៀបមួយគត់ដើម្បីដឹងថាព្រះគម្ពីរមរមន និង ដំណឹងល្អពិត ហើយវាលើសពីការចង់ដឹង និងលើសពីញាណទាំងប្រាំទៅទៀត ។ វាត្រូវប្រើសិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ ហើយធ្វើតាមដោយបំណងប្រាថ្នាដើម្បីចង់ដឹង ៖
« ហើយកាលណាអ្នករាល់គ្នាទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្តីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
« ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » (មរ៉ូណៃ ១០:៤–៥) ។
សេចក្តីសន្យាទាំងនោះមិនបានប្រើពាក្យថា « ទ្រង់អាច » ឬ « ប្រហែល » ឬ « ប្រហែលជាអាច » ឡើយ ។ ការសន្យានោះគឺ « ទ្រង់ នឹង បង្ហាញសេចក្តីពិតទៅដល់អ្នក ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។
គោលការណ៍នៃចំណេះដឹងមួយទៀត ដែលយើងរកឃើញនៅក្នុងរឿងនេះ គឺថាអ្នកពុំចាំបាច់អានព្រះគម្ពីរមរមនឲ្យចប់ ទើបទទួលបានទីបន្ទាល់មួយឡើយ ។ ដ្បិតបុរសនៅក្នុងរឿងនេះ គាត់ បានភ្លក់ពន្លឺ នៅលើទំព័រទីមួយប៉ុណ្ណោះ ។ គាត់មិនចាំបាច់ហូបនំភីស្សាទាំងមូល ពីមុនគាត់ដឹងថាវាឆ្ងាញ់នោះឡើយ ។ សម្រាប់មនុស្សដទៃទៀត វាអាចតម្រូវឲ្យភ្លក់ច្រើនដង ទើបដឹងថាវាឆ្ងាញ់ ។ នោះហាក់ដូចជាអ្វីដែលអាលម៉ាបាននិយាយក្នុងខគម្ពីរនេះ ៖ « មែនហើយវាចាប់ផ្តើមបំភ្លឺយោបល់របស់ខ្ញុំ មែនហើយវាចាប់ផ្តើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » (អាលម៉ា ៣២:២៨) ។
ទីបន្ទាល់របស់អ្នករឹងមាំជាងអ្នកគិតទៅទៀត
ពេលចាប់ផ្តើមខ្ញុំបានសុំឲ្យអ្នកដាក់ពិន្ទុលើទីបន្ទាល់របស់ខ្លួននៅលើក្រាហ្វិកនៃសេចក្តីជំនឿ ។ ខ្ញុំសង្ឃឹមថា អ្នកបានឃើញថាទីបន្ទាល់អ្នកមានកម្រិតខ្ពស់ជាងអ្នកនឹកគិតទៅទៀត ។ ដោយមានព្រះវិញ្ញាណបរិសុទ្ធជាគ្រូបង្រៀនអ្នក នោះអ្នកអាចចាប់ផ្តើមទទួលដំរិះដ៏ឥតខ្ចោះនៃផលផ្លែជាច្រើននៃដំណឹងល្អ ហើយដោយមួយផលផ្លែម្ដងៗ មួយបន្ទាត់ម្តងៗ នោះទីបន្ទាល់អ្នកនឹងរីកចម្រើនកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។
នៅពេលមនុស្សម្នាក់កាន់តែរៀន និង រស់នៅតាមដំណឹងល្អ នោះពួកគេនឹងកាន់តែទទួលពន្លឺ ហើយផែនការរបស់ព្រះវរបិតាប្រែជាដំណឹងល្អកាន់តែទូទៅមួយ ។ យើងរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនយើងថា ផ្លែឈើនៃដើមជីវិត គឺពិតជាមានតម្លៃវិសេស ហើយ « ផ្អែមបំផុតគឺផ្អែមជាងអ្វីៗដែល [ យើង ] ធ្លាប់បានភ្លក់ពីមុនមក » ហើយព្រលឹងយើងពោរពេញដោយ « សេចក្តីអំណរជាអតិបរមា » (នីហ្វៃទី ១ ៨:១១-១២) ។ យើងស្រឡាញ់វាកាន់តែខ្លាំង ដោយសារតែពរជ័យ សេចក្តីអំណរ និង ការគ្រប់គ្រងដែលវាបានផ្តល់ដល់យើងនូវលទ្ធផលវិជ្ជមាន នៅក្នុងជីវិតរបស់យើង និង សេចក្តីសង្ឃឹមនៃសុភមង្គលដែលគ្មានទីបញ្ចប់ជាក្រុមគ្រួសារអស់លក្បជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ខ្ញុំថា ខ្ញុំដឹង ហើយខ្ញុំដឹងថា ខ្ញុំដឹងដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនពិត ។ វាគឺជាព្រះបន្ទូលនៃព្រះ ។ ព្រះគម្ពីរនេះ មានរសជាតិផ្អែម និង មានតម្លៃដ៏វិសេស ។ ខ្ញុំចូលចិត្ត និង រីករាយនឹងរសជាតិរបស់វា ។ ខ្ញុំសូមថ្លែងទីបន្ទាល់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវបានគេឆ្កាង ហើយរងទុក្ខសម្រាប់អំពើបាបនៃពិភពលោក ។ ទ្រង់ជាអង្គសង្គ្រោះយើង ហើយបន្តដឹកនាំ និង នាំផ្លូវសាសនាចក្រ ព្រមទាំងនគររបស់ទ្រង់នៅលើផែនដីនេះតាមរយៈព្យាការី និង សាវកដែលកំពុងរស់នៅ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះនាមទ្រង់ និងអំពីសេចក្ដីពិតដ៏ពិសិដ្ឋទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2015 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ 2/15 ។ អនុមតិឲ្យបកប្រែ ៖ 2/15 ។ ការបកប្រែនៃ « Tasting the Light. » Cambodian ។ PD10053116 258