ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ចែករំលែក​អាហារ​របស់​អ្នក


2:3

ចែករំលែក​អាហារ​របស់​អ្នក

បងប្អូន​ប្រុស​ស្រី និង​មិត្ត​ភក្ដិ​ជាទីស្រឡាញ់ ខ្ញុំ​សូម​នាំ​យកការនឹករឭក និង​ពរជ័យ​មក​ពី​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ លោក​មាន​អំណរគុណ​ចំពោះ​ការអធិស្ឋាន និង​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​នៅក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ និង​ជា​រៀង​ដរាប​តទៅ ។

ខ្ញុំ​តែង​តែចូល​ចិត្ត​រដូវ​កាល​នេះ ។ ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធានទីមួយ​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​គួរ​ឲ្យ​ស្រឡាញ់​មួយ​សម្រាប់​មនុស្ស​ជាច្រើន រួម​ទាំង​គ្រួសារ​របស់​ខ្ញុំ​ដែរ ។ យើង​ទន្ទឹង​រង់ចាំ​ដើម្បី​ចាប់ផ្ដើម​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ជាមួយ​នឹង​តន្ត្រី​ដ៏​ពីរោះ​របស់​ក្រុម​តន្ត្រី​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និង​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន​ដ៏អស្ចារ្យ ។ សារ​លិខិត​នានា និង​តន្ត្រីជួយ​បង្កើត​បរិយាកាស​សម្រាប់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​រំឭក​យើង​អំពី​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ដែល​យើង​សាទរ និង​ហេតុផល​ដែល​យើង​សាទរ ។

បុណ្យ​គ្រីស្ទម៉ាស់​នៅ​ប្រទេស​អាល្លឺម៉ង់

កាល​ពី​ក្មេង ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​បាន​រួម​បញ្ចូល​ទាំង​រដូវ​រងារ​ដ៏​ស្រស់​ស្អាត​មួយ​ផងដែរ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​នៅ​តែ​ឯង​ឡើយ​នៅក្នុង​រដូវ​នេះ ។ ចំពោះ​ខ្ញុំ​វា​មាន​ន័យ​ថា ត្រូវ​មានខ្យល់​ត្រជាក់​នា​រដូវ​រងារ ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់ ព្រិល​ថ្មីៗ​ពណ៌-ស​យ៉ាង​ច្រើន ។ ផ្ទុយ​ទៅ​វិញ អាកាសធាតុ​នោះ​តែង​តែ​ខុស​ពី​ក្ដី​ស្រមៃ​របស់​ខ្ញុំ​អំពី​ភាព​មនោរម្យ​នៃ​រដូវ​រងារ ជា​រឿយៗ​គឺវា​មាន​ផ្ទៃមេឃ​អាប់​ពណ៌​ប្រផេះ ព្រិល​សើមៗដូចជាដុំសំឡី ឬ​ថែម​ទាំង​មាន​ភ្លៀង​ទៀត​ផង ។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់ ម្ដាយ​របស់​ខ្ញុំ​នឹង​ស្លៀក​ពាក់​ខោ​អាវ​រងារ​ឲ្យ​យើង ហើយ​ឪពុក​របស់​យើង​នឹង​នាំ​យើង​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង ។

ក្នុង​នាម​ជា​កូន យើង​ដឹង​អំពី​ហេតុផល​ពិត​នៃ​ការ​ដើរ​បែប​នេះ​រៀង​រាល់​ឆ្នាំ—ដោយសារ​អ្នក​ម្ដាយ​របស់​យើង​ត្រូវការ​ពេល​ដើម្បី​តុប​តែង​ដើម​គ្រីស្ទម៉ាស់ ដាក់​អំណោយ​នៅ​ក្រោម​ដើម​ឈើ​នោះ ហើយ​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ​សម្រាប់​យប់​ដ៏​បរិសុទ្ធ ។ យើង​បាន​សាក​ល្បង​គ្រប់​វិធី​ដើម្បី​ធ្វើ​ឲ្យ​ការ​ដើរ​នេះ​មាន​រយៈពេល​ខ្លី​តាម​ដែល​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​ឪពុក​របស់​យើង​មាន​ប្រាជ្ញា​ណាស់​ក្នុង​ការ​នាំ​យើង​ដើរ​មួយ​ជុំ​ហើ​យមួយ​ជុំ​ទៀត ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​ម្ដាយ​របស់​យើង​តាម​ដែល​គាត់​ត្រូវការ ។

នៅ​សម័យ​នោះ ផ្លូវ​នៅ ស្វ៊ីកខោ ងងឹត​ខ្លាំង​ណាស់​នៅ​ពេល​ល្ងាច ។ វា​គឺ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយ​នៅ​តាម​ផ្លូវ​គ្មាន​ភ្លើង​សោះ ។ មាន​តែ​ហាង​ពីរ​បី​ប៉ុណ្ណោះ​ដែល​បើក​លក់ ហើយ​ហាង​ខ្លះ​មាន​ទីតាំង​នៅ​ក្បែរ​នឹង​ផ្ទះ​ដែល​បាន​កម្ទេច​ដោយ​គ្រាប់​បែក ដែល​វា​នៅ​មាន​ក្លិន​ដ៏ចម្លែក​នៃ​សង្គ្រាម​នៅ​ឡើយ ។

មាន​ផ្នែក​មួយ​នៃ​ការ​ដើរ​នោះ​ដែល​យើង​ចូល​ចិត្ត​បំផុត—គឺ​ជា​ការ​ឈប់​នៅ​វិហារ​ធំ​មួយ​ក្នុង​កណ្ដាល​ក្រុង​ស្វ៊ីកខោ ជា​កន្លែង​ដែល​យើង​ស្ដាប់​បទ​គ្រីស្ទម៉ាស់​ដ៏​ពីរោះ ហើយ​ភ្លេង​ព្យាណូ​ខ្យល់ដ៏​អស្ចារ្យ​ដែល​ទំនង​ជា​លេង​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់​ជានិច្ច ។ ភ្លេង​នេះ​បាន​ធ្វើ​ឲ្យ​ពន្លឺ​តិច​តួច​នៅ​ក្នុង​ទីក្រុង​របស់​យើង​ភ្លឺ​លើស​មុន​មួយ​រំពេច—ប្រៀប​បាន​នឹង​តារា​ដែល​ភ្លឺ​ព្រាកៗ—ហើយ​បំពេញ​ដួង​ចិត្ត​ក្មេង​ខ្ចី​របស់​យើង​ជាមួយ​នឹង​ស្មារី​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ចាំ​ដោយ​សង្ឃឹម ។

លុះ​ដល់​ពេល​ដែល​យើង​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​ម្ដាយ​របស់​យើង​បាន​បញ្ចប់​ការ​រៀបចំ​របស់​គាត់ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ម្ដង​ម្នាក់ៗ​ដើម្បី​មើល​នូវ​ដើម​គ្រីស្ទម៉ាស់​ដែល​ទើប​តុប​តែង​ថ្មីៗ ។ នៅ​ជំនាន់​នោះ​ពិបាក​នឹង​រក​ដើម​នោះ​ណាស់ ហើយ​យើង​យក​អ្វី​ដែល​មាន ។ ពេល​ខ្លះ​យើង​ត្រូវ​ដាក់​បន្ថែម​មែក​ឈើ​ពីរ​បី​មែក​ដើម្បី​ឲ្យ​វា​មើល​ទៅ​​ដូច​ជា​ដើម​ឈើ​ពិតៗ ។ ប៉ុន្តែ​ចំពោះ​គំនិត​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ ដើម​គ្រីស្ទម៉ាស់​គឺ មាន​ភាព​រុងរឿង​ដ៏​ឥត​ខ្ចោះ​ជានិច្ច ។

ពន្លឺ​ទាន​ភ្លឹប​ភ្លែតៗ​បាន​នាំ​មក​នូវ​ពន្លឺ​ដ៏​ចម្លែក​គួរ​ឲ្យ​ចាប់​ចិត្ត​មួយ ចូលមក​ក្នុង​បន្ទប់​នោះ ។ យើង​បាន​មើល​ទៅ​អំណោយ​នៅ​ក្រោម​ដើម​ឈើ​ដោយ​ចិត្ត​រំភើប​រីករាយ ហើយ​សង្ឃឹម​ថា ក្ដី​ប្រាថ្នា​ដ៏​សម្ងាត់​របស់​យើង​នឹង​ត្រូវ​បាន​បំពេញ ។

ក្ដី​រំភើប​នៃ​ការ​ទទួល​បាន​អំណោយ​នានា​គឺ​ស្ទើរ​តែ​ស្មើ​គ្នា​នឹង​ក្ដី​រំជួលចិត្តនឹង​ការ​ឲ្យ​អំណោយ​ទៅ​គេ ។ ជា​រឿយៗ អំណោយ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ដៃ ។ នៅ​ឆ្នាំ​មួយ កាល​ខ្ញុំ​នៅ​ក្មេង អំណោយ​របស់​ខ្ញុំ​ទៅ​កាន់​បងប្អូន​ប្រុស​របស់​ខ្ញុំ​គឺជា​រូបភាព​របស់​គាត់​ដែល​ខ្ញុំ​បាន​គូរ ។ ខ្ញុំ​មាន​មោទនភាពចំពោះ​គំនូរ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ។ ហើយ​គាត់​មាន​ចិត្ត​ល្អ ​ស្លូត​បូត​ដោយ​ប្រើ​ពាក្យ​អរគុណ និង​ការសរសើរ ។

ខ្ញុំ​នឹង​ចងចាំ​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ទាំង​នេះ​កាល​ពី​កុមារភាព​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ខាង​កើត ។

សេចក្ដី​ស្រឡាញ់​ដ៏​គ្មាន​ដែន​កំណត់

ទំនៀម​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់​ត្រូវ​បាន​សាទរ​នៅ​ក្នុង​វប្បធម៌ និង​ប្រជាជាតិ​នានា​នៃ​ពិភព​លោក​នេះ​តាម​របៀប​ដ៏​វិសេស​អស្ចារ្យ ។ ទំនៀម​ទម្លាប់​នីមួយៗ​មាន​ភាព​ស្រស់​ស្អាត​យ៉ាង​អស្ចារ្យ ហើយ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា ។

ប៉ុន្តែ​វា​មាន​នូវ​អារម្មណ៍ ស្មារតី​រួម​មួយ​ដែល​តែង​តែ​ទំនង​ជា​កើត​មាន​ឡើង នៅ​ពេល​យើង​សាទរ​ចំពោះ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​ដ៏​ជា​ស្តេច ជា​អង្គ​លួងលោម​ចិត្ត និង​អង្គ​ដ៏​ជឿ​ជាក់​របស់​យើង ជា​សេចក្តី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រាអែល !

មាន​នូវ​ពាក្យ​ជាច្រើន​ដែល​មនុស្ស​ម្នាក់​អាច​ប្រើ​ដើម្បី​រៀបរាប់​អារម្មណ៍​នេះ​ដូចជា ៖ អំណរ សេចក្ដីសង្ឃឹម ការ​រំពឹងរង់ចាំ​ ការសង្ឃឹម​ឡើង ។ ពាក្យ​ទាំង​នេះ ផ្ដិត​យក​នូវ​ផ្នែក​ដែល​យើង​ហៅ​ថា « ស្មារតី​នៃ​បុណ្យ​គ្រីស្ទម៉ាស់ » ។

ចំពោះ​ខ្ញុំ មានពាក្យ​មួយ​ដែល​ពិពណ៌នា​ល្អ​បំផុត​នូវ​អារម្មណ៍​ដែល​យើង​មាន​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ។ ពាក្យ​នោះ​គឺ សេចក្ដី​ស្រឡាញ់ ។

លើស​ពី​អ្វី​ទាំងអស់ អំណោយ​ដែល​យើង​សាទរ​នៅ​បុណ្យ​គ្រីស្ទ​ម៉ាស់​គឺ​ជា​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់—ជា​អំណោយ​របស់​ព្រះ​ដែល​បាន​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​មក ។ « សេចក្តីស្រឡាញ់របស់ព្រះបានសម្ដែងមកឲ្យយើងខ្ញុំស្គាល់ ដោយ​ទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែមួយឲ្យមកក្នុងលោកីយ៍ដើម្បីឲ្យយើងរាល់ គ្នាបានរស់ដោយសារទ្រង់ ។ នេះ​​ហើយ​ជា​សេចក្តី​ស្រឡាញ់ » ។

ដោយ​រង​ឥទ្ធិពល​ពី​សេចក្ដី​ស្រឡាញ់​នោះ ដួង​ចិត្ត​យើង​មាន​ភាព​ទន់ភ្លន់ ។ យើង​ទទួល​នូវ​អារម្មណ៍​ទន់ភ្លន់​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​សណ្ដាន​ចិត្ត​មេត្តា​ករុណា ។

បុណ្យគ្រីស្ទម៉ាស់​បំផុស​គំនិត​យើង​ឲ្យ​ស្រឡាញ់​កាន់​តែខ្លាំង ។

ទោះ​ជា​ខ្ញុំ​និយាយ​បែប​នេះ​ក្ដី ក៏​ខ្ញុំ​សូមសារភាព​ថា ពាក្យ សេចក្ដីស្រឡាញ់ គឺ​មិន​គ្រប់​គ្រាន់​ឡើយ ។ ក្នុង​ភាសា​អង់គ្លេស ដូចជា​ក្នុង​ភាសា​ជាច្រើន​ផ្សេង​ទៀត​ដែរ « សេចក្ដី​ស្រឡាញ់ »​ អាច​មាន​ន័យ​ច្រើន​យ៉ាង ។ ឧទាហរណ៍ ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​ « ស្រឡាញ់ » ​ភ្លៀង ឬ​ខ្ញុំ​ « ស្រឡាញ់ » សម្លៀក​បំពាក់​ថ្មី​របស់​អ្នក ឬ​ខ្ញុំ​ថែម​ទាំង​អាច​និយាយ​ថា « ស្រឡាញ់ » ​ក្លិន​ប្រអប់​គ្រាប់​បាល់​តេនីស​ថ្មីៗ​ដែល​បាន​បើក​ផង​ដែរ ។

ប៉ុន្តែ​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ​និយាយ​គឺជា​អ្វី​មួយ​ដែល​មាន​ន័យ​លើស​ពី​នោះ ។ ទស្សនៈ​របស់​យើង​ក្នុង​ជីវិត​នេះ​អំពី​សេចក្ដី​ស្រឡាញ់​គឺជា​តូច​តាច​ណាស់បើ​ប្រៀប​ធៀប​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​យើង ។

សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺជា​សេចក្ដីមេត្តា​ករុណា​ដ៏​គ្មាន​ព្រំដែន ហើយ​មិន​រីង​ស្ងួត​ឡើយ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​ពេញ​ភាព​អស់​កល្ប​ជានិច្ច ។ វា​ពោរពេញ​ដោយ​ព្រះ​គុណ​ដ៏​អស់​កល្ប ។ វា​ឈោង​ជួយ ហើយ​លើក​ស្ទួយ ។ វា​អភ័យទោស ។ វា​ឲ្យ​ពរ ។ វា​ប្រោសលោះ ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​លើស​ពី​ភាព​ខុស​គ្នា​ខាង​ចរឹត​លក្ខណៈ ខាង​វប្បធម៌ ឬ​ខាង​សាសនា ។ វា​មិន​អនុញ្ញាត​ឲ្យ​សេចក្ដី​លម្អៀង និង​ការ​ប្រកាន់​មក​រារាំង​ផ្លូវ​យើង​មិន​ឲ្យ​ចែក​ចាយ​នូវ​ការ​លួង​លោម សេចក្ដីមេត្តា​ករុណា និង​ការ​យល់​ចិត្ត​បាន​ឡើយ ។ វា​គ្មាន​នូវ​ការ​រំលោភ​បំពាន ការ​រើស​អើង ឬ​ភាព​ក្រអឺត​ក្រទម​សោះ​ឡើយ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បំផុស​គំនិត​យើង​ឲ្យ​ធ្វើ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ៖​ « ជួយ​អ្នកទន់​ខ្សោយ លើកដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ។

នេះ​គឺជា​ប្រភេទ​នៃសេចក្ដី​ស្រឡាញ់​ដែល​យើង​ខិតខំ​ស្វែង​រក ។ វា​គួរ​តែ​ជា​ការ​កំណត់​នូវ​បុគ្គលិក​លក្ខណៈ​របស់​យើង​ក្នុង​នាម​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ប្រជាជន​មួយ​ក្រុម ។

យើង​អាច​នឹង​គ្មាន​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​នូវ​សេចក្ដីស្រឡាញ់​ដ៏​ពេញ​លេញ​របស់​ព្រះ​នៅ​ក្នុង​ជីវិត​នេះ​បាន​ទេ តែ​យើង​ពុំ​គួរ​ឈប់​ព្យាយាម​ឡើយ ។ ប្រសិន​បើ​មាន​ពេល​មួយ​នៅ​ក្នុង​ឆ្នាំ​ដែល​យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ពេល​ផ្សេង​ៗ​ទៀត វា​អាច​ជា​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ជា​ពេល​ដែល​ដួង​ចិត្ត និង​គំនិត​របស់​យើង​ងាក​ទៅ​រក​ការ​ប្រសូត​នៃ​ការ​បង្ហាញ​ដ៏​រស់​រវើក​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ព្រះអង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ។

អភិបាល​ក្រុង និង​ក្មេង​ប្រុស​ម្នាក់

ខ្ញុំ​សូម​ចែកចាយ​រឿង​មួយ​ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​សេចក្ដីស្រឡាញ់​នេះ​អាច​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​របស់​យើង ។ នៅ​ថ្ងៃឆ្លង​បុណ្យគ្រីស្ទ​ម៉ាស់ កាល​ពី ៨៥ ឆ្នាំ​មុន គឺ​នៅ​គ្រា​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ មាន​អភិបាល​ក្រុង​ម្នាក់​កំពុង​ពិនិត្យ​មើល​ផ្លូវ​នៅ​ក្នុង​ទីក្រុង​សលត៍ លេក ក្រោយ​ពី​មាន​ព្យុះ​ទឹក​កក​មួយ ។ កាល​លោក​កំពុង​បើក​រថយន្ត លោក​បាន​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​នៅ​ឯ​ចិញ្ចើម​ផ្លូវ កំពុង​ឈរ​រងារ ដោយ​គ្មាន​អាវ​រងារ ស្រោម​ដៃ ឬ​ស្បែក​ជើង-​កវែង​ឡើយ ។ អភិបាល​នោះ​បាន​ឈប់​រថយន្ត ហើយ​បាន​អញ្ជើញ​ក្មេង​ប្រុស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត​របស់​លោក ហើយ​បាន​សួរ​ក្មេង​ប្រុស​នោះ​ថា តើ​គាត់​មាន​ចិត្ត​រំភើប​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ដែរ​ឬ​ទេ ។ ក្មេង​ប្រុស​នោះ​បាន​តប​ថា « យើង​នឹង​លែង​មាន​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ក្នុង​ផ្ទះ​របស់​យើង​ទៀត​ហើយ ។ ប៉ា​បាន​ស្លាប់​កាល​ពី​បី​ខែ​មុន ហើយ​ខ្ញុំ​នៅ​សល់​តែ​ម៉ាក់ និង​ខ្ញុំ ព្រមទាំង​ប្អូន​ប្រុស​ម្នាក់ និង​ប្អូន​ស្រីតូច​​ម្នាក់​ប៉ុណ្ណោះ » ។​

អភិបាល​ក្រុង​រូប​នោះ​បាន​បើក​ម៉ាស៊ីន​កម្ដៅ​នៅ​ក្នុង​រថយន្ត​របស់​លោក ហើយ​ពោល​ថា « ឥឡូវ​ក្មួយ​ឲ្យ​ឈ្មោះ និង​អាសយដ្ឋាន​របស់​ក្មួយ​មក​ឲ្យ​អ៊ំ ។ នឹង​មាន​មនុស្ស​ម្នាក់​ទៅ​កាន់​ផ្ទះ​របស់​ក្មួយ—ក្មួយ​នឹង​មិន​ត្រូវ​គេ​បោះ​បង់​ចោល​ឡើយ » ។

អភិបាល​ក្រុង​រូប​នេះ​ក៏​ជា​ប្រធាន​ស្តេក​មួយ​នៅ​ក្នុង​ក្រុង​នៃ​ទីក្រុង​សលត៍ លេក ដែរ ។ លោក​បាន​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ក្នុង​ស្តេក​របស់​លោក​ដើម្បី​ផ្ដល់​អាហារ និង​អំណោយ​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​ពុំ​អាច​ផ្គត់​ផ្គង់​ខ្លួន​ឯង​បាន ។ ក្មេង​ប្រុស​នោះ​ពុំ​មែន​ជា​សមាជិក​ក្នុង​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​​​ទេ ប៉ុន្តែ​នោះ​ពុំ​មែន​ជា​រឿង​ចោទ​ចំពោះ​អភិបាល​នោះ​ឡើយ ។ នៅ​យប់​នោះ លោក និង​ប៊ីស្សព​ម្នាក់​នៅ​ក្នុង​ស្តេក​របស់​លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រួសារ​របស់​ក្មេង​ប្រុស​នោះ​បាន​ទទួល​របស់​របរ​សម្រាប់​បុណ្យ​គ្រីស្ទ​ម៉ាស់​មួយ​កន្ត្រក​ពេញ ។

ការ​ជួប​គ្នា​នឹង​ក្មេង​ប្រុស​នេះ​បាន​ជិះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រធាន​ស្តេក​រូប​នេះ ។ វា​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​តាំង​ចិត្ត​ច្រើន​ជាង​មុន​ដើម្បី​ស្វែង​រក ហើយ​សម្រាល​ការ​រងទុក្ខ​នៅ​ទី​ណា​ដែល​លោកបាន​ជួប ។ វា​ថែម​ទាំង​បាន​ក្លាយ​ជា​សញ្ញា​សម្គាល់​មួយ​នៃ​ជីវិត​របស់​លោក​ផងដែរ ។

ឈ្មោះ​របស់​អភិបាល​ក្រុង​នោះ​គឺជា ហារ៉ូល ប៊ីងហិម លី ហើយ​ ៤០ ឆ្នាំក្រោយ​មក លោក​បាន​ក្លាយ​ជា​ប្រធាន​ទី​ ១១​ ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ប្រធាន​លី​បាន​ក្លាយ​ជា​បុគ្គល​ដ៏​សំខាន់​នៅ​ក្នុងការ​បង្កើត​កម្មវិធី​ដ៏​ធំ​របស់​សាសនាចក្រ ដើម្បី​សម្រាល​បន្ទុក​របស់​មនុស្ស​ដែល​មាន​ទុក្ខ​ព្រួយ ហើយ​ជួយ​កូនចៅ​ទាំងអស់​របស់​ព្រះ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក ប្រធាន​លី បាន​ថ្លែង​ថា លោក​បាន​ចិត្ត​មនុស្ស​ដែលបាន​រង​ទុក្ខ ហើយ​ចង់​សម្រាល​បន្ទុក​ពួកគេ ដោយសារ​ភាព​ក្រីក្រ​ផ្ទាល់​ខ្លួន និង​ការ​ចាប់ផ្ដើម​ដ៏​សាមញ្ញ​របស់​លោក ។

វា​ពុំ​សំខាន់​ថា​អ្នក​មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណា​ទេ ប៉ុន្តែ​ថា​អ្នក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​វិញ

ខ្ញុំ​គិត​ថា ខ្ញុំ​ស្គាល់​នូវ​អារម្មណ៍​របស់​ប្រធាន​លី ។

គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នៅ​ពេល​មួយ​ផង​ដែរ ។ រយៈពេល​ប្រាំ​ពីរ​ឆ្នាំ យើង​បាន​រត់​ចេញ​ពី​ផ្ទះ​របស់​យើង​ពីរ​ដង​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ហើយ​យើង​រត់​ចោល​អ្វីៗ​ទាំងអស់ ។ នៅ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាងលិច យើង​បាន​រស់​នៅ​ក្នុង​ផ្ទះ​ជួល​តូច​មួយ​ក្នុង​អគារ​កសិដ្ឋាន​ដ៏​ចំណាស់​មួយ​ខ្នង ។ វា​មាន​បន្ទប់​តូច​ពីរ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ដេក​នៅ​ក្នុង​បន្ទប់​តូច​មួយ ។ បន្ទប់​នោះ​តូច​ណាស់ ខ្ញុំ​ត្រូវ​ដើរ​តាម​គែមៗ​ដើម្បី​ផ្លាស់​ពីរ​គ្រែ​មួយ​ទៅ​គ្រែ​មួយ ។

អ្នក​ម្ដាយ​របស់​ខ្ញុំ​មានបន្ទះក្តៅ​មួយ​ទុក​ធ្វើ​ជា​ជើង​ក្រាន​របស់​យើង ។ ហើយ​នៅ​ពេល​យើង​ចង់​ចេញ​ពី​បន្ទប់​មួយទៅបន្ទប់​មួយ​ទៀត​​ យើង​ត្រូវ​ដើរ​កាត់​កន្លែង​ដាក់​ឧបករណ៍​កសិដ្ឋាន ហិប​ដាក់​ជា​ជួរ និង​សាច់​ព្យួរ​ហាល​នៅ​លើ​ពិដាន ។ មាន​ម្ដង​នោះ ខ្ញុំ​ឈឺ ហើយ​ត្រូវ​សម្រាក​លើ​គ្រែ​ពេញ​មួយ​ថ្ងៃ ខ្ញុំ​បាន​ឃើញ​សត្វ​កណ្ដុរ​រត់​ពេញ​ឥដ្ឋ​ក្នុង​បន្ទប់​របស់​យើង ។ ទឹក​ត្រូវ​យួរ​ឡើង​មក​លើ​បន្ទប់​របស់​យើង ហើយ​បន្ទប់​ទឹក​គឺ​នៅ​ខាង​ក្រៅ​ផ្ទះ​ទល់​មុខ​ទីធ្លា​ដ៏​ធំ​មួយ​នៅក្បែរ​នឹង​ជង្រុក​ស្រូវ ។ នៅ​ថ្ងៃ​អាទិត្យ​យើង​បាន​ដើរ​បី​បួន​ម៉ោង​ដើម្បី​ទៅ​ដល់​អគារ​សាសនាចក្រ​របស់​យើង​នៅ​ហ្វ្រែងហ្វឺត និង​ដើរ​ត្រឡប់​មក​វិញ ។ យើង​កម្រ​មានប្រាក់​ដើម្បី​ជិះ​រថយន្ត​ក្រុង​ណាស់ ។

ខ្ញុំ​នៅ​ចាំ​ថ្ងៃ​ទាំង​នោះ​ដោយ​ចិត្ត​ឈឺចាប់ និង​អំណរ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ខំយ៉ាងអស់​ពី​លទ្ធភាព​ដែល​ពួកគាត់​អាច​ធ្វើ​បាន​ដើម្បី​ផ្គត់​ផ្គង់​ដល់​យើង ហើយ​យើង​បាន​ដឹង​ថា ពួកគេ​ស្រឡាញ់​យើង ។ ពិតណាស់ គ្រា​ទាំង​នេះ​គឺ​ជា​ពេល​ដ៏​ខ្វះខាត​បំផុត ប៉ុន្តែ​ខ្ញុំ​ចាត់​ទុក​វា​ជា​គ្រា​ដ៏​រីករាយ ដោយសារ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ។

ការមាន​ជីវិត​ក្រីក្រ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស់​អៀន​នោះ​ទេ ។ ចូរ​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​បាន​ប្រសូត​មក​នៅ​ក្នុង​ក្រោល​សត្វ ហើយ​ផ្ទុំ​ក្នុង​ស្នូក​ « ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​សម្រាប់ [ ទ្រង់ ]​គង់នៅ​ទេ » ។ មួយ​រយៈ​ក្រោយ​មក​ទៀត ទ្រង់​ព្រមទាំង​ម៉ារា និង​យ៉ូសែប​បាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន ដោយ​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​ស្វែង​រក​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ហេរ៉ូឌ​ដ៏​ឃោរឃៅ ។ អំឡុង​ការងារ​បម្រើ​របស់​ទ្រង់​ជា​សាធារណៈ ព្រះយេស៊ូវ​បាន​យាង​ដើរ​នៅ​ក្នុង​ចំណោម​ជន​ក្រីក្រ ជន​ស្រេក​ឃ្លាន និង​អ្នក​ឈឺ ។ ពេលវេលា​រ​បស់​ទ្រង់​ពោរពេញ​ដោយ​ការងារ​បម្រើ​ដល់​ពួកគេ ។ ទ្រង់​បាន​យាង​មក​ « ឲ្យ​ប្រកាស​ដំណឹងល្អ​ដល់​មនុស្ស​ទ័ល​ក្រ » ។ តាម​វិធី​ជាច្រើន ទ្រង់​គឺជា​វិធី​មួយ ពី​ព្រោះ​ទ្រង់​ក៏​ « គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល » ​ដែរ ។

ទ្រង់​បាន​សរសើរ​ដល់​ស្ត្រី​មេម៉ាយ​ទ័លក្រ​ដែល​បោះ​ប្រាក់​ពីរ​ស្លឹង​របស់​គាត់​ទៅ​ក្នុង​ឃ្លាំង​របស់​ពួក​យូដា ទោះ​ជា​គាត់​ក្រ​ក្ដី ។ ហើយ​សារលិខិត​មួយ​ចុង​ក្រោយ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​គឺថា សេចក្ដី​សង្គ្រោះ​របស់​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ទង្វើ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ—ជា​ពិសេស ជន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​« អ្នក​តូច​បំផុត »—ដោយសារ​​ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​ [ ពួក​គេ ] » ទ្រង់​មាន​បន្ទូល​ថា « នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។

មាន​កវី​ជន​ជាតិ​អង់គ្លេស​ម្នាក់​នៅ​សតវត្សរ៍​ទី​ ១៩ បាន​និពន្ធ​ពាក្យ​ទាំង​នេះ ៖

នៅ​កណ្ដាល​ភ្លៀង​ធ្លាក់ និង​ព្រិល​ដ៏​រងារ

សត្វ​ដ៏​កម្សត់​បាន​ហើរ​មក

ការ​មាន​ចិត្ត​អាសូរ ពុំ​ធ្វើ​ឲ្យ​វា​ទៅ​ឆ្ងាយ​ឡើយ

ប៉ុន្តែ​ចូរ​បោះ​កម្ទេច​ម្ហូប​របស់​អ្នក​ទៅ ។…

 

មនុស្ស​គ្រប់​គ្នា​មាន​ម្ហូប​ខ្លះ​ដែល​នៅ​សល់ គ្មាន​នរណា​ម្នាក់​ក្រ​ពេក​នោះ​ឡើយ ។

ពេល​យើង​ខ្វះ​ខាត​កាល​រដូវ​រងារ​មក​ដល់

នំប៉័ង​មួយ​ដុំ​ពុំ​មែន​ជា​របស់​អ្នក​ទាំងអស់​នោះ​ទេ

ដូច្នេះ​ចូរ​ចែក​រំលែក​ម្ហូប​អាហារ ។

 

មិន​យូរ​ប៉ុន្មាន​ទីបញ្ចប់​នៃ​ជីវិត​របស់​អ្នក​នឹង​មក​ដល់

ថ្ងៃ​នៃ​ការ​វាយ​តម្លៃ​នឹង​មក​ដល់ ៖

ទាស់​នឹង​អំពើ​បាប​របស់​អ្នក ដោយ​ច្បាប់​ដ៏​ខ្ពស់

ទង្វើ​ល្អ​របស់​អ្នក​នឹង​ត្រូវ​វាស់​វែង​នឹង​អំពើ​បាប​របស់​អ្នក ។១០

មិន​ថា​ជីវិត​របស់​យើង​មាន​ស្ថានភាព​បែប​ណា​ទេ យើង​គ្រប់​គ្នា​គឺជា​សត្វ​ដ៏​កម្សត់​មួយ—ជា​អ្នក​សូម​ទាន​ម្នាក់—នៅចំពោះ​ព្រះ ។ យើង​ពឹង​ផ្អែក​លើ​ព្រះគុណ​ទ្រង់ ។ ដោយសារ​តែ​ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះ​អង្គសង្គ្រោះ​របស់​យើង ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃសុភមង្គល​ដ៏​មហិមា ទើប​យើង​មាន​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ និង​សេចក្តីមេត្តា​ករុណា ។ អំណោយ​ខាង​វិញ្ញាណ​នេះ​បំផុស​គំនិត​យើង​ឲ្យ​គោរព​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង ។ ទោះ​ជា​អ្វី​ដែល​យើង​មាន​គឺជា​កម្ទេច​អាហារ​ដ៏​ច្រើន​ក្ដី យើង​ចែកចាយ​វា​ដោយ​រីករាយ​ជាមួយ​នឹង​អស់​អ្នក​ដែល​ខ្វះ​ខាត​ខាង​សតិអារម្មណ៍ ខាងវិញ្ញាណ ឬ​ខាង​សាច់​ឈាម ជា​ការ​បង្ហាញ​នូវ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​អាហារដ៏​ទេវភាព​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​យើង ។

ការ​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

អំឡុង​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ប្រពៃ​នេះ វា​សក្ដិសម​ដើម្បី​ឲ្យ​យើង​មាន​ភាព​រីករាយ​នៅ​ក្នុង​ពន្លឺ​ភ្លើង តន្ត្រី អំណោយ និង​ពន្លឺ​ព្រាកៗ ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​យើង​ស្រឡាញ់​គ្រា​នេះ​យ៉ាង​ខ្លាំង ។

ប៉ុន្តែ​ចូរ​យើង​កុំ​ភ្លេច​ថា យើង​គឺជា​ពួក​សិស្ស និង​ពួក​អ្នក​ដើរ​តាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់​​នៃ​ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ។ ដើម្បី​ផ្ដល់​កិត្តិយស​ពិត​ចំពោះ ការ​ដែល​ទ្រង់​យាង​មក​ក្នុង​ពិភពលោក​នេះ យើង​ត្រូវ​ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ ហើយ​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដីមេត្តា​ករុណា​ដល់​បងប្អូន​យើង ។ ការណ៍​នេះ​យើង​អាច​ធ្វើ​រាល់​ថ្ងៃ ដោយ​ពាក្យ​សម្ដី និង​ទង្វើ ។ ចូរ​ឲ្យ​កិច្ចការ​នេះ​ក្លាយ​ជា​ទំនៀម​ទម្លាប់​បុណ្យគ្រីស្ទម៉ាស់​របស់​យើង មិន​ថា​យើង​នៅ​ទីណា​ទេ—ចូរ​យើង​មាន​ចិត្ត​ល្អ បន្តិច​ទៀត អភ័យទោស​ឲ្យ​បាន​ច្រើន កុំ​សូវ​កត់​សេចក្ដី​គេ មាន​អំណរគុណ​ច្រើន និង​មាន​សេចក្ដី​សប្បុរស​កាន់​តែ​ច្រើន​ក្នុង​ការ​ចែកចាយ​ភាព​សម្បូរ​របស់​យើង​ជាមួយ​នឹង​ជន​ខ្វះខាត ។

សូម​ឲ្យ​ការ​សញ្ជឹង​គិត​អំពី​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​នៅ​ភូមិ​បេថ្លហិម បំផុស​គំនិត​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។ សូម​ឲ្យ​បេសកកម្ម និង​គំរូ​របស់​ព្រះគ្រីស្ទ​បណ្ដាល​ឲ្យ​ដួង​ចិត្ត​យើង​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ព្រះ ហើយ​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ជ្រាល​ជ្រៅ​ដល់​បងប្អូន​របស់​យើង ។ ហើយ​សូម​ឲ្យ​យើង​ចែករំលែក​ម្ហូប​អាហារ​របស់​យើង​ដោយ​សេចក្ដី​សប្បុរស​ដ៏​ធំ និង​ដោយ​សេចក្ដី​ស្រឡាញ់​ឥត​ឈប់​ឈរ ។ នេះ​ជា​ការអធិស្ឋាន និង​ការប្រសិទ្ធពរ​របស់​ខ្ញុំ​នា​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ និង​រៀង​ដរាប​ត​ទៅ ក្នុង​ព្រះ​នាម​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. យ៉ូហានទី១ ៤:៩–១០ ។

  2. គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥ ។

  3. សូម​មើល ហារ៉ូល ប៊ី លី, Ye Are the Light of the World ( ឆ្នាំ ១៩៧៤ ) ទំព័រ ៣៤៦–៤៧ ។

  4. សូម​មើល Brent L. Goates Harold B. Lee: Prophet and Seer ( ឆ្នាំ​១៩៨៥ ) ជំពូក ៣២ ។

  5. លូកា ២:៧ 

  6. លូកា ៤:១៨ ឯកសារស្ដង់ដាជាភាសាអង់គ្លេស ។

  7. ម៉ាថាយ ៨:២០ ឯកសារស្ដង់ដាជាភាសាអង់គ្លេស ។

  8. សូមមើល ម៉ាកុស ១២:៤២–៤៤ ។

  9. សូមមើល ម៉ាថាយ ២៥:៣២–៤៦ ។

  10. Alfred Crowquill « Scatter Your Crumbs » នៅ​ក្នុង Robert Chambers, ed., The Book of Days ( ឆ្នាំ​១៨៨១ ), ២:៧៥២ ។ កំណាព្យ​ទាំង​ស្រុង​បាន​តែង​ដូច​ទៅ​នេះ ៖

    នៅ​កណ្ដាល​ភ្លៀង​ធ្លាក់ និង​ព្រិល​ដ៏​រងារ

    សត្វ​ដ៏​កម្សត់​បាន​ហើរ​មក

    ការ​មាន​ចិត្ត​អាសូរ ពុំ​ធ្វើ​ឲ្យ​វា​ទៅ​ឆ្ងាយ​ឡើយ

    ប៉ុន្តែ​ចូរ​បោះ​កម្ទេច​ម្ហូប​របស់​អ្នក​ទៅ ។

    ហើយ​ទុក​ទ្វារ​អ្នក​ឲ្យ​បើក​ចំហ

    សម្រាប់​នរណា​ក៏​អាច​ចូល​មក​បាន

    ជន​ក្រី​ក្រ​ត្រូវ​បាន​ស្វាគមន៍

    ហើយ​ចូរ​បោះ​កម្ទេច​ម្ហូប​របស់​អ្នក​ទៅ ។

    មនុស្ស​គ្រប់​គ្នា​មាន​ម្ហូប​ខ្លះ​ដែល​នៅ​សល់ គ្មាន​នរណា​ម្នាក់​ក្រ​ពេក​នោះ​ឡើយ ។

    ពេល​យើង​ខ្វះ​ខាត​កាល​រដូវ​រងារ​មក​ដល់

    នំប៉័ង​មួយ​ដុំ​ពុំ​មែន​ជា​របស់​អ្នក​ទាំងអស់​នោះ​ទេ

    ដូច្នេះ​ចូរ​ចែក​រំលែក​ម្ហូប​អាហារ ។

    មិន​យូរ​ប៉ុន្មាន​ទីបញ្ចប់​នៃ​ជីវិត​របស់​អ្នក​នឹង​មក​ដល់

    ថ្ងៃ​នៃ​ការ​វាយ​តម្លៃ​នឹង​មក​ដល់ ៖

    ទាស់​នឹង​អំពើ​បាប​របស់​អ្នក ដោយ​ច្បាប់​ដ៏​ខ្ពស់

    ទង្វើ​ល្អ​របស់​អ្នក​នឹង​ត្រូវ​វាស់​វែង​នឹង​អំពើ​បាប​របស់​អ្នក ។