បុណ្យគ្រីស្ទម៉ាស់—រដូវកាលដើម្បីស្រឡាញ់ បម្រើ និងអត់ទោសគ្នាទៅវិញទៅមក
ខ្ញុំចូលចិត្តមើលក្តីរំភើប និងក្តីរំពឹងទុករបស់កុមារពេញមួយរដូវកាលបុណ្យគ្រីស្ទម៉ាស់ទាំងមូល ! ខ្ញុំចាំពីក្តីរំពឹងទុកផ្ទាល់របស់ខ្ញុំកាលខ្ញុំនៅក្នុងថ្នាក់អង្គការបឋមសិក្សាក្នុងប្រទេសអាហ្សង់ទីន ។ មានឆ្នាំមួយនោះ គ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សារបស់យើងបានសុំឲ្យយើងសម្អាតប្រដាប់ប្រដាក្មេងលេងចាស់ៗ លាងសម្អាតសក់តុក្កតារបស់យើង ហើយជួសជុលសម្លៀកបំពាក់របស់វា ដើម្បីយើងអាចបរិច្ចាគវាឲ្យទៅក្មេងតូចៗដែលស្នាក់នៅមន្ទីរពេទ្យអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ ។
អំឡុងសប្តាហ៍នោះ ពេលខ្ញុំកំពុងសម្អាតតុក្កតា ម្តាយខ្ញុំបានសួរខ្ញុំថា តើខ្ញុំកំពុងធ្វើអ្វីជាមួយតុក្កតានោះ ។ ខ្ញុំបានពន្យល់គាត់នូវអ្វីដែលគ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សារបស់យើងបានសុំឲ្យពួកយើងធ្វើ ហើយគាត់បានតបថា « កូនក៏គួរតែឲ្យតុក្កតាស្អាតមួយរបស់កូនទៅក្មេងៗផងដែរ » ។
ខ្ញុំបានឆ្លើយថា « ហេតុអ្វីកូនត្រូវធ្វើដូច្នោះ ? »
រួចគាត់បានថ្លែងអ្វីមួយដែលបានដក់ជាប់ក្នុងចិត្តខ្ញុំរហូតដល់ឥឡូវនេះ ។ គាត់បានថ្លែងថា « គ្រីស្ទ វាជារឿងល្អណាស់ដើម្បីឲ្យអ្វីមួយដែលយើងពិតជាចូលចិត្ត អ្វីមួយដែលយើងពិបាកនឹងឲ្យទៅគេ ដោយសារយើងចូលចិត្តវា អ្វីមួយដែលជាការលះបង់ ។ នោះគឺជាអំណោយដែលព្រះវរបិតាសួគ៌យើងបានប្រទានឲ្យយើង ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ—ពុំមែនបុត្រណាក៏បាននោះទេ ។ ទ្រង់បានបញ្ជូនបុត្រាដ៏ជាទីស្រឡាញ់ និងឥតខ្ចោះរបស់ទ្រង់ ដើម្បីយើងអាចត្រឡប់ទៅរស់នៅជាមួយទ្រង់វិញម្តងទៀត » ។
នៅឆ្នាំនោះ ពេលខ្ញុំបានឲ្យតុក្កតាមួយដែលខ្ញុំពេញចិត្តទៅគេ ខ្ញុំបានយល់កាន់តែប្រសើរជាមុនបន្តិចអំពីអំណោយរបស់ព្រះវរបិតាសួគ៌មានចំពោះយើង—គឺបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ ដែលបានថ្វាយព្រះជន្មទ្រង់ដោយក្តីស្រឡាញ់ និងមិនគិតពីអង្គទ្រង់សម្រាប់ពួកយើង ។
រៀងរាល់ឆ្នាំ ផ្នែកមួយនៃការប្រារព្ធបុណ្យគ្រីស្ទម៉ាស់របស់យើង ឪពុកខ្ញុំនឹងអានដំណើររឿងដ៏អស្ចារ្យក្នុងគម្ពីរលូកា ។
« នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី ។…
មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួនដើម្បីចុះបញ្ជី ។
ឯយ៉ូសែបគាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌ ដែលឈ្មោះថា បេថ្លេហិម ។…
ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារាដែលបានបម្រុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ ។
កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់ ។
ហើយនាងប្រសូតបានបុត្រាជាចម្បងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ ។
រីឯនៅស្រុកនោះ ឯងមានពួកអ្នកគង្វាល ដែលចាំយាមរក្សាហ្វូងចៀមរបស់ខ្លួននៅឯវាលក្នុងវេលាយប់ ។
នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង ។
តែទេវតាប្រាប់ថា កុំខ្លាចអី មើលខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសម្រាប់បណ្ដាជនទាំងអស់គ្នា ។
ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នា នៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ។
ហើយនេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយរុំនឹងសំពត់ផ្តេកនៅក្នុងស្នូក ។
នោះស្រាប់តែមានពួកពលបរិវារកកកុញស្ថានសួគ៌មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា
សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដីនៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ » ។១
បងប្អូនប្រុសស្រី ថ្ងៃនេះតើយើងអាចមានអំណរចំពោះភាពសុខសាន្ត និងនៅកណ្តាលមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់យ៉ាងដូចម្តេចទៅ ?
ពេលខ្ញុំពិចារណាសំណួរនេះអស់បួនប្រាំសប្តាហ៍មកនេះ ដោយគិតក្នុងចិត្តថា បុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលដើម្បីផ្តល់ឲ្យ ដើម្បីធ្វើកិច្ចការបីយ៉ាង —ប្រាកដណាស់ជាអំណោយបីយ៉ាងដែលយើងម្នាក់ៗអាចផ្តល់ឲ្យ—បានផុសឡើងក្នុងចិត្តខ្ញុំ ។ ប្រាកដណាស់ យើងផ្តល់អំណោយទាំងនេះពេញមួយឆ្នាំ ប៉ុន្តែនៅក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់ដ៏ប្រពៃនេះ យើងចងចាំអំពីអំណោយរបស់ព្រះវរបិតាគឺអំណោយព្រះរាជបុត្រទ្រង់ ហើយពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ពួកទ្រង់ ពេលយើងបង្កើនសមត្ថភាព និងបំណងប្រាថ្នារៀងៗខ្លួនរបស់យើងដើម្បីផ្តល់ឲ្យ ។
១. បុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលផ្តល់នូវក្តីស្រឡាញ់ ។
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង និងព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុតអំពីសេចក្តីស្រឡាញ់ ។ ខគម្ពីរយ៉ាងគាប់ចិត្តមួយបង្រៀនថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។២
ព្រះអង្គសង្គ្រោះយើងបានបង្រៀនយើងឲ្យស្រឡាញ់មនុស្សគ្រប់រូបតាមរយៈគំរូ ។ ទ្រង់ក៏បានបង្រៀនយើងផងដែរឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់យើងឲ្យដូចខ្លួនយើង ។
អែលឌើរ ចន អេ វិតសូ បានពន្យល់ថា ៖
« យើងអាចពុំយល់ពីលក្ខណៈសំខាន់ និងពេញលេញនៃសេចក្តីស្រឡាញ់នោះ ប៉ុន្តែមានការល្បងនានាដែលយើងអាចដឹងពីវា ។
សេចក្តីស្រឡាញ់គឺរកឃើញនៅក្នុងសេចក្តីពិតជានិច្ច ។… ការកុហក និងការបោកប្រាស់ ឬការបំពានលើច្បាប់សីលធម៌ផ្សេងទៀតគឺជាភស្តុតាងនៃអវត្តមានរបស់សេចក្តីស្រឡាញ់ហើយ ។ សេចក្តីស្រឡាញ់វិនាសនៅក្នុងចំណោមភាពពុំពិត ។… ដូច្នេះ … [ បុរស ] ដែលក្លែងបន្លំចំពោះអស់អ្នកដែលខ្លួនស្រឡាញ់ ឬផ្តល់ដល់នាងនូវទង្វើដែលផ្ទុយនឹងការពិត នោះពុំស្រឡាញ់នាងពិតប្រាកដឡើយ ។
លើសពីនោះទៀត សេចក្ដីស្រឡាញ់ពុំធ្វើឲ្យអស់អ្នកដែលខ្លួនស្រឡាញ់អាក់អន់ចិត្ត ឈឺចាប់ ឬរងគ្រោះឡើយ ។… ភាពឃោរឃៅគឺជាអវត្តមាននៃសេចក្តីស្រឡាញ់…ដូចជាសេចក្តីពិតខុសពីសេចក្តីមិនពិតដូច្នោះដែរ ។…
សេចក្តីស្រឡាញ់គឺជាអនុភាពវិជ្ជមានដ៏សកម្ម ។ វាជួយមនុស្សជាទីស្រឡាញ់ ។ ប្រសិនបើមានសេចក្តីត្រូវការ នោះសេចក្តីស្រឡាញ់ព្យាយាមបំពេញតម្រូវការនោះ ។ ប្រសិនបើមានភាពទន់ខ្សោយ នោះសេចក្តីស្រឡាញ់ជំនួសវាដោយភាពរឹងមាំ ។ សេចក្ដីស្រឡាញ់ដែលពុំជួយគឺជាសេចក្តីស្រឡាញ់ក្លែងក្លាយ ឬមិនឋិតថេរ ។
ទោះបើការល្បងទាំងនេះល្អប៉ុណ្ណាក៏ដោយ គង់តែមានសេចក្តីស្រឡាញ់កាន់តែធំអស្ចារ្យជាងដែរ ។ សេចក្ដីស្រឡាញ់ពិតគឺហ៊ានលះបង់សម្រាប់អស់អ្នកដែលខ្លួនស្រឡាញ់ ។… នោះគឺជាការល្បងចុងក្រោយគេបង្អស់ ។ ព្រះគ្រីស្ទបានប្រទានអង្គទ្រង់ ព្រះជន្មទ្រង់សម្រាប់ពួកយើង ដោយកិច្ចការនោះទ្រង់បានប្រកាសសេចក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះបងប្អូនប្រុសស្រីដែលមានជីវិតរមែងស្លាប់នេះ » ។៣
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងអញ្ជើញយើងទាំងអស់គ្នាដែលជាកូនចៅទ្រង់ឲ្យផ្តល់ និងលះបង់សម្រាប់សេចក្តីស្រឡាញ់នេះ ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា ៖ « ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ » ។៤ « អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ » ។៥
២. បុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលផ្តល់ការបម្រើ ។
ព្រះអម្ចាស់ដែលជាព្រះអង្គសង្គ្រោះយើងបានបម្រើមនុស្សដោយផ្ទាល់ លើកស្ទួយពួកអ្នកដែលគេជិះជាន់ ផ្តល់ក្តីសង្ឃឹមដល់អ្នកបាក់ទឹកចិត្ត និងស្វែងរកអ្នកដែលវង្វេង ។ ទ្រង់ព្យាបាលអ្នកខ្វាក់ឲ្យមើលឃើញ អ្នកឈឺឲ្យបានជា និងអ្នកពិការឲ្យដើរបាន និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។
នារដូវបុណ្យគ្រីស្ទម៉ាស់នេះ ខ្ញុំគិតអំពីពួកអ្នកផ្សព្វផ្សាយសាសនា—អែលឌើរ ស៊ីស្ទើរ អ្នកផ្សព្វផ្សាយសាសនារៀមច្បង និងប្រធានបេសកកម្មទូទាំងពិភពលោក—ដែលជាអ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ផ្តល់ការបម្រើ និងចំណាយពេលទាំងស្រុងរបស់ពួកគេក្នុងការបម្រើមនុស្សគ្រប់រូប ។ ខ្ញុំគិតអំពីបងប្អូនប្រុសស្រីទាំងអស់ដែលចំណាយពេលអស់ជាច្រើនម៉ោងក្នុងការបម្រើដោយស្មោះត្រង់ក្នុងការហៅរបស់ពួកគេ ។ នាគ្រានេះផងដែរ ខ្ញុំក៏គិតអំពីបុរស និងស្ត្រីដែលបម្រើនៅក្នុងកងទ័ពដើម្បីធានាសុវត្ថិភាពដល់ពួកយើង ។ សូមអរគុណចំពោះការបម្រើរបស់បងប្អូន !
ប៉ុន្តែទោះបីយើងពុំកំពុងបម្រើព្រះអម្ចាស់ ឬប្រទេសជាតិរបស់យើងពេញម៉ោងក្តី ឱកាសបម្រើរបស់យើងគឺគ្មានព្រំដែនឡើយ ។ ពាក្យផ្អែមល្ហែម និងទង្វើសប្បុរសអាចសម្រាលបន្ទុក និងធ្វើឲ្យដួងចិត្តរីករាយ ! ព្រះវរបិតាដែលគង់នៅស្ថានសួគ៌យើងអញ្ជើញយើងទាំងអស់គ្នាឲ្យផ្តល់ការបម្រើ ។ ហើយពេលយើងធ្វើដូច្នោះ « នោះស្ដេចនឹងឆ្លើយទៅ [ យើង ] ថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ។៦
៣. បុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលផ្តល់ការអត់ទោស ។
ការអត់ទោសឲ្យអ្នកដទៃនាំភាពសុខសាន្ត និងអំណរដល់ជីវិតយើង ។ ប្រធាន ហ៊ីប៊ើរ ចេ. ក្រាន្ត បានបង្រៀនថា ៖ « គ្មានអ្វីដែលអាចនាំព្រះវិញ្ញាណនៃព្រះមកយើងកាន់តែច្រើនជាងការ … មានសន្តានចិត្តល្អ ចេះគិតគូរដល់អ្នកដទៃ មានក្តីសប្បុរស ចេះអត់ធ្មត់ និងចេះអត់ទោសឡើយ ។ គ្មានអ្វីដែលអាចនាំអំណរកាន់តែខ្លាំងដល់យើង ជាងការត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈអត់ទោសដល់ការរំលងរបស់អ្នកជិតខាងយើងដែលទាស់នឹងយើងឡើយ ហើយគ្មានអ្វីដែលនឹងនាំមកនូវការកាត់ទោសយើងខ្លាំងជាងការពង្រឹងចិត្តយើង និងបៀមការជូរចត់ និងការមិនចេះលើកលែងនៅក្នុងអារម្មណ៍យើង ចំពោះអ្នកដែលនៅជុំវិញយើងឡើយ » ។៧
ដើម្បីទទួលបានការអត់ទោសពីអំពើបាបរបស់យើង យើងត្រូវតែអត់ទោសដល់អ្នកដទៃ ។
ការអត់ទោសដល់អ្នកដទៃអនុញ្ញាតឲ្យយើងយកឈ្នះលើអារម្មណ៍នៃកំហឹង ភាពល្វីងជូរចត់ ឬ ការសងសឹក ។ ហើយតើនរណាចង់មានអារម្មណ៍ទាំងនោះនៅបុណ្យគ្រីស្ទម៉ាស់នោះ ? ការអត់ទោសក៏អាចព្យាបាលដំបៅខាងវិញ្ញាណ និងនាំភាពសុខសាន្ត និងក្តីស្រឡាញ់ដែលមានតែព្រះប៉ុណ្ណោះដែលអាចប្រទានឲ្យបានផងដែរ ។
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌យើងសព្វព្រះទ័យឲ្យយើងប្រែចិត្ត ហើយអត់ទោសដល់មនុស្សគ្រប់រូប—រួមទាំងខ្លួនយើងផង ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានថ្លែង ៖ « ថ្វីបើអ្នកគិតថា អ្នកយឺតពេលក៏ដោយ ទោះជាអ្នកមិនបានធ្វើជាច្រើនដងក៏ដោយ ទោះជាអ្នកមានអារម្មណ៍ថា អ្នកមានកំហុសច្រើនយ៉ាងណាក៏ដោយ ឬ ទេពកោសល្យដែលអ្នកគិតថា អ្នកពុំមាន ឬទោះជាអ្នកមានអារម្មណ៍ថា អ្នកបានធ្វើដំណើរឆ្ងាយពីផ្ទះ និងក្រុមគ្រួសារ និងព្រះយ៉ាងណាក៏ដោយ ក៏ខ្ញុំសូមធ្វើទីបន្ទាល់ថា អ្នក ពុំ បានធ្វើដំណើរហួសពីសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួចសម្រាប់អ្នក ដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដរ ដែលអាចចែងចាំងដល់បានទេ » ។៨
បងប្អូនប្រុសស្រី នៅរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ចូរយើងទាំងអស់គ្នាផ្តល់អំណោយដ៏ល្អបំផុត ។ ចូរយើងលះបង់តុក្កតាដែលយើងចូលចិត្តដោយចិត្តមានអំណរគុណ—ពុំមែនជាតុក្កតាដែលយើងបោះចោលនោះទេ ។ ហើយសូមឲ្យយើងផ្តល់អំណោយនៃសេចក្តីស្រឡាញ់ អំណោយនៃការបម្រើដល់អស់អ្នកដែលនៅជុំវិញយើង និងអំណោយពិតប្រាកដនៃការអត់ទោស ។ ដ្បិតនៅពេលយើងប្រែចិត្ត នោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអភ័យទោសដល់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ។ ទ្រង់គឺជាស្តេចនៃអស់ទាំងស្តេច ជាម្ចាស់នៃមេត្រីភាព ជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និងជាសំឡាញ់របស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។