ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
សូមស្ដាប់តាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធដែលបានប្រាប់អ្នកពេលនេះ នៅវេលានេះតែម្ដង ថាអ្នកគួរតែទទួលយកអំណោយដ៏ធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
និយាយពីការហៅបម្រើ និង ការដោះលែងដែលគណៈប្រធានទីមួយទើបតែបានប្រកាស ខ្ញុំសូមនិយាយចំពោះយើងទាំងអស់គ្នាថា យើងនឹងតែងតែចងចាំ និង ស្រឡាញ់អ្នកទាំងឡាយដែលបានបម្រើយ៉ាងស្មោះត្រង់ជាមួយនឹងយើង ដូចជាយើងនឹងស្រឡាញ់ និង សូមស្វាគមន៍ភ្លាមៗចំពោះអ្នកដែលត្រូវបានហៅឲ្យមកបម្រើថ្មីៗ នៅក្នុងតួនាទីផ្សេងៗ ។ យើងមានអំណគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកទាំងអស់គ្នា ។
ខ្ញុំចង់និយាយពីពាក្យប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះក្នុងកាលដែលថៅកែម្នាក់ « ដែលចេញទៅពីព្រលឹមដើម្បីនឹងជួលជើងឈ្នួល ។ » បន្ទាប់ពីបានជួលក្រុមទីមួយនៅម៉ោង 6:00 ព្រឹកហើយ គាត់បានត្រឡប់ទៅវិញនៅម៉ោង 9:00 ព្រឹក នៅម៉ោង 12:00 ថ្ងៃត្រង់ និង នៅ 3:00 រសៀល ដើម្បីជួលជើងឈ្នួលជាច្រើនទៀត ដោយសារការប្រញាប់ក្នុងការប្រមូលផល ។ ព្រះគម្ពីរបានសរសេរថា គាត់បានត្រឡប់មកវិញជាលើកចុងក្រោយ « ប្រហែលជាលើកទីដប់មួយ » ( នៅម៉ោងប្រហែល 5:00 ល្ងាច ) ហើយជួលក្រុមចុងក្រោយ ។ មួយម៉ោងក្រោយមក ជើងឈ្នួលទាំងអស់បានជុំគ្នាទទួលប្រាក់ឈ្នួលសម្រាប់ថ្ងៃរបស់ពួកគេ ។ ដោយភ្ញាក់ផ្អើល ជើងឈ្នួលទាំងអស់បានទទួលប្រាក់ឈ្នួលស្មើៗគ្នា ទោះបីជាម៉ោងធ្វើការខុសគ្នាក៏ដោយ ។ ភ្លាមនោះ អ្នកដែលត្រូវបានជួលមុនគេបានខឹង ហើយនិយាយថា « ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែមួយម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ » ។1 ពេលអានពាក្យប្រៀបធៀបនេះ ប្រហែលជាអ្នក ក៏ដូចជាជើងឈ្នួលទាំងនេះ មានអារម្មណ៍ថា ធ្វើបែបនេះមិនយុត្តិធម៌នោះទេ ។ ខ្ញុំសូមនិយាយដោយសង្ខេបអំពីកង្វល់នោះ ។
ដំបូងបំផុត វាសំខាន់ដើម្បីសម្គាល់ថា គ្មាននរណាម្នាក់ត្រូវបានប្រព្រឹត្តដោយមិនយុត្តិធម៌នោះទេនៅទីនេះ ។ ជើងឈ្នួលទីមួយ បានយល់ព្រមនឹងការជួលពេញមួយថ្ងៃ ហើយពួកគេទទួលយកវា ។ ជាងនេះទៀត ខ្ញុំអាចស្រមៃបានថា ពួកគេមានសេចក្ដីអំណរណាស់ដើម្បីបានធ្វើការ ។ នៅក្នុងជំនាន់របស់ព្រះអង្គសង្រ្គោះ បុរសម្នាក់ និង គ្រួសាររបស់គាត់ជាមធ្យមមិនអាចធ្វើបានច្រើនជាងអ្វីដែលគេបានរកនៅថ្ងៃនោះទេ ។ ប្រសិនបើអ្នកមិនធ្វើការ, ធ្វើចម្ការ, នេសាទត្រី ឬ លក់ដូរទេ អ្នកប្រហែលគ្មានអ្វីបរិភោគនោះទេ ។ ដោយមានឈ្នួលទំនេរច្រើនជាងការងារ ក្រុមបុរសទីមួយដែលបានជ្រើសរើសនេះ គឺជាអ្នកសំណាងក្នុងចំណោមក្រុមមនុស្សទំនេរទាំងអស់នៅព្រឹកនោះ ។
តាមពិត បើយើងនិយាយពីការអាណិតអាសូរ វាគួរតែមានយ៉ាងហោចណាស់សម្រាប់បុរសដែលមិនត្រូវបានរើសមកធ្វើការ ដែលមានគ្រួសារត្រូវចិញ្ចឹមដែរនោះ ។ ដែលភ័ព្វសំណាងមើលទៅដូចជា មិនដែល មានក្នុងចំណោមពួកគេខ្លះសោះនោះទេ ។ ពេលមកមើលម្ដងៗលើពួកជើងឈ្នួលពេញមួយថ្ងៃ ពួកគេតែងតែឃើញមានម្នាក់ផ្សេងទៀតត្រូវបានរើសមកធ្វើការ ។
ប៉ុន្ដែដល់ពេលល្ងាច ថៅកែត្រឡប់មកវិញដោយភ្ញាក់ផ្អើលជាលើកទីប្រាំ ដោយមានអ្នកចង់ធ្វើការដល់ទៅ 11 ម៉ោង! ដោយឮថាពួកគេនឹងត្រូវបានទទួលប្រាក់ឈ្នួលស្មើគ្នា ជើងឈ្នួលចុងក្រោយដែលបាក់ទឹកចិត្តជាងគេបំផុតទាំងនេះ ទទួលយកការងារទាំងមិនដឹងពីប្រាក់ឈ្នួលពិតប្រាកដ ដែលគេគ្រាន់តែដឹងថា បានទទួលអ្វីមួយគឺប្រសើរជាងគ្មានអ្វីសោះ ជាអ្វីដែលពួកគេធ្លាប់មានជាយូរមកហើយ ។ បន្ទាប់មក នៅពេលដែលពួកគេជុំគ្នាបើកប្រាក់ឈ្នួល ពួកគេភ្ញាក់ផ្អើលជាខ្លាំងដែលទទួលបានដូចគ្នានឹងជើងឈ្នួលផ្សេងទៀតដែរ ។ ពួកគេពិតជាភ្ញាក់ផ្អើលហើយ ពិតជាមានអំណរខ្លាំងណាស ! ពិតណាស់ពួកគេមិនដែលជួបនឹងសេចក្ដីមេត្តាបែបនេះនៅក្នុងជីវិតការងាររបស់ពួកគេសោះឡើយ ។
ដោយយល់ពីរឿងនេះ ខ្ញុំមានអារម្មណ៍ថា ការត្អូញត្អែររបស់ជើងឈ្នួលដំបូង ត្រូវបានគេដឹង ។ ដូចជាថៅកែនៅក្នុងពាក្យប្រៀបធៀបនេះបានប្រាប់ពួកគេ ( ហើយខ្ញុំបកស្រាយតែបន្ដិចបន្ដួចប៉ុណ្ណោះ ) ថា ៖ « សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ ។ អ្នកបានសុខចិត្តព្រមទទួលយកប្រាក់ឈ្នួលសម្រាប់ថ្ងៃនោះ ជាប្រាក់ឈ្នួលសមរម្យហើយ ។ អ្នកសប្បាយចិត្តពេលមានការងារធ្វើ ហើយខ្ញុំក៏សប្បាយចិត្តនឹងរបៀបដែលអ្នកបានបម្រើដែរ ។ អ្នកបានបើកប្រាក់ឈ្នួលពេញ ។ សូមយកប្រាក់ឈ្នួលនេះទៅ ហើយរីករាយនឹងពរជ័យ ។ ដូចជាសម្រាប់អ្នកដទៃដែរ ពិតណាស់ ខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំចង់ធ្វើដោយប្រាក់ផ្ទាល់របស់ខ្ញុំ » ។ បន្ទាប់មក សំណួរដែលមានន័យជ្រៅចំពោះគ្រប់គ្នាពេលនោះ ឬ ពេលឥឡូវ ដែលត្រូវស្ដាប់ឮវាគឺ ៖ « ហេតុអ្វីបានជា អ្នក ច្រណែនគ្នាដោយសារ ខ្ញុំ ជ្រើសរើសដើម្បីមានចិត្តល្អ ? »
បងប្អូនប្រុសស្រី នឹងមានពេលខ្លះនៅក្នុងជីវិតរបស់យើង ពេលដែលមាននរណាម្នាក់ទៀតទទួលបានពរជ័យដែលមិនបានស្មានទុកមុន ឬ ទទួលបានការទទួលស្គាល់ជាពិសេសខ្លះ ។ តើខ្ញុំអាចសុំអង្វរយើងកុំឲ្យឈឺចាប់ ហើយមានអារម្មណ៍ថា ពុំមានចិត្តច្រណែនបានទេ នៅពេលដែលពរជ័យបានឲ្យទៅអ្នកផ្សេង? យើងមិនអន់នោះទេ នៅពេលដែលអ្នកផ្សេងត្រូវបានផ្ដល់ពរបន្ថែមនោះ ។ យើងពុំរស់នៅក្នុងការប្រកួតគ្នា ដើម្បីឃើញថាតើនរណាគឺជាអ្នកមានជាងគេបំផុត ឬ មានទេពកោសល្យជាងគេបំផុត ឬ ស្អាតជាងគេបំផុត ឬក៏មានពរជ័យជាងគេបំផុតនោះទេ ។ ការប្រកួតដែលយើងពិតកំពុងធ្វើនោះ គឺជាការប្រកួតទាស់នឹងអំពើបាប ពិតហើយ ការច្រណែនគឺជាអំពើបាបមួយធំជាងគេបំផុតក្នុងចំណោមអំពើបាបទាំងនោះ ។
ជាងនេះទៅទៀត ការច្រណែន គឺជាកំហុសមួយដែលនៅបន្ដរហូត ។ វាច្បាស់ណាស់ យើងកើតទុក្ខបន្ដិច ពេលដែលការណ៍អភ័ព្វខ្លះបានកើតឡើងចំពោះយើង ប៉ុន្ដែការច្រណែនតម្រូវឲ្យយើងរងទុក្ខ ដោយសារតែភ័ព្វសំណាងទាំងអស់កើតឡើងចំពោះគ្រប់គ្នាដែលយើងស្គាល់ ! នេះមិនបានផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមល្អសម្រាប់អនាគតនោះទេ ក្នុងកាលដែលមិនសប្បាយចិត្តគ្រប់ពេលដែលនរណាម្នាក់ នៅជុំវិញអ្នកសប្បាយចិត្តនោះ! ចូរកុំនិយាយអ្វីដែលជាការ បារម្ភឡើយ ពេលយើងដឹងថា ព្រះពិតជាយុត្តិធម៌ និង មេត្តាករុណា ដោយផ្ដល់ឲ្យអ្នកទាំងឡាយណាដែលដើរតាមទ្រង់ « លើរបស់ទ្រព្យលោកទាំងអស់់ »2 ដូចដែលព្រះគម្ពីរបានសរសេរ ។ ដូច្នេះមេរៀនទីមួយពីចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់គឺ ៖ ការចង់បានរបស់អ្នកដទៃ ការមិននិយាយរកគេពេលតូចចិត្ត ឬ ការធ្វើឲ្យគេមិនសូវសប្បាយចិត្ត មិនបានជួយអ្នកឲ្យឈរខ្ពស់ជាងមុនទេ ហើយការធ្វើឲ្យអ្នកដទៃខ្មាស់គេ ក៏មិនបានជួយអ្នកបានល្អដែរ ។ ដូច្នេះសូមមានចិត្តល្អ និង មានអំណរគុណដែលព្រះមានព្រះទ័យល្អ ។ វាជារបៀបមួយសប្បាយក្នុងការរស់នៅ ។
ចំណុចទីពីរដែលខ្ញុំចង់ដកពីពាក្យប្រៀបធៀបនេះគឺ កំហុសសោកសៅដែលមនុស្សមួយចំនួនអាចធ្វើប្រសិនបើគេខកខានមិនទទួលយកប្រាក់ឈ្នួលរបស់គេ នៅពេលធ្វើការចប់ ដោយសារពួកគេព្រួយបារម្ភពីអ្វីៗដែលពួកគេគិតថាជាបញ្ហាតាំងពីព្រលឹមនៅថ្ងៃនោះ ។ នៅទីនេះ វាមិនបាននិយាយថា គ្រប់គ្នាគប់កាក់របស់គាត់ចំមុខរបស់ថៅកែ ហើយដើរចេញទាំងខឹងដោយគ្មានប្រាក់មួយសេននោះទេ ប៉ុន្ដែខ្ញុំគិតថា ប្រហែលជាមានម្នាក់បានធ្វើដូច្នោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ អ្វីដែលបានកើតឡើងនៅក្នុងរឿងនេះនៅម៉ោង 9:00 ឬ ពេលថ្ងៃត្រង់ ឬ នៅម៉ោង 3:00 គឺមិនសំខាន់ទេ វាត្រូវបានលុបដោយប្រាក់ឈ្នួលដ៏អស្ចារ្យ និង សប្បុរសដែលបានផ្ដល់ឲ្យជើងឈ្នួលទាំងអស់នៅពេលល្ងាច ។ រូបមន្តនៃសេចក្ដីជំនឿគឺ ត្រូវតស៊ូ, ខំធ្វើការ, ធ្វើការឲ្យចប់ និង បណ្ដោយឲ្យការព្រួយបារម្ភពីពេលមុនៗ—មិនថាពិត ឬ ស្រមើស្រមៃនោះទេ—រសាយបាត់ទៅក្នុងភាពបរិបូរណ៍នៃរង្វាន់ចុងក្រោយចុះ ។ សូមកុំបន្ដគិតពីបញ្ហាចាស់ ឬ ការរអ៊ូរទាំ—មិនមែនអំពីខ្លួនអ្នក ឬ អ្នកជិតខាងអ្នកនោះទេ ហើយក៏មិនមែន ខ្ញុំអាចបន្ថែមបានថា អំពីសាសនាចក្រដ៏ពិតសកម្មនេះដែរ ។ អានុភាពដ៏អស្ចារ្យនៃជីវិតរបស់អ្នក ជីវិតរបស់អ្នកជិតខាងអ្នក និង របស់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងបើកបង្ហាញនៅថ្ងៃចុងក្រោយ ទោះបីជាវាមិនត្រូវបានស្គាល់ពីគ្រប់គ្នាដែលរស់នៅពេលមុនមកក៏ដោយ ។ ដូច្នេះសូមកុំអន្ទះសារអំពីអ្វីដែលបានកើតឡើងនៅម៉ោង 9:00 ព្រឹក ពេលព្រះគុណនៃព្រះព្យាយាមផ្ដល់រង្វាន់ដល់អ្នកនៅម៉ោង 6:00 ល្ងាច—ដោយមិនគិតពីការងារអ្នកពេញមួយថ្ងៃដែលបានធ្វើនោះទេ ។
យើងចំណាយកម្លាំងចិត្តដ៏មានតម្លៃ និង ការប្រកាន់ខ្ជាប់ខាងវិញ្ញាណទៅនឹងការចងចាំមួយពីការលេងភ្លេងខុសចង្វាក់ ពេលសម្ដែងព្យាណូកាលពីកុមារភាព ឬ អ្វីដែលដៃគូជីវិតយើងបាននិយាយ ឬ បានធ្វើកាលពី 20 ឆ្នាំមុនដែលយើងប្ដេជ្ញាថានឹងធ្វើឲ្យគាត់ចាំ ហើយមានអារម្មណ៍សោកស្ដាយពីរឿងនោះក្នុងពេល 20 ឆ្នាំទៀត ឬ ព្រឹត្តិការណ៍មួយនៅក្នុងប្រវត្តិសាសនាចក្រដែលបង្ហាញយ៉ាងសាមញ្ញថា មនុស្សនឹងតស៊ូដើម្បីកា្លយទៅជាល្អដូចការសង្ឃឹមដែលព្រះមានចំពោះពួកគេ ។ ទោះបីជាការឈឺចាប់មួយក្នុងចំណោមការឈឺចាប់ជាច្រើនមិនមែនចាប់ផ្ដើមពីអ្នកក៏ដោយ វាអាចបញ្ចប់ត្រឹមអ្នក ។ ហើយតើជារង្វាន់ដ៏អស្ចារ្យយ៉ាងណាសម្រាប់ការរួមចំណែកនេះ ពេលដែលម្ចាស់ចម្ការមើលអ្នកចំភ្នែក ហើយកំណត់ទាំងអស់នឹងត្រូវបានបញ្ចប់នៅថ្ងៃចុងក្រោយនៃជីវិតរមែងស្លាប់របស់យើង ។
វាជាអ្វីដែលនាំទៅកាន់ចំណុចទីបី និង ជាចំណុចចុងក្រោយរបស់ខ្ញុំ ។ ពាក្យប្រៀបធៀបនេះ ដូចជាពាក្យប្រៀបធៀបផ្សេងទៀតទាំងអស់ គឺមិនមែនអំពីជើងឈ្នួល ឬ ប្រាក់ឈ្នួលទៀតទេ ពាក្យប្រៀបធៀបផ្សេងទៀតគឺអំពីចៀម និង ពពែ ។ នេះគឺជារឿងអំពីភាពល្អរបស់ព្រះ ការអត់ធ្មត់ និង ការអភ័យទោសរបស់ទ្រង់ និង ដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ វាជារឿងអំពីសប្បុរសធម៌ និង ចិត្តមេត្តាករុណា ។ វាជារឿងអំពីព្រះគុណ ។ វាសង្កត់ធ្ងន់លើគំនិតដែលខ្ញុំបានឮជាច្រើនឆ្នាំកន្លងទៅដែលប្រាកដជារឿងដែលព្រះរីករាយបំផុតក្នុងការជាព្រះគឺជាការរំភើបក្នុងការមានចិត្តមេត្តាករុណា ជាពិសេសចំពោះអ្នកដែលមិនសង្ឃឹមដល់ ហើយជាញឹកញាប់មានអារម្មណ៍ថាពួកគេមិនសាកសមនឹងទទួលវា ។
ខ្ញុំមិនដឹងថានរណាខ្លះក្នុងចំណោមអ្នកដ៏ច្រើននាថ្ងៃនេះ អាចត្រូវការឮសារលិខិតនៃការអភ័យទោសដែលជាផ្នែកដ៏ធម្មតាមួយនៅក្នុងពាក្យប្រៀបធៀបនេះ ប៉ុន្ដែមិនថាអ្នកគិតថាអ្នកយឺតយ៉ាងណាទេ មិនថាឱកាសប៉ុន្មានដែលអ្នកគិតថាអ្នកបានរំលង មិនថាកំហុសច្រើនប៉ុណ្ណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ ឬ ទេពកោសល្យដែលអ្នកគិតថាអ្នកមិនមាន ឬ ការឃ្លាតឆ្ងាយពីផ្ទះ និង គ្រួសារ និង ព្រះដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកមិនបានធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួចសម្រាប់អ្នកដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដន៍ដែលអាចចែងចាំងដល់បានទេ ។
មិនថាអ្នកមិនទាន់មកក្នុងសាសនារបស់យើង ឬ ក៏មកជាមួយនឹងយើងម្ដងហើយ តែមិនបាននៅបន្ដ គ្មានករណីណាមួយ ដែលអ្នកបានធ្វើ បែរជាមិនអាចធ្វើស្រេចនោះទេ ។ គ្មានបញ្ហាអ្វីដែលអ្នកមិនអាចយកឈ្នះបានឡើយ ។ គ្មានក្ដីស្រមៃណាមួយដែលនៅក្នុងអតីតកាល និង ដ៏នៅអស់កល្បដែលមិនទាន់ អាចទទួលបាននោះទេ ។ ទោះបីជាអ្នកមានអារម្មណ៍ថា អ្នកគឺជាឈ្នួលនៅម៉ោងទីដប់មួយដែលវង្វេង និង ចុងក្រោយក៏ដោយ ក៏ម្ចាស់ចម្ការនៅតែឈរហៅអ្នកដដែល ។ « មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន »3 ហើយក្រាបនៅព្រះបាទនៃព្រះដ៏បរិសុទ្ធតែមួយនៃអ៊ីស្រាអែល ។ ចូរមក និង បរិភោគ« ដោយគ្មានប្រាក់ និង ឥតបង់ថ្លៃ »4 នៅលើតុរបស់ព្រះអម្ចាស់ ។
ជាពិសេសខ្ញុំសូមហៅចំពោះស្វាមី និង ឪពុកទាំងអស់ អ្នកកាន់បព្វជិតភាពទាំងអស់ ឬ អ្នកត្រៀមនឹងកាន់បព្វជិតភាពតំណែងអែលឌើរទាំងអស់ ដូចជាអ្វីដែលលីហៃបាននិយាយ « ចូរភ្ញាក់ឡើង ! ហើយងើបពីធូលីដី ... ហើយធ្វើជាមនុស្ស »5 ។ វាមិនជានិច្ចជាកាលនោះទេ ប៉ុន្ដែជាញឹកញាប់គឺបុរសដែលជ្រើសរើសមិនឆ្លើយតបនឹងការហៅឲ្យ « ចូលមកលំដាប់ »។6 ស្ដ្រី និង កុមារ ជាញឹកញាប់មើលទៅមានឆន្ទៈជាង ។ បងប្អូនប្រុស វាដល់ពេលធ្វើសកម្មភាពហើយ ។ សូមធ្វើវាសម្រាប់ខ្លួនអ្នក ។ សូមធ្វើវាសម្រាប់អ្នកដែលស្រឡាញ់អ្នក និង កំពុងអធិស្ឋានឲ្យអ្នកដើម្បីឲ្យអ្នកឆ្លើយតប ។ សូមធ្វើវាសម្រាប់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានបង់ថ្លៃដែលមិនអាចយល់បានសម្រាប់អនាគតដែលទ្រង់ចង់ឲ្យអ្នកមាន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមធ្វើទីបន្ទាល់ចំពោះអ្នក ដែលបានប្រទានពរដោយសារដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពីព្រោះអ្នកមានសំណាងដែលបានរកឃើញវាលឿនជាង ចំពោះអ្នកដែលទើបបានមកឃើញក្រោយមក និងចំពោះអ្នកដែលជាសមាជិក និងមិនមែនជាសមាជិក--ដែលអាចនៅតែការស្ទាក់ស្ទើរ ហើយនឹងចំពោះអ្នកម្នាក់ៗ និង ទាំងអស់គ្នា អំពីការរំឭកជាថ្មីនៃអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ និង អព្ភូតហេតុនៃព្រះគុណរបស់ទ្រង់ ។ ទ្រង់បារម្ភអំពីសេចក្ដីជំនឿដែលអ្នកទទួលបាន មិនមែនអំពីចំនួនម៉ោងក្នុងមួយថ្ងៃដែលអ្នកទទួលសេចក្ដីជំនឿនោះទេ ។
ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញាហើយ សូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និង ធ្វើជាថ្មី ។ វាមិនដែលយឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថាដល់ពេលនោះ ។ សូមស្ដាប់តាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធដែលបានប្រាប់អ្នកពេលនេះ នៅវេលានេះតែម្ដង ថាអ្នកគួរតែទទួលយកអំណោយដ៏ធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយរីករាយនឹងភាតរភាពនៃកិច្ចការរបស់ទ្រង់ ។ សូមកុំពន្យារពេល ។ វាជិតយឺតពេលហើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។