ការសង្គ្រោះដើម្បីការលូតលាស់ដ៏ពិត
ការសង្គ្រោះដល់ព្រលឹងទាំងឡាយជាកិច្ចការដែលព្រះអង្គសង្គ្រោះបានហៅយើងទាំងអស់គ្នាឲ្យធ្វើ ។
ក្នុងប៉ុន្មានខែថ្មីៗនេះ មានការសង្កត់ធ្ងន់បន្ថែមហើយបន្ថែមទៀត ពីការស្ថាបនា « ការលូតលាស់ដ៏ពិត » ក្នុងសាសនាចក្រ ដោយនាំអស់អ្នកណាដែលមានបំណងទទួល និងរក្សាសេចក្ដីសញ្ញា និងពិធីបរិសុទ្ធ នៃសេចក្ដីសង្គ្រោះ ហើយរស់នៅដោយមានការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត ដូចបានពណ៌នាដោយអាលម៉ា (សូមមើល អាលម៉ា 5:14 ) ។ របៀបដ៏មានអត្ថន័យ និងសំខាន់បំផុតមួយ ដើម្បីស្ថាបនាការលូតលាស់ដ៏ពិតនៅក្នុងសាសនាចក្រ គឺត្រូវឈោងទៅសង្គ្រោះដល់អស់អ្នកដែលបានជ្រមុជទឹកហើយ តែកំពុងវង្វេងក្នុងស្ថានភាពមិនសូវសកម្ម ដែលមិនបានទទួលពរជ័យ និងផលពីពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ។ ដោយមិនគិតពីការហៅបម្រើផ្ទាល់ខ្លួនរបស់យើង---គ្រូបង្រៀនតាមផ្ទះ និងគ្រូសួរសុខទុក្ខ, គ្រូសាលាថ្ងៃអាទិត្យ, ប៊ីស្សព, ឪពុក, ម្ដាយ, ឬអ្នកមានសិទ្ធិអំណាចទូទៅ---យើងទាំងអស់គ្នាអាចរួមចំណែកក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ ក្នុងរបៀបដ៏មានអត្ថន័យមួយ ។ បន្ទាប់ពីទាំងអស់នោះហើយ ការនាំមនុស្សទាំងអស់---រួមទាំងគ្រួសារយើង, អ្នកមិនមែនសមាជិក, អ្នកមិនសូវសកម្ម, អ្នកមានបាប---មកកាន់ព្រះគ្រីស្ទ ដើម្បីទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ គឺជាការហៅបម្រើដ៏ទេវភាពដែលយើងទាំងអស់គ្នាធ្វើរួមគ្នា ។
នៅព្រឹកថ្ងៃអាទិត្យមួយ ប្រហែល 30 ឆ្នាំ កន្លងមកហើយ ពេលកំពុងខ្ញុំបម្រើក្នុងគណៈប្រធានស្តេក យើងបានទទួលទូរស័ព្ទពីប៊ីស្សពដ៏ស្មោះត្រង់ម្នាក់របស់យើង ។ គាត់បានពន្យល់ថា វួដរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលគាត់មិនអាចផ្ដល់នូវការហៅបម្រើដ៏មានអត្ថន័យដល់សមាជិកដែលមានភាពសក្ដិសមទៀតនោះទេ ។ ការអង្វររបស់គាត់ចំពោះយើងគឺឲ្យយើងបំបែកវួដនោះ ។ ខណៈពេលរង់ចាំការអនុម័តនោះ យើងបានសម្រេច ក្នុងនាមយើងជាគណៈប្រធានស្តេកថា យើងនឹងចុះទៅវួដនោះ ហើយហៅបងប្អូនប្រុសស្រីដ៏សក្តិសមទាំងអស់នេះ ឲ្យធ្វើជាអ្នកផ្សព្វផ្សាយប្រចាំស្តេក ។
មនុស្សទីបីដែលខ្ញុំបានជួប គឺជាសិស្សស្រីវ័យក្មេងម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់ ។ បន្ទាប់ពីជជែកគ្នាបានមួយសន្ទុះ ខ្ញុំបានចេញការហៅឲ្យធ្វើជាអ្នកផ្សព្វផ្សាយ ។ ស្រាប់តែមានការស្ងាត់ស្ងៀមមួយស្របក់ ។ បន្ទាប់មក នាងបាននិយាយថា « ប្រធាន តើប្រធានដឹងទេ ថាខ្ញុំមិនបានសកម្មក្នុងសាសនាចក្រទេ ? »
បន្ទាប់ពីការស្ងាត់មួយស្របក់មក ខ្ញុំបាននិយាយថា «ទេ ខ្ញុំមិនដឹងថា ក្មួយអសកម្មទេ » ។
នាងបានឆ្លើយថា « ខ្ញុំមិនបានសកម្មក្នុងសាសនាចក្រអស់ជាច្រើនឆ្នាំហើយ » ។ បន្ទាប់មក នាងនិយាយថា « តើប្រធានដឹងទេថា ពេលដែលអ្នកអសកម្ម វាមិនងាយស្រួលដើម្បីត្រឡប់មកវិញទេ ? »
ខ្ញុំបានឆ្លើយតបថា « ទេ ។ វួដរបស់ក្មួយចាប់ផ្ដើមនៅម៉ោង 9:00 ព្រឹក ។ ពេលក្មួយមកដល់សាលាជំនុំ គឺក្មួយបាននៅជាមួយយើងហើយ » ។
នាងបានឆ្លើយថា « ទេ វាមិនស្រួសអញ្ចឹងទេ ។ អ្នកដែលគិតថាត្រឡប់មកវិញ មានការព្រួយបារម្ភជាច្រើន ។ បារម្ភថា បើមាននរណាម្នាក់ស្វាគមន៍ទេ ឬបើនឹងអង្គុយតែម្នាក់ឯង ហើយមិនមាននរណាកត់សម្គាល់នៅអំឡុងការប្រជុំទាំងឡាយ ។ ហើយបារម្ភថា មានគេទទួល ឬអត់ ហើយថា នរណាជាមិត្តថ្មីរបស់យើង » ។
ដោយមានទឹកភ្នែកហូរធ្លាក់កាត់ថ្ពាល់នាង នាងបន្តថា « ខ្ញុំដឹងថា ម្ដាយ និងឪពុកខ្ញុំ បានអធិស្ឋានអស់ជាច្រើនឆ្នាំសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំត្រឡប់មកសាសនាចក្រវិញ » ។ បន្ទាប់ពីស្ងាត់ស្ងៀមមួយស្របក់ នាងបាននិយាយថា « អស់រយៈពេលបីខែចុងក្រោយនេះ ខ្ញុំបានអធិស្ឋានដើម្បីស្វែងរកក្ដីក្លាហាន, កម្លាំង, និងរបៀប ដើម្បីត្រឡប់មកសកម្មវិញ » ។ បន្ទាប់មក នាងបានសួរថា « ប្រធាន តើប្រធានគិតថា ការហៅបម្រើនេះ ជាចម្លើយដល់ការអធិស្ឋានទាំងនោះទេ ? »
ភ្នែករបស់ខ្ញុំចាប់ផ្ដើមរលីងរលោង កាលខ្ញុំបានឆ្លើយតបថា « ខ្ញុំជឿថា ព្រះអម្ចាស់បានឆ្លើយតបចំពោះការអធិស្ឋានរបស់ក្មួយ » ។
នាងមិនត្រឹមតែទទួលការហៅទេ នាងថែមទាំងធ្វើជាអ្នកផ្សព្វផ្សាយដ៏ល្អទៀតផង ។ ហើយខ្ញុំប្រាកដថា នាងបាននាំមកនូវក្ដីអំណរដ៏ច្រើន មិនត្រឹមតែដល់ខ្លួននាងប៉ុណ្ណោះទេ តែដល់ឪពុកម្ដាយនាង និងសមាជិកគ្រួសារផ្សេងទៀតផងដែរ ។
មានអ្វីមួយចំនួនដែលខ្ញុំបានរៀន ឬបានរំឭកអំពីរឿងនេះ និងការសម្ភាសន៍ស្រដៀងនេះ ៖
-
ខ្ញុំបានរៀនថា សមាជិកមិនសូវសកម្មជាច្រើន មានមនុស្សជាទីស្រឡាញ់ដែលបានលុតជង្គង់ជារៀងរាល់ថ្ងៃ សុំព្រះអម្ចាស់ជួយសង្គ្រោះដល់អ្នកដែលគេស្រឡាញ់ ។
-
ខ្ញុំបានរៀនថា វាមិនស្រួលទាំងអស់នោះទេ សម្រាប់សមាជិកមិនសូវសកម្ម ក្នុងការត្រឡប់មកសាសនាចក្រវិញ ។ ពួកគេត្រូវការជំនួយ ។ ពួកគេត្រូវការការគាំទ្រ ។ ពួកគេត្រូវការការរាក់ទាក់ ។
-
តែខ្ញុំបានរៀនថា យើងមានសមាជិកមិនសូវសកម្ម ដែលព្យាយាម និងមានបំណងដើម្បីរកផ្លូវត្រឡប់មកសកម្មវិញ ។
-
ខ្ញុំបានរៀនថា សមាជិកមិនសូវសកម្មជាច្រើននឹងទទួលការហៅបម្រើ បើគេត្រូវបានស្មើសុំ ។
-
ខ្ញុំបានរៀនថា សមាជិកមិនសូវសកម្មម្នាក់សមនឹងទទួលការប្រព្រឹត្តស្មើគ្នា ក្នុងនាមជាបុត្រា ឬបុត្រីនៃព្រះដ៏ប្រកបដោយក្ដីស្រឡាញ់ ។
អស់ជាច្រើនឆ្នាំ ខ្ញុំបានឆ្ងល់ថា តើការសម្ភាសន៍នេះអាចកើតឡើងយ៉ាងណាវិញ បខ្ញុំជួបជាមួយនាងក្នុងនាមជាសមាជិកមិនសូវសកម្មម្នាក់ ។ ខ្ញុំទុកឲ្យអ្នកគិតដោយខ្លួនឯងចុះ ។
ការធ្វើឲ្យសកម្មឡើងវិញ តែងតែជាផ្នែកមួយដ៏សំខាន់នៃកិច្ចការរបស់ព្រះអម្ចាស់ ។ ខណៈដែលការធ្វើឲ្យសកម្មឡើងវិញជាទំនួលខុសត្រូវរបស់សមាជិកគ្រប់រូប នោះអ្នកកាន់បព្វជិតភាពអើរ៉ុន និងមិលគីស្សាដែក មានទំនួលខុសត្រូវដើម្បីដឹកនាំក្នុងកិច្ចការនេះ ។ បន្ទាប់ពីទាំងអស់នោះ នោះហើយជាអ្វីដែលជាកិច្ចការបម្រើរបស់បព្វជិតភាព---គឺការនាំមនុស្សទាំងអស់មកកាន់សេចក្ដីសញ្ញានៃការលើកតម្កើង នាំក្ដីសុខសាន្ត, សុភមង្គល, និងតម្លៃផ្ទាល់ខ្លួន ។
ពីព្រះគម្ពីរមរមន អ្នកនឹងចាំថា ពេលអាលម៉ាជាកូនឃើញថា សាសន៍សូរាំបានធ្លាក់ចេញពីសាសនាចក្រ លោកបានបង្កើតអ្នកដឹកនាំមួយក្រុម ដើម្បីសង្គ្រោះប្រជាជននេះ ។ ពេលដែលពួកគេបំពេញការចាត់តាំងរបស់ខ្លួន អាលម៉ាបានទូលអង្វរដល់ព្រះអម្ចាស់ដោយពាក្យទាំងនេះ ៖
« ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទានដល់យើងខ្ញុំ ឲ្យយើងខ្ញុំមានជ័យជំនះក្នុងការដឹកនាំពួកគេមករកព្រះអង្គនៅក្នុងព្រះគ្រីស្ទវិញចុះ ។
« មើលចុះ ឱព្រះអម្ចាស់អើយ ព្រលឹងរបស់គេមានតម្លៃ ហើយពួកគេជាច្រើនគឺជាបងប្អូនយើងខ្ញុំ ហេតុដូច្នេះហើយ ឱព្រះអម្ចាស់អើយ សូមប្រទានដល់យើងខ្ញុំនូវអានុភាព និងប្រាជ្ញា ដើម្បីយើងខ្ញុំអាចនាំបងប្អូនយើងទាំងនេះ មករកព្រះអង្គវិញ » ( អាលម៉ា 31:34–35 ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ពីរបីខែកន្លងមកហើយ បន្ទាប់ពីការប្រជុំជាមួយអ្នកប្រែចិត្តជឿថ្មី និងសមាជិកមិនសូវសកម្ម និងសមាជិកសកម្មឡើងវិញ មានសុភាពបុរសម្នាក់ អាយុស្របាលខ្ញុំបានមកកាន់ខ្ញុំ ហើយនិយាយថា « ខ្ញុំជាម្នាក់ដែលមិនសូវសកម្មភាគច្រើនបំផុតក្នុងជីវិតខ្ញុំ ។ ខ្ញុំបានធ្លាក់ចេញពីសាសនាចក្រកាលខ្ញុំនៅក្មេង ។ តែឥឡូវនេះ ខ្ញុំត្រឡប់មកវិញហើយ ហើយខ្ញុំធ្វើការក្នុងព្រះវិហារបរិសុទ្ធជាមួយភរិយាខ្ញុំ » ។
ដើម្បីឲ្យគាត់ដឹងថា អ្វីគ្រប់យ៉ាងគឺមិនអីទេ នោះខ្ញុំបានឆ្លើយតបដូច្នេះថា « កាលណាអ្វីៗស្ថិតនៅក្នុងស្ថានភាពល្អ នោះអ្វីៗទាំងអស់រាប់ថាល្អហើយ » ។
គាត់បានតបថា « ទេ វាមិនស្រួលទាំងអស់ទេ ។ ខ្ញុំបានត្រឡប់មកសាសនាចក្រវិញ តែខ្ញុំបានបាត់បង់កូនៗ និងចៅៗខ្ញុំ ។ ហើយឥឡូវនេះ ខ្ញុំកំពុងឃើញការបាត់បង់ចៅទួតខ្ញុំ---ទាំងអស់គ្នានៅក្រៅសាសនាចក្រ ។ មិនល្អទាំងអស់នោះទេ » ។
ក្នុងគ្រួសារយើង យើងមានដូនតាម្នាក់ ដែលបានចូលរួមសាសនាចក្រនៅ អ៊ឺរ៉ុប កាលសាសនាចក្រទើបស្ដារថ្មីៗ ។ មានកូនប្រុសម្នាក់បានអសកម្ម ។ ស៊ីស្ទើរ អែជ្ជលី និងខ្ញុំ ព្យាយាមរកឲ្យឃើញកូនចៅដែលអសកម្មរបស់ដូនតានេះ ។
វាងាយសម្រាប់ប្រពន្ធខ្ញុំ និងខ្ញុំ ដើម្បីសន្និដ្ឋានថា ក្នុងប្រាំមួយជំនាន់បន្តទៀត និងដោយការប៉ាន់ប្រមាណសមហេតុផល នោះមានការបាត់បង់សមាជិកគ្រួសារដល់ទៅ 3,000 នាក់ ។ ឥឡូវនេះ ចូរស្មានមើលពីរជំនាន់ទៅមុខទៀត ។ តាមទ្រឹស្ដី ការបាត់បង់អាចកើនឡើងដល់ 20,000 ទៅ 30,000 នាក់ នៃកូនចៅព្រះបិតានៅស្ថានសួគ៌របស់យើង ។
ទំនួលខុសត្រូវក្នុងការសង្គ្រោះ គឺផ្អែកលើគោលការណ៍ដ៏ចម្បងមួយនៃសាសនាចក្រ ។
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ
« ត្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះប្រោសលោះរបស់អ្នក ទ្រង់បានរងសេចក្ដីស្លាប់ នៅក្នុងសាច់ឈាម ម៉្លោះហើយ ទ្រង់បានរងការឈឺចាប់នៃមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចប្រែចិត្ត ហើយមករកព្រះអង្គបាន ។ …
« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងតែមួយគាត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះ នៅក្នុងនគរនៃព្រះវរបិតារបស់យើង ! » ( គ. និង ស. 18:10–11, 15 ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ខ្ញុំបានមានឯកសិទ្ធិក្នុងការសង្គ្រោះដល់ព្រលឹងសមាជិកមិនសូវសកម្មពីរបីនាក់ក្នុងជីវិតខ្ញុំ ។ ឥឡូវនេះ ពេលខ្ញុំនាំម្នាក់មកសកម្មវិញ ខ្ញុំពុំបានមើលឃើញតែព្រលឹងមួយនោះទេ---ខ្ញុំឃើញប្រាំមួយ, ប្រាំពីរ, ឬច្រើនជំនាន់---រាប់ពាន់ព្រលឹងទៀត ។ ហើយបន្ទាប់មកខ្ញុំគិតពីព្រះគម្ពីរ « គ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមា » ( គ. និង ស. 18:15 ) ។
ព្រះអម្ចាស់បានមានបន្ទូលទៅពួកសាវកទ្រង់ថា « ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ » ( ម៉ាថាយ 9:37 ) ។ អ្នកច្រូតមិនត្រូវមានតិចនោះទេ ។ យើងមានមនុស្សរាប់ពាន់នាក់ដែលមានសមត្ថភាព, អ្នកកាន់បព្វជិតភាពដែលមានភាពសក្ដិសម និងសមាជិកសាសនាចក្រដែលមានការតាំងចិត្តរាប់លាននាក់នៅគ្រប់ទីកន្លែងនៃពិភពលោក ។ យើងមានក្រុមប្រឹក្សាវួដ, កូរ៉ុមបព្វជិតភាព, សមាគមសង្គ្រោះ, និងអង្គការផ្សេងៗទៀតដែលកំពុងធ្វើការ ដែលសុទ្ធតែមានទំនួលខុសត្រូវក្នុងការធ្វើឲ្យអ្នកអសកម្ម សកម្មឡើងវិញ ។ ការសង្គ្រោះដល់ព្រលឹងទាំងឡាយជាកិច្ចការដែលព្រះអង្គសង្គ្រោះបានហៅយើងទាំងអស់គ្នាឲ្យធ្វើ ។
ក្នុងការនិយាយពីខាងដើម ខ្ញុំបានលើកឡើងពីការអធិស្ឋាន ដែលអាលម៉ា និងដៃគូរបស់លោកបានធ្វើ ពេលចេញទៅធ្វើការសង្គ្រោះដល់សាសន៍សូរាំ ។ អំឡុងសង្គ្រាមលោកលើកទី II ទាហានអាមេរិក និងប្រជាពលរដ្ឋដែលគាំទ្រពួកគេ ប្រហែល 500 នាក់ ត្រូវបានជាប់ឃុំ ។ ដោយសារការរងទុក្ខ និងការបារម្ភចំពោះសុវត្ថិភាពពួកគេ នោះកម្លាំងទាហានស្ម័គ្រចិត្តអាមេរិក ប្រហែល 100 នាក់ ត្រូវបានជ្រើសរើសដើម្បីទៅសង្គ្រោះពួកអ្នកជាប់ឃុំ ។ បន្ទាប់ពីបានរៀបចំពួកអ្នកស្ម័គ្រចិត្តហើយ មេបញ្ជាការបានណែនាំពួកគេដូចនេះថា « នៅល្ងាចនេះ សូមអ្នកជួបជាមួយអ្នកដឹកនាំសាសនារបស់អ្នក សូមអ្នកលុតជង្គង់ចុះ ហើយសន្យាដល់ព្រះថា ដរាបណាអ្នកនៅមានដង្ហើម អ្នកនឹងមិនទុកឲ្យបុរសទាំងនេះ សូម្បីតែមា្នក់ ត្រូវរងទុក្ខមួយគ្រាទៀតឡើយ » ។ (សូមមើល Hampton SidesGhost Soldiers: The Forgotten Epic Story of World War II’s Most Dramatic Mission [ឆ្នាំ 2001], 28–29) ។ ការសង្គ្រោះដ៏ជោគជ័យនេះ ជាការសង្គ្រោះពីការរងទុក្ខខាងរូបកាយ និងខាងសាច់ឈាម ។ តើយើងគួរតែមានភាពក្លាហានតិចជាងនេះឬ ក្នុងការប្រឹងប្រែងរបស់យើង ដើម្បីសង្គ្រោះពួកអ្នកដែលអាចមានការរងទុក្ខខាងវិញ្ញាណ និងទទួលលទ្ធផលអស់កល្បជានិច្ចនោះ ? តើយើងគួរតែមានការតាំងចិត្តតិចជាងនោះឬ ចំពោះព្រះអម្ចាស់ ?
ទីបញ្ចប់ ការតាំងចិត្តរបស់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រដ៏ពិតរបស់ព្រះគ្រីស្ទ បានមកពីការពិតដែលថា ព្រះអម្ចាស់បានរងទុក្ខសម្រាប់យើងម្នាក់ៗ---ទាំងអ្នកមិនមែនសមាជិក, សមាជិកមិនសូវសកម្ម, អ្នកមានបាប, និងសមាជិកគ្រប់រូបក្នុងគ្រួសារយើងផ្ទាល់ ។ ខ្ញុំជឿថា យើងអាចនាំមនុស្សរាប់ពាន់នាក់ ឲ្យមានសេចក្ដីអំណរ, សេចក្ដីសុខសាន្ត, និងភាពផ្អែមល្អែមនៃដំណឹងល្អ និងរាប់រយរាប់ពាន់នាក់ សូម្បីតែរាប់លាននាក់ គឺជំនាន់ក្រោយៗទៀតរបស់គេ ។ ខ្ញុំជឿថា យើងអាចបានជោគជ័យ ព្រោះនេះជាសាសនាចក្រព្រះអម្ចាស់ ហើយដោយគុណធម៌នៃបព្វជិតភាព និងសមាជិកភាពរបស់យើង នោះយើងនឹងត្រូវបានហៅ ដើម្បីឲ្យទទួលជោគជ័យ ។ ខ្ញុំថ្លែងទីបន្ទាល់ដល់អ្នក ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន ។