ឆ្នាំ ២០១០-២០១៩
បព្វជិតភាព​អើរ៉ុន៖ ក្រោកឡើង ហើយ​ប្រើ​អំណាច​នៃ​ព្រះ
មេសា 2012


បព្វជិតភាព​អើរ៉ុន៖ ក្រោកឡើង ហើយ​ប្រើ​អំណាច​នៃ​ព្រះ

បព្វជិតភាព​ត្រូវ​ការ​ការអនុវត្ត​ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ ។ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » មិនត្រូវ​លាក់​ពន្លឺ​នៅក្នុង​ទីងងឹត​នោះ​ទេ។

ថ្មីៗនេះ ខ្ញុំ​បាន​ទៅ​អាហ្រិក​ខាងត្បូង​ទៅ​សួរសុខទុក្ខ​ផ្ទះ​មួយ​ជាមួយ​នឹង ថាប៊ីសូ ជាជំនួយការ​ទី​មួយ​ក្នុង​កូរ៉ុម​ថ្នាក់​សង្ឃ​ក្នុង​វួដ កាជីសូ។ ថាប៊ីសូ និង ប៊ីស្សព​របស់​គាត់ ជា​អធិបតី និង​ជា​អ្នកកាន់​កូនសោ​សម្រាប់​កូរ៉ុម បាន​អធិស្ឋាន​សម្រាប់​សមាជិក​កូរ៉ុម​ដែល​មិនសូវ​សកម្ម បាន​ស្វែងរក​ការបំផុស​គំនិត​អំពី​អ្នកដែល​ត្រូវ​ទៅ​សួរ​សុខទុក្ខ និង ពី​របៀប​ដើម្បី​ជួយ​ពួកគេ ។ ពួកគេ​បាន​ទទួល​ការបំផុសគំនិតឲ្យ​ទៅ​សូរសុខទុក្ខ​ផ្ទះ​របស់ ថេប៊ែឡូ ហើយ​ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​នឹង​ពួកគេ ។

នៅពេល​ដែល​យើង​បាន​ដើរ​កាត់​ឆ្កែ​យាម​ផ្ទះ​ដ៏​កាច ​យើង​បានចូល​មក​ដល់​បន្ទប់​ទទួល​ភ្ញៀវ​ហើយ​បានជូប​នឹង ថេប៊ែឡូ ជា​យុវជន​ដែល​គ្មានភាពស្វាហាប់​ ដែល​បាន​ឈប់​ទៅ​ព្រះវិហារ ពីព្រោះ​គាត់​រវល់​ធ្វើ​ការងារ​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ ។ គាត់​ភ័យ​បន្ដិច ប៉ុន្ដែ​គាត់​សប្បាយ​ចិត្ត​ដើម្បី​ទទួល​យើង ហើយ​បាន​ទាំង​អញ្ជើញ​គ្រួសារ​គាត់​ឲ្យ​មក​ចូលរួម​ជាមួយ​នឹង​គាត់​ដែរ ។ ប៊ីស្សព​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​គាត់​ចំពោះ​គ្រួសារ​នោះ ហើយ​មាន​បំណង​ចង់​ជួយ​គាត់​ឲ្យ​កា្លយ​គ្រួសារ​អស់កល្ប​ ជានិច្ច ដោយ​ទៅ​ផ្សារ​ភា្ជប់​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ដួងចិត្ត​ពួកគេ​មាន​អំណរ ហើយ​យើង​ទាំងអស់​គ្នា​អាច​មាន​អារម្មណ៍​ដ៏​ខ្លាំង​ពី​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ណែនាំ​គ្រប់​ពាក្យ និង គ្រប់​អារម្មណ៍ ។

ប៉ុន្ដែ​វា​ជា​សម្ដី​របស់ ថាប៊ីសូ ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ក្នុង​ការសួរសុខទុក្ខ​នោះ។ ចំពោះ​ខ្ញុំ​វា​ហាក់​ដូចជា​សង្ឃ​ដ៏​ក្មេង​នេះ​កំពុង​និយាយ​ភាសា​ទេវតា ជា​សម្ដី​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ដែល​យើង​ទាំងអស់​គ្នា​អាច​យល់​បាន​ទាំងស្រុង ប៉ុន្ដែ​ជាពិសេស វា​បានរំជូល​ចិត្ត​មិត្តភក្ដិ​គាត់​ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​រីករាយ​នឹង​និយាយ​ជាមួយ​អ្នក​ខ្លាំង​ណាស់​គ្រប់​ពេល​នៅ​ព្រះវិហារ » ។ « អ្នក​តែងតែ​និយាយ​ពាក្យ​ល្អៗ​មក​កាន់​ខ្ញុំ ។ ហើយ​តើ​អ្នក​ដឹង​ទេ​ថា ក្រុម​បាល់ទាត់​​យើង ទាត់​មិន​សូវ​ល្អ​ទេ​ឥឡូវ​នេះ ​ដោយសារ​យើង​គ្មាន​អ្នក ។ អ្នក​ពិត​ជា​ពូកែ​លេង​ខ្លាំង​ណាស់ ។ »

ថេប៊ែឡូ បាន​ឆ្លើយ​ថា « ខ្ញុំ​សុំទោស »។ « ខ្ញុំ​នឹង​មក​លេង​ជាមួយ​អ្នក​លើក​ក្រោយ » ។

ថាប៊ីសូ បាន​និយាយ​ថា « វា​ប្រាកដ​ជា​អស្ចារ្យ » ។ « ហើយ​តើ​អ្នក​មាន​ចាំ​ពេល​ដែល​យើង​បាន​រៀបចំ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែរ​ទេ ? តើ​យើង​អាច​ចាប់ផ្ដើម​ធ្វើ​វា​ម្ដង​ទៀត​បាន​ទេ ? »

ថេប៊ែឡូ បាន​និយាយ​ម្ដង​ទៀត​ថា « បាទ » ។ « ខ្ញុំ​ចង់​ត្រឡប់​មក​វិញ » ។

ប្រហែល​ជា​ភាពរីករាយ​ដ៏​ខ្លាំង​បំផុត​ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ គឺ​ពេល​ឃើញ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ជុំវិញ​ពិភពលោក​អនុវត្ត​សិទ្ធិអំណាច​នៃ​បព្វជិតភាព​អើរ៉ុន ។ ប៉ុន្ដែ​ពេល​ខ្លះ ខ្ញុំ​ក៏​ធ្វើ​ជា​សាក្សី​ដោយ​ក្រៀមក្រំ ថា​យុវជន​ជាច្រើន​​​មិន​បាន​យល់​ពី​ការល្អ​ដ៏​ច្រើន​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដោយ​មាន​អំណាច​ដែល​ពួកគេ​កាន់កាប់ ។

បព្វជិតភាព គឺជា​អានុភាព និង សិទ្ធិ​អំណាច​នៃ​អង្គ​ទ្រង់​ផ្ទាល់​ដើម្បី​ធ្វើការ​នៅក្នុង​ការបម្រើ​ដល់​កូនចៅ​​ទ្រង់។ ឱ ! បើ​យុវជន​ទាំងអស់ អ្នកកាន់​បព្វជិតភាព​អើរ៉ុន​គ្រប់​រូប អាច​យល់​ច្បាស់​ថា បព្វជិតភាពដែល​គាត់​​កាន់ គឺជា​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួកទេវតា ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​បើសិន​ជា​ពួកគេ​អាច​យល់​ថា ពួកគេ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​មិត្តភក្ដិ​របស់​ពួកគេ​ឲ្យ​មក​រក​ផ្លូវ​ដែល​នាំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ប្រសិន​បើ​ជា​ពួកគេ​ដឹង​ថា ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​អំណាច​ដល់​ពួកគេ​ឲ្យ​ពន្យល់​ការពិត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើង​វិញ​ជាមួយ​នឹង​ភាពជាក់ច្បាស់ និង ភាពស្មោះត្រង់​ដែល​អ្នកដទៃ​នឹង​ទទួល​អារម្មណ៍​ពី​ភាពពិត​ដែល​មិន​អាច​បដិសេធ​បាន​នៃ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

យុវជន​នៃ​សាសនាចក្រ​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​សួរ​អ្នក​មួយ​សំណួរ​ដែល​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​ដក់​ជាប់​ក្នុង​ដួងចិត្ត​របស់​អ្នក។ តើ​មាន​អំណាច​ណា​អស្ចារ្យ​ជាង​អំណាច​នៃ​បព្វជិតភាព​របស់​ព្រះ​ដែល​អ្នក​អាច​រក​បាន​នៅ​លើ​ផែនដី​នេះ ? តើ​មាន​អំណាច​ណា​ដែល​អាច​អស្ចារ្យ​ជាង​សមត្ថភាព​ក្នុង​ការជួយ​ព្រះវរបិតា​សួគ៌ា​របស់​យើង​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​របស់​មិត្តភក្តិ​របស់អ្នក​ ដើម្បី​ជួយ​ពួកគេ​ដើរ​តាម​ផ្លូវ​នៃ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ដោយ​ការលាង​សម្អាត​អំពើ​បាប និង ការធ្វើ​ខុស​នោះ ?

ដូចជា​អំណាច​ដទៃ​ផ្សេង​ទៀត​ដែរ បព្វជិតភាព​ត្រូវ​ការ​ការអនុវត្ត​ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ ។ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » (គ&ស 115:5) មិនត្រូវ​លាក់​ពន្លឺ​នៅក្នុង​ទីងងឹត​នោះ​ទេ។ មាន​តែ​អ្នក​ដែល​ក្លាហាន​តែប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​ជម្រើស ។ ខណៈដែល​អ្នក​អនុវត្ត​អំណាច​បព្វជិតភាព​ដ៏​ពិសិដ្ឋ​របស់​អ្នក សេចក្ដីក្លាហាន និង ជំនឿចិត្ត​របស់​អ្នក​នឹង​កើន​ឡើង។ យុវជន​ទាំងឡាយ អ្នក​ដឹង​ថា អ្នក​បាន​ធ្វើ​ល្អ​បំផុត​ហើយ​នៅពេល​ដែល​អ្នក​នៅក្នុង​ការបម្រើ​ដល់​ព្រះ ។ អ្នក​ដឹង​ថា អ្នក​សប្បាយ​ជាង​គេ​បំផុត​នៅពេល​ដែល​អ្នក​ចូលរួម​ដោយ​អន្ទះសា​ក្នុង​ប្រយោជន៍​ល្អ ។ ចូរ​តម្កើង​អំណាច​បព្វជិតភាព​របស់​អ្នក​តាមរយៈ​ការរស់នៅ​ដោយ​ស្អាតស្អំ និង សក្ដិសម ។

ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ហើយ​គាំទ្រ​សម្ដី​ដែល​អ៊ែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ចែកចាយ​ទៅ​អ្នក​កាល​ពី​ប្រាំមួយ​ខែ​មុន​ពី​វេទិកា​នេះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​កំពុង​មើល ... យុវជន និង មនុស្ស​ចាស់​ដែល​យកចិត្តទុកដាក់​គ្រប់គ្រាន់​ដើម្បី​ចុះឈ្មោះ និង ផ្តល់មតិ​អំពី​ការប្រយុទ្ធ​រវាង​អំពើ​ល្អ និង អំពើ​អាក្រក់ ។ យើង​កំពុងធ្វើ​សង្រ្គាម» គាត់​បាន​បន្ដ​ថា « ... ខ្ញុំ​ស្វែងរក​សំឡេង​ដ៏​រឹងមាំ និង លះបង់​ជាង​នេះ ជា​សំឡេង​ដែល​មិន​ត្រឹម​តែ​ប្រឆាំង​នឹង​អំពើ​អាក្រក់​នោះ​ទេ  … , ប៉ុន្ដែ​ជា​សំឡេង​ដើម្បី​រក​ការណ៍​ល្អ សំឡេង​ដើម្បី​ដំណឹង​ល្អ ជា​សំឡេង​ដើម្បី​ព្រះ » ( « យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ចុះ​ឈ្មោះ», Liahona and Ensign, ខែ​វិច្ឆិកា ឆ្នាំ 2011, 44, 47) ។

មែនហើយ អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទាំងអស់ យើង​កំពុង​នៅក្នុង​សង្គ្រាម ។ ហើយ​នៅក្នុង​សង្រ្គាម​នេះ មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​ប្រឆាំង​នឹង​អំពើ​អាក្រក់ គឺ​ជួយ​គាំទ្រ​ភាពសុចរិត​យ៉ាង​សកម្ម ។ អ្នក​មិន​អាច​ស្ដាប់​តាម​ពាក្យ​គ្រោតគ្រាត ហើយ​ធ្វើ​ជា​មិន​ឮ​នោះ​ទេ ។ អ្នក​មិន​អាច​មើល​តែ​ម្នាក់​ឯង ឬ ជាមួយ​នឹង​អ្នកដទៃ​នូវ​រូបភាព​ដែល​អ្នក​ដឹង​ថា​វា​កខ្វក់ ហើយ​ធ្វើ​ពុត​ជា​មិន​ឃើញ​នោះ​ទេ ។ អ្នក​មិន​អាច​ប៉ះពាល់​រឿង​មិន​ស្អាត ហើយ​ធ្វើ​មិន​ដឹង​ថា វា​គ្មាន​បញ្ហា​នោះ​ទេ ។ អ្នក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​នៅពេល​សាតាំង​ចង់​បំផ្លាញ​អ្វី​ដែល​ត្រឹមត្រូវ និង បរិសុទ្ធ​នោះ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​ក្រោកឈរ​ឡើង​យ៉ាង​ក្លាហាន​ចំពោះ​អ្វី​ដែល​អ្នក​ដឹង​ថា​វា​ពិត ! នៅពេល​ដែល​អ្នក​ឮ ឬ ឃើញ​អ្វីៗ​ដែល​ខុស​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ សូម​ចាំ​ថា​តើ​អ្នក​ជា​នរណា — គឺអ្នក​ជា​ទាហាន​ក្នុង​កងទ័ព​របស់​ព្រះ ដែល​អង្គ​ទ្រង់​ផ្ទាល់​បាន​ប្រទាន​នូវ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ គ្មាន​អាវុធ​ណា​អាច​ទប់ទល់​នឹង​សត្រូវ ដែល​ជា​បិតា​នៃ​សេចក្ដី​កុហក​បាន​ ល្អ​ជាង​សេចក្តី​ពិត​ដែល​នឹង​ចេញ​មក​ពី​មាត់​របស់​អ្នក នៅពេល​អ្នក​អនុវត្ត​អំណាច​នៃ​បព្វជិតភាព​នោះទេ ។ មិត្តភក្តិ​ជាច្រើន​របស់​អ្នក​នឹង​គោរព​អ្នក​ចំពោះ​សេចក្ដីក្លាហាន​របស់​អ្នក និង សេចក្ដីសុចរិត​របស់​អ្នក ។ អ្នក​ខ្លះ​មិន​គោរព​ទេ ។ ប៉ុន្ដែ​នោះ​មិន​ជា​បញ្ហា​នោះ​ទេ ។ អ្នក​នឹង​ទទួល​បាន​ការគោរព និង ទំនុកចិត្ត​ពី​ព្រះវរបិតា​សួគ៌​ ពីព្រោះ​អ្នក​បាន​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​សម្រេច​គោលបំណង​របស់​ទ្រង់ ។

ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ទាំងអស់​ឲ្យ​លើក​ទង់​ឥស្សរភាព​ឡើង​ជាថ្មី​ម្ដង​ទៀត ហើយ​រៀបចំ និង ដឹកនាំ​ទាហាន​ដ៏​ច្រើន​របស់​អ្នក ។ សូម​ប្រើប្រាស់​អំណាច​បព្វជិតភាព​របស់​អ្នក​ដោយ​អញ្ជើញ​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​ឲ្យ​ចូលមក​រក​ព្រះគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត និង ពិធី​បុណ្យ​ជ្រមុជ​ទឹក។ អ្នក​បាន​ទទួល​បញ្ជា និង មាន​អំណាច​ពី​ព្រះវរបិតា​សូគ៌​ដើម្បី​ធ្វើ​កិច្ចការ​នេះ។

កាលពី​ពីរ​ឆ្នាំ​កន្លង​ទៅ អំឡុង​ពេល​ទស្សនកិច្ច​នៅ សាន់ទីអាហ្គូ ប្រទេស ឈីលី ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​ខ្លាំង​ចំពោះ ដានីយ៉ែល អូឡេត ជា​យុវជន​ម្នាក់​ដែល​តែងតែ​ជួយ​អ្នកផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​សរសេរ​សំបុត្រ​មក​ខ្ញុំ ហើយ​ដោយ​មាន​ការអនុញ្ញាត​ពី​គាត់ ខ្ញុំ​នឹង​អាន​ឲ្យ​អ្នក​នូវ​ផ្នែក​ខ្លះ​នៃ​អ៊ីម៉េល​ថ្មីៗ​របស់​គាត់​ថា « ខ្ញុំ​ទើប​តែ​ចូលដល់​​អាយុ 16 ឆ្នាំ ហើយ​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ថ្នាក់​សង្ឃ ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់ ។ នាង​ឈ្មោះ​ថា ខារ៉ូលីណា ។ ខ្ញុំ​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​នាង ហើយ​នាង​បាន​មក​ព្រះវិហារ​ទៀងទាត់ ហើយ​ថែមទាំង​បាន​ទទួល​រង្វាន់​ការអភិវឌ្ឍន៍​ខ្លួន​របស់​ក្រុមយុវនារី​ទៀត​ផង ប៉ុន្ដែ​ឪពុកម្ដាយ​របស់​នាង​មិន​អនុញ្ញាត​ឲ្យ​នាង​ជ្រមុជ​ទឹក​នោះ​ទេ​រហូត​ដល់​ពួកគេ​ស្គាល់​ខ្ញុំ ហើយ​ទុកចិត្ត​ខ្ញុំ​សិន។ នាង​ចង់​ឲ្យ​ខ្ញុំ​ជ្រមុជទឹក​ឲ្យ​នាង ដូច្នេះ​យើង​ត្រូវ​រង់ចាំ​រយៈពេល​មួយ​ខែ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ពេល​ដែល​ខ្ញុំ​ចូល​ដល់​អាយុ 16 ឆ្នាំ ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំងណាស់​ដែល​បាន​ជួយ​មនុស្ស​ល្អ​បែប​នោះ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ដែល​ខ្ញុំ​គឺជា​ម្នាក់​ដែល​ជ្រមុជទឹក​ឲ្យ​នាង ។ »

ដានីយ៉ែល គ្រាន់​តែ​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ជាច្រើន​នៅលើ​ពិភពលោក​ដែល​រស់នៅ​តាម​អំណាច​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួកគេ ។ យុវជន​ម្នាក់​ទៀត​ឈ្មោះ លូអីស ហ្វីណាន់ដូ មក​ពី ហុនដូរ៉ាស ដែល​បានដឹង​ថា មិត្តភក្ដិ​របស់​គាត់​កំពុង​តែ​ដើរ​ផ្លូវ​ខុស ហើយ​ក៏​បាន​ចែកចាយ​សក្ខីភាព​របស់​គាត់​ជាមួយ​នឹង​មិត្តភក្ដិ​គាត់ ដែល​ពិត​ជា​បាន​ជួយ​ជីវិត​របស់​គាត់ ( សូម​មើល « A Change of Heart » lds.org/youth/video ) ។ អូឡាវ៉ា មក​ពី​ប្រទេស ប្រេស៊ីល គឺ​ជា​គំរូ​មួយ​ទៀត ។ អ្នកបម្រើ​អចិន្ដ្រៃយ៍​ដ៏​ពិត​នៅក្នុង​ផ្ទះ​របស់​គាត់ ( សូម​មើល គ. និង ស. 84:111 ) ។ Olavo បានបំផុស​គំនិត​ដល់​ម្តាយ​របស់គាត់​ឲ្យ​ត្រឡប់​មករក​ភាពសកម្ម​ដ៏ពេញលេញ​វិញ​ក្នុង​សាសនាចក្រ (សូមមើលផងដែរ​« Reunited by Faith » lds.org/youth/video ) ។ អ្នក​អាច​ស្វែងរក​រឿងមួយចំនួន​ទាំងនេះ និង រឿង​ផ្សេង​ទៀត​ជាច្រើន​ដូចជា​រឿង​ទាំងនេះ​តាម​គេហទំព័រ​​យុវវ័យ​របស់​សាសនាចក្រ youth.lds.org ។ គ្រាន់តែ​ស្វែងរក​វា​តាម Google ។ និយាយ​អញ្ចឹង អ៊ិនធើណិត ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សង្គម និង ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេង​ទៀត គឺ​ជា​ឧបករណ៍​ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ឲ្យ​អ្នក​ដើម្បី​ជួយ​អ្នក​អនុវត្ត​កាតព្វកិច្ច​បព្វជិតភាព​របស់​អ្នក និង ពង្រីក​ឥទ្ធិពល​នៃ​សេចក្ដី​ពិត និង គុណធម៌ ។

យុវជន​ជាទី​ស្រឡាញ់​ទាំងឡាយ នៅពេល​​អ្នក​អនុវត្ត​បព្វជិតភាព​អើរ៉ុន ​នៅក្នុង​របៀប​មួយ​ដែល​ខ្ញុំ​បាន​លើកឡើង នោះអ្នក​កំពុងតែ​រៀបចំ​ខ្លួន​​សម្រាប់​ការទទួលខុសត្រូវ​ពេលអនាគត​របស់​អ្នក ។ ប៉ុន្ដែ​អ្នក​កំពុង​តែ​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត ។ ដូច​ជា យ៉ូហាន­បាទីស្ទ​ដែល​ជា​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ដ៏​គំរូ អ្នក​ក៏​អាច​រៀបចំ​ផ្លូវ​សម្រាប់​ព្រះអម្ចាស់ ហើយ​តម្រង់​ផ្លូវ​របស់​ទ្រង់​បាន​ដែរ ។ នៅពេល​អ្នក​ប្រកាស​ដំណឹង​ល្អ​នៃ​ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជទឹក​យ៉ាង​ក្លាហាន ដូច​ជា​យ៉ូហាន​បាន​ធ្វើ អ្នក​កំពុង​តែ​រៀបចំ​ប្រជាជន​សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់​ហើយ ( សូម​មើល ម៉ាថាយ 3:3; គ&ស 65:1–3 ; 84:26–28 ) ។ ជារឿយៗ អ្នក​ត្រូវ​បាន​គេ​បា្រប់​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​អ្នក ។ មែនហើយ ឥឡូវ​នេះ​គឺជា​ពេលវេលា​ដើម្បី​ប្រើប្រាស់​សក្ដានុពល​នោះ ហើយ​ប្រើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​ដើម្បី​ប្រទានពរ​ដល់​អ្នក​ផ្សេង​ទៀត នាំ​ពួកគេ​ចេញ​ពី​ភាព​ងងឹត ហើយ​ទៅក្នុង​ពន្លឺ និង រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ។

សាសនាចក្រ​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​កូនសៀវភៅ​កាតព្វកិច្ច​ចំពោះ​ព្រះ​ទុក​ជា​ធនធាន​ដើម្បី​ជួយ​ឲ្យ​អ្នក​រៀន និង បំពេញ​កាតព្វកិច្ច​របស់​អ្នក ។ សូម​សិក្សា​វា​ឲ្យ​បាន​ញឹកញាប់ ។ សូម​លុតជង្គង់​ចុះ សូម​ចេញ​ឆ្ងាយ​ពី​ប្រព័ន្ធ​បចេ្ចកវិទ្យា ហើយ​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ។ ហើយ​បន្ទាប់​មក​ក្រោកឡើង ហើយ​ប្រើ​អំណាច​នៃ​ព្រះ ។ ខ្ញុំ​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ចម្លើយ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ពី​របៀប​ដើម្បី​ដឹកនាំ​ជីវិត​របស់​អ្នក​ផ្ទាល់ និង ពី​របៀប​ដើម្បី​ជួយ​អ្នក​ដទៃ ។

ខ្ញុំ​សូម​ដកស្រង់​ប្រសាសន៍​ប្រធាន ថូម៉ាស អេស ម៉នសុន ថា ៖ « ចូរ​កុំ​បន្ទាប​តម្លៃ​នៃ​ឥទ្ធិពល​ដ៏​ទូលំទូលាយ​នៃ​ទីបន្ទាល់​អ្នក ។ ... អ្នក​មាន​សមត្ថភាព​ក្នុង​ការកត់​សម្គាល់​អ្នក​ដែល​អ្នកផ្សេង​មិន​បាន​កត់​សម្គាល់ ។ នៅពេល​អ្នក​មាន​ភ្នែក​ដើម្បី​មើល ត្រចៀក​ដើម្បី​ស្ដាប់ និង មាន​បេះដូង​ដើម្បី​ទទួល​អារម្មណ៍ អ្នក​អាច​ជួយ និង សង្រ្គោះ​អ្នកដទៃ​បាន » (« ចូរ​អ្នក​ក្លាយ​ជា​គំរូ » លីអាហូណា និង Ensign, ខែ ឧសភា ឆ្នាំ 2005, 115 ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ចំពោះ​អ្នក​ថា អំណាច​បព្វជិតភាព​គឺ​ពិត ។ ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​​ដោយ​ការអនុវត្តន៍​បព្វជិតភាព​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​ម្តង​ហើយ​ម្តង​ទៀត​កើតឡើង​ដោយ​អ្នក​ដែល​មាន​អំណាច​បព្វជិតភាព​អើរ៉ុន ។ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ដល់​អំណាច​នៃ​ការបម្រើ​នៃ​ពួកទេវតា នៅពេល​ដែល​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ដ៏​ស្មោះស្ម័គ្រ​និយាយ​សម្ដី​ដែល​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​នៃ​ក្ដី​សង្ឃឹម នឹង​បើក​ដួងចិត្ត​ចំពោះ​អស់​អ្នក​ដែល​ត្រូវការ​ពន្លឺ និង​ក្ដីស្រឡាញ់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​​យើង អ្នកដឹកនាំ​យើង និង ជា​ព្រះអង្គ​សង្គ្រោះ​​យើង ។ អាម៉ែន ។