តើវាស័ក្តសមឬ ?
កិច្ចការនៃការចែកចាយដំណឹងល្អជាមួយនឹងអ្នកដែលយើងយកចិត្តទុកដាក់ និង ស្រឡាញ់តាមធម្មតា និងតាមសម្រួល នឹងក្លាយជាកិច្ចការ និង សេចក្ដីអំណរក្នុងជីវិតយើង ។
អំឡុងពេលសន្និសីទនេះ និង ការប្រជុំផ្សេងៗទៀតថ្មីៗនេះ1 ពួកយើងជាច្រើននាក់បានឆ្ងល់ថា តើខ្ញុំអាចធ្វើអ្វី ដើម្បីជួយកសាងសាសនាចក្ររបស់ព្រះអម្ចាស់ ហើយឃើញនូវការរីកចម្រើនដ៏ពិតនៅកន្លែងដែលខ្ញុំរស់នៅ ?
នៅកិច្ចខិតខំដ៏សំខាន់នេះ និង ការខិតខំសំខាន់ផ្សេងទៀត កិច្ចការដ៏សំខាន់បំផុតរបស់យើង គឺតែងតែជាកិច្ចការនៅក្នុងផ្ទះ និង គ្រួសាររបស់យើង ។2 គ្រួសារ គឺជាកន្លែងដែលសាសនាចក្រត្រូវបានស្ថាបនាឡើង ហើយមានការរីកចម្រើនដ៏ពិតប្រាកដកើតឡើង ។3 យើងត្រូវបានបញ្ជាឲ្យបង្រៀនកូនៗយើងនូវគោលការណ៍ និង គោលលទ្ធិនៃដំណឹងល្អ ។ យើងត្រូវជួយពួកគេឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំពួកគេឲ្យជ្រមុជទឹក កាលគេមានអាយុប្រាំបីឆ្នាំ ។4 យើងត្រូវស្មោះត្រង់ចំពោះខ្លួនយើងជាមុនសិន ដើម្បីឲ្យពួកគេអាចឃើញគំរូនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ និង សាសនាចក្ររបស់ទ្រង់ ។ គំរូនេះជួយកូនៗយើងមានអារម្មណ៍ពីសេចក្ដីរីករាយក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ, សុភមង្គលក្នុងគ្រួសារ និង សេចក្ដីអំណរក្នុងការបម្រើអ្នកដទៃ ។ នៅក្នុងផ្ទះយើង យើងគួរធ្វើតាមគំរូខាងក្រោមដែលបានផ្ដល់ដោយនីហ្វៃនៅពេលដែលគាត់បាននិយាយថា ៖
« យើងព្យាយាមខំ ... ដើម្បីបញ្ចុះបញ្ចូលកូនចៅយើង ... ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ ។ …
« … យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើងដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។5
យើងខំព្យាយាមដើម្បីនាំយកពរជ័យទាំងនេះឲ្យមានដល់កូនចៅរបស់យើង តាមការទៅព្រះវិហារជាមួយពួកគេ ធ្វើរាត្រីជួបជុំក្រុមគ្រួសារ និង អានព្រះគម្ពីរជាមួយគ្នា ។ យើងអធិស្ឋានរាល់ថ្ងៃជាមួយគ្រួសារយើង ទទួលយកការហៅបម្រើ សួរសុខទុក្ខអ្នកឈឺ និង អ្នកឯកោ ហើយធ្វើរឿងផ្សេងទៀតដែលនាំឲ្យកូនៗយើងដឹងថា យើងស្រឡាញ់ពួកគេ ហើយថាយើងស្រឡាញ់ព្រះវរបិតាសួគ៌ារបស់យើង ព្រះរាជបុត្រាទ្រង់ និង សាសនាចក្ររបស់ទ្រង់ ។
យើងនិយាយ និង ព្យាករអំពីព្រះគ្រីស្ទ នៅពេលដែលយើងបង្រៀនមេរៀននៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ឬ អង្គុយជាមួយនឹងកូន ហើយប្រាប់ពីសេចក្ដីស្រឡាញ់របស់យើងចំពោះកូននោះ និង ចែកចាយទីបន្ទាល់យើងអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ។
យើងអាចសរសេរអំពីព្រះគ្រីស្ទដោយការសរសេរសំបុត្រទៅអ្នកដែលនៅឆ្ងាយៗ ។ អ្នកផ្សព្វផ្សាយសាសនាដែលកំពុងបម្រើ, កូនប្រុស ឬ កូនស្រីនៅក្នុងជួរកងទ័ព នោះអ្នកដែលយើងស្រឡាញ់ នឹងមានពរជ័យដោយសារសំបុត្រដែលយើងសរសេរនោះ ។ សំបុត្រពីផ្ទះ មិនមែនត្រឹមតែជាអ៊ីម៉េលដ៏ខ្លីនោះទេ ។ សំបុត្រពិតប្រាកដ ផ្ដល់នូវអ្វីមួយពិតដែលអាចដក់ជាប់អារម្មណ៍ ធ្វើឲ្យគិត និង ជាទីស្រឡាញ់ ។
យើងជួយកូនៗយើងឲ្យពឹងផ្អែកលើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ហើយដឹងពីការអភ័យទោសពីព្រះវរបិតាសួគ៌ដ៏ជាទីស្រឡាញ់ ដោយការបង្ហាញសេចក្ដីស្រឡាញ់ និង ការអភ័យទោសក្នុងភាពជាឪពុកម្ដាយរបស់យើងផ្ទាល់ ។ សេចក្ដីស្រឡាញ់ និង ការអភ័យទោសរបស់យើង មិនត្រឹមតែធ្វើឲ្យកូនៗយើងខិតជិតយើងប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយកសាងសេចក្ដីជំនឿគេឲ្យដឹងថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ពួកគេ ហើយថាទ្រង់នឹងអភ័យទោសដល់ពួកគេ នៅពេលដែលគេប្រែចិត្ត ហើយខិតខំធ្វើ និង ប្រែក្លាយជាមនុស្សល្អផងដែរ ។ ពួកគេទុកចិត្តលើសេចក្ដីពិតនេះ ដោយសារពួកគេមានបទពិសោធន៍ដូចគ្នាពីឪពុកម្ដាយខាងសាច់ឈាមរបស់ពួកគេ ។
លើសពីកិច្ចការដែលយើងនឹងធ្វើនៅក្នុងគ្រួសាររបស់យើងផ្ទាល់ នីហ្វៃបានបង្រៀនថា « យើងព្យាយាមខំ ... ដើម្បីបញ្ចុះបញ្ចូល ... បងប្អូនយើង ... ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ » ។6 ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងគ្រប់គ្នាទទួលបាននូវពរជ័យ និង ការទទួលខុសត្រូវក្នុងការចែកចាយដំណឹងល្អ ។ មនុស្សមួយចំនួនដែល ពុំទាន់ក្លាយជាសមាជិក ត្រូវការដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ មនុស្សមួយចំនួនធ្លាប់នៅក្នុងចំណោមយើង តែពួកគេត្រូវការមានអារម្មណ៍នៃសេចក្ដីអំណរម្ដងទៀតជាអារម្មណ៍ដែលពួកគេធ្លាប់បានមាន នៅពេលដែលពួកគេឱបក្រសោបដំណឹងល្អក្នុងជីវិតគេ កាលពីពេលមុន ។ ព្រះអម្ចាស់ស្រឡាញ់ទាំងអ្នកដែលមិនទាន់ស្គាល់ដំណឹងល្អ និងអ្នកដែលត្រឡប់មករកទ្រង់វិញ ។7 ចំពោះទ្រង់ និង ចំពោះយើង វាមិនមានបញ្ហានោះទេ ។ ទាំងអស់ជាកិច្ចការដូចគ្នា ។ វាជាតម្លៃនៃព្រលឹង ទោះបីលក្ខខណ្ឌគេយ៉ាងណាក៏ដោយ ពួកគេអស្ចារ្យចំពោះព្រះវរបិតាសួគ៌របស់យើង ព្រះរាជបុត្រា និង ចំពោះយើង ។8 កិច្ចការរបស់ព្រះវរបិតាសួគ៌យើង និង ព្រះរាជបុត្រាទ្រង់គឺ « ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច »9 ដល់ចំណោមកូនចៅទ្រង់ទាំងអស់ ដោយមិនគិតពីស្ថានភាពសព្វថ្ងៃនេះទេ ។ ពរជ័យយើង គឺដើម្បីជួយនៅក្នុងកិច្ចការដ៏ធំនេះ ។
ប្រធាន ថូម៉ាស អេស. ម៉នសុន បានពន្យល់ពីរបៀបដែលយើងអាចជួយ នៅពេលគាត់មានប្រសាសន៍ថា ៖ « បទពិសោធន៍អ្នកផ្សព្វផ្សាយសាសនាយើង ត្រូវតែអនុវត្តជាប់ជានិច្ច ។ វាមិនគ្រប់គ្រាន់នោះទេ បើគ្រាន់តែអង្គុយ ហើយសញ្ជឹងគិតពីបទពិសោធន៍កន្លងទៅនោះ ។ ដើម្បីបំពេញនូវការណ៍នោះ អ្នកត្រូវតែបន្ដចែកចាយដំណឹងល្អតាមធម្មតា និងតាមសម្រួល » ។10
កិច្ចការនៃការចែកចាយដំណឹងល្អជាមួយនឹងអ្នកដែលយើងយកចិត្តទុកដាក់ និង ស្រឡាញ់តាមធម្មតា និងតាមសម្រួល នឹងក្លាយជាកិច្ចការ និង សេចក្ដីអំណរក្នុងជីវិតយើង ។ ខ្ញុំសូមប្រាប់អ្នកអំពីបទពិសោធន៍បែបនោះចំនួនពីរ ។
ដេវ អ័រឆាត បានធំឡើងនៅក្នុងទីក្រុង សលត៍ ឡេក ជាកន្លែងដែលមិត្តភក្តិភាគច្រើនរបស់គាត់គឺជាសមាជិកនៃសាសនាចក្រ ។ ពួកគេមានឥទ្ធិពលដ៏ខ្លាំងចំពោះគាត់ ។ លើសពីនេះទៀត អ្នកដឹកនាំសាសនាចក្រនៅកន្លែងគាត់ ឧស្សាហ៍អញ្ជើញគាត់ទៅចូលរួមសកម្មភាពជាច្រើន ។ មិត្តរបស់គាត់ក៏ដូច្នោះដែរ ។ ទោះបីជាគាត់មិនចូលរួមសាសនាចក្រនៅពេលនោះក្តី ក៏អំឡុងពេលគាត់ធំឡើង គាត់ត្រូវបានប្រទានពរដោយសារឥទ្ធិពលពីមិត្តភក្ដិនៃពួកបរិសុទ្ធថ្ងៃចុងក្រោយល្អៗ និង សកម្មភាពដែលឧបត្ថម្ភដោយសាសនាចក្រ ។ ក្រោយពីគាត់បានចូលមហាវិទ្យាល័យ គាត់បានចេញពីផ្ទះរបស់គាត់ ហើយមិត្តភក្ដិភាគច្រើនរបស់គាត់ បានចេញបេសកកម្ម ។ គាត់បាននឹកពីឥទ្ធិពលរបស់ពួកគេនៅក្នុងជីវិតគាត់ ។
ខណៈដែលមិត្តម្នាក់នៅវិទ្យាល័យរបស់ ដេវ នៅផ្ទះនៅឡើយ ។ រាល់សប្ដាហ៍មិត្តម្នាក់នេះ ជួបគ្នាជាមួយនឹងប៊ីស្សពរបស់គាត់ដោយព្យាយាមរៀបចំជីវិតរបស់គាត់ឲ្យបានត្រឹមត្រូវ ហើយអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ គាត់ និង ដេវ កា្លយជាមិត្តរួមបន្ទប់ ហើយតាមធម្មតា និងតាមទម្លាប់ ពួកគេជជែកគ្នាអំពីហេតុផលដែលគាត់មិនព្រមចេញបម្រើបេសកកម្ម និង ពីមូលហេតុដែលគាត់ជួបនឹងប៊ីស្សពញឹកញាប់នោះ ។ មិត្តភក្ដិនោះ បានបង្ហាញពីអំណរគុណ និង ការគោរពរបស់គាត់ចំពោះប៊ីស្សពគាត់ និង ឱកាសដើម្បីប្រែចិត្ត និង បម្រើ ។ បន្ទាប់មក គាត់បានសួរ ដេវ ថាតើគាត់នឹងមកសម្ភាសន៍លើកក្រោយដែរទេ ។ ការអញ្ជើញអ្វីក៏ល្អម៉្លេះន៎ ! ដោយនៅក្នុងភាតរភាព និង កាលៈទេសៈរបស់ពួកគេ វាជាការណ៍ធម្មតា និង ជាទម្លាប់ ។
ដេវ បានយល់ព្រម ហើយមិនយូរប៉ុន្មានក៏បានជួបជាមួយនឹងប៊ីស្សពផ្ទាល់ ។ រឿងនេះធ្វើឲ្យ ដេវ សម្រេចចិត្តជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា ។ គាត់បានទទួលទីបន្ទាល់ថា ដំណឹងល្អគឺពិត ហើយថ្ងៃបុណ្យជ្រមុជទឹកគាត់ត្រូវបានកំណត់ ។ ដេវ ត្រូវបានជ្រមុជទឹកដោយប៊ីស្សពរបស់គាត់ ហើយមួយឆ្នាំក្រោយមក ដេវ អ័រឆាត និង ខាធើរិន អ៊ីវ៉ានស៍ បានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេមានកូនស្អាតៗប្រាំនាក់ ។ ខាធើរិនគឺជាប្អូនស្រីតូចរបស់ខ្ញុំ ។ ខ្ញុំនឹងរីករាយចំពោះមិត្តល្អនេះជារៀងរហូត ព្រមជាមួយនឹងប៊ីស្សពដ៏ល្អម្នាក់ បាននាំ ដេវ មកកាន់សាសនាចក្រ ។
នៅពេល ដេវ និយាយអំពីការប្រែចិត្តជឿ និងបានថ្លែងទីបន្ទាល់របស់គាត់ទាក់ទងនឹងរឿងនេះ គាត់បានសួរថា ៖ « ដូច្នេះ តើស័ក្តសមឬ ? តើការខិតខំរបស់មិត្តភក្ដិទាំងអស់ និង អ្នកដឹកនាំយុវជន និង ប៊ីស្សពរបស់ខ្ញុំ ជាច្រើនឆ្នាំកន្លងមក វាមានតម្លៃសក្តិសម ដើម្បីគ្រាន់តែឲ្យក្មេងប្រុសម្នាក់ជ្រមុជទឹកឬ ? » ដោយចង្អុលទៅ ខាធើរិន និង កូនប្រាំរបស់គាត់ គាត់បាននិយាយថា « មែនហើយ យ៉ាងហោចណាស់ដើម្បីប្រពន្ធខ្ញុំ និង កូនប្រាំនាក់របស់យើង ហើយចម្លើយនោះគឺថាសក្តិសមប្រាកដណាស់ » ។
នៅពេលណាដែលដំណឹងល្អត្រូវបានចែកចាយ វាមិនមែន « គ្រាន់តែក្មេងប្រុសម្នាក់ » ទេ ។ នៅពេលណាដែលការប្រែចិត្តជឿកើតឡើង ឬ នរណាម្នាក់ត្រឡប់មកកាន់ព្រះអម្ចាស់វិញ វាជាគ្រួសារមួយដែលត្រូវបានសង្គ្រោះ ។ នៅពេលដែលកូនៗរបស់ ដេវ និងខាធើរិន ធំឡើង ពួកគេបានក្រសោបយកដំណឹងល្អទាំងអស់គ្នា ។ កូនស្រីម្នាក់ និង កូនប្រុសពីរនាក់ បានបម្រើជាអ្នកផ្សព្វផ្សាយសាសនា ហើយកូនម្នាក់ទៀត ទើបតែទទួលបានការហៅបម្រើនៅក្នុងបេសកកម្ម អាល់ផែន-អាល្លឺម៉ង់ ដែលនិយាយភាសាអាល្លឺម៉ង់ ។ កូនបងៗពីរនាក់ បានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយកូនពៅឥឡូវកំពុងរៀននៅវិទ្យាល័យ ដោយស្មោះត្រង់នូវគ្រប់កិច្ចការទាំងអស់ ។ តើសក្តិសមឬ ? បាទ វាពិតជាសក្តិសមណាស់ ។
ស៊ិស្ទើរ អេលែន វេត បានចូលរួមក្នុងសន្និសីទក្នុងសេ្ដកដែល ដេវ និង ខាធើរិនបានប្រាប់ពីបទពិសោធន៍ការប្រែចិត្តជឿរបស់គាត់ ។ ពេញមួយសន្និសីទ អ្វីដែលនាងអាចគិតគឺ គ្រួសាររបស់នាង និង ជាពិសេសប្អូនស្រីរបស់នាងគឺ ម៉ៃឃល ដែលបានចេញពីព្រះវិហារជាយូរមកហើយ ។ ម៉ៃឃល បានលែងលះ ហើយព្យាយាមចិញ្ចឹមកូនបួននាក់ ។ អេលែន មានអារម្មណ៍ដ៏បំផុសដើម្បីផ្ញើរសៀវភៅ Our Search for Happiness របស់ អែលឌើរ អិម រ័សុល បាឡឺដ មួយច្បាប់ទៅឲ្យ រួចបានចែកចាយទីបន្ទាល់របស់នាង ។ មួយសប្ដាហ៍ក្រោយមក មិត្តភក្ដិម្នាក់ទៀតបានប្រាប់ អេលែន ថា នាងក៏មានអារម្មណ៍ថា នាងគួរតែទាក់ទង ម៉ៃឃល ដែរ ។ មិត្តម្នាក់នោះ ក៏បានសរសេរសំបុត្រទៅ ម៉ៃឃល ដែរ ដោយបានចែកចាយទីបន្ទាល់ និង បង្ហាញក្ដីស្រឡាញ់របស់នាង ។ តើវាមិនអស្ចារ្យទេឬដែលជាញឹកញាប់ព្រះវិញ្ញាណបានធ្វើកិច្ចការជាមួយនឹងមនុស្សមួយចំនួន ដើម្បីជួយមនុស្សម្នាក់ដែលត្រូវការជំនួយនោះ ?
មួយរយៈកាលក្រោយមក ។ ម៉ៃឃល បានទូរស័ព្ទមក អេលែន ហើយថ្លែងអំណរគុណនាងចំពោះសៀវភៅនោះ ។ ម៉ៃឃល បាននិយាយថា នាងចាប់ផ្ដើមទទួលស្គាល់ភាពទទេខាងវិញ្ញាណនៅក្នុងជីវិតរបស់នាង ។ អេលែន បានប្រាប់ ម៉ៃឃល ថា នាងដឹងថា ភាពសុខសាន្ដដែលនាងកំពុងស្វែងរកអាចរកបាននៅក្នុងដំណឹងល្អ ។ អេលែន បានប្រាប់នាងថា គាត់ស្រឡាញ់នាង ហើយចង់ឲ្យនាងសប្បាយចិត្ត ។ ម៉ៃឃល ចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់នាង ។ ក្រោយមកមិនយូរប៉ុន្មាន នាងបានជួបនឹងបុរសដ៏អស្ចារ្យម្នាក់ដែលសកម្មនៅក្នុងសាសចក្រ ។ ពួកគេបានរៀបការ ហើយមួយឆ្នាំក្រោយមក បានផ្សាភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ អូកឌិន យូថាហ៍ ។ ថ្មីៗនេះ កូនប្រុសអាយុ 24 ឆ្នាំរបស់នាង បានទទួលពិធីបុណ្យជ្រមុជទឹក ។
ចំពោះអ្នកផ្សេងនៅក្នុងគ្រួសាររបស់ ម៉ៃឃល និង អ្នកទាំងអស់ផ្សេងទៀត ដែលមិនទាន់បានដឹងថាសាសនាចក្រនេះពិតនៅឡើយ ខ្ញុំសូមអញ្ជើញអ្នកឲ្យពិចារណាដោយការអធិស្ឋាន ថាតើសាសនាចក្រនេះពិតដែរឬទេ ។ សូមអនុញ្ញាតឲ្យគ្រួសារ និង មិត្តភក្ដិ និង អ្នកផ្សព្វផ្សាយសាសនារបស់អ្នកជួយដល់អ្នក ។ នៅពេលដែលអ្នកដឹងថាវាពិត ហើយបើវាជាការពិត សូមមកចូលរួមជាមួយនឹងយើងដោយអនុវត្តជំហានដូចគ្នានៅក្នុងជីវិតរបស់អ្នក ។
ចុងបញ្ចប់នៃរឿងនេះមិនទាន់បានសរសេរនៅឡើយទេ ប៉ុន្ដែពរជ័យបានផ្ដល់មកឲ្យស្រ្ដីដ៏អស្ចារ្យនេះ និង គ្រួសាររបស់នាង ដោយសារអ្នកដែលស្រឡាញ់នាងធ្វើតាមការបំផុសគំនិត និងការចែកចាយទីបន្ទាល់របស់ពួកគេ តាមមធ្យោបាយមួយដ៏សាញ្ញា បានអញ្ជើញនាងឲ្យត្រឡប់មកវិញ ។
ខ្ញុំបានគិតច្រើនអំពីបទពិសោធន៍ទាំងពីរនេះ ។ យុវជនម្នាក់ដែលបានរៀបចំជីវិតរបស់គាត់ឲ្យបានត្រឹមត្រូវ បានជួយយុវជនម្នាក់ទៀតដែលកំពុងស្វែងរកសេចក្ដីពិត ។ ស្រី្ដម្នាក់បានចែកចាយទីបន្ទាល់ និង សេចក្ដីជំនឿរបស់នាងជាមួយនឹងប្អូនស្រីនាងដែលបានចេញឆ្ងាយពីសាសនាចក្រអស់រយៈពេល 20 ឆ្នាំ ។ ប្រសិនបើយើងអធិស្ឋាន និង សួរដល់ព្រះវរបិតាសួគ៌ ថាយើងអាចជួយនរណា និង សន្យាដើម្បីធ្វើតាមការបំផុសគំនិតដែលទ្រង់ នឹងប្រទានដល់យើង នោះយើងនឹងដឹងពីរបៀបដែលយើង អាចជួយ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ហើយយើងនឹងក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។ ការធ្វើសកម្មភាពដោយសេចក្ដីស្រឡាញ់ជាមួយនឹងការបំផុសគំនិតដែលបានផ្ដល់ឲ្យដោយព្រះវិញ្ញាណ កា្លយជាភ្នាក់ងារដែលជួយនាំឲ្យមានការផ្លាស់ប្ដូរដ៏ខ្លាំង ។11
នៅពេលដែលអ្នកបានស្ដាប់បទពិសោធន៍ទាំងនេះក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដែលអ្នកយកចិត្តទុកដាក់តាមធម្មតា និងតាមសម្រួល អ្នកទាំងអស់គ្នាជាច្រើន មានបទពិសោធន៍ដូចគ្នាដែល អេលែន វេត មានដែរ ។ អ្នកបានគិតពីនរណាម្នាក់ដែលអ្នកអាចជួយ ហើយអាចអញ្ជើញពួកគេឲ្យត្រឡប់មកវិញ ឬ ចែកចាយអារម្មណ៍អ្នកអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយពួកគេ ។ ការអញ្ជើញរបស់ខ្ញុំគឺកុំពន្យារពេលនៃការបំផុសគំនិត ។ សូមនិយាយជាមួយនឹងមិត្តភក្ដិ ឬ សមាជិកគ្រួសាររបស់អ្នក ។ សូមធ្វើវាតាមធម្មតា និងតាមសម្រួល ។ សូមឲ្យពួកគេដឹងពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះពួកគេ និង ចំពោះព្រះអម្ចាស់ ។ អ្នកផ្សព្វផ្សាយសាសនា អាចជួយបាន ។ ដំបូន្មានរបស់ខ្ញុំ គឺដូចគ្នានឹងប្រធាន ម៉នសុន ដែលបានផ្ដល់ឲ្យជាច្រើនដងពីវេទិកានេះផ្ទាល់ថា « សូមកុំពន្យារពេលនៃការបំផុសគំនិត » ។12 នៅពេលអ្នកធ្វើតាមការបំផុសគំនិតនេះ ហើយធ្វើវាដោយក្ដីស្រឡាញ់ សូមសង្កេតមើលនៅខណៈដែលព្រះវរបិតាសួគ៌យើង ប្រើឆន្ទៈរបស់អ្នកក្នុងការប្រតិបត្តិ ដើម្បីសម្ដែងអព្ភូតហេតុមួយនៅក្នុងជីវិតអ្នក និង ជីវិតមនុស្សដែលអ្នកយកចិត្តទុកដាក់ ។13
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងអាចកសាងសាសនាចក្ររបស់ទ្រង់ឡើង និង ឃើញការរីកចម្រើនដ៏ពិតប្រាកដ នៅពេលយើងធ្វើការ ដើម្បីនាំពរជ័យនៃដំណឹងល្អទៅកាន់គ្រួសាររបស់យើង និង អ្នកដែលយើងស្រឡាញ់ ។ នេះគឺជាកិច្ចការរបស់ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រានៃយើង ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ហើយថាទ្រង់ឆ្លើយតបការអធិស្ឋាន ។ នៅពេលយើងធ្វើតាមការបំផុសគំនិតទាំងនោះ ដោយមានជំនឿលើសមត្ថភាពទ្រង់ ដើម្បីសម្ដែងអព្ភូតហេតុ នោះអព្ភូតនឹងកើតឡើង ហើយជីវិតនឹងផ្លាស់ប្ដូរ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។