ការនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ៖ សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
សេចក្ដីជំនឿ ក្រុមគ្រួសារ និងការសង្គ្រោះ—ពាក្យសាមញ្ញទាំងបីនេះ បានបង្ហាញទស្សនៈនិមិត្តរបស់ព្យាការីសម្រាប់បងប្អូនស្ដ្រីនៅក្នុងសាសនាចក្រ ។
ប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំត្រូវបានបំផុសឲ្យនិយាយញឹកញាប់អំពីសមាគមសង្រ្គោះ - អំពីគោលបំណង និង លក្ខណៈសម្បត្តិរបស់សមាគមនេះ,1, គុណតម្លៃនៃប្រវត្តិសាស្ដ្ររបស់សមាគម2, កិច្ចការ និង ភាពជាដៃគូរបស់សមាគមជាមួយនឹងពួកប៊ីស្សព និង កូរ៉ុមបព្វជិតភាពមិលគីស្សាដែក ។3 វាហាក់ដូចជាសំខាន់នាពេលសព្វថ្ងៃក្នុងការផ្តោតយកចិត្តទុកដាក់ខ្លះលើទស្សនៈនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ។4
ដូចជាព្យាការីរបស់ព្រះអម្ចាស់ បានបន្ដបង្រៀនពួកអែលឌើរ និង ពួកសង្ឃជាន់ខ្ពស់អំពីគោលបំណង និង កាតព្វកិច្ចនានារបស់ពួកគេ ពួកព្យាការីបានចែកចាយនូវទស្សនៈនិមិត្តរបស់ពួកលោកសម្រាប់បងប្អូនស្ដ្រីនៃសមាគមសង្រ្គោះ ។ ចេញពីការប្រឹក្សារបស់ពួកលោក វាច្បាស់ណាស់ថា គោលបំណងរបស់សមាគមសង្គ្រោះ គឺដើម្បីបង្កើនសេចក្ដីជំនឿ និង សេចក្ដីសុចរិតផ្ទាល់ខ្លួន, ពង្រឹងដល់ក្រុមគ្រួសារ និង គេហដ្ឋាន, និង ស្វែងរក និង ជួយអ្នកទាំងឡាយដែលខ្វះខាត ។ . សេចក្ដីជំនឿ ក្រុមគ្រួសារ និង ការសង្គ្រោះ - ពាក្យសាមញ្ញទាំងបីនេះ បានបង្ហាញទស្សនៈនិមិត្តរបស់ព្យាការីសម្រាប់បងប្អូនស្ដ្រីនៅក្នុងសាសនាចក្រ ។
តាំងពីការចាប់ផ្ដើមនៃការស្ដារឡើងវិញ ពួកព្យាការីបានចែកចាយទស្សនៈនិមិត្តរបស់ពួកលោកអំពីស្ដ្រីដែលរឹងមាំ ស្មោះត្រង់ មានគោលបំណងច្បាស់លាស់ដែលយល់ពីតម្លៃ និង គោលបំណងដ៏នៅអស់កល្បរបស់ពួកគេ ។ នៅពេលដែលព្យាការី យ៉ូសែប ស្ម៊ីធបានស្ថាបនាសមាគមសង្គ្រោះ គាត់បានណែនាំប្រធានទីមួយឲ្យ « ធ្វើជាអធិបតីលើសមាគមនេះក្នុងការជួយមនុស្សទាល់ក្រ-ចាត់ចែងដល់សេចក្ដីត្រូវការរបស់ពួកគេ និង យកចិត្តទុកដាក់រាល់កិច្ចការផ្សេងៗនៃអង្គការជំនួយនេះ » ។5 គាត់មើលឃើញថា អង្គការនេះជា « សមាគមដ៏ពិសេសមួយដែលដាច់ចេញពីអំពើអាក្រក់នៃលោកិយទាំងអស់ » ។6
ព្រិកហាំ យ៉ង់ជាប្រធានទីពីរនៃសាសនាចក្រ បានណែនាំទីប្រឹក្សារបស់គាត់ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យដឹកនាំប៊ីស្សពដើម្បី « ឲ្យ [ពួកបងប្អូនស្ដ្រី] រៀបចំសមាគមសង្គ្រោះស្ដ្រីនៅក្នុងវួដផ្សេងៗ » ។ គាត់បានបន្ថែមថា « មនុស្សមួយចំនួនអាចគិតថា នេះគឺជារឿងមិនសំខាន់ ប៉ុន្ដែវាសំខាន់ » ។7
ក្រោយមក ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាននិយាយថា ផ្ទុយពីអង្គការនានារបស់ពិភពលោកដែល « ត្រូវបង្កើតឡើងដោយបុរស ឬ ស្រ្ដី » សមាគមសង្រ្គោះ « គឺត្រូវបានបង្កើតប្រកបដោយព្រះ អនុម័តដោយព្រះ, ស្ថាបនាដោយព្រះ តែងតាំងឡើងដោយព្រះ » ។8 ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធបានប្រាប់បងប្អូនស្ដ្រីទាំងអស់ថា ពួកគេត្រូវបាន « ផ្ដល់អំណាច និង សិទ្ធិអំណាចដើម្បីធ្វើការណ៍អស្ចារ្យជាច្រើន » ។9 គាត់មានប្រសាសន៍ថា « អ្នកគឺជាសមាជិកនៃអង្គការស្ដ្រីដ៏អស្ចារ្យបំផុតនៅក្នុង [ពិ] ភពលោកនេះ ជាផ្នែកមួយដ៏សំខាន់នៃនគរព្រះលើផែនដី ហើយដែលត្រូវបានបង្កើតឡើង និង ប្រតិបត្តិតាមរបៀបមួយដើម្បីជួយដល់សមាជិកដ៏ស្មោះត្រង់ឲ្យទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះវរបិតាយើង » ។10
ដែនឥទ្ធិពលដ៏ធំ
រៀងរាល់ឆ្នាំ បងប្អូនស្ដ្រី និង យុវនារីរាប់រយពាន់នាក់ បានក្លាយជាផ្នែកនៃការរីកដុះដាលនៃ « សមាគមបងប្អូនស្ដ្រី » ដ៏អស្ចារ្យនេះ ។11 បន្ទាប់ពីនោះមក នាងរក្សានូវសមាជិកភាព និង ទំនាក់ទំនងរបស់នាងក្នុងសមាគមសង្គ្រោះ ទោះជានាងរស់នៅ និង បម្រើនៅទីកន្លែងណាក៏ដោយ ។12 ដោយសារគោលបំណងសំខាន់របស់សមាគមនេះ គណៈប្រធានទីមួយ បានបង្ហាញនូវបំណងរបស់ពួកគាត់ថា យុវនារីគួរចាប់ផ្ដើមរៀបចំសម្រាប់សមាគមសង្គ្រោះឲ្យបានល្អមុនពេលពួកគេអាយុ 18 ។13
សមាគមសង្គ្រោះ មិនមែនជាកម្មវិធីមួយនោះទេ ។ វាជាផ្នែកមួយដ៏សំខាន់នៃសាសនាចក្ររបស់ទ្រង់ដែល « ត្រូវបានតែងតាំងឡើងប្រកបដោយទេវភាពដោយព្រះ » ដើម្បីបង្រៀន ពង្រឹង និង បំផុសបងប្អូនស្ដ្រីទាំងឡាយនូវគោលបំណងរបស់ពួកគេទាក់ទងនឹងសេចក្ដីជំនឿ ក្រុមគ្រួសារ និង ការសង្រ្គោះ ។ សមាគមសង្គ្រោះ គឺជាផ្លូវជីវិតមួយសម្រាប់ពួកស្ដ្រីបរិសុទ្ធថ្ងៃចុងក្រោយ ហើយឥទ្ធិពលនៃសមាគមសង្រ្គោះនេះ មានទំហំធំធេងលើសពីថ្នាក់ថ្ងៃអាទិត្យ ឬ ការជួបជុំសង្គមទៅទៀត ។ វាធ្វើតាមគំរូនៃពួកសិស្សស្រ្ដីដែលបានបម្រើជាមួយនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង សាវករបស់ទ្រង់នៅក្នុងសាសនាចក្រពីបុរាណរបស់ទ្រង់ ។14 យើងត្រូវបានបង្រៀនថា « វាជាកាតព្វកិច្ចចំពោះស្រ្ដីក្នុងការធ្វើឲ្យផ្នែកខ្លះនៃជីវិតនាងមានគុណធម៌ដែលត្រូវបានលើកតម្កើងដោយសមាគមសង្គ្រោះ ក៏ដូចជាកាតព្វកិច្ចចំពោះបុរសដើម្បីធ្វើឲ្យជីវិតពួកគេមានគំរូនៃចរិតដែលបានលើកតម្កើងដោយបព្វជិតភាពដូច្នោះដែរ » ។15
នៅពេលព្យាការី យ៉ូសែប ស្ម៊ីធបានរៀបចំសមាគមសង្គ្រោះឡើង គាត់បានបង្រៀនបងប្អូនស្ដ្រីថា ពួកគេត្រូវ « សង្រ្គោះអ្នកក្រីក្រ » និង « សង្រ្គោះព្រលឹងជាច្រើន » ។16 ក្នុងកាតព្វកិច្ចនេះដើម្បី « សង្រ្គោះព្រលឹងជាច្រើន » បងប្អូនស្ដ្រីមានសិទ្ធិអំណាចដើម្បីរៀបចំ និង ចូលរួមក្នុងដែនឥទ្ធិពលដ៏ធំ ។ ប្រធានសមាគមសង្គ្រោះទីមួយ បានញែកចេញដើម្បីអធិប្បាយព្រះគម្ពីរ ហើយសមាគមសង្គ្រោះនៅតែបន្ដទំនួលខុសត្រូវក្នុងការបង្រៀនដ៏សំខាន់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ នៅពេល យ៉ូសែប ស្ម៊ីធបានប្រាប់បងប្អូនស្ដ្រីថា អង្គការសមាគមសង្គ្រោះនឹងរៀបចំពួកគេចំពោះ « ឯកសិទ្ធិ ពរជ័យជាច្រើន និង អំណោយទាននានានៃបព្វជិតភាព »17 កិច្ចការសង្គ្រោះរបស់ព្រះអម្ចាស់ ត្រូវបានបើកសម្ដែងដល់ពួកគេ ។ ការសង្គ្រោះព្រលឹងជាច្រើនរួមមាន ការចែកចាយដំណឹងល្អ និង ការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។ វារួមមានការចូលរួមក្នុងព្រះវិហារបរិសុទ្ធ និង កិច្ចការពង្សប្រវត្តិ ។ វារួមបញ្ចូលការធ្វើអ្វីៗដែលអាចទៅរួចដើម្បីក្លាយជាអ្នកទីពឹងលើខ្លួនឯងទាំងខាងវិញ្ញាណ និង ខាងសាច់ឈាម ។
អែលឌើរ ចន អេ វីឌសូ បានប្រកាសថា សមាគមសង្គ្រោះផ្ដល់ « ការសង្គ្រោះពីភាពក្រីក្រ, ការសង្រ្គោះពីការឈឺថ្កាត់, ការសង្គ្រោះពីការសង្ស័យ, ការសង្គ្រោះពីភាពល្ងង់ខ្លៅ-ការសង្គ្រោះពីអ្វីៗទាំងអស់ដែលលាក់បាំងនូវសេចក្ដីអំណរ និង ការរីកចម្រើនរបស់ស្ដ្រី ។ នោះជាការអនុញ្ញាតមួយដ៏អស្ចារ្យណាស់ ! »18
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានប្រៀបធៀបសមាគមសង្គ្រោះទៅនឹង « ជញ្ជាំងការពារ » ។19 ទំនួលខុសត្រូវដើម្បីការពារបងប្អូនស្ដ្រី និង គ្រួសាររបស់ពួកគេ បង្កើនសារសំខាន់នៃការមើលថែទាំ និង ការបម្រើនៃគ្រួបង្រៀនសួរសុខទុក្ខ និង ជាការបង្ហាញពីឆន្ទៈរបស់យើងក្នុងការចងចាំសេចក្ដីសញ្ញាយើងជាមួយនឹងព្រះអម្ចាស់ ។ ក្នុងតួនាទីជា « អ្នកបម្រើចំពោះអ្នកត្រូវការ និង អ្នកដែលរងទុក្ខ » យើងធ្វើការសហការគ្នាជាមួយនឹងប៊ីស្សពដើម្បីថែទាំតម្រូវការរបស់ពួកបរិសុទ្ធទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។20
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ថា ៖ « មានបងប្អូនស្រ្ដីជាច្រើនដែលកំពុងរស់នៅដោយគ្មានពរជ័យខាងវិញ្ញាណ ។ ពួកគេមានសិទ្ធិទទួលបានពរជ័យខាងវិញ្ញាណដ៏ច្រើន ។ ... វាជាឯកសិទ្ធិរបស់អ្នកដើម្បីទៅផ្ទះគេ និង ជួយពួកគេឲ្យទទួលបានពរជ័យខាងវិញ្ញាណ » ។21 ប្រធាន ហារ៉ូល ប៊ី លី បានចែកចាយទស្សនៈនិមិត្តនេះ ។ គាត់មានប្រសាសន៍ថា ៖ « តើអ្នកមិនដឹងពីមូលហេតុដែលព្រះអម្ចាស់បានប្រទានទំនួលខុសត្រូវដល់សមាគមសង្គ្រោះដើម្បីទៅសួរសុខទុក្ខផ្ទះទាំងនេះទេឬ ? បន្ទាប់ពីលោកចៅហ្វាយផ្ទាល់ គ្មាននរណាម្នាក់នៅក្នុងសាសនាចក្រដែលមានសេចក្តីស្រឡាញ់ដ៏មានឥទ្ធិពល ការយល់ពីចិត្ត និង ជីវិតរបស់បុគ្គលម្នាក់ៗឡើយ ។22
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានដាស់តឿនបងប្អូនស្ដ្រីសមាគមសង្គ្រោះ និង អ្នកដឹកនាំទាំងអស់ដោយមានប្រសាសន៍ថា គាត់មិនចង់ « ឃើញពេលដែលសមាគមសង្គ្រោះទាំងឡាយរបស់យើងនឹងដើរតាម ឬ រួមជាមួយគេ ហើយបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួនពួកគេដោយការលាយឡំជាមួយ ... អង្គការផ្សេងៗដែលបង្កើតដោយស្ដ្រីនោះទេ » ។ គាត់មានបំណងឲ្យបងប្អូនស្ដ្រី « ដឹកនាំពិភពលោក និង ... ជាពិសេសស្ដ្រីខាងលោកិយ ក្នុងគ្រប់ការណ៍ដែលសក្ដិសមនឹងសរសើរ ក្នុងអ្វីៗដែលដូចជាព្រះ ក្នុងអ្វីៗដែលលើកកម្ពស់ ហើយដែលសម្អាតកូនចៅមនុស្សទាំងអស់ » ។23 ការប្រឹក្សារបស់គាត់សង្កត់ធ្ងន់លើបន្ទុកដើម្បីបំបាត់នូវប្រពៃណី គោលគំនិត ការពេញនិយម និង និន្នាការ និង ការអនុវត្តរួមគ្នាជាច្រើន ដែលត្រូវនឹងគោលបំណងនិង គោលការណ៍ក្បួនខ្នាតរបស់យើង ។
អ្នកដឹកនាំទាំងឡាយដែលត្រូវស្វែងរកវិវរណៈ អាចធានាថារាល់ការប្រជុំ មេរៀន ថ្នាក់ សកម្មភាព និង ការខិតខំរបស់សមាគមសង្គ្រោះបំពេញគោលបំណងដែលសមាគមនេះត្រូវបានរៀបចំឡើង ។ សង្គមភាព មិត្តភាព និង សាមគ្គីភាពដែលយើងចង់បាន នឹងជាលទ្ធផលដ៏ផ្អែមក្នុងការបម្រើជាមួយគ្នានឹងព្រះអម្ចាស់ក្នុងកិច្ចការរបស់ទ្រង់ ។
ការបំពេញតាមទស្សនៈនិមិត្តរបស់ព្យាការី
ប្រធាន ថូម៉ាស អេស ម៉នសុននិង ទីប្រឹក្សារបស់គាត់ បានធ្វើទីបន្ទាល់ថ្មីៗនេះ « ថាព្រះអម្ចាស់បានស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធហើយថាសមាគមសង្គ្រោះគឺជាផ្នែកមួយសំខាន់នៃការស្ដារឡើងវិញនោះ » ។ ជាភស្ដុតាងនៃបំណងរបស់ពួកគាត់ដែលថា « មរតកដ៏រុងរឿង » នៃសមាគមសង្គ្រោះដែលបានរក្សាទុកមក ថ្មីៗនេះ គណៈប្រធានទីមួយបានបោះពុម្ព និង ចែកផ្សាយទូទាំងពិភពលោកនូវ Daughters in My Kingdom: The History and Work of Relief Society ( បុត្រីក្នុងនគររបស់យើង ៖ ប្រវត្តិ និង កិច្ចការរបស់សមាគមសង្រ្គោះ ) ។ នៅក្នុងគ្រប់ទំព័រនៃសៀវភៅនេះ យើងអាចរកឃើញនូវលំនាំ និង គំរូនានារបស់បងប្អូនស្ដ្រី និង បងប្អូនបុរស ដែលធ្វើការក្នុងភាពជាដៃគូក្នុងក្រុមគ្រួសារ និង សាសនាចក្រ ហើយយើងអាចរៀនពីគោលការណ៍ទាំងឡាយ ថាតើយើងជានរណា តើយើងជឿលើអ្វី និង តើយើងគួរការពារអ្វី ។ យើងត្រូវបានលើកទឹកចិត្តដោយគណៈប្រធានទីមួយឲ្យសិក្សាពីសៀវភៅដ៏សំខាន់នេះ ហើយ« អនុញ្ញាតឲ្យសេចក្ដីពិតដ៏មិនចេះចប់របស់វា និង គំរូដ៏បំផុសឲ្យមានឥទ្ធិពលលើជីវិតរបស់យើង » ។24
ខណៈដែលបងប្អូនស្រ្ដីបានធ្វើតាមគោលបំណងនៃសមាគមសង្គ្រោះ នោះទស្សនៈនិមិត្តរបស់ព្យាការីនឹងត្រូវបានបំពេញ ។ ប្រធាន ឃឹមបឹល បានមានប្រសាសន៍ថា « មានអំណាចមួយនៅក្នុងអង្គការ [នៃសមាគមសង្គ្រោះ] នេះដែលមិនទាន់បានអនុវត្តយ៉ាងពេញលេញនៅឡើយ ដើម្បីពង្រឹងគេហដ្ឋាននៃស៊ីយ៉ូន និង កសាងនគរព្រះ ហើយវាក៏មិនទាន់ផងដែរ រហូតដល់បងប្អូនស្រ្ដី និង បព្វជិតភាពយល់ពីសក្ដានុពលនៃសមាគមសង្គ្រោះ » ។25 គាត់បានព្យាករណ៍ថា « ភាគច្រើននៃការរីកចម្រើនដ៏សំខាន់ដែលនឹងកើតមានចំពោះសាសនាចក្រនៅក្នុងថ្ងៃចុងក្រោយនេះ នឹងមកដោយសារស្ដ្រីល្អៗច្រើននៃពិភពលោក ( ដែលជាញឹកញាប់មានអារម្មណ៍នៃព្រះវិញ្ញាណពីខាងក្នុងចិត្ត ) នឹងទាក់ទាញឲ្យសាសនាចក្រមានសមាជិកច្រើន ។ វានឹងកើតឡើងនូវកម្រិតដែលស្រ្ដីនៃសាសនាចក្រ ... ត្រូវបានគេឃើញថាដោយឡែកពីគេ និង ខុសពីគេ-ក្នុងរបៀបដែលសប្បាយ-ពីស្ដ្រីនៃពិភពលោកនេះ » ។26
ខ្ញុំមានសេចក្ដីអំណរចំពោះទស្សនៈនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ។ ខ្ញុំក៏ដូចជាប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី « ត្រូវបានបញ្ចុះបញ្ចូលថា គ្មានអង្គការផ្សេងនៅកន្លែងណាដែលស្មើនឹងសមាគមសង្រ្គោះនៃសាសនាចក្រនេះទេ » ។27 វាជាការទទួលខុសត្រូវរបស់យើងនាពេលបច្ចុប្បន្នដើម្បីឲ្យខ្លួនយើងធ្វើតាមទស្សនៈនិមិត្តរបស់ព្យាការីដែលទាក់ទងនឹងសមាគមសង្គ្រោះ នៅពេលយើងស្វែងបង្កើនសេចក្ដីជំនឿ ពង្រឹងក្រុមគ្រួសារ និង ផ្ដល់ការសង្គ្រោះ ។
ខ្ញុំសូមបញ្ចប់ជាមួយនឹងប្រសាសន៍របស់ប្រធាន ឡូរែនសូ ស្នូ ៖ « អនាគតរបស់សមាគម [សង្គ្រោះ] គឺពោរពេញទៅដោយសេចក្ដីសន្យា ។ ខណៈដែលសាសនាចក្ររីកចម្រើន សមាគមសង្គ្រោះនឹងមានប្រយោជន៍ច្រើនជាងមុន ហើយវានឹងមានប្រសិទ្ធភាពខ្លាំងសម្រាប់ការណ៍ល្អជាងវាមានពីអតីតកាល » ។28 ចំពោះបងប្អូនស្ដ្រីដែលជួយពង្រីកនគរព្រះ គាត់បានមានប្រសាសន៍ថា « ដោយសារអ្នកបានចូលរួមក្នុងកិច្ចការទាំងនេះ ដូច្នេះអ្នកនឹងចូលរួមយ៉ាងពេញទំហឹងក្នុងជោគជ័យនៃកិច្ចការ និង ក្នុងសិរីល្អ និង រុងរឿងដែលព្រះអម្ចាស់នឹងប្រទានដល់កូនចៅដ៏ស្មោះត្រង់របស់ទ្រង់ » ។29 ចំពោះទស្សនៈនិមិត្តនេះ ខ្ញុំក៏សូមថ្លែងទីបន្ទាល់ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។