មេរៀនពិសេសៗ
វាជាក្ដីសង្ឃឹម និងការអធិស្ឋានរបស់ខ្ញុំ ថាយើងនឹងបន្តរែកបន្ទុកទាំងឡាយរបស់យើងដោយថ្លៃថ្នូរ ហើយឈោងជួយដល់ពួកអ្នកដែលនៅក្នុងចំណោយយើង ដែលកំពុងរងទុក្ខ ។
អស់ 20 ខែមកនេះ គ្រួសារយើងមានពរជ័យ ដោយមានឯកសិទ្ធិទទួលបាននូវទារកដ៏ពិសេសម្នាក់ ។
ផាកតុន ជាចៅប្រុសតូចរបស់យើង បានកើតមកដោយមានក្រូម៉ូសូមមិនប្រក្រតីដ៏កម្រមួយ ជាភាពមិនប្រក្រតីទាក់ទងនឹងហ្សែន ដែលធ្វើឲ្យគេខុសប្លែកពីមនុស្សរាប់រយលាននាក់ផ្សេងទៀត ។ ដោយមិនបានរំពឹងទុក នោះកាលៈទេសៈផ្លាស់ប្តូរជីវិតមួយ សម្រាប់កូនស្រីយើង និងស្វាមីនាង បានចាប់ផ្ដើម ពេល ផាកតុន កើតមក ។ បទពិសោធន៍នេះបានក្លាយជាការសាកល្បងដ៏ពិបាកមួយដើម្បីរៀនមេរៀនពិសេសៗដែលទាក់ទងនឹងអនាគតនៃភាពអស់កល្បរបស់ពួកគេ ។
អែលឌើរ រ័សុល អិម ណិលសុនជាទីស្រឡាញ់ ដែលទើបតែនិយាយមកកាន់យើង បានបង្រៀនថា ៖
« ជាទូទៅ សម្រាប់ហេតុផលដែលយើងមិនដឹង មនុស្សខ្លះបានកើតមកដោយមានកម្រិតខាងរាងកាយ ។ ផ្នែកជាក់លាក់នៃរាងកាយអាចមិនប្រក្រតី ។ ប្រព័ន្ធជីវសាស្ត្រទាំងឡាយអាចមិនដំណើរការប្រក្រតី ។ ហើយរូបកាយយើងទាំងអស់គ្នាអាចមានជំងឺ និងស្លាប់ ។ ទោះយ៉ាងណា អំណោយនៃរូបកាយខាងសាច់ឈាមគឺមិនអាចកាត់ថ្លៃបានទេ ។ …
« មិនតម្រូវឲ្យមានរូបកាយល្អឥតខ្ចោះមួយ ដើម្បីសម្រេចបានជោគវាសនាដ៏ទេវភាពនោះទេ ។ ការពិត វិញ្ញាណដ៏ផ្អែមល្អែមមួយចំនួន ត្រូវបានដាក់ក្នុងរូបកាយទន់ខ្សោយ ។ …
« ទីបំផុត ពេលវេលានឹងមកដល់ ពេលដែល ‹វិញ្ញាណ និងរូបកាយនឹងផ្គុំគ្នាជាថ្មី ក្នុងប្រាណដ៏ឥតខ្ចោះ អវយវៈទាំងអស់នឹងត្រូវបានផ្គុំគ្នាវិញដោយត្រឹមត្រូវ» ( អាលម៉ា 11:43 ) ។ បន្ទាប់មក ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្លាយជាឥតខ្ចោះក្នុងទ្រង់› ។1
ចំពោះអ្នកទាំងអស់គ្នា ដែលមានការលំបាក, កង្វល់, ការខកចិត្ត, ឬឈឺចាប់ដោយព្រោះមនុស្សដែលអ្នកស្រឡាញ់, សូមដឹងថា ៖ ដោយក្ដីស្រឡាញ់ដ៏គ្មានកំណត់ និងក្ដីមេត្តាមិនចេះចប់ នោះព្រះជាព្រះបិតាសួគ៌យើង ទ្រង់ស្រឡាញ់អ្នកដែលរងទុក្ខរបស់អ្នក និងស្រឡាញ់អ្នក !
ពេលដែលប្រឈមមុខនឹងការរងទុក្ខបែបនោះ អ្នកខ្លះអាចសួរថា តើព្រះដ៏ខ្ពស់បំផុតអនុញ្ញាតឲ្យការណ៍នេះកើតឡើងយ៉ាងណាទៅ ? ហើយសំណួរបន្ទាប់នេះហាក់ដូចជាសំណួរដែលមិនអាចចៀសបានគឺ ហេតុអ្វីការណ៍នេះកើតឡើងចំពោះខ្ញុំ ? ហេតុអ្វីយើងត្រូវតែមានជំងឺ និងជួបហេតុការណ៍នៃការពិការ ឬគ្រួសារជាទីស្រឡាញ់ ត្រូវបានស្លាប់ទៅទាំងនៅក្មេង ឬទុកឲ្យគេទទួលការឈឺចាប់យ៉ាងយូរ ? ហេតុអ្វីមានការឈឺចាប់ ?
ក្នុងគ្រាទាំងនេះ យើងអាចគិតពីផែនការនៃសុភមង្គលដ៏មហិមា ដែលបានបង្កើតឡើងដោយព្រះបិតាសួគ៌របស់យើង ។ ពេលដែលត្រូវបានបង្ហាញនៅជីវិតមុនផែនដី ផែនការនោះបានបំផុសយើងទាំងអស់គ្នាឲ្យស្រែកអរសាទរ ។2 និយាយដោយសាមញ្ញទៅ ជីវិតនេះជាការហ្វឹកហ្វឺនសម្រាប់ការលើកតម្កើងដ៏អស់កល្បជានិច្ច ហើយដំណើរការនោះមានន័យថា ការសាកល្បង និងទុក្ខលំបាក ។ វាតែងតែដូច្នោះ ហើយគ្មាននរណាម្នាក់គេចរួចឡើយ ។
ការទុកចិត្តលើព្រះហឬទ័យព្រះគឺជាការចាំបាច់ដល់ជីវិតរមែងស្លាប់របស់យើង ។ ដោយក្ដីជំនឿលើទ្រង់ យើងទទួលព្រះចេស្ដានៃដង្វាយធួនរបស់ព្រះគ្រីស្ទ នៅពេលទាំងនោះ ពេលដែលយើងមានសំណួរជាច្រើន ហើយមានចម្លើយតែបន្ដិច ។
បន្ទាប់ពីទ្រង់មានព្រះជន្មរស់វិញ ពេលដែលទ្រង់យាងទៅអាមេរិក ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ បានផ្ដល់ការអញ្ជើញមួយទៅប្រជាជនទាំងអស់ ៖
« តើនៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺទេ ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ ។ តើមានអ្នកណាខ្វិន ឬខ្វាក់ ឬគ ឬបាក់ដៃបាក់ជើង ឬឃ្លង់ ឬស្ពឹកស្រពន់ ឬថ្លង់ ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ត្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ចិត្តយើងពោរពេញទៅដោយសេចក្ដីមេត្តាករុណា ។ …
« ហើយហេតុការណ៍បានកើតឡើងថា កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះហ្វូងមនុស្សទាំងអស់ក៏ដើរឆ្ពោះទៅមុខព្រមគ្នា ជាមួយនឹងអ្នកឈឺរបស់គេ និងអ្នករងទុក្ខរបស់គេ និងអ្នកខ្វិនរបស់គេ និងអ្នកខ្វាក់របស់គេ និងអ្នកថ្លង់របស់គេ និងអស់ទាំងអ្នកដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា នៅពេលពួកគេត្រូវនាំមករកទ្រង់ » ។3
កម្លាំងដ៏អស្ចារ្យអាចរកបានក្នុងពាក្យទាំងនេះ « ហ្វូងមនុស្សទាំងអស់ ... ដើរឆ្ពោះទៅមុខ »--ជា បងប្អូនប្រុសស្រី ទាំងអស់» ។ យើងទាំងអស់គ្នាជួបឧបសគ្គ ។ បន្ទាប់មកឃ្លាថា ៖ « អស់ទាំងអ្នកដែលរងទុក្ខដោយជំងឺណាក៏ដោយ » ។ យើងទាំងអស់គ្នាអាចយល់ឃ្លានោះ មែនទេ ?
ភ្លាមៗក្រោយពី ផាកតុន ជាទីស្រឡាញ់បានកើតមក យើងបានដឹងថា ព្រះបិតាសួគ៌នឹងប្រទានពរយើង ហើយបង្រៀនយើងនូវមេរៀនពិសេសៗ ។ ពេលឪពុកគេ និងខ្ញុំបានដាក់ម្រាមដៃនៅក្បាលដ៏តូចរបស់គេ ជាពរជ័យលើកដំបូងនៃពរជ័យបព្វជិតភាពជាច្រើន នោះពាក្យទាំងឡាយក្នុង យ៉ូហាន ជំពូកទី 9 បានចូលក្នុងគំនិតខ្ញុំថា ៖ « គឺដើម្បីឲ្យការរបស់ព្រះបានសម្ដែងមកក្នុងខ្លួនគាត់វិញ » ។4
កិច្ចការរបស់ព្រះពិតជាកំពុងសម្ដែងមកតាមរយៈ ផាកតុន ។
យើងកំពុងរៀនពីការអត់ធ្មត់, ជំនឿ, និងការដឹងគុណ តាមរយៈអំណាចនៃការលួងលោមនៃការបម្រើ, ការរំជួលចិត្តរាប់មិនអស់, ទឹកភ្នែកនៃការយល់ចិត្ត, និងការអធិស្ឋាន និងបទពិសោធន៍នៃក្ដីស្រឡាញ់ដល់មនុស្សជាទីស្រឡាញ់ដែលត្រូវការជំនួយ, ជាពិសេស ផាកតុន និងឪពុកម្ដាយគេ ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ដែលជាប្រធានស្ដេករបស់ខ្ញុំកាលពីខ្ញុំនៅក្មេង បានមានប្រសាសន៍ថា ៖ « ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះឪពុកម្ដាយដែលពេញដោយក្ដីស្រឡាញ់ ដែលស៊ូទ្រាំយ៉ាងអត់ធ្មត់ និងក្លាហាន ហើយយកឈ្នះការឈឺចាប់ខ្លោចផ្សា និងទុក្ខព្រួយចំពោះកូនម្នាក់ដែលបានកើតមក ដោយមាននូវពិការភាពខាងផ្លូវចិត្ត ឬខាងរាងកាយនោះ ។ ជាញឹកញាប់ ការខ្លោចផ្សានេះបន្តរាល់ថ្ងៃ គ្មានស្រាកស្រាន្ត ក្នុងឆាកជីវិតរបស់ឪពុកម្ដាយ ឬកូននោះ ។ ជាញឹកញាប់ ឪពុកម្ដាយតម្រូវឲ្យផ្ដល់នូវការបីបាច់យ៉ាងពិសេសមិនឈប់ឈរ ទាំងថ្ងៃ ទាំងយប់ ។ មានម្ដាយជាច្រើនដែលធ្វើការទាំងកាយ ទាំងចិត្តអស់ជាច្រើនឆ្នាំ ផ្ដល់ការលួងលោម និងសម្រាលទុក្ខវេទនារបស់កូនដ៏ពិសេសនោះ » ។5
ដូចដែលបានពណ៌នាក្នុងគម្ពីរម៉ូសាយ យើងបានធ្វើបន្ទាល់ពីក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះអង្គសង្គ្រោះចំពោះគ្រួសារ ផាកតុន ដែលជាក្ដីស្រឡាញ់ដែលមានដល់មនុស្សគ្រប់គ្នាថា ៖ « ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទុកទាំងឡាយដែលដាក់នៅលើអាលម៉ា និងបងប្អូនលោកត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានដោយងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ។6
យប់មួយ មិនយូរប៉ុន្មានបន្ទាប់ពី ផាកតុន កើត យើងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ទារកទើបនឹងកើតរបស់ Primary Children’s Medical Center ( មជ្ឃមណ្ឌលវេជ្ជសាស្ត្រជាចម្បងសម្រាប់កុមារ ) ក្នុងទីក្រុង សលត៍ ឡេក, រដ្ឋ Utah យើងមានការអស្ចារ្យចំពោះការយកចិត្តទុកដាក់ដ៏ពេញទំហឹងពីក្រុមវេជ្ជបណ្ឌិត, គលានុដ្ឋាយិកា, និងអ្នកថែទាំ ។ ខ្ញុំបានសួរកូនស្រីខ្ញុំថា តើយើងអាចបង់ថ្លៃការព្យាបាលនេះយ៉ាងណាទៅ តើអាចទាយបានទេថាវាថ្លៃប៉ុណ្ណានោះ ។ វេជ្ជបណ្ឌិតម្នាក់ដែលឈរជិតនោះ បាននិយាយថា ខ្ញុំបានប៉ាន់ប្រមាណតម្លៃទាបពេកហើយ ហើយថាការថែទាំកូនតូច ផាកតុន គឺអស់ថ្លៃច្រើនជាងដែលខ្ញុំបានប៉ាន់ប្រមាណឆ្ងាយណាស់ ។ យើងបានដឹងថា ចំណាយភាពច្រើនសម្រាប់ការថែទាំនៅក្នុងមន្ទីរពេទ្យនេះ គឺរួមមានជាអំណោយដ៏សប្បុរស រាប់ទាំងការបរិច្ចាគពេលវេលា និងប្រាក់កាសរបស់អ្នកដទៃទៀត ។ ពាក្យរបស់គាត់បានធ្វើឲ្យខ្ញុំមានការបន្ទាបខ្លួន កាលដែលខ្ញុំបានគិតពីតម្លៃនៃព្រលឹងដ៏តូចនេះដែលមានចំពោះពួកអ្នកដែលកំពុងថែទាំគេយ៉ាងយកចិត្តទុកដាក់ ។
ខ្ញុំត្រូវបានរំឭកឲ្យនឹកឃើញពីបទគម្ពីររបស់ពួកអ្នកផ្សព្វផ្សាយ ដែលមានអត្ថន័យថ្មីដែលថា ៖ « ចូរចាំថា តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។7
ខ្ញុំយំខ្សឹកខ្សួល កាលដែលខ្ញុំបានពិចារណាពីក្ដីស្រឡាញ់ដ៏គ្មានកំណត់ របស់ព្រះបិតាសួគ៌ និងបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដែលមានសម្រាប់យើងម្នាក់ៗ ពេលដែលខ្ញុំបានរៀនពីរបៀបដ៏អស្ចារ្យ ថាតម្លៃនៃព្រលឹងជាអ្វី គឺទាំងខាងរូបកាយ និងខាងវិញ្ញាណ ចំពោះព្រះ ។
គ្រួសាររបស់ ផាកតុន បានរៀនថា ពួកគេត្រូវបានហ៊ុំព័ទ្ធដោយពួកទេវតាឥតគណនា ដែលមកពីស្ថានសួគ៌ និងនៅលើផែនដី ។ អ្នកខ្លះបានមក ដើម្បីជួយ ពេលយើងត្រូវការ បន្ទាប់មកក៏ចាកចេញទៅដោយស្ងាត់ស្ងៀម ។ អ្នកផ្សេងទៀតផ្ដល់ម្ហូបអាហារ, បោកសម្លៀកបំពាក់, ជូន និងទៅយកបងៗរបស់ ផាកតុន ពីសាលា, ទូរស័ព្ទមកលើកទឹកចិត្ត, និងជាពិសេសអធិស្ឋានសម្រាប់ ផាកតុន ។ ហេតុដូច្នេះហើយ យើងបានរៀនមេរៀនពិសេសមួយទៀតថា ៖ បើអ្នកឃើញមនុស្សម្នាក់កំពុងលង់ទឹក តើអ្នកនឹងសួរថាបើគេត្រូវការជំនួយឬទេ---ឬក៏អ្នកនឹងលោតទៅក្នុងទឹក ហើយជួយសង្គ្រោះពួកគេពីទឹកដ៏ជ្រៅនោះតែម្ដង ? ទោះជាវាជាចេតនាល្អ និងចង់ផ្តល់ជំនួយជាញឹកញាប់ក៏ដោយ ក៏ការនិយាយថា « សូមប្រាប់ខ្ញុំ បើខ្ញុំអាចជួយអ្វីបាននោះ » នោះគឺមិនមែនជាការជួយទាល់តែសោះ ។
យើងបន្តរៀនពីគុណតម្លៃដ៏សំខាន់ នៃការដឹង និងការចាប់អារម្មណ៍ ដល់ជីវិតអ្នកនៅជុំវិញយើង, មិនត្រឹមតែរៀនពីសារសំខាន់នៃការផ្ដល់ជំនួយប៉ុណ្ណោះទេ តែពីក្ដីអំណរដ៏លើសលប់ដែលបានមកពីការជួយអ្នកដទៃផងដែរ ។
ប្រធាន ថូម៉ាស អេស ម៉នសុនជាទីស្រឡាញ់ ដែលជាគំរូដ៏អស្ចារ្យក្នុងការលើកអ្នកដែលត្រូវគេជិះជាន់ឡើងនោះ បានមានប្រសាស៍ថា ៖ « ព្រះប្រទានពរដល់អស់អ្នកដែលខំព្យាយាមថែទាំអ្នកជិតខាងរបស់ខ្លួន, អ្នកដែលជួយសម្រាលទុក្ខវេទនា, អ្នកដែលខំព្យាយាមអស់ពីសេចក្ដីល្អនៅក្នុងខ្លួនគេ ដើម្បីធ្វើឲ្យពិភពលោកប្រសើរឡើង ។ តើអ្នកបានកត់សម្គាល់ទេថា បុគ្គលបែបនោះមានស្នាមញញឹមស្រស់ជាង ? ពួកគេមានភាពច្បាស់លាស់ និងប្រកដប្រជាជាង ។ ពួកគេហាក់មានភាពរីករាយ និងស្កប់ចិត្ត ... ត្បិតគ្មានមនុស្សណាម្នាក់ដែលចូលរួមក្នុងការជួយអ្នកដទៃហើយ ពុំបានទទួលពរជ័យដ៏បរិបូរណ៌សម្រាប់ខ្លួនគាត់នោះទេ » ។8
ថ្វីបើយើងប្រឈមមុខនឹងការលំបាក, ភាពមិនអនុគ្រោះ, ពិការភាព, ឈឺចាប់, និងគ្រប់រូបភាពនៃទុក្ខវេទនា ក៏ព្រះអង្គសង្គ្រោះដែលពោរពេញដោយក្ដីស្រឡាញ់ និងការខ្វល់ខ្វាយ នឹងនៅទីនោះសម្រាប់យើងជានិច្ច ។ ទ្រង់បានសន្យាថា ៖
« ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នា ។ …
« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ។9
យើងមានអំណរគុណខ្លាំងណាស់ ដល់ព្រះបិតានៅស្ថានសួគ៌របស់យើង សម្រាប់ ផាកតុន ដ៏អស្ចារ្យរបស់យើង ។ តាមរយៈកូនតូចនេះ ព្រះអម្ចាស់បានបើកសម្ដែងកិច្ចការរបស់ទ្រង់ ហើយបន្តបង្រៀនយើងពីមេរៀនដ៏មានតម្លៃ, ពិសិដ្ឋ, និងពិសេសៗទាំងន ។
ខ្ញុំចង់បញ្ចប់ ជាមួយនឹងពាក្យពេចន៍មកពីបទទំនុកតម្កើងដ៏គួរឲ្យស្រឡាញ់មួយ ៖
យើងជាទាហាននៃព្រះ រហូតដល់ចប់ចម្បាំង
យើងសប្បាយ ! យើងសប្បាយ !
មានមកុដចែងចាំងនៅក្នុងឃ្លំាង សម្រាប់ពួកទាហានក្នុងកងទ័ព
នៅទីបំផុត យើងនឹងឈ្នះ ហើយពាក់វា ។10
បងប្អូនប្រុសស្រី វាជាក្ដីសង្ឃឹម និងការអធិស្ឋានរបស់ខ្ញុំ ថាយើងនឹងបន្តរែកបន្ទុកទាំងឡាយរបស់យើងដោយថ្លៃថ្នូរ ហើយឈោងជួយដល់ពួកអ្នកដែលនៅក្នុងចំណោមយើង ដែលកំពុងរងទុក្ខ និងត្រូវការជំនួយ និងការលើកទឹកចិត្ត ។ ចូរយើងម្នាក់ៗ ថ្លែងអំណរគុណដល់ព្រះ សម្រាប់ពរជ័យទាំងឡាយ និងធ្វើការតាំងចិត្តជាថ្មីចំពោះព្រះបិតានៅស្ថានសួគ៌របស់យើង ក្នុងការផ្ដល់ការបម្រើដ៏រាបទាបដល់កូនចៅទ្រង់ ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។