ឆ្នាំ ២០១០-២០១៩
ហើយ​ក្មេងតូចៗ​ជា​អ្នកគង្វាល
មេសា 2012


ហើយ​ក្មេងតូចៗ​ជា​អ្នកគង្វាល

ស្វាមី និង​ភរិយា​គួរ​តែ​យល់​ថា​ការហៅ​បម្រើ​ដំបូង​គេ​បំផុត​របស់ពួកគេ-- គឺជា​ការហៅ​បម្រើ​ដែល​ពួកគេ​ពុំ​ត្រូវ​បាន​ដោះលែង-- ​ពី​គ្នា​ទៅវិញទៅមក និង​ពី​កូនៗ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នា​យប់​ដ៏​ត្រជាក់​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ប្រទេស ជប៉ុន ខ្ញុំ​បានឮសម្លេងគោះលើបង្អួចទូររថភ្លើង ​របស់​ខ្ញុំ ។ មាន​ក្មេង​ប្រុស​ម្នាក់​ឈរ​រងារញ័រ ពាក់​អាវ​ដាច់រយ៉េ​​រយ៉ៃ ហើយ​យក​ក្រវ៉ាត់​ករ​ប្រឡាក់​មក​ចង​រុំ​ថ្គាម​ហើម ។ ក្បាល​​ក្មេង​នោះ​​មាន​សុទ្ធ​តែ​ក្រម៉រ ។ ក្មេង​នោះ​​កាន់​កំប៉ុង និង​ស្លាប​ព្រា​ច្រេះ បង្ហាញ​ថា​ជា​ក្មេង​កំព្រា​សុំទាន ។ នៅ​ពេល​ខ្ញុំ​ព្យាយាម​បើក​ទ្វារ​ដើម្បី​ឲ្យ​លុយ​ដល់​គាត់ ស្រាប់​តែ​រថ​ភ្លើងបរ​ចេញ​ទៅ ។​

ខ្ញុំ​ពុំ​ដែល​ភ្លេចអំពី​​​ក្មេង​ប្រុស​តូច​ដែល​ស្រេក​​ឃ្លាន​ ឈរ​នៅ​ក្នុង​ភាព​ត្រជាក់ កាន់កំប៉ុង​ទទេរ​ម្នាក់​នោះ​ទេ ។ ខ្ញុំ​ក៏​មិន​ភ្លេច​ពី​អារម្មណ៍​ដែល​ខ្ញុំ​ពុំបាន​​ជួយ នៅ​ពេល​រថភ្លើង​បរចេញ​ទៅ​យឺតៗ ហើយ​ទុក​ឲ្យ​គាត់​ឈរ​នៅ​ស្ថានីយ៍​នោះដែរ​ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅ​ក្នុង​ទីក្រុង កូស្កូ ជា​ទីក្រុង​ដ៏​ខ្ពស់​មួយ​នៅ​ក្នុង អានដេស នៃ​ប្រទេសពេរ៉ូ អែលឌើរ អេ.   ធៀឌ័រ ធើរឌល និង​ខ្ញុំ​មាន​ការ​ប្រជុំ​សាក្រាម៉ង់​ នៅ​ក្នុង​បន្ទប់តូចដ៏វែង បើក​ទ្វា​ចំហរ​ទៅ​ចំផ្លូវ ។ ខណៈ​ដែល​អែលឌើរ ធើរឌល កំពុង​និយាយ​ ក្មេង​ប្រុស​តូច ប្រហែល​ជា​អាយុ ប្រាំមួយ​ឆ្នាំ បាន​លេច​ចេញ​មក​នៅ​មាត់​ទ្វារ ។ គាត់​ពាក់តែ​​អាវ​កញ្ចាស់មួយត្រឹមជង្គង់របស់គាត់ ។

នៅ​ខាងឆ្វេង​ដៃ​មាន​តុតូច​មួយ​ដែល​មាន​នំប៉័ង​សម្រាប់​សាក្រាម៉ង់ ។ ក្មេងកំព្រា​ស្រេក​ឃ្លាន​តាម​ថ្នល់​ម្មាក់នោះ បាន​ឃើញ​នំប៉័ង ហើយ​បាន​លូន​យឺតៗត្រសៀ​តាម​ជញ្ជាំង​ទៅ​រកនំបុ័ងនោះ ។ ក្មេង​នោះ​​បាន​​ទៅ​ជិត​ដល់​តុ នោះ​មាន​​ស្ត្រី​ម្នាក់​នៅ​ច្រក​ផ្លូវ​បាន​ឃើញ​ ។ ស្ត្រី​នោះ​គ្រវី​ក្បាលដោយមុខមាំ រួច​គាត់​បាន​បណ្ដេញ​ក្មេង​នោះ​ចេញ​ទៅ​ ។ ខ្ញុំ​មាន​កង្វល់​ក្នុង​ចិត្ត ។

ក្រោយ​មក​ក្មេងតូច​​នោះ​បាន​ត្រឡប់មក​វិញ ។ ក្មេង​នោះ​បាន​ត្រសៀៗ​តាម​ជញ្ជាំង មើល​ពី​កន្លែង​ដាក់នំប៉័ង​មក​ខ្ញុំ ។ នៅ​ពេល​ក្មេង​នោះ​ទៅ​ជិត​ដល់​កន្លែង ​ដែល​ស្ត្រី​នោះ​នឹង​ឃើញ​គាត់​ម្ដង​ទៀត ខ្ញុំ​បាន​លាតដៃខ្ញុំ​ទៅ រួច​វា​រត់​មក​រក​ខ្ញុំ ។ ខ្ញុំ​បាន​លើក​ក្មេង​នោះ​អង្គុយ​លើ​ភ្លៅ​ខ្ញុំ ។

ជា​និមិត្តរូប បន្ទាប់មក ខ្ញុំ​បាន​ដាក់​គាត់​អង្គុយ​លើ​កៅអី អែលឌើរ ធើរឌល ។ បន្ទាប់​ពី​ការ​អធិស្ឋាន​បិទ ក្មេង​ប្រុស​ស្រេក​ឃ្លាន​នោះ​បាន​រត់ចេញ​ទៅ​ទាំងយប់ងងឹត ។

នៅ​ពេល​ខ្ញុំ​ត្រឡប់មក​ផ្ទះ​វិញ ខ្ញុំ​បាន​ប្រាប់​ប្រធាន ស្ពែនស៊ើរ  ដបុលយូ. ឃឹមបឹល អំពី​បទពិសោធន៍​របស់​ខ្ញុំ ។ គាត់​បាន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ប្រាប់ខ្ញុំ​ថា «​អ្នក​កំពុង​តែ​លើក​ជាតិសាសន៍​មួយ​ដាក់​លើ​ភ្លៅ​របស់​អ្នក» ។ គាត់​បាន​និយាយ​មក​ខ្ញុំជា​ច្រើន​ដង​ថា «​បទពិសោធន៍​នោះ គឺ​មាន​អត្ថន័យ​ខ្លាំង​ជាង​ដែល​អ្នក​អាច​ដឹង​ទៅ​ទៀត» ។

កាលដែល​​ខ្ញុំ​បាន​ទៅ​ប្រទេស​អាមេរិក​ឡាទីន ជិត​ 100 ដង ខ្ញុំ​បាន​រក​មើល​ក្មេង​ប្រុស​តូច​នោះលើ​ផ្ទៃ​មុខ​ប្រជាជន ។ ឥឡូវ​ខ្ញុំ​បាន​យល់​អំពី​អ្វី​ដែល​ប្រធាន​ ឃឹមបឹល ចង់​មាន​ន័យ ។

ខ្ញុំ​បាន​ជួប​នឹង​ក្មេង​ប្រុសញ័រៗ​​ម្នាក់​ទៀត​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​សលត៌​ លេក ។ វា​គឺ​ជា​យប់​រដូវ​រងារមួយទៀត ។ យើង​បាន​ចេញពី​សណ្ឋាគារបន្ទាប់ពីបរិភោគ​​អាហារ​ពេល​យប់​បុណ្យ​គ្រីស្ទម៉ាស់​ ។ នៅ​តាម​ផ្លូវ​មាន​ក្មេង​ប្រុស​ប្រាំ​ទៅ​ប្រាំបី​នាក់​ស្រែក​ឡូរឡា ។ ពួកគេ​ទាំង​នោះ​គួរ​តែ​នៅ​ផ្ទះ កុំ​នៅ​ហាល​ត្រជាក់ ។

ក្មេង​ប្រុស​ម្នាក់​គ្មាន​អាវរងារទេ ។ វា​បាន​លោត​ញឹកញាប់​ដើម្បី​កុំ​ឲ្យ​ត្រជាក់​ពេក ។ វា​បាន​លាក់​ខ្លួន​នៅ​គៀន​ថ្នល់ ក្នុង​បន្ទប់​មិន​ស្អាត​តូច​មួយ ដែល​នៅ​លើ​គ្រែ​គ្មាន​ភួយ​ដណ្ដប់​ឲ្យ​កក់​ក្ដៅ​ទេ ។

នៅ​ពេល​យប់​នោះ ពេល​ខ្ញុំ​បាន​ទាញ​ភួយ​មក​ដណ្ដប់ ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​គ្មាន​គ្រែ​គេង​កក់ក្ដៅ​នៅ​ផ្ទះ ។

ខ្ញុំ​ត្រូវបានបញ្ជូនឲ្យឈរជើង​ក្នុង​ទីក្រុង អូសាកា ប្រទេសជប៉ុន ពេលបញ្ចប់​​សង្គ្រាម​លោក​លើក​ទី  II ។ ទីក្រុង​ខ្ទេចខ្ទី ហើយ​ដងផ្លូវ​មាន​សម្រាម​ជាគំនរ, កំទេចកំទី និង​ រណ្ដៅ​គ្រាប់​បែក ។ ថ្វី​ត្បិត​តែ​ដើមឈើ​ជា​ច្រើន ត្រូវ​ដួលរលំ​ក្ដី​ ក៏​មាន​ដើម​ឈើ​មួយ​ចំនួន​ នៅ​ឈរទាំង​បាក់​មែង បាក់​ធាង ហើយ​នៅ​តែ​មាន​ដុះ​លាស់​ស្លឹក​ថ្មី​ដែរ ។​

ក្មេង​ស្រី​តូច​ម្នាក់​ពាក់​ស្បែក​ជើង​សង្រែក និងអាវ គីម៉ូណូ ពណ៌ចម្រុះ​​កញ្ចាស់មួយ ដែល​រវល់​តែ​ប្រមូលស្លឹក​​ឈើ​ ស៊ីកាម័រ ពណ៌​លឿង​ក្រង​ជា​ភួង ។ ក្មេង​តូច​នេះ ហាក់​ដូច​ជា​គ្មាន​ដឹង​អំពី​ការ​វិនាស​ហិនហោច ដែល​នៅ​ជុំ​វិញ​នាង នៅពេល​នាង​​ប្រវ៉េប្រវ៉ាលើ​កំទិចកំទី ដើម្បី​យក​ស្លឹកឈើ​ថ្មី​ដាក់​ក្នុង​ភួង​នាង ។ នាង​បាន​រក​ឃើញ​ភាពស្រស់​ស្អាត​មួយ​នៅ​ក្នុង​ពិភពលោក​នាង ។ ប្រហែល​ជា​ខ្ញុំ​គួរ​តែ​និយាយ​ថា នាង គឺ​ជា​ចំណែក​ដ៏​ស្រស់​ស្អាត​មួយ​នៃ​ពិភពលោក​នាង ។ មិន​ដឹង​ជា​យ៉ាង​ម៉េច ពេល​គិត​អំពី​នាង​វា​ជួយ​បង្កើន​ដល់​ក្ដី​ជំនឿ​ខ្ញុំ ។ កុមារតូច​គឺ​ជា​និមិត្ត​រូប​នៃ​ក្ដី​សង្ឃឹម ។

មរមន​បាន​បង្រៀនថា «​កូន​ក្មេង​តូចៗ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ» 1 ហើយ​ពុំ​ចាំ​បាច់​ប្រែ​ចិត្ត​ទេ ។

ប្រហែល​ជាមួយ​សតវត្សន៍​មុន មាន​អ្នក​ផ្សព្វផ្សាយសាសនា​ពីរ​នាក់ បម្រើ​នៅ​តាម​ភ្នំ​នៃ​សហរដ្ឋ​ភាគ​ខាងត្បូង ។ មាន​ថ្ងៃ​មួយ ពួកគេ​បាន​មើល​ឃើញ​មនុស្ស​ជុំ​គ្នា​ពី​លើ​ភ្នំ​នៅ​ពីចម្ងាយ ។ ជារឿយៗ អ្នកផ្សព្វផ្សាយ​សាសនា ពុំ​មាន​មនុស្ស​ច្រើន​ដើម្បី​​បង្រៀន​នោះ​ទេ ដូច្នេះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ចុះ​មក ។

មាន​ក្មេង​តូច​ម្នាក់​បាន​លង់​ទឹក ហើយ​ត្រូវ​ធ្វើ​បុណ្យ​សព ។ ឪពុកម្ដាយ​ក្មេង​នោះ បាន​ទៅ​រក​អ្នក​គង្វាល ដើម្បី «និយាយ» នៅក្នុង​ពិធីបុណ្យ​សព​របស់​កូន​ពួកគាត់ ។ អ្នក​ផ្សព្វផ្សាយសាសនា បាន​ឈរ​ថយ​ក្រោយ នៅ​ពេល​អ្នក​គង្វាល​បាន​មក​ដល់ ជួប​នឹង​ឪពុក​ម្ដាយ​ដែល​សោកសៅនោះ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ទេសនកថា ។ បើ​សិនជា​ ឪពុក​ម្ដាយ​រំពឹង​ចង់ ទទួល​បាន​ការ​លួងលោមចិត្ត​ពី​អ្នកគង្វាល​នេះ នោះ​ពួកគេ​នឹង​ខកចិត្ត​ហើយ ។

គាត់​បាន​បន្ទោស​ពួកគេ​យ៉ាង​ខ្លាំង ដែល​ពុំ​បាន​ឲ្យ​ក្មេង​តូច​នោះ​បានទទួលបុណ្យជ្រមុជទឹក ។ ពួកគេ​បាន​ធ្វេសប្រហែស ដោយ​សារ​មានរឿងនេះ ឬ​រឿង​នោះ ហើយ​ឥឡូវ​នេះ វា​យឺត​ពេល​ហើយ ។ គាត់​បាន​ប្រាប់​ពួកគេ​យ៉ាង​គ្រោតគ្រាត ថា​កូនតូច​របស់​ពួកគេ​ចុះ​ទៅ​ស្ថាននរក ។ ជោគ​វាសនា​របស់​កូន គឺ​ជា​កំហុស​របស់​ពួកគេ ។ ពួកគេ​ត្រូវ​បាន​បន្ទោសដោយ​​ទណ្ឌកម្ម​គ្មានទីបញ្ចប់​របស់​គាត់ ។

បន្ទាប់ពី​ទេសនកថា បាន​បញ្ចប់ ហើយ​ ​ផ្នូត្រូវបាន​លប់ ពួកអែលឌើរ បាន​ចូល​ទៅ​ជួប​នឹង​ឪពុក​ម្ដាយ​ដែល​ទួញ​សោក​នោះ ។ ពួកគេ​បាន​ប្រាប់​ម្ដាយនោះ​ថា «​យើង​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ហើយ​យើង​បាន​មក​ជាមួយ​នឹង​សារលិខិត​មួយ​សម្រាប់​អ្នក» ។ នៅ​ពេល​ឪពុក​ម្ដាយ​ដែល​ទួញ​សោក​នោះ​ស្ដាប់ អែលឌើរ​ទាំង​ពីរ​នាក់​បាន​អាន​វិវរណៈ​ និង​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ ការ​ស្ដារឡើងវិញ​នៃ​កូនសោ​ទាំងឡាយ​សម្រាប់​ការ​ប្រោស​លោះ​ ទាំង​អ្នកនៅ​រស់ និង​មរណជន ។

ខ្ញុំ​មាន​ការ​អាណិត​ខ្លះៗ​ចំពោះ​គ្រូគង្វាល​នោះ ។ គាត់​បាន​ធ្វើអស់ពីសមត្ថភាព​ដែល​គាត់​អាច​ធ្វើ តាម​ពន្លឺ និង​ចំណេះ​ដឹង ដែល​គាត់​មាន​ ។ ប៉ុន្តែ​មាន​អ្វី​ច្រើន​ទៀត ដែល​គាត់​គួរ​តែ​បាន​ផ្ដល់​ឲ្យ ។ នោះ​គឺ​ជា​ភាពពេញលេញ​នៃ​ដំណឹងល្អ ។

អែលឌើរបានមកក្នុងនាម​ជា​អ្នកលួងលោមចិត្ត ជាគ្រូបង្រៀន ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ជា​គ្រូគង្វាល​មាន​សិទ្ធិ​អំណាច​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កុមារតូចៗ​ទាំង​នេះ ដែល​ខ្ញុំ​បាន​និយាយ តំណាង​ឲ្យ​កូនទាំងអស់​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ « កូន​ចៅ​ជា​មរតក​មក​ពី​ព្រះយេហូវ៉ា៖ ហើយ… សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញ​ដោយ​ព្រួញ​ យ៉ាង​នោះ» ។ 2

ការ​បង្ក​បង្កើត​ជីវិត គឺ​ជា​ការទទួលខុសត្រូវ​ដ៏​អស្ចារ្យ​មួយ សម្រាប់​គូស្វាមីភរិយា​ដែល​បាន​រៀបការ ។ ដើម្បី​ធ្វើ​ជា​ឪពុកម្ដាយ​មានភាពសក្ដិសម និង​មាន​ការ​ទទួលខុសត្រូវ​ គឺ​ជា​ឧបសគ្គ​ដ៏​ធំបំផុត​មួយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ គ្មាន​បុរស ឬ​ស្ត្រី​ណា អាចបង្កើត​កូន​តែ​ម្នាក់​ឯង​បាន​ទេ ។ វា​គឺ​ជា​បំណង​ចិត្ត ដែល​កូន​ត្រូវ​មាន​ទាំង​ឪពុក​និង​ម្ដាយ-- មាន​ទាំង​ឪពុក និង​ម្ដាយ ។ គ្មាន​គំរូ ឬ​ដំណើរ​ការ​ដទៃទៀត​ណា អាច​ជំនួស​​​បាន​ទេ ។

ជា​យូរ​មក​ហើយ មាន​ស្ត្រី​ម្នាក់​ដែល​បាន​ប្រាប់​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា ក្នុង​នាម​ជា​និសិត្ស​មហាវិទ្យាល័យ​ម្នាក់ នាង​បាន​ធ្វើខុស​ដ៏​ធ្ងន់ធ្ងរ ជាមួយ​នឹង​មិត្ត​ប្រុស​នាង ។ គាត់​បាន​រៀប​ចំឲ្យ​មាន​ការ​ពន្លូត​កូន ។ ក្រោយ​មក ពួកគេ​បាន​បញ្ចប់​ការ​សិក្សា ហើយ​បាន​រៀបការ និង​មាន​កូន​ជា​ច្រើន​ផ្សេង​ទៀត ។ នាង​បាន​ប្រាប់​ខ្ញុំ​ថា ​វា​ឈឺ​ចាប់​ណាស់​ ដែល​ឥឡូវ​នេះ នាង​មើល​ទៅ​គ្រួសារ​នាង ឃើញ​កូនតូចៗ​ស្រស់​ស្អាត​របស់​នាង ឯក្នុង​គំនិត​នាង​ឃើញ​នូវកន្លែងទំនេរឥឡូវ​នេះ ​ សម្រាប់​​កូនដែល​បានបាត់បង់​ម្នាក់នោះ ។

បើ​គូស្វាមីភរិយា​នេះ យល់ និង​អនុវត្ត​ដង្វាយធួន នោះ​ពួកគេ​នឹង​ដឹង​ថា បទពិសោធន៍​ទាំង​នោះ និង​ការឈឺ​ចាប់​ដែល​ពួកគេ​មាន អាច​ត្រូវ​បាន​រលប់បាត់ ។ គ្មាន​ការឈឺ​ចាប់​ណា​មាន​ជា​រៀងរហូត​នោះ​ទេ ។ វា​ពុំ​ងាយស្រួល​ទេ ប៉ុន្តែ​ជីវិត​ពុំ​បាន​បង្កើត​មក​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល និង​យុត្តិធម៌​នោះ​ទេ ។ ការ​ប្រែចិត្ត និង​ក្ដី​សង្ឃឹម​យូរអង្វែង ដែល​ការអភ័យ​ទោស​នាំ​មក នឹង​ជា​ការ​ខិតខំដ៏​មាន​តម្លៃ​ជានិច្ច ។

គូស្វាមីភរិយា​វ័យក្មេង​មួយគួ​ទៀត បាន​ប្រាប់​ខ្ញុំ​ទាំងទឹកភ្នែក​ថា ពួកគេ​ទើ​បតែ​មក​ពី​ជួប​នឹង​វេជ្ជបណ្ឌិត ដែល​បាន​ប្រាប់ ពួកគេ​ថា ពួកគេ​​នឹង​ពុំ​អាច​មាន​កូន​បានទេ ។ ពួកគេ​ឈឺចិត្ត​ពេល​ឮដំណឹងនោះ ។ ពួកគេ​ភ្ញាក់​ផ្អើល​ពេល​ខ្ញុំ​ប្រាប់​ពួកគេ​ថា ពួកគេ​មាន​សំណាង​ណាស់ ។ ពួកគេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នោះ ។

ខ្ញុំ​ប្រាប់​ពួកគេ​ថា «យ៉ាង​ហោច​ណាស់ អ្នក​ចង់​បាន​កូនចៅ ហើយ​​បំណងប្រាថ្នានោះ នឹង​ជា​ទម្ងន់​​ដ៏ធ្ងន់ នៅ​ក្នុង​បំណងនៃ​ជីវិត​លើ​ផែនដី​របស់​អ្នក ហើយ​លើស​​ពី​នោះ ដោយ​សារ​វា​នឹង​ផ្ដល់​លំនឹង​ខាង​វិញ្ញាណ​និង​សតិអារម្មណ៍ ។ ទីបំផុត អ្នក​នឹង​បាន​ល្អប្រសើរជាង អ្នក​ដែល​អាច​មាន​កូន ប៉ុន្តែ​ពុំ​ចង់​បាន​កូន ដោយ​សារ​អ្នក​ចង់​បាន​កូន​ចៅ ហើយ​ពុំ​អាច​មាន​កូន​ » ។

តែ​ក៏​មានអ្នក​ផ្សេងទៀត​ពុំ​រៀបការ ហើយ​ពុំ​មាន​កូន ។ ព្រោះ​តែ​ស្ថានភាព​ទាំងឡាយហួស​ពី​ការ​គ្រប់គ្រង​របស់​គេ នោះ​មាន​មនុស្ស​មួយចំនួន កំពុង​តែ​ចិញ្ចឹម​កូនតែ​ម្នាក់​ឯង ។ នេះ​គឺ ជា​ស្ថានភាព​បណ្ដោះ​អាសន្ន ។ ​ក្នុង​ចំណែក​នៃ​ផែនការ​ដ៏អស់កល្បជានិច្ច-- ការ​ចង់​បាន​សេចក្ដីសុចរិតយូរ​អង្វែង​ នឹងត្រូវបាន​សម្រេច-- ​តែមិននៅក្នុង​ជីវិត​រមែងស្លាប់ ជានិច្ចកាលទេ ។

«បើ​សិន​ជា​យើង​មាន​ទីសង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅតែ​ក្នុង​ជីវិត​នេះប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំងអស់​ទៅ​ទៀត» ។ 3

គោលដៅ​នៅ​ទីបំផុតក្នុង​គ្រប់​សកម្មភាព​ក្នុង​សាសនាចក្រ គឺ​ឃើញ​ស្វាមី និងភរិយា និង​កូនៗ​ពួកគេ​​មានភាពរីករាយនៅ​គ្រួសារ ដែល​ត្រូវបាន​ការពារ​ដោយ​គោលការណ៍ និង​ច្បាប់ ទាំងឡាយ​នៃ​ដំណឹងល្អ បាន​ផ្សាភ្ជាប់​ដោយ​សុវត្ថិភាពនៅ​ក្នុង​សេចក្ដីសញ្ញានៃ​បព្វជិតភាព​ដ៏អស់កល្ប ។ ស្វាមី និង​ភរិយា​គួរ​តែ​យល់​ថា​ការហៅ​បម្រើ​ដំបូង​គេ​បំផុត​របស់ពួកគេ-- គឺជា​ការហៅ​បម្រើ​ដែល​ពួកគេ​ពុំ​ត្រូវ​បាន​ដោះលែង-- ​ពី​គ្នា​ទៅវិញទៅមក និង​ពី​កូនៗ ។

របកគំហើញ ​អំពី​ភាព​ជា​ឪពុកម្ដាយ​ដ៏អស្ចារ្យមួយ គឺ​ថា​យើង​រៀន​ ​អំពី​អ្វី​ដែល​សំខាន់ពិត​មក​ពី​កូនៗ​របស់​យើង ច្រើនជាង​ យើង​បាន​រៀន​មក​ពី​ឪពុកម្ដាយ​របស់​យើង ។ យើង​បាន​ទទួលស្គាល់​សេចក្ដីពិត នៅ​ក្នុង​ការព្យាករណ៍​របស់​អេសាយ​ថា « ក្មេង​តូចៗ​ជា​អ្នក​គង្វាល» ។ 4

នៅ​ក្នុង​ក្រុង​យេរូសាឡិម «ទ្រង់ហៅកូន​ក្មេងតូចមួយមក ដាក់​នៅ​កណ្ដាល​ពួកគេ

«រួច​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា បើអ្នករាល់គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូចជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ។

«អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ» ។ 5

«នោះ​ព្រះយេស៊ូវទ្រង់​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ត្បិត​នគរ​ស្ថាន​សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា ។

«ទ្រង់ក៏​ដាក់​ព្រះហស្ថលើវារាល់គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ» ។ 6

យើង​អាន​នៅ​ក្នុង​គម្ពីរ​មរមន​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ ទៅ​កាន់​ពិភពលោក​ថ្មី ។ ទ្រង់​បាន​ព្យាបាល និង​ប្រទាន​ពរ​ដល់​ប្រជាជន​ ហើយ​បាន​បង្គាប់​ឲ្យ​នាំ​កូនក្មេង​តូចៗ​របស់​ពួកគេ​មក​រក​ទ្រង់ ។

មរមន​កត់​ត្រា​ថា «គេ​បាន​នាំ​កូន​ក្មេង​តូចៗ​មក​អង្គុយ​នៅ​លើ​ទីដីជុំវិញ​ព្រះអង្គ ហើយ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្ដាល​ ហើយ​ហ្វូង​មនុស្ស​បាន​ថយ​ចេញ ទុក​កន្លែង​ឲ្យគេ​នាំ​កូនក្មេងតូចៗ​ទាំងអស់​មក» ។ 7

បន្ទាប់មក​ទ្រង់​បង្គាប់​ឲ្យ​មនុស្ស​លុតជង្គង់ចុះ ។ ដោយ​មាន​កូនក្មេងតូចៗ​នៅ​ជុំវិញ​ព្រះអង្គ នោះ​ព្រះអង្គសង្គ្រោះ​បាន​លុតជង្គង់ចុះ ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ បន្ទាប់​ពី​ការអធិស្ឋាន ព្រះអង្គសង្គ្រោះ​ព្រះកន្សែង «ទ្រង់​បាន​យក​កូនក្មេង​របស់​ពួកគេ​ម្ដងម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកវា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួកវា ។

«ហើយ​កាល​ទ្រង់​បាន​ធ្វើ​ការ​នោះ​ចប់​ហើយ នោះ​ទ្រង់​ក៏​ព្រះកន្សែង​ទៀត» ។8

ខ្ញុំ​អាច​យល់​អំពី​អារម្មណ៍​ដែល​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​កូនក្មេង​តូចៗ ។ មាន​អ្វី​ជា​ច្រើន​ត្រូវ​រៀន​មក​ពី​គំរូ​របស់​ទ្រង់ នៅ​ក្នុង​ការព្យាយាម​ដើម្បីអធិស្ឋាន​ ប្រទានពរ និង​បង្រៀនដល់​ «កូនក្មេង​ទាំង​នោះ» ។​9

ខ្ញុំ​ជាកូនទីដប់​ក្នុង​គ្រួសារ​មួយដែលមានកូន​ 11 នាក់ ។ តាម​ដែល​ខ្ញុំ​ដឹង ទាំង​ឪពុក ឬ​ម្ដាយ​របស់​ខ្ញុំ​ពុំ​បាន​បម្រើ​នៅក្នុង​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ​លេចធ្លោ​នោះ​ទេ ។

ឪពុកម្ដាយ​របស់​យើង បាន​បម្រើ​យ៉ាង​ស្មោះត្រង់ នៅ​ក្នុង​ការហៅ​ដ៏​សំខាន់​របស់​ពួកគាត់-- ក្នុង​នាម​ជា​ឪពុក​ម្ដាយ ។ ឪពុក​របស់​យើង បាន​ដឹកនាំ​គេហដ្ឋាន​ក្នុង​សេចក្ដី​សុចរិត ពុំ​ដែល​មាន​កំហឹង ឬ​ភាពភ័យ​ខ្លាច​ទេ ។ ហើយ​គំរូ​ដ៏​មាន​អំណាច​របស់​ឪពុក​យើង គឺ​បាន​តម្កើងឡើង​​ដោយ​ការ​ប្រឹក្សា​ទន់ភ្លន់​របស់​ម្ដាយ​យើង ។ ដំណឹងល្អ គឺ​ជា​ឥទ្ធិពល​ដ៏​មាន​អំណាច​មួយ​នៅ​ក្នុង​ជីវិត​​យើង​ម្នាក់ៗ នៅ​ក្នុង​គ្រួសារ ផាកគឺ និង​ជំនាន់​ក្រោយ​ៗ​ទៀត តាម​ដែល​យើង​បាន​ឃើញ ។

ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ថា ជា​បុរស​ល្អ​ម្នាក់​ដូចជា​ឪពុក​ខ្ញុំ ។ មុន​ពេល​ខ្ញុំ​ឮ​ពាក្យ​ថា «ល្អហើយ» មក​ពី​ព្រះវរបិតាសួគ៌​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្ដាប់​ឮ​មក​ពី​ឪពុក​នៃ​ជីវិតរមែង​ស្លាប់​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ឆ្ងល់​ជា​ច្រើន​ដង ថា​ហេតុអ្វី​ខ្ញុំ​ត្រូវ​បានហៅ​ជា​សាវក​ម្នាក់ និង​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់ ដែល​​ចេញ​មក​ពី​គ្រួសារ​មួយ​ដែលមាន​ឪពុក​រាប់ថាមិន​សូវ​សកម្មដូច្នេះ ។ ខ្ញុំ​ពុំ​មែន​ជា​សមាជិក​តែ​ម្នាក់​ក្នុង​ពួក​ដប់ពីរនាក់ ដែល​មានរឿងបែបនេះទេ ។

ទីបំផុត ខ្ញុំ​អាច​ឃើញ និង​យល់​ថា វា​អាច​នឹង​ត្រូវ​បាន​ហៅ ដោយ​សារ​តែ​ស្ថានភាព​នោះ ដែល​ខ្ញុំ​ត្រូវ​បាន​ហៅ ។ ហើយ​ខ្ញុំ​អាច​យល់​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ ​ហេតុអ្វី​នៅក្នុងរឿង​ទាំងអស់​នោះ ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ ​ចាំ​បាច់​ត្រូវ​ផ្ដល់​ជា​ផ្លូវ ដើម្បីឲ្យ​ឪពុកម្ដាយ និងកូនៗ ​មាន​ពេល​ជាមួយ​គ្នា​ជា​ក្រុមគ្រួសារ ។ អ្នកដឹកនាំ​បព្វជិតភាព ត្រូវ​តែ​ពិចារណា​ដោយ​យកចិត្តទុកដាក់ អំពី​ឥទ្ធិពលនៃ​សកម្មភាព​របស់​សាសនាចក្រ​​មានម​កលើ​គ្រួសារ​ ។

មាន​រឿង​ជាច្រើន​ អំពី​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ពុំ​អាច​វាស់វែង​បាន តាម​អ្វី​ដែល​យើង​រាប់ ឬ​ធ្វើ​ផែនការ​នៅ​ក្នុង​កំណត់ត្រា​នៃ​ការ​ចូលរួម ។ យើង​ធ្វើឲ្យ​ខ្លួន​យើង​រវល់​នឹង​ការ​ស្ថាបនា និង​ថវិការ កម្មវិធី និង​ទម្រង់​ការ ។ នៅ​ពេល​ធ្វើ​ដូច្នោះ វា​អាច​នឹង​មើល​រំលង​គោលបំណង​សំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ជាញឹកញាប់ មាន​អ្នក​ខ្លះមក​រក​ខ្ញុំ​ ហើយ​និយាយ​ថា «ប្រធាន​ ផាកកឺ តើ​វា​មិន​ល្អ​ទេឬ​អី បើ …  ?

ជាធម្មតា ខ្ញុំ​បញ្ឈប់​ពួកគេ ហើយ​និយាយ​ថា ទេ ដោយ​សារ​ខ្ញុំ​គិត​ថា អ្វី​ដែល​នឹង​ប្រាប់​ខ្ញុំនោះ នឹង​​ជា​សកម្មភាព​ ឬ​កម្មវិធី​ថ្មី​មួយ ដែល​នឹង​ដាក់​បន្ទុក​ពេល​វេលា​ និង​បន្ទុក​ខាង​ហិរញ្ញវត្ថុ​បន្ថែមទៅ​លើ​គ្រួសារ ។

ពេលវេលាគ្រួសារ គឺ​ជា​ពេលវេលាពិសិដ្ឋ ហើយ​គួរ​តែ​ការពារ និង​គោរព ។ យើង​ជម្រុញ​ឲ្យ​សមាជិក​យើង បង្ហាញ​នូវ​ការ​លះបង់​ចំពោះ​គ្រួសារ​របស់​ពួកគេ ។

នៅ​ពេល​ពួក​យើង​រៀប​ការ​ដំបូង ភរិយាខ្ញុំ និង​ខ្ញុំ​បាន​សម្រេចចិត្ត​ថា យើង​នឹង​ទទួល​កូនៗ​ដែល​នឹង​កើត​មក​ក្នុង​គ្រួសារ​យើង ព្រមជាមួយ​នឹង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ចិញ្ចឹមបីបាច់ និង​ការ​មើល​ថែ​​ពួកគេ ។ ដល់​ពេល​មួយ ពួកគេ​បង្កើត​គ្រួសារ​របស់​ពួកគេផ្ទាល់​​ហើយ ។

មាន​ពីរលើក ពេល​កូនប្រុស​តូច​ពីរ​ម្នាក់​របស់​យើង​រៀប​កើត មាន​វេជ្ជបណ្ឌិត​ម្នាក់​បាន​និយាយប្រាប់​យើង​​ថា​ «​ខ្ញុំគិត​ថា​អ្នក​នឹង​ពុំ​​រក្សា​កូន​នេះ​បាន​ទេ» ។

​យើង​ឆ្លើយ​តប​ថា ទាំង​ពីរលើក​នោះថា យើង​នឹង​លះបង់​ជីវិត​របស់​យើង បើ​យើង​អាច​រក្សា​កូនប្រុស​បាន ។ ចំពោះ​ការ​ថ្លែង​បែបនោះ យើង​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង មាន​ព្រះទ័យ​លះបង់​ដូចគ្នា​នេះ ចំពោះ​យើង​ម្នាក់ៗ ។ នោះ​ជា​គំនិត​ដ៏ទេវភាព​ណាស់!

ឥឡូវ ពេល​យើង​កាន់​តែ​ជរា បងស្រី ផាកកឺ និង​ខ្ញុំ យល់ ហើយ​មានសក្ខីភាព​ថា គ្រួសារ​អាច​បន្ត​ជានិរន្ដន៍ ។ នៅ​ពេល​យើង​គោរព​បទបញ្ញត្តិ ហើយ​រស់​នៅ​តាម​ដំណឹងល្អ​ពេញ​លេញ នោះ​យើង​នឹង​ត្រូវ​បាន​ការ​ពារ និងប្រទានពរ ។ ស្ដីអំពី​កូនៗ និង​ចៅៗ​របស់​យើង និង​ចៅ​ទួត យើងអធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​នៃ​​គ្រួសារ​របស់​យើង នឹង​មាន​ការលះបង់​ដូចគ្នា​នេះ ចំពោះ​កូន​តូចៗ​ដ៏​មាន​តម្លៃ​ទាំងឡាយ ។

ឪពុក​ និង​ម្ដាយ​ទាំងឡាយ ពេល​អ្នក​យោល​​កូន​តូចទើបកើត​នៅ​ក្នុង​ដៃ​របស់​អ្នក​នៅ​ពេល​ក្រោយ សូម​អ្នក​អាច​មាន​ទស្សនៈ​អំពី​អាថ៌កំបាំង និង​គោលបំណង​នៃ​ជីវិត​នៅ​ក្នុង​ខ្លួន ។ អ្នក​នឹង​យល់​កាន់​តែ​ប្រសើរ​ថា ហេតុអ្វី​ក៏​សាសនាចក្រ​នេះ​ដូច្នេះ ហើយ​ហេតុអ្វី​ក៏​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​ក្នុង​ជីវិត​នេះ និង​អស់ទាំងភាពអស់កល្បជានិច្ច ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ពិត ​ថា​ផែនការ​នៃ​ការ​ប្រោសលោះ ដែល​ត្រូវ​បាន​ហៅ​ថា​​ ផែនការ​នៃ​សុភមង្គល គឺ​ជា​ផែនការ​សម្រាប់​ក្រុមគ្រួសារ ។ ខ្ញុំ​អធិស្ឋាន​សុំ​ព្រះអម្ចាស់​ឲ្យ​ក្រុមគ្រួសារ​នៃ​សាសនាចក្រ នឹង​ត្រូវ​បាន​ប្រទានពរដល់​ឪពុកម្ដាយ និង​កូនៗ ថា​កិច្ចការ​នៃ នឹង​ឆ្ពោះ​ទៅ​មុខ​តាម​ព្រះទ័យ​របស់ព្រះបិតា ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សី​នេះ នៅ​​ក្នុង​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។​