ត្រូវនឹងទំនុកតន្រ្ដីនៃសេចក្ដីជំនឿ
ព្រះទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ទាំងអស់ ។ ទ្រង់ចង់ឲ្យពួកគេទាំងអស់ត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់ចង់ឲ្យគ្រប់គ្នានៅស្របនឹងទំនុកតន្ដ្រីដ៏ពិសិដ្ឋនៃសេចក្ដីជំនឿ ។
នៅពេលដែលអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាចក្រ ជួបជាមួយនឹងសមាជិកទាំងអស់នៅទូទាំងពិភពលោក យើងឃើញដោយផ្ទាល់ខ្លួនពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយជាកម្លាំងមួយសម្រាប់ការណ៍ល្អ ។ យើងសូមសរសើរអ្នកចំពោះអ្វីៗទាំងអស់ដែលអ្នកបានធ្វើដើម្បីប្រសិទ្ធិពរជីវិតមនុស្សទាំងអស់ ។
ពួកយើងដែលមានការចាត់តាំងជាមួយនឹងកិច្ចការសាធារណៈ គឺប្រាកដជាដឹងថា មានគំនិតពួកអ្នកដឹកនាំ និង អ្នកសារព័ត៌មានជាច្រើនក្នុងសហរដ្ឋ និង ទូទាំងពិភពលោកបានបង្កើននូវការពិភាក្សាជាសាធារណៈអំពីសាសនាចក្រ និង សមាជិកនៃសាសនាចក្រ ។ កត្តាដែលស្របគ្នាមួយនោះ គឺសាសនាចក្រត្រូវបានគេស្គាល់កាន់តែច្រើន ។1
មនុស្សជាច្រើនដែលសរសេរពីសាសនាចក្រ បានខិតខំដោយអស់ពីចិត្តដើម្បីយល់ពីសមាជិករបស់យើង និង គោលលទ្ធិរបស់យើង ។ ពួកគេជាមនុស្សរាបសា ហើយបានព្យាយាមធ្វើដោយមិនលំអៀង ដែលយើងមានសេចក្ដីអំណរចំពោះការណ៍នេះ ។
យើងក៏ដឹងផងដែរថា មនុស្សជាច្រើនមិនបានយល់ពីរឿងរ៉ាវពិសិដ្ឋជាច្រើន ។ ប្រធាន រ៉ាប៊ី ឡត សាក់ មកពីប្រទេសអង់គ្លេស ដែលបាននិយាយទៅកាន់អ្នកដឹកនាំសាសនាកាតូលិករ៉ូម៉ាំងជាច្រើននាក់ កាលពីខែធ្នូមុននៅមហាវិទ្យាល័យ ប៉ុនទីហ្វីខល ហ្គ្រីចូរៀន បាននិយាយថា ៖ « ពួកអ្នកវិទ្យាសាស្រ្តដែលមិនជឿលើសាសនាយ៉ាងខ្លាំង ស្តាប់មិនឮទំនុកភ្លេងនៃសេចក្តីជំនឿនោះទេ » ។2
ទស្សនៈនិមិត្តដំបូងដ៏អស្ចារ្យក្នុងព្រះគម្ពីរមរមន គឺជាសុបិន្តដែលព្យាករណ៍ពីដើមឈើជីវិតរបស់លីហៃ ។3 ទស្សនៈនិមិត្តនេះ ពណ៌នាយ៉ាងសាមញ្ញពីឧបសគ្គចំពោះសេចក្ដីជំនឿដែលនៅមានក្នុងជំនាន់របស់យើង និងការញែកចេញពីគ្នាដ៏ខ្លាំងរវាងអ្នកដែលស្រឡាញ់, ថ្វាយបង្គំ និង មានអារម្មណ៍នៃការទទួលខុសត្រូវចំពោះព្រះ និង មនុស្សដែលមិនមានអ្វីសោះចំពោះព្រះ ។ លីហៃបានពន្យល់ពីការប្រព្រឹត្តមួយចំនួនដែលបំផ្លាញសេចក្ដីជំនឿ ។ មនុស្សមួយចំនួនមានអំនួត, ឥតប្រយោជន៍, និង ឆោតល្ងង់ ។ ពួកគេចាប់អារម្មណ៍តែលើអ្វីដែលគេគិតថាជាប្រាជ្ញាខាងលោកិយ ។4មនុស្សផ្សេងមានចំណាប់អារម្មណ៍លើព្រះដែរ ប៉ុន្ដែត្រូវវង្វេងនៅក្នុងអ័ព្ទនៃសេចក្ដីងងឹត និង អំពើបាបនៃលោកិយ ។5 អ្នកខ្លះបានភ្លក់សេចក្ដីស្រឡាញ់របស់ព្រះ និង ព្រះបន្ទូលរបស់ទ្រង់ដែរ ប៉ុន្ដែពួកគេមានការខ្មាស់អៀនចំពោះអ្នកដែលចំអកដាក់គេ ហើយពួកគេបានធ្លាក់តាមផ្លូវហាមឃាត់ទាំងឡាយ ។6
នៅទីបំផុត មានអ្នកដែលត្រូវនឹងទំនុកតន្រ្ដីនៃសេចក្ដីជំនឿ ។ អ្នកដឹងថា អ្នកជានរណា ។ អ្នកស្រឡាញ់ព្រះអម្ចាស់ និង ដំណឹងល្អរបស់ទ្រង់ ហើយបន្ដព្យាយាមដើម្បីរស់នៅ និង ចែកចាយសារលិខិតរបស់ទ្រង់ ជាពិសេសជាមួយនឹងគ្រួសាររបស់អ្នក ។7 អ្នកត្រូវចុះសម្រុងនឹងការបំផុសនៃព្រះវិញ្ញាណ, បានដាស់ចំពោះព្រះចេស្តានៃព្រះបន្ទូលរបស់ព្រះ, ប្រព្រឹត្តអាកប្បកិរិយាខាងសាសនានៅក្នុងផ្ទះរបស់អ្នក និង ព្យាយាមដោយឧស្សាហ៍ដើម្បីរស់នៅក្នុងជីវិតដូចជាព្រះគ្រីស្ទដូចជាពួកសិស្សរបស់ទ្រង់ ។
យើងដឹងថា អ្នករាល់គ្នារវល់ណាស់ ។ ដោយគ្មានការបម្រើអាជីពដែលទទួលបានប្រាក់កម្រៃ ទំនួលខុសត្រូវចំពោះការចាត់ចែងសាសនាចក្រពឹងលើអ្នកដែលជាសមាជិកដែលបានញែកចេញ ។ យើងដឹងថាវាជារឿងទូទៅសម្រាប់សមាជិកទាំងអស់នៃគណៈប៊ីស្សព និង គណៈប្រធានស្ដេក និង អ្នកផ្សេងទៀតជាច្រើនដើម្បីចំណាយពេលដ៏ច្រើនចំពោះការបម្រើដ៏លះបង់ ។ គណៈប្រធានអង្គការជំនួយ និង កូរ៉ុមទាំងអស់ គឺជាគំរូនៅក្នុងការលះបង់ដ៏ឥតកំណាញ់របស់ពួកគេ ។ ការបម្រើ និង ការលះបង់នេះ បានផ្តល់ឲ្យសមាជិកគ្រប់ៗរូបទាំងអស់ ចំពោះអ្នកដែលរក្សាកំណត់ត្រាស្មៀន គ្រូបង្រៀន និង គ្រូបង្រៀនសួរសុខទុក្ខដ៏ស្មោះត្រង់ និង អ្នកដែលបង្រៀនតាមថ្នាក់ទាំងអស់ ។ យើងមានសេចក្ដីអំណរចំពោះអ្នកដែលបម្រើដោយក្លាហានដូចជាក្រុមកាយរិទ្ធិ ឬ អ្នកដឹកនាំទារកដ្ឋានផងដែរ ។ អ្នកទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ និង ការកោតសរសើររបស់យើងចំពោះអ្វីដែលអ្នកបានធ្វើ និង ថាអ្នកជានរណា !
យើងទទួលស្គាល់ថា មានសមាជិកជាច្រើនដែលមិនសូវចាប់អារម្មណ៍ និង ស្មោះត្រង់ចំពោះការបង្រៀនមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ។ គោលបំណងរបស់យើងសម្រាប់សមាជិកទាំងនេះ គឺដើម្បីរំលឹកយ៉ាងពេញលេញចំពោះសេចក្ដីជំនឿ និង ដើម្បីបង្កើនសកម្មភាព និង ការប្ដេជ្ញារបស់ពួកគេ ។ ព្រះទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ទាំងអស់ ។ ទ្រង់ចង់ឲ្យពួកគេទាំងអស់ត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់ចង់ឲ្យគ្រប់គ្នានៅស្របនឹងទំនុកតន្ដ្រីដ៏ពិសិដ្ឋនៃសេចក្ដីជំនឿ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ គឺជាអំណោយសម្រាប់គ្រប់គ្នា ។
វាត្រូវតែបានបង្រៀន និង យល់ថា យើងស្រឡាញ់ និង គោរពដល់មនុស្សទាំងអស់ដែលលីហៃបានពណ៌នា ។8 សូមចាំថា យើងមិនមែនជាអ្នកថ្កោលទោសនោះទេ ។ ការថ្កោលទោសនោះ គឺជារបស់ព្រះអម្ចាស់ ។9 ប្រធាន ថូម៉ាស អេស ម៉នសុន បានសុំយើងយ៉ាងជាក់លាក់ឲ្យមាន « សេចក្ដីក្លាហានដើម្បីបញ្ឈប់ការថ្កោលទោសអ្នកដទៃ » ។10 គាត់ក៏បានសុំដល់សមាជិកដែលស្មោះត្រង់ទាំងអស់ឲ្យជួយសង្គ្រោះអ្នកដែលបានភ្លក់ផ្លែឈើនៃដំណឹងល្អ តែបានធ្លាក់ទៅវិញ ក៏ដូចជាអ្នកដែលមិនទាន់បានរកឃើញផ្លូវតូចហើយចង្អៀតដែរ ។ យើងអធិស្ឋានថា ពួកគេនឹងកាន់ដំបងដែក និង ទទួលទានសេចក្ដីស្រឡាញ់នៃព្រះ ដែលនឹងបំពេញ « ព្រលឹងវិញ្ញាណរបស់ពួកគេទៅដោយសេចក្ដីអំណរជាអតិបរមា » ។11
ខណៈពេលដែលការនិមិត្តរបស់លីហៃរួមមានមនុស្សទាំងអស់ គំនិតគោលលទ្ធិដ៏សំខាន់បំផុតនោះគឺសារសំខាន់ដ៏អស់កល្បនៃគ្រួសារ ។ « គ្រួសារគឺត្រូវបានតែងតាំងឡើងដោយព្រះ ។ វាគឺជាអង្គភាពដ៏សំខាន់បំផុតនៅវេលាកាលនេះ និង ដ៏នៅអស់កល្បជានិច្ច » ។12 នៅពេលដែលលីហៃបានទទួលទានផ្លែឈើនៃដើមឈើជីវិត ( សេចក្ដីស្រឡាញ់នៃព្រះ ) គាត់មានបំណងចង់ឲ្យ « គ្រួសារគាត់ ទទួលទានផ្លែឈើនោះដែរ » ។13
បំណងដ៏ធំរបស់យើង គឺចិញ្ចឹមកូនៗយើងនៅក្នុងសេចក្ដីពិត និង សេចក្តីសុចរិត ។ គោលការណ៍មួយដែលជួយយើងឲ្យសម្រេចការណ៍នេះបានគឺ ត្រូវជៀសវាងការថ្កោលទោសហួសហេតុពេកពីរបៀបដែលល្ងីល្ងើ ឬ មិនឆ្លាត ប៉ុន្ដែមិនមានបាបនោះ ។ ជាច្រើនឆ្នាំកន្លងទៅ នៅពេលដែលភរិយាខ្ញុំ និង ខ្ញុំមានកូនៗនៅផ្ទះ អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា វាសំខាន់ក្នុងការបែងចែកឲ្យដាច់រវាងកំហុសនៃយុវភាពដែលត្រូវការកែតម្រូវ និង អំពើបាបដែលត្រូវតែដាក់ទោស និង ប្រែចិត្ត ។14ពេលណាដែលខ្វះប្រាជ្ញា កូនៗយើងត្រូវការការបង្គាប់ ។ ពេលណាមានបាប ចាំបាច់ត្រូវមានការប្រែចិត្ត ។15 យើងឃើញថាវាជួយច្រើនក្នុងគ្រួសារយើងផ្ទាល់ ។
ការប្រតិបត្តិតាមសាសនានៅក្នុងផ្ទះ ប្រទានពរដល់ក្រុមគ្រួសារយើង ។ គំរូគឺពិតជាសំខាន់ ។ គំរូនៃការប្រព្រឹត្តិរបស់យើង មានប្រសិទ្ធភាពខាងពាក្យសម្តីយើងប្រាប់ទៅទៀត ។ ពេលខ្ញុំអាយុជិតប្រាំឆ្នាំ ម្ដាយខ្ញុំបានទទួលដំណឹងថា ប្អូនប្រុសគាត់បានស្លាប់នៅក្នុងសង្គ្រាម ដែលគាត់បានបម្រើ ដោយការទម្លាក់គ្រាប់បែកនៅឆ្នេរសមុទ្រជប៉ុនជិតចុងបញ្ចប់នៃសង្រ្គាមលោកលើកទី II ។16 ដំណឹងនេះធ្វើឲ្យគាត់តក់ស្លុត ។ គាត់រំជួលចិត្តយ៉ាងខ្លាំង ហើយបានចូលទៅបន្ទប់គេងបាត់ ។ មួយសន្ទុះក្រោយមក ខ្ញុំលបមើលក្នុងបន្ទប់ដើម្បីដឹងថាតើគាត់យ៉ាងម៉េចទៅហើយ ។ គាត់កំពុងលុតជង្គង់អធិស្ឋានក្បែរគ្រែ ។ ភាពស្ងប់ស្ងាត់ដ៏ខ្លាំងបានគ្របដណ្ដប់លើខ្ញុំ ដោយសារគាត់បានបង្រៀនខ្ញុំឲ្យអធិស្ឋាន និង ស្រឡាញ់ព្រះអង្គសង្រ្គោះ ។ នេះគឺជាគំរូដ៏សាមញ្ញដែលគាត់តែងបង្ហាញខ្ញុំ ។ កាលដែលអ្នកម្ដាយ និង ឪពុកអធិស្ឋានជាមួយកូនៗ អាចជាគំរូដ៏សំខាន់ជាងគំរូណាៗទាំងអស់ ។
សារលិខិត, ការបម្រើ និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើង គឺជាផ្នែកដ៏សំខាន់ដែលត្រូវបង្រៀននៅក្នុងគ្រួសារយើង ។ គ្មានបទគម្ពីរណា បង្ហាញពីសេចក្ដីជំនឿយើងជាង នីហ្វៃទី 2 25:26 ៖ « ហើយយើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។
គោលការណ៍គ្រឹះមួយដ៏សំខាន់នៅក្នុងទស្សនៈនិមិត្តរបស់លីហៃ គឺថាសមាជិកដែលស្មោះត្រង់ត្រូវតែកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច ដើម្បីឲ្យពួកគេនៅលើផ្លូវដ៏តូចហើយចង្អៀតដែលនាំទៅរកដើមឈើជីវិត ។ វាជាការណ៍ដ៏សំខាន់ចំពោះសមាជិកទាំងអស់ការអាន ពិចារណា និង សិក្សាព្រះគម្ពីរ ។17
ព្រះគម្ពីរមរមនគឺមានសារសំខាន់បំផុត ។18 មែនហើយ វាតែងមានអ្នកដែលបន្ទាបតម្លៃនៃសារសំខាន់ ឬក៏ទិតៀនព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។ អ្នកខ្លះបានប្រើជាការលេងសើច ។ មុនពេលខ្ញុំបម្រើបេសកកម្ម សាស្ដ្រាចារ្យនៅមហាវិទ្យាល័យម្នាក់ បានដកស្រង់សម្ដីរបស់ Mark Twain ថា ប្រសិនបើអ្នកយក « ហើយហេតុការណ៍បានកើតឡើងថា » ចេញពីព្រះគម្ពីរមរមន វា « នឹងក្លាយជាខិតប័ណ្ណតូចមួយប៉ុណ្ណោះ » ។19
ពីរបីខែក្រោយមក ពេលខ្ញុំកំពុងបម្រើបេសកកម្មនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គ្រូដែលធ្លាប់រៀននៅ អូកស្វត ដ៏ល្បីល្បាញម្នាក់នៅមហាវិទ្យាល័យទីក្រុងឡុង ជនជាតិអេហ្ស៊ីប ជាអ្នកជំនាញភាសាសេមីត បានអានព្រះគម្ពីរមរមនឆ្លើយឆ្លងជាមួយនឹងប្រធាន ដេវីឌ អូ មិកឃេហើយបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ គាត់បានប្រាប់ពួកគេថា គាត់ជឿថាព្រះគម្ពីរមរមនពិតជាការបកប្រែនៃការរៀនសូត្ររបស់ពួកសាសន៍យូដា និង ភាសាសាសន៍អេហ្ស៊ីបក្នុងអំឡុងពេលដែលបានពណ៌នាក្នុងព្រះគម្ពីរមរមនមែន ។20 ឧទាហរណ៍មួយក្នុងឧទាហរណ៍ជាច្រើនដែលគាត់ប្រើគឺ ឃ្លាភ្ជាប់សេចក្ដី « ហើយហេតុការណ៍បានកើតឡើងថា » អ្វីដែលគាត់បាននិយាយបានឆ្លុះបញ្ចាំងពីរបៀបដែលគាត់នឹងបកប្រែប្រយោគដែលបានប្រើនៅក្នុងការសរសេរនៃភាសាសេមីត ។21 សាស្ដ្រាចារ្យនោះត្រូវបានគេបា្រប់ថា ទោះជាគាត់មានប្រាជ្ញាខាងផ្នែកជំនាញរបស់គាត់ដែលអាចជួយដល់គាត់ក៏ដោយ ក៏វានៅតែសំខាន់ដើម្បីមានទីបន្ទាល់ខាងវិញ្ញាណដែរ ។ តាមរយៈការសិក្សា និង ការអធិស្ឋាន គាត់បានទទួលសាក្សីខាងវិញ្ញាណ ហើយបានជ្រមុជទឹក ។ ដូច្នេះអ្វីដែលអ្នកកំប្លែងដ៏ល្បីម្នាក់ចាត់ទុកថាជារឿងកំប្លែង អ្នកប្រាជ្ញម្នាក់យល់ថាជាភស្ដុតាងដ៏សំខាន់នៃសេចក្ដីពិតនៃព្រះគម្ពីរមរមន ដែលត្រូវបានបញ្ជាក់ទៅគាត់ដោយព្រះវិញ្ញាណ ។
គោលលទ្ធិដ៏សំខាន់នៃសិទ្ធិជ្រើសរើស តម្រូវឲ្យមានទីបន្ទាល់នៃដំណឹងល្អដែលបានស្ដារឡើងវិញដោយផ្អែកលើសេចក្ដីជំនឿជាជាងភស្ដុតាងខាងក្រៅ ឬ ខាងវិទ្យាសាស្ដ្រ ។ ការផ្ដោតលើអ្វីៗដែលមិនទាន់បានបើកសម្តែងទាំងស្រុង ដូចជាការប្រសូត្រពីស្ត្រីព្រហ្មចារី និង ការរស់ឡើងវិញនៃព្រះអង្គសង្រ្គោះដែលអាចកើតឡើងបាន ឬ ពីរបៀបដ៏ពិតដែល យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីររបស់យើង វាមិនមែនមិនមានប្រសិទ្ធិភាព ឬ រីកចម្រើនខាងវិញ្ញាណនោះទេ ។ ទាំងនេះជាបញ្ហានៃសេចក្ដីជំនឿ ។ ទីបំផុត ការប្រឹក្សារបស់មរ៉ូណៃក្នុងការអាន និង ពិចារណា ហើយបន្ទាប់មកសូមសួរដល់ព្រះដោយចិត្តស្មោះស គឺដោយអស់ពីចិត្ត ដោយមានបំណងពិតបា្រកដ ដើម្បីបញ្ជាក់ពីសេចក្ដីពិតរបស់ព្រះគម្ពីរតាមរយៈសាក្សីជាព្រះវិញ្ញាណ ជាចម្លើយ ។22 លើសពីនេះ នៅពេលដែលយើងបណ្ដុះនូវផ្នែកវិញ្ញាណដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់យើង ហើយរស់នៅតាមដំណឹងល្អ យើងនឹងបានប្រទានពរដោយព្រះវិញ្ញាណ និង ភ្លក់នូវសេចក្ដីល្អរបស់ទ្រង់ដោយអារម្មណ៍នៃសេចក្តីរីករាយ សុភមង្គល និង ជាពិសេសសេចក្ដីសុខសាន្ដ ។23
វាច្បាស់ណាស់ ការសិក្សាព្រះគម្ពីរយ៉ាងសកម្ម គឺជាគន្លឹះនៃភាពខុសគ្នារវាងអ្នកដែលស្ដាប់ទំនុកតន្ដ្រីនៃសេចក្ដីជំនឿ និង អ្នកដែលថ្លង់មិនឮ ឬ អ្នកមិនចង់ស្តាប់តន្ដ្រីនោះ ។ ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំពិតជាបានទទួលអារម្មណ៍យ៉ាងខ្លាំង នៅពេលដែលព្យាការីជាទីស្រឡាញ់ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបញ្ជាក់ពីតម្រូវការដើម្បីអាន និង សិក្សាព្រះគម្ពីរដោយឥតឈប់ឈរ ។ គាត់មានប្រសាសន៍ថា ៖ « ខ្ញុំឃើញថា នៅពេលដែលខ្ញុំមិនសូវយកចិត្តទុកដាក់ជាមួយនឹងព្រះ ហើយនៅពេលព្រះទ្រង់លែងស្តាប់ ឬ លែងមានបន្ទូល ខ្ញុំមានអារម្មណ៍ថាឃ្លាតកាន់តែឆ្ងាយទៅៗ ។ ប្រសិនបើខ្ញុំជ្រមុជខ្លួនឯងទៅក្នុងការសិក្សាព្រះគម្ពីរ នោះការឃ្លាតឆ្ងាយនឹងបង្រួម ហើយព្រះវិញ្ញាណនឹងត្រឡប់មកវិញ » ។24
ខ្ញុំសង្ឃឹមថាយើងនឹងអានព្រះគម្ពីរមរមនជាមួយនឹងកូនៗយើងជាទៀងទាត់ ។ ខ្ញុំបានពិភាក្សារឿងនេះជាមួយនឹងកូនៗខ្ញុំ ។ ពួកគេបានចែកចាយជាមួយនឹងខ្ញុំនូវការប្រតិបត្តិតាមពីរ ។ ទីមួយ ការតស៊ូអានព្រះគម្ពីរជារៀងរាល់ថ្ងៃជាក្រុមគ្រួសារ គឺជាគន្លឹះ ។ កូនស្រីដែលរីករាយរបស់ខ្ញុំ រៀបរាប់ពីការខិតខំពេលព្រឹកព្រលឹមរបស់ពួកគេជាមួយនឹងក្មេងជំទង់ភាគច្រើនក្នុងការអានព្រះគម្ពីរឲ្យទៀងទាត់ ។ នាង និង ស្វាមីនាងភ្ញាក់ឡើងពេលព្រឹកព្រលឹមទាំងងងុយដើរសួរតាមបង្កាន់ដៃជណ្តើរទៅកាន់បន្ទប់ដែលគ្រួសារពួកគេជុំគ្នាអានព្រះបន្ទូលព្រះ ។ ការតស៊ូ គឺជាចម្លើយ ហើយភាពកំប្លុកកំប្លែងអាចជួយ ។ វាតម្រូវឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំងពីសមាជិកគ្រួសារគ្រប់ៗរូបរាល់ថ្ងៃ ប៉ុន្ដែវាមានតម្លៃសិក្ត័សម ។ រាល់ឧបសគ្គរយៈពេលខ្លី គឺយកឈ្នះដោយការតស៊ូ ។
ទីពីរគឺ ពីរបៀបដែលកូនប្រុសពៅរបស់យើង និង ភរិយារបស់គេអានព្រះគម្ពីរជាមួយគ្រួសារក្មេងៗរបស់គេ ។ កូនពីរក្នុងចំណោមកូនបួនរបស់ពួកគេ មិនទាន់គ្រប់អាយុអាចអានបានទេ ។ សម្រាប់កូនអាយុប្រាំឆ្នាំ ពួកគេមានសញ្ញាម្រាមដៃប្រាំឲ្យគាត់ឆ្លើយតបដើម្បីឲ្យគាត់ចូលរួមពេញលេញនៅក្នុងការអានព្រះគម្ពីរជាគ្រួសារ ។ សញ្ញាសម្រាប់ម្រាមដៃ 1 គឺសម្រាប់ឲ្យគាត់ថាតាម ៖ « ហើយហេតុការណ៍បានកើតឡើងថា » នៅពេលណាដែលវាចេញមកក្នុងព្រះគម្ពីរមរមន ។ ខ្ញុំសូមសារភាពថា ខ្ញុំស្រឡាញ់កាលដែលឃ្លានោះមានជាញឹកញាប់ ។ ដោយចៃដន្យ ដោយសារចំណាប់អារម្មណ៍របស់គ្រួសារថ្មីមួយចំនួន សញ្ញាម្រាមដៃ 2 គឺ « ដោយហេតុនេះហើយទើបយើងឃើញ » ម្រាមដៃ 3, 4, និង 5 ត្រូវបានរើសដោយឪពុកម្ដាយគេអាស្រ័យលើពាក្យដែលមាននៅក្នុងជំពូកដែលពួកគេអាន ។
យើងដឹងថា ការសិក្សាព្រះគម្ពីរជាគ្រួសារ និង រាត្រីក្រុមគ្រួសារ មិនតែងតែឥតខ្ចោះនោះទេ ។ ដោយមិនខ្វល់ពីឧបសគ្គដែលអ្នកជួប សូមកុំបាក់ទឹកចិត្ត ។
សូមយល់ថា ការមានសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង ការធ្វើតាមព្រះបញ្ញត្តិរបស់ទ្រង់ តែងតែជាការសាកល្បងដែលបានកំណត់នៅក្នុងជីវិតរមែងស្លាប់នេះ ។ លើសពីនេះទៀតនោះ យើងម្នាក់ៗត្រូវតែដឹងថា នៅពេលដែលម្នាក់ថ្លង់ចំពោះទំនុកតន្ដ្រីនៃសេចក្ដីជំនឿ នោះគាត់នឹងនៅឆ្ងាយពីព្រះវិញ្ញាណ ។ ដូចព្យាការីនីហ្វៃបានបង្រៀនថា « បងរាល់គ្នាបានឮសម្លេងរបស់ព្រះអង្គ … ; ហើយទ្រង់មានព្រះបន្ទូលជាមួយនឹងបងរាល់គ្នាដោយសម្លេងតូចរហៀងៗ ប៉ុន្ដែបងរាល់គ្នាមានចិត្តវក់វិញ ទើបមិនអាចចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ព្រះអង្គឡើយ » ។25
គោលលទ្ធិរបស់យើងគឺច្បាស់ យើងត្រូវតែវិជ្ជមាន និង រីករាយឡើង ។ យើងសង្កត់ធ្ងន់លើសេចក្ដីជំនឿរបស់យើង មិនមែនសេចក្តីភ័យខ្លាចយើងទេ ។ យើងរីករាយនៅក្នុងការអះអាងរបស់ព្រះអម្ចាស់ថា ទ្រង់នឹងឈរនៅក្បែរយើង និង ផ្ដល់ឲ្យយើងនូវការណែនាំ និង ការចង្អុលបង្ហាញ ។26 ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ចំពោះដួងចិត្តយើងថា យើងមានព្រះវរបិតាជាទីស្រឡាញ់នៅលើស្ថានសួគ៌ ដែលមានផែនការណ៍ដ៏ករុណាសម្រាប់ការសង្គ្រោះយើងដែលនឹងត្រូវបានបំពេញនូវគ្រប់ផ្នែកទាំងអស់ ដោយសារការលះបង់ដ៏ធួននៃព្រះយេស៊ូវគ្រីស្ទ ។
នៅពេលដែល ណាអូមី ដបុលយូ រ៉េនដល ជាអ្នកនិពន្ធបទ ៖ « ខ្ញុំជាកូនរបស់ព្រះ » បានសរសេរថា ៖ « ព្រះវិញ្ញាណទ្រង់ដឹកនាំ សេចក្ដីស្រឡាញ់របស់ទ្រង់បានអះអាងថា ការភ័យខ្លាចនឹងចាកចេញនៅពេលយើងប្រកាន់ខ្ជាប់ក្នុងជំនឿ » ។27
ហេតុដូច្នេះហើយ សូមឲ្យយើងទៅកន្លែងណាក៏ដោយដែលនៅលើផ្លូវនៃភាពជាសិស្សនៅក្នុងទស្សនៈនិមិត្តរបស់លីហៃ សូមតាំងចិត្តរំលឹកខ្លួនយើង និង គ្រួសារយើងនូវបំណងដ៏ធំជាងដើម្បីប្រកាសរង្វាន់ដែលមិនអាចយល់បាននៃជីវិតដ៏អស់កល្បជានិច្ចរបស់ព្រះអង្គសង្រ្គោះ ។ ខ្ញុំអធិស្ឋានថា យើងនឹងនៅជាមួយទំនុកតន្ដ្រីនៃសេចក្ដីជំនឿ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីទេវភាពនៃព្រះយេស៊ូវគ្រីស្ទ និង ភាពពិតនៃដង្វាយធួនរបស់ទ្រង់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។