ឆ្នាំ ២០១០-២០១៩
អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌
មេសា 2012


អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌

អ្នកកាន់​បព្វជិតភាព ទាំង​ក្មេង ទាំងចាស់ ត្រូវការ​ទាំង​សិទ្ធិ​អំណាច និង​អំណាច---ជា​ការ​អនុញ្ញាត​ដ៏​ចាំបាច់ និង​សមត្ថភាព​ខាង​វិញ្ញាណ ដើម្បី​ធ្វើ​ជា​តំណាង​នៃ​ព្រះ ក្នុង​កិច្ចការ​នៃ​ក្ដី​សង្គ្រោះ ។

បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​អាច​ថ្វាយបង្គុំ​ជាមួយ​គ្នា​ជា​ក្រុម​ធំ​នៃ​អ្នក​កាន់​បព្វជិតភាព ។ ខ្ញុំ​ស្រឡាញ់ និង​សរសើរ​អ្នក សម្រាប់​ភាពសក្ដិសម និង​ឥទ្ធិពល​របស់​អ្នក​សម្រាប់​ភាពល្អ​នៅទូទាំង​ពិភពលោក ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​គិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ដែល​បាន​ចោទ​សួរ​ដល់​សមាជិក​សាសនាចក្រ ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ប្រធាន ដេវីឌ  អូ មិកឃេ ៖ « បើ​នៅ​ខណៈ​នេះ អ្នក​រាល់​គ្នា​ត្រូវបាន​សុំ​ឲ្យ​ថ្លែង​ប្រយោគ ឬ​ឃ្លា​មួយ ពី​លក្ខណៈ​ប្លែក​បំផុត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ តើ​អ្វី​ជា​ចម្លើយ​របស់​អ្នក ? » («The Mission of the Church and Its Members,», Improvement Era,, ខែ​វិច្ឆិកា ឆ្នាំ 1956, ទំព័រ 781) ។

ចម្លើយ​ដែល​ប្រធាន មិកឃេ បាន​ផ្ដល់​ដល់​សំណួរ​លោក​ផ្ទាល់​គឺ « សិទ្ធិអំណាច​ដ៍​ទេវភាព » នៃ​បព្វជិតភាព ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ឈរ​ដោយ​ឡែក​ពី​សាសនាចក្រ​ទាំងឡាយ​ផ្សេង​ទៀត ដែល​ប្រកាស​ថា អំណាច​របស់​ពួកគេ​គឺ​បាន​មកពី​ការផ្ទេរ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត, ពីព្រះគម្ពីរ, ឬ​ការហ្វឹកហ្វឺន​ខាង​សាសនា ។ យើង​ធ្វើ​ការ​ប្រកាស​ដោយ​ឡែក​ថា សិទ្ធិ​អំណាច​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដោយ​ការ​ដាក់​ដៃ​លើ​ដោយ​ផ្ទាល់​ពីពួកទូត​មក​ស្ថានសួគ៌ ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។

សាររបស់​ខ្ញុំ ផ្ដោត​លើ​បព្វជិតភាព​ដ៏​ទេវភាព​នេះ និង​អំណាច​នៃ​ស្ថានសួគ៌ ។ ខ្ញុំ​អធិស្ឋាន​ដោយ​ស្មោះត្រង់​សម្រាប់​ជំនួយ​ពី​ព្រះវិញ្ញាណ​ព្រះអម្ចាស់ កាល​ដែល​យើង​រៀន​ជាមួយ​គ្នា​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​ទាំងនេះ ។

សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព

បព្វជិតភាព​ជា​សិទ្ធិអំណាច​នៃ​ព្រះ ដែលផ្ដល់​ដល់​បុរស​ទាំងឡាយ​នៅលើ​ផែនដី ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​លោក ។ (សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, «The Example of Abraham,» Ensign, ខែ​មិថុនា ឆ្នាំ 1975, 3).បព្វជិតភាព​ជា​របៀប ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​តាមរយៈ​ពួកបុរស ដើម្បី​សង្គ្រោះ​ព្រលឹង​ទាំងឡាយ ។ លក្ខណៈ​ដ៏​តឹងរ៉ឹង​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ទាំង​ពី​បុរាណ និង​សព្វថ្ងៃ គឺ​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ ពុំ​អាច​មាន​សាសនាចក្រ​ពិត​បាន​ទេ បើ​គ្មាន​សិទ្ធិ​អំណាច​ដ៏​ទេវភាព ។

បុរស​ធម្មតា​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ភាពសក្ដិសម និង​ឆន្ទៈ​ជា​លក្ខណៈ​សម្បត្តិ​សម្រាប់​ការ​តែងតាំង​បព្វជិតភាព---មិនមែន​បទពិសោធន៍, ភាពជំនាញ, ឬ​ការអប់រំ នោះទេ ។

គំរូ​នៃ​ការទទួល​បាន​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព ត្រូវបាន​អធិប្បាយ​នៅក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ប្រាំ ៖ « យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ត្រូវតែ​បាន​ហៅ​ពី​ព្រះ ដោយ​ការព្យាករណ៍ និង​ដោយ​ការដាក់ដៃ​លើ ដោយ​អស់​អ្នកណា​ដែល​មាន​សិទ្ធិអំណាច ដើម្បី​នឹង​ផ្សាយ​ដំណឹងល្អ ហើយ​ប្រព្រឹត្ត​ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។ ដូច្នេះ ក្មេងប្រុស ឬ​បុរស​ម្នាក់ ទទួល​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ហើយ​ត្រូវបាន​តែងតាំង​ក្នុង​មុខតំណែង​ជាក់លាក់​មួយ ដោយ​នរណា​ម្នាក់​ដែល​កាន់​បព្វជិតភាព​រួចហើយ និង​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិអំណាច​ឲ្យ ដោយ​អ្នក​ដឹកនាំ​ម្នាក់​ដែល​មាន​កូនសោរ​បព្វជិតភាព​ចាំបាច់ ។

អ្នក​កាន់បព្វជិតភាព​ម្នាក់​ត្រូវបាន​រំពឹង​ឲ្យ​អនុវត្ត​សិទ្ធិអំណាច​ដ៏​ពិសិដ្ឋ​នេះ ឲ្យ​ស្រប​ទៅ​នឹង​ព្រះបំណង និង​ព្រះហឫទ័យ​ដ៏​បរិសុទ្ធ​របស់​ព្រះ ។ បព្វជិតភាព​គឺ​មិន​គិត​តែពីខ្លួន​ឯង​នោះទេ ។ បព្វជិតភាព​តែងតែ​ត្រូវបាន​ប្រើ ដើម្បី​បម្រើ, ផ្ដល់​ពរ, និង​ពង្រឹង​អ្នក​ផ្សេងទៀត ។

បព្វជិតភាព​ខ្ពស់ជាង ត្រូវ​ទទួល​ដោយ​សេចក្ដី​សញ្ញា​ដ៏​តឹងរ៉ឹង ដែល​រួម​មាន​កាតព្វកិច្ច ដើម្បី​ធ្វើ​ការ​ដោយ​នូវ​សិទ្ធិអំណាច ( សូមមើល គ. និង ស. 68:8 ) និង​ក្នុង​តំណែង ( គ. និង ស. 107:99 ) ដែល​បានទទួល ។ ក្នុង​នាម​ជ​អ្នកកាន់​សិទ្ធិអំណាច​ដ៏​បរិសុទ្ធ​របស់​ព្រះ យើង​ជា​ភ្នាក់ងារ​ដើម្បី​ធ្វើ ពុំមែន​ជាកម្មវត្ថុ​ដែល​ទទួល​សកម្មភាព​នោះទេ ( សូមមើល នីហ្វៃទី 2 2:26 ) ។ ជា​ធម្មតា​បព្វជិតភាព​គឺ​អ្នក​ធ្វើអំពើ ជាជាង​រង​អំពើ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ៖

« វាមិនគ្រប់គ្រាន់​ទេ ក្នុង​ការទទួល​បព្វជិតភាព ហើយ​បន្ទាប់​មក អង្គុយ​ចុះ​ដោយ​អកម្ម ហើយ​រង់ចាំ​រហូត​ដល់​នរណាម្នាក់​ចាក់​យើង​ឲ្យ​ធ្វើ​សកម្មភាព​នោះ ។ ពេល​យើង​ទទួល​បព្វជិតភាព យើង​មាន​កាតព្វកិច្ច​ក្លាយ​ជា​សកម្ម ហើយ​ចូលរួម​យ៉ាង​ស្វាហាប់​ក្នុង​ការ​ជម្រុញ​បុព្វហេតុ​សុចរិត​នៅលើ​ផែនដី ព្រោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖

«‹ … អ្នកណា​ដែល​មិន​ប្រព្រឹត្ត​អ្វី​សោះឡើយ ទាល់តែ​អ្នក​នោះ​ត្រូវបានបញ្ជា ហើយ​ទទួល​បញ្ញត្តិ​នោះ ដោយ​ចិត្តសង្ស័យ ហើយ​កាន់តាម​ដោយ​ចិត្ត​ខ្ជិល​ច្រអូស អ្នក​នោះ​ឈ្មោះ​ថា​ជាប់​ទោសហើយ› [ គ. និង ស. 58:29] » (So Shall Ye Reap [ឆ្នាំ 1960], ទំព័រ 21) ។

ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ពី​លក្ខណៈ​សកម្ម​របស់​បព្វជិតភាព ។ « បុរស​ម្នាក់​បំបាក់​សេចក្ដី​សញ្ញា​បព្វជិតភាព ដោយ​ការ​រំលង​បទបញ្ញត្តិ​ទាំងឡាយ---តែ​ក៏​ដោយ​ព្រោះ​ការមិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ផងដែរ ។ ដោយ​ព្រោះ​ហេតុ​នេះ ដើម្បី​បំបាក់​សេចក្ដី​សញ្ញា​នេះ បុរស​ម្នាក់​គ្រាន់តែ​មិន​ធ្វើ​អ្វី​សោះ​ឡើយ » (The Miracle of Forgiveness [ឆ្នាំ 1969], ទំព័រ 96) ។

ពេល​យើង​ធ្វើ​អស់​ពី​សមត្ថភាព​យើង ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​បព្វជិតភាព​របស់​យើង នោះ​យើង​អាច​ទទួល​ពរជ័យ​អំណាច​បព្វជិតភាព ។ អំណាច​បព្វជិតភាព​ជា​អំណាច​នៃ​ព្រះ ដែល​ធ្វើការ​តាម​រយៈ​បុរស និង​យុវជន​ទាំងឡាយ ដូច​ជា​យើង ហើយ​តម្រូវ​ភាព​សុចរិត​ផ្ទាល់ខ្លួន, ការប្រតិបត្តិ, និង​ភាពឧស្សាហ៍ ។ យុវជន ឬ​បុរស​ម្នាក់ អាច​ទទួល​សិទ្ធិអំណាច​បព្វជិតភាព ដោយ​ការ​ដាក់ដៃ​លើ ប៉ុន្តែ​នឹង​ពុំ​មាន​អំណាច​បព្វជិតភាព​ទេ ប្រសិនបើ​គេ​មិន​គោរព​ប្រតិបត្តិ, មិនសក្តិសម, ឬ​មិន​មាន​ឆន្ទៈ​បម្រើ ។

« សិទ្ធិ​ទាំងឡាយនៃ​បព្វជិតភាព គឺ​ជាប់​ជាមួយ​នឹង​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ... ហើយ ... ​អំណាច​នៃ​ស្ថានសួគ៌​ពុំ​អាច​ត្រួតត្រា ឬ​កាន់កាប់​បាន​ឡើយ លើកលែង​តែ​ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ។

« ឯ​សិទ្ធិ​ទាំងឡាយ​អាច​បាន​ប្រទាន​មក​លើ​យើង នោះ​ពិតមែន​ហើយ ប៉ុន្តែ​នៅ​ពេល​យើង​ខំ​ស្វែងរក​ផ្លូវ ដើម្បី​លាក់​អំពើបាប​ទាំងឡាយ​របស់​យើង ឬ​ដើម្បី​បំពេញ​សេចក្ដី​ឆ្មើងឆ្មៃរបស់យើង សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ឥត​ប្រយោជន៍​របស់​យើង ឬ​ដើម្បី​អនុវត្ត​ការ​ត្រួតត្រា ឬ​ការគ្រប់គ្រង ឬ​ការបង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូនចៅ​មនុស្ស ដោយ​នូវ​សេចក្ដី​ឥត​សុចរិត​ណាមួយ មើលចុះ ស្ថានសួគ៌​ដកខ្លួន​ចេញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថប់បារម្ភ ហើយ​កាលណា​ព្រះវិញ្ញាណ​ថយចេញ បព្វជិតភាព ឬ​សិទ្ធិ​អំណាច​នៃ​មនុស្ស​នោះ​ត្រូវបាន​បញ្ចប់ » ( គ. និង ស. 121:36–37 កន្លែង​សង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ។

បងប្អូន​ប្រុស​ទាំងឡាយ សម្រាប់​យុវជន ឬ​បុរស​ម្នាក់ ដែល​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព តែ​មិនយក​ចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើម្បី​ឲ្យ​សក្ដិសម​ទៅ​នឹង​អំណាច​បព្វជិតភាព គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ព្រះអម្ចាស់ ។ អ្នកកាន់​បព្វជិតភាព ទាំង​ក្មេង ទាំងចាស់ ត្រូវការ​ទាំង​សិទ្ធិ​អំណាច និង​អំណាច---ជា​ការ​អនុញ្ញាត​ដ៏​ចាំបាច់ និង​សមត្ថភាព​ខាង​វិញ្ញាណ ដើម្បី​ធ្វើ​ជា​តំណាង​នៃ​ព្រះ ក្នុង​កិច្ចការ​នៃ​ក្ដី​សង្គ្រោះ ។

មេរៀន​មួយ​ពី​ឪពុក​ខ្ញុំ

ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ក្នុង​ផ្ទះ​ដែល​មាន​ម្ដាយ​ដ៏​ស្មោះត្រង់ និង​ឪពុក​ដ៏​អស្ចារ្យ ។ ម្ដាយ​ខ្ញុំ​ជា​កូនចៅ​អ្នក​ត្រួសត្រាយ ដែល​បាន​លះបង់​អ្វី​គ្រប់​យ៉ាង​សម្រាប់​សាសនាចក្រ និង​នគរ​នៃ​ព្រះ ។ ឪពុក​ខ្ញុំ​មិន​មែន​ជា​សមាជិក​សាសនាចក្រ​យើង​ទេ ហើយ​កាលនៅ​ជា​យុវជន គាត់​មាន​បំណង​ដើម្បី​ក្លាយ​ជា​សង្ឃ Catholic ម្នាក់ ។ ទី​បំផុត គាត់​បាន​ជ្រើសរើស​មិន​ចូលរួម​សិក្ខាសាលា​ខាង​សាសនា​ទេ ហើយ​បាន​ប្រកប​របរ​ជា​អ្នក​ធ្វើ​ប្រដាប់​ប្រដា និង​អ្នក​ជ្រលក់ពណ៌​វិញ ។

ភាគច្រើន​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់ គាត់​បាន​ចូលរួម​ការប្រជុំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ជាមួយ​គ្រួសារ​យើង ។ តាមពិត មនុស្ស​ជាច្រើន​ក្នុង​វួដ​យើង មិន​ដឹង​ទេ​ថា ឪពុកខ្ញុំ​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ។ គាត់​បាន​លេង និង​បាន​បង្វឹក​ក្រុមបាល់​ក្នុង​វួដ​យើង, បាន​ជួយ​ក្នុង​សកម្មភាពកាយរិទ្ធ, និង​បាន​គាំទ្រ​ម្ដាយ​ខ្ញុំ​ក្នុង​តួនាទី និង​ទំនួល​ខុស​ត្រូវ​ផ្សេងៗ​របស់​គាត់ ។ ខ្ញុំ​ចង់​ប្រាប់​អ្នក អំពី​មេរៀន​អស្ចារ្យ​មួយ ដែល​ខ្ញុំ​បាន​រៀន​ពី​ឪពុក​ខ្ញុំ អំពី​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព ។

កាល​ជា​ក្មេងប្រុស​ម្នាក់ ខ្ញុំ​បាន​សួរ​ឪពុកខ្ញុំ​ជា​ច្រើន​ដង រៀងរាល់​សប្ដាហ៍​ថា ពេលណា​គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ រាល់​ពេល​ខ្ញុំ​សួរ​គាត់​ច្រំដែល គាត់​បាន​ឆ្លើយ​តប​ដោយ​ក្ដី​ស្រឡាញ់ តែ​មុតមាំ​ថា ៖ « David ប៉ា​នឹង​មិន​ចូលរួម​សាសនាចក្រ​ព្រោះ​តែ​ម្ដាយ​កូន, ព្រោះ​តែ​​កូន, ឬ​ព្រោះ​តែ​នរណា​ម្នាក់​ផ្សេងទៀត​នោះ​ទេ ។ ប៉ា​នឹង​ចូលរួម​សាសនាចក្រ ពេល​ប៉ាដឹង​ថា វា​ជា​អ្វី​ដែល​ត្រឹមត្រូវ » ។

ខ្ញុំ​ជឿ​ថា ខ្ញុំ​ទើប​ជា​ក្មេងជំទង់ ពេល​ដែល​ការសន្ទនា​បន្ទាប់​ទៀត​បាន​កើតឡើង​ជាមួយ​ឪពុក​ខ្ញុំ ។ យើង​ទើប​បាន​ត្រឡប់​មក​ផ្ទះ ពី​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​ជាមួយ​គ្នា ហើយ​ខ្ញុំ​បាន​សួរ​ឪពុក​ខ្ញុំ​ថា ពេលណាគាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ គាត់​ញញឹម ហើយ​និយាយ​ថា « កូន​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​សួរ​ប៉ា​ពី​រឿង​ជ្រមុជទឹក ។ ថ្ងៃនេះ ប៉ា​មាន​សំណួរ​មួយ​សម្រាប់​កូន » ។ ខ្ញុំ​ធ្វើ​ការសន្និដ្ឋាន​ដោយ​ប្រញាប់​ប្រញាល់ និង​ដោយ​រំភើប ថា​យើង​មាន​ដំណើរការ​ទៅមុខ​ហើយ !

ឪពុក​ខ្ញុំ​បន្ត​ថា « David សាសនាចក្រ​កូន​បង្រៀន​ថា បព្វជិតភាព​ត្រូវបាន​ដកចេញ​ពី​ផែនដី​ក្នុង​គ្រាបុរាណ ហើយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​ទូត​ស្ថានសួគ៌ ដល់​ព្យាការី យ៉ូសែប ស៊្មីធ មែនទេ ? » ខ្ញុំ​បាន​ឆ្លើយ​តប​ថា នោះ​ជា​ការត្រឹមត្រូវ​ហើយ ។ បន្ទាប់​មក គាត់​និយាយ​ថា « នេះ​ជា​សំណួរ​របស់​ប៉ា ។ រៀងរាល់​សប្ដាហ៍​ក្នុង​ការប្រជុំ​បព្វជិតភាព ប៉ា​ស្ដាប់​ប៊ីស្សព និង​អ្នកដឹកនាំ​បព្វជិតភាព​ផ្សេងទៀត​រំឭក, សូម, និង​អង្វរ​ដល់​បុរស​ទាំងឡាយ ឲ្យ​ធ្វើ​ការបង្រៀន​តាមផ្ទះ និង​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​របស់​ពួកគេ ។ បើ​សាសនាចក្រ​របស់​កូន​ពិត​ជា​មាន​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះ ហេតុអ្វី​បុរស​ជាច្រើន​ក្នុង​សាសនាចក្រ​កូន មិន​មាន​អ្វី​ខុសគ្នា​ពី​ពួក​បុរស​នៅ​សាសនា​ប៉ា​ទេ គឺ​ពួក​គេ​ធ្វើ​កាតព្វកិច្ច​សាសនា​របស់​ពួកគេ​ដែរ ? » គំនិត​ដ៏​ក្មេងខ្ចី​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​ទទេស្អាត​ទាំងស្រុង​មួយរំពេច ។ ខ្ញុំ​មិន​មាន​ចម្លើយ​គ្រប់គ្រាន់​សម្រាប់​ឪពុក​ខ្ញុំ​ទេ ។

ខ្ញុំ​ជឿ​ថា​ឪពុក​ខ្ញុំ​ខុស ដែល​កាត់សេចក្ដី​សុពលភាព​នៃ​ការប្រកាស​របស់​សាសនាចក្រ​យើង​អំពី​សិទ្ធិ​អំណាច​ដ៏​ទេវភាព ដោយ​ភាព​ខ្វះ​ចន្លោះ​របស់​បុរស​ទាំងឡាយ​ដែល​គាត់​បាន​ប្រាស្រ័យ​ទាក់ទង​ក្នុង​វួដ​យើង ។ ប៉ុន្តែ​សម្រាប់ខ្ញុំ ការសន្មត់​ដែល​បង្កប់​នៅក្នុង​សំណួរ​របស់​គាត់ គឺ​ជា​ការ​ត្រឹមត្រូវ ដែល​ថា បុរស​ដែល​កាន់​បព្វជិតភាព​បរិសុទ្ធ​របស់​ព្រះ គួរ​តែ​មានភាពខុសប្លែក​ពី​បុរស​ដទៃ​ទៀត ។ បុរស​ទាំងឡាយ​ដែល​កាន់បព្វជិតភាព​គឺ​មិន​ល្អ​ជាង​បុរស​ផ្សេងៗ​នោះទេ តែ​ពួកគេ​គួរ​តែ​ប្រព្រឹត្ត​ខុសប្លែក​ពី​គេ ។ បុរស​ទាំងឡាយ​ដែល​កាន់បព្វជិតភាព​មិន​គួរ​គ្រាន់តែ​ទទួល​សិទ្ធិអំណាច​បព្វជិតភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រែ​ជា​មាន​ភាពសក្តិសម និង​ជា​បណ្ដាញ​ដ៏​ស្មោះត្រង់​ដើម្បី​បាន​អំណាច​នៃ​ព្រះ​ផងដែរ ។ « ចូរ​អ្នក​រាល់​គ្នា​ដែល​កាន់​ប្រដាប់​ទាំងឡាយ​នៃ​ព្រះអម្ចាស់​បានជ្រះស្អាត​ចុះ » ( គ. និង ស. 38:42 ) ។

ខ្ញុំ​មិនដែល​ភ្លេច​ពី​មេរៀន​ទាំងឡាយ អំពី​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព ដែល​ខ្ញុំ​បាន​រៀន​ពី​ឪពុក​ខ្ញុំ​នោះទេ ជា​បុរស​ល្អ​ម្នាក់​ដែល​មិន​មែន​នៅ​ក្នុង​ជំនឿ​ដូច​យើង ជា​បុរស​ដែល​រំពឹង​ច្រើន​ថែមទៀត​ពី​បុរស​ទាំងឡាយ​ដែល​ប្រកាស​ថា កាន់​បព្វជិតភាព​នៃ​ព្រះ ។ ការសន្ទនា​ជាមួយ​ឪពុក​ខ្ញុំ នា​រសៀល​ថ្ងៃ​អាទិត្យ​នោះ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ បាន​បង្កើត​សេចក្ដី​ប្រាថ្នា​ក្នុង​ខ្លួន​ខ្ញុំ​ឲ្យ​ធ្វើ​ជា « យុវជន​ល្អ » ម្នាក់ ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​គំរូ​អាក្រក់ និង​ជាថ្មជំពប់​ចំពោះ​ការរីកចម្រើន​ក្នុង​រៀន​របស់​ឪពុក​ខ្ញុំ​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះទេ ។ និយាយ​សាមញ្ញ​ទៅ គឺ​ខ្ញុំ​ចង់​ក្លាយ​ជា​ក្មេង​ល្អ ។ ព្រះអម្ចាស់​ត្រូវការ​យើង​ទាំងអស់​គ្នា​ជា​អ្នក​កាន់​សិទ្ធិអំណាច​ទ្រង់ ឲ្យ​ប្រកប​ដោយ​កិត្តិយស, គុណធម៌, និង​ជា​ក្មេងល្អ នៅ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ។

អ្នក​អាច​ចាប់អារម្មណ៍​ចង់​ដឹង​ថា ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ឪពុក​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ហើយ​នៅពេល​វេលា​សមរម្យ ខ្ញុំ​បាន​មាន​ឱកាស​ប្រគល់​បព្វជិតភាព​អើរ៉ុន និង​មិលគីស្សាដែក​ដល់​គាត់ ។ បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​ខ្ញុំ គឺការ​ឃើញ​ឪពុក​ខ្ញុំ​ទទួល​សិទ្ធិអំណាច និង​ទីបំផុត គឺ​អំណាច​នៃ​បព្វជិតភាព ។

ខ្ញុំ​ចែកចាយ​មេរៀន ដែល​ខ្ញុំ​បាន​រៀន​ពី​ឪពុក​ខ្ញុំ​នេះ ដល់​អ្នក ដើម្បី​សង្កត់​ធ្ងន់​លើ​សេចក្ដី​ពិត​ដ៏​សាមញ្ញ​មួយ ។ ការទទួល​សិទ្ធិ​អំណាច​បព្វជិតភាព ដោយ​ការ​ដាក់​ដៃ​លើ ជា​ការចាប់​ផ្ដើម​ដ៏​សំខាន់​មួយ តែ​វា​មិនគ្រប់​គ្រាន់ទេ ។ ការតែងតាំង​ផ្ដល់​នូវ​សិទ្ធិអំណាច តែ​តម្រូវ​ឲ្យ​មាន​ភាពសុចរិត ដើម្បី​ធ្វើការ​ដោយ​អំណាច កាល​ដែល​យើង​ព្យាយាម​លើក​ព្រលឹង​ទាំងឡាយ​ឡើង, បង្រៀន និង​ថ្លែង​ទីបន្ទាល់, ផ្ដល់​ពរ និង​ប្រឹក្សា, និង​ពង្រីក​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

ក្នុង​គ្រា​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្រ្ត​ផែនដី​នេះ អ្នក និង​ខ្ញុំ ដែល​ជា​អ្នក​កាន់​បព្វជិតភាព ត្រូវ​ធ្វើ​ជា​បុរស​សុចរិត និង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ព្រះហស្ដ​នៃ​ព្រះ ។ យើង​ត្រូវ​ក្រោកឡើង​ក្នុង​នាម​ជា​បុរស​នៃ​ព្រះ ។ វា​ជាការល្អ​សម្រាប់​យើង ដើម្បី​រៀន និង​យកចិត្តទុកដាក់​ដល់​គំរូ​របស់​នីហ្វៃ ជា​ចៅ​របស់​ហេលេមិន និង​ជា​សាវក​ទីមួយ​នៃ​សាវក​ដប់ពីរនាក់ ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​ដំបូង​នៃ​ការ​បម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួក​នីហ្វៃ ។ « ហើយ​ [នីហ្វៃ] ​បាន​ធ្វើ​ការងារ​បម្រើ​ជាច្រើន​ដល់​ពួកគេ … ហើយ​នីហ្វៃ​បាន​ធ្វើការងារ​បម្រើ​ដោយ​អានុភាព និង​សិទ្ធិអំណាច​ដ៏​ធំ » ( នីហ្វៃទី 3 7:17 ) ។

«សូមជួយ​ស្វាមី​ខ្ញុំ​ឲ្យ​យល់​ផង»

នៅ​ការបញ្ចប់​នៃ​ការសម្ភាសន៍​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​នាម​ជា​ប៊ីស្សព និង​ជា​ប្រធាន​ស្តេក ជាញឹកញាប់​ខ្ញុំ​សួរ​បងប្អូន​ស្ត្រី​ដែល​រៀបការ​ហើយ​ថា តើ​ខ្ញុំ​អាច​បម្រើ​ពួកគេ និង​គ្រួសារគេ​ឲ្យ​បាន​ល្អ​បំផុត​ដោយ​របៀបណា ។ ជានិច្ចកាល ចម្លើយ​ដែល​ខ្ញុំ​បានទទួល​ពី​ស្ត្រី​ដ៏​ស្មោះត្រង់​ទាំងនោះ គឺ​គួរ​ឲ្យ​រៀន​សូត្រ​ផង និង​ក្រើនរំឭក​ផង ។ បងប្អូន​ស្ត្រី​កម្រ​ត្អូញត្អែរ ឬ​រិះគន់ តែ​ជាញឹកញាប់ ពួកគេ​បាន​ឆ្លើយ​តប​ដូច​តទៅនេះ ៖ « សូមជួយ​ស្វាមី​ខ្ញុំ​ឲ្យ​យល់​ពី​ទំនួល​ខុសត្រូវ​របស់​គាត់ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់​នៅក្នុង​ផ្ទះ​យើង​ផង ។ ខ្ញុំ​សប្បាយ​ចិត្តនឹង​ដឹកនាំ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ, ការអធិស្ឋាន​ជា​គ្រួសារ, និង​រាត្រី​ក្រុមគ្រួសារ, ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ដូច្នោះ ។ តែ​ខ្ញុំ​ប្រាថ្នា​ថា ស្វាមី​ខ្ញុំ​នឹង​ធ្វើ​ជា​ដៃគូ​ស្មើ​គ្នា ហើយ​ផ្ដល់​នូវភាព​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​ដ៏​រឹងមាំ ដែល​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​បាន ។ សូម​ជួយ​ស្វាមី​ខ្ញុំ​ឲ្យ​រៀន​ពី​របៀប​ក្លាយ​ជា​លោកអយ្យកោ និង​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់​ក្នុង​ផ្ទះ​យើង ដែល​ធ្វើជា​អធិបតី និង​ការពារ » ។

ជាញឹកញាប់​ខ្ញុំ​គិត​ពី​ភាពស្មោះត្រង់​របស់​បងប្អូន​ស្ត្រី និង​សំណូមពរ​ពួកគេ ។ អ្នក​ដឹកនាំ​បព្វជិតភាព​ទាំងឡាយ​ឮ​នូវ​កង្វល់​ស្រដៀងគ្នា​នេះ នៅ​សព្វថ្ងៃ​នេះ ។ ភរិយា​ជាច្រើន​កំពុង​សូម​អង្វរ​សម្រាប់​ពួកស្វាមី​ដែល​មិនត្រឹម​តែ​មាន​សិទ្ធិអំណាច​បព្វជិតភាព​ប៉ុណ្ណោះ​ទេ តែ​អំណាច​បព្វជិតភាព​ផងដែរ ។ ពួកគេ​ចង់​បាន​ជាខ្លាំង​ដើម្បី​បាន​ទឹមនឹម​ស្រៀក​គ្នា​ជាមួយ​នឹង​ស្វាមី​ដ៏​ស្មោះត្រង់ និង​ដៃគូ​បព្វជិតភាព ក្នុង​ការ​កសាង​ផ្ទះ​មួយ​ដែល​មាន​ព្រះគ្រីស្ទ និង​ដំណឹងល្អ​ជា​ចំនុច​កណ្ដាល ។

បងប្អូន​ប្រុស ខ្ញុំ​សន្យា​ថា បើ​អ្នក និង​ខ្ញុំ ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​នូវ​ការ​អង្វរ​របស់​បងប្អូន​ស្ត្រី​ទាំងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង ឲ្យ​មើលឃើញ​ខ្លួន​យើង​ជា​អ្វី​ពិត​ប្រាកដ ( សូមមើល គ. និង ស. 93:24 ) ហើយ​ជួយ​យើង​ទទួល​ស្គាល់​នូវ​ការណ៍​ទាំងឡាយ ដែល​យើង​ត្រូវ​ផ្លាស់​ប្ដូរ និង​កែលម្អ ។ ហើយ​ពេល​វេលា​ដើម្បី​ធ្វើ​វា គឺ​ឥឡូវ​នេះ​ឯង !

សូម​ធ្វើ​ជា​គំរូ​នៃ​ពួកសុចរិត

យប់​នេះ ខ្ញុំនិយាយ​ម្ដង​ទៀត នូវ​ការ​បង្រៀន​របស់​ប្រធាន ថូម៉ាស  អេស ម៉នសុន ដែល​បាន​អញ្ជើញ​យើង​ជា​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ធ្វើ​ជា « គំរូ​នៃ​ពួកសុចរិត » ។ លោក​បាន​រំឭក​យើង​ម្ដងហើយ​ម្ដង​ទៀត​ថា យើង​នៅក្នុង​បេសកកម្ម​របស់​ព្រះអម្ចាស់ ហើយ​មាន​សិទ្ធិ​ទទួល​ជំនួយ​របស់​ទ្រង់ ដោយសម្អាង​លើ​ភាពសុចរិត​របស់​យើង ( សូមមើល «Examples of Righteousness,» Liahona និង Ensign, ខែ​ឧសភា ឆ្នាំ 2008, ទំព័រ 65–68 ) ។ អ្នក និង​ខ្ញុំកាន់​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​បាន​នាំមក​ផែនដី​វិញ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ដោយ​ទូត​ស្ថានសួគ៌ យ៉ូហាន​បាទីស្ទ និង​ពេត្រុស, យ៉ាកុប, និង​យ៉ូហាន ។ ហេតុ​នេះ​ហើយ បុរស​គ្រប់​រូប​ដែល​ទទួល​បព្វជិតភាព​មិលគីស្សាដែក​អាច​រៀបរាប់​ពី​ខ្សែច្រវាក់​សិទ្ធិអំណាច​របស់​គាត់​ផ្ទាល់​មក​ពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​សង្ឃឹម​ថា យើង​មាន​អំណរគុណ​សម្រាប់​ពរជ័យ​ដ៏​អស្ចារ្យ​នេះ ។ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ស្អាតស្អំ និង​សក្តិសម ដើម្បី​ធ្វើ​ជា​តំណាង​នៃ​ព្រះអម្ចាស់ កាលដែល​យើង​អនុវត្ត​សិទ្ធិអំណាច​ដ៏​ពិសិដ្ឋ​របស់ទ្រង់ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​សក្តិសម​សម្រាប់​អំណាច​បព្វជិតភាព ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា បព្វជិតភាព​ដ៏​បរិសុទ្ធ​ពិត​ជា​បាន​ស្ដារ​ឡើងវិញ​ដល់​ផែនដី ក្នុង​ថ្ងៃចុងក្រោយ​នេះ ហើយ​មាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ប្រធាន ថូម៉ាស  អេស ម៉នសុន ជា​សង្ឈជាន់ខ្ពស់​អធិបតី លើ​សង្ឃជាន់ខ្ពស់​ក្នុង​សាសនាចក្រ ( គ. និង ស. 107:9, 22, 65–66, 91–92 ) ហើយ​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅលើ​ផែនដី ដែល​កាន់ និង​មាន​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​នូវ​កូនសោ​ទាំងអស់​នៃ​បព្វជិតភាព ។ ក្នុង​សេចក្ដី​ពិត​ទាំងនេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​រឹងមាំ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាមែន ។