ការរត់ប្រណាំងនៃជីវិត
តើយើងបានមកពីណា ? ហេតុអ្វីយើងនៅទីនេះ ? តើយើងនឹងទៅ កន្លែងណាបន្ទាប់ពីយើងចាកចេញពីជីវិតនេះ ?ឈប់ជាសំណួរទូទៅដែលគ្មានចម្លើយទៀតហើយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ នាព្រឹកនេះ ខ្ញុំចង់និយាយទៅកាន់អ្នកអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច-- ជាសេចក្ដីពិតទាំងឡាយដែលលម្អជីវិតរបស់យើង និងមើលឃើញយើងទៅកាន់ផ្ទះដោយសុវត្ថិភាព ។
មនុស្សមានភាពប្រញាប់ប្រញាល់នៅគ្រប់ទីកន្លែង ។ យន្ដហោះ ហោះហើយដឹកអ្នកធ្វើដំណើរដ៏មានតម្លៃរបស់ពួកគេឆ្លងកាន់ទ្វីប និងមហាសមុទ្រធំៗដើម្បីទៅចូលរួមក្នុងការប្រជុំអាជីវកម្មរបស់ពួកគេ, បំពេញកាតព្វកិច្ច, រីករាយវិស្សមកាល, ឬសួរសុខទុក្ខគ្រួសារ ។ ផ្លូវគ្រប់ទីកន្លែង-- រួមទាំងមហាវិថី, ផ្លូវជាតិ និងផ្លូវរថយន្ដ-- បានទ្ររថយន្ដរាប់លានគ្រឿង ដែលមានដឹកមនុស្សរាប់លាននាក់ នៅពេលយើងរួសរាន់ទៅធ្វើកិច្ចការរាល់ថ្ងៃ ហាក់ដូចជាមានលំហូរឥតឈប់ឈរ ហើយមានមូលហេតុផ្សេងៗគ្នា ។
នៅក្នុងដំណើរដ៏លឿននៃជីវិត តើយើងធ្លាប់ឈប់ផ្អាកមួយសន្ទុះដើម្បីសញ្ជឹកគិត -- ឬគិតអំពីសេចក្ដីពិតគ្មានទីបំផុតឬទេ ?
នៅពេលប្រៀបធៀបទៅនឹងសេចក្ដីពិតដ៏អស់កល្ប សំណួរ និងកង្វល់ភាគច្រើននៃជីវិតប្រចាំថ្ងៃ គឺពិតជាតូចតាចណាស់ ។ តើយើងគួរមានអ្វី សម្រាប់អាហារពេលល្ងាច ? តើយើងគួរលាបបន្ទប់ទទួលភ្ញៀវរបស់យើងពណ៌អ្វី ? តើគួរឲ្យ Johnny លេងក្នុងក្រុមបាល់ទាល់ដែលបានរៀបចំឬទេ ? សំណួរទាំងនេះ និងសំណួរដទៃទៀតរាប់មិនអស់ដូចនេះ ពុំសូវមានសារៈសំខាន់ទេ នៅពេលគ្រានៃវិបត្តិកើតឡើង នៅពេលមនុស្សជាទីស្រឡាញ់ត្រូវឈឺចាប់ ឬរងគ្រោះ នៅពេលនរណាម្នាក់ឈឺភ្លាមៗ នៅពេលនរណាម្នាក់ឈឺ និងគំរាមគំហែងដោយសេចក្ដីស្លាប់ ។ គំនិតរបស់យើងត្រូវបានដុះខាត់ ហើយយើងអាចកំណត់យ៉ាងងាយ នូវអ្វីដែលសំខាន់ពិត និងអ្វីដែលមិនសូវសំខាន់ ។
ថ្មីៗនេះខ្ញុំបានទៅសួរសុខទុក្ខស្ត្រីម្នាក់ ដែលមានជម្ងឺគំរាមគំហែងដល់ជីវិតកាលពីពីរឆ្នាំមុន ។ គាត់បានប្រាប់ថា មុនពេលគាត់ឈឺ ជីវិតរបស់គាត់មានពេញទៅដោយសកម្មភាព ដូចជាសម្អាតផ្ទះយ៉ាងស្អាត ហើយដាក់តុបតែងពេញដោយគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត ។ គាត់ទៅធ្វើសក់ពីរដងក្នុងមួយអាទិត្យ ចំណាយប្រាក់ និងចំណាយពេលរាល់ខែ ទិញសម្លៀកបំពាក់ ។ ចៅៗរបស់គាត់ ពុំសូវបានឲ្យទៅលេងញឹកញាប់ទេ ។ ព្រោះគាត់តែងតែបារម្ភថា ទ្រព្យមានតម្លៃរបស់គាត់ អាចនឹងបាក់បែក ឬខូចដោយសារដៃក្មេងមិនចេះប្រយ័ត្ន ។
បន្ទាប់មកគាត់បានទទួលដំណឹងដ៏ភ្ញាក់ផ្អើលថា ជីវិតរបស់គាត់ នឹងត្រូវស្លាប់ ហើយថាគាត់អាចមានពេលតិចណាស់ ។ គាត់បាននិយាយថា នៅគ្រាដែលគាត់បានស្ដាប់ឮរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត គាត់បានដឹងភ្លាមថា គាត់នឹងចំណាយពេលទាំងប៉ុន្មានដែលគាត់មានជាមួយគ្រួសារ មិត្តភក្ដិ និងដំណឹងល្អ សំខាន់ក្នុងជីវិតគាត់ ត្បិតអ្វីទាំងនេះ តំណាងឲ្យអ្វីដែលសំខាន់បំផុតចំពោះគាត់ ។ ពេលដូច្នោះនឹងកើតមានចំពោះយើងទាំងអស់គ្នា បើមិនពេលនេះ ក៏ពេលផ្សេងដែរ ប៉ុន្តែប្រហែលជាមិនមានស្ថានភាពដ៏អាក្រក់ដូច្នេះជានិច្ចនោះទេ ។
ពេលដូច្នោះនឹងកើតមានចំពោះយើងទាំងអស់គ្នា បើមិនពេលនេះ ក៏ពេលផ្សេងដែរ ប៉ុន្តែប្រហែលជាមិនមានស្ថានភាពដ៏អាក្រក់ដូច្នេះជានិច្ចនោះទេ ។ យើងមើលឃើញយ៉ាងច្បាស់ថា អ្វីមានសារៈសំខាន់ពិតក្នុងជីវិតរបស់យើង ហើយយើងគួរតែរស់នៅតាមរបៀបណា ។
ព្រះអង្គសង្គ្រោះមានបន្ទូលថា ៖
«កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ ។
«តែត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសម្រាប់ខ្លួនឯងនៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង ៖
«ពីព្រោះសម្បត្តិទ្រព្យរបស់អ្នក ស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ» ។ 1
ក្នុងជំនាន់របស់យើង មានការគិត ឬតម្រូវការធំបំផុត ស្វែងរកចម្លើយដ៏ទេវភាព ចំពោះសំណួរដ៏ធំបំផុតនៃជីវិត អំពីព្រលឹងមនុស្សអាចទៅកាន់ស្ថានសួគ៌ ៖ តើយើងបានមកពីណា ? ហេតុអ្វីយើងនៅទីនេះ ? តើយើងនឹងទៅ កន្លែងណាបន្ទាប់ពីយើងចាកចេញពីជីវិតនេះ ?
ចម្លើយចំពោះសំណួរទាំងនេះ ពុំមាននៅក្នុងសៀវភៅអាននៅសាកលវិទ្យាល័យ ឬតាមការស្រាវជ្រាវក្នុងអ៊ិនធើរណិត ។ សំណួរទាំងនេះ ហួសពីជីវិតរមែងស្លាប់ ។ វាស្ដីអំពីភាពអស់កល្បជានិច្ច ។
តើយើងបានមកពីណា ? សំណួរនេះ គឺជាគំនិតជាក់លាក់ បើមិននិយាយដោយមនុស្សគ្រប់គ្នាទេ ។
សាវកប៉ុល បានប្រាប់ដល់ប្រជាជនក្រុងអាថែននៅលើភ្នំអើរីយ៉ូស ថា «យើងរាល់គ្នាជាពូជព្រះ» ។ 2 ដោយសារយើងដឹងថា រូបកាយរបស់យើងជាពូជរបស់ឪពុកម្ដាយនៃជីវិតរមែងស្លាប់របស់យើង យើងត្រូវតែស្រាវជ្រាវអំពីអត្ថន័យនៃការថ្លែងរបស់ប៉ុល ។ ព្រះអម្ចាស់បានប្រកាសថា «ហើយវិញ្ញាណ និងរូបកាយ គឺជាព្រលឹងនៃមនុស្ស» ។ 3 ដូច្នេះវិញ្ញាណគឺជាពូជរបស់ព្រះ ។ អ្នកសរសេរគម្ពីរហេព្រើរ សំដៅថា ទ្រង់ជា «ព្រះវរបិតាខាងវិញ្ញាណ» ។ 4 ព្រលឹងនៃមនុស្សទាំងអស់ គឺជា «បុត្រា និងបុត្រីសំណប់» របស់ទ្រង់ ។5
ត្បិតការសិក្សារបស់យើងអំពីប្រធានបទនេះ យើងយល់កំណាព្យដែលបំផុសគំនិតនោះ បានសរសេរនូវសារលិខិតដ៏បំផុសគំនិត ហើយបានកត់ត្រាគំនិតដ៏អស្ចារ្យ ។ វិល្លាម វើតស្វើស បានសរសេរសេចក្ដីពិតថា ៖
កំណើតយើងដូចជាការគេង ហើយក៏ភ្លេចបាត់ ៖
ព្រលឹងដែលរស់ឡើងនឹងយើង ជាផ្កាយនៃជីវិតយើង
មានជីវិតតាំងពីមុនយើងចាប់កំណើត
ហើយមកពីទីដ៏ឆ្ងាយ ៖
យើងពុំបានភ្លេចអ្វីៗទាំងអស់ទេ
ពុំមែនទទេស្អាតនោះឡើយ
ព្រោះយើងកើតមកមានទេវភាពជាប់នឹងយើង
មកពីព្រះ ដែលជាផ្ទះរបស់យើង ៖
នាមជាទារកតូចយើងនៅតែជាប់នឹងស្ថានសួគ៌! 6
ឪពុកម្ដាយពិចារណាអំពីការទទួលខុសត្រូវរបស់ពួកគេដើម្បីបង្រៀន បំផុសគំនិត និងផ្ដល់ការដឹកនាំ និងធ្វើជាគំរូ ។ ខណៈដែលឪពុកម្ដាយពិចារណា នោះកូនៗ-- ជាពិសេសយុវវ័យ-- ត្រូវបានសុំឲ្យសួរសំណួរដ៏សំខាន់នេះថា «ហេតុអ្វីយើងនៅទីនេះ ?» ជាធម្មតា វានិយាយស្ងាត់ៗនៅក្នុងព្រលឹងនូវឃ្លានេះថា «ហេតុអ្វី ខ្ញុំ នៅទីនេះ ?»
យើងមានអំណរគុណណាស់ ដែលអង្គបង្កបង្កើតដ៏ឈ្លាសវៃ បានបង្កើតផែនដី ហើយដាក់យើងនៅទីនេះ ដោយមានវាំងនននៃការភ្លេច អំពីជីវិតពីមុនរបស់យើង ដើម្បីយើងអាចមានបទពិសោធន៍ក្នុងគ្រានៃការសាកល្បង ជាឱកាសដើម្បីបង្ហាញខ្លួនយើងថា មានភាពសក្ដិសមចំពោះអ្វីៗទាំងអស់ ដែលព្រះបានរៀបចំសម្រាប់យើងទទួល ។
គោលបំណងដ៏សំខាន់នៃជីវិតរបស់យើងលើផែនដី គឺដើម្បីទទួលសាច់ឈាម និងឆ្អឹង ។ យើងក៏បានទទួលអំណោយទាននៃការជ្រើសរើសផងដែរ ។ យើងមានឯកសិទ្ធិជ្រើសរើសរាប់ពាន់វិធីសម្រាប់ខ្លួនយើង ។ នៅទីនេះយើងរៀនចេញមកពីតម្រូវការដ៏ពិបាកក្នុងបទពិសោធន៍ផ្ទាល់ខ្លួន ។ យើងដឹងរវាងល្អ និងអាក្រក់ ។ យើងញែកដឹងអ្វីល្វីងជូចត់ និង ផ្អែមល្ហែម ។ យើងរកឃើញថា មានលទ្ធផលទាក់ទងនឹងសកម្មភាពរបស់យើងផងដែរ ។
តាមរយៈការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ព្រះ យើងអាចមានភាពសក្ដិសមចំពោះ «ដំណាក់» ដែលព្រះយេស៊ូវបានមានបន្ទូល នៅពេលទ្រង់ប្រកាសថា ៖ «នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន... ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា... ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» ។ 7
ទោះជាយើងមកក្នុងជីវិតរមែងស្លាប់នេះ «ពពកនៃសិរីល្អ» រំកិលទៅមុខឥតឈប់ឈរ ។ ចាប់ពីកុមារភាពដល់យុវវ័យ ហើយភាពធំដឹងក្ដីកើតមានដោយសន្សឹមៗ ។ ចេញមកពីបទពិសោធន៍ យើងដឹងថា យើងត្រូវការជំនួយពីស្ថានសួគ៌ នៅពេលយើងធ្វើដំណើរតាមផ្លូវនៃជីវិតរបស់យើង ។
ព្រះ ជាព្រះវរបិតារបស់យើង និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់យើង បានគូសផ្លូវទៅកាន់ភាពល្អឥតខ្ចោះ ។ ទ្រង់អញ្ជើញយើងឲ្យធ្វើតាមសេចក្ដីពិតដ៏អស់កល្ប ហើយប្រែក្លាយជាឥតខ្ចោះ ដូចជាទ្រង់ល្អឥតខ្ចោះ ។ 8
សាវកប៉ុលប្រដូចជីវិតទៅនឹងការរត់ប្រណាំង ។ គាត់បានជម្រុញដល់ពួកហេព្រើរថា «ត្រូវឲ្យយើងចោលអស់ទាំង... អំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើង ដោយអំណត់» ។ 9
ដោយចិត្តក្លៀវក្លារបស់យើង ចូរយើងកុំមើលរំលងដំបូន្មានដ៏ឈ្លាសវៃមកពីសាស្ដាថា ៖ «ការរត់ប្រណាំមិនសម្រេចនឹងមនុស្សដែលរត់លឿន ការចម្បាំងមិនសម្រេចនឹងមនុស្សដែលមានកម្លាំងដែរ» ។ 10 ជាការពិតណាស់ រង្វាន់គឺបានទៅលើអ្នកដែលប្រកាន់ខ្ជាប់ដល់ទីបំផុត ។
នៅពេលខ្ញុំគិតអំពីការរត់ប្រណាំងនៃជីវិត ខ្ញុំចាំអំពីការរត់ប្រណាំងមួយប្រភេទទៀត តាំងពីកុមារភាព ។ មិត្តរបស់ខ្ញុំ និងខ្ញុំនឹងយកកំបិតទៅជាមួយយើង ទៅកាប់ដើមឈើសូលទន់ៗ ឆ្លាក់ធ្វើជាទូកតូចមួយ ។ ដោយមានដាក់ក្រណាត់រាងត្រីកោណធ្វើក្ដោង យើងម្នាក់ៗបានដាក់ទូកក្នុងទឹកទន្លេប្រូវ៉ូរដ្ឋយូថាហ៍ ដែលហូរយ៉ាងខ្លាំងប្រណាំងគ្នា ។ យើងនឹងរត់បណ្ដោយតាមច្រាំងទន្លេ មើលទូកតូចនោះ ពេលខ្លាំងវាត្រូវមុជងើបៗនៅក្នុងចរន្ដទឹកហូរយ៉ាងខ្លាំងនោះ ហើយជួនកាលអណ្ដែតយ៉ាងស្ងប់ស្ងាត់ ។
អំឡុងពេលការប្រណាំងនោះ យើងកត់សម្គាល់ថា ទូកមួយនាំមុខទូកទាំងអស់ទៅកាន់ទីផ្ដាច់ព្រាត់ ។ រំពេចនោះ ចរន្ដទឹកនាំវាទៅជិតនឹងទឹកគួចដ៏ធំ ហើយទូកបានក្រឡាប់ ។ វាវិលជុំវិញក្នុងទឹកគួច មិនអាចត្រឡប់មកចរន្ដទឹកធម្មតាទេ ។ ទីបំផុត វាពុំស្រួលចិត្តដើម្បីមើលឃើញទូកត្រូវខ្ទេចខ្ទី ដែលនៅជាប់នឹងស្លែពណ៌បៃតង ។
ទូកតូចកាលពីកុមារភាព នោះពុំមានអ្វីទប់លំនឹងទេ គ្មានចង្កូតដើម្បីតម្រង់ទិស ហើយគ្មានប្រភពថាមពលទេ ។ ជោគវាសនារបស់វាគឺចុះទៅតាមខ្សែទឹកដែលពុំអាចចៀសរួច-- ផ្លូវមានការតស៊ូតិចតួច ។
យើងត្រូវបានផ្ដល់ឲ្យនូវអាកប្បកិរិយាដ៏ទេវភាព ដើម្បីដឹកនាំដំណើររបស់យើង ពុំដូចជាទូកតូចនោះទេ ។ យើងចូលមកក្នុងជីវិតរមែងស្លាប់ ពុំមែនដើម្បីអណ្ដែតតាមចរន្ដទឹកហូរនៃជីវិតនោះទេ ប៉ុន្តែដោយមានអំណាចដើម្បីគិត រកមូលហេតុ និងដើម្បីសម្រេចជោគជ័យ ។
ព្រះវរបិតាសួគ៌របស់យើង ពុំដាក់ឲ្យយើងធ្វើដំណើរដ៏អស់កល្ប ដោយគ្មានផ្ដល់មធ្យោបាយ ដើម្បីយើងអាចទទួលការណែនាំមកពីទ្រង់ ដើម្បីប្រាកដថា យើងត្រឡប់ទៅវិញដោយសុវត្ថិភាពនោះទេ ។ ខ្ញុំនិយាយអំពីការអធិស្ឋាន ។ ខ្ញុំនិយាយផងដែរអំពីការខ្សឹបប្រាប់មកពីសម្លេងតូចរហៀង ហើយខ្ញុំពុំភ្លេចអំពីព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយទេ ដែលមាននូវព្រះបន្ទូលនៃព្រះអម្ចាស់ និងពាក្យរបស់ពួកព្យាការី-- ដែលផ្ដល់ឲ្យយើងដើម្បីជួយយើងទៅដល់ទីផ្ដាច់ព្រាត់ដោយជោគជ័យ ។
នៅក្នុងបេសកកម្មនៃជីវិតរមែងស្លាប់របស់យើង យើងមានការបោះជំហានដែលពុំច្បាស់លាស់ ស្នាមញញឹមដោយនឿយហត់ ការឈឺចាប់ដោយសារជម្ងឺ-- ពេលខ្លះមាននូវការផ្លាស់ពីរដូវក្ដៅទៅជារដូវស្លឹកឈើជ្រុះ រួចរដូវរងារ ហើយជួបនឹងបទពិសោធន៍ដែលយើងហៅថាសេចក្ដីស្លាប់ ។
គ្រប់មនុស្សគិតបារម្ភ បានសួរខ្លួនគេនូវសំណួរដែលយ៉ូបពីបុរាណបានសួរយ៉ាងល្អថា ៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងវិញទៀតឬ ?» 11 ទោះ ជាយើងព្យាយាមយ៉ាងខ្លាំង ដកសំណួរនោះចេញពីគំនិតយើងក្ដី ក៏វាមានត្រឡប់មកវិញដែរ ។ សេចក្ដីស្លាប់កើតមានចំពោះមនុស្សគ្រប់គ្នា ។ វាកើតមកចំពោះមនុស្សចាស់ នៅពេលពួកគេដើរលែងនឹង ។ ការកោះហៅរបស់សេចក្ដីស្លាប់ ត្រូវបានអ្នកទាំងឡាយដែលបានឈានចូលដល់ពាក់កណ្ដាលនៃដំណើរជីវិតរបស់ពួកគេស្ដាប់ឮ ។ ជួនកាលសេចក្ដីស្លាប់ បានបិទសំណើចរបស់កុមារតូចៗ ។
ប៉ុន្ដែតើមានការមានជីវិតក្រោយពីសេចក្ដីស្លាប់ឬទេ ? តើសេចក្ដីស្លាប់គឺជាទីបញ្ចប់នៃអ្វីគ្រប់យ៉ាងឬ ? រ៉ូប៊ើត ប្លាចហ្វត, នៅក្នុងសៀវភៅ God and My Neighbor, របស់គាត់ បានវាយប្រហារយ៉ាងខ្លាំង ទៅលើជំនឿពួកគ្រីស្ទានដែលទទួលជឿ ព្រះ, ព្រះយេស៊ូវ, ការអធិស្ឋាន និងជាពិសេសជីវិតអមត ។ គាត់អះអាងដោយមុតមាំថា សេចក្ដីស្លាប់គឺជាទីបញ្ចប់នេះជីវិតរបស់យើង ហើយគ្មាននរណាម្នាក់អាចបញ្ជាក់ថាពុំមែននោះទេ ។ បន្ទាប់មកមានរឿងភ្ញាក់ផ្អើលមួយកើតឡើង ។ ជញ្ជាំងនៃការសង្ស័របស់គាត់ត្រូវបានរលំចុះដល់ដីមួយរំពេច ។ គាត់ត្រូវបានទុកចោល ហើយគ្មានអ្វីការពារ ។ គាត់បានចាប់ផ្ដើមមានអារម្មណ៍ ត្រឡប់ទៅរកសេចក្ដីជំនឿ ដែលគាត់ចំអក និងបោះបង់ចោលវិញដោយយឺតៗ ។ តើអ្វីបានបណ្ដាលឲ្យគាត់មានការផ្លាស់ប្ដូរនៅក្នុងទស្សនៈគាត់យ៉ាងខ្លាំងនោះ ? ភរិយារបស់គាត់បានស្លាប់ ។ ដួងចិត្តរបស់គាត់ឈឺចាប់ គាត់បានចូលទៅក្នុងបន្ទប់ដែលដាក់របស់របររបស់នាង ។ គាត់បានមើលមុខមនុស្សដែលគាត់ស្រឡាញ់យ៉ាងខ្លាំងម្ដងទៀត ។ គាត់ចេញមកវិញ បាននិយាយទៅមិត្តម្នាក់ថា ៖ «គឺជានាង ប៉ុន្តែពុំមែនជានាងទេ ។ អ្វីៗបានផ្លាស់ប្ដូរហើយ ។ អ្វីមួយដែលនៅទីនោះពីមុនបានដកយកចេញហើយ ។ នាងមិនដូចមុនទេ ។ តើអ្វីអាចចេញទៅបាន បើមិនមែនជាព្រលឹងនោះ ?»
ក្រោយមកគាត់សរសេរថា៖ «សេចក្ដីស្លាប់ គឺពុំមែនជាអ្វីដែលមនុស្សខ្លះនឹកគិតដល់ទេ ។ វាគ្រាន់តែដូចជាទៅក្នុងបន្ទប់មួយទៀតប៉ុណ្ណោះ ។ នៅបន្ទប់មួយទៀតនោះ យើងនឹងរកឃើញ … ស្ត្រី និងបុរស និងកូនៗបានស្លាប់ទៅ ដែលយើងស្រឡាញ់ និងបាត់បង់នោះ» ។ 12
បងប្អូនប្រុសស្រីរបស់ខ្ញុំ យើងដឹងថា សេចក្ដីស្លាប់ពុំមែនជាទីបញ្ចប់នោះទេ ។ សេចក្ដីពិតបានបង្រៀនតាមរយៈពួកព្យាការីនៅរស់ គ្រប់ជំនាន់ ។ វាក៏មាននៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធរបស់យើងផងដែរ ។ នៅក្នុងគម្ពីរមរមន យើងអាននូវពាក្យលួងលោមជាក់លាក់ថា ៖
«ឥឡូវនេះ ស្ដីអំពីស្ថានភាពនៃព្រលឹងនៅក្នុងចន្លោះរវាងសេចក្ដីស្លាប់ និងដំណើររស់ឡើងវិញ-- មើលចុះ មានទេវតាបានប្រាប់ឲ្យឪពុកដឹងថា វិញ្ញាណរបស់មនុស្សទាំងអស់ នៅមួយរំពេចដែលចាកចេញពីរូបកាយសាច់ឈាមនេះទៅ មែនហើយវិញ្ញាណរបស់មនុស្សទាំងអស់ ទោះជាគេល្អ ឬអាក្រក់ក្ដី នឹងបានត្រឡប់ទៅផ្ទះវិញ គឺទៅជួបនឹងព្រះ ដែលទ្រង់បានប្រទានជីវិតដល់គេ ។
«ហើយបន្ទាប់មក ហេតុការណ៍នឹងកើតឡើងថា វិញ្ញាណរបស់ពួកសុចរិត នឹងបានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ ដែលជាស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ដ ជាកន្លែងដែលគេនឹងបានសម្រាកពីអស់ទាំងកង្វល់ ពីអស់ទាំងការបារម្ភ និងពីទុក្ខព្រួយ» ។ 13
បន្ទាប់ពីព្រះអង្គសង្គ្រោះត្រូវឆ្កាង ហើយរូបកាយរបស់ព្រះយេស៊ូវបានដាក់នៅក្នុងផ្នូរសម្រាប់រយៈពេលបីថ្ងៃ នោះវិញ្ញាណបានចូលមកវិញ ហើយព្រះប្រោសលោះដែលរស់ឡើងវិញ បានយាងដើរ ដោយរូបកាយសាច់ឈាម និងឆ្អឹងនៃជីវិតអមត ។
ចម្លើយចំពោះសំណួររបស់យ៉ូប «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងវិញទៀតឬ ?» បានទទួលនៅពេលម៉ារ៉ា និងអ្នកដទៃទៀត បានទៅផ្នូ ហើយឃើញមនុស្សពីរនាក់ប្រកបដោយរស្មីបានថ្លែងទៅកាន់ពួកគេថា «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះ? ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ» ។ 14
ជាលទ្ធផលនៃជ័យជំនះរបស់ព្រះគ្រីស្ទលើសេចក្ដីស្លាប់ នោះយើងទាំងអស់គ្នានឹងបានរស់ឡើងវិញ ។ នេះគឺជាការប្រោសលោះនៃព្រលឹង ។ ប៉ុលបានសរសេរថា ៖ «ក៏មានរូបកាយសម្រាប់ស្ថានសួគ៌ ហើយមានរូបកាយសម្រាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា» ។ 15
យើងស្វែងរកសិរីល្អសេឡេស្ទាល ។ យើងមានបំណងរស់នៅក្នុងទីវត្តមានរបស់ព្រះ ។ យើងចង់មានគ្រួសារដ៏អស់កល្បជានិច្ច ។ ពរជ័យដូច្នេះ ត្រូវតែស្វែងរក ។
តើយើងបានមកពីណា ? ហេតុអ្វីយើងនៅទីនេះ ? តើយើងនឹងទៅ កន្លែងណាបន្ទាប់ពីយើងចាកចេញពីជីវិតនេះ ? ឈប់ជាសំណួរទូទៅដែលគ្មានចម្លើយទៀតហើយ ។ ចេញមកពីក្រអៅបេះដូងរបស់ខ្ញុំ និងដោយក្ដីរាបសារ ខ្ញុំសូមថ្លែងទីបន្ទាល់ថា រឿងទាំងនោះ ដែលខ្ញុំបាននិយាយជាការពិត ។
ព្រះវរបិតាសួគ៌របស់យើងរីករាយចំពោះអ្នកទាំងឡាយដែលរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ទ្រង់ក៏ព្រួយព្រះទ័យចំពោះកូនដែលវង្វេង, យុវវ័យយឺតយ៉ាវ, យុវវ័យចចេស និងឪពុកម្ដាយគ្មានការទទួលខុសត្រូវផងដែរ ។ លោកចៅហ្វាយមានបន្ទូលដោយទន់ភ្លន់ទៅអ្នកទាំងនេះ ប្រាកដណាស់ចំពោះមនុស្សទាំងអស់ថា ៖ «ចូរត្រឡប់មកវិញ ។ ត្រឡប់មកផ្ទះវិញ ។ មករកយើងចុះ» ។ ក្ដីអំណរអស់កល្បរង់ចាំយើង នៅពេលយើងទទួលការអញ្ជើញដ៏ទេវភាពរបស់ទ្រង់ ទៅរកភាពតម្កើងឡើង ។
នៅក្នុងមួយសប្ដាហ៍ទៀត យើងនឹងប្រារព្ធពិធីបុណ្យអ៊ីស្ទើរ ។ គំនិតរបស់យើងនឹងបែរទៅរកជីវិតរបស់ព្រះអង្គសង្គ្រោះ ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ។ ក្នុងនាមជាសាក្សីពិសេសរបស់ទ្រង់ ខ្ញុំថ្លែងទីបន្ទាល់ទៅអ្នកថា ទ្រង់មានព្រះជន្មរស់ ហើយទ្រង់កំពុងរង់ចាំយើងត្រឡប់ទៅវិញដោយជោគជ័យ ។ ការត្រឡប់ទៅវិញនោះ នឹងជារបស់យើង ខ្ញុំអធិស្ឋានដោយរាបសារនៅក្នុងព្រះនាមដ៏ពិសិដ្ឋទ្រង់ -- ជាព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង អាមែន ។