ការមានទស្សនៈវិស័យដើម្បីធ្វើ
បើយើងត្រូវរីកចម្រើនឡើង ជាជាងការត្រូវវិនាស នោះយើងត្រូវតែមើលឃើញខ្លួនយើង ដូចជាព្រះអង្គសង្គ្រោះមើលឃើញយើង ។
ដូចជាឪពុកម្ដាយល្អទាំងអស់ដែរ ឪពុកម្ដាយខ្ញុំចង់បានអនាគតភ្លឺស្វាងសម្រាប់កូនចៅពួកលោក ។ ឪពុកខ្ញុំមិនមែនជាសមាជិកទេ ហើយដោយសារតែកាលៈទេសៈខុសធម្មតាដែលកើតមាននាពេលនោះ នោះឪពុកម្ដាយខ្ញុំបានសម្រេចថា ឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំ និងខ្ញុំ គួរតែចាកចេញពីកោះកំណើតយើង គឺកោះ អាមេរិកកាំងសាម័រ ក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយធ្វើដំណើរទៅសហរដ្ឋ ដើម្បីទៅសាលារៀន ។
ការសម្រេចចិត្តដើម្បីរស់នៅបែកពីពួកយើង គឺពិបាកសម្រាប់ឪពុកម្ដាយខ្ញុំ ជាពិសេសម្ដាយខ្ញុំ ។ ពួកលោកបានដឹងថា នឹងមានឧបសគ្គដែលមិនដឹងជាមុន ពេលយើងនៅកន្លែងថ្មី ។ ទោះជាយ៉ាងណា ដោយមានក្ដីជំនឿ និងការប្ដេជ្ញាចិត្ត ពួកលោកបានឆ្ពោះទៅមុខជាមួយផែនការនេះ ។
ដោយសារត្រូវបានចិញ្ចឹមបីបាច់ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ម្ដាយខ្ញុំស្គាល់គោលការណ៍ទាំងឡាយនៃការតមអាហារ និងអធិស្ឋាន ហើយឪពុកម្ដាយខ្ញុំទាំងពីរនាក់ បានមានអារម្មណ៍ថា ពួកលោកត្រូវការពរជ័យពីស្ថានសួគ៌ ដើម្បីជួយកូនៗពួកលោក ។ ដោយបំណងនោះ ពួកលោកបានចាប់ផ្ដើមចាត់ថ្ងៃមួយក្នុងមួយសប្ដាហ៍ដើម្បីតមអាហារ និងអធិស្ឋានសម្រាប់យើង ។ គោលដៅរបស់ពួកលោក គឺដើម្បីរៀបចំកូនៗឲ្យមានអនាគតល្អ ។ ពួកលោកបានធ្វើតាមគោលដៅនោះ នៅពេលបានអនុវត្តជំនឿពួកលោក ដោយការស្វែងរកពរជ័យពីព្រះអម្ចាស់ ។ តាមរយៈការតមអាហារ និងការអធិស្ឋាន ពួកលោកបានទទួលការអះអាង, ការលួងលោម, និងក្ដីសុខសាន្ត ថាអ្វីទាំងអស់នឹងមិនអីទេ ។
ដោយស្ថិតនៅកណ្ដាលឧបសគ្គនៃជីវិតយើង តើយើងទទួលបានការបើកសម្ដែងដែលចាំបាច់ ដើម្បីធ្វើអ្វីៗដែលនាំយើងឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ដោយរបៀបណា ? និយាយពីការបើកសម្ដែង ព្រះគម្ពីរសុភាសិត បង្រៀនសេចក្ដីពិតនេះថា ៖ « គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត » ( សុភាសិត 29:18 ) ។ បើយើងត្រូវរីកចម្រើនឡើង ជាជាងការត្រូវវិនាស នោះយើងត្រូវតែមើលឃើញខ្លួនយើង ដូចជាព្រះអង្គសង្គ្រោះមើលឃើញយើង ។
ព្រះអង្គសង្គ្រោះបានឃើញសក្ដានុពលក្នុងពួកអ្នកនេសាទដ៏រាបទាបទាំងនោះ ដែលទ្រង់បានហៅឲ្យដើរតាមទ្រង់ ច្រើនជាងអ្វីដែលពួកគេមើលឃើញខ្លួនឯងពីដំបូង ទ្រង់បានឃើញថាពួកគេអាចក្លាយជានរណា ។ ទ្រង់បានដឹងពីសេចក្ដីល្អ និងសក្ដានុពលពួកគេ ហើយទ្រង់បានហៅពួកគេ ។ ពីដំបូង ពួកគេគ្មានបទពិសោធន៍ទេ តែកាលដែលពួកគេដើរតាមទ្រង់ ពួកគេបានឃើញគំរូទ្រង់, ស្គាល់ការបង្រៀនទ្រង់, ហើយបានក្លាយជាសិស្សទ្រង់ ។ មានពេលខ្លះ សិស្សរបស់ទ្រង់មួយចំនួនបានចាកចេញពីទ្រង់ ដោយសារតែអ្វីដែលគេបានឮ ពិបាកយល់ពេកសម្រាប់ពួកគេ ។ ដោយជ្រាបថា អ្នកផ្សេងទៀតក៏អាចចាកចេញដែរនោះ ព្រះយេស៊ូវបានសួរពួកដប់ពីរនាក់ថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » ( យ៉ូហាន 6:67 ) ។ ចម្លើយរបស់ពេត្រុស ឆ្លុះបញ្ចាំងពីរបៀបដែលគាត់បានផ្លាស់ប្ដូរ ហើយបានទទួលការយល់ដឹង និងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះជានរណា ។ គាត់បានឆ្លើយថា « តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន 6:68 ) ។
ជាមួយនឹងការយល់ដឹងនោះ សិស្សដ៏ស្មោះត្រង់ និងមានការលះបង់ទាំងនេះ អាចធ្វើកិច្ចការដ៏លំបាកបាន កាលដែលពួកគេបានធ្វើដំណើរទៅផ្សាយពីដំណឹងល្អ និងទៅស្ថាបនាសាសនាចក្រ បន្ទាប់ពីព្រះអង្គសង្គ្រោះបានយាងចេញទៅ ។ ទីបំផុត ពួកគេខ្លះបានទាំងលះបង់ជីវិតខ្លួនសម្រាប់ទីបន្ទាល់របស់ពួកគេផង ។
មានគំរូផ្សេងទៀតក្នុងព្រះគម្ពីរ ពីពួកអ្នកដែលបានទទួលការយល់ដឹង និងទីបន្ទាល់ពីដំណឹងល្អ ហើយបន្ទាប់មកបានចេញទៅធ្វើតាមអ្វីដែលគេដឹងនោះ ។ ព្យាការីអាលម៉ាបានទទួលការយល់ដឹង ពេលលោកបានឮអ័ប៊ីណាដៃបង្រៀន និងថ្លែងទីបន្ទាល់យ៉ាងមុតមាំ នៅចំពោះមុខស្ដេចណូអេ ។ អាលម៉ាបានធ្វើតាមការបង្រៀនរបស់អ័ប៊ីណាដៃ ហើយបានទៅបង្រៀននូវការណ៍ទាំងឡាយដែលលោកបានរៀន, ជ្រមុជទឹកដល់មនុស្សជាច្រើនដែលបានជឿពាក្យលោក ( សូមមើល ម៉ូសាយ 17:1–4; 18:1–16 ) ។ ខណៈដែលមានការធ្វើទុក្ខដល់ពួកបរិសុទ្ធពីដំបូងៗ សាវកប៉ុលបានប្រែចិត្តជឿនៅលើផ្លូវទៅក្រុងដាម៉ាស បន្ទាប់មកបានអនុវត្តការបង្រៀន និងទីបន្ទាល់ពីព្រះគ្រីស្ទ ( សូមមើល កិច្ចការ 9:1–6, 20–22, 29 ) ។
ក្នុងជំនាន់របស់យើងផ្ទាល់ បុរស, ស្ត្រីវ័យក្មេង, និងប្ដីប្រពន្ធចំណាស់ៗជាច្រើន បានឆ្លើយតបចំពោះការអញ្ជើញរបស់ព្យាការីនៃព្រះ ដើម្បីបម្រើបេសកកម្ម ។ ដោយជំនឿ និងក្ដីក្លាហាន ពួកគេចាកចេញពីផ្ទះគេ និងពីអ្វីៗដែលពួកគេធ្លាប់ធ្វើ ដោយសារជំនឿនៅក្នុងសេចក្ដីល្អដ៏អស្ចារ្យ ដែលពួកគេអាចធ្វើក្នុងនាមជាអ្នកផ្សព្វផ្សាយ ។ កាលដែលពួកគេធ្វើតាមទស្សនៈវិស័យរបស់ពួកគេ គឺទៅបម្រើ នោះពួកគេផ្ដល់ពរជ័យដល់មនុស្សជាច្រើន ហើយនៅក្នុងនោះ ក៏បានផ្លាស់ប្ដូរជីវិតពួកគេផ្ទាល់ផងដែរ ។ ក្នុងសន្និសីទទូទៅលើកមុន ប្រធាន ម៉នសុន បានអរគុណយើងសម្រាប់ការបម្រើដែលយើងផ្ដល់ដល់គ្នាទៅវិញទៅមក ហើយបានរំឭកយើងពីទំនួលខុសត្រូវរបស់យើង ដើម្បីធ្វើជាព្រះហស្តនៃព្រះក្នុងការផ្ដល់ពរជ័យដល់កូនចៅទ្រង់នៅលើផែនដីនេះ ( សូមមើល «កាលដែលយើងជួបគ្នាម្ដងទៀត» លីអាហូណា និង Ensign, ខែវិច្ឆិកា ឆ្នាំ 2011, ទំព័រ 108 ) ។ ពេលបំពេញភារកិច្ចនេះធ្វើឲ្យដួងចិត្តកក់ក្ដៅណាស់ ក្នុងនាមជាសមាជិកនៃសាសនាចក្រ ដែលបានធ្វើតាមទស្សនៈរបស់ទ្រង់ ។
ដោយយល់ថា យើងត្រូវការជំនួយ នោះមុនពេលព្រះអង្គសង្គ្រោះបានចាកចេញទៅ ទ្រង់បានមានបន្ទូលថា « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ( យ៉ូហាន 14:18 ) ។ ទ្រង់បានបង្រៀនពួកសិស្សទ្រង់ថា « ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់សេចក្ដីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ » ( យ៉ូហាន 14:26 ) ។ នេះជាព្រះវិញ្ញាណបរិសុទ្ធដដែល ដែលអាចផ្ដល់អំណាច និងជម្រុញយើងឲ្យធ្វើនូវអ្វីដែលព្រះអង្គសង្គ្រោះ និងព្យាការី និងពួកសាវកសម័យទំនើបរបស់យើងបង្រៀន ។
ពេលយើងធ្វើតាមការបង្រៀនរបស់អ្នកដឹកនាំយើង នោះយើងនឹងទទួលការយល់ដឹងកាន់តែជ្រាលជ្រៅ ពីទស្សនៈវិស័យរបស់ព្រះអង្គសង្គ្រោះដែលមានសម្រាប់យើង ។ ក្នុងសន្និសីទនេះ យើងបានទទួលដំបូន្មានដែលពេញដោយការបំផុសគំនិត មកពីព្យាការី និងពួកសាវក ។ ចូរសិក្សាការបង្រៀនរបស់ពួកលោក ហើយចូរពិចារណាក្នុងចិត្តអ្នក ខណៈដែលស្វែងរកវិញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកទទួលការយល់ដឹង និងទីបន្ទាល់ពីការបង្រៀនទាំងនេះ ក្នុងជីវិតអ្នក ។ ជាមួយនឹងការយល់ដឹង និងទីបន្ទាល់នោះ ចូរអនុវត្តសេចក្ដីជំនឿអ្នក ដោយធ្វើតាមដំបូន្មានរបស់ពួកលោក ។
ចូរស្រាវជ្រាវ និងសិក្សាព្រះគម្ពីរ ដោយគំនិតមួយដែលនឹងទទួលយកពន្លឺ និងការចេះដឹងបន្ថែមទៀត ពីសារដំណឹងរបស់ពួកលោកសម្រាប់អ្នក ។ ចូរពិចារណាសារទាំងនោះក្នុងចិត្តអ្នក ហើយឲ្យសារទាំងនោះបំផុតគំនិតអ្នក ។ បន្ទាប់មក ចូរធ្វើតាមការបំផុសដែលអ្នកមាន ។
ពេលយើងបានរៀនជាក្រុមគ្រួសារ នោះយើងអនុវត្ត ពេលយើងតមអាហារ និងអធិស្ឋាន ។ អាលម៉ាបាននិយាយពីការតមអាហារ និងការអធិស្ឋានថា ជារបៀបមួយក្នុងការទទួលបានការធានាអះអាង ពេលលោកបាននិយាយថា « ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃ ដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ » ( អាលម៉ា 5:46 ) ។ ដូចគ្នាដែរ យើងអាចដឹងពីរបៀបប្រឈមនឹងឧបសគ្គទាំងឡាយក្នុងជីវិតយើងបាន តាមរយៈការតមអាហរ និងការអធិស្ឋាន ។
យើងទទួលបទពិសោធន៍លំបាកៗក្នុងជីវិតយើង ដែលពេលខ្លះ អាចបង្អាក់ទស្សនៈវិស័យ និងជំនឿរបស់យើង ក្នុងការធ្វើអ្វីដែលយើងគួរធ្វើ ។ យើងរវល់ពេក ដែលជាញឹកញាប់ យើងមានអារម្មណ៍ថាធ្ងន់ពេក ហើយមិនអាចធ្វើអ្វីថែមទៀតបានទេ ។ ដោយយើងម្នាក់ៗខុសគ្នា នោះខ្ញុំសូមផ្ដល់យោបល់ដ៏រាបទាបថា យើងត្រូវតែផ្ដោតទស្សនៈយើងទៅលើព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ។ តើអ្វីដែលទ្រង់បានឃើញក្នុង ពេត្រុស, យ៉ាកុប, និងយ៉ូហាន និងពួកសាវកផ្សេងទៀត ដែលបំផុសឲ្យទ្រង់អញ្ជើញពួកគេឲ្យមកតាមទ្រង់នោះ ? ដូចជាទស្សនៈរបស់ទ្រង់អំពីពួកគេ ព្រះអង្គសង្គ្រោះមាននូវទស្សនៈយ៉ាងអស្ចារ្យថា យើងអាចក្លាយជានរណា ។ យើងនឹងត្រូវមានជំនឿ និងក្ដីក្លាហានដូចគ្នានោះ ដែលពួកសាវកដំបូងៗនោះមាន ដើម្បីយើងផ្ដោតជាថ្មីទៅលើអ្វីដែលសំខាន់បំផុត ក្នុងការនាំមកនូវសុភមង្គលដ៏គ្មានទីបំផុត និងក្ដីអំណរដ៏អស្ចារ្យ ។
ពេលយើងសិក្សាពីជីវិតព្រះអង្គសង្គ្រោះរបស់យើង និងការបង្រៀនរបស់ទ្រង់ យើងឃើញទ្រង់នៅក្នុងចំណោមប្រជាជន បង្រៀន, អធិស្ឋាន, ពង្រឹង, និងព្យាបាល ។ កាលដែលយើងព្យាយាមក្លាយដូចទ្រង់ ហើយធ្វើអ្វីៗដែលយើងឃើញទ្រង់ធ្វើ នោះយើងចាប់ផ្ដើមមានទស្សនៈវិស័យមួយថា យើងអាចក្លាយជានរណា ។ អ្នកនឹងទទួលពរជ័យនៃការយល់ដឹង តាមរយៈជំនួយនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការណ៍ល្អកាន់តែច្រើនឡើង ។ ការផ្លាស់ប្តូរនឹងចាប់ផ្ដើមកើតមាន ហើយអ្នកនឹងនាំមកនូវទម្លាប់ខុសប្លែកមួយដល់ជីវិតអ្នក ដែលនឹងផ្ដល់ពរដល់អ្នក និងគ្រួសារអ្នក ។ អំឡុងការបម្រើរបស់ទ្រង់ក្នុងចំណោមពួកនីហ្វៃ ព្រះអង្គសង្គ្រោះបានសួរថា « តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? » ទ្រង់បានតបថា « ត្រូវឲ្យដូចជាយើង » ( នីហ្វៃទី 3 27:27 ) ។ យើងត្រូវការជំនួយទ្រង់ ដើម្បីក្លាយដូចជាទ្រង់ ហើយទ្រង់បានបង្ហាញយើងពីរបៀប ៖ « ដូច្នេះ ចូរសូម ហើយអ្នកនឹងទទួល ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ត្បិតអ្នកណាដែលសូម នោះនឹងបានទទួល រីឯអ្នកណាដែលគោះ នោះតែងនឹងបើកឲ្យអ្នកនោះ » ( នីហ្វៃទី 3 27:29 ) ។
ខ្ញុំដឹងថា កាលដែលយើងមានទស្សនៈវិស័យពីខ្លួនយើង ដូចដែលព្រះអង្គសង្គ្រោះឃើញយើង ហើយកាលដែលយើងអនុវត្តតាមទស្សនៈវិស័យនោះ នោះជីវិតយើងនឹងបានពរជ័យ ក្នុងរបៀបដែលយើងមិនបានរំពឹងទុក ។ ដោយសារតែទស្សនៈនៃឪពុកម្ដាយខ្ញុំ នោះជីវិតខ្ញុំមិនត្រឹមតែត្រូវបានប្រទានពរជាមួយនឹងការអប់រំប៉ុណ្ណោះទេ តែខ្ញុំត្រូវបានដាក់ឲ្យនៅក្នុងកាលៈទេសៈទាំងឡាយដែលធ្វើឲ្យខ្ញុំរកឃើញ និងអោបក្រសោបដំណឹងល្អ ។ សំខាន់ជាងនោះទៀត ខ្ញុំបានរៀនពីសារសំខាន់នៃឪពុកម្ដាយល្អ និងស្មោះត្រង់ ។ ដោយទង្វើដ៏សាមញ្ញ នោះជីវិតខ្ញុំបានផ្លាស់ប្ដូរជារៀងរហូត ។
គឺដូចជាទស្សនៈវិស័យមួយដែលបាននាំឲ្យឪពុកម្ដាយខ្ញុំតមអាហារ និងអធិស្ឋានសម្រាប់សុខុមាលភាពកូនៗពួកលោក ហើយដូចជាទស្សនៈវិស័យរបស់ពួកសាវកពីមុន បាននាំពួកលោកឲ្យដើរតាមព្រះអង្គសង្គ្រោះ ទស្សនៈវិស័យដូចគ្នានោះក៏មានដើម្បីបំផុស និងជួយយើងឲ្យធ្វើផងដែរ ។ បងប្អូនប្រុសស្រី យើងជាប្រជាជនដែលមានប្រវត្តិនៃទស្សនៈវិស័យ និងក្ដីជំនឿ និងក្ដីក្លាហាន ដើម្បីធ្វើ ។ ចូរក្រឡេកមើលពីកន្លែងដែលយើងមក និងពរជ័យដែលយើងបានទទួល ! ចូរជឿថា ទ្រង់អាចប្រទានពរអ្នកជាមួយនឹងទស្សនៈវិស័យក្នុងជីវិតអ្នក និងក្ដីក្លាហានដើម្បីធ្វើ ។
ខ្ញុំថ្លែងទីបន្ទាល់របស់ខ្ញុំដល់អ្នក ពីព្រះអង្គសង្គ្រោះ និងព្រះបំណងរបស់ទ្រង់ ដើម្បីឲ្យយើងត្រឡប់ទៅទ្រង់វិញ ។ ដើម្បីធ្វើដូច្នោះ យើងត្រូវតែមានជំនឿដើម្បីធ្វើ---ដើម្បីធ្វើតាម និងក្លាយដូចទ្រង់ ។ ឆ្លងកាត់ពេលវេលាខុសៗគ្នាក្នុងជីវិតយើង ទ្រង់ហុចព្រះហស្តទ្រង់មក ហើយអញ្ចើញយើងថា ៖
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ 11:29–30 ) ។
ដូចជាព្រះអង្គសង្គ្រោះបានឃើញពីសក្ដានុពលដ៏អស្ចារ្យក្នុងពួកសិស្សទ្រង់ពីមុន ទ្រង់ក៏ឃើញដូចគ្នាដែរក្នុងពួកយើង ។ ចូរយើងមើលឃើញខ្លួនយើង ដូចព្រះអង្គសង្គ្រោះឃើញយើងដែរ ។ ខ្ញុំអធិស្ឋានថាយើងនឹងមានទស្សនៈវិស័យនោះ ដោយក្ដីជំនឿ និងក្ដីក្លាហានដើម្បីធ្វើ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។