ឆ្នាំ ២០១០-២០១៩
ទ្រង់ពិតជា​ស្រឡាញ់​យើង
មេសា 2012


ទ្រង់ពិតជា​ស្រឡាញ់​យើង

ដោយសារ​គំរូ​នៃ​គ្រួសារ​ដែល​បាន​រៀបចំ​ដូច​ស្ថានសួគ៌ នោះ​យើង​យល់​ច្បាស់ ថាតើ​ព្រះបិតាសួគ៌យើង​ពិតជា​ស្រឡាញ់​យើងម្នាក់ៗ​​យ៉ាង​ពេញលេញ និង​ស្មើៗគ្នា យ៉ាងណា ។

ខ្ញុំ​ចូលចិត្ត​នៅជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ ពួកគេ​ពេញ​ដោយ​ជំនឿ, ក្ដីសង្ឃឹម, និង​ក្ដី​សប្បុរស​ពិតប្រាកដ ។ បទពិសោធន៍​ជាអ្នកផ្សព្វផ្សាយ​របស់​ពួកគេ​គឺ​ដូច​ជា​ជីវិតមួយ​ដែល​កើត​ឡើង​​អំឡុងពេល​ពី 18 ទៅ 24 ខែ ។ ពួកគេ​ចាប់​ផ្តើម ដូចជា​ទារក​ខាង​វិញ្ញាណ ដោយ​មាន​ស្រេក​ឃ្លាន​ចង់​រៀន​យ៉ាងខ្លាំង ហើយពួកគេ​បាន​ទៅ​ជា​មនុស្ស​ពេញវ័យ​ដែល​មាន​ភាព​ចាស់ទុំ ដែល​រៀបចំ​ជា​ស្រេច​ដើម្បី​ឈ្នះ​គ្រប់​ឧបសគ្គ​ទាំងអស់ ដែល​នៅ​ខាង​មុខ​គេ ។ ខ្ញុំ​ក៏​ស្រឡាញ់​ពួក​អ្នកផ្សព្វផ្សាយ​វ័យ​ចំណាស់​ដែល​ពេញ​ដោយ​ការលះបង់ ដែល​ពេញ​ដោយ​ការ​អត់ធ្មត់, ប្រាជ្ញា, និង​ការប្រាកដ​ប្រជា​ដែល​មិន​ឆេវឆាវ ។ ពួកគេ​នាំ​មក​នូវ​អំណោយទាន​នៃ​ស្ថេរភាព និង​ក្ដី​ស្រឡាញ់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​វ័យក្មេង​ដែល​នៅ​ជុំវិញ​ពួកគេ ។ ទំាងអស់​គ្នា អ្នក​ផ្សព្វផ្សាយសាសនាវ័យ​ក្មេង និង​គូស្វាមីភរិយា​រៀម​ច្បង គឺ​ជា​កម្លាំង​មួយដ៏​មាន​អំណាច និង​ខ្ជាប់ខ្ជួន សម្រាប់​សេចក្ដី​ល្អ ជា​កម្លាំង​ដែល​មាន​នូវ​ឥទ្ធិពល​ជ្រាលជ្រៅ​លើ​ជីវិត​ពួកគេ និង​ពួក​អ្នក​ដែល​ទទួល​ការបម្រើ​ពី​ពួកគេ ។

ថ្មីៗ​នេះ ខ្ញុំ​បានស្ដាប់​អ្នកផ្សព្វផ្សាយ​វ័យក្មេង​ដ៏​អស្ចារ្យ​ពីរនាក់ ពេល​ពួកគេ​បានរំឭក​ពី​បទពិសោធន៍ និង​ការប្រឹងប្រែង​របស់គេ ។ ក្នុង​ពេល​ដែល​គេ​រំឭក​ពី​បទពិសោធន៍​នោះ ពួកគេ​បាន​គិត​ពី​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​បាន​បង្រៀន ដែល​អ្នក​ខ្លះ​មាន​ការឆ្លើយតប​ជាង​អ្នក​ខ្លះ​ផ្សេងទៀត ។ នៅ ពេល​ពួកគេ​បានពិចារណា​អំពី​ស្ថានភាព នោះ​ពួកគេ​​សួរ​ថា « តើ​យើង​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​អភិវឌ្ឍ​បំណង​ប្រាថ្នា​ដើម្បី​ស្គាល់​ព្រះបិតាសួគ៌​ថែមទៀត​ដោយ​របៀបណា ? តើ​យើង​អាច​ជួយ​គេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ទ្រង់​ដោយ​របៀបណា ? តើ​យើង​អាច​ជួយ​គេ​ឲ្យ​ដឹង​ថា​យើង​ស្រឡាញ់​គេ ដោយ​របៀបណា ? »

ខ្ញុំ​ស្រមៃ​ថា ខ្ញុំ​អាច​មើលឃើញ​ពី​បុរសវ័យ​ក្មេង​ទាំងពីរ​នាក់​នេះ បី ឬ​បួន​ឆ្នាំ​ក្រោយពេល​បញ្ចប់​បេសកកម្ម​របស់​គេ ។ ខ្ញុំ​មើលឃើញ​ពួកគេ​ថា បានរកឃើញ​ដៃគូ​អស់កល្ប​របស់​ពួកគេ ហើយ​កំពុង​បម្រើ​ក្នុង​កូរ៉ុម​អែលឌើរ ឬ​កំពុង​បង្រៀន​យុវជន​មួយ​ក្រុម ។ ឥឡូវនេះ ជំនួស​ឲ្យ​ការ​គិត​ពី​សាសនា​គនការី​របស់​ពួកគេ ពួកគេ​សួរ​សំណួរ​ដដែល អំពី​សមាជិក​ក្នុង​កូរ៉ុម​របស់​ពួកគេ ឬ​ពី​ពួក​យុវជន​ដែល​ពួកគេ​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឲ្យ​ជួយ​បីបាច់ ។ ខ្ញុំ​បានឃើញ​ពី​របៀប​ដែល​បទពិសោធន៍​ជា​អ្នកផ្សព្វផ្សាយ​របស់​ពួកគេ​អាច​ត្រូវបាន​អនុវត្ត ជា​ខ្នាត​គំរូ​មួយ​ក្នុង​ការ​បីបាច់​អ្នកផ្សេងទៀត​អស់​មួយ​ជីវិត​ពួកគេ ។ ពេល​ដែល​កងទាហាន​នៃ​ពួកសិស្ស​សុចរិត​ទាំងនេះ ត្រឡប់​ពី​បេសកកម្ម​គេ​ទៅកាន់​ប្រទេស​ជាច្រើន​ជុំវិញ​ផែនដី ពួកគេ​ក្លាយជា​ជំនួយ​ដ៏​សំខាន់​នៅក្នុង​កិច្ចការ​ស្ថាបនា​សាសនាចក្រ ។

ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​គឺ​លីហៃ អាច​គិត​ពី​សំណួរ​ដូចគ្នា​នេះ ដូច​ពួក​អ្នក​ផ្សព្វផ្សាយ​ទាំងនេះ​ដែរ ពេល​លោក​ស្ដាប់​ដល់​ការឆ្លើយតប​របស់​កូន​ប្រុស​លោក​ចំពោះ​ការណែនាំ និង​ការនិមិត្ត​ដែល​លោក​បាន​ផ្ដល់​ថា ៖ « ហើយ​លេមិន និង​លេមយួល ដែល​ជា​បងបង្អស់ បាន​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​គេ​យ៉ាង​ដូច្នោះ ។ ហើយ​ពួកគេ​បាន​រអ៊ូរទាំ​ពីព្រោះ​គេមិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នៃ​ព្រះ ដែល​បាន​បង្កើត​ពួកគេ​មក » (នីហ្វៃទី 1 2:12) ។

ប្រហែល​យើង​ម្នាក់ៗ​ស្គាល់​ពី​ការ​ថប់អារម្មណ៍ ដែល​លីហៃ​បាន​មាន​ជាមួយ​កូនប្រុស​បងបង្អស់​ទាំងពីរ​របស់​លោក ។ ពេល​យើង​ប្រឈមមុខ​ជាមួយ​នឹង​កូន​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​ពិត, សាសនាគនការី​ដែល​គ្មាន​ការតាំងចិត្ត, ឬ​អ្នកត្រៀម​ខ្លួន​ទទួល​បព្វជិតភាព​អែលឌើរ​ម្នាក់​ដែល​ព្រងើយកន្ដើយ, នោះ​ដួងចិត្ត​យើង​ក្ដុកក្តួល​ដូច​ជា​លីហៃ ហើយ​យើង​សួរ​ថា តើ​ខ្ញុំ​អាចជួយ​ពួកគេ​ទទួលអារម្មណ៍ និង​ស្ដាប់​ដល់​ព្រះវិញ្ញាណ​យ៉ាងណា​ទៅ ដើម្បី​កុំឲ្យ​ពួកគេ​ត្រូវជាប់​អន្ទាក់​របស់​លោកិយ ? បទគម្ពីរ​ពីរ​ផុសឡើង​យ៉ាង​ច្បាស់​ក្នុង​គំនិត​ខ្ញុំ ដែល​អាច​ជួយ​យើង​រកផ្លូវ​ឆ្លងកាត់​អន្ទាក់​ទាំងនេះ ហើយ​ទទួល​អារម្មណ៍​ព្រះចេស្ដា​នៃ​ក្ដីស្រឡាញ់​របស់​ទ្រង់ ។

នីហ្វៃ​ផ្ដល់​គន្លឹះ​មួយ​ពី​ការរៀន​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ថា ៖ « ខ្ញុំ នីហ្វៃ ... មាន​ចិត្តមោះមុត ចង់ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ ហេតុដូច្នេះ​ហើយ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​មើលចុះ ទ្រង់បាន​យាង​មកជួប​នឹង​ខ្ញុំ ហើយ​បន្ទន់ចិត្ត​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​ជឿអស់​ទាំងពាក្យ​ដែល​បាន​ពោលមក​ដោយ​ឪពុក​ខ្ញុំ ហេតុដូច្នោះ​ហើយ ខ្ញុំ​មិន​បាន​បះបោរ​ទាស់​នឹង​លោក​ដូចបងៗ​ខ្ញុំ​នោះទេ » ( នីហ្វៃទី 1 2:16 ) ។

ការពញ្ញាក់​បំណងប្រាថ្នា​ដើម្បី​ចង់ដឹង ជួយ​ឲ្យ​សមត្ថភាព​ខាង​វិញ្ញាណ​របស់​យើង​ឮ​សម្លេង​ពី​ស្ថានសួគ៌ ។ ការស្វែងរក​របៀបមួយ​ដើម្បី​ពញ្ញាក់ និង​បីបាច់​បំណង​ប្រាថ្នា​នោះ គឺ​ជាដំណើរ​ស្វែងរក និង​ជា​ទំនួល​ខុសត្រូវ​របស់យើង​ម្នាក់ៗ--​អ្នក​ផ្សព្វផ្សាយសាសនា, ឪពុកម្ដាយ, គ្រូ, អ្នកដឹកនាំ, និង​សមាជិក​គ្រប់រូប ។ ពេលដែល​យើង​មាន​បំណង​ប្រាថ្នា​នោះ​ពុះ​កញ្ជ្រោល​ក្នុង​ដួងចិត្ត​យើង នោះ​យើង​កំពុង​រៀបចំ​ដើម្បី​ទទួល​ផល​ពី​ការរៀន​ពី​បទគម្ពីរ​ទីពីរ​នេះ ដែល​ខ្ញុំ​ចង់និយាយ ។

ក្នុង​ខែ មិថុនា ឆ្នាំ 1831 កាលដែល​ការហៅបម្រើ​ត្រូវបាន​ផ្ដល់​ដល់​អ្នកដឹកនាំ​ដំបូងៗ​នៃ​សាសនាចក្រ​ នោះ​យ៉ូសែប ស៊្មីធ ត្រូវបាន​ប្រាប់ថា « សាតាំង​កំពុង​នៅ​ពាសពេញ​ផែនដី ហើយ​វាចេញ​ទៅ​ដោយ​បញ្ឆោត​សាសន៍​នានា » ។ ដើម្បី​ប្រយុទ្ធ​នឹង​ឥទ្ធិពល​ទាក់ទាញ​នេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ « គំរូ ... អំពី​គ្រប់ទាំងអស់ ដើម្បី​កុំ​ឲ្យ [ យើង ] អាច​ត្រូវ​គេ​បញ្ឆោត​បាន » ( គ. និង ស. 52:14 ) ។

គំរូ​ទាំងនោះ​គឺ​ជា​ខ្នាតគំរូ, ការដឹកនាំ, ជំហាន ឬ​ផ្លូវ​ដដែលៗ ដែល​មនុស្ស​ម្នាក់​ដើរតាម ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​គោលបំណង​ព្រះ ។ បើ​ធ្វើតាម វា​​នឹងជួយ​យើង​ឲ្យ​​បន្ត​រាបទាប, ពញ្ញាក់, និង​អាច​ញែក​សម្លេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចេញ​ពី​សម្លេង​ទាំងនោះ ដែល​ទាក់ទាញ និង​នាំ​យើង​ចេញ​ឆ្ងាយ ។ បន្ទាប់​មក ព្រះអម្ចាស់​ណែនាំ​យើង​ថា « អ្នក​ណា​ដែល​ញ័រ​រន្ធត់​នៅក្រោម​ព្រះចេស្ដា​របស់​យើង នោះ​នឹង​ត្រូវ​ធ្វើឲ្យ​ខ្លាំងក្លា ហើយ​នឹង​នាំផល​នៃ​ការសរសើរ និង​ប្រាជ្ញា​ចេញ​មក តាម​វិវរណៈ និង​សេចក្ដី​ពិត​ទាំងឡាយ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក » ( គ. និង ស. 52:17 ) ។

ពរជ័យ​នៃ​ការអធិស្ឋាន​ដ៏រាបទាប ដោយ​មាន​គោលបំណង​ពិត នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ះ​ដួងចិត្ត ហើយ​ជួយ​យើង​ឲ្យ​ចងចាំ ពី​អ្វី​ដែល​យើង​បាន​ដឹង​ពីក្នុង​ជីវិត​មុន​ផែនដី ពីមុន​យើង​កើតមក​ម៉្លេះ ។ កាលដែល​យើង​កាន់តែ​យល់​ច្បាស់​ពី​ផែនការ​ព្រះបិតាសួគ៌​មាន​សម្រាប់​យើង នោះ​យើង​ចាប់ផ្ដើម​ទទួលស្គាល់​ទំនួលខុសត្រូវ​របស់​យើង ក្នុង​ការ​ជួយ​អ្នកដទៃ​រៀន និង​យល់​ពី​ផែនការ​ទ្រង់ ។ ដោយ​បាន​ចងភ្ជាប់​យ៉ាង​ជិតស្និត​ដល់​ការជួយ​អ្នកដទៃ​ឲ្យ​ចងចាំ នោះ​គឺ​ជា​របៀប​ដែល​យើង​រស់នៅ និង​អនុវត្ត​ដំណឹងល្អ​ក្នុង​ជីវិត​យើង​ផ្ទាល់ ។ ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​យ៉ាងពិតប្រាកដ តាមរបៀប​ដែល​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការជួយ​អ្នក​ដទៃ​រីកចម្រើន​ឡើង ។ បទពិសោធន៍​ខាងក្រោម​នេះ ជា​គំរូ​មួយ​ពី​របៀប​ដែល​គោលការណ៍​នេះត្រូវបាន​អនុវត្ត ។

អ្នក​ផ្សព្វផ្សាយ​វ័យក្មេង​ពីរនាក់​បានគោះទ្វារ​មួយ ដោយ​សង្ឃឹម​ថា​រកឃើញ​នរណា​ម្នាក់​ដែល​នឹង​ទទួល​សារដំណឹង​របស់​ពួកគេ ។ ទ្វារ​បើកឡើង ហើយ​បុរស​មាឌធំ​ម្នាក់​បានទទួល​ពួកគេ​ដោយ​សម្លេង​ដែល​មិនសូវ​រួសរាយ​ប៉ុន្មានទេ​ថា ៖ « ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ ថា​កុំ​ឲ្យ​គោះ​ទ្វារ​ខ្ញុំ​ទៀត ។ ខ្ញុំ​ព្រមាន​អ្នក​ពីមុន​ហើយ​ថា បើ​អ្នក​មកម្ដងទៀត វា​នឹង​មិន​មែន​ជា​បទពិសោធន៍​ដ៏​រីករាយ​នោះទេ ។ ឥឡូវ​ចេញ​ទៅ » ។ គាត់​បិទទ្វារ​វិញ​យ៉ាង​លឿន ។

ពេល​ដែល​ពួក​អែលឌើរ​បាន​ដើរ​ចេញ អ្នកផ្សព្វផ្សាយ​ដែល​ចេញ​យូរជាង ហើយ​មាន​បទពិសោធន៍​ជាង បានដាក់ដៃ​លើ​ស្មា​អ្នក​ផ្សព្វផ្សាយ​ដែល​ថ្មី​ជាង ដើម្បី​លួងលោម និង​លើកទឹកចិត្ត​គាត់ ។ ពួកអ្នក​ផ្សព្វផ្សាយ​មិនបានដឹងទេ តែ​បុរស​នោះ​បាន​មើល​ពួកគេ​តាម​បង្អួច ដើម្បី​ប្រាកដ​ថា​ពួកគេ​យល់​ពី​អ្វី​គាត់​បានប្រាប់ ។ គាត់​រំពឹង​ទាំងស្រុង​ថា ឃើញ​ពួកគេ​សើច ហើយ​ចំអក​ដល់​ការឆ្លើយតប​ដ៏​គំរោះគំរើយ​របស់​គាត់ ពេល​ពួកគេ​ព្យាយាម​ជួប​គាត់ ។ ទោះយ៉ាងណា ពេល​គាត់​បានឃើញ​អ្នកផ្សព្វផ្សាយ​ទាំងពីរ​នោះបង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​គ្នា នោះ​ដួងចិត្ត​របស់​គាត់​ត្រូវបាន​បន្ទន់​ភ្លាមៗ ។ គាត់​បាន​បើក​ទ្វារ ហើយ​ហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ត្រឡប់​មកវិញ និង​ចែកចាយ​សារដំណឹង​របស់​ពួកគេ ជាមួយគាត់ ។

នៅពេល​ដែល​យើង​ព្រមចុះចូល​នឹង​ព្រះទ័យ​ព្រះ និង​រស់នៅ​តាមគំរូ​ទ្រង់ នោះ​យើង​នឹង​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « គេ​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ដោយសារ​សេចក្ដី​នេះឯង គឺ​ដោយអ្នករាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក » ( យ៉ូហាន 13:35 ) ។ គោលការណ៍​នៃ​ក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក និង​ការអភិវឌ្ឍន៍​សមត្ថភាព​យើង ដើម្បី​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ ក្នុង​របៀប​ដែល​យើង​គិត, និយាយ, និង​ធ្វើ គឺ​ជា​គ្រឹះ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ និង​ជា​គ្រូ​នៃ​ដំណឹងល្អ​ទ្រង់ ។

ការ​ពញ្ញាក់​បំណង​ប្រាថ្នា​នេះ រៀបចំ​យើង​ឲ្យ​រកមើល​គំរូ​ទាំងឡាយ​ដែល​បាន​សន្យា ។ ការស្វែងរក​គំរូ​ទាំងនេះ​ដឹកនាំ​យើង​ទៅ​កាន់​គោលលិទ្ធិ​នៃ​ព្រះគ្រីស្ទ ដូច​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី​ជា​អ្នកដឹកនាំ​របស់​ទ្រង់ ។ គំរូមួយ​ពី​គោលលិទ្ធិ​នេះ​គឺ ដើម្បី​កាន់ខ្ជាប់​ដល់​ចុងបំផុត ៖ « នោះ​មាន​ពរហើយ​ដល់​អស់​អ្នកណា ដែល​នឹង​ព្យាយាម​ខំនាំ​ក្រុងស៊ីយ៉ូន​របស់​យើង​ចេញមក​នៅ​ថ្ងៃនេះ ត្បិត​ពួកគេ​នឹង​បានទទួល​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បើ​ពួកគេ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត នោះ​ពួកគេ​នឹង​ត្រូវបាន​លើកឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ហើយ​នឹង​បាន​សង្គ្រោះ​នៅក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​នៃ​កូនចៀម » ( នីហ្វៃទី 1 13:37 ) ។

តើ​អ្វី​ជា​របៀប​ល្អបំផុត ដែល​យើង​នឹង​អាច​រីករាយ​ជាមួយ​នឹង​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ? វា​ជា​ព្រះចេស្ដា​ដែល​បាន​មក ដោយ​ការធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ជា​ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​បងប្អូន​យើង ។ តាមរយៈ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ នោះ​ពរជ័យ​នៃ​ការរស់ឡើងវិញ ត្រូវបាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា ។ គឺ​ព្រះអង្គ​សង្គ្រោះ​ជា​អ្នក​កំណត់​ពី​គំរូ​នៃ​ក្ដីស្រឡាញ់ កាល​ទ្រង់​បានបង្រៀន​យើង​ថា « ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​មួយ​ថ្មី​ដល់​អ្នករាល់គ្នា គឺ​ឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូចជាខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ » ( យ៉ូហាន 13:34 ) ។

ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី បាន​បញ្ជាក់​គោលការណ៍​នេះ នៅ​ពេល​​គាត់​មាន​ប្រសាសន៍​​ថា ៖ « ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់ គឺ​មិនមែន​គ្រាន់តែ​ជា​ដំបូន្មាន​ប៉ុណ្ណោះ​ទេ វា​មិន​គ្រាន់តែ​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ល្អ​នោះដែរ ។ វា​ជា​បទបញ្ញត្ត​មួយ ។ ... ក្ដី​ស្រឡាញ់​នៃ​ព្រះ​ជា​ឫសគល់​នៃ​អស់ទាំង​គុណធម៌, អស់ទាំង​សេចក្ដីល្អ, អស់ទាំង​កម្លាំង​នៃ​អាកប្បកិរិយា, អស់ទាំង​សច្ចះភាព​ដើម្បី​ធ្វើត្រូវ » ( «Words of the Living Prophet,» Liahona, Dec. 1996, ទំព័រ 8; «Excerpts from Recent Addresses of President Gordon  B. Hinckley,» Ensign, ខែ​មេសា ឆ្នាំ 1996, ទំព័រ 73 ) ។

ផែនការ​ព្រះបិតា​បានកំណត់​ទុកជាមុន​នូវគំរូ​នៃ​គ្រួសារ ដើម្បី​ជួយ​យើង​រៀន, អនុវត្ត, និង​យល់​ពី​អំណាច​នៃ​ក្ដី​ស្រឡាញ់ ។ នៅថ្ងៃ​ដែល​គ្រួសារ​ខ្ញុំ​រៀបចំឡើង នោះ Ann ជាភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ និង​ខ្ញុំ​បានទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍​ពិពាហ៍ ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ស្រឡាញ់​នាង​យ៉ាងណា​នៅថ្ងៃនោះ តែ​ខ្ញុំ​ទើបតែ​បានចាប់ផ្ដើម​ឃើញ​ពី​ទស្សនៈ​នៃ​ក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ។ ពេលដែល​កូនៗ និង​ចៅៗ​យើង​បាន​ចូល​ក្នុង​ជីវិត​យើង ក្ដីស្រឡាញ់​របស់យើង​បាន​ពង្រីក​ឡើង ហើយ​ស្រឡាញ់​ពួកគេ​ស្មើៗ​គ្នាពេញ​លេញ ។ វា​ហាក់ដូច​ជា​គ្មានទីបញ្ចប់​ទេ​ក្នុង​ការ​ពង្រីក​សមត្ថភាព​ក្នុង​ការ​ស្រឡាញ់​នោះ ។

អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​ពី​ព្រះបិតាសួគ៌​យើង គឺ​ដូចជា​ការស្រូបទាញ​ពី​ស្ថានសួគ៌ ។ ពេល​យើង​ដកចេញ​នូវ​ការទាក់ទាញ​ទាំងឡាយ​ដែល​ទាញ​យើង​ទៅ​រក​លោកិយ ហើយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​ស្វែងរកទ្រង់ នោះ​យើង​បើក​ចិត្ត​យើង​ដល់​អានុភាព​សេឡេស្ទាល ដែល​នាំ​យើង​ខិត​ទៅ​ជិត​ទ្រង់ ។ នីហ្វៃ​បាន​ពណ៌នា​ពី​ឥទ្ធិពល​របស់​វាថា « គឺដល់​ទៅ​ឆេះឆាប​ទៅពេញ​សាច់ឈាម [ លោក ] » ( នីហ្វៃទី 2 4:21 ) ។ អំណាច​នៃ​ក្ដី​ស្រឡាញ់​ដូចគ្នា​នេះ បាន​ធ្វើ​ឲ្យ​អាលម៉ា​ច្រៀង « នូវ​ចម្រៀង​នៃ​ក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ » ( អាលម៉ា 5:26 មាននៅ​ខ 9 ផងដែរ ) ។ វា​បាន​ធ្វើ​ឲ្យ​មរមន​រញ្ជួយ​ចិត្ត ដែល​គាត់​បាន​ផ្ដល់​ដំបូន្មាន​ដល់​យើង​ឲ្យ « ចូរ​អធិស្ឋាន ... ដោយ​អស់​ពី​កម្លាំង​ចិត្ត [ អ្នក ] » ដើម្បី​យើង​អាច​បាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ( មរ៉ូណៃ 7:48 ) ។

ព្រះគម្ពីរ​ទាំង​សម័យទំនើប និង​បុរាណ គឺ​ពេញ​ដោយ​ការរំឭក​ពី​ក្ដី​ស្រឡាញ់​ដ៏​អស់កល្ប​នៃ​ព្រះបិតា​សួគ៌​ចំពោះ​កូនចៅ​ទ្រង់ ។ ខ្ញុំ​ទុកចិត្ត​ថា ព្រះហស្ត​នៃ​ព្រះបិតាសួគ៌​របស់​យើង លាតសន្ធឹង​ទៅ​ឥតឈប់ រួចជាស្រេច​ដើម្បី​ឱបក្រសោប​យើង​ម្នាក់ៗ ហើយ​មាន​បន្ទូល​ទៅ​យើង​ម្នាក់ៗ​ដោយ​សម្លេង​ដ៏​រហៀង និង​ចាក់ទំលុះ​ថា « បិតា​ស្រឡាញ់​បុត្រ » ។

ដោយសារ​គំរូ​នៃ​គ្រួសារ​ដែល​បាន​រៀបចំ​ដូច​ស្ថានសួគ៌ នោះ​យើង​យល់​ច្បាស់ ថាតើ​ព្រះបិតាសួគ៌​យើង​ពិតជា​ស្រឡាញ់​យើងម្នាក់ៗ​យ៉ាង​ពេញលេញ និង​ស្មើៗគ្នា យ៉ាងណា ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា វាជា​ការពិត ។ ព្រះពិត​ជា​ស្គាល់ និង​ស្រឡាញ់​យើង ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ទស្សនវិស័យ​មួយ​ពី​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​បាន​ហៅ​ពួកព្យាការី និង​ពួកសាវក​ឲ្យ​បង្រៀន​គោលការណ៍ និង​គំរូ​ទាំងឡាយ​ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅ​ទ្រង់​វិញ ។ កាលដែល​យើង​ខំព្យាយាម ដើម្បី​ពញ្ញាក់​បំណង​ប្រាថ្នា​ដើម្បី​ដឹង ដែល​នៅក្នុង​ខ្លួន​យើង និង​ក្នុង​ខ្លួន​អ្នក​ដទៃ​ទៀត និង​កាលដែល​យើង​រស់នៅ​តាម​គំរូ​ដែល​យើង​ស្វែងរក នោះ​យើង​នឹង​ខិតជិត​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​គំរូ និង​ជា​អង្គប្រោសលោះ​ជាទីស្រឡាញ់​របស់​យើង ខ្ញុំ​សូម​ថ្លែង​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។