សូមថ្វាយអំណរគុណដល់ព្រះ
តើវាកាន់តែប្រសើរយ៉ាងណាទៅ បើមនុស្សទាំងអស់អាចដឹងពីអំណាចដ៏ទេវភាព និងក្ដីស្រឡាញ់នៃព្រះកាន់តែច្រើន ហើយបង្ហាញការដឹងគុណដល់ទ្រង់នោះ ។
បងប្អូនប្រុសស្រី យើងសូមអរគុណអ្នកសម្រាប់ការគាំទ្រ និងការបូជារបស់អ្នក ។ យើងសូមបង្ហាញការដឹងគុណ និងក្ដីស្រឡាញ់របស់យើងចំពោះអ្នកគ្រប់គ្នា ។
ថ្មីៗនេះ ស៊ិស្ទើរ ណិលសុន និងខ្ញុំ សប្បាយនឹងមើលសម្រស់ត្រីតំបន់ត្រូពិច នៅក្នុងអាងចិញ្ចឹមត្រីឯកជនតូចមួយ ។ ត្រីទាំងនោះមានពណ៌ស្រស់ឆើតឆាយ ហើយមានរាង និងទំហំខុសៗគ្នា ហែលយ៉ាងលឿនចុះឡើង ។ ខ្ញុំបានសួរអ្នកនៅទីនោះថា « តើនរណាជាអ្នកផ្ដល់អាហារដល់ត្រីដ៏ស្រស់ស្អាតទាំងនេះ ? »
នាងបានឆ្លើយថា « គឺខ្ញុំ » ។
បន្ទាប់មក ខ្ញុំសួរថា « តើត្រីទាំងនេះធ្លាប់អរគុណអ្នកទេ ? »
នាងបានឆ្លើយថា « មិនទាន់ទេ ! » ។
ខ្ញុំបានគិតពីមនុស្សខ្លះ ដែលខ្ញុំស្គាល់ ដែលមិនស្គាល់អ្នកបង្កើត និងជា « នំប៉័ងជីវិត » ដ៏ពិតរបស់ពួកគេ ។1 ពួកគេរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានការយល់ដឹងពីព្រះ និងសេចក្ដីល្អរបស់ទ្រង់ចំពោះពួកគេទេ ។
តើវាកាន់តែប្រសើរយ៉ាងណាទៅ បើមនុស្សទាំងអស់អាចដឹងពីអំណាចដ៏ទេវភាព និងក្ដីស្រឡាញ់នៃព្រះកាន់តែច្រើន ហើយបង្ហាញការដឹងគុណដល់ទ្រង់នោះ ។ អាំម៉ូនបានបង្រៀនថា « ចូរយើងថ្លែងអំណរគុណដល់ [ ព្រះ ] ព្រោះទ្រង់ធ្វើការសុចរិតដរាបទៅ » ។2 ទំហំនៃការដឹងគុណរបស់យើងបង្ហាញពីទំហំនៃក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។
ព្រះជាបិតានៃវិញ្ញាណរបស់យើង ។3 ទ្រង់មានរូបកាយជាសាច់ និងឆ្អឹងដែលមានសិរីរុងរឿងឥតខ្ចោះ ។4 យើងបានរស់នៅជាមួយទ្រង់នៅស្ថានសួគ៌ពីមុនយើងកើតមក ។5 ហើយពេលទ្រង់បានបង្កើតយើងជារូបកាយ យើងត្រូវបានបង្កើតមកតាមរូបអង្គទ្រង់ ម្នាក់ៗមានរូបកាយផ្ទាល់ខ្លួន ។6
ចូរគិតពីការចិញ្ចឹមបីបាច់ខាងរូបកាយរបស់យើង ។ វាពិតជាបានបញ្ជូនមកពីស្ថានសួគ៌ ។ ភាពចាំបាច់នៃខ្យល់, អាហារ, និងទឹក ទាំងអស់មានដល់យើងជាអំណោយពីព្រះបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ។ ផែនដីត្រូវបានបង្កើតមក ដើម្បីទ្រទ្រង់ដល់ដំណើរដ៏ខ្លីរបស់យើងក្នុងជីវិតរមែងស្លាប់នេះ ។7 យើងបានកើតមកដោយមានសមត្ថភាពដើម្បីលូតលាស់, ស្រឡាញ់, រៀបការ, និងបង្កើតក្រុមគ្រួសារ ។
អាពាហ៍ពិពាហ៍ និងគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ។ គ្រួសារជាកត្តាសង្គមដ៏សំខាន់បំផុតក្នុងវេលាកាល និងក្នុងអស់កល្បអស់កាល ។ ដោយសារផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ គ្រួសារអាចបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបចំដើម្បីត្រឡប់ទៅរស់នៅក្នុងទីវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ជារៀងរហូត ។ នោះជាជីវិតអស់កល្បជានិច្ច ! វាបំពេញនូវក្ដីប្រាថ្នាដ៏ជ្រាលជ្រៅនៃព្រលឹងមនុស្ស---ជាក្ដីប្រាថ្នាធម្មជាតិ សម្រាប់ទំនាក់ទំនងគ្មានទីបញ្ចប់ជាមួយនឹងសមាជិកជាទីស្រឡាញ់នៃគ្រួសាររបស់មនុស្សម្នាក់ ។
យើងជាផ្នែកនៃគោលបំណងដ៏ទេវភាពរបស់ទ្រង់ ៖ ទ្រង់បានមានបន្ទូលថា « ជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង គឺដើម្បីនាំឲ្យមានអមតភាព និងជិវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។8 ដើម្បីសម្រេចបានគោលដៅទាំងនោះ « ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។9 ទង្វើនោះគឺជាការបង្ហាញក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ។ « ពីព្រោះ [ ទ្រង់ ] មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកិយ ដើម្បីនឹងជំនុំជំរះលោកិយនោះទេ គឺឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ » ។10
ចំនុចកណ្ដាលនៃផែនការអស់កល្បរបស់ព្រះ គឺបេសកកម្មព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។11 ទ្រង់បានយាងមកប្រោសលោះកូនចៅរបស់ព្រះ ។12 ដោយសារដង្វាយធួនរបស់ព្រះអម្ចាស់ ការរស់ឡើងវិញ ( ឬអមតភាព ) បានក្លាយជាការពិត ។13 ដោយសារដង្វាយធួន ជីវិតអស់កល្បជានិច្ចអាចកើតមានសម្រាប់អស់អ្នកទាំងឡាយណាដែលសក្ដិសម ។ ព្រះយេស៊ូវបានពន្យល់ថា ៖
« ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ៖
« ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ » ។14
សម្រាប់ដង្វាយធួននៃព្រះអម្ចាស់ និងអំណោយនៃការរស់ឡើងវិញរបស់ទ្រង់---សម្រាប់សារដំណឹងនៃបុណ្យ Easter ដ៏វិសេសវិសាលនេះ---សូមថ្វាយអំណរគុណដល់ព្រះ !
អំណោយទាំងឡាយខាងសាច់ឈាម
ព្រះបិតាសួគ៌យើងស្រឡាញ់កូនចៅទ្រង់ ។15 ទ្រង់បានប្រទានពរយើងម្នាក់ៗនូវអំណោយខាងសាច់ឈាម និងខាងវិញ្ញាណ ។ សូមឲ្យខ្ញុំនិយាយពីអំណោយនីមួយៗ ។ ពេលអ្នកច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » ចូរគិតពីអំណោយរបស់ទ្រង់ដល់អ្នក ពីរូបកាយសាច់ឈាមរបស់អ្នកផ្ទាល់ ។ លក្ខណៈអស្ចារ្យជាច្រើននៃរូបកាយអ្នកបញ្ជាក់ពី « ចំណែកជានិស្ស័យនៃព្រះ » ។16
គ្រប់សរីរាង្គនីមួយៗនៃរូបកាយអ្នក គឺជាអំណោយដ៏អស្ចារ្យពីព្រះ ។ ភ្នែកម្ខាងៗមានលទ្ធភាពមើលឃើញដោយស្វ័យប្រវត្តិ ។ សរសៃរប្រសាទ និងសាច់ដុំបញ្ជាភ្នែកទាំងគូរ ដើម្បីបង្កើតរូបភាព 3D មួយ ។ ភ្នែកទាក់ទងទៅនឹងខួរក្បាល ដែលជាអ្នកកត់ត្រានូវអ្វីដែលបានឃើញ ។
បេះដូងអ្នកជាស្នប់មួយយ៉ាងអស្ចារ្យ ។17 វាមានវ៉ាល់ទន់ៗបន ដែលបញ្ជាទិសដៅនៃលំហូរឈាម ។ វ៉ាល់ទាំងនេះបើកបិទច្រើនជាង 100,000 ដង ក្នុងមួយថ្ងៃ---36 លានដង ក្នុងមួយឆ្នាំ ។ វាប្រែប្រួលដោយសារជំងឺ តែវានៅតែអាចទប់ទល់នឹងសម្ពាធបែបនេះបានស្ទើរតែគ្មានកំណត់ ។
ចូរគិតពីប្រព័ន្ធការពាររបស់រាងកាយ ។ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ វាទទួលដឹងពីការឈឺចាប់ ។ ដើម្បីទប់ទល់នឹងការបង្ករោគ វាបង្កើតជាអង្គបដិប្រាណ ។ ស្បែកផ្ដល់ការការពារ ។ វាប្រាប់ពីគ្រោះថ្នាក់ដែលអាចកើតមានពីកម្ដៅ ឬត្រជាក់ខ្លាំងហួសពេក ។
រាងកាយប្តូរនូវកោសិកាដែលងាប់ៗ ហើយរៀបចំកម្រិតនៃធាតុផ្សំចាំបាច់ទាំងឡាយរបស់វាផ្ទាល់ ។ រាងកាយព្យាបាលស្នាមដាច់, ជាំ, និងឆ្អឹងដែលបាក់ដោយខ្លួនវា ។ សមត្ថភាពវាសម្រាប់ការបន្តពូជគឺជាអំណោយដ៏ពិសិដ្ឋមួយទៀតពីព្រះ ។
យើងត្រូវចងចាំថា វាមិនតម្រូវឲ្យមានរាងកាយឥតខ្ចោះមួយទេ ដើម្បីសម្រេចបាននូវជោគវាសនាដ៏ទេវភាពមួយនោះ ។ ការពិត វិញ្ញាណដ៏ផ្អែមល្អែមមួយចំនួនត្រូវបានដាក់នៅក្នុងរូបកាយដែលទន់ខ្សោយ ឬមិនឥតខ្ចោះទាំងឡាយ ។ ជាញឹកញាប់ កម្លាំងខាងវិញ្ញាណដ៏អស្ចារ្យត្រូវបានអភិវឌ្ឍដោយអ្នកដែលមានភាពពិការខាងរាងកាយ ពិតណាស់ គឺមកពីពួកគេមានការពិបាកខ្លាំង ។
អ្នកដែលសិក្សាពីចលនៈកម្មនៃរាងកាយមនុស្សពិតជាបាន « ឃើញព្រះអង្គទ្រង់ធ្វើចលនា ដោយនូវឫទ្ធានុភាព និងព្រះចេស្ដារបស់ទ្រង់ » ។18 ដោយព្រោះរាងកាយត្រូវបានគ្រប់គ្រងដោយក្រិត្យវិន័យដ៏ទេវភាព នោះគ្រប់ការព្យាបាលបានមកពីការគោរពដល់ក្រិត្យវិន័យដែលព្រះពរនោះផ្អែកទៅលើ ។19
ទោះយ៉ាងណា មានមនុស្សខ្លះគិតច្រឡំថា លក្ខណៈខាងរាងកាយដ៏អស្ចារ្យទាំងនេះបានកើតឡើងដោយចៃដន្យ ឬពីបន្ទុះដ៏ធំមួយ ។ ចូរសួរខ្លួនឯងថា « តើបន្ទុះនៃរោងបោះពុម្ពមួយអាចផលិតវចនានុចក្រមមួយបានទេ ? » វាមិនទំនងទាល់តែសោះ ។ តែបើដូចជាទ្រឹស្ដីនោះមែន វាមិនអាចបិតផ្ជិតក្រដាសរហែក ឬផលិតកំណែថ្មីរបស់វាបានទេ !
បើសមត្ថភាពរាងកាយសម្រាប់មុខងារធម្មតា, សម្រាប់ការពារ, ព្យាបាល, រៀបចំ, និងបង្កើតជាថ្មី បន្តឥតព្រំដែន នោះជីវិតនៅទីនេះក៏នឹងបន្តជារៀងរហូតដែរ ។ មែនហើយ យើងនឹងត្រូវបានទុកនៅលើផែនដីនេះ ! ដោយមេត្តាករុណាដល់យើង នោះអង្គបង្កបង្កើតយើងបានប្រទាននូវជរាភាព និងដំណើរការផ្សេងៗទៀត ដែលនៅទីបំផុត ធ្វើឲ្យយើងស្លាប់ខាងរូបកាយ ។ សេចក្ដីស្លាប់ ក៏ដូចជាកំណើតដែរ ជាផ្នែកនៃជីវិត ។ ព្រះគម្ពីរបង្រៀនថា « វាពុំជាការចាំបាច់ទៀតទេ ដែលមនុស្សត្រូវរួចផុតពីសេចក្ដីស្លាប់ខាងសាច់ឈាម ព្រោះការណ៍នេះនឹងបំផ្លាញផែនការនៃសុភមង្គលដ៏មហិមា » ។20 ការត្រឡប់ទៅព្រះ តាមក្លោងទ្វារ ដែលយើងហៅថាសេចក្ដីស្លាប់នោះ គឺជាក្ដីអំណរសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ និងដែលរៀបចំជាស្រេចដើម្បីជួបទ្រង់ ។21 នៅទីបំផុត ពេលវេលានឹងមកដល់ពេលដែលគ្រប់ « វិញ្ញាណ និងរាងកាយនឹងផ្គុំគ្នាជាថ្មី ក្នុងប្រាណដ៏ឥតខ្ចោះ អវយវៈទាំងអស់នឹងត្រូវបានផ្គុំគ្នាវិញដោយត្រឹមត្រូវដូចជារូបរាងយើង »22 ហើយនឹងមិនដែលត្រូវបំបែកម្ដងទៀតឡើយ ។ សម្រាប់អំណោយខាងរូបកាយនេះ សូមថ្វាយអំណរគុណដល់ព្រះ !
អំណោយទាំងឡាយខាងវិញ្ញាណ
សំខាន់ដូចជារូបកាយដែរ វាជារោងឧបោសថសម្រាប់វិញ្ញាណដ៏អស់កល្បរបស់មនុស្សម្នាក់ ។ វិញ្ញាណយើងបានរស់នៅក្នុងជីវិតមុនផែនដី23 ហើយនឹងបន្តរស់នៅបន្ទាប់ពីរូបកាយស្លាប់ទៅ ។24 វិញ្ញាណផ្ដល់ចលនា និងបុគ្គលិកលក្ខណៈដល់រូបកាយ ។25 ក្នុងជីវិតនេះ និងបន្ទាប់ទៀត នៅពេលបានរួមគ្នាវិញនោះ វិញ្ញាណ និងរូបកាយ នឹងក្លាយជាព្រលឹងរស់មួយដែលមានតម្លៃវិសេសបំផុត ។
ដោយព្រោះវិញ្ញាណរបស់មនុស្សម្នាក់សំខាន់ខ្លាំងណាស់ នោះការរីកចម្រើនរបស់វាគឺជាសារសំខាន់ដ៏អស់កល្បជានិច្ច ។ វាត្រូវបានពង្រឹង ពេលដែលយើងទាក់ទងព្រះបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់របស់យើង ដោយការអធិស្ឋានដ៏រាបទាប ។26
លក្ខណៈទាំងឡាយដែលយើងត្រូវជំនុំជំរះនៅថ្ងៃមួយនោះ គឺសុទ្ធតែជាខាងវិញ្ញាណ ។27 លក្ខណៈទាំងនេះរួមមានសេចក្ដីស្រឡាញ់, គុណធម៌, សេចក្ដីសុចរិត, មេត្តាធម៌, និងការបម្រើអ្នកដទៃ ។28 វិញ្ញាណអ្នក ជាគូជាមួយរូបកាយ និងត្រូវបានដាក់ក្នុងរូបកាយអ្នក អាចអភិវឌ្ឍ និងបង្ហាញពីលក្ខណៈទាំងនេះ ក្នុងរបៀបទាំងឡាយដែលចាំបាច់ដល់ការរីកចម្រើនអស់កល្បរបស់អ្នក ។29 ការរីកចម្រើនខាងវិញ្ញាណអាចសម្រេចបានតាមរយៈជំហានទាំងឡាយនៃ ជំនឿ, ការប្រែចិត្ត, បុណ្យជ្រមុជទឹក, អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ, និងការកាន់ខ្ជាប់ដល់ទីបំផុត, រួមទាំងការទទួលពិធីពិសិដ្ឋផ្ទាល់ខ្លួន និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។30
ដូចជារាងកាយដែលត្រូវការអាហារដើម្បីរស់នៅ នោះវិញ្ញាណក៏ត្រូវការការចិញ្ចឹមបីបាច់ដែរ ។ វិញ្ញាណត្រូវបីបាច់ដោយសេចក្ដីពិតអស់កល្បជានិច្ច ។ ឆ្នាំមុន យើងបានប្រារព្ធខួបលើកទី 400 នៃការបកប្រែព្រះគម្ពីរប៊ីប កំណែរបស់ស្ដេច ជេមស៍ ។ ហើយយើងមានព្រះគម្ពីរមរមនជិត 200 ឆ្នាំផងដែរ ។ ឥឡូវនេះ វាត្រូវបានបកប្រែទាំងស្រុង ឬជាផ្នែកទៅជា 107 ភាសា ។ ដោយសារព្រះគម្ពីរដ៏មានតម្លៃទាំងនេះ និងដទៃទៀត យើងដឹងថា ព្រះជាព្រះបិតាអស់កល្បរបស់យើង ហើយថា ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអង្គសង្គ្រោះ និងអង្គប្រោសលោះយើង ។ សម្រាប់អំណោយខាងវិញ្ញាណទាំងនេះ សូមថ្វាយអំណរគុណដល់ព្រះ ។
អំណោយទាំងឡាយខាងដំណឹងល្អ
យើងដឹងថា ព្យាការីក្នុងសម័យកាន់កាប់ត្រួតត្រាជាច្រើន ដូចជាអ័ដាម, ណូអេ, ម៉ូសេ, និងអ័ប្រាហាំ, ទាំងអស់គ្នាបានបង្រៀនពីទេវភាពនៃព្រះបិតាសួគ៌យើង និងពីព្រះយេស៊ូវគ្រីស្ទ ។ សម័យកាន់កាប់ត្រួតត្រាបច្ចុប្បន្នរបស់យើង ត្រូវបានណែនាំដោយព្រះបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពេលដែលពួកទ្រង់បានយាងមកជួបព្យាការី យ៉ូសែប ស៊្មីធ ក្នុងឆ្នាំ 1820 ។ សាសនាចក្រត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ 1830 ។ ឥឡូវនេះ 182 ឆ្នាំ បានកន្លងទៅហើយ យើងនៅតែស្ថិតនៅក្រោមសេចក្ដីសញ្ញាដើម្បីនាំដំណឹងល្អទៅដល់ « គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន » ។31 កាលយើងធ្វើដូច្នោះ នោះទាំងអ្នកផ្ដល់ឲ្យ និងអ្នកទទួលនឹងបានពរជ័យ ។
យើងមានទំនួលខុសត្រូវ ដើម្បីបង្រៀនកូនចៅទ្រង់ និងដាស់ពួកគេឲ្យមានការយល់ដឹងពីព្រះ ។ ជាយូរលង់ណាស់មកហើយ ស្ដេចបេនយ៉ាមីនបានមានបន្ទូលថា ៖
« សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ ហើយថា ទ្រង់បានបង្កើតវត្ថុសព្វសារពើ ទាំងនៅលើស្ថានសួគ៌ និងផែនដីផង …
« … សូមជឿថា អ្នករាល់គ្នាត្រូវប្រែចិត្ត ពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយលះបង់ចោលអំពើបាបទាំងនោះទៅ ហើយបន្ទាបខ្លួនចំពោះព្រះ ហើយសូមអំពាវនាវដោយចិត្តស្មោះ សូមឲ្យទ្រង់អភ័យទោសដល់អ្នករាល់គ្នា ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាជឿនូវការណ៍ទាំងអស់អ្នក នោះសូមឲ្យអ្នករាល់គ្នាចាប់ផ្ដើមប្រព្រឹត្តភ្លាមទៅ » ។32
ព្រះនៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតទៅ តែយើងមិនដូច្នោះទេ ។ រាល់ថ្ងៃ វាជាការលំបាកសម្រាប់យើងដើម្បីបានអំណាចនៃដង្វាយធួន ដើម្បីយើងផ្លាស់ប្ដូរពិតប្រាកដ ដើម្បីក្លាយកាន់តែដូចព្រះគ្រីស្ទ ហើយសក្ដិសមសម្រាប់អំណោយនៃការលើកតម្កើង និងរស់នៅអស់កល្បជាមួយព្រះ, ព្រះយេស៊ូវគ្រីស្ទ, និងគ្រួសារយើង ។33 សម្រាប់អំណាច, ឯកសិទ្ធិ, និងអំណោយខាងដំណឹងល្អទាំងនេះ សូមថ្វាយអំណរគុណដល់ព្រះ !
ខ្ញុំថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ថាព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយថាសាសនាចក្ររបស់ទ្រង់ ត្រូវបានស្ដារឡើងវិញក្នុងថ្ងៃចុងក្រោយនេះ ដើម្បីសម្រេចឲ្យបាននូវគោលដៅដ៏ទេវភាព ។ យើងត្រូវបានដឹកនាំសព្វថ្ងៃនេះ ដោយប្រធាន ថូម៉ាស អេស ម៉នសុន ដែលយើងស្រឡាញ់ និងគាំទ្រអស់ពីដួងចិត្តយើង ក៏ដូចជាយើងគាំទ្រដល់ទីប្រឹក្សាលោក និងពួកសាវកដប់ពីរនាក់ ជាព្យាការី, អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ អាមែន ។