កាលដែលយើងបិទសន្និសីទនេះ
សូមឲ្យអ្នកពិចារណាមើលការពិត ដែលអ្នកបានឮ និងសូមឲ្យការពិតទាំងនោះ ជួយអ្នកឲ្យក្លាយជាមនុស្សកាន់តែល្អជាងពេលដែលសន្និសីទបានចាប់ផ្ដើម ។
ដួងចិត្តរបស់ខ្ញុំបានពោរពេញ កាលដែលយើងចូលដល់ការបញ្ចប់នៃសន្និសីទដ៏អស្ចារ្យនេះ ។ យើងត្រូវបានប្រទានពរយ៉ាងបរិបូរណ៌ កាលដែលយើងបានស្ដាប់ដល់ដំបូន្មាន និងទីបន្ទាល់របស់ពួកអ្នកដែលបាននិយាយមកកាន់យើង ។ ខ្ញុំគិតថា អ្នកយល់ស្របជាមួយខ្ញុំ ថាយើងបានមានអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ប៉ះដល់ដួងចិត្តរបស់យើង និងទីបន្ទាល់របស់យើងត្រូវបានពង្រឹង ។
ជាថ្មីម្ដងទៀត យើងបានរីករាយនឹងតន្ដ្រីដ៏ពិរោះ ដែលបានធ្វើឲ្យសម័យប្រជុំនីមួយៗ របស់សន្និសីទនេះ កាន់តែវិសេសវិសាលថែមទៀត ។ ខ្ញុំសូមថ្លែងអំណរគុណដល់ពួកអ្នកដែលបានចែកចាយទេពកោសល្យរបស់គេជាមួយយើង ។
ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស ដល់អ្នកគ្រប់គ្នា ដែលបាននិយាយមកកាន់យើង ក៏ដូចជាពួកអ្នកដែលបានអធិស្ឋាន នៅសម័យប្រជុំនីមួយៗ ។
នៅសន្និសីទនីមួយៗ មានបុគ្គលជាច្រើនរាប់មិនអស់ ដែលបានធ្វើការក្រោយឆាក ឬធ្វើនៅកន្លែងដែលមិនសូវមើលឃើញ ។ យើងមិនអាចមានសម័យប្រជុំទាំងឡាយបាន ដោយគ្មានជំនួយពីពួកគេឡើយ ។ ខ្ញុំថ្លែងអំណរគុណ ដល់ពួកគេទាំងអស់គ្នាផងដែរ ។
ខ្ញុំដឹងថា អ្នកចូលរួមជាមួយខ្ញុំ ក្នុងការបង្ហាញការដឹងគុណដ៏ស្មោះស ចំពោះបងប្អូនប្រុសស្រី ដែលបានដោះលែងអំឡុងសន្និសីទនេះ ។ យើងនឹងនឹកពួកគាត់ ។ ការបូជារបស់ពួកគាត់ ចំពោះកិច្ចការរបស់ព្រះអម្ចាស់ គឺអស្ចារ្យសម្បើមណាស់ ហើយនឹងជះឥទ្ធិពលទៅជំនាន់ក្រោយៗទៀត ។
យើងក៏បានគាំទ្រ ដោយការលើកដៃ ដល់បងប្អូនប្រុសស្រី ដែលត្រូវបានហៅដល់មុខតំណែងថ្មី អំឡុងសន្និសីទនេះ ។ យើងសូមស្វាគមន៍ពួកគាត់ ហើយចង់ឲ្យពួកគាត់ដឹងថា យើងរង់ចាំបម្រើជាមួយពួកគាត់ ក្នុងបុព្វហេតុនៃលោកចៅហ្វាយ ។ ពួកគាត់ត្រូវបានហៅដោយការបំផុសគំនិតពីស្ថានលើ ។
យើងបានចាក់ផ្សាយសន្និសីទនេះ ទៅកាន់តំបន់កាន់តែទូលំទូលាយជាងពេលមុនៗទាំងអស់ កាត់ទ្វីប និងមហាសមុទ្រនានា ទៅដល់ប្រជាជនគ្រប់ទីកន្លែង ។ ទោះរូបកាយយើងឆ្ងាយពីពួកអ្នកជាច្រើនក្ដី តែយើងមានអារម្មណ៍ថានៅជិតអ្នក ហើយដឹងពីការបូជារបស់អ្នក ហើយយើងសូមផ្ញើរសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់យើង ដល់អ្នកគ្រប់គ្នា នៅគ្រប់ទីកន្លែងដែលអ្នករស់នៅ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ យើងមានពរជ័យណាស់ ដែលមានដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិត និងដួងចិត្តយើង ។ ដំណឹងល្អផ្ដល់នូវចម្លើយដល់សំណួរដ៏ពិបាកទាំងឡាយក្នុងជីវិត ។ វាផ្ដល់នូវអត្ថន័យ និងគោលបំណង និងក្ដីសង្ឃឹមដល់ជីវិតយើង ។
យើងរស់នៅក្នុងគ្រាដ៏លំបាក ។ ខ្ញុំអះអាងដល់អ្នកថា ព្រះបិតាសួគ៌របស់យើងទ្រង់ជ្រាបពីឧបសគ្គទាំងឡាយដែលយើងប្រឈមមុខ ។ ទ្រង់ស្រឡាញ់យើងម្នាក់ៗ ហើយមានព្រះបំណងប្រទានពរ និងជួយយើង ។ ចូរយើងដង្ហោយទៅទ្រង់ ក្នុងការអធិស្ឋាន កាលទ្រង់បានប្រៀនប្រដៅ ទ្រង់បានមានបន្ទូលថា « ចូរអធិស្ឋានជានិច្ច ហើយយើងនឹងចាក់ព្រះវិញ្ញាណរបស់យើងមកលើអ្នក ហើយពររបស់អ្នកធំណាស់ហ្ន៎---មែនហើយ គឺច្រើនជាងអ្វីដែលអ្នកគប្បីបានទទួលនូវទ្រព្យសម្បត្តិពីផែនដី និងរបស់ពុករលួយទាំងនោះផង » ។1
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរឲ្យផ្ទះរបស់អ្នកត្រូវបានបំពេញដោយក្ដីស្រឡាញ់ និងសេចក្ដីរាបសារ និងព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ចូរស្រឡាញ់គ្រួសារអ្នក ។ បើមានការមិនចុះសម្រុង ឬការឈ្លោះប្រកែក ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំសូមអង្វរអ្នកឲ្យដោះស្រាយវាឥឡូវនេះ ។ ព្រះអង្គសង្គ្រោះមានបន្ទូលថា ៖
« មិនត្រូវមានការប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា ។ …
« ត្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្សឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ។
« [ តែ ] មើលចុះ នេះពុំមែនជាគោលលទ្ធិរបស់យើងទេ … ប៉ុន្តែនេះគឺជាគោលលទ្ធិរបស់យើង គឺត្រូវលះបង់ការទាំងនោះចោលវិញ » ។2
ក្នុងនាមជាអ្នកបម្រើដ៏រាបទាបរបស់អ្នក ខ្ញុំសូមបន្លឺពាក្យរបស់ស្ដេចបេនយ៉ាមីន ក្នុងសេចក្ដីថ្លែងរបស់ទ្រង់ទៅកាន់ប្រជាជន ពេលទ្រង់មានបន្ទូលថា ៖
« យើងពុំបានបញ្ជាឲ្យអ្នកឡើងមកទីនេះ ... ដើម្បីឲ្យអ្នករាល់គ្នាគិតថា យើងនេះជាមនុស្សខ្ពស់ជាងមនុស្សធម្មតានោះទេ ។
« ប៉ុន្តែ យើងក៏ដូចអ្នកករាល់គ្នាដែរ ដែលមានការទន់ខ្សោយគ្រប់បែបយ៉ាងខាងរូបកាយ និងខាងគំនិត ក៏ប៉ុន្តែយើងត្រូវបានរើស ... ដោយព្រះហស្តនៃព្រះអម្ចាស់ ... ហើយត្រូវបានថែរក្សាឲ្យគង់វង្ស ដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ ដើម្បីបម្រើអ្នកឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំង ដែលព្រះអម្ចាស់ទ្រង់បានប្រទានមកឲ្យយើង » ។3
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានបំណងដោយអស់ពីចិត្តខ្ញុំ ដើម្បីធ្វើតាមព្រះហឫទ័យព្រះ ដើម្បីបម្រើទ្រង់ និងបម្រើអ្នករាល់គ្នា ។
ឥឡូវនេះ កាលដែលយើងចាកចេញពីសន្និសីទនេះទៅ ខ្ញុំសូមអធិស្ឋានឲ្យពរជ័យទាំងឡាយនៃស្ថានសួគ៌ចាក់មកលើអ្នករាល់គ្នាម្នាក់ៗ ។ សូមឲ្យអ្នកដែលបានចេញឆ្ងាយពីផ្ទះ ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។ សូមឲ្យអ្នកពិចារណាមើលការពិត ដែលអ្នកបានឮ និងសូមឲ្យការពិតទាំងនោះជួយអ្នកឲ្យក្លាយជាមនុស្សកាន់តែល្អជាងពេលដែលសន្និសីទបានចាប់ផ្ដើម ។
លុះត្រាយើងជួបទៀត ក្នុងពេលប្រាំមួយខែក្រោយ ខ្ញុំសូមឲ្យព្រះពរទាំងឡាយពីព្រះអម្ចាស់ស្ថិតនៅជាមួយអ្នក ប្រាកដណាស់ គឺជាមួយយើងទាំងអស់គ្នា ហើយខ្ញុំសូមធ្វើកិច្ចការទាំងនេះ ក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់---គឺជាព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង---អាមែន ។