អំណាចនៃសេចក្ដីដោះលែងឲ្យរួចផុត
យើងអាចត្រូវបានដោះលែងឲ្យរួចពីផ្លូវអាក្រក់ និងទុច្ចរិត ដោយការបែរទៅកាន់ការបង្រៀនពីព្រះគម្ពីរបរិសុទ្ធទាំងឡាយ ។
ខ្ញុំមានមិត្តល្អម្នាក់ ដែលផ្ញើក្រវ៉ាត់កថ្មីមួយ ឲ្យពាក់ក្នុងសម័យប្រជុំដែលខ្ញុំឡើងនិយាយ នៅគ្រប់សន្និសីទទូទៅ ។ គាត់មានរសនិយមអស្ចារ្យណាស់ អ្នកគិតអញ្ចឹងទេ ?
មិត្តវ័យក្មេងរបស់ខ្ញុំមានបញ្ហាលំបាកខ្លះ ហើយតាមរបៀបខ្លះ ពួកគេបានដាក់កម្រិតគាត់ តែក្នុងរបៀបផ្សេងទៀត គាត់អស្ចារ្យណាស់ ។ ឧទាហរណ៍ ភាពអង់អាចរបស់គាត់ក្នុងនាមជាអ្នកផ្សព្វផ្សាយម្នាក់ គឺអាចប្រៀបធៀបទៅនឹងពួកបុត្រានៃស្ដេចម៉ូសាយបាន ។ ភាពសាមញ្ញនៃការជឿរបស់គាត់ ដែលធ្វើឲ្យការផ្លាស់ប្រែចិត្តជឿរបស់គាត់រឹងមាំអស្ចារ្យ ហើយនឹងនរ ។ ខ្ញុំជឿថា ក្នុងគំនិតរបស់ ស្កត គឺមិនអាចស្រមៃបានទេថា មនុស្សគ្រប់រូបមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយថាគ្រប់គ្នាមិនបានអានព្រះគម្ពីរមរមន និងមិនមានទីបន្ទាល់ពីភាពពេញលេញរបស់វានោះ ។
ខ្ញុំសូមប្រាប់អ្នកពីព្រឹត្តិការណ៍មួយក្នុងជីវិត ស្កត ពេលគាត់កំពុងជិះយន្តហោះតែម្នាក់ឯងលើកទីមួយ ដើម្បីទៅសួរសុខទុក្ខបងប្រុសគាត់ ។ អ្នកជិតខាងម្នាក់ដែលបានអង្គុយជិតគាត់ បានឮពីការសន្ទនារបស់ ស្កត ជាមួយនឹងអ្នកអង្គុយជិតគាត់ ៖
« សួស្ដី ខ្ញុំឈ្មោះ ស្កត ។ ចុះអ្នកវិញ ? »
អ្នកអង្គុយជិតនោះបានប្រាប់ឈ្មោះគាត់ ។
« តើអ្នកធ្វើអ្វី ? »
« ខ្ញុំជាវិស្វករ » ។
« ល្អណាស់ ។ តើអ្នករស់នៅទីណា ? »
« នៅ ឡាស វេហ្គាស » ។
« យើងមានព្រះវិហារបរិសុទ្ធមួយនៅទីនោះ ។ តើអ្នកដឹងថា ព្រះវិហារបរិសុទ្ធពួកមរមននៅកន្លែងណាទេ ? »
« បាទ ។ វាជាអគារមួយស្រស់ស្អាតណាស់ » ។
« តើអ្នកជាពួកមរមនឬ ? »
« ទេ » ។
« អូ អ្នកគួរតែជាពួកមរមន ។ វាជាសាសនាដ៏អស្ចារ្យមួយ ។ តើអ្នកបានអានព្រះគម្ពីរមរមនទេ ? »
« ទេ » ។
« អូ អ្នកគួរតែអាន ។ វាជាព្រះគម្ពីរដ៏អស្ចារ្យមួយ » ។
ខ្ញុំយល់ស្របជាមួយ ស្កត ដោយអស់ពីចិត្ត---ព្រះគម្ពីរមរមនជាព្រះគម្ពីរដ៏អស្ចារ្យមួយ ។ ពាក្យសម្ដីព្យាការី យ៉ូសែប ស៊្មីធ ដែលមានក្នុងទំព័របុព្វកថានៃព្រះគម្ពីរមរមន តែងតែពិសេសណាស់សម្រាប់ខ្ញុំ ៖ « ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ ជាជាងគម្ពីរដទៃទាំងអស់ » ។
ឆ្នាំនេះ ក្នុងថ្នាក់សាលាថ្ងៃអាទិត្យ យើងកំពុងសិក្សាព្រះគម្ពីរមរមន ។ ពេលយើងរៀបចំ និងចូលរួម សូមឲ្យយើងត្រូវបានជម្រុញឲ្យធ្វើដូចគំរូដ៏មុតមាំរបស់ ស្កត ក្នុងការចែកចាយក្ដីស្រឡាញ់របស់យើងពីព្រះគម្ពីរដ៏ពិសេសនេះ ជាមួយអ្នកផ្សេងទៀតដែលមិនមែនជាសមាជិក ។
បាវចនាដ៏សំខាន់របស់ព្រះគម្ពីរមរមន គឺត្រូវបានបង្ហាញក្នុងខចុងក្រោយនៃទំពូកទីមួយនៃគម្ពីរ នីហ្វៃទី 1 ។ នីហ្វៃសរសេរថា « ប៉ុន្តែ មើលចុះ ខ្ញុំ នីហ្វៃ នឹងបង្ហាញដល់អ្នករាល់គ្នាថា សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ ដើម្បីធ្វើឲ្យគេខ្លាំងពូកែ ស្មើនឹងអំណាចនៃសេចក្ដីដោះលែងឲ្យរួចផុត » ( នីហ្វៃទី 1 1:20 ) ។
ខ្ញុំចង់និយាយពីរបៀបដែលព្រះគម្ពីរមរមន ដែលជាសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ បានរក្សាសម្រាប់ពួកបរិសុទ្ធទាំងនេះ, បានដោះលែងយើង ដោយការបង្រៀនយើង ក្នុងរបៀបមួយដ៏បរិសុទ្ធ និង « ត្រឹមត្រូវបំផុត » ពីគោលលទ្ធិនៃព្រះគ្រីស្ទ ។
រឿងជាច្រើនក្នុងព្រះគម្ពីរមរមន គឺជារឿងនៃការដោះលែងឲ្យរួច ។ ការចាកចេញរបស់លីហៃទៅក្នុងវាលរហោស្ថានជាមួយគ្រួសារគាត់គឺអំពីការដោះលែងឲ្យរួច ពីការបំផ្លាញក្រុងយេរូសាឡិម ។ រឿងពីពួកសាសន៍យ៉ារេឌជារឿងមួយពីការដោះលែងឲ្យរួច ក៏ដូចជារឿងពីពួកសាសន៍មូលេកដែរ ។ អាលម៉ាជាកូនត្រូវបានដោះលែងឲ្យរួចពីអំពើបាប ។ កងទ័ពហេលេមិនត្រូវបានដោះលែងឲ្យរួចពីសង្គ្រាម ។ នីហ្វៃ និងលីហៃត្រូវបានដោះលែងឲ្យរួចពីគុក ។ ជាក់ស្ដែងណាស់ ប្រធានបទនៃការដោះលែងឲ្យរួចគឺមានពេញព្រះគម្ពីរមរមន ។
មានរឿងពីរក្នុងព្រះគម្ពីរមរមន ដែលស្រដៀងគ្នា ហើយបង្រៀនមេរៀនដ៏សំខាន់មួយ ។ រឿងទីមួយគឺមកពីព្រះគម្ពីរម៉ូសាយ ចាប់ពីជំពូកទី 19 ។ នៅកន្លែងនោះ យើងរៀនពីស្ដេចលិមហៃដែលរស់នៅក្នុងដែនដីនីហ្វៃ ។ ពួកលេមិនបានធ្វើសង្គ្រាមជាមួយប្រជាជនលិមហៃ ។ លទ្ធផលនៃសង្គ្រាមគឺថា ពួកលេមិនអនុញ្ញាតឲ្យស្ដេចលិមហៃគ្រប់គ្រងប្រជាជនរបស់ទ្រង់ តែពួកគេត្រូវស្ថិតនៅក្នុងសេវកភាព ។ វាជាសន្តិភាពមួយដែលមិនសុខស្រួលនោះទេ ។ (សូមមើល ម៉ូសាយ 19–20 ) ។
ពេលប្រជាជនលិមហៃនឿយហត់ចំពោះការរំលោភបំពានរបស់ពួកលេមិន ពួកគេបានអង្វរស្ដេចរបស់ពួកគេឲ្យធ្វើចម្បាំងនឹងសាសនាលេមិន ។ ប្រជាជនលិមហៃ បានចាញ់សង្គ្រាមបីដង ។ បន្ទុកដ៏ធ្ងន់បានធ្លាក់មកលើពួកគេ ។ ទីបំផុត ពួកគេបានបន្ទាបខ្លួន ហើយដង្ហោយហៅយ៉ាងខ្លាំងទៅកាន់ព្រះអម្ចាស់ ដើម្បីឲ្យទ្រង់ដោះលែងពួកគេ ។ (សូមមើល ម៉ូសាយ 21:1–14 ) ក្នុងខ 15 ជំពូក 21 ប្រាប់យើងពីការឆ្លើយតបរបស់ព្រះអម្ចាស់ ៖ « ហើយឥឡូវនេះ ព្រះអម្ចាស់ក្រឮសម្រែករបស់ពួកគេ ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ទោះជាយ៉ាងណាក្ដី គង់តែព្រះអម្ចាស់ទ្រង់បានឮសម្រែករបស់ពួកគេដែរ ហើយបានចាប់ផ្ដើមបន្ទន់ចិត្តពួកលេមិន ដើម្បីពួកគេបានចាប់ផ្ដើមសម្រាលបន្ទុកឲ្យគេ តែព្រះអម្ចាស់ទ្រង់មិនបានទតឃើញថាល្មមនឹងដោះពួកគេឲ្យរួចផុតពីសេវកភាពនៅឡើយទេ » ។
មិនយូរប៉ុន្មាន បន្ទាប់ពីអាំម៉ូន និងបុរសមួយក្រុមតូចពីសារ៉ាហិមឡាបានមកដល់ ហើយរួមនឹងគេឌាន---ដែលជាអ្នកដឹកនាំម្នាក់នៃប្រជាជនលិមហៃ---នោះពួកគេបានដាក់ផែនការមួយដែលនាំឲ្យបានជោគជ័យ ហើយពួកគេបានរួចផុតពីការរំលោភបំពានរបស់ពួកលេមិន ។ ព្រះអម្ចាស់ក្រឮសម្រែករបស់ពួកគេ ។ ហេតុអ្វី ? ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ។
រឿងទីពីរគឺស្រដៀងគ្នាក្នុងរបៀបជាច្រើន តែក៏ខុសគ្នាដែរ ។ ដំណើររឿងនោះត្រូវបានកត់ទុកក្នុង ម៉ូសាយ 24 ។
អាលម៉ា និងប្រជាជនលោក បានតាំងលំនៅក្នុងដែនដីហេឡាម ពេលដែលទាហានលេមិនបានចូលមកព្រំដែនទឹកដីនោះ ។ ពួកគេបានជួប និងដោះស្រាយដោយសន្តិភាព ។ (សូមមើល ម៉ូសាយ 23:25–26) ។ មិនយូរប៉ុន្មានពួកអ្នកដឹកនាំរបស់ពួកលេមិន បានចាប់ផ្ដើមបង្ខំប្រជាជនអាលម៉ា ហើយដាក់បន្ទុកធ្ងន់ៗលើពួកគេ ។ (សូមមើល ម៉ូសាយ 24:8) ក្នុងខ 13 យើងអានថា « ហើយហេតុការណ៍បានកើតឡើងថា សម្លេងនៃព្រះអម្ចាស់បន្លឺមកគេ នៅពេលវេទនារបស់គេថា ៖ ចូរងើបក្បាលឡើង ហើយចូរក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើជាមួយនឹងយើង ហើយយើងនឹងធ្វើសេចក្ដីសញ្ញា ជាមួយនឹងរាស្ត្រយើង ហើយនឹងដោះពួកគេឲ្យរួចផុតពីសេវកភាព » ។
ប្រជាជនរបស់អាលម៉ាត្រូវបានដោះលែងឲ្យរួចពីដៃពួកលេមិន ហើយបានធ្វើដំណើរត្រឡប់ទៅជួបជុំជាមួយប្រជាជនសារ៉ាហិមឡា ដោយសុវត្ថិភាព ។
តើមានអ្វីខុសគ្នារវាងប្រជាជនអាលម៉ា និងប្រជាជនលិមហៃ ? ជាក់ស្ដែងណាស់ គឺមានភាពខុសគ្នាមួយចំនួន ៖ ប្រជាជនអាលម៉ាមានភាពសុខសាន្ត និងសុចរិតជាង ពួកគេបានជ្រមុជទឹក ហើយបានចូលក្នុងសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់រួចហើយ ពួកគេបានបន្ទាបខ្លួនចំពោះព្រះអម្ចាស់ សូម្បីតែពីមុនទុក្ខវេទនារបស់ពួកគេកើតឡើងផង ។ ភាពខុសគ្នាទាំងអស់នេះបានធ្វើឲ្យសម ដើម្បីព្រះអម្ចាស់ដោះលែងពួកគេយ៉ាងឆាប់រហ័ស ក្នុងរបៀបដ៏អស្ចារ្យ ពីដៃពួកអ្នកដែលដាក់គេក្នុងសេវកភាព ។ ព្រះគម្ពីរទាំងនេះបង្រៀនពីអំណាចនៃសេចក្ដីដោះលែងឲ្យរួចផុតរបស់ព្រះអម្ចាស់ ។
ការព្យាករណ៍ទាំងឡាយដែលប្រាប់ពីជីវិត និងបេសកកម្មនៃព្រះយេស៊ូវគ្រីស្ទ សន្យាដល់យើងពីការដោះលែងឲ្យរួច ដែលទ្រង់នឹងប្រទាន ។ ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ប្រទានដល់យើងទាំងអស់គ្នាឲ្យរួចផុតពីសេចក្ដីស្លាប់ខាងរូបកាយ ហើយបើយើងប្រែចិត្ត នឹងរួចផុតពីសេចក្ដីស្លាប់ខាងវិញ្ញាណ ដោយនាំមកនូវពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ការសន្យាទាំងឡាយនៃដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញ ដែលជាការសន្យានៃការដោះលែងឲ្យរួចពីសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ត្រូវបានប្រកាសដោយព្រះ ដល់ម៉ូសេ ពេលទ្រង់មានបន្ទូលថា « ត្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង---គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ 1:39 ) ។
ផ្ទុយទៅនឹងការជឿដែលជាគំរូដ៏ល្អសម្រាប់យើងនៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ នោះយើងឃើញមាននូវការជំទាស់ពីពួកមិនខ្វល់ពីសាសនា ដែលប្រឆាំងនឹងការជឿដ៏យូរលង់ទៅក្នុងការសរសេរដ៏បរិសុទ្ធ---ជាការសរសេរដែលបានផ្ដល់ដល់យើងនូវការណែនាំ ឆ្លងកាត់អស់ជាច្រើនសតវត្សរ៍នេះ នៅក្នុងការកំណត់ពីតម្លៃ និងបទដ្ឋានដ៏អស់កល្ប សម្រាប់ការប្រព្រឹត្តអស់មួយជីវិតយើង ។ ពួកគេប្រកាសថា ការបង្រៀនក្នុងព្រះគម្ពីរប៊ីបគឺខុស ហើយថាការបង្រៀនរបស់លោកចៅហ្វាយហួសសម័យហើយ ។ ពួកគេប្រកាសថា មនុស្សម្នាក់ៗត្រូវតែមានសេរីភាពក្នុងការកំណត់បទដ្ឋានផ្ទាល់ខ្លួន ពួកគេព្យាយាមផ្លាស់ប្ដូរសិទ្ធិរបស់អ្នកជឿលើព្រះ ឲ្យផ្ទុយទៅនឹងអ្វីដែលបានបង្រៀនក្នុងព្រះគម្ពីរ និងក្នុងពាក្យរបស់ព្យាការី ។
វាជាពរជ័យមួយ ដែលមានដំណើររឿងនៃបេសកកម្មរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ដែលប្រកាសក្នុងព្រះគម្ពីរមរមន ដើម្បីបន្ថែមជាសាក្សីទីពីរ ដល់គោលលទ្ធិដែលបានប្រកាសក្នុងព្រះគម្ពីរប៊ីប ។ ហេតុអ្វីវាសំខាន់សម្រាប់ពិភពលោកដើម្បីមានទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ? ខ្ញុំជឿថា ចម្លើយគឺមានក្នុងជំពូកទី 13 នៃនីហ្វៃទី 1 ។ នីហ្វៃកត់ត្រាថា ៖ « ហើយទេវតាមួយមានបន្ទូលមកខ្ញុំថា ៖ បញ្ជីចុងក្រោយទាំងឡាយនេះ ដែលអ្នកបានឃើញក្នុងចំណោមពួកសាសន៍ដទៃនោះ [ គឺព្រះគម្ពីរមរមន ] នឹងតាំងនូវសេចក្ដីពិតអំពីបញ្ជីមុន [ គឺព្រះគម្ពីរប៊ីប ] ដែលជាបញ្ជីនៃពួកសាវកដប់ពីរនាក់នៃកូនចៀម ហើយនឹងបង្ហាញឲ្យដឹងសេចក្ដីដ៏ច្បាស់ និងពិសេសៗ ដែលបានដកយកពីបញ្ជីទាំងនោះ ហើយនឹងបង្ហាញដល់គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជនឲ្យដឹងថា កូនចៀមនៃព្រះ គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ហើយគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ហើយថា មនុស្សទាំងអស់ត្រូវតែមករកព្រះអង្គ បើពុំនោះសោតទេ ពួកគេនឹងពុំបានសង្គ្រោះឡើយ » ( ខ 40 ) ។
មិនមែនព្រះគម្ពីរប៊ីប ឬព្រះគម្ពីរមរមនតែឯងគ្រប់គ្រាន់នោះទេ ។ ទាំងពីរគឺចាំបាច់សម្រាប់យើង ដើម្បីបង្រៀន និងរៀនពីគោលលទ្ធិដ៏ពេញលេញទាំងស្រុងរបស់ព្រះគ្រីស្ទ ។ តម្រូវការដើម្បីមានគម្ពីរមួយទៀតពុំធ្វើឲ្យគម្ពីរណាមួយនៃគម្ពីរទាំងពីរនេះចុះអន់ថយនោះទេ ។ ទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនគឺចាំបាច់ដល់សេចក្ដីសង្គ្រោះ និងការលើកតម្កើងរបស់យើង ។ ដូចប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនដោយអានុភាពយ៉ាងខ្លាំងថា ៖ « ពេលយើងប្រើរួមគ្នានូវព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន វានឹងបំផ្លាញគោលលទ្ធិក្លែងក្លាយទាំងស្រុង » ( «A New Witness for Christ,» Ensign, ខែវិច្ឆិកា ឆ្នាំ 1984, ទំព័រ 8 ) ។
ខ្ញុំចង់បញ្ចប់ដោយការពិភាក្សារឿងពីរ---មួយមកពីព្រះគម្ពីរសញ្ញាចាស់ មួយទៀតពីព្រះគម្ពីរមរមន---ដើម្បីបង្ហាញពីរបៀបដែលព្រះគម្ពីរទាំងពីរនេះធ្វើការរួមគ្នាយ៉ាងល្អ ។
រឿងពីអ័ប្រាហាំ ចាប់ផ្ដើមពីការដោះលែងរបស់គាត់ឲ្យរួចពីការថ្វាយបង្គំរូបសំណាកនៃពួកខាល់ដេ ( សូមមើល លោកុប្បត្តិ 11:27–31; អ័ប្រាហាំ 2:1–4 ) ។ លោក និងប្រពន្ធលោកគឺសារ៉ា ត្រូវបានដោះលែងឲ្យរួចពីទុក្ខព្រួយរបស់ពួកលោក ហើយត្រូវបានសន្យាថា តាមរយៈពូជពង្សរបស់ពួកលោក នោះគ្រប់ទាំងសាសន៍នៃផែនដីនឹងបានពរ ( សូមមើល លោកុប្បត្តិ 18:18 ) ។
ព្រះគម្ពីរសញ្ញាចាស់មានដំណើររឿងរបស់អ័ប្រាហាំដែលបានយកឡុត ជាក្មួយលោក ចេញពីអេស៊ីបមកជាមួយលោក ។ ដោយបានឲ្យជ្រើសរើសដែនដីមុន នោះឡុតបានជ្រើសរើសវាលទន្លេយ័រដាន់ ហើយគាត់បានបោះត្រសាលបែរទៅក្រុងសូដុំម ជាទីក្រុងមួយដែលពេញដោយអំពើទុច្ចរិតក្រៃលែង ។ ( សូមមើល លោកុប្បត្តិ 18:18 ) បញ្ហាភាគច្រើនបំផុតដែលឡុតបានជួបក្នុងជីវិត ហើយដែលមានជាច្រើននោះ គឺដើមហេតុមកពីការសម្រេចចិត្តពីមុនរបស់គាត់ ដើម្បីដាក់ទ្វារត្រសាលរបស់គាត់ឆ្ពោះទៅក្រុងសូដុំម ។
អ័ប្រាហាំ ជាបិតានៃពួកស្មោះត្រង់ បានទទួលបទពិសោធន៍ជីវិតផ្សេងវិញ ។ ប្រាកដណាស់ មានឧបសគ្គជាច្រើន តែជាជីវិតមួយដ៏មានពរជ័យ ។ យើងមិនបានដឹងថា ទ្វារត្រសាលរបស់អ័ប្រាហាំបែរមុខទៅណាទេ តែមានតម្រុយមួយច្បាស់នៅក្នុងខចុងក្រោយនៃលោកុប្បត្តិ ជំពូក 13 ។ វាប្រាប់ថា ៖ « អាប់រ៉ាម [ ឬ អ័ប្រាហាំ ] ក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា » ( លោកុប្បត្តិ 13:18 ) ។
ទោះខ្ញុំមិនដឹង តែដោយផ្ទាល់ខ្លួន ខ្ញុំជឿថា ទ្វារត្រសាលរបស់អ័ប្រាហាំបែរមុខទៅរកអាសនាដែលលោកបានធ្វើដល់ព្រះអម្ចាស់នោះឯង ។ តើខ្ញុំសន្និដ្ឋានដូចនេះដោយរបៀបណា ? ព្រោះខ្ញុំបានដឹងពីរឿងក្នុងព្រះគម្ពីរមរមន ពីការណែនាំរបស់ស្ដេចបេនយ៉ាមីនដល់ប្រជាជនរបស់ទ្រង់ ពេលពួកគេបានប្រមូលផ្ដុំគ្នា ស្ដាប់បន្ទូលចុងក្រោយរបស់ទ្រង់ ។ ស្ដេចបេនយ៉ាមីនបានណែនាំពួកគេឲ្យដាក់ទ្វារត្រសាលគេបែរមុខទៅព្រះវិហារបរិសុទ្ធ (សូមមើល ម៉ូសាយ 2:1–6) ។
យើងអាចត្រូវបានដោះលែងឲ្យរួចពីផ្លូវអាក្រក់ និងទុច្ចរិត ដោយការបែរទៅកាន់ការបង្រៀនពីព្រះគម្ពីរបរិសុទ្ធទាំងឡាយ ។ ព្រះអង្គសង្គ្រោះ ជាអង្គជួយដោះលែងដ៏អស្ចារ្យ ត្បិតទ្រង់ដោះលែងយើងពីសេចក្ដីស្លាប់ និងពីអំពើបាប ( សូមមើល រ៉ូម 11:26; នីហ្វៃទី 2 9:12 ) ។
ខ្ញុំសូមប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយថាយើងអាចខិតជិតទ្រង់បាន ដោយការអានព្រះគម្ពីរមរមន ។ ព្រះគម្ពីរមរមនជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ សក្ខីបទទីមួយអំពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី---ឬព្រះគម្ពីរប៊ីប ។
ជាថ្មីម្ដងទៀត ចូរយើងចងចាំពីការអធិប្បាយរបស់មិត្តខ្ញុំ ស្កត អំពីព្រះគម្ពីរមរមនថា ៖ « វាជាព្រះគម្ពីរដ៏អស្ចារ្យមួយ » ។ ហើយខ្ញុំសូមថ្លែងទីបន្ទាល់ដល់អ្នកថា ភាពអស្ចារ្យដ៏ច្រើននៃព្រះគម្ពីរមរមនគឺបានមកពីភាពស្របគ្នារបស់វាជាមួយនឹងព្រះគម្ពីរប៊ីប ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។