ដើម្បីរក្សាភាពពិសិដ្ឋ
អ្វីៗពិសិដ្ឋត្រូវតែបានធ្វើដោយយកចិត្តទុកដាក់ជាង ផ្ដល់ការគោរពខ្ពស់ជាង និង ចាត់ទុកថាមានកិតិ្តយសធំជាង ។
ប្រហែល 1,500 ឆ្នាំមុនព្រះគ្រីស្ទ អ្នកគង្វាលម្នាក់ត្រូវបានហៅចេញពីគុម្ពបន្លាដែលមានភ្លើងឆេះនៅលើជម្រាលភ្នំ ហូរ៉ែប ។ ការជួបដ៏ទេវភាពនោះ បានចាប់ផ្ដើមផ្លាស់ប្ដូរលោកម៉ូសេពីអ្នកគង្វាលម្នាក់ទៅជាព្យាការី ហើយផ្លាស់ប្ដូរកិច្ចការរបស់គាត់ពីការគង្វាលចៀមទៅជាការប្រមូលវង្សអ៊ីស្រាអែលវិញ ។ 1300 ឆ្នាំក្រោយមក សង្ឃក្មេងដែលមានឯកសិទ្ធិម្នាក់នៅក្នុងសាលាជំនុំរបស់សេ្ដចបានចាប់អារម្មណ៍លើសក្ខីភាពនៃព្យាការីដែលបានដាក់ទោស ។ ការជួបនោះបានចាប់ផ្ដើមការរីកចម្រើនរបស់អាលម៉ាពីអ្នកបម្រើរបស់ស្ដេចមកជាអ្នកបម្រើរបស់ព្រះ ។ ជិត 2,000 ឆ្នាំក្រោយមក ក្មេងប្រុសអាយុ 14 ម្នាក់បានចូលព្រៃស្វែងរកចម្លើយចំពោះសំណួរដ៏ស្មោះត្រង់មួយ ។ ការជួបរបស់ យ៉ូសែប ស្ម៊ីធនៅក្នុងព្រៃបានបានធ្វើឲ្យគាត់ក្លាយជាព្យាការី និង អ្នកស្ដារឡើងវិញ ។
ជីវិតរបស់លោកម៉ូសេ អាលម៉ា និង យ៉ូសែប ស្ម៊ីធត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយការជួបជាមួយនឹងព្រះ ។ បទពិសោធន៍ទាំងនេះ បានពង្រឹងពួកគាត់ឲ្យនៅស្មោះស្ម័គ្រចំពោះព្រះអម្ចាស់ និង កិច្ចការរបស់ទ្រង់ក្នុងជីវិតពួកគេ ទោះបីជាមានការបៀតបៀនដ៏ខ្លាំង និង ឧបសគ្គដ៏ពិបាកបន្ដបន្ទាប់គ្នាក៏ដោយ ។
បទពិសោធន៍របស់យើងជាមួយព្រះ ប្រហែលជាមិនចំៗ ឬ ស្តែង ហើយឧបសគ្គរបស់យើងក៏មិនធំធេងនោះដែរ ។ ទោះយ៉ាងនោះក៏ដោយ ដោយមានព្យាការី នោះកម្លាំងដើម្បីយើងតស៊ូដោយស្មោះត្រង់ គឺអាស្រ័យទៅលើការស្គាល់, ការចងចាំ, និង ការរក្សាការណ៍ដ៏ពិសិដ្ឋដែលយើងទទួលពីស្ថានលើ ។
សព្វថ្ងៃនេះ សិទ្ធិអំណាច កូនសោ និង ពិធីបរិសុទ្ធ ត្រូវបានស្ដារឡើងវិញនៅលើផែនដី ។ ហើយមានព្រះគម្ពីរ និង សាក្សីពិសេសៗជាច្រើន ។ អ្នកដែលស្វែងរកព្រះ អាចទទួលបានពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប និង ពិធីបញ្ជាក់ « ដោយសារការដាក់ដៃលើសម្រាប់បុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ » ( គ. & ស. 20:41 ) ។ ដោយអំណោយទានដែលបានស្ដារឡើងវិញដ៏មានតម្លៃទាំងនេះ នោះការជួបជាមួយនឹងព្រះរបស់យើង ទាក់ទងយ៉ាងខ្លាំងនឹងសមាជិកទីបីនៃក្រុមព្រះ គឺជាព្រះវិញ្ញាណបរិសុទ្ធ ។
«ព្រះវិញ្ញាណបាននិយាយមកកាន់ខ្ញុំ តាមរយៈសំឡេងដ៏តូចរហៀង
ដើម្បីដឹកនាំខ្ញុំ សង្គ្រោះខ្ញុំ »
(«The Still Small Voice,» Children’s Songbook,ទំព័រ 106)
« សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំ
សូមឲ្យទ្រង់បង្រៀនយើងអ្វីដែលពិត ។
ទ្រង់នឹងថ្លែងទីបន្ទាល់ពីព្រះគ្រីស្ទ
បំភ្លឺគំនិតយើងដោយគំនិតរបស់ស្ថានសួគ៌ »
(«Let the Holy Spirit Guide,» Hymns, ទំព័រ 143)
នៅពេលដែលយើងស្វែងរកចម្លើយពីព្រះ យើងទទួលអារម្មណ៍នៃសម្លេងដ៏រហៀងខ្សឹបប្រាប់វិញ្ញាណរបស់យើង ។ អារម្មណ៍ការបំផុស គឺមានសភាពជាធម្មជាតិ និង មិនច្បាស់ដែលធ្វើឲ្យយើងមិនបានចាប់អារម្មណ៍ ឬ ស្មានថាវាជាហេតុផល ឬ ជាការញាណដឹង ។ សារលិខិតនីមួយៗទាំងនេះថ្លែងទីបន្ទាល់អំពីក្ដីស្រឡាញ់ផ្ទាល់របស់ព្រះ និងកង្វល់របស់ទ្រង់ចំពោះកូនចៅ និងបេសកកម្មក្នុងជីវិតរមែងស្លាប់ផ្ទាល់ខ្លួនរបស់ពួកគេ ។ ការគិត និង ការសរសេរប្រចាំថ្ងៃនូវការបំផុសដែលមកពីព្រះវិញ្ញាណជាមួយនឹងគោលបំណងទាំងពីរ ទី(1) ឲ្យស្គាល់នូវការជួបជាមួយព្រះផ្ទាល់ខ្លួនយើង និង ទី(2) ឲ្យរក្សាការណ៍នោះទុកសម្រាប់ខ្លួនយើង និង កូនចៅយើង ។ ការកត់ត្រានេះក៏ជាការទទួលស្គាល់ជាផ្លូវការមួយ និងការតបស្នងគុណរបស់យើងចំពោះព្រះ ដោយសារ « មនុស្សមិនដែលជំទាស់ព្រះក្នុងការណ៍ណាមួយឡើយ ឬក៏សេចក្ដីក្រោធរបស់ទ្រង់មិនទាស់នឹងនរណាមួយទេ លើកលែងតែអស់អ្នកណាដែលមិនទទួលស្គាល់ព្រះហស្ដរបស់ទ្រង់ក្នុងគ្រប់ទាំងអស់ » ( គ. & ស. 59:21 ) ។
ទាក់ទងនឹងអ្វីដែលយើងបានទទួលដោយព្រះវិញ្ញាណ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ៖ « ចូរចងចាំថា អ្វីដែលមកពីលើ គឺជាពិសិដ្ឋ » ( គ. & ស. 63:64 ) ។ បន្ទូលទ្រង់មានន័យច្រើនជាងការរំឭក ហើយវាក៏ជានិយមន័យ និង ការពន្យល់ដែរ ។ ពន្លឺ និង ចំណេះដឹងមកពីស្ថានសួគ៌គឺពិសិដ្ឋ ។ វាពិសិដ្ឋ ដោយសារស្ថានសួគ៌គឺជាប្រភពរបស់វា ។
ពិសិដ្ឋ មានន័យថា ភាពសក្ដិសមនៃកិត្តិយស និង ការគោរព ។ ដើម្បីកំណត់អ្វីមួយថាពិសិដ្ឋ ព្រះអម្ចាស់បង្ហាញថា វាមានតម្លៃ និង មានអាទិភាពជាងកិច្ចការផ្សេងៗទៀត ។ អ្វីដែលពិសិដ្ឋត្រូវតែបានធ្វើដោយការយកចិត្តទុកដាក់ ផ្ដល់ការគោរពខ្ពស់ជាងអ្វីៗផ្សេងទៀត និង យកចិត្តទុកដាក់ប្រកបដោយគារវភាពដ៏ជ្រាលជ្រៅ ។ ពិសិដ្ឋ មានឋានៈខ្ពស់មកពីគុណតម្លៃស្ថានសួគ៌ ។
អ្វីដែលជាពិសិដ្ឋចំពោះព្រះ ក្លាយជាពិសិដ្ឋចំពោះយើង តែតាមរយៈការអនុវត្តសិទ្ធិជ្រើសរើសតែប៉ុណ្ណោះ ។ មនុស្សម្នាក់ៗត្រូវតែជ្រើសរើសដើម្បីទទួល និង រក្សាភាពពិសិដ្ឋដែលព្រះផ្ដល់និយមន័យថាពិសិដ្ឋនោះ ។ ទ្រង់បញ្ជូនការយល់ និង ចំណេះដឹងមកពីស្ថានសួគ៌ ។ ទ្រង់អញ្ជើញយើងឲ្យទទួល ស្គាល់ព្រឹត្តការណ៍នេះជាពិសិដ្ឋ ។
ប៉ុន្ដែ « មានការផ្ទុយចំពោះរឿងសព្វសារពើ » ( នីហ្វៃទី 2 2:11 ) ។ ការផ្ទុយនឹងភាពពិសិដ្ឋគឺជាអ្វីដែលមិនមែនជាសាសនា និង ជារបស់លោកិយ ដែលជាសាច់ឈាម ឬ ពិភពលោកនេះ ។ ពិភពលោកប្រកួតឥតឈប់ជាមួយនឹងភាពពិសិដ្ឋដើម្បីឲ្យមានការយកចិត្តទុកដាក់ និង យកបានអាទិភាពរបស់យើង ។ ចំណេះដឹងខាងផ្នែកលោកិយវាចាំបាច់ចំពោះការរស់នៅខាងសាច់ឈាម របស់យើង ។ ព្រះអម្ចាស់បានបង្រៀនយើងឲ្យស្វែងរកការរៀនសូត្រ និង ចំណេះដឹង ឲ្យរៀន និង ស្វែងរកចេញពីសៀវភៅដ៏ល្អៗ និង ឲ្យស្គាល់ជិតស្និទ្ធនូវអស់ទាំងភាសាទាំងឡាយ និង អណ្ដាតទាំងឡាយ និង ប្រជាជន ( សូមមើល គ. & ស. 88:118; 90:15 ) ។ ជម្រើសដែលទាក់ទងនឹងភាពពិសិដ្ឋ និង របស់លោកិយ គឺជាជម្រើសអាទិភាពដែលទាក់ទងគ្នា មិនមែនផ្តាច់មុខនោះទេ « បើបានរៀនសូត្រ គឺជាការល្អវិញ បើសិនជា [យើង] ស្ដាប់តាមពាក្យដំបូន្មាននៃព្រះ » ( នីហ្វៃទី 2 9:29; ការបញ្ជាក់បន្ថែម ) ។
សង្រ្គាមដណ្ដើមយកអាទិភាពរវាងភាពពិសិដ្ឋ និង របស់លោកិយដែលមាននៅក្នុងដួងចិត្តមនុស្សម្នាក់ៗ អាចត្រូវបានបង្ហាញតាមរយៈបទពិសោធន៍របស់លោកម៉ូសេនៅឯគុម្ពបន្លាដែលមានភ្លើងឆេះ ។ នៅទីនោះ លោកម៉ូសេ បានទទួលការហៅដ៏ពិសិដ្ឋពីព្រះយេហូវ៉ា ឲ្យនាំកូនចៅអ៊ីស្រាអែលចេញការជាប់ឃុំឃាំង ។ ទោះយ៉ាងណាក្ដី ពីដំបូង ចំណេះដឹងខាងលោកិយរបស់លោកអំពីអំណាចរបស់ប្រទេសអេស៊ីព្ទ និង សេ្ដចផារ៉ោន បានធ្វើឲ្យលោកសង្ស័យ ។ ទីបំផុត លោកម៉ូសេអនុវត្តសេចក្ដីជំនឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបញ្ជាឲ្យដាក់ចំណេះដឹងខាងលោកិយ និង ការទុកចិត្តរបស់គាត់ទៅលើភាពពិសិដ្ឋ ។ ការទុកចិត្តនោះបានផ្ដល់ឲ្យគាត់នូវអំណាចដើម្បីយកឈ្នះលើឧបសគ្គខាងសាច់ឈាម ហើយនាំពួកអ៊ីស្រាអែលចេញពីអេស៊ីព្ទ ។
ក្រោយពីការគេចចេញពីទាហានរបស់ស្ដេចណូអេ តែទៅជាប់ជាទាសកររបស់អាមូឡុនទៅវិញ អាលម៉ា អាចសង្ស័យលើសាក្សីខាងវិញ្ញាណ ដែលគាត់ទទួលបានពេលស្ដាប់តាមអ័ប៊ីណាដៃ ។ ទោះយ៉ាងនោះក្ដី គាត់បានទុកចិត្តលើការណ៍ពិសិដ្ឋ និង បានទទួលកម្លាំងដើម្បីស៊ូទ្រាំ និង គេចរួចពីឧបសគ្គខាងសាច់ឈាមរបស់គាត់ ។
យ៉ូសែប ស្ម៊ីធបានមានការពិបាកក្នុងការសម្រេចចិត្តស្រដៀងគ្នា នៅពេលដំបូងក្នុងការបកប្រែព្រះគម្ពីរមរមន ។ គាត់បានដឹងពីភាពពិតដ៏ពិសិដ្ឋនៃផ្ទាំងទាំងនោះ និង កិច្ចការបកប្រែ ។ ប៉ុន្ដែគាត់នៅតែត្រូវបាន ម៉ាទីន ហារីស បញ្ចុះបញ្ចូលឲ្យផ្ដល់អាទិភាពទៅលើកង្វល់ខាងលោកិយនៃមិត្តភាព និង ហិរញ្ញវត្ថុ ដែលផ្ទុយពីការណែនាំដ៏ពិសិដ្ឋ ។ ជាលទ្ធផល សំណៅនៃការបកប្រែត្រូវបានបាត់ ។ ព្រះអម្ចាស់បានស្ដីបន្ទោស យ៉ូសែប ដែលបានប្រគល់ « របស់ [ដែល] ពិសិដ្ឋទៅឯអំពើទុច្ចរិត » ( គ. & ស. 10:9 ) និង បានដកហូតនូវផ្ទាំងទាំងឡាយ និង អំណោយទាននៃការបកប្រែពីលោកមួយរយៈពេល ។ នៅពេលដែល យ៉ូសែប បានដាក់អាទិភាពរបស់គាត់យ៉ាងត្រឹមត្រូវសារឡើងវិញ នោះរបស់ពិសិដ្ឋត្រូវបានប្រគល់មកវិញ ហើយកិច្ចការក៏បន្ដ ។
ព្រះគម្ពីរមរមន បានផ្ដល់នូវឧទាហរណ៍ផ្សេងទៀតនៃការតស៊ូផ្ដល់អាទិភាពលើការណ៍ពិសិដ្ឋ ។ ព្រះគម្ពីរនិយាយអំពីអ្នកជឿ ដែលសេចក្ដីជំនឿរបស់ពួកគេបានដឹកនាំគេទៅកាន់ដើមឈើជីវិត ដើម្បីទទួលទាននូវផ្លែឈើដ៏ពិសិដ្ឋ ជាសេចក្ដីស្រឡាញ់នៃព្រះ ។ បន្ទាប់មកការចំអកឡកឡឺយរបស់អ្នកដែលនៅក្នុងអាគារដ៏ធំ ហើយទូលាយនោះ បានធ្វើឲ្យអ្នកជឿជាច្រើន បានបង្វែរគំនិតរបស់ពួកគេចេញពីភាពពិសិដ្ឋទៅរករបស់ខាងលោកិយវិញ ។ ( សូមមើល នីហ្វៃទី 1 8:11, 24–28 ) ។ ក្រោយមក សាសន៍នីហ្វៃ បានរើសយកការមានអំនួត ហើយបានបដិសេធវិញ្ញាណនៃការព្យាករណ៍ និង វិវរណៈ « ចំអកឡកឡឺយដល់អ្វីៗដែលពិសិដ្ឋ » ( ហេលេមិន 4:12 ) ។ សូម្បីតែសាក្សីផ្ទាល់ភ្នែកដែលឃើញសញ្ញាសម្គាល់ និង អព្ភូតហេតុដែលទាក់ទងនឹងកំណើតរបស់ព្រះអម្ចាស់មួយចំនួន បានជ្រើសរើសបដិសេធការបើកសម្ដែងដ៏ពិសិដ្ឋពីស្ថានសួគ៌ ដើម្បីឲ្យស្របនឹងការពន្យល់របស់លោកិយ ( សូមមើល នីហ្វៃទី 3 2:1–3 ) ។
សព្វថ្ងៃ បញ្ហានេះនៅតែបន្ដមាន ។ សម្លេងរបស់លោកិយកើនឡើងយ៉ាងច្រើន និង ខ្លាំងក្លា ។ ពួកគេបង្កើនការជម្រុញដល់អ្នកជឿទាំងឡាយ ឲ្យបោះបង់ជំនឿ ដែលពិភពលោកចាត់ទុកថា មិនសមហេតុផល ឬផ្ទុយពីវិចារណញ្ញាណ ។ ដោយសារ « យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ » ( កូរិនថូសទី 1 13:12 ) និង « មិនយល់ន័យនៃរឿងទាំងអស់នោះទេ » ( នីហ្វៃទី 1 11:17 ) ជួនកាល យើងអាចមានអារម្មណ៍ថា មានការឈឺចាប់ ហើយត្រូវការការធានាខាងវិញ្ញាណយ៉ាងខ្លាំង ។ នៅក្នុងស្ថានភាពនោះ ព្រះអម្ចាស់បានប្រាប់ អូលីវើរ ខៅឌើររី ថា ៖
« បើសិនជាអ្នកមានបំណងចង់បានសាក្សីថែមទៀត ចូរដាក់គំនិតទៅលើយប់ដែលអ្នកបានអំពាវនាវដល់យើងក្នុងដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចដឹងនូវសេចក្ដីពិតអំពីការណ៍ទាំងឡាយនេះ ។
« តើយើងពុំបាននិយាយដោយភាពសុខសាន្ដដល់គំនិតរបស់អ្នក អំពីការណ៍នោះទេឬអី ? តើអ្នកអាចមានសាក្សីឯណា ដែលអស្ចារ្យជាងសាក្សីមកពីព្រះ ? » ( គ. & ស. 6:22–23 ) ។
ព្រះអម្ចាស់បានរំឭកដល់ អូលីវើរ និងយើង ឲ្យពឹងផ្អែកលើសាក្សីផ្ទាល់ខ្លួនដ៏ពិសិដ្ឋ ដែលបានទទួលរួចហើយនោះ នៅពេលសេចក្ដីជំនឿរបស់យើងត្រូវបានសាកល្បង ។ ដូចជាម៉ូសេ អាលម៉ា និងយ៉ូសែប ពីជំនាន់មុន ការជួបដ៏ទេវភាពទាំងនេះ បានបម្រើជាយុថ្កាខាងវិញ្ញាណ ដើម្បីរក្សាយើងឲ្យមានសុវត្ថិភាព ហើយស្ថិតនៅលើផ្លូវ ពេលមានការសាកល្បង ។
ភាពពិសិដ្ឋ មិនអាចត្រូវបានគេជ្រើសរើសឲ្យចុះចាញ់នោះទេ ។ អ្នកដែលជ្រើសរើសបោះបង់ចោលអ្វីៗដែលពិសិដ្ឋ នោះគំនិតរបស់គេនឹងត្រូវងងឹត ( សូមមើលគ. & ស. 84:54 ) ហើយលុះត្រាតែគេប្រែចិត្ត នោះការយល់ដឹង ដែលពួកគេមាន នឹងត្រូវបានប្រគល់មកវិញ ( សូមមើល គ. & ស. 1:33 ) ។ ដោយមិនបោះយុថ្កាលើការណ៍ពិសិដ្ឋ នោះពួកគេនឹងឃើញថាពួកនឹងបាត់បង់ខាងសីលធម៌នៅក្នុងសមុទ្រលោកិយ ។ ផ្ទុយមកវិញ អ្នកដែលរក្សាអ្វីៗដែលពិសិដ្ឋ នឹងទទួលបានសេចក្ដីសន្យាដ៏ពិសិដ្ឋ ៖ « អ្វីដែលមកពីព្រះ ជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ( គ. & ស. 50:24 ) ។
សូមឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប្រសិទ្ធពរដល់យើងជារៀងរហូតទៅឲ្យស្គាល់, ចងចាំ និង រក្សាការណ៍ពិសិដ្ឋ ដែលយើងបានទទួលពីស្ថានលើ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលដែលយើងធ្វើដូច្នោះ យើងនឹងមានអំណាចតស៊ូចំពោះឧបសគ្គ និង យកឈ្នះលើការរារាំងទាំងឡាយនៅជំនាន់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។