ឆ្នាំ ២០១០-២០១៩
ស្ម័គ្រចិត្ត ហើយ​មានភាពសក្ដិសម​ដើម្បី​បម្រើ
មេសា 2012


ស្ម័គ្រចិត្ត និងសក្ដិសម​ដើម្បី​បម្រើ

អព្ភូតហេតុ​អាច​រក​បាន​​នៅ​គ្រប់​ទីកន្លែង​ នៅ​ពេល​អ្នក​កាន់​បព្វជិតភាព​យល់ អំណាច​របស់​វា​ត្រូវ​បាន​គោរព និង​ប្រើប្រាស់​ត្រឹមត្រូវ ហើយ​ត្រូវមាន​ជំនឿ ។

បងប្អូនជា​ទីស្រឡាញ់​របស់​ខ្ញុំ នេះ​ជា​គ្រា​ល្អ​ណាស់​ដើម្បី​ជួប​នឹង​អ្នក​ជា​ថ្មី​ម្ដង​ទៀត ។ នៅ​ពេល​ណា​ខ្ញុំ​ចូលរួម​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​ទូទៅ ខ្ញុំ​តែ​ងនឹក​ឃើញពី​ការបង្រៀន​​របស់​អ្នកដឹកនាំ​របស់​ព្រះ​ដ៏​ថ្លៃ​ថ្នូ​​មួយ​ចំនួន​ ដែល​បាន​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​ទូទៅ​នៃ​សាសនាចក្រ ។ ​ពួកគាត់​ជា ច្រើន​បាន​ទទួល​មរណភាព​ទៅ​ហើយ ហើយ​ដោយ​សារ​តែ​ប្រាជ្ញា​ដ៏​អស្ចារ្យ​ និង​ព្រលឹង​ដ៏​ខ្លាំង​ក្លា ព្រមទាំង​ដួងចិត្ត​ដ៏​ល្អ​របស់​ពួកគាត់ ​នោះ​ពួកគាត់​បាន​ផ្ដល់​ការ​ដឹកនាំ​ដ៏​បំផុសគំនិត​ដល់​យើង ។ ខ្ញុំ​ចែកចាយ​នឹង​អ្នក​យប់​នេះ​នូវ​ការ​បង្រៀន​មួយ​ចំនួន​របស់​ពួកគាត់ អំពី​បព្វជិតភាព ។

ចេញ​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ៖ «​បព្វជិតភាព​គឺ​ជា​គោលការណ៍​ដ៏​អស់កល្ប​មួយ ហើយ​នៅ​​ជាមួយ​នឹង​ព្រះ​ពី​ភាព​អស់​កល្ប​ជានិច្ច ទៅ​អស់​ទាំង​ភាព​អស់​កល្បជានិច្ច គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់ឡើយ» ។1

​មក​ពី​សម្ដី​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ យើងរៀន​ថា ៖ « បព្វជិតភាព​ដ៏​បរិសុទ្ធ គឺ​ជា​វិធី​ដែល​ព្រះ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​លើ​ផែនដី ហើយ​សារទូត​ស្ថានសួគ៌ ដែល​បាន​យាង​មក​ផែនដី​ដើម្បី​ទំនាក់ទំនង​នឹង​មនុស្ស គឺ​ជា​បុរស​ដែល​បាន​កាន់​ និង​គោរព​បព្វជិតភាព ខណៈ​ពេលដែល​នៅ​រស់ ហើយ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​កើត​មាន សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​លោក ចាប់​តាំង​ពី​ពេល​មាន​មនុស្ស​នៅ​លើ​ផែនដី រហូត​ដល់​ការ​ប្រោសលោះ​ពិភពលោក បានធ្វើឡើង​ និង​តាមរយៈ​គុណធម៌​នៃ​បព្វជិតភាព​ដ៏អស់កល្ប​ជានិច្ច» ។ 2

ប្រធាន យ៉ូសែប  អេហ្វ ស៊្មីធ បាន​អះអាង​បន្ថែម​ថា ៖ «បព្វជិតភាពគឺ​ជា... ព្រះចេស្ដា​នៃ​ព្រះ ប្រគល់​ឲ្យ​បុរស ដើម្បី​បុរស​អាច​ធ្វើកិច្ចការ​នៅ​លើ​ផែនដី សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​គ្រួសារ​មនុស្ស​លោក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​​ធ្វើ​កិច្ចការ​ដោយ​ពេញ​សិទ្ធិ ដោយ​ពុំ​ក្លែង​សិទ្ធិអំណាច ​ពុំ​ខ្ចី​បព្វជិតភាព​ពី​ជំនាន់​ដែល​បាន​កន្លង​ទៅ​ទេ ប៉ុន្តែ​សិទ្ធិ​អំណាច​នោះ​​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ជំនាន់​នេះ ដែល​​យើង​រស់នៅ​តាម​ការ​បម្រើ​នៃ​ពួក​ទេវតា និង​ពួក​វិញ្ញាណ​​មក​ពី​ទី​វត្តមាន​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិផ្ទាល់» ។ 3

ហើយ​ចុង​ក្រោយ​ ចេញ​ម​ក​ពីប្រធាន John Taylor សួរថា ៖« តើ​បព្វជិតភាព​គឺ​ជា​អ្វី ?... វា​គឺ​ជា​ការគ្រប់គ្រង​របស់​ព្រះ ទោះ​ជា​នៅ​លើ​ផែនដី ឬ​នៅ​ស្ថានសួគ៌ ត្បិត​តាមរយៈ​អំណាច​, សិទ្ធិជ្រើសរើស ឬ​គោលការណ៍​នោះ រឿង​គ្រប់​យ៉ាង​ត្រូវ​បាន​គ្រង​នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ស្ថានសួគ៌ ហើយ​ដោយ​អំណាច​នោះ រឿង​គ្រប់យ៉ាង​ត្រូវ​បាន​តម្កើង និង​គាំទ្រ ។ បព្វជិតភាព​គ្រប់​គ្រង​រឿង​គ្រប់​យ៉ាង-- វា​ដឹកនាំ​រឿង​គ្រប់​យ៉ាង-- វា​គាំទ្រ​រឿង​គ្រប់​យ៉ាង-- ហើយ​ជាប់ទាក់ទង​នឹង​រឿង​គ្រប់​យ៉ាង​ដែល​មាន​ព្រះ និង​សេចក្ដី​ពិត​ជាប់ទាក់ទង» ។ 4

យើង​មាន​ពរជ័យ​ណាស់ ដើម្បី​នៅ​ទី​នេះ​ក្នុង​ជំនាន់​ចុងក្រោយ​នេះ នៅ​ពេល​ដែ​លបព្វជិតភាព​របស់​ព្រះ មាន​លើ​ផែនដី ។ យើង​មាន​ឯកសិទ្ធិ​ដ៏​ពិសេស​ ដើម្បី​កាន់​បព្វជិតភាព​នោះ ។ បព្វជិតភាពមាន​លក្ខណៈ​ជា​​ការ​បម្រើ​ជាជាង​​អំណោយ ជា​ឯកសិទ្ធិ​ដើម្បី​លើក​តម្កើង និង​ជា​ឱកាស​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​អ្នក​ដទៃ ។

ព្រម​ជាមួយ​នឹង​ឱកាស​ទាំង​នេះ វាមាន​នូវ​ការទទួល​ខុសត្រូវ និង​កាតព្វកិច្ច ។ ខ្ញុំ​ស្រឡាញ់ ហើយ​ពេញចិត្ត​​ចំពោះ​ពាក្យ កាតព្វកិច្ច និង អ្វីទាំងអស់​ដែល​ជាប់ពាក់ព័ន្ធ ។

ក្នុង​តំណែង​មួយ​ ឬ​តំណែង​ផ្សេង​ទៀត នៅ​ក្នុងស្ថានភាព​មួយ ឬ​ស្ថានភាព​ផ្សេងទៀត ខ្ញុំ​បាន​ចូលរួម​ការប្រជុំបព្វជិតភាព​អស់រយៈពេល 72 ឆ្នាំ​កន្លងទៅ​ហើយ-- ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន នៅ​អាយុ 12 ឆ្នាំមក​ ។ ពេល​វេលាចេះ​តែរំកិល​ទៅមុខ ។ កាតព្វកិច្ច​របស់​យើងបានកើន​ឡើង​ដូច​គ្នានឹង​ពេល​វេលាផង​​ដែរ ។ កាតព្វកិច្ច​ពុំ​ចេះផុតរលត់​បាត់​ទេ ។ ជម្លោះអន្តរាយ​កើតឡើង ហើយ​រលត់​បាត់​ទៅ ប៉ុន្តែការ​ធ្វើ​​សង្គ្រាមដើម្បី​ព្រលឹង​មនុស្ស​នៅ​បន្ត​គ្មាន​ទីបញ្ចប់ ។ ដូចជា​បទដ្ឋាន​ដ៏​ឈ្លាស​វៃមួយ ចេញ​មក​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក ចំពោះ​ខ្ញុំ និងអ្នក​កាន់​បព្វជិតភាព​គ្រប់​ទីកន្លែង​ថា ៖ «ហេតុដូច្នោះ​ហើយ នៅពេល​ឥឡូវ​នេះ ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​រៀន​ពីភារកិច្ច​របស់​ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវ​បាន​តាំង​ឡើង ដោយ​សេចក្ដី​ឧស្សាហ៍គ្រប់​ជំពូក» ។ 5

អ័ដាម, ណូអេ, អ័ប្រាហាំ, ម៉ូសេ, សាំយ៉ូអែល, ដេវីឌ ត្រូវ​បាន​​ហៅ​ឲ្យ​ទទួល​កាតព្វកិច្ច ។ ការ​ហៅ​នោះ​បានមកចំពោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នក​ស្នង​របស់​គាត់​ម្នាក់ៗ​ផងដែរ ។ ការ​ហៅ​ឲ្យ​ទទួ​ល​កាតព្វកិច្ច បាន​មាន​ចំពោះ​ក្មេង​ប្រុស​នីហ្វៃ​ នៅ​ពេល​គាត់​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ តាមរយៈ​ឪពុក​លីហៃ​របស់​គាត់​ ឲ្យ​ត្រឡប់​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​វិញ ជាមួយ​បងប្អូន​របស់​គាត់​ ដើម្បី​យក​ផ្ទាំង​ចំណារលង្ហិន​ពី​ឡាបាន់ ។ បងប្រុសទាំងឡាយ​របស់​​នី​ហ្វៃ​បាន​រអ៊ូរទាំ ដោយ​និយាយ​ថា​ វា​ពិបាក​ណាស់ ដើម្បី​ទៅ​សុំផ្ទាំង​នោះ ។​ តើ​នីហ្វៃ​បាន​ឆ្លើយ​តប​ដោយ​របៀប​ណា ? គាត់​បាន​និយាយ​ថា « ខ្ញុំ​នីហ្វៃ បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​ថា៖ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា ត្បិត​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា ដល់​កូនចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន» ។ 6

នៅ​ពេល​ការ​ហៅ​ដូចគ្នា​នោះ​មាន​ចំពោះ​អ្នក និង​ខ្ញុំ តើ​យើង​នឹង​ឆ្លើយ​តប​​យ៉ាង​ណា ? តើ​យើង​នឹង​រអ៊ូរទាំ ដូចជា​លេមិន និង​លេមយួល ហើយ​និយាយ​ថា «នេះ​គឺ​ជា​រឿង​ពិបាក​មួយ ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ» ឬ? 7 ឬក៏​យើង​នឹង​ប្រកាស​ដូច​នីហ្វៃ​ថា «​ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ» ? តើ​យើង​នឹង​ស្ម័គ្រ​ចិត្ត ដើម្បី​បម្រើ ហើយ​គោរព​តាម​ឬទេ ?

ជួល​កាល​ប្រាជ្ញា​របស់​ព្រះ លេច​ចេញ​ដូចជា​ល្ងង់ខ្លៅ ឬ​ពិបាកបំផុត ប៉ុន្តែ​មេរៀន​ដ៏​មានតម្លៃ​បំផុត និង​អស្ចារ្យ​បំផុត ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​រមែងស្លាប់​នេះ គឺ​ថា នៅ​ពេល​ព្រះ​មានបន្ទូល ហើយ​បើ​មនុស្ស​ណា​គោរព​ មនុស្ស​នោះ​នឹង​ត្រូវ​ជានិច្ច ។

នៅ​ពេល​ខ្ញុំ​គិត​អំពី​ពាក្យ កាតព្វកិច្ច និង​របៀប​ដើម្បី​ធ្វើកាតព្វកិច្ច​របស់​យើង អាច​កែលម្អរ​ដល់​ជីវិត​របស់​យើង និង​អ្នកដទៃ ខ្ញុំ​នឹកចាំ​នូវ​ពាក្យ​ដែល​បាន​សរសេរ​ដោយ​អ្នក​និពន្ធ​ជាកំណាព្យ​ដ៏ល្បី​មួយ​ថា ៖

ខ្ញុំ​គេងសុបិន​ថា

​ជីវិត​មាន​អំណរថ្លៃ​ថ្លា ។

លុះភ្ញាក់​កាយា ស្រាប់តែ​មើល​ឃើញ​ថា

ជីវិត​មាន​ភារៈ ។​

ខ្ញុំ​បាន​ធ្វើ​តាម​ក៏​បាន​ឃើញ​ថា--

ភារៈ​ជាអំណរ​ដ៏​ថ្លៃ​ថ្លា ។8

រ៉ូបើត លូអីស ស្ទីវិនសុន បាន​បក​ស្រាយ​របៀប​ផ្សេង ។ គាត់​និយាយ​ថា «​ខ្ញុំ​ស្គាល់អំណរ ត្បិត​ខ្ញុំ​បាន​ធ្វើ​ការ​ងារ​ល្អ» ។ 9

នៅ​ពេល​យើង​ធ្វើ​នូវ​កាតព្វកិច្ច​របស់​យើង​ហើយ​អនុវត្ត​បព្វជិតភាព​របស់​យើង យើង​នឹង​រក​បាន​អំណរ ពិត ។ យើង​នឹង​មាន​បទពិសោធន៍​ការ​បំពេញ​ចិត្ត​ពេល​យើងបញ្ចប់​កិច្ចការ​របស់​យើងហើយ ។

យើង​ត្រូវ​បាន​បង្រៀន​ជាក់​លាក់​អំពី​កាតព្វកិច្ច​បព្វជិតភាព ដែល​យើង​កាន់ ទោះ​ជា​បព្វជិតភាព​អើរ៉ុន ឬ​មិលគីស្សាដែកក្ដី ។ ខ្ញុំ​លើក​ទឹកចិត្ត​​ឲ្យ​អ្នក​សញ្ជឹង​គិត​អំពី​កាតព្វកិច្ច​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​អស់​ពី​ថាមពល​របស់​អ្នក​ដើម្បី​បំពេញ​វា ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​ម្នាក់​ៗ​ត្រូវតែសក្ដិសម ។ ចូរ​យើង​លាតដៃ​ដែល​ស្អាត​ទុកជាស្រេច ហើយ​ស្ម័គ្រ​ចិត្តថា​ យើង​ចូលរួម​នៅក្នុង​ការ​ផ្ដល់ឲ្យ​​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​ដទៃ​ទទួល​មក​ពី​ទ្រង់ ។ បើ​យើង​ពុំ​សក្ដិសម នោះ​វា​អាច​បាត់​បង់ព្រះចេស្ដា​នៃ​បព្វជិតភាព ហើយ​បើ​យើង​បាត់​បង់​វា នោះ​យើង​បាន​បាត់​បង់​អ្វី​ដែល​សំខាន់​សម្រាប់​ភាព​តម្កើង​ឡើង​របស់​យើង​ហើយ ។ ចូរ​យើង​មានភាពសក្ដិសម​ដើម្បី​បម្រើ ។

ប្រធាន ហារ៉ូល ប៊ី លី ជា​គ្រូបង្រៀន​ដ៏អស្ចារ្យ​ម្នាក់​នៅ​ក្នុង​សាសនាចក្រ បានមានប្រសាសន៍ថា ៖ «​នៅ​ពេល​មនុស្ស​ម្នាក់​ក្លាយ​ជា​អ្នក​កាន់​បព្វជិតភាព នោះ​គាត់​បាន​ក្លាយ​ជា​ភ្នាក់​ងា​របស់​ព្រះអម្ចាស់ ។ គាត់​គួរ​តែ​គិត​អំពី​ការហៅ​របស់គាត់​ ដូចជា​គាត់​នៅ​ក្នុង​កិច្ច​ការ​របស់​ព្រះអម្ចាស់» ។ 10

អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី 2 នៅដើម​ឆ្នាំ 1944 មាន​បទពិសោធន៍មួយ​ទាក់​ទង​នឹង​បព្វជិតភាព ដែល​បាន​កើតឡើង​នៅ​ពេលក្រុមទ័ពម៉ារីន​សហរដ្ឋអេមរិក វាយ​ដណ្ដើម​យកកោះ ក្វាចាលិន អាតូល ដែល​ជា​ចំណែកនៃ​​កោះ ម៉ាស្សល ដែល​ស្ថិត​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ប្រហែល​ជា​នៅ​ចន្លោះ​ប្រទេស​អូស្ត្រាលី និ​ង​រដ្ឋ​ហាវ៉ៃ ។ អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​រឿង​នេះ គឺ​ប្រាប់​តាមរយៈ​អ្នក​កាសែត--ដែលពុំ​មែន​ជាសមាជិក​សាសនាចក្រ-- ដែល​ធ្វើ​ការ​ឲ្យ​កាសែត​នៅ​រដ្ឋ​ហាវ៉ៃ ។ នៅ​ក្នុង​អត្ថបទ​កាសែត ឆ្នាំ 1944 គាត់​បាន​សរសេរ​បទពិសោធន៍​ដូច​ខាងក្រោម គាត់​បាន​ពន្យល់​ថា គាត់​និង​អ្នក​កាសែត​ដទៃទៀត នៅ​ក្នុង​ជួរក្រោយនៃ​ទ័ព​ម៉ារីន នៅ ក្វាចាលិន អាតូល ។ នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​ ពួកគេ​បាន​កត់​សម្គាល់​ពី​ទ័ពម៉ារីនវ័យក្មេង​ម្នាក់ អណ្ដែត​នៅ​ក្នុងទឹក​ផ្កាប់មុខ ដោយ​មាន​របួស​ជា​ទម្ងន់ ។ ទឹកនៅ​ជុំវិញ​គាត់​ពោរពេញ​ដោយឈាម ។ រួច​ហើយ​គេ​កត់​សម្គាល់​ឃើញ​មាន​ទ័ពម៉ារីន​ម្នាក់ទៀត លូន​ទៅ​រក​មិត្តគាត់​ដែល​រងរបួស ។ ទ័ពម៉ារីន​ទីពីរ​ក៏​របួស​ដែរ ដោយ​ដៃ​ឆ្វេង​របស់​គាត់ស្រយុងចុះជិត​ខ្លួន ។​ គាត់​បាន​លើក​ក្បាល​ទាហានម្នាក់​ដែល​អណ្ដែត​ទឹក​ដើម្បី​កុំ​ឲ្យ​លង់ ។ គាត់​បាន​សុំ​ជំនួយ​ដោយ​សម្លេង​ឈឺ​ចុក​ចាប់ ។ អ្នក​កាសែត​មើល​ម្ដងទៀតទៅ​ក្មេង​ប្រុស​នោះ ដែល​គាត់​កំពុងជួយ ហើយ​ហៅ​មក​វិញថា​ «កូនប្រុស យើង​មិន​​អាចជួយ​ដល់​ក្មេង​ម្នាក់​នោះ​ទេ» ។

អ្នក​កាសែត​បាន​សរសេរ​ថា «បន្ទាប់មក ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន ។ ក្មេង​ប្រុសនេះ ដែល​មាន​របួស​ពេញ​ខ្លួន បាន​ដើរ​ទៅ​មាត់​ឆ្នេរជាមួយ​​នឹង​មិត្តទ័ពម៉ារីន​របស់​គាត់​ដែល​ហាក់​ដូចជា​ស្លាប់​នោះ ។ គាត់​បាន​ដាក់​ក្បាល​ដៃគូ​គាត់​នៅ​លើ​ជង្គង់ ។ នោះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល-- ក្មេង​ប្រុស​ដែល​របួស​ទាំងពីរ​នាក់​នេះ-- ​ទាំងពី​រនាក់ ... មើល​ទៅ​ជា​មនុស្ស​ស្អាតស្អំ មានរូបរាងសង្ហា ទោះ​ជា​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ក្ដី ។ ហើយ​ក្មេង​ម្នាក់បាន​ឱន​ក្បាល​លើ​ក្មេង​ម្នាក់ទៀត ហើយ​និយាយ​ថា ‹ខ្ញុំ​បញ្ជា​ដល់​អ្នក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដោយ​អំណាច​នៃ​បព្វជិតភាព ដើម្បី​បន្ត​មាន​ជីវិត រហូត​ដល់​ខ្ញុំ​អាច​រកជំនួយ​ពី​ពេទ្យ​បាន›» ។ អ្នក​កាសែត​បាន​បញ្ចប់​អត្ថបទគាត់​ថា ៖ «យើង​ទាំង​បី​នាក់ [ទ័ពម៉ារីនពីរនាក់ និង​ខ្ញុំ] នៅ​ទី​នេះ​ក្នុង​មន្ទីរ​ពេទ្យ ។ វេជ្ជបណ្ឌិត​ពុំ​ដឹង​... [ពួកគេ​បាន​នៅ​រស់​របៀប​ណា​ទេ] ប៉ុន្តែ​ខ្ញុំ​ដឹង» ។ 11

អព្ភូតហេតុ​អាច​រក​បាន​​នៅ​គ្រប់​ទីកន្លែង​ នៅ​ពេល​អ្នក​កាន់​បព្វជិតភាព​យល់ អំណាច​របស់​វា​ត្រូវ​បាន​គោរព និង​ប្រើប្រាស់​ត្រឹមត្រូវ ហើយ​ត្រូវមាន​ជំនឿ ។ នៅ​ពេល​មាន​ក្ដី​ជំនឿ​ជំនួសការសង្ស័យ នៅ​ពេល​ការ​បម្រើ​ដោយ​ពុំ​មាន​ភាពអត្មានិយម​លុបបំបាត់​ការព្យាយាម​ដោយ​អត្មានិយម នោះ​ព្រះចេស្ដា​របស់​ព្រះ សម្រេច​នូវ​គោលបំណង​របស់​ទ្រង់ ។

ការ​ហៅ​ឲ្យ​ទទួលកាតព្វកិច្ច អាច​កើតមាន​​ដោយ​ស្ងប់ស្ងាត់ នៅ​ពេល​យើង​ដែល​ជាអ្នក​កាន់​បព្វជិតភាព ឆ្លើយតប​ចំពោះ​កិច្ចការ​ដែល​យើង​ទទួល ។ ប្រធាន ចច អ័លប៊ើត ស៊្មីធ ដែលជា​អ្នកដឹកនាំ​ដ៏រាបសារ និង​មាន​ប្រសិទ្ធភាព បាន​ប្រកាស​ថា «​វាគឺ​ជា​កាតព្វកិច្ច​ដំបូង​របស់​អ្នកនៃ​កាតព្វកិច្ចទាំងអស់ ដើម្បី​រៀន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​បាន រួច​ហើយ​ដោយ​ព្រះចេស្ដា និង​កម្លាំង​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​ តម្កើង​ការ​ហៅ​របស់​អ្នកនៅ​ក្នុង​វត្តមាន​របស់​បងប្អូន​អ្នក នោះ​រាស្ត្រ​នឹង​ធ្វើតាម​អ្នក​ដោយ​ក្ដីសាទរ» ។ 12

មាន​ការ​ហៅ​ឲ្យ​ទទួលកាតព្វកិច្ចដូច្នេះមួយ-- ជាការហៅ​ពុំសូវគួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែផ្ទុយ​ទៅ​វិញ​​ជា​ការ​ហៅ​មួយ ដែល​មាន​ចំពោះ​ខ្ញុំ​ក្នុង ឆ្នាំ 1950 -- ដើម្បី​ជួយ​សង្គ្រោះ​ដល់​ព្រលឹង ពេល​ខ្ញុំ​ហៅ​ឲ្យ​បម្រើ​ជា​ប៊ីស្សព​ថ្មី​ ។ ការ​ទទួលខុសត្រូវ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប៊ីស្សព មាន​ច្រើន​​ផ្សេងៗ​គ្នា ហើយ​ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ធ្វើនូវ​អ្វី​ទាំងអស់​ដែល​តម្រូវ​ពី​ខ្ញុំ ។ សហរដ្ឋ​បានចូលប្រឡូក ​នឹង​សង្គ្រាម​ផ្សេង​មួយ​ពេល​នោះ ។ ដោយ​សារ​មាន​សមាជិក​យើង​ជា​ច្រើន​បម្រើ​ជា​កងទ័ព ​ប៊ីស្សព​ទាំងអស់ទទួល​កិច្ចការ​មក​ពី​ទីស្នាក់ការ​សាសនាចក្រឲ្យ ​ជាវ កាសែត​សាសនាចក្រ និង Improvement Era ជា​​ទស្សនាវដ្ដី​របស់​សាសនាចក្រ​នៅ​ពេល​នោះ​ ផ្ញើ​ទៅ​ដល់​ទាហាន​ម្នាក់ៗ ។ បន្ថែម​ពី​នោះ ប៊ីស្សព​ម្នាក់ៗ ត្រូវ​បាន​សុំ​ឲ្យ​សរសេរ​សំបុត្រ​ផ្ទាល់​ខ្លួន ផ្ញើ​ទៅ​កាន់​កងទ័ព​ដែល​ចេញ​ពី​វួដ​គាត់​ប្រចាំ​ខែ ។ នៅ​វួដ​របស់​យើង​មាន​បុរស 23 នាក់​កំពុង​បម្រើ​កងទ័ព ។ កូរ៉ុម​បព្វជិតភាព ខិត​ខំ​យ៉ា​ងខ្លាំង​ដើម្បី​ផ្ដល់​មូលនិធិ​ដើម្បី​ជាវ​ការ​បោះពុម្ព​ទាំង​នោះ ។ ខ្ញុំ​បាន​ទទួល​យកការងារនោះ ក៏​ជា​កាតព្វកិច្ច​ដែរ ដើម្បី​សរសេរ​សំបុត្រ​ផ្ទាល់​ខ្លួន 23 ច្បាប់​ជា​រៀងរាល់ខែ ។ បន្ទាប់​ពី​ឆ្នាំទាំងនោះ​មក ខ្ញុំ​នៅ​តែ​មាន​សំបុត្រ​របស់​ខ្ញុំ​ជា​ច្រើន​ច្បាប់ និង​សំបុត្រ​ដែល​បាន​តប​មកវិញ ។ ពេល​ខ្ញុំ​អាន​សំបុត្រ​នេះ​ឡើង​វិញ ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​ពុំ​ដឹង​ខ្លួន ។ វា​ជា​ក្ដី​អំណរ​ដើម្បី​រៀន​ជា​ថ្មី អំពី​ការ​សន្យា​របស់​កងទ័ព​ម្នាក់​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ ឬ​ជា​ការ​សម្រេចចិត្ត​ដើម្បី​រក្សា​សេចក្ដី​ជំនឿលើ​ដំណឹងល្អ ជាមួយ​នឹង​គ្រួសារ​របស់​គាត់​ ។

នៅ​ល្ងាច​មួយ​ ខ្ញុំ​បាន​ហុច​សំបុត្រ​មួយ​បាច់​ដែល​មាន​ 23 សំបុត្រ​ទៅ​បងស្រី​ម្នាក់​ក្នុង​វួដ សម្រាប់​ខែ​ថ្មី ។ កិច្ចការ​របស់​គាត់ គឺ​កាន់​ខាង​ផ្ញើរ​សំបុត្រ ហើយ​ត្រូវ​រក្សា​បញ្ជី​អាស័យដ្ឋាន​ដែល​ផ្លាស់​ប្ដូរ​ដោយ​ខ្ជាប់ខ្ជួន ។ គាត់​បានក្រឡេកមើល​លើ​ស្រោម​សំបុត្រ​មួយ រួច​ញញឹម ហើយ​សួរ​ថា «ប៊ីស្សព តើ​លោក​មិន​បាក់ទឹកចិត្ត​ទេ​ឬ​អី ? លោក​ផ្ញើរសំបុត្រ​ទៅ​កាន់​បងប្រុស ប្រ៊ីសុន មួយ​ទៀត​ហើយ​ ។​ នេះ​គឺ​ជា​សំបុត្រ​ទី 17 ដែល​លោក​ផ្ញើ​រទៅ​ឲ្យ​គាត់​ ដោយ​គ្មាន​ការ​ឆ្លើយ​តប» ។

ខ្ញុំ​បាន​តប​ថា «មែនហើយ នេះ​ជា​ខែ​ដែល​គាត់​នឹង​សរសេរ​មក​ខ្ញុំ» ។ តែ​ជាលទ្ធផល គឺជា ខែនោះ ។ គាត់​បាន​តប​សំបុត្រ​ខ្ញុំ ជា​លើក​ដំបូង ។ ការ​តប​របស់​គាត់​គឺ​ជា​ការចងចាំដ៏​ល្អ ជា​រតនៈសម្បត្តិ ។ គាត់​បម្រើ​នៅ​ឆ្ងាយក្នុង​កន្លែង​ឆ្ងាយ ដាច់ស្រយាល នឹកផ្ទះ និង​ឯកកោ ។ គាត់​បាន​សរសេរ​ថា « ប៊ីស្សព​ជាទីស្រឡាញ់ ខ្ញុំ​ពុំ​សូវ​ចេះ​សរសេរ​សំបុត្រ​ទេ» ។ (ខ្ញុំ​អាច​ប្រាប់ថា គាត់មិនសូវចេះ​ តាំង​ពី​ប៉ុន្មាន​ខែដំបូងមកម្ល៉េះ) ។ សំបុត្រ​គាត់​បន្ដ​ថា « អរគុណ​ចំពោះ កាសែតសាសនាចក្រ និង​ទស្សនាវដ្ដី​ព្រះវិហារ ប៉ុន្តែ​អរគុណ​បំផុត​ចំពោះ​សំបុត្រ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​តែងតាំង​ជា​សង្ឃ​ក្នុង​បព្វជិតភាព​អើរ៉ុន ។ ដួងចិត្ត​ខ្ញុំ​រំជួល​ជា​ខ្លាំង ។ ខ្ញុំ​ជា​បុរស​រីករាយម្នាក់ ។

បងប្រុស ប្រ៊ីសុន សប្បាយ​ចិត្ត​ដូច​ជា​ប៊ីស្សព​របស់​គាត់ ។ ខ្ញុំ​បាន​រៀន​អនុវត្តសុភាសិត​​នោះ​ក្នុង​ជីវិត​ខ្ញុំ ដែល​ថា «ចូរ​ខំធ្វើ​កាតព្វកិច្ច [របស់​អ្នក] ​ឲ្យល្អបំផុត ។ អ្វី​ដែលនៅ​សល់​ប្រគល់ដល់ [​ព្រះ] អម្ចាស់» ។ 13

ប៉ុន្មាន​ឆ្នាំ​ក្រោយមក ខណៈ​កំពុង​ចូលរួម​នៅ​ក្នុង​ស្ដេក សលត៍ ឡេក ខតតុន​វូដ ពេល​នោះ​ ជែមស៍ អ៊ី ហ្វោស្ត ធ្វើជា​ប្រធាន​ស្ដេក ខ្ញុំ​បាន​រៀប​រាប់​អំពី​រឿង​ ដោយ​មាន​បំណងចង់​​​លើក​ទឹកចិត្ត​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​កងទ័ព​របស់​យើង ។ បន្ទាប់​ពី​ការប្រជុំ យុវជន​សង្ហា​ម្នាក់ បាន​ដើរ​មក​រកខ្ញុំ ។ គាត់​បាន​ចាប់​ដៃ​ខ្ញុំ​ ហើយ​សួរ​ថា «​ប៊ីស្សព ម៉នសុន តើ​អ្នក​នៅ​ចាំ​ខ្ញុំ​ទេ ?»

រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា​គាត់​ជា​នរណា ។ ខ្ញុំ​ស្រែក​ថា «បងប្រុស ប្រ៊ីសុន ។ តើ​បង​សុខសប្បាយ​ទេ ? តើ​អ្នក​ធ្វើ​អ្វី​ នៅ​ក្នុង​សាសនាចក្រ ?»

គាត់​បាន​ឆ្លើយ​តប​ដោយ​កក់​ក្ដៅ​ និង​មោទនភាព​ថា «​ខ្ញុំសុខសប្បាយទេ ។ ខ្ញុំ​បម្រើ​នៅក្នុង​គណៈប្រធាន​នៃ​កូរ៉ុម​អែលឌើរ​របស់​ខ្ញុំ ។ អរគុណម្ដងទៀត ​ដែល​អ្នក​បារម្ភ​ចំពោះ​ខ្ញុំ និង​សំបុត្រ​ផ្ទាល់​ខ្លួន​ដែល​អ្នក​ផ្ញើរ​មក​ខ្ញុំ វា​មាន​តម្លៃចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ។

បងប្អូនប្រុសទាំងឡាយ ពិភពលោកគឺ​ត្រូវ​ការ​ជំនួយ​របស់​យើង ។ តើ​យើង​កំពុងធ្វើ​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ​ឬ​ទេ ? តើ​យើង​ចង​ចាំ​ពាក្យ​របស់​ប្រធាន យ៉ូហាន ថេលើរ ថា ៖ «​បើ​អ្នក​ពុំ​តម្កើង​ការ​ហៅ​របស់​អ្នក​ទេ នោះ​ព្រះ​នឹង​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ ដែល​អ្នក​អាច​នឹង​បាន​សង្គ្រោះពួក​គេ បើ​អ្នក​បាន​ធ្វើ​កាតព្វកិច្ច​របស់​អ្នក​នោះ» ។ 14 មាន​ជើង​ដែល​ត្រូវ​ការ​ទប់, ដៃ​ត្រូវការ​​ចាប់, គំនិតត្រូវការ​លើកទឹកចិត្ត ដួងចិត្ត​ត្រូវការ​ការបំផុស និង​ព្រលឹងត្រូវការការ​សង្គ្រោះ ។ ពរជ័យ​នៃ​ភាពអស់កល្ប​កំពុង​រង់ចាំអ្នក ។ ឯកសិទ្ធិ​របស់​អ្នក​គឺ​ពុំ​ត្រូវ​ធ្វើ​ជា​អ្នក​ស្ដាប់ទេ ប៉ុន្តែ​ធ្វើ​ជា​អ្នក​ចូលរួម​នៅ​ក្នុង​ការ​បម្រើ​បព្វជិតភាព ។ ចូរ​យើង​ស្ដាប់​ការ​រំឭក​ដ៏​បំផុសគំនិត​ដែល​មាន​នៅ​ក្នុង​សំបុត្រ​របស់​យ៉ាកុប​ថា ៖ « ចូរឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ» ។15

ខ្ញុំ​សង្ឃឹម​ថា យើង​អាច​រៀន និង​សញ្ជឹងគិត​អំពី​កាតព្វកិច្ច​របស់​យើង ។ ចូរ​យើង​មាន​ឆន្ទៈ និង​មាន ភាពសក្ដិសម​ដើម្បីបម្រើ ។ ចូរ​យើង​ធ្វើ​កាតព្វកិច្ច​របស់​យើង តាម​ដាន​ជើង​របស់​លោក​ចៅហ្វាយ​យើង ។ នៅ​ពេល​អ្នក និង​ខ្ញុំ​ដើរ​តាម​ផ្លូវ​ដែល​ព្រះយេស៊ូវ​បាន​យាង​ដើរ នោះ​យើង​នឹង​រក​ឃើញ​ថា ទ្រង់​ពុំ​មែន​គ្រាន់​តែ​ជា​ទារក​នៅ​បេថ្លេហិម ជា​កូនជាងឈើ ជា​គ្រូ​ដែល​ល្អបំផុត​លើសគេប៉ុណ្ណោះ​នោះទេ ។ យើង​នឹង​ស្គាល់​ទ្រង់​ថា​ជា​បុត្រា​នៃ​ព្រះ ជាអង្គសង្គ្រោះ​ និងជាអង្គប្រោសលោះ​របស់​យើង ។ នៅ​ពេល​ការហៅ​ឲ្យទទួលកាតព្វកិច្ច​មាន​ចំពោះ​ទ្រង់ ទ្រង់​ឆ្លើយ​ថា «ព្រះវរបិតាអើយ សូម​ឲ្យ​ព្រះហឬទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូមឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​​ជា​របស់​ផងព្រះអង្គ​​រហូត» ។16 សូម​ឲ្យ​យើង​ម្នាក់ៗ​បាន​ធ្វើ​ដូច្នោះ ខ្ញុំ អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់ ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ អាម៉ែន ។

កំណត់ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith (ឆ្នាំ 2007), 104 ។

  2. Teachings of Presidents of the Church: Wilford Woodruff (ឆ្នាំ 2004), 38 ។

  3. យ៉ូសែប  អេហ្វ ស៊្មីធ Gospel Doctrine, បានបោះពុម្ពលើក​ទី 5 (ឆ្នាំ 1939), 139–40; គូសបញ្ជាក់បន្ថែម ។

  4. Teachings of Presidents of the Church: John Taylor (ឆ្នាំ 2001), 119 ។

  5. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 107:99; គូសបញ្ជាក់បន្ថែម ។

  6. 1នីហ្វៃទី  1 3:7 1 សូមមើល​ផងដែរ ខ 1–5.។

  7. សូមមើល នីហ្វៃទី  1 3:5 ។

  8. Rabindranath Tagore, បាន​ដក​ស្រប់​នៅក្នុង William Jay Jacobs, Mother Teresa: Helping the Poor (ឆ្នាំ 1991), 42 ។

  9. រ៉ូប៊ើត លូអីស ស្ទីវិនសុន, នៅ​ក្នុង Elbert Hubbard II, comp., The Note Book of Elbert Hubbard: Mottoes, Epigrams, Short Essays, Passages, Orphic Sayings and Preachments (ឆ្នាំ 1927), 55 ។

  10. Stand Ye in Holy Places: Selected Sermons and Writings of President Harold B. Lee (ឆ្នាំ 1976), 255 ។

  11. នៅ​ក្នុង Ernest Eberhard  Jr., «Giving Our Young Men the Proper Priesthood Perspective,» typescript ថ្ងៃទី 19 ខែ​កក្កដា ឆ្នាំ 1971, 4–5, Church History Library ។

  12. ចច អ័លប៊ើត ស៊្មីធ, នៅ​ក្នុង Conference Report, ខែ​មេសា ឆ្នាំ 1942, 14 ។

  13. Henry Wadsworth Longfellow, «The Legend Beautiful,» នៅ​ក្នុង The Complete Poetical Works of Longfellow (ឆ្នាំ 1893), 258 ។

  14. Teachings: John Taylor, 164 ។

  15. យ៉ាកុប 1:22 ។

  16. ម៉ូសេ 4:2 ។