ឆ្នាំ ២០១០-២០១៩
សេចក្ដី​ជំនឿ, ចិត្តរឹងប៉ឹង, ការបំពេញ៖ សារលិខិត​ដល់​ឪពុក​ម្ដាយ​នៅលីវ
មេសា 2012


សេចក្ដី​ជំនឿ, ចិត្តរឹងប៉ឹង, ការបំពេញ ៖ សារលិខិត​ដល់​ឪពុក​ម្ដាយ​នៅលីវ

អ្នកកំពុង​ពុះពារ​ចិញ្ចឹម​កូន​អ្នក​ក្នុង​សុចរិតភាព និង​សេចក្ដី​ពិត ដោយ​ដឹង​ថា អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាល តែ​អ្នក​អាច​សម្រួច​សម្រាំង​អនាគត​បាន ។

សារ​របស់​ខ្ញុំ គឺ​សម្រាប់​ឪពុក​ម្ដាយ​នៅលីវក្នុង​សាសនាចក្រ ដែល​ភាគច្រើនជា​​ម្ដាយ​នៅលីវ---​អ្នក​ជា​ស្រ្ដី​ដ៏​ស្មោះត្រង់ ដែល​ឆ្លងកាត់​កាលៈទេសៈ​ផ្សេងៗ​ក្នុង​ជីវិត, ចិញ្ចឹម​កូន និង​ថែរក្សា​ផ្ទះ​ដោយ​ខ្លួន​ឯង ។ ប្រហែល​អ្នក​ជា​ស្ដ្រី​មេម៉ាយ ដោយសារ​​ប្ដី​ស្លាប់ ឬ​លែងលះគ្នា ។ អ្នក​អាច​តស៊ូ​ជាមួយ​នឹង​ឧបសគ្គ​នៃ​ភាពជា​ម្ដាយ​តែ​ម្នាក់​ឯង ដោយសារ​ការ​មិនគោរព​តាម​ច្បាប់​ព្រហ្មចារីភាព តែ​ឥឡូវ​នេះ បាន​រស់នៅ​ស្របតាម​ដំណឹងល្អ ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត​អ្នក​ឲ្យ​ប្រសើរឡើង ។ ខ្ញុំ​សូមប្រសិទ្ធពរ​អ្នក​ឲ្យ​ចៀសផុត​ពី​ប្រភេទ​នៃ​ដៃគូ​ដែល​នឹង​មក ឲ្យ​តែ​បង់ខាត​ដល់​គុណធម៌ និង​ភាពជាសិស្ស ។ នោះ​វា​ថ្លៃ​ពេក​ហើយ ដែល​ត្រូវបង់​ថ្លៃ ។

ទោះជាពេល​ខ្លះ អ្នក​អាចសួរ​ថា « ហេតុអ្វីក៏​ជារូប​ខ្ញុំ ? » គឺ​តាមរយៈ​ការលំបាក​នៃ​ជីវិត ដែល​យើង​លូតលាស់​ទៅកាន់​ភាព​ជា​ព្រះ ពេល​ដែល​ចរិតលក្ខណៈ​យើង​ត្រូវបាន​ដុះខាត់​ក្នុង​ទុក្ខវេទនា​ទាំងឡាយ​នោះ ហើយ​ហេតុការណ៍​លំបាកៗ​កើតមាន​ឡើង​ក្នុង​ជីវិត ពីព្រោះ​តែព្រះ​មិន​ជ្រៀត​ជ្រែក​ដល់​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស​ ។ ដូច អែលឌើរ នែល  អេ ម៉ាក់ស្វែល បាន​អធិប្បាយ​ថា យើង​មិន​អាច​ធ្វើ​ការគណនា​បាន​ទេ ព្រោះ « យើង​ពុំមាន​ចំនួន​លេខ​ទាំងអស់ទេ » ។1

មិនថា​កាលៈទេសៈ​របស់​អ្នក​ជា​អ្វី ឬ​ហេតុផល​អ្វី​នោះទេ អ្នក​ពិត​ជា​អស្ចារ្យ ។ រៀងរាល់ថ្ងៃ អ្នក​ប្រឈម​មុខ​នឹង​ការពុះពារ​ក្នុង​ជីវិត ធ្វើកិច្ចការ​ដែល​ជានិច្ចកាល​ត្រូវការ​មនុស្ស​ពីរនាក់​ តែ​អ្នក​ធ្វើវា​តែម្នាក់ឯង ។ អ្នក​ត្រូវធ្វើ​ជា​ឪពុក​ផង ម្ដាយ​ផង ។ អ្នកគ្រប់គ្រង​ផ្ទះ, ថែទាំ​គ្រួសារ, ជួនកាល​ពិបាក​នឹង​រកប្រាក់​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ទៅលើ​អ្វី​ដែល​ត្រូវការ, ហើយ​ជា​អព្ភូតហេតុ អ្នក​ថែមទាំង​មាន​លទ្ធភាព​បម្រើ​ក្នុង​សាសនាចក្រ​ដោយ​របៀប​ដ៏​ល្អ​ទៀតផង ។ អ្នក​បីបាច់​កូន​អ្នក ។ អ្នក​យំ ហើយ​អធិស្ឋាន​ជាមួយ​ពួកគេ និង ​សម្រាប់​ពួកគេ ។ អ្នក​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ តែ​អ្នក​បារម្ភ​រាល់យប់​ថា ការប្រឹងប្រែង​បំផុត​របស់​អ្នក​ អាច​មិន​ល្អ​គ្រប់គ្រាន់ ។

ខ្ញុំ​ស្ទាក់ស្ទើរ​នឹង​និយាយ​រឿង​ផ្ទាល់ខ្លួន​ឲ្យ​ហួសហេតុ​ពេក តែ​តាមពិតទៅ ខ្ញុំ​ចេញ​មក​ពី​គ្រួសារ​ដែល​មាន​តែ​ម្ដាយ ។ ភាគច្រើន​បំផុត កាល​ដែល​​ខ្ញុំនៅ​ក្មេង និងជា​យុវជន ម្ដាយ​ខ្ញុំ​បាន​ចិញ្ចឹម​ពួកយើង​ដោយ​ខ្លួន​គាត់​ផ្ទាល់ក្នុង​ស្ថានភាព​ក្រីក្រ ។ លុយ​ត្រូវបាន​បែងចែក​យ៉ាង​ប្រុង​ប្រយ័ត្ន ។ គាត់​ស៊ូទ្រាំ​នឹង​ភាពឯកោ​ខាងក្នុងខ្លួន​, ជាច្រើនលើកច្រើនគ្រា គាត់​ចង់​បាន​យ៉ាងខ្លាំង​នូវ​ការគាំទ្រ និង​ភាពជាដៃគូ ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ម្ដាយ​ខ្ញុំ​មាន​សេចក្ដី​ថ្លៃថ្នូរ ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ការ​ប្ដេជ្ញា​ចិត្ត និង​ចរិតលក្ខណៈ​ដ៏រឹងមាំ​មក​ពី​ដូនតា​របស់​គាត់​ជា​ជនជាតិ​ស្កត ។

ដោយ​អំណរគុណ ក្រោយ​មក​គាត់​បានទទួលពរជ័យយ៉ាង​ច្រើន ។ គាត់​បាន​រៀបការ​ជាមួយ​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ជា​ពោះម៉ាយ​ម្នាក់ ពួកគាត់​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ទីក្រុងឡុង ប្រទេសអង់គ្លេស ហើយ​ក្រោយមក​បាន​បម្រើ​នៅ​ទីនោះ​មួយ​រយៈខ្លី ជា​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ ។ ពួកគាត់​បាន​រស់នៅ​ជាមួយ​គ្នា​អស់​ជិត 25 ឆ្នាំ --- ដោយ​ក្ដី​រីករាយ, ពេញចិត្ត, និង​ពេញលេញ រហូត​ដល់​ពួកគាត់​បានទទួលមរណភាព ។

មាន​ស្ដ្រី​ល្អៗ​ជាច្រើន​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក ដែល​ប្រឈម​មុខ​នឹង​ស្ថានភាព​ស្រដៀង​គ្នា​ទាំងនេះ ដែល​បង្ហាញ​ពី​ភាព​អត់ធន់​ដូចគ្នា​នេះ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

នេះ​មិន​មែន​ជា​អ្វី ដែល​អ្នក​បាន​សង្ឃឹម ឬ​ដាក់​ផែនការ, អធិស្ឋាន ឬ​រំពឹង​ចង់​បាន​ ពេល​ដែល​អ្នក​បាន​ចាប់ផ្ដើម​ជា​ច្រើន​ឆ្នាំ​មកហើយនោះទេ ។ ដំណើរ​ជីវិត​របស់​អ្នក​មាន​ផ្លូវរលាក់, ផ្លូវវាង, និង​បត់បែន ភាគច្រើន​បំផុត ​គឺ​ជា​លទ្ធផល​មកពីជីវិត​ដែល​នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់ ​ជា​កន្លែង​សាកល្បង ។

ខណៈនេះ អ្នកកំពុង​ពុះពារ​ចិញ្ចឹម​កូន​អ្នក​ក្នុង​សុចរិតភាព និង​សេចក្ដី​ពិត ដោយ​ដឹង​ថា អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាលបាន តែ​អ្នក​អាចដុះខាន់​សម្រាប់​អនាគត​បាន ។ នៅ​ក្នុង​ដំណើរ​នេះ អ្នក​នឹង​ទទួល​បាន​ពរជ័យ​តបស្នង ទោះបី​វា​មិន​កើតឡើង​ភ្លាមៗ​ក៏​ដោយ ។

ដោយ​មាន​ជំនួយ​ពី​ព្រះ អ្នក​មិន​ត្រូវភ័យខ្លាច​ចំពោះ​អនាគតទេ ។ កូនៗ​របស់​អ្នក​នឹង​ធំឡើង និង​រាប់​ថា​ជា​អ្នក​មានពរ ហើយ​គ្រប់​ទាំង​ជោគជ័យ​នីមួយៗ​របស់​គេ នឹង​ទៅ​ជា​កិត្តិយស​ដល់​អ្នក ។

សូម​កុំ​មាន​អារម្មណ៍​ឲ្យសោះ​ថា អ្នក​នៅលំដាប់ទីពីរ ឬ​នៅពីក្រោម​សមាជិក​ផ្សេងទៀតក្នុង​សាសនាចក្រ ដោយ​ហេតុនោះ​អ្នក​ទទួលពរជ័យ​ពី​ព្រះ​តិច​ជាង​អ្នក​ដទៃ​នោះ​ឡើយ ។ ក្នុង​នគរ​នៃ​ព្រះ គ្មាន​ប្រជារាស្រ្ត​លំដាប់​​ទីពីរ​នោះទេ ។

យើង​សង្ឃឹម​ថា ពេល​អ្នក​ចូលរួម​ការប្រជុំ​នៅ​សាសានចក្រ ហើយ​ឃើញ​គ្រួសារ​ដែល​រីករាយ និង​ពេញលេញ ឬ​ឮ​នរណា​ម្នាក់​និយាយ​ពីភាព​ល្អ​នៃ​គ្រួសារ នោះ​អ្នក​នឹង​មាន​អារម្មណ៍​រីករាយ ដោយ​សារ​​អ្នក​ជា​ផ្នែកមួយ​​នៃ​សាសនាចក្រ ដែល​ផ្ដោត​លើ​គ្រួសារ ហើយ​បង្រៀន​ពី​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​នៅក្នុង​ផែនការ​នៃ​ព្រះបិតាសួគ៌ សម្រាប់​សុភមង្គល​នៃ​កូនចៅ​ទ្រង់ ហើយ​ថា នៅក្នុង​លោកិយ​ដ៏​ពេញ​ដោយ​ទុក្ខវេទនា និង​ការហិនហោច​ផ្នែក​សីលធម៌​នេះ យើង​មាន​គោលលទ្ធិ, សិទ្ធិអំណាច, ពិធី​បរិសុទ្ធ, និង​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល​ផ្ដល់​ក្ដីសង្ឃឹម​ដ៏​ល្អបំផុត​ដល់​ពិភពលោក រួមទាំង​សុភមង្គល​ក្នុង​ពេលអនាគត​របស់​កូនចៅ​របស់​អ្នក និង​គ្រួសារ​ដែល​ពួកគេ​នឹង​បង្កើត​ផងដែរ ។

ក្នុង​ការ​ប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​ក្នុង​ខែ កញ្ញា ឆ្នាំ 2006 ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លីបាន​រៀបរាប់​ពី​បទពិសោធន៍ ដែល​បាន​ចែកចាយ​ដោយ​ម្ដាយ​នៅលីវ​ដោយ​លែងលះ​ម្នាក់ ដែល​មាន​កូន​ប្រាំពីរនាក់ រាប់ចាប់ពី​អាយុ 7 ដល់ 16 ឆ្នាំ នៅពេល​នោះ ។ គាត់​បាន​ឆ្លង​ផ្លូវ​ដើម្បី​យក​របស់​អ្វី​មួយ​ទៅ​ឲ្យ​អ្នក​ជិតខាង ។ គាត់​បាន​និយាយ​ថា ៖

« ពេល​ខ្ញុំ​ងាក​ដើរ​ត្រឡប់​មកផ្ទះ​វិញ ខ្ញុំ​អាច​ឃើញ​មាន​ភ្លើង​ភ្លឺ​នៅ​ផ្ទះ​ខ្ញុំ ។ ខ្ញុំ​អាច​ឮ​ពី​អ្វី​ដែល​កូនៗ​និយាយ ពេល​ខ្ញុំ​ឈាន​ជើង​ចេញ​ពី​ទ្វារ ប៉ុន្មាន​នាទី​មុន​នេះ ។ ពួកគេ​និយាយ​ថា ៖ ‘ ម៉ាក់ យើង​មាន​អ្វី​ញ៉ាំ​សម្រាប់​អាហារ​ពេលល្ងាច ? ’ ‘ តើ​ម៉ាក់​អាច​នាំ​ខ្ញុំ​ទៅ​បណ្ណាល័យ​បានទេ ? ’ ‘ ខ្ញុំ​ត្រូវ​ទៅយក​ផ្ទាំង​ក្រដាស​ខ្លះៗ​យប់នេះ’ ។ ដោយ​អស់កម្លាំង និង​ទន់ខ្សោយ ខ្ញុំ​បាន​សម្លឹង​ទៅ​ផ្ទះ​នោះ ហើយ​បាន​ឃើញ​ពន្លឺ​ភ្លឺ នៅក្នុង​បន្ទប់​នីមួយៗ ។ ខ្ញុំ​បាន​គិត​ពី​កូនៗ​ទាំងអស់​ដែល​នៅ​ផ្ទះ រង់ចាំ​ខ្ញុំ​មក ហើយ​បំពេញ​តម្រូវការ​របស់​គេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា បន្ទុក​របស់​ខ្ញុំ​ធ្ងន់​ជាង​អ្វី​ដែល​ខ្ញុំ​អាច​រែក​បាន ។

« ខ្ញុំ​ចាំ​បាន​ពី​ការ​សម្លឹង​ទៅ​លើ​មេឃ ដោយ​ទឹកភ្នែក ហើយ​ខ្ញុំ​បាន​និយាយ​ថា ‹ ព្រះបិតា​អើយ កូន​មិន​អាច​ធ្វើ​វា​បាន​ទេ​យប់នេះ ។ កូនអស់កម្លាំង​ណាស់ ។ កូន​មិន​អាច​ប្រឈម​វា​បាន​ទេ ។ កូន​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ ហើយ​ថែរក្សា​កូនៗ​ទាំងអស់​នោះ​តែ​ម្នាក់ឯង​បានទេ ។ តើ​កូន​អាច​ទៅ​ឯ​ទ្រង់ ហើយ​ស្នាក់​នៅ​ជាមួយ​ទ្រង់​តែ​មួយ​យប់​បាន​ទេ ?›  …

« ខ្ញុំ​មិន​បាន​ឮ​ពាក្យ​ឆ្លើយ​តប​នោះ​ទេ តែ​ខ្ញុំ​បាន​ឮ​ក្នុង​គំនិត​ខ្ញុំ ។ ចម្លើយ​គឺ​ថា ៖ ‹ ទេ កូនតូច​អើយ កូន​មិន​អាច​មក​ឯ​យើង​ឥឡូវ​នេះ​ទេ ។ ... តែ​យើង​អាច​មកឯ​កូន​បាន› » ។2

សូម​អរគុណ​បងប្អូន​ស្រី សម្រាប់​អ្វី​ទាំងអស់​ដែល​អ្នក​កំពុងធ្វើ ដើម្បី​ចិញ្ចឹម​បីបាច់​គ្រួសារ​អ្នក ហើយ​រក្សា​ផ្ទះ​មួយ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ជា​កន្លែង​ដែល​មាន​ក្ដី​ល្អ, ក្ដី​សុខសាន្ត, និង​ឱកាស ។

ទោះ​ជា​ញឹកញាប់​អ្នក​មាន​អារម្មណ៍​ឯកោ តែ​តាមពិត​ទៅ អ្នក​មិន​ដែល​នៅ​តែ​ឯង​ទាំងស្រុង​ទេ ។ ដោយ​អស់​ពី​សមត្ថភាព​ដែល​អ្នក​អាច​ឈាន​ទៅមុខ​បាន ក្នុង​ការ​អត់ធ្មត់ និង​ក្នុង​ជំនឿ នោះ​ព្រះអម្ចាស់​នឹង​នៅ​ជាមួយ​អ្នក ស្ថានសួគ៌​នឹង​ប្រទានពរ​ដែល​អ្នក​ត្រូវការ ។

ទស្សនៈ​របស់​អ្នក​អំពី​ជីវិត​នឹង​ផ្លាស់​ប្ដូរ ពេល​ដែល​អ្នក​សម្លឹង​ទៅ​ព្រះ ជាជាង​ត្រូវ​បន្ទាប ។

ពួកអ្នក​ជា​ច្រើន បាន​រកឃើញ​ក្ដីពិត​ដែល​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ និង​អស្ចារ្យ​រួច​ទៅហើយ ថា​ពេលដែល​អ្នក​រស់នៅ ដើម្បី​លើក​បន្ទុក​អ្នក​ដទៃ នោះ​បន្ទុក​របស់​អ្នក​ផ្ទាល់​ក្លាយ​ជា​ស្រាល​ជាងមុន ។ ទោះ​ជា​ស្ថានភាព​ទាំងឡាយ​អាច​មិន​មាន​ការផ្លាស់​ប្ដូរ តែ​ចរិតលក្ខណៈ​របស់​អ្នក​ផ្លាស់ប្ដូរ ។ អ្នក​អាច​ប្រឈម​នឹង​ការសាកល្បង​របស់​អ្នក ដោយ​ព្រម​ទទួល​ជាងមុន, ដោយ​ដួងចិត្ត​យល់​ជាងមុន, និង​ដោយ​ការដឹងគុណ​កាន់តែ​ជ្រាលជ្រៅ សម្រាប់​អ្វី​ដែល​អ្នក​មាន ជាជាង​ការ​មានះ​ចង់​បាន​អ្វី​ដែល​អ្នក​នៅ​ខ្វះ ។

អ្នក​បាន​ឃើញ​ថា ពេល​យើង​ព្យាយាម​លួងលោម​ដល់​អ្នក​ដែល​អស់សង្ឃឹម នោះ​យើង​ទទួល​ការ​លួងលោម​ខ្លួន​ឯង​ផងដែរ ពែង​របស់​យើង​ពិត​ជា « ពេញ​ហៀរ » ( ទំនុកដំកើង 23:5 ) ។

តាមរយៈ​ការរស់​នៅ​ដោយ​សុចរិត នោះ​ថ្ងៃមួយ អ្នក និង​កូនៗ​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ពរជ័យ​នៃ​ការ​ធ្វើ​ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​អស់កល្ប​ដ៏​ពេញលេញ​មួយ ។

សមាជិក និង​អ្នក​ដឹកនាំ តើ​មាន​អ្វី​ទៀត​ដែល​អ្នក​អាច​ធ្វើ ដើម្បី​គាំទ្រ​ដល់​គ្រួសារ​ដែល​មាន​ម្ដាយ​តែឯង ដោយ​មិនថ្កោលទោស ឬ​រិះគន់​ពួកគេ​ទេ ? តើ​អ្នក​អាច​បង្រៀន​ពួក​មនុស្ស​វ័យក្មេង​ក្នុង​គ្រួសារ​ទាំងនេះ​ទេ ពិសេស​ផ្ដល់​គំរូ​ដល់​យុវជន ពី​អ្វី​ដែល​បុរស​ល្អ​ធ្វើ និង​រស់​នៅ​ដោយ​របៀបណា​នោះ ? ដោយ​គ្មាន​វត្តមាន​ឪពុក តើ​អ្នក​កំពុង​ផ្ដល់​គំរូ​ដែល​សម​នឹង​ឲ្យ​ពួកគេ​ធ្វើតាម​ទេ ?

ឥឡូវ​នេះ ប្រាកដ​ជា​មាន​គ្រួសារខ្លះ ដែល​មាន​តែ​ឪពុក ។ បងប្អូន​ប្រុស​ទាំងឡាយ យើង​ក៏​កំពុង​អធិស្ឋាន​សម្រាប់​អ្នក និង​សម្ដែង​ការដឹងគុណ​ដល់​អ្នក​ផងដែរ ។ សារលិខិត​នេះ​គឺ​សម្រាប់​អ្នក​ផងដែរ ។

ឪពុកម្ដាយ​នៅលីវ​អើយ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ក្នុង​អ្វី​ដែល​លំបាក​បំផុត​នៃ​ឧបសគ្គ​របស់​មនុស្ស នោះស្ថានសួគ៌​នឹង​ប្រទានពរ​អ្នក ។ ពិតណាស់ អ្នក​មិន​នៅ​ម្នាក់ឯង​នោះទេ ។ សូម​ឲ្យ​អំណាច​ដ៏​ប្រោសលោះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​នៃ​ព្រះយេស៊ូវគ្រីស្ទ បំភ្លឺ​ជីវិត​អ្នក​ឥឡូវ​នេះ ហើយ​បំពេញ​ដល់​អ្នក​នូវ​ក្ដី​សង្ឃឹម​នៃ​ការសន្យា​ដ៏​អស់កល្ប ។ ចូរ​ក្លាហាន ។ ចូរ​មាន​ជំនឿ និង​ក្ដី​សង្ឃឹម ។ ចូរគិត​ពី​បច្ចុប្បន្ន​ដោយ​ចិត្ត​រឹងប៉ឹង និង​សម្លឹងទៅ​អនាគត​ដោយ​ទំនុកចិត្ត ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

កំណត់​ចំណាំ

  1. នែល  អេ ម៉ាក់ស្វែលNotwithstanding My Weakness (ឆ្នាំ 1981), ទំព័រ 68 ។

  2. នៅក្នុង ហ្គរដុន  ប៊ី ហ៊ិងគ្លី, «In the Arms of His Love,» Liahona and Ensign, ខែ​វិច្ឆិកា ឆ្នាំ 2006, ទំព័រ 117 ។