ភ្នំដើម្បីឡើង
បើយើងមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ គ្រាដ៏លំបាក និងដ៏ស្រួលនៅក្នុងជីវិត អាចជាពរជ័យមួយទៅវិញ ។
ខ្ញុំបានស្ដាប់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នាសម័យប្រជុំសន្និសីទមួយ បានសុំឲ្យព្រះនឹងប្រទានភ្នំឲ្យគាត់ដើម្បីឡើង ។ គាត់មានប្រសាសន៍ថា «មានឧបសគ្គធំៗជាច្រើននៅខាងមុខយើង ត្រូវជួបនឹងឱកាសធំៗ ។ ខ្ញុំស្វាគមន៍ចំពោះការរំពឹងទុកដ៏រំភើបនោះ ហើយចង់ទូលទៅព្រះអម្ចាស់ ដោយរាបសារថា ‹សូមប្រទានភ្នំនេះដល់ខ្ញុំ› ប្រទានដល់ខ្ញុំនូវឧបសគ្គទាំងនេះ» ។ 1
ដួងចិត្តខ្ញុំបានបំផុស ពេលខ្ញុំបានដឹងថា ប្រធានឃឹមបឹល បានជួបនឹងឧបសគ្គ និងភាពមិនអនុគ្រោះមួយចំនួននោះរួចទៅហើយ ។ ខ្ញុំមានបំណងចង់ក្លាយដូចជាគាត់ អ្នកបម្រើដ៏អង់អាចរបស់ព្រះ ។ ដូច្នេះ មិនយូរប៉ុន្មាន នាយប់មួយខ្ញុំបានអធិស្ឋានសុំការសាកល្បងដើម្បីបង្ហាញនូវភាពក្លាហានរបស់ខ្ញុំ ។ ខ្ញុំអាចចាំវាយ៉ាងច្បាស់ ។ នាពេលល្ងាចដែលខ្ញុំបានលត់ជង្គង់នៅបន្ទប់គេងរបស់ខ្ញុំ ដោយក្ដីជំនឿ បេះដូងរបស់ខ្ញុំហាក់បីជាស្ទើរតែនឹងផ្ទុះ ។
ក្នុងរវាងមួយ ឬពីរថ្ងៃ ការអធិស្ឋានរបស់ខ្ញុំបានទទួលចម្លើយ ។ ការសាកល្បងដ៏លំបាកបំផុតនៅក្នុងជីវិតខ្ញុំ បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល និងធ្វើឲ្យខ្ញុំរាបសារ ។ វាបានផ្ដល់មេរៀនពីរដល់ខ្ញុំ ។ ទីមួយ ខ្ញុំមានតឹកតាងច្បាស់ថា ព្រះបានឮ និងឆ្លើយការអធិស្ឋាននៃក្ដីជំនឿខ្ញុំ ។ ប៉ុន្តែទីពីរ ខ្ញុំបានចាប់ផ្ដើមរៀនមេរៀនមួយ ដែលខ្ញុំនៅតែរៀនដល់សព្វថ្ងៃអំពីមូលហេតុដែលខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងនៅយប់នោះថា ពរជ័យដ៏មហិមាអាចកើតមកពីភាពមិនអនុគ្រោះ គឺមានតម្លៃថ្លៃជាងអ្វីៗទាំងអស់ ។
ភាពមិនអនុគ្រោះដែលខ្ញុំជួបកាលពីជាយូរឆ្នាំកន្លងទៅ មកដល់ពេលនេះ វាហាក់ដូចជារឿងតូចតាច បើប្រៀបធៀបនឹងអ្វីដែលបានកើតមានចាប់ពីពេលនោះ ចំពោះខ្ញុំ និងមនុស្សដែលខ្ញុំស្រឡាញ់ ។ ក្នុងពេលនេះ អ្នករាល់គ្នាជាច្រើន កំពុងតែឆ្លងកាត់ការសាកល្បងខាងរូបកាយ, ខាងសតិអារម្មណ៍ និងចិត្ត ដែលបណ្ដាលឲ្យអ្នកស្រែកឡើងដូចជាអ្នកបម្រើដ៏អស្ចារ្យ និងប្រកបដោយជំនឿរបស់ព្រះ ដែលខ្ញុំបានស្គាល់យ៉ាងច្បាស់ ។ គិលានុប្បដ្ឋាយិការបស់គាត់ បានស្ដាប់ឮគាត់ស្រែកពេលគាត់គេងឈឺចាប់នៅលើគ្រែថា «នៅពេលខ្ញុំបានព្យាយាមដើម្បីធ្វើល្អពេញមួយជីវិតរបស់ខ្ញុំហើយ ហេតុអ្វីក៏រឿងនេះកើតឡើងចំពោះខ្ញុំទៀត ?»
អ្នកដឹងទេ ថា ព្រះអម្ចាស់បានឆ្លើយតបនឹងសំណួរនេះរបៀបណា ចំពោះព្យាការីយ៉ូសែប ស្ម៊ីធ ពេលគាត់នៅជាប់ក្នុងគុក៖
«ហើយបើសិនជាអ្នកត្រូវបានបោះទៅក្នុងរណ្ដៅ ឬទៅក្នុងកណ្ដាប់ដៃនៃពួកឃាតករ ហើយអ្នកត្រូវគេកាត់ទោសដល់ស្លាប់ បើសិនជាអ្នកបោះទៅក្នុងជម្រៅ បើសិនជាទឹករលកបោកបាចទាស់នឹងអ្នក បើសិនជាខ្យល់កួចត្រឡប់ជាខ្មាំងសត្រូវដល់អ្នក បើសិនជាផ្ទៃមេឃ ទៅជាងងឹតឈឹង ហើយអស់ទាំងធនធាតុប្រមូលគ្នារារាំងផ្លូវ ហើយទោះបីជាលើសជាងអ្វីៗទាំងអស់ បើសិនជាចង្ការមាត់នៃស្ថាននរក នឹងហារត្របាក់អ្នកក្ដី បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។
«កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត ។ តើអ្នកធំជាងទ្រង់ឬអី?
«ហេតុដូច្នោះហើយ កូនកាន់ផ្លូវឲ្យខ្ជាប់ ហើយបព្វជិតភាពនឹងនៅជាមួយអ្នក ត្បិតកម្រិតទាំងឡាយរបស់ពួកគេត្រូវបានចាត់ទុកពួកគេពុំអាចបង្ហួសបានឡើយ ។ ថ្ងៃរបស់អ្នកត្រូវបានរាប់ទុក ហើយឆ្នាំរបស់អ្នកមិនត្រូវបានរាប់ទុកជាតិចឡើយ ហេតុដូច្នោះហើយ ចូរកុំខ្លាចនូវអ្វី ដែលមនុស្សអាចប្រព្រឹត្តនោះឡើយ ត្បិតព្រះទ្រង់នឹងគង់នៅជាមួយអ្នក ជារៀងដរាបតទៅ» ។ 2
ចំពោះខ្ញុំហាក់ដូចជាគ្មានចម្លើយណាដែលល្អប្រសើរជាងនេះ ចំពោះសំណួរថា ហេតុអ្វីបានជាមានការសាកល្បង និងអ្វីដែលយើងត្រូវធ្វើ ជាជាងបន្ទូលរបស់ព្រះអម្ចាស់ផ្ទាល់នោះទេ ដែលទ្រង់បានឆ្លងកាត់ការសាកល្បងសម្រាប់យើង វេទនាជាងយើងអាចនឹកគិតដល់ទៅទៀត ។
អ្នកមានចាំអំពីបន្ទូលរបស់ទ្រង់ នៅពេលទ្រង់បានទូន្មានថា យើងគួរតែប្រែចិត្ត ដោយមានជំនឿទៅលើទ្រង់៖
«ហេតុដូច្នោះហើយ យើងបញ្ជាឲ្យអ្នកប្រែចិត្ត--ចូរប្រែចិត្តចុះ បើពុំនោះសោតទេ យើងនឹងវាយអ្នកដោយរំពាត់នៃព្រះឱស្ឋរបស់យើង ហើយដោយសេចក្ដីខ្ញាល់របស់យើង និងសេចក្ដីពិរោធរបស់យើង នោះសេចក្ដីរងទុក្ខវេទនាទាំងឡាយរបស់អ្នកនឹងឈឺចាប់ណាស់ -- គឺឈឺដល់ណានោះអ្នកមិនដឹងទេ ជ្រួតជ្រាបដល់ណានោះអ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះអ្នកមិនដឹងទេ ។
«ត្បិតមើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះ ជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
«ប៉ុន្ដែបើសិនជាពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ
«គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមា លើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខ ព្រមទាំងរូបកាយ និងវិញ្ញាណផង-- ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង និងរួចខ្លាច--
«ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើង ចំពោះកូនចៅមនុស្ស» ។ 3
អ្នក និងខ្ញុំមានជំនឿថា ផ្លូវដើម្បីងើបចេញ និងឈ្នះលើការសាកល្បង គឺត្រូវជឿថា មាន «ឱសថ» 4 ហើយថាព្រះអម្ចាស់បានសន្យាថា «យើងនឹងពុំ…បោះបង់ចោលអ្នកឡើយ» 5 នោះគឺជាអ្វីដែលប្រធាន ថូម៉ាស អេស. ម៉នសុន បានបង្រៀនយើង ដើម្បីជួយយើង និងអ្នកទាំងឡាយដែលយើងបម្រើ ហាក់ដូចជាឯកកោ និងមានការសាកល្បងដ៏លើសលប់នោះ ។ 6
ប៉ុន្ដែប្រធាន ម៉នសុន ក៏បានបង្រៀនដោយឈ្លាសវៃផងដែរថា គ្រឹះនៃក្ដីជំនឿទៅលើក្ដីពិត នៃការសន្យាទាំងនោះ ត្រូវការពេលវេលាដើម្បីស្ថាបនា ។ អ្នកអាចនឹងមើលឃើញ នូវភាពចាំបាច់សម្រាប់ការមានគ្រឹះ នៅពេលនៅក្បែរគ្រែរបស់នរណាម្នាក់ដែលត្រៀមនឹងចុះចាញ់ការប្រយុទ្ធ ដើម្បីជួយពួកគេឲ្យប្រកាន់ខ្ជាប់ដល់ចុងបំផុត ។ បើគ្រឹះនៃក្ដីជំនឿពុំមានចំណែកនៅក្នុងដួងចិត្តយើងទេ នោះអំណាចដើម្បីប្រកាន់ខ្ជាប់នឹងគ្មានឡើយ ។
គោលបំណងខ្ញុំថ្ងៃនេះ គឺដើម្បីពិពណ៌នានូវអ្វីដែលខ្ញុំដឹងអំពីរបៀបដែលយើងអាចចាក់គ្រឹះដ៏រឹងមាំនោះ ។ ខ្ញុំសូមពិពណ៌នាអំពីមូលហេតុពីរយ៉ាង ដោយចិត្តរាបសារយ៉ាងខ្លាំង ។ ទីមួយ អ្វីដែលខ្ញុំនិយាយអាចនឹងធ្វើឲ្យមនុស្សមួយចំនួនដែលកំពុងលំបាកនៅក្នុងកណ្ដាលនៃភាពមិនអនុគ្រោះដ៏ធ្ងន់ធ្ងរបាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាគ្រឹះនៃក្ដីជំនឿរបស់ពួកគេកំពុងបាក់បែក ។ ហើយទីពីរ ខ្ញុំដឹងថា ការសាកល្បងធំៗជាងនេះនឹងមានចំពោះខ្ញុំ មុនពេលបញ្ចប់ជីវិតនេះ ។ ដូច្នេះ វិធីសាស្រ្តដែលខ្ញុំបានផ្ដល់ទៅដល់អ្នក ពុំទាន់បានបញ្ជាក់តាមរយៈការប្រកាន់ខ្ជាប់ផ្ទាល់របស់ខ្ញុំដល់ទីបញ្ចប់នោះទេ ។
ក្នុងនាមជាយុវជនខ្ញុំបានធ្វើការជាមួយអ្នកម៉ៅការរៀបជើងតាង និងចាក់គ្រឹះ ដើម្បីសង់ផ្ទះថ្មី ។ កំដៅព្រះអាទិត្យនៅរដូវក្តៅ ធ្វើពិបាកដើម្បីរៀបចំជីកដីសម្រាប់ដាក់ពុម្ព ចាក់ស៊ីម៉ង់ដើម្បីរៀបបាតគ្រឹះ ។ ពេលនោះគ្មានគ្រឿងម៉ាស៊ីនទេ ។ យើងប្រើចប ហើយនិងប៉ែល ។ ការចាក់គ្រឹះដ៏មាំ សម្រាប់អគារទាំងឡាយនោះ គឺជាការងារដ៏លំបាកនៅក្នុងជំនាន់នោះ ។
វាក៏តម្រូវឲ្យមានការអត់ធ្មត់ ។ បន្ទាប់ពីយើងចាក់រៀបបាតគ្រឹះហើយ យើងរង់ចាំឲ្យវាស្ងួត ។ យើងចង់បន្ដធ្វើការយ៉ាងខ្លាំង ប៉ុន្តែយើងត្រូវរង់ចាំឲ្យវាស្ងួតសិន មុនពេលយើងដោះពុម្ពចេញ ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកសាងសង់ដំបូង គឺជាអ្វីដែលហាក់ដូចជាគួរឲ្យធុញទ្រាន់ និងប្រើពេលយូរ ដើម្បីរៀបសរសៃដែកដោយប្រុងប្រយ័ត្នដាក់នៅក្នុងពុម្ព ដើម្បី ឲ្យ គ្រឹះនោះមានភាពធន់កាន់តែល្អ ។
តាមរបៀបស្រដៀងគ្នានេះ ដីត្រូវតែរៀបចំយ៉ាងប្រុងប្រយ័ត្ន សម្រាប់គ្រឹះនៃក្ដីជំនឿរបស់យើង ដើម្បីទប់ទល់នឹងព្យុះ ដែលនឹងបក់បោកមកលើ ជីវិតមនុស្សគ្រប់គ្នា ។ មូលដ្ឋានគ្រឹះនៃ ក្ដីជំនឿដ៏រឹងមាំគឺជាសេចក្ដីសុចរិតផ្ទាល់ខ្លួន ។
តាមរយៈការជ្រើសរើសត្រូវដោយខ្ជាប់ខ្ជួន នៅពេលណាមានការជ្រើសរើស នៅពីខាងមុខយើង នោះវាបានបង្កើតមូលដ្ឋានរឹងមាំនៅពីក្រោមសេចក្ដីជំនឿរបស់យើង ។ វាអាចចាប់ផ្ដើមតាំងពីកុមារភាព ពីព្រោះព្រលឹងគ្រប់រូបបានកើតមកជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណនៃព្រះគ្រីស្ទដោយសេរី ។ ជាមួយនឹងវិញ្ញាណនោះ យើងអាចដឹងថា ពេលណាយើងបានធ្វើអ្វីត្រឹមត្រូវ នៅចំពោះព្រះ និងពេលណាយើងបានធ្វើខុសនៅចំពោះព្រះនេត្រទ្រង់ ។
ការជ្រើសរើសទាំងនោះ ដែលបានកើតឡើងរាប់រយដងក្នុងមួយថ្ងៃៗ រៀបចំគ្រឹះដ៏រឹងមាំ សម្រាប់ផ្ទះនៃក្ដីជំនឿដែលយើងសង់លើ ។ គ្រោងដែកដែលក្រវ៉ាត់ជុំវិញ ជាមួយនឹងសារធាតុនៃក្ដីជំនឿរបស់យើងដែលត្រូវបានចាក់ចូលទៅនោះ គឺជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ លាយជាមួយនឹងសេចក្ដីសញ្ញា, ពិធីបរិសុទ្ធ និងគោលការណ៍ទាំងអស់ ។
គន្លឹះមួយទៅរកក្ដីជំនឿខ្ជាប់ខ្ជួន គឺត្រូវវិនិច្ឆ័យឲ្យត្រឹមត្រូវនូវពេលវេលាដែលយើងត្រូវការដើម្បីឲ្យវារឹងមាំ ។ នោះគឺជាមូលហេតុដែលខ្ញុំពុំឈ្លាសវៃ អធិស្ឋានតាំងពីមុនមកក្នុងជីវិតរបស់ខ្ញុំ ដើម្បីសុំឡើងភ្នំដែលខ្ពស់ និងការសាកល្បងដ៏ធំយ៉ាងនោះ ។
ការរឹងមាំពុំកើតដោយស្វ័យប្រវត្តិតាមពេលវេលានោះទេ ប៉ុន្តែវាត្រូវការពេលវេលា ។ ភាពកាន់តែរឹងមាំ ពុំកើតមកឯកឯងទេ ។ គឺជាការបម្រើព្រះ និងអ្នកដទៃដោយខ្ជាប់ខ្ជួន ដោយអស់ពីចិត្ត និងព្រលឹង ដែលបង្វែរទីបន្ទាល់នៃសេចក្ដីពិតទៅជាកម្លាំងខាងវិញ្ញាណដែលពុំអាចបំបែកបាន ។
ឥឡូវ ខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងការសាកល្បងដ៏លំបាកៗ អ្នកដែលមានអារម្មណ៍ថាក្ដីជំនឿរបស់គេ កំពុងអន់ថយដោយសារនៅក្រោមសម្ពាធនៃការលំបាកប្រចាំថ្ងៃ ។ ។ ការលំបាក អាចជាផ្លូវរបស់អ្នកដើម្បីរឹងមាំ ហើយទីបញ្ចប់ទទួលបានជំនឿរឹងមាំ ។ មរ៉ូណៃ នៅក្នុងគម្ពីរមរមនជាបុត្រារបស់មរមន បានប្រាប់យើងអំពីរបៀបដែលពរជ័យនឹងមកដល់ ។ គាត់បង្រៀនអំពីសេចក្ដីពិតដោយសាមញ្ញ និងផ្អែមល្ហែម តាមការមានជំនឿតែបន្តិច អនុញ្ញាតឲ្យព្រះជួយឲ្យវារីកលូតលាស់ ។
«ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ ចង់និយាយខ្លះអំពីការណ៍ទាំងនេះ ខ្ញុំចង់បង្ហាញដល់មនុស្សលោកថា សេចក្ដីជំនឿ គឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ ហេតុដូច្នោះហើយ ចូរកុំជំទាស់ឡើយ ដោយព្រះអ្នករាល់គ្នាមើលមិនឃើញ ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន ។
«ត្បិតគឺដោយសារសេចក្ដីជំនឿនេះហើយ ដែលព្រះគ្រីស្ទ ទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកអយ្យកោរបស់យើង បន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយទ្រង់ពុំបង្ហាញរូបអង្គទ្រង់ដល់ពួកគេឡើយ លុះត្រាក្រោយពីពួកគេមានសេចក្ដីជំនឿជឿដល់ទ្រង់ ហេតុដូច្នោះហើយ ជាការចាំបាច់ថា អ្នកខ្លះមានសេចក្ដីជំនឿជឿដល់ទ្រង់ ត្បិតទ្រង់ពុំបង្ហាញរូបអង្គទ្រង់ដល់ពិភពលោកឡើយ ។
«ប៉ុន្តែ ដោយសារសេចក្ដីជំនឿរបស់មនុស្ស នោះទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់មនុស្សលោក ហើយបានតម្កើងព្រះនាមនៃព្រះវរបិតា ហើយបានរៀបចំផ្លូវមួយដើម្បីដោយសារប្រការនោះ នោះអ្នកឯទៀតអាចបានទទួលនូវអំណោយទានសួគ៌ ដើម្បីឲ្យពួកគេ អាចសង្ឃឹមដល់ការណ៍ទាំងនោះ ដែល ពួកគេពុំទាន់បានឃើញ ។
«ហេតុដូច្នោះហើយ អ្នករាល់គ្នាដ៏អាចមានសេចក្ដីសង្ឃឹម ហើយធ្វើជាអ្នកទទួលនូវអំណោយទាននោះដែរ បើសិនជាអ្នករាល់គ្នា គ្រាន់តែមានសេចក្ដីជំនឿ» ។ 7
ភាគតូចៗនៃក្ដីជំនឿ មានតម្លៃខ្លាំងណាស់ ហើយអ្នកគួរតែការពារ និងប្រើគ្រប់វិធីសម្រាប់ក្ដីជំនឿ ជាក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ មរ៉ូណៃបានបង្រៀនអំពីអំណាចនៃក្ដីជំនឿតាមរបៀបនេះថា ៖ «ហើយគ្មានពេលណាដែលអ្នកណាម្នាក់នាំមកនូវអព្ភូតហេតុ លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន ហេតុដូច្នោះហើយ ពួកគេដំបូងបំផុត ជឿដល់ព្រះរាជបុត្រានៃព្រះ» ។ 8
ខ្ញុំបានជួបនឹងស្ត្រីម្នាក់ដែលបានទទួលអព្ភូតហេតុមានកម្លាំងគ្រប់គ្រាន់ ដើម្បីស៊ូទ្រាំនឹងការបាត់បង់ដែលពុំអាចនឹកដល់ ជាមួយនឹងសមត្ថភាពសាមញ្ញ ដើម្បីនិយាយពាក្យ «ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់» ដដែលៗមិនចេះចប់ ។ 9 ក្ដីជំនឿ និងពាក្យនៃទីបន្ទាល់ទាំងនោះ គឺនៅតែមាន ទោះជាគាត់ពុំចាំពីកុមារភាពក្ដី ប៉ុន្ដែវាពុំរលត់បាត់ទាំងស្រុងនោះទេ ។
ខ្ញុំភ្ញាក់ផ្អើលដែលដឹងថា មានស្ត្រីម្នាក់ទៀត បានអភ័យទោសដល់មនុស្សម្នាក់ ដែលបានធ្វើខុសនឹងគាត់អស់រយៈពេលជាច្រើនឆ្នាំ ។ ខ្ញុំភ្ញាក់ផ្អើល ហើយបានសួរគាត់ថា ហេតុអ្វីបានជាគាត់ជ្រើសរើសអភ័យទោស និងបំភ្លេចនូវការរំលោភបំពានដ៏អាក្រក់រាប់ឆ្នាំទាំងនោះ ។
គាត់និយាយតិចៗថា «វាគឺជារឿងដ៏លំបាកបំផុត ដែលខ្ញុំបានធ្វើ ប៉ុន្ដែខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវតែធ្វើវា ។ ដូច្នេះខ្ញុំបានធ្វើ» ។ ជំនឿរបស់គាត់ថា ព្រះអង្គសង្គ្រោះ នឹងអភ័យទោសគាត់ បើគាត់អភ័យទោសដល់អ្នកដទៃ បានរៀបចំគាត់ឲ្យមានអារម្មណ៍សុខសាន្ដ និងក្ដីសង្ឃឹម នៅពេលគាត់បានទទួលមរណភាព រយៈពេលប៉ុន្មានខែបន្ទាប់ពីគាត់បានអភ័យទោសដល់ភាពមិនអនុគ្រោះដែលពុំប្រែចិត្តរបស់គាត់ ។
គាត់បានសួរខ្ញុំថា «នៅពេលខ្ញុំទៅដល់ទីនោះ តើនៅស្ថានសួគ៌នឹងមានលក្ខណៈយ៉ាងម៉េចទៅ ?
ហើយខ្ញុំបាននិយាយថា «ខ្ញុំគ្រាន់តែដឹងអំពីអ្វីដែលខ្ញុំឃើញអំពីសមត្ថភាពរបស់អ្នក ដើម្បីអនុវត្តក្ដីជំនឿ និងការអភ័យទោស ដែលនឹងជាការស្វាគមន៍ដ៏អស្ចារ្យសម្រាប់អ្នក» ។
ខ្ញុំមានការលើកទឹកចិត្តមួយទៀត ចំពោះអ្នកទាំងឡាយដែលឥឡូវនេះកំពុងងឿងឆ្ងល់ថា តើក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ នឹងរឹងមាំគ្រប់គ្រាន់សម្រាប់ពួកគេកាន់ខ្ជាប់យ៉ាងល្អដល់ទីញ្ចប់ដែរឬអត់ ។ ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងស្ដាប់ពេលនេះ ខ្ញុំមានពរដែលបានស្គាល់អ្នកកាលពីអ្នកនៅក្មេង, មានថាមពល, មានអំណោយទានច្រើនជាងអ្នកទាំងឡាយដែលនៅជុំវិញអ្នក តែអ្នកបានជ្រើសរើស នូវអ្វីដែលព្រះអង្គសង្គ្រោះ នឹងធ្វើ ។ ក្រៅពីពរជ័យដ៏ច្រើនរបស់អ្នក អ្នកបានរកវិធីដើម្បីជួយ និងមើលថែដល់អ្នកទាំងឡាយដែលត្រូវគេបដិសេធ ឬត្រូវបានមនុស្សដែលមានពរដូចអ្នកមើលងាយ ។
នៅពេលការសាកល្បងធំៗមកដល់ ក្ដីជំនឿដើម្បីកាន់ខ្ជាប់ឲ្យបានល្អ នឹងមាន ជួនកាលអ្នកប្រហែលជាមិនបានកត់សម្គាល់ ថាអ្នកបានធ្វើសកម្មភាពដែលការមានក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ, ការបម្រើ និងការអភ័យទោសអ្នកដទៃ ដូចព្រះអង្គសង្គ្រោះបានធ្វើ ។ អ្នកស្ថាបនាគ្រឹះនៃក្ដីជំនឿមួយ ចេញពីក្ដីស្រឡាញ់ ដូចព្រះអង្គសង្គ្រោះបានស្រឡាញ់ និង បម្រើទ្រង់ ។ ក្ដីជំនឿរបស់អ្នកទៅលើទ្រង់ដឹកនាំទៅរកទង្វើរនៃសេចក្ដីសប្បុរស ដែលនឹងនាំក្ដីសង្ឃឹមដល់អ្នក ។
វាពុំដែលយឺតពេលដើម្បីពង្រឹងគ្រឹះនៃក្ដីជំនឿទេ ។ មានពេលជានិច្ច ។ ដោយក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ អ្នកអាចប្រែចិត្ត និងទូលអង្វរសុំការអភ័យទោស ។ មានមនុស្សដែលអ្នកអាចអភ័យ ។ មានមនុស្សដែលអ្នកអាចអរគុណ ។ មានមនុស្សដែលអ្នកអាចបម្រើ និងលើកស្ទួយ ។ អ្នកអាចធ្វើវា គ្រប់ទីកន្លែង ទោះជាអ្នកនៅឯកកោ និងមានអារម្មណ៍ថាគេបោះបង់ចោលក្ដី ។
ខ្ញុំពុំអាចសន្យាអំពីទីបញ្ចប់ចំពោះភាពមិនអនុគ្រោះរបស់អ្នកនៅក្នុងជីវិតនេះទេ ។ ខ្ញុំពុំអាចអះអាងនឹងអ្នកថា ការសាកល្បងរបស់អ្នកនឹងមានតែមួយរយៈពេលនោះទេ ។ ចរិតមួយនៃការសាកល្បងនៅក្នុងជីវិតគឺថា វាហាក់ដូចជានាឡិកាដើរយឺត ហើយស្ទើរតែឈប់ដើរ ។
មានមូលហេតុសម្រាប់រឿងនោះ ។ ដោយដឹងថាមូលហេតុជាច្រើន ពុំផ្ដល់នូវការលួងលោមចិត្តច្រើន ប៉ុន្តែវាអាចផ្ដល់ដល់អ្នកនូវអារម្មណ៍អត់ធ្មត់ ។ មូលហេតុទាំងនោះកើតចេញមកពីកក្តាមួយនេះ៖ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដោយក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ចំពោះអ្នក ទ្រង់ចង់ឲ្យអ្នកសក្ដិសមដើម្បីនៅជាមួយនឹងទ្រង់ ដើម្បីរស់នៅក្នុងគ្រួសារដ៏អស់កល្បជានិច្ច ។ មានតែអ្នកទាំងឡាយដែលបានលាងសម្អាតដ៏ឥតខ្ចោះ និងផ្លាស់ប្ដូរ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបអាចនៅទីនោះ ។
ម្ដាយរបស់ខ្ញុំទ្រាំទ្រនឹងជម្ងឺមហារីកជិត 10 ឆ្នាំ ។ ការព្យាបាល និងការវះកាត់ជាច្រើន ហើយទីបំផុតគាត់ត្រូវគេងតែនៅលើគ្រែ គឺជាការសាកល្បងមួយចំនួនរបស់គាត់ ។
ខ្ញុំចាំពីឪពុករបស់ខ្ញុំ បានមានប្រសាសន៍ នៅពេលគាត់មើលម្ដាយខ្ញុំដកដង្ហើមចុងក្រោយ ថា «ក្មេងស្រីតូចម្នាក់បានត្រឡប់ទៅផ្ទះដើម្បីសម្រាកវិញហើយ» ។
អ្នកឡើងនិយាយម្នាក់នៅក្នុងបុណ្យសពរបស់គាត់ ជាមិត្តរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ នៅក្នុងចំណោមការសរសើរដែលគាត់និយាយ ខ្ញុំចាំអ្វីមួយ ដូចនេះថា៖ រួចគាត់និយាយថា «មានអ្នករាល់គ្នាមួយចំនួនអាចនឹងគិតថា ម៉ែលទ្រែត បានរងទុក្ខយូរ និងយ៉ាងច្រើននេះដោយសារតែអ្វីដែលគាត់បានធ្វើខុស ដែលតម្រូវឲ្យមានការសាកល្បងទាំងនេះ ។ នោះពុំមែនទេ គឺជាព្រះទេដែលចង់ដុះខាន់គាត់ឲ្យបានច្រើនបន្ដិច» ។ ខ្ញុំចាំអំពីគ្រាដែលគិតថា «បើស្ត្រីដ៏ល្អដូចនេះត្រូវការនូវការដុះខាត់យ៉ាងនេះ តើខ្ញុំនឹងមានច្រើនយ៉ាងណាទៅទៀត ?»
បើយើងមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ គ្រាដ៏លំបាក និងដ៏ស្រួលនៅក្នុងជីវិត អាចជាពរជ័យមួយទៅវិញ ។ នៅគ្រប់ស្ថានភាពទាំងអស់ យើងអាចជ្រើសរើសត្រូវដោយការដឹកនាំពីព្រះវិញ្ញាណ ។ យើងមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីដុសខាត់ និងដឹកនាំជីវិតរបស់យើង បើសិនជាយើងជ្រើសរើសយកដំណឹងល្អ ។ ព្រមជាមួយនឹងអ្វីដែលព្យាការីបានបើកសម្ដែងដល់យើង អំពីកន្លែងរបស់យើងនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ យើងអាចរស់នៅដោយមានក្ដីសង្ឃឹមដ៏ឥតខ្ចោះ និងអារម្មណ៍សុខសាន្ត ។ យើងពុំចាំបាច់ព្រួយចិត្តថា យើងនៅឯកកោ និងគ្មានក្ដីស្រឡាញ់នៅក្នុងការបម្រើរបស់ព្រះអម្ចាស់នោះទេ ពីព្រោះយើងពុំបែបនោះទេ ។ យើងអាចទទួលអារម្មណ៍ក្ដីស្រឡាញ់របស់ព្រះ ដោយសារដំណឹងល្អ ។ ព្រះអង្គសង្គ្រោះ បានសន្យាថា មានទេវតានៅខាងឆ្វេង និងខាងស្ដាំយើង ដើម្បីលើកទ្រយើងឡើង ។ 10 ហើយ ទ្រង់តែងតែរក្សាបន្ទូលរបស់ទ្រង់ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតា មានព្រះជន្មរស់ ហើយព្រះរាជបុត្រាសំណប់របស់ទ្រង់ គឺជាព្រះប្រោសលោះរបស់យើង ។ ព្រះវិញ្ញាណបរិសុទ្ធ បានបញ្ជាក់សេចក្ដីពិត នៅក្នុងសន្និសីទនេះ ហើយទ្រង់នឹងបញ្ជាក់ជាថ្មីទៀត នៅពេលអ្នកស្វែងរក នៅពេលអ្នកស្ដាប់ និងនៅពេលអ្នកសិក្សាសារលិខិតរបស់អ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ដែលនៅទីនេះ នៅពេលក្រោយនោះ ។ ប្រធាន ថូម៉ាស អេស. ម៉នសុន គឺជាព្យាការីរបស់ព្រះអម្ចាស់ សម្រាប់ពិភពលោកទាំងមូលសព្វថ្ងៃនេះ ។ ព្រះអម្ចាស់ទតមើលមកលើអ្នក ។ ព្រះជាព្រះបិតា មានព្រះជន្មរស់ ។ ព្រះរាជបុត្រាសំណប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះប្រោសលោះរបស់យើង ។ ទ្រង់មានក្ដីស្រឡាញ់ជានិច្ច ។ ខ្ញុំសូមធ្វើទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាមែន ។