កាលដែលយើងជួបជុំគ្នាម្ដងទៀត
ព្រះវរបិតាសួគ៌របស់យើង គិតដល់យើងម្នាក់ៗ និងសេចក្ដីត្រូវការរបស់យើង ។ សូមឲ្យយើងបានបំពេញដោយព្រះវិញ្ញាណរបស់ទ្រង់ កាលដែលយើងចូលរួមក្នុងព្រឹត្តិការណ៍សន្និសីទនេះ ។
មានគ្រាមួយនោះ ខ្ញុំបានឃើញអ្នកឡើងនិយាយឈរនៅវេទិកា គាត់ ជាអ្នកមកទស្សនា ហើយគាត់មើលឆ្វេង មើលស្ដាំ រួចមើលទៅអ្នកស្ដាប់ ហើយក៏ដើរចេញទៅ ។ ខ្ញុំគិតថាកុំធ្វើដូច្នោះឡើយ ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ កាលដែលយើងជួបជុំគ្នាម្ដងទៀត ក្នុងសន្និសីទទូទៅរបស់សាសនាចក្រ ខ្ញុំសូមស្វាគមន៍អ្នក និងសម្ដែងក្ដីស្រឡាញ់របស់ខ្ញុំដល់អ្នក ។ យើងជួបជុំគ្នាប្រាំមួយខែម្ដង ដើម្បីពង្រឹងគ្នាទៅវិញទៅមក, ដើម្បីផ្ដល់ការលើកទឹកចិត្ត, ដើម្បីផ្ដល់ការលួងលោម, ដើម្បីពង្រឹងក្ដីជំនឿយើង ។ យើងមកទីនេះដើម្បីរៀន ។ ពួកអ្នកខ្លះអាចកំពុងស្វែងរកចម្លើយចំពោះសំណួរ និងឧបសគ្គទាំងឡាយ ដែលអ្នកកំពុងជួបប្រទះក្នុងជីវិត ។ អ្នកខ្លះកំពុងជួបការខកចិត្ត ឬការបាត់បង់ ។ អ្នកគ្រប់គ្នាដែលកំពុងស្ដាប់ អាចទទួលបានការបំភ្លឺ និងលើកឡើង និងការលួងលោម ពេលអ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
តើមានការផ្លាស់ប្ដូរទាំងឡាយ ដែលត្រូវធ្វើឡើងក្នុងជីវិតអ្នកទេ សូមឲ្យអ្នកស្វែងរកការជម្រុញ និងការក្លាហានដើម្បីធ្វើដូច្នោះ កាលដែលអ្នកស្ដាប់ដល់ពាក្យសម្ដីដ៏បំផុសគំនិតទាំងឡាយដែលនឹងថ្លែងមកកាន់អ្នក ។ សូមឲ្យយើងម្នាក់ៗធ្វើការតាំងចិត្តជាថ្មីក្នុងការរស់នៅ ដើម្បីយើងក្លាយជាបុត្រាបុត្រីដ៏សក្ដិសមរបស់ព្រះបិតាសួគ៌យើង ។ ចូរយើងបន្តតទល់នឹងអារក្ស គ្រប់កន្លែងដែលវានៅ ។
យើងមានពរជ័យខ្លាំងណាស់ ដែលបានមកផែនដីនៅពេលបែបនេះ---ជាពេលដ៏អស្ចារ្យ ក្នុងប្រវត្តិដ៏យូរលង់នៃពិភពលោក ។ យើងមិនអាចនៅជាមួយគ្នាទាំងអស់គ្នា ក្នុងកន្លែងតែមួយនោះទេ តែឥឡូវនេះ យើងមានលទ្ធភាពដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នៃសន្និសីទនេះ តាមរយៈភាពអស្ចារ្យនៃទូរទស្សន៍, វិទ្យុ, ខ្សែកាប, ការបញ្ជូនតាមផ្កាយរណប, និងតាម Internet---សូម្បីតែតាមទូរស័ព្ទចល័ត ។ យើងរួមគ្នាតែមួយ, និយាយជាច្រើនភាសា, រស់នៅក្នុងដែនដីជាច្រើន, តែទាំងអស់គ្នារួមគ្នាក្នុងជំនឿតែមួយ និងគោលលទ្ធិតែមួយ និងគោលបំណងតែមួយ ។
ពីការចាប់ផ្ដើមដ៏តូចមួយ 182 ឆ្នាំមកហើយ ឥឡូវនេះ យើងមានវត្តមាននៅពាសពេញពិភពលោក ។ បុព្វហេតុដ៏អស្ចារ្យនេះ ដែលយើងកំពុងចូលរួម នឹងបន្តឆ្ពោះទៅមុខ, ផ្លាស់ប្ដូរ និងផ្ដល់ពរដល់ជីវិតជាច្រើន គឺដូច្នោះមែន ។ គ្មានបុព្វហេតុណា គ្មានកម្លាំងណានៅក្នុងពិភពលោកទាំងមូល អាចបញ្ឈប់កិច្ចការរបស់ព្រះបានឡើយ ។ ទោះមានអ្វីកើតឡើងក៏ដោយ បុព្វហេតុដ៏មហិមានេះនឹងឆ្ពោះទៅមុខ ។ រំឭកពីពាក្យព្យាករណ៍របស់ព្យាការី យ៉ូសែប ស៊្មីធ ដែលថា ៖ « គ្មានដៃដែលមិនស្អាតស្អំណា អាចបញ្ឈប់កិច្ចការនេះពីការរីកចម្រើនឡើយ ការធ្វើទុក្ខបុកម្នេញអាចកញ្ជ្រោលឡើង, ពួកមនុស្សកាចសាហាវអាចប្រមូលផ្ដុំគ្នា, ពួកទាហានអាចប្រជុំគ្នា, ពួកអ្នកមួលបង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ, តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា, ថ្លៃថ្នូរ, និងឯករាជ រហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប, គ្រប់តំបន់, គ្រប់ប្រទេស, និងបានឮដល់គ្រប់ត្រចៀក, រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមានបន្ទូលថា កិច្ចការបានចប់ហើយ » ។1
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ មានការលំបាក និងឧបសគ្គជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះ តែក៏មានការណ៍ល្អ និងលើកឡើងជាច្រើនដែរ ។ ដូចយើងប្រកាសក្នុងមាត្រានៃសេចក្ដីជំនឿទីដប់បីរបស់យើងថា « បើសិនមានអ្វីណាមួយ ដែលប្រកបដោយគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ » ។ សូមឲ្យយើងបន្តធ្វើដូច្នោះទៀត ។
ខ្ញុំសូមអរគុណ សម្រាប់ក្ដីជំនឿ និងការលះបង់របស់អ្នក ចំពោះដំណឹងល្អ ។ ខ្ញុំសូមអរគុណ សម្រាប់ក្ដីស្រឡាញ់ និងការខ្វល់ខ្វាយ ដែលអ្នកបង្ហាញចំពោះគ្នាទៅវិញទៅមក ។ ខ្ញុំសូមអរគុណអ្នក សម្រាប់ការបម្រើ ដែលអ្នកផ្ដល់ ក្នុងវួដ និងសាខា និងក្នុងស្តេក និងមណ្ឌលរបស់អ្នក ។ វាជាការបម្រើ ដែលជួយដល់ព្រះអម្ចាស់ ដើម្បីសម្រេចបានគោលបំណងជាច្រើនរបស់ទ្រង់នៅលើផែនដីនេះ ។
ខ្ញុំសូមបង្ហាញអំណរគុណរបស់ខ្ញុំ ចំពោះអ្នក សម្រាប់ចិត្តល្អរបស់អ្នកដល់ខ្ញុំ គ្រប់ទីកន្លែងដែលខ្ញុំទៅ ។ ខ្ញុំសូមអរគុណ សម្រាប់ការអធិស្ឋានរបស់អ្នកជំនួសខ្ញុំ ។ ខ្ញុំបានទទួលអារម្មណ៍ពីការអធិស្ឋានទាំងនោះ ហើយខ្ញុំមានអំណរគុណខ្លាំងបំផុត ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ ឥឡូវនេះ យើងមកដើម្បីទទួលការណែនាំ និងការបំផុតគំនិត ។ សារដំណឹងជាច្រើននឹងត្រូវបានចែកចាយ អំឡុងពីរថ្ងៃនេះ ។ ខ្ញុំអាចធានាអះអាងដល់អ្នកថា បុរស និងស្ត្រីទាំងនោះ ដែលនឹងនិយាយទៅកាន់អ្នក បានស្វែងរកជំនួយ និងការដឹកនាំពីស្ថានសួគ៌ ពេលពួកគាត់បានរៀបចំសារដំណឹងរបស់ពួកគាត់ ។ ពួកគាត់ត្រូវបានបំផុសគំនិត ទាក់ទងនឹងអ្វីដែលពួកគាត់នឹងចែកចាយដល់យើង ។
ព្រះវរបិតាសួគ៌របស់យើង គិតដល់យើងម្នាក់ៗ និងសេចក្ដីត្រូវការរបស់យើង ។ សូមឲ្យយើងបានបំពេញដោយព្រះវិញ្ញាណរបស់ទ្រង់ កាលដែលយើងចូលរួមក្នុងព្រឹត្តិការណ៍សន្និសីទនេះ ។ នេះជាការអធិស្ឋានដ៏ស្មោះត្រង់របស់ខ្ញុំ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ធ អាមែន ។