ឆ្នាំ ២០១០-២០១៩
គ្រួសារ​ក្រោម​សេចក្ដី​សញ្ញា
មេសា 2012


ក្រុមគ្រួសារ​នៅ​ក្រោម​សេចក្ដីសញ្ញា

គ្មាន​អ្វី​ដែល​បានមក​ ឬ​នឹង​មាន​មក​ក្នុងគ្រួសារ​អ្នក សំខាន់​ជាង​ពរជ័យ​នៃ​ការ​ផ្សាភ្ជាប់​នោះ​ទេ ។

ខ្ញុំ​មានអំណរគុណ​ដែល​បាន​ជួប​ជុំ​ជាមួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​ប្រជុំ​នេះ ដែល​​អ្នក​កាន់​បព្វជិតភាព​នៃ​ព្រះ​នៅ​លើ​ផែនដីទាំងអស់ ត្រូវ​បាន​អញ្ជើញឲ្យ​ចូលរួម ។ យើង​មាន​ពរ​ណាស់​ ដែល​មាន​ប្រធាន ថូម៉ាស  អេស ម៉នសុន ធ្វើ​ជា​អធិបតី ។ ក្នុង​នាម​ជា​ប្រធាន​នៃ​សាសនាចក្រ គាត់​គឺ​ជា​បុរស​ម្នាក់​ដែល​នៅ​រស់ ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​កូនសោ​ទាំងឡាយ ដើម្បី​ផ្សាភ្ជាប់​ក្រុមគ្រួសារ និង​ពិធីបរិសុទ្ធ​បព្វជិតភាព​ទាំង​អស់​នោះ ដែលចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏អស់កល្បជានិច្ច ជា​អំណោយ​ទាន​ដ៏​ពិសេស​បំផុត​នៃ​អំណោយ​ទាន​ទាំងអស់​របស់​ព្រះ ។

មានឪពុក​ម្នាក់​ដែល​ធ្លាប់​អសកម្ម បាន​ត្រឡប់​មក​វិញ កំពុង​ស្ដាប់​នាយប់​នេះ ដោយ​សារ​គាត់​ចង់ដឹង​ប្រាកដ​អំពី ការ​ផ្សាភ្ជាប់​ដោយ​អស់​ពី​ដួង​ចិត្ត ។ គាត់ និង​ភរិយា​ស្រឡាញ់​កូនតូចៗ​ពី​រនាក់​របស់​ពួកគេ កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ ។ ក៏ដូចជា​ឪពុក​ម្ដាយ​ផ្សេងទៀតដែរ​ គាត់​អាច​ស្រមៃមើលឃើញអំពីសុភមង្គល​នៅ​ស្ថានសួគ៌ នៅ​ពេល​គាត់​អាន​ពាក្យ​ទាំង​នេះ ៖ «​ហើយ​ទំនាក់ទំនង​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​យើ​ងនៅ​ទី​នេះយ៉ាងណា នោះ​ក៏​នឹង​មាន​នៅ​ក្នុង​ចំណោម​យើង​នៅ​ទីនោះ​យ៉ាង​នោះ​ដែរ គ្រាន់​តែ​រួប​រួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្បជានិច្ច គឺ​ជា​សិរីល្អ​ដែល​យើង​ពុំ​មាន​ការ​ពិសោធន៍​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ» ។ 1

ឪពុក​នោះ​ដែល​កំពុង​ស្ដាប់​ជាមួយ​យើង​នា​យប់​នេះ ​ដឹង​អំពី​ផ្លូវ​ទៅ​កាន់​គោលដៅ​ដ៏​រុងរឿង​នោះ ។ វា​ពុំ​ងាយ​ស្រួល​ទេ ។ គាត់​បាន​ដឹង​រួច​ទៅ​ហើយ ។ វា​ត្រូវ​ការ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ការ​ប្រែចិត្ត​ពិត និង​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួងចិត្ត​គាត់​ដែល​បានកើត​ឡើង ដោយ​សារ​ប៊ីស្សពចិត្ត​ល្អ​ម្នាក់ ដែល​បាន​ជួយ​គាត់​មាន​អារម្មណ៍​​ទទួល​ការ​អភ័យទោស ​ដោយ​ក្ដី​ស្រឡាញ់របស់​ព្រះអម្ចាស់ ។

ការ​ផ្លាស់​ប្ដូរ​ដ៏អស្ចារ្យ បាន​បន្ដ​មាន​នៅពេល​គាត់​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ទទួល​អំណោយ ទាន​​ពិសិដ្ឋ ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា ចំពោះ​អ្នកទាំងឡាយ​ដែល​ទ្រង់​បាន​អនុញ្ញាត​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដំបូង ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ។ គឺ​នៅ​ក្នុង​ទីក្រុងខឺតឡង់ រដ្ឋ​អូហៃអូ ។ ព្រះអម្ចាស់​មាន​បន្ទូល​អំពី​រឿង​នោះ​ថា​ ៖

«ដូច្នោះ​ដោយ​ហេតុនេះ​ហើយ យើង​បាន​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នករាល់គ្នា​ត្រូវ​ទៅ​រដ្ឋ​អូហៃអូ ហើយ​នៅ​ទីនោះ យើង​នឹង​ប្រទាន​ក្រិត្យ​វិន័យ​មួយ​ដល់​អ្នក ហើយ​នៅ​ទីនោះ អ្នក​នឹងត្រូវ​បាន​ទទួល​ព្រះចេស្ដា​មក​ពី​ស្ថានសួគ៌

«ហើយ​ចេញ​ពី​ទីនោះ ... ត្បិត​យើង​មាន​កិច្ចការ​ដ៏​ធំ​រក្សា​ទុក ត្បិត​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​សង្គ្រោះ ហើយ​យើង​នឹង​នាំ​ពួកគេ​ទៅ​កន្លែង​ណា តាម​ព្រះហឬទ័យ​របស់​យើង ហើយ​គ្មាន​អំណាច​ឯណា​នឹង​ឃាត់​ទប់​ដៃ​យើង​បាន​ឡើយ» ។ 2

មិត្ត​ដែល​ទើប​សកម្ម​វិញ​របស់​ខ្ញុំ និង​អ្នក​កាន់​បព្វជិតភាព​ទាំងអស់ កិច្ចការ​អស្ចារ្យ​ដែល​ត្រូវ​ធ្វើ គឺ​ត្រូវ​ដឹកនាំដើម្បី​​ការ​សង្គ្រោះ​ដល់​អ៊ីស្រាអែល​មួយ​ផ្នែក ដែល​យើង​មាន ឬ​នឹង​មាន​ការទទួល ខុសត្រូវ គឺ​ជាគ្រួសារ​របស់អ្នក ។ មិត្ត​របស់​ខ្ញុំ និង​ភរិយា​របស់​គាត់ ដឹង​ថា ដើម្បី​សង្គ្រោះ​គ្រួសាររបស់អ្នក គឺ​តម្រូវ​ឲ្យ​មាន​ការ​ផ្សាភ្ជាប់​ដោយ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​​ព្រះ ។

មិត្ត​ខ្ញុំ​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្សាភ្ជាប់​ ។ គាត់​ និង​ភរិយា ចង់​ធ្វើ​ឲ្យ​រួចរាល់​ឲ្យ​បាន​ឆាប់ ។ ប៉ុន្តែ​ក្នុង​ពេល​​ដ៏​រវល់​នៃ​សន្និសីទទូទៅ​ខិត​ជិត​មក​ដល់ ខ្ញុំ​បាន​ចេញ​ទៅ​ជួប​គូស្វាមីភរិយា និង​ប៊ីស្សព​របស់ ពួកគេ ដើម្បី​ធ្វើ​ការ​ជាមួយ​លេខា​ខ្ញុំ រក​កាលបរិច្ឆេទ​ដ៏​ល្អ​បំផុត ។

ចូរ​គិតមើល​ថាខ្ញុំរំភើប​ចិត្ត និងរីករាយប៉ុណ្ណា នៅ​ពេល​ឪពុក​នោះ​ប្រាប់​ខ្ញុំ​ នៅ​ក្នុង​សាសនាចក្រ​ថា បាន​រើស​ថ្ងៃ​ផ្សា ភ្ជាប់​រួច​ហើយ គឺ​ថ្ងៃ​ទី 3 ខែ​មេសា ។​ នោះ​គឺ​ជា​ថ្ងៃមួយ​នៅ​ក្នុងឆ្នាំ 1836 ដែល​អេលីយ៉ា ព្យាការី​ដែល​បាន​ប្រែ​រូប ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ដើម្បី​ប្រគល់​អំណាច​នៃការ​ផ្សាភ្ជាប់​ដល់​យ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី ។ កូនសោ​ទាំងនោះ មាន​នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ហើយ​នឹង​បន្ដ​ទៅ​ជា​រៀងរហូត ។3

​វា​គឺ​ជា​សិទ្ធិអំណាច​ដ៏ទេវភាព​ដូច​គ្នា​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​ព្រះអម្ចាស់ ទៅ​កាន់​ពេត្រុស ដូច​ដែល​ទ្រង់​បាន​សន្យា៖ «ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុកអ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ» ។ 4

កា​រត្រឡប់មក​វិញ​របស់​អេលីយ៉ា បាន​ប្រទានពរ​ដល់​មនុស្ស​ទាំងអស់​ដែល​កាន់​បព្វជិតភាព ។ អែលឌើរ ហារ៉ូល  ប៊ី លី បាន​ប្រាប់​យ៉ាង​ច្បាស់ នៅពេល​គាត់​បាន​ថ្លែង​ក្នុង​សន្និសីទទូទៅ​ដោយ​ដក​ស្រង់​ប្រសាសន៍​ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ។ សូម​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​ថា ៖ «ខ្ញុំ​កាន់​បព្វជិតភាព បងប្អូនប្រុស​នៅទីនេះ កាន់​បព្វជិតភាព យើង​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក-- ដែល​អេលីយ៉ា និង​ព្យាការី​ដទៃទៀតកាន់ ព្រមទាំង​ពេត្រុស យ៉ាកុប និង​យ៉ូហានកាន់ផងដែរ» ទោះ​ជា​យើង​មាន​សិទ្ធិ​អំណាច​ដើម្បី​ជ្រមុជទឹកក្ដី,​ ទោះបី​យើង​មាន​សិទ្ធិអំណាច​ដើម្បី​ដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ​ និង​ដើម្បី​តែងតាំងអ្នកដទៃ ហើយ​​ធ្វើ​នូវ​រឿង​ទាំងអស់​​នោះក្ដី បើ​គ្មាន​អំណាច​នៃ​ការ​ផ្សាភ្ជាប់​ទេ យើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ ត្បិត​វា​នឹង​គ្មាន​សិទ្ធិអំណាច​ចំពោះ​ពិធីបរិសុទ្ធ​ដែល​យើង​បាន​ធ្វើឡើយ» ។

ប្រធាន​ស្ម៊ីធ ​បាន​បន្ដ​ថា ៖

«ពិធីបរិសុទ្ធ​ដែល​ខ្ពស់​ជាង ពរជ័យ​ដ៏អស្ចារ្យ​ជាង ដែល​សំខាន់​ចំពោះ​ការ​តម្កើង​ឡើង​​នៅ​​ក្នុង​នគរ​នៃ​ព្រះ... អាច​ទទួល​បាន​តែ​នៅ​ក្នុង​កន្លែង​ជាក់លាក់... ។ គ្មាន​បុរស​ណា​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​នេះ​ទេ លើក​លែង​តែ​គាត់​បាន​ទទួល​សិទ្ធិ​អំណាច ដើម្បី​ធ្វើ​វា​មក​ពី​បុរស​ដែល​កាន់​កូនសោ​ទាំងឡាយប៉ុណ្ណោះ …

« …គ្មាន​បុរសណា​ដែល​នៅ​លើ​ផែនដី​នេះ មាន​សិទ្ធិ​ដើម្បី​ទៅ​ ហើយ​បម្រើ​នៅក្នុង​ពិធីបរិសុទ្ធ​ណា​មួយ​នៃ​ដំណឹងល្អ​បាន​ទេ លុះត្រា​តែ​ប្រធាន​នៃ​សាសនាចក្រ ដែល​កាន់​កូនសោអនុញ្ញាតឲ្យ ។ គាត់​បាន​ផ្ដល់​សិទ្ធិអំណាច​ដល់​យើងជាអ្នកកាន់បព្វជិតភាព គាត់​បាន​ដាក់​អំណាច​នៃ​ការ​ផ្សាភ្ជាប់​នៅ​ក្នុង​បព្វជិតភាព​របស់​យើង ដោយ​សារ​គាត់​កាន់​កូនសោ​ទាំងឡាយនោះ» ។5

ការអះអាង​មាន​ដូចគ្នា​នោះ មក​ពី​ប្រធាន ប៊យដ៍  ឃេ ផាកកឺ នៅ​ពេល​គាត់​សរសេរ​អំពី​អំណាច​នៃ​ការ​ផ្សាភ្ជាប់ ។ ពេល​ដឹង​ថា​ពាក្យ​ទាំង​នេះ​ជាការពិត វា​ជា​ការលួងលោម​ចិត្ត​ចំពោះ​ខ្ញុំ ដូចជា​វា​នឹង​មាន​ចំពោះ​គ្រួសារ ដែល​ខ្ញុំ​នឹង​ផ្សាភ្ជាប់​ឲ្យ​នៅ​ថ្ងៃ​ទី 3 ខែ​មេសា ៖ «​ពេត្រុស​កាន់កូនសោ​ទាំងឡាយ ។ ពេត្រុស​កាន់​អំណាច​នៃ​ការ​ផ្សាភ្ជាប់ … ដើម្បី​ចង​ ឬ​ផ្សាភ្ជាប់​នៅ​លើ​ផែនដី ឬ​ដើម្បី​ស្រាយ​នៅ​លើ​ផែនដី ហើយ​នឹងនៅ​ស្ថានសួគ៌ ។ កូនសោ​ទាំងនោះ ជា​របស់​ផង​ប្រធាន​សាសនាចក្រ-- ធ្វើ​ជា​ព្យាការី, អ្នក​មើល​ឆុត និង​អ្នក​ទទួលវិវរណ ។ អំណាច​នៃ​ការ​ផ្សាភ្ជាប់​ដ៏ពិសិដ្ឋ​នោះ​​ មាន​នៅ​ក្នុង​សាសនាចក្រ​នា​ពេល​នេះ ។ គ្មានអ្វីដែល​​អ្នកទាំងឡាយ​ណា​ដែល​ដឹង​ពី​សារៈសំខាន់​នៃ​សិទ្ធិ​អំណាច​នេះ គិត​ថា​ពិសិដ្ឋជាង​នោះ​​ទេ ។ គ្មាន​អ្វី​មាន​ការ​ការពារ​យ៉ាង​ដិតដល់​ជាង​នេះ​ទេ ។ មាន​បុរស​ពីរបីនាក់ប៉ុណ្ណោះ​ ដែល​កាន់​អំណាច​នៃ​ការ​ផ្សាភ្ជាប់​នេះ នៅ​លើ​ផែនដី​ --នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នី​មួយៗ គឺ​មាន​​បងប្អូន​ប្រុស​ដែល​បាន​ទទួល​អំណាច​នៃ​ការ​ផ្សាភ្ជាប់ ។ គ្មាន​នរណា​អាច​ទទួល​បាន​ទេ លើកលែង​តែ​មក​ពី​ព្យាការី, អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ និង​ប្រធាន​នៃ​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង ក្រោយ» ។6

ពេល​អេលីយ៉ា​បានមក គាត់មិន​គ្រាន់​តែ​ប្រគល់​បព្វជិតភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​បង្វែរ​ដួងចិត្ត​ផងដែរ ៖ «វិញ្ញាណ, អំណាច និង​ការហៅ​របស់​អេលីយ៉ា គឺដើម្បី​ឲ្យ​អ្នក​មាន​​អំណាច ដើម្បី​កាន់​កូនសោ នៃ​វិវរណៈ, ពិធីបរិសុទ្ធ, ​ ព្រះបន្ទូល, អំណាច និង​អំណោយទាន​នៃ​ភាពពេញលេញ​នៃ​បព្វជិតភាព​មិលគីស្សាដែក និង​នៃ​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី និង​ដើម្បី​ទទួលបាន និង​ធ្វើ​នូវ​ពិធីបរិសុទ្ធ​ទាំងអស់ ដែល​ជា​របស់​ផង​នៃ​នគរ​របស់​ព្រះ ដើម្បី​បង្វែ​ចិត្ត​របស់​ឪពុក​ទៅ​កូន ហើយ​បង្វែចិត្ត​កូន​ទៅ​ឪពុក ទោះ​ជា​អ្នក​ទាំងឡាយ​ដែល​នៅ​ស្ថានសួគ៌ » ។ 7

អារម្មណ៍នៃ​ការ​បង្វែ​ចិត្ត​​​នោះ គឺ​​មាន​នៅក្នុងខ្លួន​​មិត្ត​របស់​ខ្ញុំ​ និង​គ្រួសារ​គាត់​រួច​ទៅ​ហើយ ។ វា​អាច​នឹង​មាន​ចំពោះ​អ្នក​នៅ​ក្នុង​ការ​ប្រជុំ​នេះ ។ អ្នក​អាចឃើញ​​ក្នុង​ចិត្ត​​អ្នក ដូចជា​ខ្ញុំ អំពី​មុខ​មាត់​របស់​ឪពុក ឬ​ម្ដាយ​របស់​អ្នក ។ ប្រហែល​ជានឹកគិតអំពី​​បងប្អូនស្រីប្រុស ។ ឬក៏​អាច​គិត​អំពី​កូនប្រុស ឬ​កូនស្រីផងដែរ ។

ពួកគេ​អាច​នឹង​នៅក្នុង​ពិភព​វិញ្ញាណ ឬរស់​នៅឆ្ងាយពី​អ្នក ។ ប៉ុន្តែ​ក្ដី​អំណរ​កើត​មក​ពី​អារម្មណ៍​តភ្ជាប់​នឹង​ពួកគេ​នោះ គឺ​ត្រូវ​បាន​សន្យា ពី​ព្រោះ​អ្នកអាច​ចង​ភ្ជាប់​នឹង​ពួកគេ​ដោយ​ពិធីបរិសុទ្ធ​បព្វជិតភាព ដែល​ព្រះ​នឹង​គោរព ។

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ដែល​ជា​ឪពុក​ក្នុង​គ្រួសារ​ដែល​បាន​ផ្សាភ្ជាប់ហើយ ត្រូវ​បាន​បង្រៀន​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ។ គ្មាន​អ្វី​ដែល​បានមក​ ឬ​នឹង​មាន​មក​ក្នុងគ្រួសារ​អ្នក សំខាន់​ជាង​ពរជ័យ​នៃ​ការ​ផ្សាភ្ជាប់​នោះ​ទេ ។ គ្មាន​អ្វី​សំខាន់​ជាង​ការ​គោរព​ដល់សេចក្ដី​សញ្ញា​​អាពាហ៍ពិពាហ៍ និង​ គ្រួសារ ដែល​អ្នក​បាន​ធ្វើ ឬ​នឹង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​ព្រះ​ទេ ។

របៀប​ដើម្បី​ធ្វើដូច្នោះគឺ​​ប្រាប់​យ៉ាង​ច្បាស់ ។ ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដី​សន្យា តាមរយៈ​ការ​ប្រតិបត្តិ​ និង​ការ​ពលិកម្ម​របស់​យើង ត្រូវ​តែ​ផ្សាភ្ជាប់​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ​របស់​យើង ដើម្បី​ទទួល​បាន​នៅ​ក្នុង​បរលោកនាយ ។ ប្រធាន ហារ៉ូល  ប៊ី លី បាន​ពន្យល់​​អំពី​អត្ថន័យ​របស់​វា ដើម្បី​ត្រូវ​បាន​ផ្សាភ្ជាប់​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដី​​សន្យា ដោយ​ដកស្រង់​ពាក្យ​​អែលឌើរ មេលវិន  ជី បាឡាដ ថា ៖ «យើង​អាច​បញ្ឆោត​មនុស្ស ប៉ុន្តែ​យើង​មិន​អាច​បញ្ឆោត​ព្រះវិញ្ញាណបរិសុទ្ធ​ទេ ហើយ​ពរជ័យ​របស់​យើង នឹង​ពុំ​នៅ​អស់កល្បទេ លុះត្រា​តែ​ពរជ័យទាំងនោះ ត្រូវ​បាន​ផ្សាភ្ជាប់​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដី​សន្យា ។ ព្រះវិញ្ញាណបរិសុទ្ធ គឺ​ជា​តួអង្គ​ដែល​អាន​គំនិត និង​ដួងចិត្ត​របស់​មនុស្ស ហើយ​ផ្ដល់​ការ​អនុញ្ញាត​នៃ​ការ​ផ្សាភ្ជាប់​ទៅនឹង​ពរជ័យ ដែល​បាន​ប្រកាស​ចំពោះ​ពួកគេ ។ ការផ្សាភ្ជាប់​នោះ ត្រូវ​បាន​ចង មាន​ឥទ្ធិពល និង​ពេញលេញ» ។ 8

នៅ​ពេល​បងស្រី អាវរិង និង​ខ្ញុំ ផ្សាភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​​ ឡូហ្គិន រដ្ឋ​យូថាហ៍ គ្រា​នោះ​ខ្ញុំ​ពុំ​យល់​អំពី​សារៈសំខាន់​នៃ​ការ​សន្យា​នោះ​ពេញ​លេញ​ទេ ។ ខ្ញុំ​ព្យាយាម​យល់​អំពី​អត្ថន័យ​វា​ទាំងអស់ ប៉ុន្តែ​ភរិយា​ខ្ញុំ និង​ខ្ញុំ បាន​សម្រេច​ចិត្ត​តាំង​ពី​ដំបូង​នៃ​អាពាហ៍ពិពាហ៍​ជិត​ 50 ឆ្នាំមក​នេះ​ ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធញឹកញាប់ ​ ​តាម​ដែល​យើង​អាច​ធ្វើ​បាន​មក​ក្នុង​ជីវិត​រស់នៅ​ និងគ្រួសារ​យើង ។

ក្នុង​នាម​ជា​ឪពុក​វ័យ​ក្មេង ដែល​បាន​ផ្សាភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ និងដែល ​ដួងចិត្ត​ខ្ញុំ​បែរទៅ​ភរិយា​ខ្ញុំ និង​គ្រួសារ​វ័យ​ក្មេង​យើង នោះ​ខ្ញុំ​បានជួប​នឹង​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ នៅ​គ្រា​ដំបូង ។ នៅ​ក្នុង​បន្ទប់​ក្រុមប្រឹក្សា​គណៈប្រធានទីមួយ ដែល​ខ្ញុំ​បានអញ្ជើញ​ឲ្យ​ទៅ ធ្វើ​ជា​សាក្សីពិត​ទាំងស្រុង​ចំពោះ​ខ្ញុំ​ នៅពេល​ប្រធាន ហារ៉ូល  ប៊ី លីបានសួរ​ខ្ញុំ​ ចង្អុលទៅ​ប្រធាន ស្ម៊ីធ​ដែល​អង្គុយ​នៅ​ជិត​គាត់​ ថា «​តើ​អ្នក​ជឿ​ថា បុរស​នេះជា​ព្យាការី​របស់​ព្រះ​ដែរ​ឬទេ?»

ប្រធាន ស្ម៊ីធ ទើប​តែ​ដើរ​ចូលក្នុងបន្ទប់ ហើយ​ពុំ​និយាយ​អ្វី​ទេ​។ ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ ដែល​ខ្ញុំ​អាច​ឆ្លើយ​សំណួរ​ ដោយ​សារ​ជា​អ្វី​ដែលចាក់​​ក្នុង​ដួង​ចិត្ត​ខ្ញុំថា ៖ «​ខ្ញុំ​ដឹង​ថា​គាត់​ជា​ព្យាការី» ។ ហើយ​ខ្ញុំ​ដឹង​ថា​ជា​ការពិត ដូច​ជា​ខ្ញុំ​ស្គាល់​ព្រះអាទិត្យ​​ដែល​កំពុង​រះ​ដូច្នោះ​ដែរ​ថា គាត់​កាន់​អំណាច​នៃ​ការផ្សាភ្ជាប់​របស់បព្វជិតភាព​សម្រាប់​ផែនដី​មូល ។

បទពិសោធន៍​នោះ ធ្វើ​ឲ្យពាក្យ​របស់​ប្រធាន​ស្ម៊ីធ មាន​អំណាច​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ និង​ភរិយា​ខ្ញុំ ពេល​នៅសម័យប្រជុំ​សន្និសីទ ថ្ងៃ​ទី 6 ខែ​មេសា ឆ្នាំ 1972 ប្រធាន​​ យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​ផ្ដល់​ដំបូន្មាន​ដូច​ខាង​ក្រោម ៖ «​វា​គឺ​ជា​ឆន្ទៈ​របស់​ព្រះអម្ចាស់ ដើម្បី​ពង្រឹង និង​រក្សា​អង្គភាព​គ្រួសារ ។ យើង​សូម​អង្វរ​ដល់​ឪពុក​ឲ្យ​ទទួល​ភារៈ​ពេញសិទ្ធិ​របស់​ពួកគេ ធ្វើ​ជា​មេគ្រួសារ ។ យើង​សុំ​ដល់​ម្ដាយ​ឲ្យ​គាំទ្រ និង​ជួយ​ដល់​ស្វាមី​របស់​គេ និង​ធ្វើ​ជា​គំរូ​ដល់​កូនៗ​ពួកគេ» ។ 9

អនុញ្ញាតឲ្យខ្ញុំផ្តល់ជាយោបល់ចំនួនបួន អំពីអ្វីដែលឪពុក ជាអ្នក​កាន់បព្វជិតភាពអាចធ្វើ ដើម្បីនឹងលើកស្ទួយ និងដឹកនាំគ្រួសារអ្នក ត្រឡប់ទៅរស់នៅជាមួយព្រះ​វរបិតាសួគ៌ និងព្រះអង្គសង្គ្រោះវិញ។

ទីមួយ ចូរ​ទទួល និង​រក្សា​សាក្សី​ពិត ថា កូនសោ​នៃ​បព្វជិតភាព គឺ​មាន​នៅ​នឹង​យើង ហើយបាន​​កាន់​ដោយ​ប្រធាន​សាសនាចក្រ ។ សូមអធិស្ឋាន​សម្រាប់​រឿង​នោះ​រាល់​ថ្ងៃ ។ ចម្លើយ​នឹង​មក ​ជាមួយ​នឹង​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង ដើម្បី​ដឹកនាំ​គ្រួសារ​របស់​អ្នក ក្នុង​អារម្មណ៍​នៃ​ក្ដី​សង្ឃឹម និង​សុភមង្គល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​បម្រើ​របស់​អ្នក ។ អ្នក​នឹង​កាន់​តែ​រីករាយ និងកាន់​តែ​សុទិដ្ឋិនិយម ជាពរជ័យ​ដ៏អស្ចារ្យ​សម្រាប់​ភរិយា និង​គ្រួសារ​អ្នក ។

តម្រូវ​ការ​ទីពីរ គឺ​ត្រូវ​ស្រឡាញ់​ភរិយា​របស់​អ្នក ។ វា​នឹង​ត្រូវ​ការ​ក្ដី​ជំនឿ និង​ភាព​រាបសារ ដើម្បី​ដាក់ចំណាប់​អារម្មណ៍​របស់​នាងពី​លើ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក នៅ​ក្នុង​ពេល​លំបាក​នៃ​ជីវិត ។ អ្នក​មាន​ការ​ទទួលខុសត្រូវ ដើម្បី​ផ្គត់ផ្គង់ និង​ចិញ្ចឹមបីបាច់​គ្រួសារ​ជាមួយ​នាង ខណៈដែល​អ្នក​បម្រើ​ជាមួយ​គ្នា ។ រឿងនោះ​ ជួន​កាលអាច​ត្រូវ​​ប្រើ​ថាមពល​ កម្លាំង​ និង ពេលវេលាទាំងអស់​ដែល​អ្នក​មាន ។ អាយុ និង​ជម្ងឺ អាច​បង្កើន​សេចក្ដីត្រូវការរបស់​ភរិយា​អ្នក ។ បើ​អ្នក​ជ្រើសរើស​ដើម្បី​ដាក់​សុភមង្គល​របស់​នាង​ពីលើ​សុភមង្គល​ផ្ទាល់ខ្លួនរបស់​អ្នក ខ្ញុំ​សន្យា​នឹង​អ្នក​ថា ក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​នាង​នឹង​កើនឡើង ។

ទីបី ជួយ​ដល់​គ្រួសារ​ទាំង​មូលឲ្យ​​ស្រឡាញ់​គ្នា​ទៅវិញទៅមក ។ ប្រធាន Ezra Taft Benson បានបង្រៀនថា ៖

«ពេល​គិត​អំពី​ភាពអស់កល្បជានិច្ច សេចក្ដី​សង្គ្រោះ គឺ​អំពី​​គ្រួសារ ។ …

«ដែល​សំខាន់​ជាង​នោះ កូនៗ​ចាំបាច់​ត្រូវ​ដឹង និង​ទទួលអារម្មណ៍​ថា យើង​ស្រឡាញ់, គាប់ចិត្ត និង​មានអំណរគុណចំពោះពួកគ ។ យើងត្រូវតែប្រាប់ពួកគេ​ជារឿយៗ ។ ជាក់ស្ដែង នេះ​គឺ​ជា​តួនាទីមួយ​របស់​ឪពុកម្ដាយ គួរបំពេញ ហើយ​ជាញឹកញាប់ ម្ដាយ​អាច​ធ្វើ​វា​បាន​ល្អ​បំផុត» ។ 10

ប៉ុន្តែ​ប្រភព​ដ៏​សំខាន់​មួយ​ទៀត​ចំពោះ​អារម្មណ៍​ទទួល​ក្ដី​ស្រឡាញ់​នោះ គឺ​ជា​ក្ដី​ស្រឡាញ់​មក​ពី​កូនៗ​ផ្សេង​ទៀត​ក្នុង​គ្រួសារ ។ ការ​មើល​ថែ​របស់​បងប្អូនប្រុសស្រី​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក ដោយ​ខ្ជាប់​ខ្ជួន នឹង​កើត​មាន ​តែ​ពេល​មាន​ការខិតខំ​ដោយ​ខ្ជាប់​ខ្ជួន​មក​ពី​ឪពុកម្ដាយ និង​ជំនួយ​ពី​ព្រះ ។ អ្នក​ដឹងរឿង​នោះ​ពិត មកពី​បទពិសោធន៍​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ហើយ​វា​ត្រូវ​បាន​បញ្ជាក់​រាល់​ពេល​អ្នក​អាន​អំពី​ជម្លោះ​គ្រួសារ តាមរយៈលីហៃសុចរិត និងភរិយាគាត់ សារាយ នៅក្នុង​កំណត់ត្រា​គម្ពីរមរមន ។

ជោគជ័យ​ដែល​ពួកគេ​បានទទួល​ ផ្ដល់​ជា​ការដឹកនាំ​ចំពោះយើង ។ ពួក​គេ​បាន​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទយ៉ាង​ល្អ ហើយ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ឲ្យ​កូនៗ និង​កូនចៅ​ខ្លះ​ទៀត នៃ​កូនចៅ​ពួកគេ មាន​ដួងចិត្ត​ទន់ភ្លន់​ចំពោះ​ព្រះ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ឧទាហរណ៍ នីហ្វៃ និង​ព្យាការីដទៃទៀត បាន​សរសេរ និង​ឈោង​ទៅ​ជួយ​ដល់​សមាជិក​គ្រួសារ ដែល​ជាសត្រូវ​របស់​ពួកគេ ។ ព្រះវិញ្ញាណ​បាន​បន្ទន់ចិត្តមនុស្ស​រាប់​ពាន់ ហើយ​ផ្លាស់​ភាព​ស្អប់​ដោយ​ក្ដី​ស្រឡាញ់ ។

របៀប​មួយ​ដើម្បី​អ្នក​ទទួលបានជោគជ័យ​ដូច​ឪពុក​លីហៃ គឺ​តាមរយៈ​របៀប​ដែលអ្នក​​ដឹកនាំ ការអធិស្ឋាន​ជា​គ្រួសារ និង​ពេល​សម្រាប់​គ្រួសារ ដូចជា​រាត្រីជួបជុំ​ក្រុមគ្រួសារ ។ ចូរ​ផ្ដល់​ឱកាស​ដល់​កូន​ឲ្យ​អធិស្ឋានពេល​ពួកគេ​ចេះ​ ឲ្យអធិស្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ មក​នៅ​ក្នុង​រង្វង់ ដែល​ត្រូវ​ការ​ពរជ័យ ។ ត្រូវ​ដឹង​ភ្លាម​ពេល​មាន​ការ​មិនចុះ​សម្រុង​កើត​ឡើង​ ហើយ​ត្រូវ​ស្គាល់​ទង្វើ​នៃ​ការបម្រើ​ដែល​គិត​តែ​ពី​ខ្លួន​ឯង ជាពិសេស​ចំពោះ​បងប្អូន ។ នៅ​ពេល​ពួកគេ​អធិស្ឋាន​សម្រាប់ គ្នា​ ហើយ​បម្រើ​គ្នា នោះ​ដួងចិត្ត​នឹង​បាន​បន្ទន់ ហើយ​បង្វែ​ទៅ​រក​គ្នា​ និង​ទៅ​ឪពុកម្ដាយ​របស់ ពួកគេ ។

ឱកាសទីបួន​ ដើម្បីអាច​​ដឹកនាំ​គ្រួសារ​អ្នក តាម​របៀប​របស់​ព្រះអម្ចាស់បាន ​ពេល​មាន​ការ​លត់ ដំ ។ យើង​អាច​បំពេញ​កាតព្វកិច្ច​របស់​យើង ដើម្បី​កែតម្រូវ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រួច​ហើយ​ដឹកនាំ​ពួកគេ​ទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ។

អ្នក​នឹង​នឹកចាំ​ពាក្យ​ទាំងឡាយនេះ ប៉ុន្តែ​អ្នក​អាច​នឹងមើល​​មិន​ឃើញ​អំណាច​របស់​វាក្នុង​ជីវិត​នៃ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ដែល​កំពុង​រៀបចំគ្រួសារ​គាត់ឲ្យ​រស់នៅ​ក្នុងសង្គម​ដូចគ្នា ដែល​ពួកគេ​នឹង​មាន​នៅ​នគរ​សេឡេស្ទាលនោះ​ទេ ។ អ្នក​នៅ​ចាំ​ពាក្យ​នោះ​ទេ ។ វា​ជា​ពាក្យ​ដែល​គេ​ស្គាល់​ច្រើន​ថា ៖

«​គ្មាន​អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់ ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើកលែង​តែ​ដោយ​ការ​លួងលោម​ ដោយ​ការ​អត់ធ្មត់ និង​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ

«ដោយ​ចិត្ត​ល្អ និង​ដោយ​ការ​ចេះ​ដឹង​ពេញ​ទី ដែល​នឹង​ពង្រីក​ព្រលឹង​ឲ្យធំ​ទូលំទូលាយ ដោយ​ឥត​លាក់​ពុត និង​ដោយ​ឥត​មានឧបាយកល​ឡើយ --

«ដោយ​ស្ដី​បន្ទោស​សមពេល​សមហេតុ, ​ដោយ​ការ​តឹងរឹង កាលណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​បន្ទាប់​មក​ ដោយ​បង្ហាញ​នូវសេច​ក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង ចំពោះ​អ្នកនោះ ដែល​អ្នក​បាន​ស្ដី​បន្ទោស ក្រែង​អ្នក​នោះ​រាប់​អ្នក​ថា ជា​ខ្មាំង​សត្រូវ​របស់​គេ

«ប្រយោជន៍​ឲ្យ​គេ​អាច​ដឹង​ថា​សេចក្ដី​ស្មោះស្ម័គ្រ​របស់​អ្នក គឺ​ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់» ។ 11

ក្រោយមក មានការសន្យា​​ដ៏​មាន​​តម្លៃ​អស្ចារ្យ​ចំពោះ​យើង ក្នុង​នាម​ជា​ឪពុក​ក្នុង​ស៊ីយ៉ូនថា ៖ «ព្រះវិញ្ញាណបរិសុទ្ធ​ នឹង​ទៅ​ជា​គូកន​អ្នក​ជានិច្ច ហើយ​ដំបង​ពេជ្រ​របស់​អ្នក ជា​ដំបង​ពេជ្រ​នៃ​សេចក្ដី​សុចរិត និង​សេចក្ដីពិត ដែល​មិន​ចេះ​ប្រែប្រួល ហើយ​អំណាច​គ្រប់គ្រង​របស់​អ្នក នឹង​ទៅ​ជា​អំណាច​គ្រប់​គ្រង​ដ៏​នៅ​អស់​កល្បអស់​កាល​ជានិច្ច» ។ 12

នោះ​ជា​បទដ្ឋាន​ខ្ពស់​មួយ​សម្រាប់យើង ប៉ុន្តែ​ពេល​យើង​មាន​​ជំនឿ ចេះទប់​កំហឹង​យើង ហើយ​បង្ក្រាប​អំនួត​របស់​យើង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ផ្ដល់​នូវការ​អនុញ្ញាត​របស់​ទ្រង់ ហើយ​​ការសន្យា និង​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ ក្លាយ​ជា​ការ​ពិត ។

អ្នក​នឹង​ទទួល​ជោគជ័យ​តាមរយៈជំនឿ​របស់​អ្នកថា ​ព្រះអម្ចាស់​បាន​បញ្ជូនមក​វិញ​នូវ​​កូនសោ​នៃ​បព្វជិតភាព​ដែល​​យើងមាន​នេះ -- ជាមួយនឹងចំណង​នៃ​ក្ដី​ស្រឡាញ់​ដ៏ពិត​ជាមួយ​ភរិយា​អ្នក, ដោយ​ជំនួយ​របស់​​ព្រះអម្ចាស់នៅ​ក្នុង​ការ​បង្វែ​ចិត្ត​កូនចៅ​អ្នក​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក និង​ចំពោះ​ឪពុក​ម្ដាយ ហើយក្ដី​​ស្រឡាញ់​​​នោះ ​ដឹកនាំ​អ្នក​ឲ្យ​កែ​តម្រូវ និង​ដាស់តឿន​តាម​របៀប​មួយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​ ។​

ខ្ញុំដឹង​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ប្រធាន ថូម៉ាស អេស ម៉នសុន កាន់​ ហើយ​អនុវត្ត​កូនសោ​ទាំងអស់​នៃ​បព្វជិតភាព នៅ​លើ​ផែនដី​សព្វថ្ងៃនេះ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​គាត់ ។ ខ្ញុំ​ស្រឡាញ់ ហើយ អធិស្ឋាន​សម្រាប់​អ្នក ។ នៅ​ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។