ឆ្នាំ ២០១០-២០១៩
ការ​ភ្ញាក់ដឹងខ្លួន៖ សាក្រាម៉ង់, ព្រះវិហារ​បរិសុទ្ធ, និង​ការបូជា​ក្នុង​ការបម្រើ
មេសា 2012


2:3

ការ​ភ្ញាក់ដឹងខ្លួន៖ សាក្រាម៉ង់, ព្រះវិហារ​បរិសុទ្ធ, និង​ការបូជា​ក្នុង​ការបម្រើ

ការ​ភ្ញាក់ដឹងខ្លួន ហើយ​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹងខ្លួន​ខាងវិញ្ញាណ នៅ​ពេល​យើង​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង​ប្រកប​ដោយ​ការ​អធិស្ឋាន ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់ អំពី​កូនប្រុស​ម្នាក់​ដែល​បាន​ចាកចេញ​ពី​ឪពុក​អ្នក​មាន​របស់​គាត់ ហើយ​បានទៅ​ស្រុកឆ្ងាយ ហើយ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​គាត់​អស់ ។ ពេល​មាន​អំណត់អត់ បុរស​វ័យក្មេង​នោះ​បាន​ធ្វើ​ការងារ​តូចតាច​ គឺជាអ្នក​​ដាក់ចំណី​ជ្រូក ។ គាត់​ឃ្លាន​ណាស់ ដែល​គាត់​ចង់​ហូប​សំបក​ស្រូវ​ដែល​ជា​អាហារ​សត្វ​នោះ ។

សារសំខាន់​ដ៏​អស់កល្ប​បានកើតឡើង​ក្នុង​ជីវិត​បុរស​វ័យក្មេង​នេះ ពេល​គាត់​​នៅ​ឆ្ងាយ​ពី​ផ្ទះ, ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​ចង់​នៅ, និង​ពេល​ស្ថិត​​ក្នុង​ស្ថានភាព​ក្រ​តោកយ៉ាក​របស់​គាត់នោះ​​ ។ ក្នុង​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ថា « វា​ភ្ញាក់​ដឹងខ្លួន » ។1 គាត់​បាន​ចងចាំ​ថា គាត់​ជា​នរណា, បាន​ដឹង​ពី​អ្វី​ដែល​គាត់​បាន​បាត់បង់, ហើយ​បាន​ចាប់ផ្ដើម​មាន​បំណង​ចង់បាន​ពរជ័យ​ដែល​មាន​ដោយ​ពោរពេញ​ នៅ​ផ្ទះ​ឪពុក​គាត់ ។

​ពេញ​ជីវិត​យើង ទោះ​ក្នុង​ពេលភាព​ងងឹត, ឧបសគ្គ, ទុក្ខព្រួយ, ឬ​អំពើបាប​ក៏​ដោយ ក៏​យើង​អាច​មាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ រំឭក​យើង​ថា យើង​ពិតជា​បុត្រា​បុត្រី​នៃ​ព្រះបិតាសួគ៌​ ដែលទ្រង់​ ​ខ្វល់ព្រះទ័យ និង ​ស្រឡាញ់​យើង, ហើយយើង​អាច​ស្រេក​ឃ្លានចំពោះពរជ័យ​​ដ៏​ពិសិដ្ឋ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​អាច​ប្រទាន​ឲ្យ ។ ក្នុង​គ្រា​ទាំងនេះ យើង​គួរ​ខំ​ព្យាយាម​ដើម្បី​ភ្ញាក់ដឹងខ្លួន ហើយ​ត្រឡប់​មក​រក​ពន្លឺ​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​វិញ ។

ពរជ័យ​ទាំងនេះ​ជា​កម្មសិទ្ធិ​ដ៏​ត្រឹមត្រូវ ដល់​កូនចៅ​នៃ​ព្រះបិតាសួគ៌ ។ ការ​មាន​បំណង​ចង់​បាន​ពរជ័យ​ទាំងនេះ រួមទាំង​ជីវិត​មួយ​ដែល​មាន​អំណរ និង​សុភមង្គល គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ផែនការ​នៃ​ព្រះបិតាសួគ៌ សម្រាប់​យើង​ម្នាក់ៗ ។ ព្យាការី អាលម៉ា បាន​បង្រៀន​ថា « បើសិន​ជា​អ្នក​រាល់គ្នា​ពុំអាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក » ។2

នៅ​ពេល​ចំណង់​ខាង​វិញ្ញាណ​របស់​យើង​កើនឡើង នោះ​យើង​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ ។ បន្ទាប់មក តើ​យើ​ងអាច​ជួយ​អ្នក​ដទៃ​, ខ្លួន​យើង និង​គ្រួសារ​យើង​បង្កើន​ចំណង់​ ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ និង​ដំណឹង​ល្អ​របស់​ទ្រង់​ដោយ​របៀបណា ? តើ​យើង​អាច​ពង្រីក​ចំណង់​​យើង ដើម្បី​ប្រែចិត្ត, មាន​ភាពសក្ដិសម, និង​កាន់ខ្ជាប់​ដល់​ចុងបំផុត​បាន​ដោយ​របៀបណា ? តើ​យើង​ជួយ​យុវវ័យ និង​មជ្ឈិមវ័យ​វ័យ​ក្មេង​ឲ្យ​មាន​ចំណង់​ធ្វើកិច្ចការ រហូត​ដល់​ពួកគេ​បាន​ប្រែចិត្ត​ជឿ និង​ក្លាយ​ជា « [ ពួក ] បរិសុទ្ធ [ ដ៏​ពិត ] តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ »3 ដោយ​របៀបណា ?

យើង​ក្លាយ​ជា​ប្រែចិត្តជឿ និង​ជា​មនុស្ស​ខ្លួនទីពឹងខ្លួន​ខាងវិញ្ញាណ ពេល​យើង​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ​ប្រកប​ដោយ​ការអធិស្ឋាន---តាមរយៈ​ការទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម, មាន​ភាព​សក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​មាន​ការ​លះបង់​បម្រើ​អ្នក​ដទៃ ។

ដើម្បី​ទទួល​ទាន​សាក្រាម៉ង​ដោយ​សក្ដិសម យើង​ត្រូវ​ចាំ​ថា យើង​កំពុង​ធ្វើ​សេចក្ដី​សញ្ញា ដែល​យើង​បាន​ធ្វើ​នៅ​បុណ្យ​ជ្រមុជទឹក​ជា​ថ្មី​ឡើងវិញ ។ ដើម្បី​ឲ្យ​សាក្រាម៉ង់ ក្លាយ​ជា​បទពិសោធន៍​នៃ​ការសម្អាត​ខាង​វិញ្ញាណ​ជា​រៀងរាល់​សប្ដាហ៍ យើង​ត្រូវ​រៀបចំ​ខ្លួន​យើង​ពីមុនពេល​យើង​មក​កាន់​ការប្រជុំ​សាក្រាម៉ង់ ។ យើង​ធ្វើ​ការណ៍​នេះ ដោយ​ការ​ទុកចោល​នូវ​កិច្ចការ និង​ការកំសាន្ត​ប្រចាំថ្ងៃ​របស់​យើង ហើយ​ទម្លាក់​ចោល​នូវ​គំនិត និង​ការខ្វល់ខ្វាយ​ខាង​លោកិយ ។ ពេល​យើង​ធ្វើ​ដូច្នោះ យើងទុក​កន្លែង​ក្នុង​គំនិត និង​ដួងចិត្ត​យើង សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បន្ទាប់​មក យើង​រៀបចំ​ដើម្បី​សញ្ជឹងគិត​ពី​ដង្វាយ​ធួន ។ ច្រើនជាង​ការដែល​គ្រាន់តែ​គិត​ពី​ភាពពិត​នៃ​ការរងទុក្ខ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ការ​សញ្ជឹងគិត​របស់​យើង​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ថា តាម​រយៈ​ការបូជា​របស់​ព្រះអង្គសង្គ្រោះ យើង​មាន​ក្ដី​សង្ឃឹម, ឱកាស, និង​កម្លាំង​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​ដ៏​ស្មោះត្រង់​ពិតប្រាកដ នៅក្នុងជីវិត​យើង ។

ពេល​យើង​ច្រៀង​បទទំនុក​តម្កើង​ក្នុង​ពិធី​សាក្រាម៉ង់, ចូលរួម​ក្នុង​ការអធិស្ឋាន​សាក្រាម៉ង់, និង​ទទួល​ទាន​តំណាង​នៃ​ព្រះកាយ និង​ព្រះលោហិត​ទ្រង់ នោះ​យើង​អធិស្ឋាន​ស្វែងរក​ការ​អត់ទោស ចំពោះ​អំពើបាប និង​កំហុស​របស់​យើង ។ យើង​គិត​អំពី​ការសន្យា ដែល​យើង​បាន​ធ្វើ និង​រក្សា​អំឡុង​សប្ដាហ៍​មុន និង​ធ្វើ​ការតាំងចិត្ត​ជាក់លាក់​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ក្នុង​សប្ដាហ៍​បន្ទាប់​នោះ ។

ឪពុកម្ដាយ និង​អ្នកដឹកនាំ អ្នក​អាច​ជួយ​ពួកយុវវ័យ ឲ្យ​ភ្លក់​ពរជ័យ​ដែល​មិន​អាច​ប្រៀបធៀប​បាន​នៃ​សាក្រាម៉ង់ ដោយ​ការផ្ដល់​ឱកាស​ពិសេសៗ​ដល់​ពួកគេ​សិក្សា, ពិភាក្សា, និង​ស្វែងរក​ទំនាក់ទំនង​នៃ​ដង្វាយធួន​ក្នុង​ជីវិត​របស់​ពួកគេ ។ ចូរ​ឲ្យ​ពួកគេ​ស្រាវជ្រាវ​បទគម្ពីរ​ដោយ​ខ្លួនឯង ហើយ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ពី​បទពិសោធន៍​គេ​ផ្ទាល់ ។

ឪពុក, អ្នក​ដឹកនាំ​បព្វជិតភាព, និង​គណៈ​ប្រធាន​កូរ៉ុម​ទាំងឡាយ មាន​ទំនួល​ខុសត្រូវ​ពិសេស ក្នុងការ​ជួយ​ពួក​អ្នក​កាន់បព្វជិតភាព​អើរ៉ុន ឲ្យ​រៀបចំ​ខ្លួន​ដោយ​ស្មោះ​អស់​ពីចិត្ត ដើម្បី​ធ្វើ​កាតព្វកិច្ច​គេ​ក្នុង​ពិធី​សាក្រាម៉ង់​ដ៏​ពិសិដ្ឋ ។ ការរៀបចំនេះ​ត្រូវបាន​ធ្វើ​ឡើង អស់​ពេញ​មួយ​សប្ដាហ៍ ដោយ​ការ​រស់​នៅ​តាម​បទដ្ឋាន​នៃ​ដំណឹង​ល្អ ។ ពេល​យុវជន​រៀបចំ, ប្រសិទ្ធពរ, និង​ចែកសាក្រាម៉ង់​ដោយ​ភាពសក្ដិសម និង​មាន​គារវភាព នោះ​ពួកគេ​ពិតជា​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នៅ​អាហារ​ចុងក្រោយ4 និង​ក្លាយ​ដូច​ទ្រង់ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា សាក្រាម៉ង់​ផ្ដល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ភ្ញាក់ដឹងខ្លួន និង​ភ្លក់​នូវ « ការផ្លាស់ប្ដូរ​ដ៏ធំ » ក្នុង​ដួងចិត្ត5---ដើម្បី​ចងចាំ​ថា យើង​ជា​នរណា និង​អ្វី​ដែល​យើង​ប្រាថ្នា​បំផុត ។ ពេល​យើង ធ្វើ​សេចក្ដី​សញ្ញា​ជា​ថ្មី ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ទទួល​បាន​ភាព​ជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹកនាំ​យើង ត្រឡប់​ទៅ​វត្តមាន​ព្រះបិតាសួគ៌​យើង​វិញ ។ គ្មាន​​សង្ស័យ​ទេ​ថា យើង​ត្រូវបាន​បញ្ជា​ឲ្យ « ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួលទាន​នំប៉័ង និង [ ទឹក ] »6 ហើយ​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ដល់​ព្រលឹង​យើង ។7

ក្រៅ​ពី​សាក្រាម៉ង់ បំណងប្រាថ្នា​របស់​យើង ដើម្បី​ត្រឡប់​ទៅ​ព្រះបិតាសួគ៌​វិញ កើនឡើង ពេល​ដែល​យើង​មាន​ភាព​សក្ដិសម ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ យើង​មាន​ភាពសក្ដិសម​ដោយ​ការប្រតិបត្តិ​តាម​បទបញ្ញត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​នឹង​នរ។ ការគោរព​ប្រតិបត្តិ​នេះ ចាប់ផ្ដើម​ពេល​នៅ​ជា​កុមារ ហើយ​រីកចម្រើន តាមរយៈ​បទពិសោធន៍​ ដែល​មានពេលនៅ​​ក្នុង​វ័យ​នៃ​បព្វជិតភាព​អើរ៉ុន និង​យុវនារី ជា​អំឡុង​ពេល​ឆ្នាំ​ទាំងឡាយ​នៃ​ការ​រៀប​ចំ​ខ្លួន ​។ បន្ទាប់​មក សង្ឃឹម​ថា ពួក​សង្ឃ និង​ពួក​ឡូរ៉ល ដាក់​គោលដៅ និង​រៀបចំ​ខ្លួន​ជា​ពិសេស ដើម្បី​ទទួល​ពិធី​ពិសិដ្ឋ​ផ្ទាល់​ខ្លួន និង​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

តើ​អ្វី​ជា​បទដ្ឋាន​សម្រាប់​អ្នកកាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ? អ្នក​និពន្ធ​ទំនុកដំកើង​រំឭកយើង​ថា ៖

« តើ​អ្នកណា​នឹង​ឡើង​ទៅ​ឯភ្នំ​នៃ​ព្រះយេហូវ៉ា ? តើ​នរណា​នឹង​ឈរនៅ​ក្នុង​ទីបរិសុទ្ធ​របស់​ទ្រង់​បាន ?

« គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ។8

ភាពសក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ផ្ដល់​ដល់​យើង​នូវ​កម្លាំង ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ។ តើ​យើង​អាច​ទទួល​បាន​កម្លាំង​នោះ​ដោយ​ផ្ទាល់​ខ្លួន​ដោយ​របៀបណា ? គឺយើង​ខំ​ព្យាយាម ដើម្បី​ទទួល​បានទី​បន្ទាល់​មួយ​ពី​ព្រះបិតាសួគ៌, ព្រះយេស៊ូវគ្រីស្ទ, ព្រះវិញ្ញាណ​បរិសុទ្ធ, ភាពពិត​នៃ​ដង្វាយធួន, និង​ភាព​ពិត​ពេញលេញ​នៃ​ព្យាការី យ៉ូសែប ស៊្មីធ និង​ការ​ស្ដារឡើង​វិញ ។ យើង​គាំទ្រ​អ្នកដឹកនាំ​យើង, ប្រព្រឹត្តិ​ល្អ​ចំពោះ​គ្រួសារ​យើង, ឈរជា​សាក្សី​នៃ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះអម្ចាស់, ចូលរួម​ការប្រជុំ​នៅ​ព្រះវិហារ, គោរព​សេចក្ដី​សញ្ញា​របស់​យើង, បំពេញ​កាតព្វកិច្ច​ក្នុង​គ្រួសារ, និង​រស់នៅ​ដោយ​មាន​គុណធម៌ ។ អ្នក​អាច​និយាយ​ថា វា​ស្ដាប់ទៅ​ដូច​ជា​សាមញ្ញ​ណាស់ ក្នុង​ការ​ធ្វើ​ជា​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ម្នាក់នោះ ! អ្នក​ត្រូវហើយ ។ បទដ្ឋាន​សម្រាប់​អ្នក​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ មិន​ជា​ខ្ពស់​ពេក​សម្រាប់​យើង ដើម្បី​សម្រេចបាន​នោះទេ ។ វា​សាមញ្ញ ដើម្បី​រស់នៅ​ដោយ​ស្មោះត្រង់ តាមដំណឹងល្អ និង​តាម​ព្យាការី ។

បន្ទាប់មក ក្នុងនាម​ជា​អ្នក​បាន​ទទួល​ពិធីពិសិដ្ឋ​ផ្ទាល់​ខ្លួន​ហើយ យើង​ត្រូវ​បង្កើត​គំរូ​នៃ​ការរស់នៅ​ដោយ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ ទាំងនេះ​រួមមាន ការគោរព​ប្រតិបត្តិ, ធ្វើ​ការលះបង់​ដើម្បី​រក្សា​បទបញ្ញត្ត, ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក, មាន​ភាពបរិសុទ្ធ​ក្នុង​គំនិត និង​ទង្វើ, និង​ផ្ដល់​ខ្លួនយើង​ក្នុង​ការ​កសាង​នគរ​នៃ​ព្រះ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយ​ការធ្វើតាម​គំរូ​នៃ​ភាពស្មោះត្រង់​​ជាមូលដ្ឋាន​ទាំងនេះ យើង​ទទួល « ព្រះចេស្ដា​ពី​ស្ថានលើ »9 ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត ។ សព្វថ្ងៃនេះ យើង​ត្រូវការ​ព្រះចេស្ដា​ដ៏​ទេវភាព​នេះ ជាង​ពេលណាៗ​ទាំងអស់ ។ ព្រះចេស្ដា​ពី​ស្ថានលើ​ជា​អំណាច ដែល​យើង​ទទួល​បាន​តែ​តាមរយៈ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ការលះបង់​ដែល​យើង​ធ្វើ ដើម្បី​ទទួល​បាន​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​មាន​តម្លៃ​សម​នឹង​ការ​ខំប្រឹងប្រែង​គ្រប់យ៉ាង​ដែល​យើ​ងអាច​ធ្វើ​បាន ។

ពេល​ដែល​ចំណង់​ដើម្បី​រៀន និង​រស់​នៅ​តាមដំណឹងល្អ​របស់​យើង​កើនឡើង នោះ​យើង​ព្យាយាម​ដើម្បី​បម្រើ​អ្នក​ដទៃ​ដោយ​ឯកឯង ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ពេត្រុស​ថា « កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មកវិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » ។10 ខ្ញុំ​ស្ងើច​សរសើរ​ណាស់ ដែល​យុវវ័យ​សព្វថ្ងៃនេះ មាន​ចំណង់​យ៉ាង​ជ្រាលជ្រៅ ដើម្បី​បម្រើ និង​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត---ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ក្នុង​ពិភពលោក​នេះ ។ ពួកគេ​ក៏ប្រាថ្នា​យ៉ាង​លើសលប់ ដើម្បី​មាន​ក្ដី​អំណរ​ដែល​មក​ពី​ការបម្រើ ។

ទោះយ៉ាងណា វា​មាន​ការពិបាក​សម្រាប់​យុវវ័យ ដើម្បី​យល់ ថាតើ​សកម្មភាព​ដែល​ពួកគេ​ធ្វើ​ក្នុង​ពេល​នេះ នឹង​រៀបចំ​ពួកគេ​ឲ្យ​មាន​ភាពសក្ដិសម ឬក៏​នឹង​ធ្វើ​ឲ្យ​ពួកគេពុំ​សក្ដិសម​នឹង​ឱកាស​នៃ​ការបម្រើ​ក្នុង​ពេល​អនាគត ។ យើង​ទាំងអស់​គ្នា​មាន « កាតព្វកិច្ច​ដ៏​ចាំបាច់ »11 ដើម្បី​ជួយ​យុវវ័យ​យើង ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់បម្រើ​អស់​មួយ​ជីវិត ដោយ​ការ​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ។ ក្រៅ​ពី​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ យើង​បាន​ពិភាក្សា​ថា មាន​ការ​ទីពឹងខ្លួន​ខាង​សាច់ឈាម ដែល​រួម​មាន​ការ​ទទួល​ការអប់រំ និង​ការបំពាក់បំប៉ន​ដែល​ទាក់ទង​នឹង​ការងារ​បន្ថែម​ទៀត បន្ទាប់​ពី​ចប់​វិទ្យាល័យ, រៀន​ធ្វើ​ការ, និង​រស់នៅ​តាមចំណូល​ដែល​យើង​មាន ។ ដោយ​ការ​ជៀសវាង​ពី​បំណុល និង​ចេះ​សន្សំ​លុយ ក្នុង​ពេល​ឥឡូវនេះ នោះ​យើង​រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​ពេញ​ម៉ោង​របស់​សាសនាចក្រ ក្នុង​ពេល​អនាគត ។ គោលបំណង​នៃ​ការទីពឹង​ខ្លួន​ទាំងខាង​សាច់ឈាម និង​ខាងវិញ្ញាណ គឺ​ដើម្បីជួយ​​ឲ្យ​ខ្លួន​យើង​មាន​ស្ថេរភាព ដើម្បី​យើង​អាច​ជួយ​អ្នក​ដទៃ​ទៀត​ដែល​ត្រូវការ​ជំនួយ​ផងដែរ ។

ទោះ​យើង​ចាស់ ឬ​ក្មេង អ្វី​ដែល​យើង​ធ្វើ​ពេលនេះ កំណត់​ពី​ការបម្រើ ដែល​យើង​នឹង​អាច​​ផ្ដល់​ឲ្យ នឹង​អររីករាយ​ក្នុង​ពេល​អនាគត ។ ដូច​អ្នក​និពន្ធ​កំណាព្យ​រំឭក​យើង​ថា « ចេញ​ពី​ពាក្យ​ដ៏​សោកសៅ​ដែល​បាន​និយាយ ឬ​បាន​សរសេរ អ្វី​ដែល​សោកសៅ​បំផុត​គឺ​ពាក្យ​ថា ៖ ‘ បើ​យើង​បាន​ធ្វើ​ត្រឹមត្រូវ នោះ​ជីវិត​យើង​មិន​ដឹង​ជា​បាន​ប្រសើរ​យ៉ាងណា​ទេ !’ »12 ចូរ​យើង​កុំ​ឲ្យ​ជីវិត​យើង​រស់​ក្នុង​វិប្បដិសារី ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិនបាន​ធ្វើ​ឡើយ !

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ បុរស​វ័យ​ក្មេងដែល​​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​នោះ ជា​មនុស្ស​ម្នាក់​ដែល​យើង​សំដៅ​ដល់កូនប្រុស​ដ៏​ខ្ជះខ្ជាយ ដែល​បាន​ភ្ញាក់ដឹងខ្លួន ។ ឪពុក​គាត់មិន​បាន​ភ្លេចគាត់ទេ ឪពុកគាត់​បានរង់ចាំ​គាត់ ។ ហើយ « នោះ [ កូនប្រុស ] ក៏​ក្រោកឡើង​ដើរទៅ លុះ​ឪពុក​ឃើញ​ពី​ចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ ... ថើប​វា » ។13 ដើម្បី​ជា​កិត្តិយស​ដល់​ការត្រឡប់​របស់​កូនប្រុស គាត់​ឲ្យ​សម្លៀកបំពាក់, ចិញ្ចៀន, និង​ជប់លៀង​កូនគោ​ធាត់​មួយ14---ជាការរំឭក​ថា គ្មាន​ពរជ័យ​ណា​ដែល​ត្រូវ​ដកហូត​ឡើយ បើ​យើង​កាន់ខ្ជាប់​ដោយ​ស្មោះត្រង់ នៅក្នុង​ការ​ដើរ​តាមផ្លូវ​ត្រឡប់​ទៅ​ព្រះបិតាសួគ៌​យើង​វិញ ។

ដោយ​​ក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ក្ដី​ស្រឡាញ់​នៃ​ព្រះរាជបុត្រា​ទ្រង់​ ដែល​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ខ្ញុំ​សូម​អញ្ជើញ​អ្នក​គ្រប់គ្នា ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​របស់​យើង ហើយ​ភ្ញាក់​ដឹងខ្លួន​ឡើង ។ ចូរ​និយាយនឹង​​ខ្លួន​ឯង​ក្នុង​កញ្ចក់ ហើយ​សួរ​ថា « តើ​ខ្ញុំ​ធ្វើ​បាន​ប៉ុណ្ណា ក្នុង​ការ​រស់នៅ​​តាម​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​នោះ ? » យើង​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ ពេល​យើង​និយាយ​ថា « ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង​ដោយ​សក្ដិសម ជា​រៀងរាល់​សប្ដាហ៍, ខ្ញុំ​សក្ដិសម​ក្នុង​ការ​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ទៅ​ព្រះវិហារបរិសុទ្ធ, ហើយ​ខ្ញុំ​លះបង់​បម្រើ និង​ផ្ដល់​ពរ​ដល់​អ្នកដទៃ​ទៀត » ។

ខ្ញុំ​សូម​ចែកចាយ​ទីបន្ទាល់​ដ៏​ពិសេស​របស់​ខ្ញុំ​ថា ព្រះ​ស្រឡាញ់​យើង​ម្នាក់​ៗ​ខ្លាំង​ណាស់ « បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែមួយ »15 ដើម្បី​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​យើង ។ ទ្រង់​ស្គាល់​យើង ហើយ​រង់ចាំ​យើង ទោះបីជា​​យើង​វង្វេង​ផ្លូវ​ក៏​ដោយ ។ ពេល​យើង​ប្រព្រឹត្ត​តាម​បំណង​ប្រាថ្នា​យើង និង​ភ្ញាក់ដឹងខ្លួន នោះ​យើង​នឹង​ត្រូវបាន « ឱបក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ »16 និង​ផ្ទះ​ដែល​កក់ក្ដៅ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។