ឆ្នាំ ២០១០-២០១៩
អ្នក​ដែល​បាត់​នឹង​ត្រូវ​រក​ឃើញ​វិញ
មេសា 2012


អ្នក​ដែល​បាត់​នឹង​ត្រូវ​រក​ឃើញ​វិញ

នៅ​ពេល​អ្នក​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក និង​គ្រួសារ​របស់​អ្នក ។

បងប្អូនប្រុសស្រី យោង​តាម​ខគម្ពីរ លីអាហូណា គឺជា «ដុំមូល​មួយ​នៅ​លើ​ដី ដែល​មាន​ក្បូរ​ក្បាច់​ចម្លែក» មាន​ទ្រនិចពីរ ទ្រនិចមួយ​ចង្អុល​ផ្លូវ​ដែល​គ្រួសារ​របស់​ឪពុក​លីហៃ​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទីរហោស្ថាន (នីហ្វៃទី  1 16:10) ។

ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ពី​មូលហេតុ​ដែល​លីហៃ អស្ចារ្យក្នុងចិត្ត នៅ​ពេល​គាត់​ឃើញ​ដុំមូល​ពីដំបូង ដោយ​សារ​ខ្ញុំ​ចាំ ពី​ប្រតិកម្មដំបូង​​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​ឃើញ GPS ត្រូវ​បាន​គេ​ប្រើ ។ ក្នុង​គំនិត​ខ្ញុំ​វា​គឺ​ជា​ឧបករណ៍​សម័យ​ទំនើប «ដែល​មាន​ក្បូរ​ក្បាច់​ចម្លែក» តែមិន​ដឹង​ជា​យ៉ាងណា ខ្ញុំ​ពុំ​អាច​​គិតដល់​ថា ឧបករណ៍​តូច​នេះ មានដាក់​នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ ដែល​វា​អាច​ចង្អុល​បង្ហាញ​ច្បាស់​ពី​ទីកន្លែង​ដែល​ខ្ញុំ​កំពុង​នៅ និង​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅទេ ។

ចំពោះ​យើង​ទាំង​ពីរ​នាក់ ភរិយាខ្ញុំ បាបារ៉ា និង​ខ្ញុំ GPS គឺ​ជា​ពរជ័យ​មួយ ។ ចំពោះ​ បាបារ៉ា វា​មានន័យ​ថា​ នាង​ពុំ​ចាំ​បាច់​ប្រាប់​ខ្ញុំ​ឲ្យឈប់​សិន ​ចុះ​ទៅ​សួរ​ គេ​រកផ្លូវ​សិន​នោះ​ទេ ហើយ​ចំពោះ​ខ្ញុំ​វិញ វា​មានន័យ​ថា​ខ្ញុំ​អាចទៅ​ត្រូវផ្លូវ ពេល​ខ្ញុំ​និយាយ​ថា «ខ្ញុំ​ពុំ​ចាំបាច់​សួរ​នរណា​ទេ ។ ខ្ញុំ​ដឹងកន្លែង​ដែល​ខ្ញុំ​ទៅ​ច្បាស់​ហើយ» ។

បងប្អូនប្រុសស្រី យើង​មាន​ឧបករណ៍​មួយ ដែល​កាន់​តែ​អស្ចារ្យ​ជាង​ GPS ដ៏​ល្អបំផុត​មួយ​ទៅ​ទៀត ។ មនុស្ស​គ្រប់​គ្នា​វង្វេងផ្លូវនៅ​​ត្រង់​ចំនុច​ណា​មួយ ឬ​កម្រិត​ណា​មួយ ។ តាមរយៈ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​នាំ​មក​ត្រូវ​ផ្លូវ​ដែលមានសុវត្ថិភាព​វិញ ហើយ​គឺ​ជា​ការ​ពលិកម្មដង្វាយ​ធួន​របស់ព្រះអង្គសង្គ្រោះ ដែល​អាច​នាំ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ការធ្លាក់វង្វេងក៏អាចយកមកអនុវត្តចំពោះសង្គម ទាំងមូល ដូចជា​បុគ្គល​ម្នាក់ៗ ។ សព្វ​ថ្ងៃ​នេះ យើង​រស់នៅ​ក្នុង​គ្រា​មួយ ដែល​ក្នុងពិភព​លោក​នេះ មនុស្សភាគ​ច្រើនត្រូវ​បំភាន់ ជាពិសេស​ចំពោះ​រឿង​គុណតម្លៃ និង​អាទិភាព​ក្នុង​គេហដ្ឋាន​របស់​យើង ។

កាល​ពី​មួយរយ​ឆ្នាំ​កន្លង​ទៅ ប្រធាន យ៉ូសែប  អែហ្វ. ស្ម៊ីធ បានយក​សុភមង្គលមកតភ្ជាប់នឹង​ក្រុមគ្រួសារដោយផ្ទាល់ ហើយបានទូន្មានយើងឲ្យផ្ដោត​កិច្ចខិត​ខំ​យើងនៅ​ត្រង់​ចំនុចនោះ ។ គាត់​មាន​ប្រសាសន៍​ថា « សុភមង្គលពិត​ប្រាកដ ពុំ​អាច​កើតមានឡើយ ពេលវា​ញែក​ចេញ ឬ​បំបែក​ចេញ​ពី​គេហដ្ឋាន​ ។… ពុំ​អាច​មានសុភមង្គល​ដោយ​គ្មាន​ការ​បម្រើ​ទេ ហើយ​គ្មាន​ការ​បម្រើ​ណា​ដែល​អស្ចារ្យ​ជាងការ​បម្រើ ​ដែល​ផ្លាស់​ប្រែ​គេ​ហដ្ឋាន​ឲ្យ​ទៅ​ជា​គ្រឹះស្ថាន​ដ៏ទេវភាព ហើយ​​លើក​កម្ពស់ និង​រក្សា​ជីវិត​ក្រុមគ្រួសារ​នោះ​ដែរ ។ … គេ​ហដ្ឋាន​គឺ​ជា​កន្លែង​ដែល​ត្រូវ​ការ​ការ​កែលម្អ» (Teachings of Presidents of the Church: Joseph  F. Smith [ឆ្នាំ 1998], 382, 384) ។

​គឺ​ជា​គេហដ្ឋាន​ និង​ក្រុម​គ្រួសារយើង ដែល​ត្រូវ​ការ​ការ​កែ​លម្អ​​ក្នុងពិភពលោក​​​ខាង​សម្ភារ និងសម្ភារនិយម​យ៉ាង​ច្រើន​នេះ ។ ឧទាហរណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយគឺ កំណើន​​ នៃ​ការ​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​អាពាហ៍ពិពាហ៍​នៅ​ទី​នេះ​ក្នុង​សហរដ្ឋ ។ កាល​ពី​ឆ្នាំ​មុន​នេះ កាសែត New York Times បាន​រាយការណ៍​ថា «ចំណែកនៃ​កូន​ដែល​កើត​មក​ចំពោះ​ស្ត្រី​ឥតរៀបការ បាន​ឈាន​ចូល​ដល់​កម្រិត​ខ្ពស់​មួយ៖ កំណើត​​កូនរបស់​​ស្ត្រី​អាមេរិកកាំង ​ដែល​មាន​អាយុក្រោម 30 ឆ្នាំ​ ពុំមាន​ចំណង​អាពាហ៍ពិពាហ៍ ​​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល»​ (Jason DeParle and Sabrina Tavernise, «Unwed Mothers Now a Majority Before Age of 30,» New York Times, ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2012, A1) ។

យើង​ក៏​ដឹង​ដែរ​ថា ក្នុង​ចំណោម​គូស្វាមី​ភរិយា​ ដែល​បាន​រៀបការនៅ​​សហរដ្ឋ ​មាន​ជិត​ពាក់​កណ្ដាល​ដែល​បាន​លែងលះគ្នា ។ សូម្បី​តែ​អ្នក​នៅ​ជាគូស្វាមីភរិយា​នៅជាប់នឹង​គ្នា ជាញឹកញាប់​ភ្លេចខ្លួន ​ទុក​ឲ្យ​រឿង​ផ្សេងៗ​មក​រំខាន​ដល់​ទំនាក់​ទំនង​គ្រួសារពួកគេ ។

ការព្រួយ​បារម្ភ​ដូចគ្នា​នេះ គឺ​កំណើន​គំលាត​រវាង​អ្នកមាន និង​អ្នក​ក្រ ហើយ​រវាង​អ្នក​ដែល ព្យាយាម​រក្សា​ការតាំងចិត្ត និង​គុណធម៌ក្នុង​គ្រួសារ និង​អ្នក​ដែល​លះបង់ការព្យាយាមនោះ​ចោល ។ តាមស្ថិតិ អ្នក​ដែល​មាន​ការអប់រំ​តិច ហើយ​មាន​ចំណូល​តិច គឺ​មិនសូវ​បាន​រៀបការ និង​មិនសូវទៅ​ព្រះវិហារ ហើយ​បែរ​ជា​មានជាប់​ទាក់​ទង​នឹង​រឿង​ឧក្រិដ្ឋកម្ម​ច្រើន​ និងមាន​កូន​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ។ ហើយ​ឥរិយាបទ​ទាំង​នោះ គឺ​កំពុង​តែជាបញ្ហា​ផងដែរ​នៅ​ក្នុង​កន្លែង​ផ្សេងៗ​ជាច្រើន​ក្នុងពិភពលោក ។ (សូមមើល W. Bradford Wilcox និង​អ្នកដទៃទៀត «No Money, No Honey, No Church: The Deinstitutionalization of Religious Life among the White Working Class,» available at​www.virginia.edu/marriageproject/pdfs/Religion_WorkingPaper.pdf.)

ជាការ​ផ្ទុយ​ចំពោះ​អ្វី​ដែល​មនុស្ស​ជាច្រើន​បាន​គិតគឺថា ការ​រុងរឿង និង​ការអប់រំ មើលទៅ​ទាក់ទងទៅ​នឹង​ឱកាស​នៃ​ការ​មានទំនៀមទំលាប់​ក្នុង​គ្រួសារ និង​គុណធម៌​ខ្ពស់​ជាង ។

ប្រាកដណាស់ សំណួរ​ពិត គឺ​អំពី បុព្វហេតុ និងលទ្ធផល ។ តើ​ផ្នែក​ខ្លះ​ក្នុង​សង្គម មាន​គុណធម៌ និង​គ្រួសារ​រឹងមាំជាង ដោយសារ ពួកគេ​មាន​ការអប់រំ និងភាព​រុងរឿង​ច្រើនជាង ឬ​ក៏ ពួកគេ​មាន​ការអប់រំខ្ពស់ជាង ហើយ​រុងរឿង​ច្រើនជាង ដោយសារ តែ​ពួកគេ​មានគុណធម៌ និង​គ្រួសារ​ពួកគេរឹងមាំ? នៅ​ក្នុង​សាសនាចក្រូ​ទូទាំងពិភព​លោក​នេះ យើង​ដឹង​ថា វា​គឺ​ជាថ្ងៃ​ចុងក្រោយ ។ នៅ​ពេល​មនុស្ស​ធ្វើ​ការ​តាំងចិត្ត​ក្នុងគ្រួសារ​ និង​ក្នុងសាសនាចំពោះ​ដំណឹងល្អ, គោលការណ៍ នោះ​ពួកគេ​ចាប់​ផ្ដើម​ធ្វើ​ឲ្យកាន់​តែ​ល្អប្រសើរ​ខាង​វិញ្ញាណ ហើយ​ជាញឹកញាប់​ខាង​សាច់​ឈាម​ផងដែរ ។

ហើយ​ប្រាកដ​ណាស់ សង្គម​ទាំងមូល ត្រូវ​បាន​ពង្រឹង​នៅ​ពេល ​ក្រុមគ្រួសារ ​រីកចម្រើន​កាន់​តែ​ខ្លាំង ។ ​ការតាំងចិត្តចំពោះក្រុមគ្រួសារ និង​គុណធម៌ គឺ​ជា​បុព្វហេតុ ចំបង ។ អ្វីៗ​ផ្សេងទៀត​ស្ទើរតែ​ទាំងអស់ គឺជាលទ្ធផល ។ នៅ​ពេល​គូស្វាមីភរិយា​រៀបការ ហើយ​ធ្វើ​ការតាំង​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួកគេ​នឹង​បង្កើន​ឱកាស​នៃសុខុមាលភាព​ខាង​​សេដ្ឋកិច្ច​របស់​ពួកគេ​កាន់​តែ​ខ្លាំង ។ នៅ​ពេល​កូនៗ​កើត​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ហើយ​មាន​ទាំង​ម្ដាយ និង​ឪពុក នោះ​ឱកាស​របស់​ពួកគេ និងឱកាស​ជោគជ័យ​ផ្នែក​អាជីព​មាន​ការ​រីកចម្រើន​កាន់តែ​​ខ្លាំង ។ ហើយ​នៅពេល​គ្រួសារ​ធ្វើ​ការ និង​លេង​ជាមួយ​គ្នា នោះ​អ្នក​ជិតខាង និង​សហគមន៍​លូតលាស់, សេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋាភិបាល​​ពុំសូវ​មានចេញច្បាប់ច្រើន និង​ពុំសូវ​មាន​ការ​ចំណាយថ្លៃកម្មវិធីជួយអ្នក​ខ្វះខាត ។

ដំណឹងអាក្រក់ គឺ​ថាការ​បាក់​បែក​ក្នុង​គ្រួសារ ​បណ្ដាល​ឲ្យ​សង្គម និង​សេដ្ឋកិច្ច​មាន​បញ្ហា​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ដំណឹងល្អ​គឺ​ថា ទោះជា​បុព្វហេតុ ឬ​លទ្ធផល​ណា​ក៏​ដោយ បញ្ហា​ទាំងនោះ អាច​នឹង​ត្រូវ​បង្វែរមកវិញ ដោយសារអ្វី​ដែល​បណ្ដាល​ឲ្យ​ពួកគេ​​ផ្លាស់​ប្ដូរ ។ អំពើទុច្ចរិត ត្រូវ​បាន​ដោះស្រាយ តាមរយៈ​ការរស់​នៅ​តាម​គោលការណ៍​ត្រឹមត្រូវ និង​មានគុណធម៌ ។ បងប្អូនប្រុសស្រី បុព្វហេតុ ដែល​សំខាន់បំផុត នៃជីវិត​យើង គឺ​គ្រួសារ​របស់​យើង ។ បើ​យើង​នឹង​លះបង់​ខ្លួន​យើង​ដើម្បី​បុព្វហេតុ​នេះ នោះ​យើង​នឹង​កែលម្អ​រាល់​ទិដ្ឋភាព​ដទៃទៀត​ទាំងអស់​ក្នុង​ជីវិត​រស់​នៅ​​យើង ហើយ​នឹង​ប្រែក្លាយ​ជា​គំរូ និង​ជាពន្លឺ ដឹកនាំ​មួយ​ចំពោះ​មនុស្ស​ទាំងអស់​ក្នុង​ផែនដី​នេះ ក្នុង​នាម​ជា​ប្រជាជន​ម្នាក់ និង​ជា​សាសនា ចក្រ​មួយ​ ។

ប៉ុន្តែ​រឿង​នេះ​ពុំ​ងាយ​ស្រួល​ទេក្នុង​ពិភពលោក​មួយ ដួងចិត្ត​កំពុង​តែ​បែរសំដៅ​ទៅ​ទិសដៅ​ជា​ច្រើន ហើយ​ជា​កន្លែង​ដែល​ពិភព​ទាំងមូល ហាក់​ដូចជា​រំកិល និង​ផ្លាស់ប្ដូរ​បន្ដបន្ទាប់​ក្នុង​ដំណើរ​យ៉ាង​លឿន​ ដែលពុំ​ធ្លាប់​នឹក​ដល់​កាល​ពីមុន ។ គ្មានអ្វី​ដែល​នៅ​ដដែល​យូរ​ទេ ។ ម៉ូត, ទម្លាប់, គំនិត​ថ្មីៗ, ភាព​ត្រឹមត្រូវ​ខាង​នយោបាយ, និង​សូម្បី​តែ​ការ​យល់​រវាងត្រូវ និងខុស​ក៏ផ្លាស់ប្តូរ ។ ដូចព្យាការី​អេសាយ បាន​ទាយទុកថា រាប់​ការ​ខុស​ថា​ជា​ត្រូវ ហើយ​ការត្រូវ​ថា​ជា​ខុស (សូមមើល​អេសាយ 5:20) ។

ការឃ្លាត​​ខាងវិញ្ញាណ​មានគំលាត​កាន់​តែ​ធំ នៅពេល​អារក្ស​កាន់តែបញ្ឆោត និងប្រើល្បិច ហើយ​​ទាញ​មនុស្ស​ទៅ​រក​វា ជា​មេដែក​ខ្មៅ​ងងឹត-- ដែល​ដំណឹងល្អ​នៃ​សេចក្ដីពិត និងពន្លឺ បាន​ទាក់​ទាញ​អ្នក​ដែលមាន​ចិត្តទៀងត្រង់​ និង​អ្នក​ថ្លៃថ្នូ​លើ​ផែនដី ដែល​កំពុង​ស្វែងរក​សីលធម៌ និង​សេចក្ដី​ល្អ ។

យើង​អាច​ជា​ចំនួន​តូច​មួយ ប៉ុន្ដែ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ យើង​អាចឆ្លង​គំលាត​ដ៏​ធំទាំងនេះ​បាន ។ យើង​ស្គាល់​ ការបម្រើដោយព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ ​ ដែល​នាំ​កូនចៅ​របស់​ព្រះ​មក​ជុំ​គ្នា មិន​ថា​ស្ថានភាព​ខាង​វិញ្ញាណ ឬ​សេដ្ឋកិច្ច​របស់​ពួកគេ​យ៉ាង​ណា​ទេ ។ ​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ គណៈប្រធានទីមួយ​បានអញ្ជើញ​​យើង​ឲ្យ​ចូល​រួម​ក្នុងថ្ងៃ​នៃការ​បម្រើមួយ ពិធីប្រារព្ធ​ខួប​លើក​ទី 75 ឆ្នាំ នៃ​កម្មវិធី​សុខុមាលភាព ដែល​ជួយ​ដល់​មនុស្ស​ឲ្យ​ប្រែ​ជា​មនុស្សកាន់​តែ​មាន​ភាពគ្រប់​គ្រាន់​នឹង​ខ្លួន​ឯង ។

សាសនាចក្រ គឺ​ជា​កន្លែង​សុវត្ថិភាព​មួយ​នៅ​ក្នុង​សមុទ្រ​ព្យុះនេះ ជាយុថ្កា​មួយ​នៅ​ក្នុង​ទឹក​កញ្ជ្រោល​នៃ​ការ​ផ្លាស់​ប្ដូរ និង​គំលាត ហើយសាសនាចក្រ​​ជា​ពន្លឺ​មួយ​សម្រាប់​អ្នក​ដែល​មានគុណធម៌ និង​ស្វែងរក​សេចក្ដី​សុចរិត ។ ព្រះអម្ចាស់​ប្រើ​សាសនាចក្រ ជា​ឧបករណ៍ មួយ​ក្នុង​ការ​ទាញ​កូនចៅ​ទ្រង់​នៅ​ទូទាំង​ពិភពលោក មក​រក​ការការពារ​ពី​ដំណឹងល្អ​របស់​ទ្រង់ ។

វិញ្ញាណ​របស់​អេលីយ៉ា ដែល​គ្មាន​ដែនកំណត់ ក៏​ជា​អំណាច​ដ៏​អស្ចារ្យ​មួយ​ក្នុង​គោលបំណង​របស់​ព្រះអម្ចាស់​សម្រាប់​​ជោគវាសនា​ដ៏អស់កល្ប​នៃ​កូនចៅ​របស់​ទ្រង់ ។ ពាក្យ​របស់​ម៉ាឡាគី វិញ្ញាណ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ បង្វែរ «​ចិត្ត​ពួក​ឪពុក​មក​ឯកូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ» (ម៉ាឡាគី 4:6 ) ។

សាសនាចក្រ​ឈរ​ជា​គំរូ​មួយ​នៃ​ការ​បង្វែរ​ចិត្ត និង​ជា​ធាតុប្រតិកម្ម​សម្រាប់​សេចក្ដី​ល្អ​ក្នុង​ពិភពលោក ។ នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ដែល​បាន​រៀបការ​ក្នុង​ព្រះវិហារ បរិសុទ្ធ និង​អ្នក​ដែល​ចូលរួម​ការប្រជុំ​ថ្ងៃ​អាទិត្យ​ជាទៀងទាត់ អត្រានៃការលែងលះ គឺ​មាន​តិចជាង​ក្នុង​ពិភពលោកខាង​ក្រៅ ហើយ​គ្រួសារ​នៅ​ជិត​គ្នា ហើយមាន​​ទំនាក់​ទំនងគ្នា​កាន់​តែច្រើន ។ សុខភាព​ក្នុង​គ្រួសារ​របស់​យើង​ល្អប្រសើរ ហើយ​យើង​រស់​នៅ​យូរ​ឆ្នាំ​ជាង​មធ្យមភាគ​ប្រជាជន ។ យើង​ផ្ដល់​ធនធាន​ខាងហិរញ្ញវត្ថុ និង​ការបម្រើ​កាន់តែច្រើន​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង ហើយ​យើង​កាន់​តែ​ព្យាយាម​ឲ្យ​មានការអប់រំ​កាន់​តែ​ខ្ពស់ ។ ខ្ញុំ​ចង្អុល​បង្ហាញ​រឿង​ទាំងនេះ ពុំ​មែន​អួតអាង​ទេ ប៉ុន្តែ​​ធ្វើជា​ទីបន្ទាល់​ថា ជីវិត​គឺ​ល្អប្រសើរ (និង​សប្បាយរីករាយជាង) នៅពេល​ដួងចិត្ត​បង្វែរ​ទៅ​រក​គ្រួសារ ហើយ​នៅ​ពេល​ក្រុមគ្រួសារ​រស់​នៅ​ក្នុង​ពន្លឺ​នៃ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ។

ដូច្នេះ​ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​កុំឲ្យ​វង្វេង? ទីមួយ ខ្ញុំ​សូម​ឲ្យ​យោបល់​ថា យើង ដាក់អាទិភាព ។ ចូរ​ដាក់​អ្វីៗ​ដែល​អ្នក​ធ្វើ​នៅ​ខាង​ក្រៅ​ផ្ទះឲ្យ​នៅ​ក្រោម ឬ​គាំទ្រ​ដល់​អ្វីៗ​ដែល​កើត​មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ។ ចូរ​ចាំដំបូន្មាន​របស់​ប្រធាន ហារ៉ូល  ប៊ី លី ថ្លែង​ថា «កិច្ចការ… សំខាន់​បំផុត​ដែល​អ្នក​នឹង​ធ្វើ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ជញ្ជាំង​នៃ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក» (Teachings of Presidents of the Church: Harold B. Lee [ឆ្នាំ 2000], 134) ហើយ​ប្រធាន​ ដេវីឌ  អូ. ម៉ា់​ក់ឃេ ថ្លែងមិនចេះ​ចប់ថ « គ្មាន​ជោគជ័យ​ណា អាចតបស្នង​នឹង​ការបរាជ័យ​ក្នុង​គ្រួសារ​បាន​ទេ» (ដកស្រង់ចេញពី ជេ.  អ៊ី. ម៉ាក់ខូលុច Home: The Savior of Civilization [ឆ្នាំ 1924], 42; នៅ​ក្នុង Conference Report, ខែ​មេសា ឆ្នាំ 1935, 116) ។

សូម​រៀបចំ​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​ផ្ដល់​ពេល​សម្រាប់​អធិស្ឋាន និង​ ព្រះគម្ពីរ និង​សកម្មភាព​គ្រួសារ ។ ចូរ​ផ្ដល់​ការ​ទទួលខុសត្រូវ​ដល់​កូនៗ​របស់​អ្នក ក្នុង​ផ្ទះ ដែល​នឹង​បង្រៀន​គេ​ចេះ​ធ្វើ​ការ ។ បង្រៀន​ពួកគេ​ថា ការរស់នៅ​តាម​ដំណឹងល្អ នឹង​ដឹកនាំ​ពួកគេចេញ​ពី​ភាព​កខ្វក់, ភាព​ច្របូកច្របល់, ហឹង្សាពី​អិនធើរណិត, ការផ្សព្វផ្សាយ និង​ ​វីដេអូហ្គែម ។ ពួកគេ​នឹង​ពុំ​វង្វេងទេ ហើយ​ពួកគេ​នឹង​រៀបចំខ្លួន​ដើម្បី​ទទួលយក​ភារៈកិច្ច នៅពេល​ដាក់​ទៅ​លើ​ពួកគេ ។

ទីពីរ យើង​ចាំបាច់​ត្រូវ​ធ្វើ​រឿងទាំងឡាយ​តាម លំដាប់ត្រឹមត្រូវ! រៀបការ​មុន រួចហើយមាន​គ្រួសារ ។ មានមនុស្ស​ជាច្រើន​ក្នុង​ពិភព​លោក​បាន​ភ្លេចអំពី​លំដាប់​ត្រឹមត្រូវ​នៃ​រឿង​នេះ ហើយ​គិត​ថា​ពួកគេ​អាច​ផ្លាស់​ប្ដូរ ឬ​​បញ្ច្រាស​វា ។ ចូរ​ដក​ភាពភ័យខ្លាច​ទាំងឡាយរបស់​អ្នក​ចេញ​ដោយ​សេចក្ដី​ជំនឿ ។ ចូរទុកចិត្ត​ទៅ​លើ​ព្រះចេស្ដា​ព្រះ ដើម្បី​ដឹកនាំ​អ្នក ។

ចំពោះ​អ្នក​ដែល​ពុំ​ទាន់​រៀបការ ចូរ​យកចិត្តទុកដាក់ក្នុង​​ស្វែងរក​ដៃគូអស់កល្បជានិច្ច​​របស់អ្នក ​ ។ យុវជន សូម​ចងចាំ​អ្វី​ដែល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​មានប្រសាសន៍៖ «[ការនៅ​លីវ] ... ​មាននូវ​គំនិត​រវើរវាយក្នុងចិត្ត​ ការ​នៅ​លីវ [គឺ​​ជា] រឿង​គួរ​ឲ្យ​ចង់​បាន ដោយ​សារ​ [វា] [​​មាន​នូវ] ​ការ​ទទួល​ខុសត្រូវ​តិច​បំផុត ។ កំហុស​ពិត ស្ថិតនៅលើ​យុវជន ។ ការ​ខ្វះ ការ​ទប់ចិត្តក្នុងយុវវ័យរបស់ពួកគេ ដឹកនាំ​ពួកគេ​ចេញ​ពី​ផ្លូវ​នៃកាតព្វកិច្ច និង​ការទទួលខុស ត្រូវ ។… បងប្អូនស្រី​របស់ពួកគេ​គឺជាជនរងគ្រោះ… [ហើយ]​ បងប្អូនស្រី​នឹង​រៀបការ​ បើ​គេ​អាច​ធ្វើ​ទៅ​បាន ហើយ​នឹង​ទទួល​យក​ការទទួលខុសត្រូវ​នៃ ជីវិតគ្រួសារ​ដោយ​រីករាយ» ។ (Gospel Doctrine, បាន​បោះពុម្ព​លើក​ទី 5 [ឆ្នាំ 1939], 281) ។

ហើយ​ចំពោះ យុវនារី​ ខ្ញុំ​នឹង​បន្ថែម​ថា អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ការទទួលខុសត្រូវ​នេះ​ដែរ ។ គ្មាន​អាជីព​ណា អាច​នាំ​អ្នកឲ្យ​សម្រេច​ច្រើន​ជាង​ ការចិញ្ចឹម​បីបាច់​គ្រួសារ​នោះទេ ។ ហើយ​នៅ​ពេល​អ្នក​ចូល​ដល់​វ័យ​ខ្ញុំ អ្នក​នឹង​ដឹង​រឿង​នេះ​កាន់​តែ​ច្បាស់ ។

ទីបី ស្វាមី និងភរិយា អ្នក​គួរ​តែ​ជា​ដៃគូ​ស្មើ​គ្នា នៅ​ក្នុងអាពាហ៍ពិពាហ៍អ្នក ។ ចូរ​អាន​ការប្រកាស​ដល់​ពិភពលោក​ឲ្យ​ញឹកញាប់ និងយល់​អំពីវា ហើយ​ធ្វើ​តាម​វា ។ សូម​ចៀស​វាង​ពី​អំណាច​គ្រប់គ្រង​ដោយ​ឥត​សុចរិតក្នុង​​គ្រប់រូបភាព ។ គ្មាន​នរណាម្នាក់​ជា​ម្ចាស់​លើ​ប្ដី ឬប្រពន្ធ ឬ​កូន​ៗ​របស់​យើងទេ ព្រះគឺ​ជា​បិតា​របស់​យើង​ទាំងអស់​គ្នា ហើយ​បាន​ប្រគល់​ឯកសិទ្ធិ​ដល់​យើង​នូវ​គ្រួសារ​ផ្ទាល់យើង ដែល​កាល​ពីមុន​ជា​របស់ផង​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ក្នុង​នាម​ជា​កូន​របស់​ទ្រង់ យើង​គួរ​តែ​រៀន​នៅ​ផ្ទះ​​ឲ្យចេះ​ស្រឡាញ់​ព្រះ ហើយ​ដឹង​ថា​ យើង​អាច​សុំ​ទ្រង់​ឲ្យ​ជួយ​ពេល​យើង​ត្រូវ​ការ ។ មនុស្ស​គ្រប់​គ្នា ទាំងអ្នក​រៀបការ ឬ​នៅ​លីវ អាច​រីករាយ និង​ទទួល​ការគាំទ្រ​ក្នុង​គ្រប់​អ្វីៗ​ដែល​គ្រួសារ​អ្នក​អាច​មាន ។

ហើយ​ចុង​បញ្ចប់ សូម​ប្រើ ធនធាន​គ្រួសារ នៃ​សាសនាចក្រ ។ នៅ​ក្នុង​ការ​ចិញ្ចឹមបីបាច់​កូនៗ ក្រុមគ្រួសារ​អាច​​រក​ជំនួយ​ពី​វួដ ។ ចូរ​គាំទ្រ និង​ធ្វើ​ការ​ជាមួយ​គ្នា​នឹងអ្នក​ដឹកនាំ​​បព្វជិតភាព និងអង្គការ​ជំនួយ ហើយ​ទទួល​ប្រយោជន៍​ទាំង​ស្រុង​ពី​កម្មវិធី​យុវវ័យ​របស់​សាសនាចក្រ និង​ក្រុមគ្រួសារ ។ ចូរ​ចាំ​ឃ្លាដ៏ជ្រៅជ្រះ​មួយ​ទៀត​របស់​ប្រធាន Lee -- ថា សាសនចក្រគឺជា​គ្រោងរន្ទា​ដែល​យើង​សង់​គ្រួសារ​អស់កល្បជានិច្ច ។ (សូមមើល Teachings of Presidents of the Church: Harold B. Lee [ឆ្នាំ 2000], 148) ។

ឥឡូវ មិន​ថាមូលហេតុ​ណា​​ដែល​អ្នក​ជាបុគ្គលម្នាក់ៗ ឬ​ជា​គ្រួសារ​បាន​វង្វេង​ផ្លូវនោះ​ទេ អ្នកចាំបាច់​ត្រូវ​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ ចេញ​ពី​លូកាជំពូក 15 ដើម្បីតម្រូវ​ទិស​ដៅ​របស់​អ្នក ។ នៅ​ក្នុងនោះ​ព្រះអង្គសង្គ្រោះ ប្រាប់​អំពី​កិច្ចខិតខំ​របស់​អ្នកគង្វាល ក្នុង​ការ​ស្វែងរក​ចៀម​ដែល​បាត់របស់​ទ្រង់​, ប្រាប់អំពី​ស្រី​ដែល​ស្វែងរក​កាក់​ដែលបាត់, និង​អំពី​ការ​ស្វាគមន៍​ទទួល​កូន​ប្រុស​ខ្ជះខ្ជាយ​ដែល​ត្រឡប់មក​ផ្ទះវិញ ។ ហេតុអ្វី​ព្រះយេស៊ូវ បង្រៀន​រឿង​ប្រៀបធៀប​ទាំងនេះ ? ទ្រង់​ចង់​ឲ្យ​យើង​ដឹង​ថា គ្មាន​យើង​ណា​ម្នាក់ នឹង​រង្វេង​បាត់​រហូត​ ដែល​យើង​ពុំ​អាច​រក​ផ្លូវ​របស់​យើង​វិញ តាមរយៈ​ដង្វាយធួន និង​ការបង្រៀន​របស់​ទ្រង់នោះ​ទេ ។

នៅ​ពេល​អ្នក​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក និង​គ្រួសារ​របស់​អ្នក ។ អ្នក​នឹង​មាន​ GPS ខាង​វិញ្ញាណ​មួយ ដើម្បី​ប្រាប់​អ្នក​ជានិច្ច​ថា​អ្នក​នៅ​កន្លែង​ណា និង​អ្នក​កំពុង​ទៅ​កន្លែង​ណា ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះ ប្រោសលោះ​ដែល​បាន​រស់ឡើង​វិញ របស់​មនុស្សលោក ស្រឡាញ់​យើង​ទាំងអស់​គ្នា ហើយ​ទ្រង់​បាន​សន្យា​ថា បើ​យើង​នឹង​ធ្វើ​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​យើង​វិញ​ដោយ​សុវត្ថិភាព ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។