ផ្លាស់ប្រែទៅរកដំណឹងល្អ តាមរយៈសាសនាចក្ររបស់ទ្រង់
ផ្លាស់ប្រែទៅរកដំណឹងល្អ តាមរយៈសាសនាចក្ររបស់ទ្រង់
ខ្ញុំស្រឡាញ់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពេលខ្លះយើងប្រើពាក្យ ដំណឹងល្អ និង សាសនាចក្រផ្លាស់ប្ដូរគ្នា ប៉ុន្ដែពាក្យទាំងនេះមិនដូចគ្នាទេ ។ ទោះយ៉ាងណាក្ដី វាទាក់ទងយ៉ាងល្អ ហើយយើងត្រូវការពាក្យទាំងពីរ ។
ដំណឹងល្អ គឺជាផែនការដ៏រុងរឿងរបស់ព្រះដែលយើងជាកូនចៅរបស់ទ្រង់ ត្រូវបានផ្ដល់ឱកាសឲ្យទទួលនូវគ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាមាន ( សូមមើល គ.&ស. 84:38 ) ។ នេះហៅថា ជីវិតដ៏នៅអស់កល្បជានិច្ច និង ត្រូវបានរៀបរាប់ជា « អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គ.&ស. 14:7 ) ។ ផ្នែកដ៏សំខាន់នៃផែនការ គឺបទពិសោធន៍ខាងសាច់ឈាមរបស់យើង ជាពេលដើម្បីអភិវឌ្ឍសេចក្ដីជំនឿ ( សូមមើល មរ៉ូណៃ 7:26 ) ដើម្បីប្រែចិត្ត ( សូមមើល ម៉ូសាយ 3:12 ) និង ដើម្បីស្រុះស្រួលខ្លួនយើងនឹងព្រះ (សូមមើល យ៉ាកុប 4:11 ) ។
ដោយសារ ភាពកំសោយខាងសាច់ឈាមរបស់យើង និង « ការផ្ទុយចំពោះរឿងសព្វសារពើ » ( នីហ្វៃទី 2 2:11 ) ហើយដោយយើងមិនអាចសម្អាតអំពើបាបរបស់យើងបាន ទើបយើងត្រូវការព្រះអង្គសង្គ្រោះ ។ នៅពេលដែល អេឡូហិម ជាព្រះដ៏នៅអស់កល្បជានិច្ច និង ជាព្រះវរបិតានៃគ្រប់វិញ្ញាណយើងទាំងអស់ បានបង្ហាញពីផែនការសង្គ្រោះរបស់ទ្រង់ មានម្នាក់ក្នុងចំណោមយើងដែលនិយាយថា « ទូលបង្គំនៅឯណេះ ហើយសូមចាត់ទូលបង្គំចុះ » ( គម្ពីរអ័ប្រាហាំ 3:27 ) ។ ព្រះនាមរបស់ទ្រង់គឺ ព្រះយេហូវ៉ា ។
ដោយបានប្រសូតពីព្រះវរបិតាសួគ៌ ទាំងខាងវិញ្ញាណ និង ខាងសាច់ឈាម ទ្រង់មានអំណាចដ៏អស្ចារ្យដើម្បីជំនះពិភពលោក ។ ប្រសូតពីម្ដាយខាងសាច់ឈាម ទ្រង់ស្ថិតនៅក្រោមអំណាចនៃការឈឺចាប់ និង ការលំបាកក្នុងជីវិតរមែងស្លាប់ ។ ព្រះយេហូវ៉ាដ៏អស្ចារ្យ ក៏មានព្រះនាមថា ព្រះយេស៊ូវ ហើយលើសពីនេះ ត្រូវបានហៅថា ព្រះគ្រីស្ទ មានន័យថា ព្រះមែស៊ី ឬ អ្នកដែលបានលាបតាំង ។ ការសម្រេចបានដ៏ឥតខ្ចោះរបស់ទ្រង់គឺជាដង្វាយធួន ដែលព្រះយេស៊ូវជាព្រះគ្រីស្ទ « បានយាងចុះក្រោមគ្រប់ទាំងអស់ » ( គ. & ស. 88:6 ) បានធ្វើឲ្យទ្រង់អាចនឹងបង់ថ្លៃប្រោសលោះសម្រាប់យើងម្នាក់ ។
សាសនាចក្រ ត្រូវបានបង្កើតឡើងដោយព្រះយេស៊ូវគ្រីស្ទអំឡុងពេលបម្រើនៅលើផែនដីរបស់ទ្រង់ « ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និង ពួកហោរា » ( អេភេសូ 2:20 ) ។ នៅក្នុងគ្រានេះ «ជាគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់» (គ. & ស. 128:18), ព្រះអម្ចាស់បានស្ដារអ្វីដែលធ្លាប់មានឡើងវិញ ជាពិសេសបានប្រាប់ដល់ ព្យាការីយ៉ូសែប ស្ម៊ីធ ថា « យើងនឹងតាំងសាសនាចក្រមួយឡើងដោយសារស្នាដៃរបស់អ្នក » ( គ. & ស. 31:7 ) ។ ព្រះយេស៊ូវគ្រីស្ទ ធ្លាប់ជា និង គឺជាសិរសានៃសាសនាចក្ររបស់ទ្រង់ ដែលត្រូវបានបង្ហាញលើផែនដីតាមរយៈព្យាការី ដែលកាន់សិទ្ធិអំណាចជាសាវក ។
នេះគឺជាសាសនាចក្រដ៏ប្រសើរលើសលុប ។ រចនាសម្ព័ន្ធ, ប្រសិទ្ធភាព និង ភាពល្អឥតខ្ចោះរបស់សាសនាចក្រនេះ ត្រូវបានគោរពដោយអស់អ្នកទាំងឡាយណាដែលស្វែងរកដើម្បីយល់ដឹងដោយស្មោះស ។ សាសនាចក្រមានកម្មវិធីជាច្រើនសម្រាប់កុមារ, យុវវ័យ, បុរស និង ស្រ្ដី ។ សាសនាចក្រនេះ មានសាលាប្រជុំដ៏ស្រស់ស្អាតដែលមានចំនួនជាង 18,000 កន្លែង ។ ព្រះវិហារបរិសុទ្ធដ៏ប្រកបដោយឬទ្ធានុភាពជាច្រើន បច្ចុប្បន្នមានសរុប 136 ដែលមានពាសពេញលើពិភពលោក ដែលមាន 30 ផ្សេងទៀត កំពុងសាងសង់ ឬ ដែលបានប្រកាស ។ ក្រុមអ្នកផ្សព្វផ្សាយពេញម៉ោងមានជាង 56,000 រួមមានទាំងអ្នកដែលនៅក្មេង និង អ្នករាងចំណាស់បន្ដិច ដែលកំពុងបម្រើនៅក្នុងជាង 150 ប្រទេស ។ កិច្ចការមនុស្សធម៌ទូទាំងពិភពលោករបស់សាសនាចក្រ គឺជាគំរូដ៏អស្ចារ្យមួយនៃសប្បុរសធម៌របស់សមាជិកយើង ។ ប្រព័ន្ធសុខុមាលភាពរបស់យើង យកចិត្តទុកដាក់ដល់សមាជិកយើង និង លើកកម្ពស់ឲ្យមានភាពខ្លួនទីពឹងខ្លួនតាមរបៀបខុសគ្នានៅគ្រប់ទីកន្លែង ។ នៅក្នុងសាសនាចក្រនេះ យើងមានអ្នកដឹកនាំស្ម័គ្រចិត្តដែលមិនគិតពីខ្លួនឯង និង សហគមន៍នៃពួកបរិសុទ្ធដែលមានឆន្ទៈបម្រើគ្នាទៅវិញទៅមកនៅក្នុងរបៀបដ៏ចំណាន ។ គ្មានអ្វីដូចជាសាសនាចក្រនេះទេនៅក្នុងពិភពលោកនេះ ។
នៅពេលដែលខ្ញុំកើតមក គ្រួសាររបស់យើងរស់នៅក្នុងផ្ទះដ៏តូចមួយក្នុងតំបន់មួយនៃសាលាប្រជុំនៃសាសនាចក្រដ៏អស្ចារ្យ និង ជាប្រវត្តិសាស្ដ្រ គឺរោងឧបោសថ Honolulu ។ ឥឡូវនេះ ខ្ញុំសុំទោសចំពោះមិត្តភក្ដិល្អៗរបស់ខ្ញុំនៅក្នុងគណៈប៊ីស្សពជាអធិបតី ដែលត្រួតពិនិត្យលើសម្ភារៈរបស់សាសនចក្រ ប៉ុន្ដែជាក្មេងប្រុសម្នាក់ ខ្ញុំបានឡើង ចុះ និង លូនចូលគ្រប់ប្រលោះនៅបរិវេណដីនោះ តាំងពីបាតអាងហែលទឹករហូតដល់កំពូលដំបូលព្រះវិហារដែលមានភ្លើងដ៏ស្រស់ស្អាត ។ យើងបានទាំងយោងខ្លួន ( ដូច Tarzan ) ពីលើវល្លិនៃដើមពោធិដ៏ធំដែលនៅក្បែរនោះ ។
សាសនាចក្រ គឺជាអ្វីទាំងអស់ចំពោះយើង ។ យើងបានចូលរួមការប្រជុំជាច្រើន ហើយសឹងតែច្រើនជាងយើងមាននៅសព្វថ្ងៃនេះទៅទៀត ។ យើងបានចូលរួមអង្គការបឋមសិក្សានាពេលរសៀលថ្ងៃព្រហស្បតិ៍ ។ ការប្រជុំសមាគមសង្គ្រោះ នៅពេលព្រឹកថ្ងៃអង្គារ ។ កម្មវិធី Mutual សម្រាប់យុវវ័យ នៅយប់ថ្ងៃពុធ ។ ថ្ងៃសៅរ៍ ជាថ្ងៃសកម្មភាពសម្រាប់វួដ ។ នៅថ្ងៃអាទិត្យ បុរស និង យុវជននឹងទៅការប្រជុំបព្វជិតភាពនាពេលព្រឹក ។ ពាក់កណ្ដាលថ្ងៃ យើងនឹងចូលរួមថ្នាក់សាលាថ្ងៃអាទិត្យ ។ បន្ទាប់មកនៅពេលល្ងាច យើងត្រឡប់ទៅការប្រជុំសាក្រាម៉ង់ ។ ជាមួយនឹងការប្រជុំទៅមកៗ វាហាក់ដូចជាពេលវេលារបស់យើងបានចំណាយលើសកម្មភាពសាសនាចក្រពេញមួយថ្ងៃអាទិត្យ ហើយនិងថ្ងៃផ្សេងៗទៀតអំឡុងពេលសប្ដាហ៍ ។
ខ្ញុំស្រឡាញ់សាសនាចក្របំផុត នៅពេលដែលខ្ញុំនៅក្មេង ជាពេលដំបូង ខ្ញុំមានអារម្មណ៍ថា វាមានអ្វីច្រើនជាងនេះទៅទៀត ។ នៅពេលដែលខ្ញុំមានអាយុប្រាំឆ្នាំ សន្និសីទដ៏សំខាន់មួយបានធ្វើនៅរោងឧបោសថ ។ យើងបានដើរតាមផ្លូវដែលយើងរស់នៅ ហើយកាត់ស្ពានតូចមួយឆ្ពោះទៅសាលាប្រជុំដ៏ធំ ហើយបានអង្គុយនៅប្រហែលជួរទី 10 នៅក្នុងសាលាជំនុំដ៏ធំ ។ ប្រធាននៃសាសនាចក្រ ដេវីឌ អូ. មិកឃេ គឺជាគណៈអធិបតី និង អ្នកនិយាយ ។ ខ្ញុំមិនចាំអ្វីដែលគាត់បាននិយាយនោះទេ ប៉ុន្ដែខ្ញុំចាំយ៉ាងច្បាស់អ្វីដែលខ្ញុំបានឃើញ និង អារម្មណ៍ដែលខ្ញុំបានមាន ។ ប្រធានមិកឃេ ស្លៀកពាក់អាវធំពណ៌សាច់ ជាមួយនឹងសក់ ស អង្កាញ់របស់គាត់ មើលទៅថ្លៃថ្នូរណាស់ ។ តាមប្រពៃណីនៅកោះ គាត់បានពាក់ខ្សែកដែលធ្វើដោយផ្កាក្រហមស្រស់ ។ នៅពេលដែលគាត់និយាយ ខ្ញុំមានអារម្មណ៍ថា មានអ្វីមួយពិតជាមានឥទ្ធិពលខ្លាំង និង ផ្ទាល់ខ្លួនមែនទែន ។ ក្រោយមក ខ្ញុំបានយល់ថា ខ្ញុំកំពុងមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងបានច្រៀងចម្រៀងបិទ ។
តើនរណាខ្លះនៅខាងព្រះអម្ចាស់ ? នរណាខ្លះ ?
ឥឡូវ វាជាពេលវេលាដើម្បីបង្ហាញហើយ ។
យើងសួរដោយគ្មានភ័យខ្លាចនោះទេ ។
តើនរណាខ្លះនៅខាងព្រះអម្ចាស់ ? នរណាខ្លះ ?
(«Who’s on the Lord’s Side?» ទំនុកតម្កើងព្រះ, ទំព័រ 260)
ជាមួយនឹងពាក្យទាំងនោះដែលបានច្រៀងដោយមនុស្សប្រមាណជាជិត 2,000 នាក់ ប៉ុន្ដែវាហាក់បីដូចជាពាក្យទាំងនោះក្លាយជាសំណួរដែលផុសឡើងចំពោះខ្ញុំ ខ្ញុំចង់ឈរ ហើយនិយាយថា « ខ្ញុំនៅខាងព្រះ ! »
មនុស្សមួយចំនួនទៅជាគិតពីសកម្មភាពនៅក្នុងសាសនាចក្រថាជាគោលដៅចុងក្រោយ ។ នៅត្រង់នេះ វាមានគ្រោះថ្នាក់ ។ វាអាចក្លាយជាសមាជិកសកម្មនៅក្នុងសាសនាចក្រ និង មិនសូវសកម្មនៅក្នុងដំណឹងល្អ ។ ខ្ញុំសូមបញ្ជាក់ថា ៖ សកម្មភាពនៅក្នុងសាសនាចក្រ គឺជាគោលដៅដែលយើងចង់បានបំផុត ។ ទោះយ៉ាងណាក្ដី វាមិនគ្រប់គ្រាន់នោះទេ ។ សកម្មភាពនៅក្នុងសាសនាចក្រ គឺជាការបង្ហាញខាងក្រៅនៃបំណងខាងវិញ្ញាណរបស់យើង ។ ប្រសិនបើយើងចូលរួមការប្រជុំរបស់យើង កាន់ខ្ជាប់ និង បំពេញទំនួលខុសត្រូវក្នុងព្រះវិហារ និង បម្រើអ្នកដទៃ នោះវានឹងត្រូវបានគេមើលឃើញជាសាធារណៈ ។
ផ្ទុយទៅវិញ អ្វីៗទាំងអស់នៃដំណឹងល្អ ជាធម្មតាមិនសូវមានគេមើលឃើញនោះទេ ហើយវាពិបាកជាងក្នុងការវាស់វែង ប៉ុន្ដែវាមានសារសំខាន់ដ៏អស់កល្បដ៏ប្រសើរ ។ ឧទាហរណ៍ តើយើងមានសេចក្ដីជំនឿច្រើនប៉ុណ្ណា ? តើយើងប្រែចិត្តបានប៉ុណ្ណា ? តើពិធីបរិសុទ្ធទាំងឡាយមានអត្ថន័យយ៉ាងណាចំពោះជីវិតរបស់យើង ? តើយើងផ្ដោតយកចិត្តទុកដាក់លើសេចក្ដីសញ្ញារបស់យើងបានប៉ុណ្ណា ?
ខ្ញុំសូមនិយាយម្ដងទៀតថា ៖ យើងត្រូវការដំណឹងល្អ និង សាសនាចក្រ ។ ជាការពិត គោលបំណងនៃសាសនាចក្រ គឺដើម្បីជួយយើងឲ្យរស់នៅតាមដំណឹងល្អ ។ ជាញឹកញាប់យើងឆ្ងល់ថា ៖ តើមនុស្សម្នាក់ដែលសកម្មយ៉ាងខ្លាំងនៅក្នុងសាសនាចក្រពេលនៅជាយុវវ័យ ហើយបន្ទាប់មកអាចទៅជាអសកម្មនៅពេលគេចាស់ទៅយ៉ាងម្ដេច ? តើមនុស្សពេញវ័យដែលបានចូលរួម និង បម្រើយ៉ាងទៀតទាត់អាចឈប់មកព្រះវិហារដោយរបៀបណា ? តើមនុស្សម្នាក់ដែលបាក់ទឹកចិត្តដោយសារអ្នកដឹកនាំ ឬ សមាជិកផ្សេងទៀតអាចអនុញ្ញាតឲ្យការណ៍នោះបញ្ចប់ការចូលរួមក្នុងសាសនាចក្ររបស់ពួកគេបានដោយរបៀបណា ? ប្រហែលហេតុផលគឺ ពួកគេមិនទាន់បានប្រែចិត្តជឿគ្រប់គ្រាន់ចំពោះដំណឹងល្អដែលជាអ្វីៗដ៏នៅអស់កល្បនៅឡើយទេ ។
ខ្ញុំស្នើនូវមធ្យោបាយគ្រឹះបី ដើម្បីឲ្យដំណឹងល្អក្លាយជាគ្រឹះរបស់យើង ៖
-
ធ្វើឲ្យការយល់ដឹងរបស់យើងកាន់តែស៊ីជម្រៅលើព្រះ ។ ចំណេះដឹងដែលទ្រទ្រង់ និង សេចក្ដីស្រឡាញ់ចំពោះសមាជិកបីអង្គនៃក្រុមព្រះគឺចាំបាច់ ។ សូមអធិស្ឋានដោយអស់ពីគំនិតទៅព្រះវរបិតា នៅក្នុងព្រះនាមនៃព្រះរាជបុត្រា និង ស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ ចូរដាក់បញ្ចូលការអធិស្ឋាននឹងការសិក្សាដ៏ខ្ជាប់ខ្ជួន និងការពិចារណាដោយបន្ទាបខ្លួនដោយឥតឈប់ឈរ នឹងសាងសេចក្ដីជំនឿដែលមិនអាចបោះបង់បានទៅលើព្រះយេស៊ូវគ្រីស្ទ ។ « ត្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ ... ដែលជាអ្នកចម្លែកចំពោះមនុស្សនោះ ហើយនៅឆ្ងាយពីសតិអារម្មណ៍ និង បំណងនៃដួងចិត្តខ្លួនដូចម្ដេចបាន ? » ( ម៉ូសាយ 5:13 ) ។
-
សូមផ្ដោតលើពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា ។ ប្រសិនបើមានពិធីបរិសុទ្ធសំខាន់ៗដែលមិនទាន់បានធ្វើក្នុងជីវិតរបស់អ្នកនៅឡើយ សូមរៀបចំដោយមានបំណងដើម្បីទទួលពិធីទាំងនោះ ។ បន្ទាប់មក យើងត្រូវបង្កើតវិន័យដើម្បីរស់នៅដោយស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើង ប្រើប្រាស់ទាំងស្រុងនូវអំណោយនៃសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ។ ពួកយើងជាច្រើន មិនត្រូវបានផ្លាស់ប្ដូរជាទៀងទាត់ដោយអំណាចសម្អាតនៃពិធីនោះទេដោយសារតែការខ្វះការគោរពរបស់យើងចំពោះពិធីដ៏បរិសុទ្ធនេះ ។
-
បង្រួមដំណឹងល្អជាមួយនឹងសាសនាចក្រ ។ នៅពេលយើងផ្ដោតលើដំណឹងល្អ សាសនាចក្រនឹងបានជាពរជ័យដ៏ច្រើនឡើងនៅក្នុងជីវិតរបស់យើង ។ នៅពេលដែលយើងមកការប្រជុំនីមួយៗដែលបានរៀបចំដើម្បី « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » ( គ. & ស. 88:118 ) ព្រះវិញ្ញាណនឹងក្លាយជាគ្រួរបស់យើង ។ ប្រសិនបើយើងជាការកំសាន្ត ជាញឹកញាប់យើងនឹងបាក់ទឹកចិត្ត ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ធ្លាប់បានសួរថា « តើអ្នកធ្វើអ្វីនៅពេលដែលអ្នកឃើញថាខ្លួនអ្នកកំពុងនៅក្នុងការប្រជុំសាក្រាម៉ង់ដ៏គួរឲ្យធុញទ្រាន់ ? » ចម្លើយរបស់គាត់គឺ ៖ « ខ្ញុំមិនដឹងទេ ។ ខ្ញុំមិនធ្លាប់ជួបទេ » ( ដកស្រង់ដោយ Gene R. Cook នៅក្នុង Gerry Avant « Learning Gospel Is Lifetime Pursuit » ព័ត៌មានសាសនាចក្រ ថ្ងៃទី 24 ខែ មីនា ឆ្នាំ 1990 ទំព័រ 10 ) ។
នៅក្នុងជីវិតរបស់យើង យើងគួរចង់បានអ្វីដែលបានកើតឡើងក្រោយពីព្រះអម្ចាស់បានមកជួបប្រជាជននៃពិភពលោកថ្មី និង បង្កើតសាសនាចក្ររបស់ទ្រង់ ។ ព្រះគម្ពីរបានប្រាប់ថា ៖ « ហើយហេតុការណ៍បានកើតឡើងថា ដោយហេតុនេះទើបពួកគេបានដើរទៅសព្វក្នុងចំណោមប្រជាជននីហ្វៃ ហើយបានផ្សាយដំណឹងល្អនៃព្រះគ្រីស្ទ ដល់គ្រប់ប្រជាជននៅលើផ្ទៃផែនដី ហើយពួកគេបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយចូលរួមក្នុងសាសនាចក្រនៃព្រះគ្រីស្ទ ម៉្លោះហើយ ប្រជាជននៅក្នុងតំណនោះ បានទទួលពរ » ( នីហ្វៃទី 3 28:23 ) ។
ព្រះអម្ចាស់ចង់ឲ្យសមាជិកនៃសាសនាចក្ររបស់ទ្រង់បានប្រែចិត្តជឿទាំងស្រុងចំពោះដំណឹងល្អរបស់ទ្រង់ ។ នេះគឺជាផ្លូវពិតប្រាកដតែមួយគត់ដើម្បីមានសុវត្ថិភាពខាងវិញ្ញាណនាពេលឥឡូវ និង សុភមង្គលជារៀងរហូត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។