ឆ្នាំ ២០១០-២០១៩
ហេតុផល​នៃ​ការបម្រើ​បព្វជិតភាព
មេសា 2012


ហេតុផល​នៃ​ការបម្រើ​បព្វជិតភាព ?

ការយល់​ពី​ហេតុផល​នៃ​ដំណឹងល្អ និង មូលហេតុ​នៃ​បព្វជិតភាព នឹង​ជួយយើង​ឲ្យ​ឃើញ​ពី​គោលបំណង​ដ៏​ទេវភាព​នៃ​រឿង​ទាំងអស់នេះ ។

ខ្ញុំ​ស្រឡាញ់​ឱកាសដ៏អស្ចារ្យ​នេះ​ ​ដើម្បី​ជួប​នឹង​បងប្អូន​ប្រុស​ខាង​បព្វជិតភាព ហើយ​រីករាយ​ជាមួយ​នឹង​អ្នក​នៅក្នុង​ភាពដ៏អស្ចារ្យ និង ភាពស្រស់បំព្រង​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​សរសើរ​ចំពោះ​សេចក្ដី​ជំនឿ​ កិច្ចការល្អ និង អំពើ​ល្អ​ជាប់លាប់​របស់​អ្នក ។

យើង​មាន​ចំណង​រួម​ដែល​យើង​ទាំងអស់​គ្នា​ទទួល​បាន​ការតែងតាំង​ឲ្យ​មាន​បព្វជិតភាព​នៃ​ព្រះ​ពី​អ្នកដែល​បាន​ទុកចិត្ត​ដោយ​សិទ្ធិ​អំណាច​ និង​អំណាច​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ នេះ​គឺជា​ពរជ័យ​ដ៏​ធំ​អស្ចារ្យ ។ វា​ជា​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ ។

អំណាច​នៃ​ហេតុផល

ថ្មីៗ​នេះ ខ្ញុំ​បាន​គិត​អំពី​ការហៅ​បម្រើ​ដ៏​សំខាន់​ពីរ​ដែល​ខ្ញុំ​បាន​ទទួល​ជា​អ្នកកាន់​បព្វជិតភាព​នៅក្នុង​សាសនាចក្រ ។

ការហៅបម្រើ​ទី​មួយ​បាន​មក​កាល ខ្ញុំនៅ​ជា​ឌីកុន ។ ខ្ញុំ​បាន​ចូលរូម​ជាមួយ​នឹង​គ្រួសារ​របស់​ខ្ញុំ​នៅ​សាខា​សាសនាចក្រ​នៅ ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ។ យើង​បាន​ទទួល​ពរជ័យ​ដោយ​មាន​មនុស្ស​អស្ចារ្យ​ជាច្រើន​នៅក្នុង​សាខា​ដ៏​តូច​របស់​យើង ។ មាន​ម្នាក់​គឺជា​ប្រធាន​សាខា​របស់​យើង​គឺ បងប្រុស លែនឆល ។ ខ្ញុំ​កោតសរសើរ​គាត់​ខ្លាំង​ណាស់ ទោះបីជា​គាត់​ហាក់ដូចជា​តែង​តែ​ហ្មត់ចត់ ច្បាស់លាស់ ហើយ​ភាគច្រើន​ស្លៀកពាក់​អាវធំ​ពណ៌ខ្មៅ ។ ខ្ញុំ​ចាំ​ថា នៅពេល​ខ្ញុំ​នៅ​ក្មេង ពេល​ខ្ញុំ​កំពុង​តែ​និយាយ​លេង​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ខ្ញុំ​ពី​ការមិន​ទាន់​សម័យ​របស់​ប្រធាន​សាខា​យើងបាន​មក​ ។

ឥឡូវនេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​សើច​ពេល​គិត​អំពី​រឿង​នេះ ដោយសារ​វា​ពិត​ជា​អាច ​ដែល​យុវវ័យ​នៃ​សាសនាចក្រ​បច្ចុប្បន្ន​ពិត​ជា​មើល​មក​ខ្ញុំ​ក្នុង​របៀប​ដូចគ្នា ។

នៅថ្ងៃ​អាទិត្យ​មួយ ប្រធាន លែនឆល បាន​សុំ​ខ្ញុំ​ថា​តើ​គាត់​អាច​និយាយ​ជាមួយ​នឹង​ខ្ញុំ​បាន​ទេ ។

គំនិត​ដំបូង​របស់​ខ្ញុំ​គឺ​ថា « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស ? » ខួរក្បាល​របស់​ខ្ញុំ​បាន​ពិចារណា​យ៉ាង​លឿន​អំពី​រឿង​ជាច្រើន​ដែល​ខ្ញុំ​ប្រហែល​ជា​បាន​ធ្វើ​ដែល​អាច​បំផុស​គំនិត​ឲ្យ​មាន​ការជជែក​រវាង​ប្រធាន​សាខា និង ឌីកុន ។

ប្រធាន លែនឆល បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​ថ្នាក់រៀន​តូច​មួយ ដោយសារ​ព្រះវិហារ​ដ៏​តូច​​របស់​យើង​មិន​មាន​ការិយាល័យ​សម្រាប់​ប្រធាន​សាខា​នោះ​ទេ ហើយ​នៅ​ទីនោះ គាត់​បាន​ផ្ដល់​ការហៅ​បម្រើឲ្យ​ខ្ញុំ​ជា​ប្រធាន​កូរ៉ុម​ឌីកុន ។

គាត់​និយាយ​ថា « នេះ​ជា​តំណែង​ដ៏​សំខាន់​មួយ » ហើយ​បន្ទាប់​មក​គាត់​បាន​ចំណាយ​ពេល​របស់​គាត់​រៀបរាប់​ពី​ហេតុផល ។ គាត់​បាន​ពន្យល់​ពី​អ្វី​ដែល​គាត់ និង ព្រះអម្ចាស់​បាន​សង្ឃឹម​លើ​ខ្ញុំ និង ពី​របៀប​ដែលខ្ញុំ​អាច​ទទួល​ជំនួយ ។

ខ្ញុំ​មិន​បាន​ចាំ​អ្វី​ច្រើន​ដែល​គាត់​បាន​និយាយ​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន ។ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដ៏​ពិសិដ្ឋ និង ដ៏ទេវភាព​នៅក្នុង​ចិត្ត​របស់​ខ្ញុំ​នៅពេល​ដែល​គាត់​មាន​ប្រសាសន៍ ។ ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ការហៅបម្រើ​ដែល​គាត់​បាន​ផ្ដល់​នោះ​គឺ​ត្រូវ​បាន​បំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​ដើរ​ចេញ​ពី​បន្ទប់​តូច​នោះ​មាន​អារម្មណ៍​ថា​ខ្ញុំ​ខ្ពស់​ជាង​មុន​បន្ដិច ។

វា​មាន​រយៈពេល​ជិត 60 ឆ្នាំ​ហើយ​ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ហើយ​ខ្ញុំ​នៅតែ​ដក់​ពី​អារម្មណ៍​ទាំងនេះ​ពី​ការទុកចិត្ត និង សេចក្ដីស្រឡាញ់ ។

ពេល​ខ្ញុំ​គិត​ពី​បទពិសោធន៍​អតីតកាល​នេះ ខ្ញុំ​ព្យាយាម​ចងចាំ​ពី​ចំនួន​ឌីកុន​ដែល​មាន​នៅក្នុង​សាខា​របស់​យើង​នា​ពេល​នោះ ។ ការចងចាំ​ល្អ​បំផុត​របស់​ខ្ញុំ​គឺ ខ្ញុំ​ជឿ​ថា​មានឌីកុន​ពីរ​នាក់ ។ ទោះ​យ៉ាង​ណា​ក្ដី នេះ​អាច​ជា​ការពន្លើស​មួយដ៏ធំ ។

ប៉ុន្តែ​វា​ពិត​ជាពុំជា​​បញ្ហា​​ថា​ មាន​ឌីកុន​មួយ ឬក៏​ច្រើន​នោះ​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស ហើយ​ខ្ញុំ​ចង់​បម្រើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ហើយខ្ញុំ​មិន​ចង់​ឲ្យ​ប្រធាន​សាខា​របស់​ខ្ញុំ ឬ ព្រះអម្ចាស់​អាក់អន់​ចិត្ត​ឡើយ ។

ឥឡូវ ខ្ញុំ​ដឹង​ថា​ប្រធាន​សាខា​អាច​គ្រាន់តែ​ធ្វើការ​តាម​អារម្មណ៍​របស់​គាត់​នៅពេល​ដែល​គាត់​បាន​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​តួនាទី​នេះ ។ គាត់​អាច​ប្រាប់​ខ្ញុំ​យ៉ាង​សាមញ្ញ​នៅ​តាម​សាល​ធំ ឬ អំឡុង​ពេល​ប្រជុំ​បព្វជិតភាព​យើង​ថា​ខ្ញុំ​គឺ​ជា​ប្រធាន​កូរ៉ុម​ឌីកុន​ថ្មី ។

ផ្ទុយ​មក​វិញ គាត់​បាន​ចំណាយ​ពេល​ជាមួយ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​យល់​មិន​ត្រឹមតែ​ពី​អ្វី​ទៅ​ជា​កិច្ចការ​ និង​ការ​ទទួល​ខុសត្រូវ​ថ្មី​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​យល់​អំពី​មូលហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​នេះ ។

នោះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នោះ​ទេ ។

ចំណុច​នៅ​ក្នុង​រឿង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​របៀប​ដើម្បី​ផ្ដល់​ការហៅ​បម្រើ​នៅក្នុង​សាសនា​ចក្រ​នោះ​ទេ ( ទោះបី នេះ​ជា​មេរៀន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ពី​របៀប​សមរម្យ​ក្នុង​ការធ្វើ​តាម​ក៏ដោយ ។ ) នេះ​ជា​គំរូ​មួយ​សម្រាប់​ខ្ញុំ​ដែលជម្រុញ​អំណាច​នៃ​ការដឹកនាំ​បព្វជិតភាព​ដែល​ដាស់​វិញ្ញាណ និង បំផុស​ជា​សកម្មភាព​ឡើង ។

យើង​ត្រូវការ​ការរំលឹក​ជាញឹកញាប់​ពី​ហេតុផល​ដ៏​អស់កល្ប​ដែល​បង្កប់​ក្នុង​រឿង​អ្វីៗ​ដែល​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ ។ គោលការណ៍​នៃ​ដំណឹងល្អ​ជា​មូលដ្ឋាន ត្រូវ​រួម​បញ្ចូល​គ្នា​នៅក្នុង​ជីវិត​របស់​យើង ទោះបី​ជា​វា​មានន័យ​ថា​រៀន​ហើយ​រៀន​ទៀត​ក៏​ដោយ ។ នោះ​មិន​មាន​ន័យ​ថា​ដំណើរការ​នេះ គួរ​ជា​ការដដែល ឬ គួរ​ឲ្យ​ធុញទ្រាន់​នោះ​ទេ ។ ជាជាង​ពេល​យើង​បង្រៀន​គោលការណ៍​គ្រឹះ​ក្នុង​ផ្ទះ ឬ សាសនាចក្រ​យើង ចូរ​ឲ្យ​ចំណង់​ដ៏រីករាយ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ និង ទីបន្ទាល់​ដ៏មោះមុត​របស់​យើង អាច​ជួយ​ព្រលឹង​មនុស្ស​ជាច្រើន​ដែល​យើង​បង្រៀន​ឲ្យ​ទទួល​បាន​នូវ​ចំណេះ សន្ដិភាព និង សុភមង្គល ។

ពី​ឌីកុន​ដែល​តែងតាំង​ថ្មី​បំផុត​ទៅដល់​សង្ឃ​ជាន់​ខ្ពស់​រៀមច្បង​​បំផុត យើង​មាន​បញ្ជី​ពី​អ្វី​ដែល​យើង​អាច​ធ្វើ និង គួរតែ​ធ្វើ​ក្នុង​ទំនួលខុសត្រូវ​បព្វជិតភាព​របស់​យើង ។ អ្វី​ទៅ​ជា​ការ​បម្រើ​ក្នុង​បព្វជិតភាព​គឺ​សំខាន់​នៅក្នុង​ការងារ​របស់​យើង ហើយ​យើង​ត្រូវ​ចូលរួម ។ ប៉ុន្ដែ​វា​នៅក្នុង​ហេតុផល​ត្រូវ​បម្រើ​ក្នុង​បព្វជិតភាព​ដែល​យើង​ស្វែងរក​ឃើញ​នូវ​ការជម្រុញ​ទឹកចិត្ត ចំណង់ និង អំណាច​នៃ​បព្វជិតភាព ។

អ្វី​ជា​ការបម្រើ​បព្វជិតភាព​បង្រៀន​យើង​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ មូលហេតុ ជួយ​បំផុស​វិញ្ញាណ​យើង ។

អ្វី​ជា​ការបម្រើ​បព្វជិតភាព ប្រាប់​យើង ប៉ុន្ដែ​ហេតុផល​ជា​អ្នក​ផ្លាស់ប្ដូរ​យើង ។

ភាពបរិបូរណ៍​នៃ​ការណ៍ « ល្អ » ដែល​ត្រូវ​ធ្វើ

ការហៅ​បម្រើ​បព្វជិតភាព​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​គិត ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ជាច្រើន​ឆ្នាំ​ក្រោយមក​នៅពេល​ដែល​ខ្ញុំ​មាន​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ។ យើង​បាន​ប្ដូរ​ផ្ទះ​ទៅ ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ហើយខ្ញុំ​ទើបតែ​ទទួល​បាន​ការឡើង​តំណែង​នៅ​កន្លែង​ធ្វើការ​ដែល​ត្រូវ​ការ​ចំណាយ​ពេលវេលា និង ការយកចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ។ អំឡុង​ពេល​រវល់​នៃ​ជីវិត​របស់​ខ្ញុំ អ៊ែលឌើរ យ៉ូសែប  ប៊ី. វ៉ឺតលីនបាន​ផ្ដល់​ការហៅ​បម្រើ​មួយ​មក​ខ្ញុំ​ដើម្បី​បម្រើ​ជា​ប្រធាន​សេ្ដក ។

អំឡុងពេល​នៃ​ការសម្ភាសន៍​របស់​ខ្ញុំ​ជាមួយ​នឹង​គាត់ គំនិត​ជា​ច្រើន​បាន​កើតមានក្នុង​គំនិតរបស់​ខ្ញុំ ដែល​សំខាន់​បំផុត​នោះ​គឺ​ការបារម្ភ​ដែល​មិន​ស្ងប់​រម្ងាប់​ថា ខ្ញុំ​អាច​នឹង​មិន​អាច​មាន​ពេល​ដើម្បី​ធ្វើ​ការហៅ​បម្រើ​នេះ ។ ថ្វីបើ ខ្ញុំមានអារម្មណ៍​រាបទាប និង មាន​កិត្តិយស​ដោយ​​ការ​ហៅ​នោះ​ក៏ដោយ រំពេចនោះខ្ញុំបានគិតថា តើ​ខ្ញុំ​អាច​ទទួល​យក​វា​បាន​ឬ​ក៏​អត់ ។ ប៉ុន្ដែ​វា​គ្រាន់តែ​ជា​គំនិត​មួយ​ពព្រិច​ភ្នែក ពីព្រោះ​ខ្ញុំ​បាន​ដឹង​ថា​អ៊ែលឌើរ វ៉ឺតលីន ត្រូវ​បាន​ហៅ​ពី​ព្រះ ហើយ​ថា​គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ទទួល​យក​នោះ ?

មាន​ពេល​ខ្លះ​ដែល​យើង​ត្រូវ​ដើរ​ទៅក្នុង​កន្លែង​ងងឹត​ដោយ​សេចក្ដី​ជំនឿ ភាពជឿជាក់​ថា​ព្រះ​នឹង​ផ្ដល់​ចម្លើយ និង ការចង្អុលបង្ហាញ​ទិសដៅ​ឲ្យ​យើង​ទៅ​កន្លែង​ដែល​យើង​នឹង​ត្រូវ​បំពេញ​កិច្ចការ​នោះ ។ ហើយ​ដូច្នេះ ខ្ញុំ​ទទួល​យក​ការហៅ​បម្រើ​នោះ​ដោយ​សេចក្ដី​រីករាយ ដោយ​ដឹង​ថា​ព្រះ​នឹង​ផ្ដល់​មធ្យោបាយ​ឲ្យ​ខ្ញុំ ។

នៅពេល​ចាប់ផ្តើម​ដំបូង​នៃ​កិច្ចការ​នេះ ក្នុង​ឋានៈ​ជា​សេ្ដក យើង​មាន​ឯកសិទ្ធិ​ទទួល​ការហ្វឹកហ្វឺន​ពី​គ្រូ និង អ្នកដឹកនាំដ៏​អស្ចារ្យ​ខ្លះៗ​នៅក្នុង​សាសនាចក្រ ដូចជា​អ៊ែលឌើរ រ័សុល  អិម ណិលសុន និង ប្រធាន ថូម៉ាស  អេស ម៉នសុន ។ ការបង្រៀន​របស់​ពួកគេ​គឺ​ដូចជា​ទឹកសន្សើម​ពី​ស្ថានសួគ៌ ហើយ​វា​ជា​ការបំផុស​គំនិត​សម្រាប់​យើង ។ ខ្ញុំ​នៅតែ​មាន​កំណត់ចំណាំ​ដែល​ខ្ញុំ​បាន​កត់​អំឡុង​ពេល​ហ្វឹកហ្វឺន​ទាំងនេះ ។ បងប្រុស​ទាំងនេះ បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការយល់ដឹង​ពី​អត្ថន័យ​ក្នុង​ការស្ថាបនា​នគរ​ព្រះ ដោយ​ការសាង​សក្ខីភាព​ផ្ទាល់ខ្លួន និង ពង្រឹង​ក្រុមគ្រួសារ ។ ពួកគេ​បាន​ជួយ​យើង​ឲ្យ​ឃើញ​របៀប​ដើម្បី​អនុវត្ត​សេចក្ដីពិត និង គោលការណ៍​នៃ​ដំណឹងល្អ​មក​ក្នុង​កាលៈទេសៈ​ជាក់លាក់​នៅពេល​ណាមួយ​ជាក់លាក់​របស់​យើង ។ និយាយ​ម្យ៉ាង​ទៀត​ថា អ្នកដឹកនាំ​ដោយ​ការបំផុស​គំនិត​បាន​ជួយ​យើង​ឲ្យ​ឃើញ​ពី​ហេតុផល​នៃ​ដំណឹងល្អ ហើយ​យើង​ត្រូវ​មូរ​ដៃ​អាវ​យើង​ឡើង រួចហើយ​ចេញ​ទៅ​ធ្វើការ ។

វា​មិន​យូរ​ទេ​មុនពេល​ដែល​យើង​បាន​ដឹង​ថា​មាន​ការណ៍​ជាច្រើន​ដែល​គណៈប្រធាន​ស្ដេក​អាច​ធ្វើ តាម​ពិត​វា​មាន​ច្រើនណាស់​ ប្រសិន​បើ​យើង​មិន​ដាក់​អាទិភាព​នៃ​ការបំផុស​គំនិត​មុន​នោះ​ទេ នៅ​ទី​បញ្ចប់​យើង​អាច​ខកមិន​បាន​ធ្វើ​រឿង​សំខាន់ៗ​ជាច្រើន ។ អាទិភាព​ដែល​ប្រណាំងប្រជែង​ចាប់ផ្ដើម​លេច​ចេញ​មក ដែល​បាន​បង្វែរ​ការផ្ដោត​អារម្មណ៍​របស់​យើង​ពី​ការយល់ដឹង​ដែល​បាន​ចែកចាយ​ដោយ​បងប្អូន​ប្រុស​ទាំងនោះ ។ មាន​ការណ៍ « ល្អ » ជាច្រើន​ធ្វើ ប៉ុន្ដែ​មិន​មែន​ការណ៍​ទាំងអស់​សុទ្ធ​តែ​សំខាន់​បំផុតនោះទេ។

យើង​រៀន​មេរៀន​ដ៏​សំខាន់​មួយ​ពី​ការពិត​ដែល​ថា​អ្វី​មួយ​ល្អ គឺ​មិន​ដែល​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ចំណាយ​ពេលវេលា និង ធនធាន​របស់​យើង​នោះ​ទេ ។ សកម្មភាព គំនិត​ផ្ដួចផ្ដើម និង គម្រោង​របស់​យើង​គួរ​បំផុស និង ផ្ដោត​លើ​​ហេតុផល​ក្នុង​ការបម្រើ​បព្វជិតភាព​របស់យើង​ មិនមែន​ដោយ​និន្នាការ​ និង ចំណាប់​អារម្មណ៍​​​ដ៏​ឆើតឆាយ​នៃ​ពេលនេះ​ទេ ។ បើ​មិន​ដូច្នោះ​​ទេ វា​អាច​បង្វែរ​យើងចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​យើង ធ្វើ​ឲ្យ​កម្លាំង​របស់​យើង​ខ្សោយ​ទៅ និង ធ្វើ​ឲ្យ​យើង​ផ្ដោត​​ចំណាប់​អារម្មណ៍ ​ខាង​វិញ្ញាណ ឬ ខាង​សាច់ឈាមយើង​​​​ដែល​មិន​មែន​ជា​​គ្រឹះនៃ​ភាព​ជា​សិស្ស​​ជាប់​លើ​វា ។

បងប្អូន​ប្រុស យើង​ទាំងអស់​គ្នា​ដឹង​ថា វា​ត្រូវការ​វិន័យ​ផ្ទាល់​ខ្លួន​ដើម្បី​នៅតែ​បន្ដ​ផ្ដោតលើ​បញ្ហា​ទាំងអស់​ដែល​មាន​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការបង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង សម្រាប់​មនុស្ស​ជាតិ ធ្វើ​ឲ្យ​​អាពាហ៍ពិពាហ៍រឹង​មាំ ពង្រឹង​ក្រុម​គ្រួសារ និង កសាង​នគរ​ព្រះ​នៅ​លើ​ផែនដី ។ ដូចជា​ដើមឈើ​ហូបផ្លែ​ដែល​មាន​មែក​ច្រើន និង មាន​ស្លឹក​ច្រើន​ឥត​គណនា ជីវិត​របស់​យើង​ក៏​ត្រូវការ​កាត់​ចោល​នូវ​ការរំខានរាល់ដង​​ជាច្រើន ដើម្បី​ធានា​ថា​យើង​ប្រើប្រាស់​កម្លាំង និង ពេលវេលា​របស់​យើង​ឲ្យ​សម្រេច​បាន​គោលបំណង​ពិតប្រាកដ​របស់​យើង​ ដើម្បីបញ្ចេញ​​ផ្លែឈើ​ល្អ ! 1

អ្នក​មិន​នៅ​ឯកោ​ទេ

ដូច្នេះ តើ​យើង​អាច​ដឹង​ថា​ត្រូវ​ជ្រើសរើស​អ្វី​ដោយ​របៀប​ណា ? យើង​ម្នាក់ៗ​មាន​ទំនួលខុសត្រូវ​ក្នុង​ការសម្រេច​ចិត្ត​សម្រាប់​ខ្លួន​ឯង ។ ទោះយ៉ាង​ណា​ក្ដី យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀន​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម គោរព​តាម​ពាក្យសម្ដី​របស់​ព្យាការី ហើយ​ជា​ការអធិស្ឋាន​ដែល​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ ការលះបង់ និង​ដោយ​ហ្មត់ចត់ ។

បងប្អូន​ប្រុស ព្រះ​មាន​សេចក្ដី​ស្មោះត្រង់ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​និយាយ​នៅក្នុង​គំនិត និង ដួងចិត្ត​របស់​យើង​អំពី​ផ្លូវ​ដែល​យើង​គួរតែ​ដើរ​តាម​អំឡុងពេល​វគ្គ​មួយៗ​ក្នុង​ជីវិត​របស់​យើង ។

ប្រសិន​បើ​ចិត្ត​របស់​យើង​បរិសុទ្ធ ប្រសិន​បើ​យើង​មិន​ស្វែងរក​សិរីល្អ​ផ្ទាល់​ខ្លួន​យើង ប៉ុន្ដែ​ស្វែងរក​សិរី​ល្អ​នៃ​ព្រះដ៏​មាន​ឫទ្ធិ​អំណាច​វិញ ប្រសិន​បើ​យើង​ចង់​ធ្វើ​តាម​ព្រះហឬទ័យ​របស់​ទ្រង់ ប្រសិនបើ​យើង​ចង់​ប្រសិទ្ធិពរ​ដល់​ជីវិត​ក្រុមគ្រួសារ​របស់​យើង និង មនុស្ស​ជាតិ​យើង យើង​នឹង​មិន​ដែល​ត្រូវ​គេ​ទុក​ឲ្យ​នៅ​ឯកោ​នោះ​ទេ ។ ដូចជា​អ្វី​ដែល​ប្រធាន Monson បាន​រំលឹក​យើង​ជា​ញឹកញាប់​ថា « នៅពេល​ដែល​យើង​នៅក្នុង​បេសកកម្ម​របស់​ព្រះអម្ចាស់ យើង​ត្រូវ​បាន​ប្រទាន​ជំនួយ​ពី​ទ្រង់ » ។2

ព្រះវរបិតា​សួគ៌​របស់​អ្នក « នឹង​ទៅ​ពី​មុខ​អ្នក ។ [ ទ្រង់ ] នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក និង ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ [ របស់​ទ្រង់ ] នឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួកទេវតា [ របស់​ទ្រង់ ] នៅ​ព័ទ្ធ​ជុំវិញ​អ្នក​ដើម្បី​ទ្រ​អ្នក​ឡើង » ។ 3

អំណាច​នៃ​ការអនុវត្ត

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ពរជ័យ​ដ៏​ទេវភាព​ទាំងអស់​ចំពោះ​ការបម្រើ​បព្វជិតភាព​ ​បាន​មក​ដោយសារ​ការខិតខំ​ប្រឹងប្រែង​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​យើង, ឆន្ទៈ​យើង​ក្នុង​ការលះបង់, និង បំណង​យើង​ក្នុង​ការធ្វើ​ត្រូវ ។ សូម​យើង​ក្លាយ​ជា​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ ។ ការចែកចាយ​គឺ​ល្អ ប៉ុន្ដែ​ការបង្រៀន​ដែល​មិន​នាំ​ទៅ​រក​សកម្មភាព គឺ​ប្រៀប​ដូចជា​ភ្លើង​ដែល​គ្មាន​កំដៅ ឬ ដូច​ទឹក​ដែល​ផឹក​មិន​ឆ្អែត ។

នៅពេល​យើង​អនុវត្ត​គោលលទ្ធិ​នោះ​យើង​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ដ៏​ស័ក្ដិសិទ្ធ​នៃ​ដំណឹងល្អ​ដែល​ឆាប​ឆេះ​ និង អំណាច​នៃ​បព្វជិតភាព​មាន​ឥទ្ធិពល​លើ​យើង ហើយ​បំភ្លឺ​ព្រលឹង​របស់​យើង ។

ថូម៉ាស អេឌីសុន ជា​បុរស​ដែល​ផ្ដល់​ឲ្យ​ពិភពលោក​នូវ​អំពូល​អគ្គិសនី​ដ៏ភ្លឺ​បាន​និយាយ​ថា « តម្លៃ​នៃ​គំនិត​មួយ​ស្ថិត​លើ​ការប្រើប្រាស់​គំនិត​នោះ » ។ 4 ក្នុង​របៀប​ដូចគ្នា គោលលទ្ធិ​នៃ​ដំណឹងល្អ កាន់តែ​មាន​តម្លៃ​ឡើង​នៅពេល​ដែល​វា​ត្រូវ​បាន​គេ​អនុវត្ត ។

យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គោលលទ្ធិ​នៃ​បព្វជិតភាព​កា្លយ​ជា​អសកម្មភាព​នៅក្នុង​ចិត្ត​យើង​បាន​ទេ ហើយ​មិន​បាន​អនុវត្ត​ចូល​ក្នុង​ជីវិត​របស់​យើង ។ បើ​មាន​អាពាហ៍ពិពាហ៍ ឬ ក្រុមគ្រួសារ​ត្រូវ​ការ​ការសង្គ្រោះ ឬប្រហែល​ជា​ខ្លួន​យើង​ផង សូម​កុំ​ឈរ​មើល​ឡើយ ។ សូម​យើង​អរព្រះគុណ​ដល់​ព្រះ​សម្រាប់​ផែនការ​នៃ​សុភមង្គល​ដែល​រួមមាន​សេចក្ដីជំនឿ ការប្រែចិត្ត ការអភ័យទោស និង ការចាប់ផ្ដើម​ជា​ថ្មី ។ ការអនុវត្ត​គោលលទ្ធិ​បព្វជិតភាព​នឹង​ធ្វើ​ឲ្យ​យើង​ពេញ​លក្ខណៈ​ជា​ស្វាមី ឪពុក និង កូនប្រុស​ដែល​យល់​ពី​ហេតុផល​នៃ​បព្វជិតភាព​ និង អំណាច​របស់​វា​ដើម្បី​នឹក​ឃើញ និង ចាប់​បាន​សម្រស់ និង ភាពបរិសុទ្ធ​នៃ​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សន្និសីទ​ទូទៅ តែងតែ​ជា​ពេល​ល្អ​សម្រាប់​ទាំង​ការស្ដាប់ និង ការ​ធ្វើ​តាម ។ ហេតុដូច្នេះ ចូរ​យើង « ជា...អ្នកប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ » ។5 បងប្អូន​ប្រុស ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ពិចារណា​អំពី​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ដោយ​អ្នកបម្រើ​របស់​ព្រះ​នៅ​ចុងសប្ដាហ៍​នេះ ។ ​បន្ទាប់មក​លុត​ជង្គង់​ចុះ ។ ទូល​សូម​ដល់​ព្រះ ជា​ព្រះវរបិតា​​សួគ៌​របស់​យើង ​ឲ្យ​ជួយ​បំភ្លឺ​គំនិត​របស់​អ្នក និង ផ្ដល់​អារម្មណ៍​ល្អ​ដល់​អ្នក ។ ទូល​អង្វរ​សុំ​​ទ្រង់​សម្រាប់​ការណែនាំ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ក្នុង​ការទទួលខុសត្រូវ​នៅក្នុង​សាសនាចក្រ​របស់​អ្នក និង ក្នុងឧបសគ្គ​ជាក់លាក់​ណាមួយ​របស់​អ្នក​ក្នុង​គ្រា​នេះ ។ ដើរតាម​ការញ៉ាំង​ចិត្ត​ពី​ព្រះវិញ្ញាណ សូម​កុំ​ពន្យារ​ពេល ។ ប្រសិនបើ​អ្នក​ធ្វើអ្វី​ទាំងអស់​នេះ ខ្ញុំ​សូម​សន្យា​ថា ព្រះអម្ចាស់​នឹង​មិន​ចាកចេញ​ពី​អ្នក​ឲ្យ​អ្នក​នៅ​ឯកោ​ធ្វើការ​តែម្នាក់​ឯង​នោះ​ឡើយ ។

បន្ដ​ដោយ​ភាពអត់ធ្មត់

យើង​ដឹង​ថា ផ្ទុយ​ពី​ការចង់បាន​បំផុត​របស់​យើង រឿង​អ្វីៗ​វា​មិន​ដូច​ជា​ការដែល​យើង​បាន​គ្រោង​ទុក​នោះ​ទេ ។ យើង​ធ្វើ​ខុស​នៅក្នុង​ជីវិត​នេះ និង នៅក្នុង​ការបម្រើ​បព្វជិតភាព​របស់​យើង ។ ម្ដងម្កាល យើង​ជំពប់​ជើង​ដួល ហើយ​បាន​ធ្លាក់​ចុះ ។

នៅពេល​ដែល​ព្រះអម្ចាស់​ទូន្មាន​យើង​ឲ្យ « ស៊ូ​នៅក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់ [យើង] បាន​ល្អ​ឥតខ្ចោះ »6 ទ្រង់​ដឹង​ថា វា​ត្រូវការ​ពេលវេលា និង ការខ្ជាប់ខ្ជួន ។ ការយល់​ពី​ហេតុផល​នៃ​ដំណឹងល្អ និង មូលហេតុ​នៃ​បព្វជិតភាព នឹង​ជួយយើង​ឲ្យ​ឃើញ​ពី​គោលបំណង​ដ៏​ទេវភាព​នៃ​រឿង​ទាំងអស់​នេះ​ ។ វា​នឹង​​ជម្រុញ​យើង និង ផ្ដល់​កម្លាំង​ដល់​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ទោះបី​ជា​ពេល​វា​លំបាក​ក៏​ដោយ ។ ការបន្ដ​ផ្តោត​លើ​គោលការណ៍​គ្រឹះ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​នឹង​ជួយ​យើង​ឲ្យ​មាន​ពរជ័យ​ជាមួយនឹងភាព​ច្បាស់លាស់ ​ចំណេះដឹង និង ការដឹកនាំ ។

«តើ​យើង​មិន​ទៅ​សម្រាប់​ការណ៍​ល្អ​ទេ​ឬ?» 7 មែនហើយ បងប្អូន​ប្រុស យើង​នឹង​ទៅ!

ដោយ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​រៀន​ពី​កំហុស​របស់​យើង ។ ប្រសិន​បើ​យើង​ដួល យើង​នឹង​ក្រោក​ឡើង​វិញ ។ ប្រសិន​បើ​យើង​បាក់ទឹកចិត្ត យើង​នឹង​បន្ដ​ទៅមុខ​ទៀត ។ យើង​នឹង​មិន​ផ្លាស់ប្ដូរ​គំនិត យើង​នឹង​មិន​បោះបង់​ចោល​ឡើយ ។

ក្នុង​នាម​ជា​បងប្អូន​ប្រុស​ដ៏​មាន​អំណាច​នៃ​បព្វជិតភាព​ដ៏​អស់កល្ប​ជានិច្ច​នៃ​ព្រះ យើង​នឹង​ឈរ​ជាមួយ​នឹង​គ្នា កៀក​ស្មា​គ្នា ផ្ដោត​លើ​គោលការណ៍​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយ​រីករាយ​នឹង​ធ្វើការ​បម្រើ​ព្រះ និង បងប្អូន​របស់​យើង​ដោយ​ការលះបង់ និង សេចក្ដីស្រឡាញ់ ។

ព្រះ​នៅ​មាន​ព្រះជន្ម​រស់!

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​អ្នកនៅ​ថ្ងៃ​នេះ​ថា ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ។ ទ្រង់​គឺ​ពិត ! ទ្រង់​នៅ​ទីនោះ !

អ្នក​មិន​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​ខ្វល់ខ្វាយ​អំពី​អ្នក ហើយ​ចង់​ប្រទាន​ពរ​ដល់​អ្នក និង គាំទ្រ​អ្នក​នៅក្នុង​សេចក្ដី​សុចរិត ។

ចូរ​ទុកចិត្ត​ថា ព្រះ​នៅ​មាន​ព្រះបន្ទូល​មក​កូនចៅ​មនុស្ស​នៅ​ក្នុង​ជំនាន់​របស់​យើង ។ ទ្រង់​នឹង​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក !

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ឃើញ​អ្វី​ដែល​គាត់​បាន​និយាយ​ថា គាត់​បាន​ឃើញ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី​ដោយ​អានុភាព និង សិទ្ធិ​អំណាច​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។

ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា ក្នុង​នាម​ជា​អ្នកកាន់​បព្វជិតភាព​របស់​ទ្រង់ យើង​នឹង​តែងតែ​ធ្វើការ​ដោយ​ស្របគ្នា​ចំពោះ​ហេតុផល​នៃ​ការបម្រើ​បព្វជិតភាព ហើយ​ប្រើ​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង និង ជីវិត​របស់​អ្នកដទៃ​ដែល​យើង​បាន​បម្រើ ។

នៅពេល​យើង​ធ្វើ​ដូច្នោះ អំណាច​ដ៏​គ្មានទីបញ្ចប់​នៃ​ដង្វាយធួន​នឹង​បន្សុទ្ធ សម្អាត និង សម្រាំង​ដល់​វិញ្ញាណ និង ចរិត​លក្ខណៈ​របស់​យើង រហូត​ដល់​យើង​ក្លាយជា​មនុស្ស​ដែល​យើង​ចង់​បាន​នោះ ។ អ្វី​ទាំងនេះ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន ។