ឆ្នាំ ២០១០-២០១៩
ស្ថិត​នៅ​ក្នុង​អាណាចក្រ​របស់​ព្រះអម្ចាស់!
មេសា 2012


ស្ថិត​នៅ​ក្នុង​អាណាចក្រ​របស់​ព្រះអម្ចាស់ !

សំណួរ​ប្រចាំ​ថ្ងៃ​របស់​យើង​ត្រូវ​តែ​សួរ​ថា « តើ​សកម្មភាព​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​នៅ​ខាង​អាណាចក្រ​របស់​ព្រះអម្ចាស់ ឬ នៅ​ខាង​សត្រូវ ? »

ប្រធាន ថូម៉ាស អេស ម៉នសុន ម្តង​នោះ​ធ្លាប់​មាន​ប្រសាសន៍​ថា ៖ « តើ​ខ្ញុំ​អាច​ផ្ដល់​ដំបូន្មាន​សាមញ្ញ​មួយ​ដែល​អ្នក​អាច​វាស់​ពី​ជម្រើស​ដែល​អ្នក​ប្រឈមមុខ​​បាន​ទេ ។ វា​ងាយ​ស្រួល​ក្នុង​ការចាំ ៖ « អ្នក​មិន​អាច​ក្លាយ​ជា​ត្រូវ ​ដោយ​ការធ្វើ​ខុស​បាន​ទេ អ្នក​មិន​អាច​ក្លាយ​ជា​ខុស ​ដោយ​ការធ្វើ​ត្រូវ​បាន​ទេ » ( « ផ្លូវ​ទៅកាន់​ភាពឥតខ្ចោះ » លីអាហូណា ខែ​កក្កដា ឆ្នាំ 2002, 112; Ensign, ខែ​ឧសភា ឆ្នាំ 2002, 100 ) ។ ដំបូន្មាន​របស់​ប្រធាន ម៉នសុន គឺ​សាមញ្ញ និង ចំៗ ។ វា​មាន​ប្រសិទ្ធិភាព​ដូចគ្នា​ នឹង​លីអាហូណា​ដែល​បាន​ប្រគល់​ទៅ​ឲ្យ​លីហៃ​ដែរ ។ ​បើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ យើង​នឹង​រក​ឃើញ​ផ្លូវ​ត្រឹមត្រូវ​ ដើម្បី​​ដើរ​តាម​ដោយ​ងាយ​ស្រួល ជាពិសេស​នៅពេល​យើង​ជួប​នឹង​ជម្រើស​ទាំងឡាយប្រចាំថ្ងៃ ។

សាវក ប៉ុល បាន​ណែនាំ​យើង​អំពី​សារៈសំខាន់​នៃ​ការដាំ​គ្រាប់ពូជ​នៅក្នុង​វិញ្ញាណ និង ដឹង​ពី​ការមិន​ដាំ​គ្រាប់ពូជ​នៅ​ខាង​សាច់ឈាម ។ គាត់​បាន​មាន​ប្រសាសន៍​ថា ៖

« កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ ។

« អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដីពុករលួយ​ពី​សាច់ឈាម​នោះ​ឯង តែ​អ្នកណា​ដែល​ព្រោះ​ខាង​វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះវិញ្ញាណ​វិញ ។

« កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការល្អ​ឡើយ ត្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់​យើង​នឹង​ច្រូត​បាន​ហើយ ។ » ( កាឡាទី 6:7–9 )

ការសាបព្រោះ​ខាង​វិញ្ញាណ មានន័យ​ថា​គំនិត ពាក្យសម្ដី និង សកម្មភាព​របស់​យើង​ទាំងអស់​ត្រូវ​លើកយើងឡើង​​ឲ្យ​ដល់​កម្រិតដ៏​​ទេវភាព​របស់​ព្រះមាតាបិតា​សួគ៌ា​របស់​យើង ។ ទោះ​យ៉ាង​ណា​ក្ដី ព្រះគម្ពីរ​បាន​បញ្ជាក់ ​ពាក្យ​សាច់ឈាម​ដូចជា​ ភាព​ខាង​រូបកាយ ឬ លោកិយ​នៃ​មនុស្ស​ខាង​សាច់ឈាម ​ដែល​ឲ្យ​មនុស្ស​ត្រូវ​រង​ឥទ្ធិពល​ដោយ​តណ្ហា, ចំណង់, ការស្រេកឃា្លន និង ការជម្រុញ​ពី​ខាង​សាច់ឈាម ជាជាង​ការស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន​នោះ​ទេ ឥទ្ធិពល​ទាំងនោះ​ រួម​ជាមួយ​នឹង​សម្ពាធ​​នៃ​ភាពទុច្ចរិត​របស់​លោកិយ​ អាច​នាំ​ឲ្យ​យើង​សម្ដែង​អាកប្បកិរិយា​មិន​សមរម្យ និង ធ្វេសប្រហែស​ ដែល​ក្លាយជា​ទម្លាប់​របស់​យើង ។ ដើម្បី​ជៀសវាង​ឥទ្ធិពល​អាក្រក់​អស់ទាំងនោះបាន យើង​ត្រូវតែ​ធ្វើ​តាម​អ្វី​ ដែល​ព្រះអម្ចាស់​បាន​បង្រៀនដល់​​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​ការសាបព្រោះ​ខាង​វិញ្ញាណ​ដោយ​ឥត​ឈប់ឈរ ។ « ហេតុដូច្នេះ​ហើយ ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ត្បិត​អ្នករាល់គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង ។ » ( គ. និង ស. 64:33 )

ដើម្បី​បង្កើន​វិញ្ញាណ​របស់​យើង វា​តម្រូវ​ឲ្យ​យើង « ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរល្វីង, ក្ដៅក្រហាយ, កំហឹង, ឡូឡា, ជេរប្រមាថ និង គ្រប់​ទាំង​សេចក្ដី​អាក្រក់​ចេញ​ពី [យើង] ទៅ » ( អេភេសូរ 4:31 ) ហើយ « ចូរ​មាន​ប្រាជ្ញា​នៅក្នុង​ថ្ងៃ​ទាំងឡាយ​នៃ​ការសាកល្បង​របស់​ [យើង] ​ចុះ, [ហើយ] ចូរ​គ្រលាស់​ចេញ​ពី​ [ខ្លួនយើង] ​នូវ​អំពើ​ពុំ​ស្អាតស្អំ​ទាំងអស់ » ( មរមន 9:28 ) ។

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​បាន​ដឹង​ពី​សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​យើង​ ដោយផ្អែក​លើ​ការគោរព​ប្រតិបត្តិ​របស់​យើង ហើយ​សេចក្ដី​សន្យា​ទាំងនេះ​បាន​លើកទឹកចិត្ត​ឲ្យ​យើង​រស់នៅ​ដោយ​សុចរិត ។ សេចក្ដី​សន្យា​ទាំងនោះ នឹង​ចិញ្ចឹម​វិញ្ញាណ​របស់​យើង នាំ​សេចក្ដី​សង្ឃឹម​ឲ្យ​យើង​ដោយ​ជួយ​ជម្រុញ​មិន​ឲ្យ​យើង​រុញរា ទោះបី​ជា​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ឧបសគ្គ​រាល់ថ្ងៃ​ ដើម្បី​រស់នៅ​ក្នុង​ពិភពលោក​មួយ ​ដែល​តម្លៃ​សីលធម៌ និង ចរិយា​បាន​ធ្លាក់​ចុះ ហើយ​វា​ជម្រុញ​មនុស្ស​ឲ្យ​សាបព្រោះ​ខាង​សាច់ឈាម​កាន់​តែ​ខ្លាំង​ក៏ដោយ ។ ប៉ុន្ដែ​តើ​យើង​អាច​ប្រាកដ​ថា ​ជម្រើស​របស់​យើង​កំពុង​ជួយ​យើង​ឲ្យ​សាបព្រោះ​ខាង​វិញ្ញាណ ហើយពុំមែន​ខាង​សាច់ឈាម​បាន​យ៉ាង​ដូចម្ដេច ?

ប្រធាន ចច អ័លប៊ើត ស៊្មី បាន​​មាន​ប្រសាសន៍ឡើងវិញ​អំពី​ដំបូន្មាន​មក​ពី​ជីតា​របស់​គាត់​​ថា៖ « មាន​បន្ទាត់​ព្រំដែន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់ ​រវាង​អាណាចក្រ​របស់​ព្រះអម្ចាស់ និង អាណាចក្រ​របស់​អារក្ស ។ ​បើ​អ្នក​ស្ថិត​នៅ​ខាង​បន្ទាត់​របស់​ព្រះអម្ចាស់ អ្នក​នឹង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ទ្រង់ ហើយ​នឹង​មិន​មាន​បំណង​ចង់​ធ្វើ​ខុស​នោះ​ទេ ។ ប៉ុន្ដែ​ បើ​អ្នក​ឆ្លង​បន្ទាត់​ទៅ​ខាង​អារក្ស​វិញ សូម្បី​តែ​មួយ​សង់ទីម៉ែត្រ​ក៏​ដោយ ក៏​អ្នក​នៅក្នុង​អំណាច​របស់​អារក្ស​ដែរ ហើយ​ បើ​វា​មាន​ជ័យជំនះ អ្នក​នឹង​មិន​អាច​គិត ឬ មាន​ហេតុផល​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​អ្នក​បាន​បាត់បង់​​ព្រះវិញ្ញាណ​នៃ​ព្រះ ។ » (  Teachings of Presidents of the Church: George Albert Smith [ឆ្នាំ 2011], 191 ) ។

ហេតុដូច្នេះ​ហើយ សំណួរ​ប្រចាំ​ថ្ងៃ​របស់​យើង​ត្រូវ​តែ​សួរ​ថា « តើ​សកម្មភាព​របស់​ខ្ញុំ ​បាន​ជួយ​ខ្ញុំ​ឲ្យ​នៅ​ខាង​អាណាចក្រ​របស់​ព្រះអម្ចាស់ ឬ នៅ​ខាង​សត្រូវ ? »

ព្យាការី​មរមន​បាន​ដាស់តឿន​ប្រជាជន​របស់​គាត់ ​អំពី​សារៈសំខាន់​នៃ​ការមាន​សមត្ថភាព ដើម្បី​បែងចែក​ការល្អ​ ចេញ​ពី​ការអាក្រក់ ៖

« ហេតុដូច្នោះ​ហើយ អ្វី​ទាំងអស់​ដែល​ល្អ កើត​មក​ពី​ព្រះ, ហើយ​អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស, ត្បិត​អារក្ស​ គឺ​ជា​ខ្មាំង​សត្រូវ​ដល់​ព្រះ ហើយ​ប្រឆាំង​នឹង​ទ្រង់​ឥត​ឈប់ឈរ ហើយ​អញ្ជើញ និង ញុះញង់​ឲ្យ​ធ្វើ​បាប ហើយ​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់​ឥត​ឈប់ឈរ​សោះ​ឡើយ ។

« ប៉ុន្ដែ​មើល​ចុះ អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ​ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់ឈរ » ( មរ៉ូណៃ 7:12–13 ) ។

ពន្លឺ​នៃ​ព្រះគ្រីស្ទ​ រួមជាមួយ​នឹង​ដៃគូ​​ព្រះវិញ្ញាណ​បរិសុទ្ធ ជួយ​យើង​ឲ្យ​ដឹង​ថា តើ​របៀប​រស់នៅ​របស់​យើង​ កំពុង​ឲ្យ​យើង​នៅ​ខាង​អាណាចក្រ​របស់​ព្រះអម្ចាស់ ឬ​ក៏​អត់ ។ ​បើ​ចរិយា​របស់​យើង​ល្អ វា​ជា​ការបំផុស​ពី​ព្រះអម្ចាស់ ដោយសារ​ការល្អ​ទាំងអស់ ​គឺ​ចេញ​មក​ពី​ព្រះអម្ចាស់ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​បើ​ចរិយា​របស់​យើង​អាក្រក់ យើង​កំពុង​តែ​រង​ឥទ្ធិពល​ពី​អារក្ស ដោយសារ​វា​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ធ្វើ​អាក្រក់ ។

ជនជាតិ​អាហ្វ្រិក ​បានដក់ជាប់​ដួងចិត្ត​ ខ្ញុំ​ដោយសារ​តែ​ការតាំងចិត្ត និង សេចក្ដី​ឧស្សាហ៍​ព្យាយាម​របស់​ពួកគេ ​ដើម្បី​រស់នៅ​ក្នុង​អាណាចក្រ​របស់​ព្រះអម្ចាស់ ។ ទោះបី​ជា​ស្ថិត​នៅក្នុង​កាលៈទេសៈ​ពិបាក​​ក្នុង​ជីវិត​ក្ដី អ្នក​ដែល​ទទួលយក​ការអញ្ជើញ​ឲ្យ​ចូល​មក​រក​ព្រះគ្រីស្ទ​ នឹង​ក្លាយ​ជា​ពន្លឺ​ដល់​ពិភពលោក ។ កាលពី​ពីរ​បី​សប្ដាហ៍​មុន អំឡុង​ពេល​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​វួដ​មួយ​នៅ​អាហ្រិក​ខាង​ត្បូង ខ្ញុំ​​មាន​ឯកសិទ្ធិ​ដើម្បី​រួម​ដំណើរ​ជាមួយ​នឹង​សង្ឃ​ក្មេង​ពីរ​នាក់, ប៊ីស្សព និង ប្រធាន​ស្ដេក​របស់​ពួកគេ ​ដើម្បី​ទៅ​សួរសុខទុក្ខ​យុវជន​មិន​សូវ​សកម្ម​ក្នុង​កូរ៉ុម​របស់​ពួកគេ ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ពេល​​ឃើញ​សេចក្ដីក្លាហាន និង ការបន្ទាប​ខ្លួន​ដែល​សង្ឃ​ទាំងពីរ​នាក់ ​នោះ​បាន​បង្ហាញ នៅពេល​ដែល​ពួកគេ​អញ្ជើញ​យុវជន​មិន​សូវ​សកម្ម​ឲ្យ​មក​ព្រះវិហារ​វិញ ។ ពេល​ពួកគេ​កំពុង​និយាយ​ទៅ​កាន់​យុវជន​មិន​សូវ​សកម្ម ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា​ ទឹកមុខ​របស់​ពួកគេ​ បាន​បញ្ចេញ​នូវ​ពន្លឺនៃ​ព្រះអង្គ​សង្គ្រោះ ហើយ​នៅពេល​នោះ​វា​បាន​ពោរពេញ​ទៅ​ដោយ​ពន្លឺ​នៅ​ជុំវិញ​ពួកគេ ។ ពួកគេ​កំពុង​បំពេញ​កិច្ចការ​ខ្លួន​ដើម្បី « ជួយ​អ្នកទន់ខ្សោយ លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ( គ. និង ស. 81:5 ) ។ អាកប្បកិរិយា​របស់​ពួកសង្ឃ​ទាំងពីរ​នាក់​នោះ​ បាន​ដាក់​ពួកគេ​ឲ្យ​នៅ​ខាង​អាណាចក្រ​របស់​ព្រះអម្ចាស់ ហើយ​ពួកគេ​បាន​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ដោយសារ​ពួកគេ​បាន​អញ្ជើញ​អ្នកដទៃ​ឲ្យ​មក​ធ្វើ​ដូច​គាត់​ដែរ ។

នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា 20:37 ព្រះអម្ចាស់​បាន​បង្រៀន​យើង​អំពី​អត្ថន័យ​នៃ​ការសាបព្រោះ​ខាង​វិញ្ញាណ ហើយ​ពី​អ្វី​ដែល​វា​ពិត​ជា​ជួយ​យើង​ឲ្យ​នៅ​ខាង​អាណាចក្រ​របស់​ព្រះអម្ចាស់ ដូចជា ៖ ការបន្ទាប​ខ្លួន​យើង​នៅ​ចំពោះ​មុខ​ព្រះ បង្ហាញ​ថា​យើង​មក​ដោយ​មាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប ធ្វើ​ជា​សាក្សី​ចំពោះ​​សាសនាចក្រ​ថា​ យើង​ពិត​ជា​បាន​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​ទាំងអស់​របស់​យើង យក​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើ​ខ្លួន​យើង មាន​ការតាំងចិត្ត​ដើម្បី​បម្រើ​ទ្រង់​រហូត​ដល់​ចុង​បំផុត បង្ហាញ​ដោយ​កិច្ចការ​របស់​យើង​ថា ​យើង​ត្រូវ​បានទទួល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ និង​បាន​​ទទួល​​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​របស់​ទ្រង់ ។ ឆន្ទៈ​យើង​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​ទាំងនេះ ជួយ​ឲ្យ​​យើង​មាន​ទំនាក់ទំនងក្នុង​គ្រួសារ​របស់​យើង ជាមួយ​នឹង​អ្នកដទៃ និង ជាពិសេស​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​គ្រីស្ទ បានធ្វើ​គំរូ​នៃ​អាកប្បកិរិយា​ដ៏​ឥតខ្ចោះ​ដែល​យើង​ អាច​ស្ថាបនា​ឥរិយាបថ​យើង​តាម​ ដើម្បី​អាច​បំពេញ​តាម​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងនេះ ។ ព្រះអង្គ​សង្គ្រោះ បាន​បោះចោល​នូវ​ឥទ្ធិពល​ណា​ដែល​អាច​នាំ​ទ្រង់ ​​មិន​ផ្ដោតទៅ​​លើ​បេសកកម្ម​ដ៏​ទេវភាព ចេញ​ពី​ជីវិត​របស់​ទ្រង់ ជាពិសេស​នៅពេល​ដែល​ទ្រង់​ត្រូវ​បានល្បួង​ដោយ​សត្រូវ ឬ អ្នក​ដើរ​តាម​ខណៈពេល​ដែល​ទ្រង់​បាន​ធ្វើការ​បម្រើ​នៅលើ​ផែនដី ។ ទោះបីជា​ទ្រង់​មិន​ដែល​ធ្វើ​បាប​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​មាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់​ទាប ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​យើង និង ចំពោះ​មនុស្ស​ទាំងអស់ ។ ទ្រង់​បាន​បន្ទាប​ខ្លួន​ចំពោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ បដិសេធ​ចោល​នូវ​បំណង​របស់​អង្គ​​ផ្ទាល់​ ដើម្បី​បំពេញ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​បាន​បញ្ជា​ទ្រង់ ​រហូត​ដល់​ទីបញ្ចប់ ។ ទោះ​បី​ជា​មាន​ការ​​ឈឺចាប់​ទាំង​ខាង​សាច់ឈាម និង វិញ្ញាណ​យ៉ាង​ខ្លាំង​ មកពីការទទួល​យក​នូវ​បន្ទុក​នៃ​អំពើបាប​របស់​មនុស្ស​ជាតិ​គ្រប់រូប​លើ​អង្គ​ទ្រង់ ហើយ​បាន​ហូរ​ឈាម​តាម​គ្រប់​រន្ធ​ញើស​របស់​ទ្រង់ក្ដី ទ្រង់​នៅ​មាន​ព្រះបន្ទូល​ទៅ​ព្រះវរបិតា​ថា « ប៉ុន្ដែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះហឬទ័យ​ទ្រង់​វិញ » ។ ( ម៉ាកុស 14:36 )

បងប្អូនប្រុសស្រីទាំងឡាយ​ ពេល​ដែល​យើង​គិត​អំពី​សេចក្ដីសញ្ញា​របស់​យើង ការអធិស្ឋាន​របស់​ខ្ញុំ គឺ​សូម​ឲ្យ​យើង​អាច​រក្សា​ខ្លួន​យើង​ឲ្យ​រឹងមាំ​ប្រឆាំងនឹង « ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារ​សត្រូវ » ( នីហ្វៃ​ទី  1 15:24 ) ដោយ​ការដើរតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​យើង​អាច​សាបព្រោះ​ខាង​វិញ្ញាណ និង ឲ្យ​ខ្លួន​យើង​រស់នៅ​លើ​អាណាចក្រ​របស់​ព្រះអម្ចាស់ ។ ចូរ​យើង​ចងចាំ​ពី​ដំបូន្មាន​របស់​ប្រធាន ម៉នសុន ថា ៖ « អ្នក​មិន​អាច​ក្លាយ​ជា​ត្រូវ ​ដោយ​ការធ្វើ​ខុស​បាន​ទេ, អ្នក​មិន​អាច​ក្លាយ​ជា​ខុស ​ដោយ​ការធ្វើ​ត្រូវ​បាន​ទេ » ។ ខ្ញុំ​សូម​ពោល​ពាក្យ​ទាំងនេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន ។