ដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ
ឪពុកម្ដាយដែលឆ្លាតរៀបចំកូនៗរបស់គេឲ្យចុះសម្រុងគ្នាដោយគ្មានពួកគេ ។ ពួកគេផ្ដល់ឱកាសសម្រាប់ការរីកចម្រើន ពេលដែលកូនៗទទួលបានការធំធាត់ខាងវិញ្ញាណដើម្បីអនុវត្តសិទ្ធិជ្រើសរើសរបស់គេដោយសមស្រប ។
ប្រហែលជាមួយខែក្រោយពីយើងបានរៀបការ ភរិយាខ្ញុំ និង ខ្ញុំ បានធ្វើដំណើរដ៏ឆ្ងាយមួយតាមឡាន ។ នាងកំពុងបើកឡាន ហើយខ្ញុំព្យាយាមសម្រាក ។ ខ្ញុំនិយាយថា ព្យាយាម ពីព្រោះផ្លូវដែលយើងកំពុងធ្វើដំណើរនោះល្បីខាងប៉ូលិសចាប់អ្នកបើកហួសល្បឿន ហើយភរិយាខ្ញុំប្រហែលជាបានបើកលឿនបន្ដិចនៅពេលនោះ ។ ខ្ញុំបាននិយាយថា « អូនបើកលឿនពេកហើយ ។ បន្ថយល្បឿនបន្តិចទៅ » ។
កូនក្រមុំថ្មីខ្ញុំគិតក្នុងចិត្តថា « មែនហើយ ខ្ញុំបានបើកបរជិត 10 ឆ្នាំហើយ ហើយមានតែគ្រូបង្រៀនបើកបរខ្ញុំប៉ុណ្ណោះ ក្រៅពីគ្មាននរណាម្នាក់ប្រាប់ខ្ញុំពីរបៀបបើកឡានពីមុនមកទេ ។ » ដូច្នេះ គាត់បានឆ្លើយថា « តើបងមានសិទ្ធិអ្វីមកប្រាប់ខ្ញុំពីរបៀបបើកឡាន ? »
និយាយតាមត្រង់ទៅ សំណួររបស់នាងបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ។ ដូច្នោះ ដោយព្យាយាមអស់ពីលទ្ធភាព ដើម្បីកាន់តួនាទីថ្មីរបស់ខ្ញុំជាបុរសដែលរៀបការរួច ខ្ញុំក៏បាននិយាយ « បងមិនដឹងទេ ដោយសារបងជាស្វាមីរបស់អូន ហើយបងកាន់បព្វជិតភាព » ។
បងប្អូនប្រុស នោះជាវិធីលឿនមួយ ៖ ប្រសិនបើអ្នកធ្លាប់នៅក្នុងស្ថានភាពដូចគ្នា រឿងនោះមិនមែនជាចម្លើយត្រឹមត្រូវនោះទេ ។ ហើយខ្ញុំរីករាយដើម្បីប្រាប់ថា វាគឺជាពេលតែមួយគត់ដែលខ្ញុំបានធ្វើកំហុសបែបនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា បានពន្យល់ថា សិទ្ធិក្នុងការប្រើបព្វជិតភាពនៅផ្ទះ ឬ កន្លែងណាផ្សេងត្រូវប្រើភា្ជប់នឹងភាពសុចរិតក្នុងជីវិតយើងដោយផ្ទាល់ ៖ « អំណាចនៃស្ថានសួគ៌ ពុំអាចត្រួតត្រា ឬ កាន់កាប់បានឡើយ លើកលែងតែដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ » ។1 វាបន្ដថា យើងបាត់បង់អំណាចនោះ នៅពេលដែលយើង « អនុវត្តការត្រួតត្រា ឬ ការគ្រប់គ្រង ឬ ការបង្ខិតបង្ខំទៅលើព្រលឹងនៃកូនចៅមនុស្សដោយនូវសេចក្ដីដ៏ឥតសុចរិតណាមួយ » ។1
ព្រះគម្ពីរនេះ បានចែងថា យើងត្រូវតែដឹកនាំដោយ « គោលការណ៍នៃសេចក្ដីសុចរិត » ។ គោលការណ៍បែបនោះ អនុវត្តចំពោះអ្នកដឹកនាំទាំងអស់នៅក្នុងសាសនាចក្រ ក៏ដូចជាឪពុក និង អ្នកម្ដាយទាំងអស់នៅផ្ទះពួកគេ ។3 យើងបាត់បង់សិទ្ធិយើងចំពោះព្រះវិញ្ញាណនៃព្រះ និង ចំពោះសិទ្ធិអំណាចអ្វីក៏ដោយដែលយើងមានពីព្រះ នៅពេលយើងអនុវត្តការត្រួតត្រាលើមនុស្សផ្សេងនៅក្នុងរបៀបដ៏ឥតសុចរិត ។4 យើងអាចគិតពីរបៀបអស់នោះថាល្អសម្រាប់អ្នកដែលត្រូវបាន « ត្រួតត្រា » នោះ ។ ប៉ុន្ដែនៅពេលណាដែលយើងព្យាយាមបង្ខំនរណាម្នាក់ឲ្យធ្វើអំពើសុចរិតដែលគាត់អាច ឬ គួរតែអនុវត្តសិទ្ធិជ្រើសរើសខាងសាច់ឈាមខ្លួនគាត់ផ្ទាល់ នោះយើងកំពុងតែធ្វើអំពើមិនសុចរិតហើយ ។ នៅពេលដែលការដាក់កំហិតដ៏រឹតត្បិតលើអ្នកដទៃជាបញ្ជា នោះកំហិតទាំងនោះត្រូវតែធ្វើដោយក្ដីអត់ធ្មត់ដោយក្ដីស្រឡាញ់ និង ក្នុងរបៀបមួយដែលបង្រៀនគោលការណ៍ដ៏នៅអស់កល្បជានិច្ច ។
ជាធម្មតា យើងមិនអាចបង្ខំអ្នកដទៃឲ្យធ្វើអ្វីដែលត្រូវនោះទេ ។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនជារបៀបរបស់ព្រះនោះទេ ។ ការបង្ខិតបង្ខំ បង្កើតអារម្មណ៍អន់ចិត្ត ។ វាមានន័យថា មិនត្រូវបានគេទុកចិត្ត ហើយវាធ្វើឲ្យមនុស្សមានអារម្មណ៍ថាគ្មានសមត្ថភាព ។ ឱកាសនៃការរៀនត្រូវបានបាត់បង់ នៅពេលដែលមនុស្សចូលចិត្តត្រួតគេស្មានដោយអំនួតថា ពួកគេមានចម្លើយត្រូវទាំងអស់សម្រាប់អ្នកដទៃ ។ ព្រះគម្ពីរបានចែងថា « វាជាធម្មជាតិ និង និស្ស័យនៃមនុស្សស្ទើរគ្រប់រូប » ដើម្បីចាប់ផ្ដើមអនុវត្តអំណាចគ្រប់គ្រងដោយឥតសុចរិតនេះ5 ដូច្នេះយើងគួរដឹងថា វាងាយស្រួលក្នុងការធ្វើខុស ។ ស្រ្ដីក៏អាចធ្វើនូវការគ្រប់គ្រងដ៏ឥតសុចរិតនេះបានដែរ ទោះបីជាព្រះគម្ពីរបានរកឃើញបញ្ហានេះ ជាពិសេសជាមួយបុរសក៏ដោយ ។
ការគ្រប់គ្រងដ៏ឥតសុចរិត ជាញឹកញាប់អមដោយការរិះគន់ឥតឈប់ឈរ និង ការដកយកការព្រមព្រៀង ឬ សេចក្ដីស្រឡាញ់ ។ អ្នកដែលដល់ទីបំផុត មានអារម្មណ៍ថាពួកគេមិនអាចធ្វើឲ្យអ្នកដឹកនាំ ឬ ឪពុកម្ដាយបែបនោះរីករាយបានទេ ហើយថាពួកគេតែងតែបរាជ័យជានិច្ច ។ ឪពុកម្ដាយដែលឆ្លាតដឹងត្រូវថ្លឹងថ្លែងថា នៅពេលណាកូនអាចចាប់ផ្ដើមអនុវត្តសិទ្ធិជ្រើសរើសផ្ទាល់ខ្លួនគេនៅក្នុងផ្នែកជាក់លាក់ណាមួយនៅក្នុងជីវិតពួកគេ ។ ប៉ុន្ដែប្រសិនបើឪពុកម្ដាយកាន់ខ្ជាប់នូវអំណាចក្នុងការធ្វើការសម្រេចចិត្តទាំងអស់ ហើយយល់ថាវាជា « សិទ្ធិ » របស់ពួកគេ គេកំពុងតែកម្រិតយ៉ាងធ្ងន់ធ្ងរលើការរីកចម្រើន និង ការអភិវឌ្ឍកូនៗរបស់គេ ។
កូនៗរបស់យើង នៅក្នុងផ្ទះយើងក្នុងរយៈពេលមួយកំណត់ ។ ប្រសិនបើយើងរង់ចាំរហូតដល់ពួកគេចេញក្រៅផ្ទះ ទើបយើងឲ្យគេប្រើសិទ្ធិជ្រើសរើសខាងសាច់ឈាមរបស់ពួកគេ នោះយើងរង់ចាំយូរពេកហើយ ។ ពួកគេនឹងមិនអាចអភិវឌ្ឍសមត្ថភាពដើម្បីសម្រេចចិត្តប្រកបដោយគតិបណ្ឌិតបានភ្លាមៗនោះទេ ប្រសិនបើពួកគេមិនដែលបានធ្វើការសម្រេចចិត្តសំខាន់ៗណាមួយអំឡុងពេលដែលគេនៅផ្ទះយើងនោះ ។ កូនៗបែបនោះ ជាញឹកញាប់អាចប្រឆាំងនឹងការបង្ខិតបង្ខំនេះ ឬ ត្រូវបានកម្រិតដោយអសមត្ថភាពក្នុងការសម្រេចចិត្តលើរឿងគេផ្ទាល់ ។
ឪពុកម្ដាយដែលឆ្លាតរៀបចំកូនៗរបស់គេឲ្យចុះសម្រុងគ្នាដោយគ្មានពួកគេ ។ ពួកគេផ្ដល់ឱកាសសម្រាប់ការរីកចម្រើន ពេលដែលកូនៗទទួលបានការធំធាត់ខាងវិញ្ញាណដើម្បីអនុវត្តសិទ្ធិជ្រើសរើសរបស់គេដោយសមស្រប ។ មែនហើយ នេះមានន័យថា ពេលខ្លះកូនៗនឹងធ្វើខុស ហើយពួកគេរៀនពីកំហុសទាំងនោះវិញ ។
គ្រួសាររបស់យើង មានបទពិសោធន៍ដែលបានបង្រៀនយើងអំពីការជួយកូនឲ្យអភិវឌ្ឍនូវសមត្ថភាពរបស់ពួកគេក្នុងការជ្រើសរើស ។ កូនស្រីរបស់យើង ម៉ារី ជាអ្នកលេងដ៏ល្អម្នាក់ពេលធំឡើង ។ រយៈពេលមួយឆ្នាំ ក្រុមនាងឈ្នះពានរង្វាន់ជាច្រើន ហើយអ្វីដែលយើងមិនបានគិតនោះ គឺពួកគេបានរៀបចំការប្រកួតនោះនៅថ្ងៃអាទិត្យ ។ ជាក្មេងជំទង់ម្នាក់ ម៉ារី ទទួលបានការបង្រៀនជាច្រើនឆ្នាំមកហើយដែលថា ថ្ងៃបរិសុទ្ធគឺជាថ្ងៃឈប់សម្រាក និង ជាថ្ងៃសម្រាប់ពង្រឹងខាងវិញ្ញាណ មិនមែនជាពេលដើរសប្បាយទេ ។ ប៉ុន្ដែនាងនៅតែមានអារម្មណ៍រងសំពាធពីគ្រួបង្វឹក និង មិត្តរួមក្រុមរបស់នាងឲ្យទៅលេង ក៏ដូចជាបំណងមិនចង់ឲ្យក្រុមនាងអន់ចិត្ត ។
នាងបានសួរយើងថា តើនាងគួរតែធ្វើអ្វីទៅ ? ភរិយាខ្ញុំ និង ខ្ញុំអាចសម្រេចចិត្តឲ្យនាងបានដោយងាយស្រួល ។ ទោះយ៉ាងណាក្ដី យើងបានសម្រេចចិត្តក្រោយពីបានពិចារណាដោយអធិស្ឋានថា ក្នុងស្ថានភាពនេះ កូនស្រីរបស់យើង អាចទទួលយកទំនួលខុសត្រូវខាងវិញ្ញាណដើម្បីធ្វើការសម្រេចចិត្តដោយខ្លួនឯងហើយ ។ យើងបានអានព្រះគម្ពីរខ្លះជាមួយនាង ហើយយើងលើកទឹកចិត្ត ម៉ារី ឲ្យអធិស្ឋាន ហើយគិតអំពីវា ។
ពីរបីថ្ងៃក្រោយមក នាងបានប្រកាសពីការសម្រេចចិត្តរបស់នាង ។ នាងនឹងទៅការប្រកួតនៅថ្ងៃអាទិត្យ ។ ឥឡូវ តើយើងត្រូវធ្វើអ្វីទៅ ? ក្រោយពីការពិភាក្សា និង ទទួលបានការបញ្ជាក់ពីព្រះវិញ្ញាណក្រោយមក យើងបានធ្វើដូចដែលយើងបានសន្យា ហើយអនុញ្ញាតឲ្យនាងធ្វើតាមការជ្រើសរើសលេងរបស់នាង ។ បន្ទាប់ពីការប្រកួតបានបញ្ចប់ ម៉ារី ក៏បានដើរយឺតៗមករកម្ដាយដែលកំពុងចាំនាង ។ « ម៉ាក់ » នាងនិយាយ « ខ្ញុំមានអារម្មណ៍មិនល្អសោះ ។ ខ្ញុំមិនចង់មានអារម្មណ៍បែបនោះម្ដងទៀតនោះទេ ។ ខ្ញុំនឹងមិនមកប្រកួតនៅថ្ងៃបរិសុទ្ធទៀតទេ » ។ ហើយនាងមិនដែលធ្វើទៀតឡើយ ។
ឥឡូវ ម៉ារី បានយល់ដោយផ្ទាល់ខ្លួនអំពីគោលការណ៍នៃការរក្សាថ្ងៃសិល្ប៍ទុកជាបរិសុទ្ធ ។ ប្រសិនបើយើងបានបង្ខំនាងមិនឲ្យលេងបាល់ នោះយើងបានដកហូតនូវបទពិសោធន៍ជាមួយនឹងព្រះវិញ្ញាណនៃការរៀនសូត្រដ៏មានតម្លៃ និង មានឥទ្ធិពលរបស់នាងហើយ ។
ដូចដែលអ្នកអាចដឹង ការជួយកូនៗឲ្យអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេឲ្យសមស្រប ត្រូវការការបង្រៀនពួកគេពីរបៀបអធិស្ឋាន និង ការទទួលបាននូវចម្លើយចំពោះការអធិស្ឋានរបស់ពួកគេ ។ វាត្រូវតែមានការបង្រៀនពីតម្លៃ និង គោលបំណងនៃការគោរពប្រតិបត្តិតាម ក៏ដូចជាពីគោលការណ៍សំខាន់ៗនៃដំណឹងល្អផ្សេងទៀត ។6
ក្នុងការចិញ្ចឹមគ្រួសាររបស់យើង យើងបានសម្រេចចិត្តថា គោលដៅសំខាន់បំផុតរបស់យើង គឺជួយកូនៗយើងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនគេទៅស្ថានសួគ៌ ។ យើងដឹងថា នៅទីបញ្ចប់ពួកគេនឹងត្រូវការពឹងពាក់លើព្រះអម្ចាស់ មិនមែនយើងនោះទេ ។ ព្រិកហាំ យ៉ង់ បាននិយាយថា « ប្រសិនបើខ្ញុំត្រូវបែងចែកកាតព្វកិច្ចទាំងអស់ដែលតម្រូវឲ្យ ... កូនចៅមនុស្ស ... ខ្ញុំសូមដាក់កាតព្វកិច្ចទីមួយ និង សំខាន់បំផុតនៃការស្វែងរក ... ចំពោះព្រះអម្ចាស់ជាព្រះរបស់យើង រហូតដល់យើងបើកផ្លូវទំនាក់ទំនងពីស្ថានសួគ៌មកផែនដី—ពីព្រះមកព្រលឹងរបស់យើងផ្ទាល់ » ។7
ម៉ារី បានទទួលចម្លើយចំពោះការអធិស្ឋានរបស់នាងនៅក្នុងស្ថានភាពពីមុនផ្សេងទៀត ដូច្នេះហើយយើងទុកចិត្តលើកូនស្រីរបស់យើងថា បានអភិវឌ្ឍផ្លូវទំនាក់ទំនងជាមួយនឹងស្ថានសួគ៌នៅក្នុងជីវិតរបស់នាង ។ ដូច្នេះ នាងបានរៀនអ្វីមួយវិជ្ជមានពីបទពិសោធន៍នាង និង បានត្រៀមចំពោះជម្រើសប្រសើរជាងនៅពេលអនាគត ។ បើគ្មានទំនាក់ទំនងជាមួយនឹងព្រះវិញ្ញាណ កូនៗ និង ឪពុកម្ដាយដូចគ្នា នឹងកាត់បន្ថយការសម្រេចចិត្តដែលមិនល្អគ្រប់ប្រភេទក្នុងនាមនៃការអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ ។ សេចក្ដីសន្យាក្នុងព្រះគម្ពីរគឺថា « ពួកអ្នកណាដែលមានប្រាជ្ញា ... ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ... ﹝ពុំត្រូវគេ﹞ បញ្ឆោត » ។8
ឥទ្ធិពលបន្ថែម និង អន្ដរាយនៃការគ្រប់គ្រងដ៏ឥតសុចរិត អាចបាត់បង់ការទុកចិត្តលើសេចក្ដីស្រឡាញ់របស់ព្រះ ។ ខ្ញុំស្គាល់មនុស្សមួយចំនួនដែលនៅក្រោមអំណាចរបស់អ្នកដឹកនាំ ឬ ឪពុកម្ដាយដែលទាមទារ និង ត្រួតត្រា ហើយពួកគេពិបាកដើម្បីមានអារម្មណ៍ពីសេចក្ដីស្រឡាញ់ដ៏ពិតពីព្រះវរបិតាសួគ៌ារបស់ពួកគេដែលនឹងទ្រទ្រង់ពួកគេ ហើយជម្រុញពួកគេឲ្យដើរតាមផ្លូវនៃសេចក្ដីសុចរិត ។
ប្រសិនបើយើងនឹងជួយអ្នកដែលនៅក្រោមការត្រួតត្រាធ្វើការទំនាក់ទំនងដ៏សំខាន់ជាមួយនឹងស្ថានសួគ៌ យើងត្រូវតែជាប្រភេទឪពុកម្ដាយ និង អ្នកដឹកនាំដែលបានពណ៌នានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា កណ្ឌទី 121 ។ យើងត្រូវតែធ្វើ « ដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និង ដោយការស្លូតបូត និង ដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ » ។9 ប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ថា ៖ « ក្នុងចំណោមជំនួយទាំងអស់ដែលយើងអាចជួយ ... យុវជន ជាអ្នកអស្ចារ្យបំផុត នឹងត្រូវអនុញ្ញាតឲ្យពួកគេមានអារម្មណ៍ពីទំនុកចិត្តរបស់យើងថា ពួកគេនៅលើផ្លូវទៅផ្ទះឆ្ពោះទៅព្រះ ហើយថាពួកគេអាចធ្វើវាបាន » ។10
នៅពេលដែលយើងគិតអំពីគោលការណ៍ទាំងនេះដែលអាចណែនាំយើងនៅក្នុងសាសនាចក្រ និង នៅក្នុងផ្ទះ ខ្ញុំសូមបិទដោយឧទាហរណ៍មួយពីជីវប្រវិត្តរបស់ប្រធាន ថូម៉ាស អេស. ម៉នសុន ។ អាន ឌីប ជាកូនស្រីរបស់ប្រធាន ម៉នសុន បាននិយាយថា មកដល់ថ្ងៃនេះ នៅពេលដែលនាងចូលមកមុខទ្វារផ្ទះដែលនាងបានធំឡើង ឪពុកនាងនឹងនិយាយថា ៖ « អូ៎ មើលនែ៎ តើនរណាមកហ្នឹង ? ហើយតើយើងមិនសប្បាយចិត្តទេឬ ? ហើយតើនាងមិនស្អាតទេឬ ? » នាងបន្ដនិយាយថា « ឪពុកម្ដាយរបស់ខ្ញុំតែងតែសរសើរខ្ញុំជានិច្ច ។ វាមិនមានបញ្ហាថាខ្ញុំមើលទៅដូចមេ្ដច ឬ តើខ្ញុំបានធ្វើអ្វីទេ ... នៅពេលដែលខ្ញុំទៅលេងឪពុកម្ដាយខ្ញុំ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវបានគាត់ស្រឡាញ់ ខ្ញុំត្រូវបានគាត់សរសើរ ខ្ញុំត្រូវបានគាត់ស្វាគមន៍ ហើយខ្ញុំបាននៅផ្ទះ » ។11
បងប្អូនប្រុសស្រី នេះគឺជាផ្លូវរបស់ព្រះអម្ចាស់ ។ ទោះបីជាអ្នកត្រូវបានគេធ្វើបាបកាលពីមុនក៏ដោយ ខ្ញុំដឹងថាព្រះអម្ចាស់ចង់ឲ្យអ្នកមករកទ្រង់ ។12 អ្នកទាំងអស់គ្នា ត្រូវបានស្រឡាញ់ ។ អ្នកទាំងអស់គ្នាត្រូវបានស្វាគមន៍ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។