ឆ្នាំ ២០១០-២០១៩
តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចម្ដេច?
មេសា 2012


តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចម្ដេច ?

នៅពេល​ដែល​អ្នក​ស្រឡាញ់​ទ្រង់ ទុក​ចិត្ត​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ធ្វើតាម​ទ្រង់ អ្នក​នឹង​មាន​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង ការយល់ស្រប​ពី​ទ្រង់ ។

អ្នកយកព័ត៌មាន​ម្នាក់​មក​ពី​ក្រុម​ទស្សនាវដ្ដី​របស់​ប្រេស៊ីល​ដែល​ឈានមុខ​គេ​មួយ បាន​ធ្វើការ​សិក្សា​ពី​សាសនាចក្រ​ដើម្បី​រៀបចំ​អត្ថបទ​ព័ត៌មាន​សំខាន់​មួយ ។1 គាត់​បាន​សិក្សា​ពី​គោលលទ្ធិ​របស់​យើង និង បាន​មក​ទស្សនា​ការហ្វឹកហ្វឺន​អ្នកផ្សព្វផ្សាយ​សាសនា និង មជ្ឈមណ្ឌល​សប្បុរសធម៌​របស់​យើង ។ គាត់​បាន​ជជែក​ជាមួយ​នឹង​មិត្តភក្ដិ​ពី​សាសនាចក្រ និង ជាមួយ​អ្នកផ្សេង​ទៀត​ ដែល​មិន​សូវ​មាន​ភាពរាក់ទាក់ ។ នៅក្នុង​ការសម្ភាសន៍​ជាមួយ​ខ្ញុំ អ្នកយកព័ត៌មាន​នោះ​មើល​ទៅ​ដូចជា​យល់ច្រឡំ​យ៉ាង​ខ្លាំង​ នៅពេល​ដែល​គាត់​សួរ​ថា « តើ​អ្នក​ផ្សេង​គិត​ថា ​អ្នក​មិនមែន​ជា​ពួកបរិសុទ្ធ​ដោយ​របៀបណា ? ខ្ញុំ​ដឹង​ថា គាត់​សំដៅ​ទៅ​លើ​សាសនាចក្រ ប៉ុន្ដែ​គំនិត​របស់​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ គិត​ថា​ជា​សំណួរ​ផ្ទាល់​ខ្លួន ហើយ​ខ្ញុំ​បាន​គិត​ក្នុង​ខ្លួន​ឯង​ថា « តើ​ជីវិត​របស់​ខ្ញុំ​បាន​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ និង ការលះបង់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ចំពោះ​ព្រះអង្គ​សង្រ្គោះ​ដែរ​ឬ​ទេ ? »

ព្រះយេស៊ូវ​បាន​សួរ​ទៅ​ពួកផារិស៊ី​ថា « តើ​អ្នករាល់គ្នា​គិត​ពី​ព្រះគ្រីស្ទ ​ដូចម្ដេច? »2 នៅក្នុង​ការគិតស្មាន​​ចុងក្រោយ ភាព​ជា​សាវក​ផ្ទាល់​របស់​យើង នឹង​មិន​ត្រូវ​កាត់សេចក្ដី​ដោយ​មិត្តភក្ដិ ឬក៏​សត្រូវ​របស់​យើង​នោះ​ទេ ។ ជាង​នោះទៅទៀត ដូច ប៉ុល បាន​និយាយ​ថា « យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទីជំនុំជំរះ​របស់​ផង​ព្រះគ្រីស្ទ » ។3 នៅ​ថ្ងៃ​នោះ សំណួរ​សំខាន់​សម្រាប់​យើង​ម្នាក់ៗ​ នឹង​សួរ​ថា ៖ « តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចមេ្ដច ? »

ទោះបីជា​ទ្រង់​ស្រឡាញ់​មនុស្ស​ទាំងអស់​ក៏​ដោយ ក៏​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ដោយ​ដាក់​ទោស​ចំពោះ​មនុស្ស​មួយ​ចំនួន ​ដែល​នៅ​ជុំវិញ​ទ្រង់​ថា​ ជា​ពួកលាក់ពុត4, ពួកមនុស្ស​ល្ងីល្ងើ5, និង ពួកទទឹង​ច្បាប់6។ ទ្រង់​បាន​ហៅ​​អ្នកផ្សេង​ថា ​ជា​មនុស្ស​របស់​នគរស្ថានសួគ៌7និង ជា​ពន្លឺ​នៃ​លោកិយ ។.8 ទ្រង់​មាន​ព្រះបន្ទូល​ដោយ​បដិសេធ​ចំពោះ​មនុស្ស​ខ្លះ​ដែល​ខ្វាក់9 និង អ្នក​មិន​កើត​ផល10 ។ ទ្រង់​លើក​តំកើង​អ្នកដទៃ​ថា​ ជា​អស់អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ11 និង អស់​អ្នក​ដែល​ស្រេកឃា្លន​នូវ​សេចក្ដី​សុចរិត12 ។ ទ្រង់​ពិបាក​ព្រះទ័យ​ពេល​មនុស្ស​ខ្លះ​ មិន​ជឿ13 និង កើត​ពី​លោកីយ14 ប៉ុន្ដែ​អ្នកផ្សេង​ ​ទ្រង់​បាន​ផ្ដល់​កិត្តិយស​ជា​អ្នក​ជម្រើស15, ជា​សិស្ស​របស់​ទ្រង់16, ជា​ពួក​សំឡាញ់17 ។ ហើយ​ដូច្នេះ​យើង​ម្នាក់ៗ​សួរ​ថា « តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចម្ដេច ? »

ប្រធាន ថូម៉ាស អេស ម៉នសុន បានពណ៌នា​ពិភពលោក​យើង​សព្វថ្ងៃ​ថា ​បាន​ចាកចេញ​ទៅ​ឆ្ងាយ « ពី​អ្វី​ដែល​ជា​ខាងវិញ្ញាណ ... [ដោយសារ] ខ្យល់​នៃ​ការផ្លាស់ប្ដូរ [ដែល​បាន​បក់] ជុំវិញ​យើង និង ទំនាក់ទំនង​ខាង​សីលធម៌​នៃ​សង្គម [ដែល​កំពុង​បន្ដ] ដើម្បី​បំផ្លាញ​នៅនឹង​ភ្នែក​របស់​យើង​ផ្ទាល់ ។18 » វា​ជា​ពេល​នៃ​ការបណ្ដុះ​ការមិន​ជឿ និង ការមិន​យក​ចិត្ត​ទុក​ដាក់​លើ​ព្រះគ្រីស្ទ និង ការបង្រៀន​របស់​ទ្រង់ ។

នៅក្នុង​ចលាចល​នេះ យើង​រីករាយ​ក្នុង​ការក្លាយ​ជា​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ឃើញ​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅ​ជុំវិញ​យើង​ទាំងអស់ ។ ជោគវាសនា​របស់​យើង ត្រូវ​បាន​កំណត់​យ៉ាង​ល្អ​នៅ​ចំពោះ​មុខ​យើង ។ « នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ព្រះយេស៊ូវ​បាន​អធិស្ឋាន « គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង ។19 » ដោយជា​សាវក​ម្នាក់​នៅក្នុង​ជោគវាសនា​នា​ពេល​បច្ចុប្បន្ន នឹង​បាន​គេ​គោរព​ពេញ​ជីវិត​អស់កល្ប​ជានិច្ច ។

សារលិខិត​ដែល​យើង​បាន​ស្ដាប់​អំឡុង​ពេល​មហាសន្និសីទ​នេះ គឺ​ជា​សញ្ញា​នៃ​ការដឹកនាំ​មក​ពី​ព្រះអម្ចាស់​នៅលើ​ផ្លូវ​ដំណើរ​នៃ​ភាព​ជា​សាវក​របស់​យើង ។ នៅពេល​យើង​បាន​ស្ដាប់​អំឡុងពេល​ពីរ​ថ្ងៃ​មុន ដោយ​អធិស្ឋាន​សុំ​ការដឹកនាំ​ខាង​វិញ្ញាណ ហើយ​នៅពេល​ដែល​យើង​សិក្សា និង អធិស្ឋាន​អំពី​សារលិខិត​ទាំងនេះ​សម្រាប់​ថ្ងៃ​ខាង​មុខ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ដោយ​បង្ហាញ​ផ្លូវ​ផ្ទាល់ខ្លួន​តាមរយៈ​អំណោយទាន​នៃ​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អារម្មណ៍​ទាំងនេះ​នឹង​រុញ​យើង​ឲ្យ​កាន់​តែ​ខិត​ជិត​ទៅ​រក​ព្រះ ដោយ​ការប្រែចិត្ត គោរព ជឿ និង ទុកចិត្ត ។ ព្រះអង្គ​សង្គ្រោះ បាន​ឆ្លើយតប​ចំពោះ​ទង្វើ​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ « បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទីលំនៅ​នៅ​ជាមួយ​ដែរ» ។20

ការហៅ​របស់​ព្រះយេស៊ូវ « ចូរ​មក​តាម​ខ្ញុំ​ចុះ »21 មិនមែន​តែ​សម្រាប់​អ្នក​ដែល​រៀបចំ​ដើម្បី​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ ។ ជា​ការពិត ភាព​ជា​សាវក​មិនមាន​ការប្រកួតប្រជែង​នោះ​ទេ ប៉ុន្ដែ​វា​ជា​ការអញ្ជើញ​ដល់​មនុស្ស​ទាំងអស់ ។ ដំណើរ​នៃ​ភាព​ជា​សាវក​របស់​យើង គឺ​មិនមែន​ជា​ការប្រកួត​ដ៏​ខ្លី​ជុំវិញ​គំនូសដាន ទាំង​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​​ការប្រណាំងប្រជែង​ដ៏​វែង​នោះ​ដែរ ។ ភាព​ពិត​គឺ​ថា​ វា​ជា​ដំណើរ​ពេញ​មួយ​ជីវិត​ទៅ​កាន់​ពិភព​មួយ​សេឡេស្ទាល​ជាង​នេះ ។

ការអញ្ជើញរបស់​ទ្រង់ គឺជា​ការហៅ​មួយ​ចំពោះ​ការខិតខំ​ជា​រៀងរាល់​ថ្ងៃ ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទួល​ថា ៖ « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ »22 ។ « បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះកាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ »23 ។ យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន​ល្អ​បំផុត​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ ប៉ុន្ដែ​​បើ​យើង​ខិតខំ ការអញ្ជើញ​របស់​ព្រយេស៊ូវ​គឺ​ពោរពេញ​ទៅ​ដោយ​ការលើកទឹកចិត្ត និង សេចក្ដី​សង្ឃឹម ៖ « ចូរ​មក​ឯ​ខ្ញុំ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​ឈប់​សម្រាក » ។24

នា​ពេលឥឡូវ មិន​ថា​អ្នក​កំពុង​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សាវក​នៅ​កន្លែង​ណា​ទេ អ្នក​កំពុង​តែ​នៅ​លើ​ផ្លូវ​ត្រូវ​ហើយ ជា​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ យើង​ទាំងអស់​រួម​គ្នា អាច​លើក និង ចម្រើន​កម្លាំង​ដល់​គ្នា​ទៅវិញទៅមក​នៅក្នុង​ថ្ងៃ​ដ៏​អស្ចារ្យ និង សំខាន់​ខាង​មុខ ។ ការលំបាក​អ្វី​ក៏​ដោយ​ដែល​នៅ​ពី​មុខ​យើង ភាពទន់ខ្សោយ​ដែល​ដាក់​កំហិត​យើង ឬ ភាពមិនអនុគ្រោះ ​ដែល​នៅ​ជុំវិញ​យើង សូម​ឲ្យ​យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​បាន​ប្រកាស​ថា « ការទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ » ។25

ខ្ញុំ​សូម​ចែកចាយ​គំរូ​នៃ​ភាព​ជា​សាវក​ តាម​សកម្មភាព​ចំនួនពីរ ។ ទី​មួយ គឺអំ​ពី​ជីវិត​របស់​ប្រធាន ថូម៉ាស  អេស. ម៉នសុន ដែល​បាន​បង្ហាញ​ពី​អានុភាព​នៃ​សណ្ដានចិត្ត​ដ៏សាមញ្ញ និង ការបង្រៀន​របស់​ព្រះយេស៊ូវ​ថា « អ្នកណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​ដល់​អ្នករាល់គ្នា​វិញ » ។26

ជិត 20 ឆ្នាំ​កន្លង​ទៅ ប្រធាន ម៉នសុន បាន​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ​អំពី​យុវនារី​អាយុ 12 ឆ្នាំ​ម្នាក់​ដែល​កើត​ជំងឺ​មហារីក ។ គាត់​បាន​ប្រាប់​ពី​សេចក្ដីក្លាហាន​របស់​នាង និង សណ្ដាន​ចិត្ត​មិត្តភក្ដិ​របស់​នាង​ដើម្បី​នាំ​នាង​ឡើង​ភ្នំ ធីមផាណូហ្គូស នៅ​ភាគ​កណ្ដាល​នៃ​រដ្ឋ​យូថាហ៍ ។

ពីរ​បី​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ជួប​នឹង ជេមមី ផាមមើរ ប៊្រីនតុន ហើយ​បាន​ឮ​អំ​ពី​ទស្សនៈ​ផ្សេងគ្នា - ទស្សនៈ​ដែល​ប្រធាន ម៉នសុន បាន​គិត​ចំពោះ​នាង ។

ជេមមី បាន​ជួប​នឹង​ប្រធាន ម៉នសុន កាល​ពី​ខែ​មីនា ឆ្នាំ 1993 មួយ​ថ្ងៃ​ក្រោយ​ពី​គេ​បាន​ប្រាប់​នាង​ថា ដុំ​សាច់​នៅ​លើ​ជង្គង់​ស្ដាំ​របស់​នាង​ គឺជា​មហារីក​ឆ្អឹង​ដែល​ដុះ​យ៉ាង​លឿន ។ ដោយ​មាន​ជំនួយ​ពី​ឪពុក​របស់​នាង ប្រធាន ម៉នសុន បាន​ធ្វើការ​ប្រសិទ្ធពរ​បព្វជិតភាព​មួយ​ដោយ​សន្យា​ថា « ព្រះយេស៊ូវ​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ​ដើម្បី​លើកទឹកចិត្ត​អ្នក » ។

« ក្រោយ​ពី​ចាកចេញ​ពី​ការិយាល័យ​របស់​គាត់​នៅ​ថ្ងៃ​នោះ » ជេមមី បាន​និយាយ « ខ្ញុំ​បាន​ស្រាយ​ខ្សែ​ប៉េងប៉ោង​ដែល​ចង​ជាប់​នឹង​កៅអី​រុញ​របស់​ខ្ញុំ ហើយ​បាន​ឲ្យ​វា​ទៅ​គាត់ ។ វា​មាន​សរសេរ​ថា « អ្នក​អស្ចារ្យ​បំផុត » ជា​អក្សរ​ភ្លឺៗ ។

តាមរយៈ​ការព្យាបាលរបស់​នាង​​ដោយ​ឱសថ និង ការវះកាត់​រក្សា​អវៈយវៈ ប្រធាន ម៉នសុន មិន​បាន​ភ្លេច​នាង​នោះ​ទេ ។ ជេមមី បាន​និយាយ​ថា « ប្រធាន ម៉នសុន បាន​ឧទាហរណ៍​បញ្ជាក់​ពី​អ្វី​ដែល​មាន​ន័យ​ថា​ជា​សាវក​ដ៏​ពិត​នៃ​ព្រះគ្រីស្ទ ។ 〔 គាត់ 〕​បាន​លើក​ខ្ញុំ​ចេញ​ពី​ទុក្ខសោក​ ឲ្យមាន​សេចក្ដីសង្ឃឹម​ដ៏​អស្ចារ្យ និង ​ស៊ូទ្រាំ ។ » បី​ឆ្នាំ​ក្រោយ​ពី​ការជួប​លើក​ដំបូង​របស់​ពួកគេ ជេមមី បាន​អង្គុយ​ក្នុង​ការិយាល័យ​របស់​ប្រធាន ម៉នសុន ម្ដង​ទៀត ។ នៅពេលការជួប​បាន​បញ្ចប់ គាត់​បាន​ធ្វើ​អ្វី​មួយ​ដែល ជេមមី នឹង​មិន​អាច​បំភ្លេច​បាន ។ ដោយ​គំនិត​យ៉ាង​សាមញ្ញ​​របស់​ប្រធាន ម៉នសុន គាត់​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ ដោយ​បាន​ឲ្យ​ប៉េងប៉ោង​ដដែល​របស់​នាង​ដែល​នាង​បាន​ឲ្យ​ទៅ​គាត់​កាល​ពី​បី​ឆ្នាំ​មុន ។ ប៉េងប៉ោង​នោះ​បាន​សរសេរ​ថា ថា « អ្នក​អស្ចារ្យ​បំផុត ! » ។ គាត់​បាន​រក្សា​ប៉េងប៉ោង​នោះ​ទុក ដោយ​ដឹង​ថា​នាង​នឹង​ត្រឡប់​មក​ការិយាល័យ​របស់​លោក​ម្ដង​ទៀត នៅពេល​ដែល​នាង​បាន​ជាសះស្បើយ​​ពី​ជម្ងឺមហារីក​នោះ ។ ដប់​បួន​ឆ្នាំ​ក្រោយ​ពី​ការជួប​លើក​ទី​មួយ​របស់​ពួកគេ ប្រធាន ម៉នសុន បាន​រៀបអាពាហ៍ពិពាហ៍​ឲ្យ ចាសុន ប៊្រីនតុន នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ ឡេក ។27

យើង​អាច​រៀន​យ៉ាង​ច្រើន​អំពី​ភាពជា​សាវក​របស់​ប្រធាន ម៉នសុន ។ គាត់​ជារឿយៗ​បាន​រំឭក​ដល់អ្នក​មាន​​សិទ្ធិ​អំណាច​ទូទៅ​ ឲ្យ​​ចងចាំសំណួរ​ដ៏សាមញ្ញនេះ ៖ « តើ​ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វី ? »

ព្រះយេស៊ូវ​បាន​ប្រាប់​អ្នកដឹកនាំ​នៃ​សាលាប្រជុំ​ថា « កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ» ។28 ភាព​ជា​សាវក គឺ​ជឿទៅ​លើ​ទ្រង់​គ្រប់​ពេលមាន​សន្ដិភាព និង​ពេលមាន​ការ​​លំបាក សេ​ចក្ដី​ជំនឿ​រម្ងាប់​ការឈឺចាប់ និង ការភ័យ​ខ្លាច​របស់​យើង ​ដោយ​សារ ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​គ្រួសារ​មួយ​ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​ពី​របៀប​ដែល​យើង​ជឿ​ទៅ​លើ​ទ្រង់ ។ អ័រហ្គិន និង សូលិន សេន​តេលូស មក​ពី ផត-អូ-ព្រីនសេស នៃ​ប្រទេស ហៃទី បាន​ប្រាប់​ខ្ញុំ​នូវ​រឿង​របស់​ពួកគេ ។

នៅ​ថ្ងៃទី 12 ខែ​មករា​ឆ្នាំ 2010 អ័រហ្គិន បាន​នៅ​កន្លែង​ធ្វើការ ហើយ សូលិន នៅ​ព្រះវិហារ​នៅពេល​ដែល​ការរញ្ជួយ​ដី​ដ៏​ហិនហោច​ បាន​បំផ្លាញ​ប្រទេស ហៃទី។ កូនៗ​បី​នាក់​របស់​ពួកគេ​គឺ ហ្គេនស៊ីអាយុ​ប្រាំ​ឆ្នាំ អានជី អាយុ​បី​ឆ្នាំ និង ហ្គេនស្លី អាយុ​មួយ​ឆ្នាំ នៅ​ផ្ទះ​ជាមួយ​នឹង​មិត្តភក្ដិ​ម្នាក់ ។

ការអន្ដរាយ​ដ៏​ធំ​នេះ​កើតឡើង​នៅ​គ្រប់​ទីកន្លែង ។ ដូច​ដែល​អ្នក​បាន​ចាំ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​ កាល​ពី​ខែ​មករា​នោះ​ក្នុង​ប្រទេស ហៃទី។ អ័រហ្គិន និង សូលិន បាន​រត់​យ៉ាង​លឿន​ទៅ​ផ្ទះ​របស់​ពួកគេ​ដើម្បី​រក​កូនៗ ។ អគារ​ផ្ទះល្វែង​បី​ជាន់​ដែល​គ្រួសារ សេន​តេលូស បាន​ស្នាក់នៅ​បាន​ដួលរលំ ។

កូនៗ​មិន​បាន​រត់​ចេញ​នោះ​ទេ ។ គ្មាន​ការខិតខំ​ជួយសង្គ្រោះ​ណាធ្វើ​ឡើង​​ដើម្បី​ជួយ​អគារ​ដែល​បាន​បំផ្លាញ​ទាំងស្រុង​ខ្លាំង​យ៉ាង​នេះ​ទេ ។

អ័រហ្គិន និង សូលិន សេន​តេលូស បាន​បម្រើ​ជា​បេសកកម្ម​​ពេញ​ម៉ោង​ទាំងពីរ​នាក់ ហើយ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ជឿ​លើ​ព្រះអង្គ​សង្រ្គោះ និង សេចក្ដីសន្យា​របស់​ទ្រង់​ចំពោះ​ពួកគេ ។ ប៉ុន្ដែ​ពួកគេ​នៅតែ​មាន​ទុក្ខសោក​យ៉ាង​ខ្លាំង ។ ពួកគេ​យំ​យ៉ាង​ខ្លាំង​ដោយ​មិន​អាច​ទប់​បាន ។

អ័រហ្គិន បាន​ប្រាប់​ខ្ញុំ​ថា នៅក្នុង​ម៉ោង​ដ៏​ងងឹត​បំផុត គាត់​បាន​ចាប់ផ្ដើម​អធិស្ឋាន « ព្រះវរបិតា​សួគ៌ បើ​នេះ​ជា​ព្រះហឬទ័យ​របស់​ទ្រង់ ប្រសិនបើ​គ្រាន់តែ​មាន​កូន​របស់​យើង​ម្នាក់​នៅ​រស់​ក៏​បាន​ដែរ សូម​មេត្តា​ទ្រង់​ជួយ​យើង​ផង ។ » គាត់​បាន​ដើរ​ទៅ​ដើរ​មក​ជុំវិញ​អគារ ដោយ​អធិស្ឋាន​សម្រាប់​ការបំផុស​គំនិត ។ អ្នកជិតខាង​បាន​ព្យាយាម​លួងលោម​គាត់ ហើយ​បាន​ជួយ​គាត់​ឲ្យ​ទទួល​ស្គាល់​ការបាត់បង់​កូនៗ​របស់​គាត់ ។ អ័រហ្គិន បាន​បន្ដ​ដើរ​ជុំវិញ​កំទេច​ថ្ម​នៃ​អគារ​ដែល​បាន​រលំ​នោះ​ដោយ​ក្ដីសង្ឃឹម និង អធិស្ឋាន ។ បន្ទាប់​មក អ្វី​មួយ​ដែល​ពិត​ជា​អព្ភូតហេតុ​បាន​កើត​ឡើង ។ អ័រហ្គិន បាន​ឮ​សំឡេង​ក្មេង​យំ​យ៉ាង​ខ្សោយ​ដែល​ស្ទើរ​តែ​មិន​អាច​ឮ​ ។ វា​ជាសម្លេង​យំ​របស់​កូន​គាត់ ។

អ្នកជិតខាង​បាន​ជីក​កំទេច​ថ្ម​នោះ​រាប់​ម៉ោង​យ៉ាង​អស់​សង្ឃឹម ដោយ​ប្រថុយ​ជីវិត​របស់​ពួកគេ ។ នៅ​កណ្ដាល​យប់ ក្នុង​​សម្លេង​ដ៏​ខ្លាំង​នៃ​ញញួរ និង ដែក​ដាប់ អ្នកធ្វើការ​សង្គ្រោះ​ជាច្រើន​បាន​ឮ​សម្លេង​មួយ​ទៀត ។ ពួកគេ​បាន​បញ្ឈប់​ការជីក​ថ្ម​របស់​ពួកគេ ហើយ​ចាំ​ស្ដាប់ ។ ពួកគេ​មិន​អាច​ជឿ​អ្វី​ដែល​ពួកគេ​កំពុង​តែ​ឮ​នោះ​ទេ ។ វា​ជា​សម្លេង​របស់​ក្មេង​តូច​មួយ ហើយ​គាត់​កំពុង​ច្រៀង ។ ហ្គេនស៊ីដែល​មាន​អាយុ​ប្រាំ​ឆ្នាំ​ក្រោយ​មក​បាន​និយាយ​ថា គាត់​ដឹង​ថា​ឪពុក​របស់​គាត់​នឹង​ឮ ប្រសិនបើ​គាត់​ច្រៀង ។ ស្ថិត​ក្រោម​ទម្ងន់​នៃ​បេតុង​ដែល​បែកបាក់​ធ្វើ​ឲ្យ​គាត់​ដាច់​ដៃ ហ្គេនស៊ីបាន​ច្រៀង​ចម្រៀង​ដែល​គាត់​ចូលចិត្ត « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។29

ច្រើន​ម៉ោង​បាន​កន្លង​ផុត​ទៅ នៅ​កណ្ដាល​ភាពងងឹត​សូន្យសុង ការស្លាប់ និង ការអស់សង្ឃឹម​នៃ​បុត្រា និង បុត្រី​ដ៏​ស្ងួនភ្ងា​ជាច្រើន​នាក់​ផ្សេង​ទៀត​នៃ​ព្រះ​ក្នុង​ប្រទេស ហៃទី គ្រួសារ សេន​តេលូស ទទួល​បាន​អព្ភូតហេតុ​មួយ ។ ហ្គេនស៊ី, អានជី, និង ហ្គេនស្លី បាន​រកឃើញ​នៅរស់​ទាំងអស់​នៅក្រោម​អគារ​ដែល​បាន​បំផ្លាញ​ខ្ទេច​នោះ ។30

អព្ភូតហេតុ​មិន​តែងតែ​មក​ភ្លាមៗ​នោះ​ទេ ។ នៅពេល​ដែល​យើង​គិត​យ៉ាង​ខ្លាំង​ថា​ហេតុអ្វី​បាន​ជា​អព្ភូតហេតុ​ដែល​យើង​អធិស្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ សុំ​មិន​កើតឡើង​នៅ​ទីនេះ និង ឥឡូវនេះ ។ ប៉ុន្ដែ​នៅពេល​ដែល​យើង​ទុកចិត្ត​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​អព្ភូតហេតុ​ដែល​បាន​សន្យា​នឹង​កើតឡើង ។ មិន​ថា​នៅក្នុង​ជីវិត​នេះ ឬ ជីវិត​ខាង​មុខ​នោះ​ទេ អ្វីៗ​ទាំងអស់​នឹង​ធ្វើ​ឲ្យទៅ​​ជា​ត្រូវ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា ៖ « កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ ។ »31 « នៅ​លោកិយ​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្ដែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ ។ »32

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា នៅពេល​ដែល​អ្នក​ស្រឡាញ់​ទ្រង់ ទុក​ចិត្ត​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ធ្វើតាម​ទ្រង់ អ្នក​នឹង​មាន​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង ការយល់ស្រប​ពី​ទ្រង់ ។ នៅពេល​ដែល​អ្នក​សួរ​ថា « តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចម្ដេច ? » អ្នក​នឹង​ដឹង​ថា អ្នក​គឺជា​សាវក​របស់​ទ្រង់ អ្នក​គឺជា​សំឡាញ់​របស់​ទ្រង់ ។ ដោយសារ​ព្រះគុណ​របស់​ទ្រង់ ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​សម្រាប់​ខ្លួន​អ្នក ។

យើង​រង់ចាំ​ដោយ​អន្ទះសារ​នូវ​ប្រសាសន៍​បញ្ចប់​របស់​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ។ ប្រធាន ថូម៉ាស  អេស. ម៉នសុន ត្រូវ​បាន​តែងតាំង​ឡើង​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ខ្ញុំ​មាន​អាយុ 12 ឆ្នាំ ។ រយៈពេល​ជាង 48 ឆ្នាំ​មក​ហើយ យើង​ត្រូវ​បាន​ប្រទាន​ពរ​ក្នុង​ការស្ដាប់​គាត់​ធ្វើ​ជា​សាក្សី​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នាពេល​នេះ គាត់​នៅក្នុង​តួនាទី​នេះ​ជា​សាវក​ជាន់ខ្ពស់​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​លើ​ផែនដី​នេះ ។

ដោយ​ក្ដី​ស្រឡាញ់ និង ការកោតសរសើរ​ដ៏​ខ្លាំង​ពី​​ពួក​សិស្ស​ជាច្រើន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ យើង​សូម​បន្ទាប​ខ្លួន​ប្រកាស​ថា​ ទេវតា​ជាច្រើន​បាន​ត្រឡប់​មក​ផែនដី​វិញ​នៅក្នុង​ជំនាន់​របស់​យើង ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​ទ្រង់​បាន​បង្កើត​វា​ឡើង​តាំង​ពី​បុរាណកាល​មក ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដោយ​សិទ្ធិ​អំណាច ពិធីបរិសុទ្ធ​ និង ពរជ័យ​ជាច្រើន​ពី​ស្ថានសួគ៌ ។ ព្រះគម្ពីរ​មរមន គឺ​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​បាន​រងទុក្ខ និង បាន​សុគត​ចំពោះ​អំពើ​បាប​របស់​យើង ហើយ​បាន​រស់ឡើង​វិញ​នៅ​ថ្ងៃទី​បី ។ ទ្រង់​បាន​រស់ឡើង​វិញ ។ នៅក្នុង​ថ្ងៃ​ខាងមុខ គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​សារភាព​ថា ទ្រង់​គឺជា​ព្រះគ្រីស្ទ ។33 នៅ​ថ្ងៃ​នោះ ការព្រួយបារម្ភ​របស់​យើង​នឹង​គ្មាន​ទៀត​ទេ​ថា « តើ​អ្នក​ផ្សេង​គិត​ថា​ខ្ញុំ​ជា​ពួកបរិសុទ្ធ​ដែរ​ឬ​ទេ ? » នៅ​ពេល​នោះ យើង​នឹង​ផ្ដោត​ទៅ​លើ​ទ្រង់​យ៉ាង​ពេញលេញ ហើយ​ព្រលឹង​របស់​យើង​នឹង​បាន​ដក់​នូវ​សំណួរ​ថា « តើ​ព្រះគ្រីស្ទ​គិត​ពី​ខ្ញុំ​ដូចមេ្ដច ? » ទ្រង់​រស់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។