ព្រះគម្ពីរ
នីហ្វៃ ទី ៣ 7


ជំពូក​ទី ៧

លោក​មេ​ចៅក្រម​ត្រូវ​គេ​ធ្វើ​ឃាត រដ្ឋាភិបាល​ត្រូវ​បំផ្លាញ​ចោល — ហើយ​ប្រជាជន​បែក​ចេញ​ជា​ពូជ​អំបូរ​ទាំង​ឡាយ — យ៉ាកុប ដែល​ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ម្នាក់ ក្លាយ​ទៅ​ជា​ស្ដេច​នៃ​ពួក​ក្រុម​ផ្សំ​គំនិត​សម្ងាត់​មួយ — នីហ្វៃ​ផ្សាយ​អំពី​ការ​ប្រែចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ — ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​លោក​រាល់​ថ្ងៃ ហើយ​លោក​ប្រោស​ប្អូន​ប្រុស​របស់​លោក​ឲ្យ​រស់​ពី​ស្លាប់ — មនុស្ស​ជាច្រើន​ប្រែចិត្ត ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ប្រមាណ​ជា​ឆ្នាំ ៣០–៣៣ គ.ស.។

ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​ថា ពួក​គេ​ពុំ​បាន​បង្កើត​ឲ្យ​មាន​ស្ដេច​នៅ​លើ​ដែនដី​ទេ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ មែន​ហើយ គឺ​ឆ្នាំ​ទី​សាមសិប នោះ​ពួក​គេ​បាន​បំផ្លាញ​នៅ​លើ​វេទិកា​ជំនុំ​ជំរះ មែន​ហើយ គឺ​បាន​ធ្វើ​ឃាត​មេ​ចៅក្រម​នៃ​ដែនដី។

ហើយ​ប្រជាជន​ត្រូវ​បែកបាក់​ពី​គ្នា ហើយ​ពួក​គេ​បាន​បែក​ចេញ​ពី​គ្នា​ទៅ​ជា​ពូជ​អំបូរ​ទាំង​ឡាយ គឺ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​គ្រួសារ និង​ញាតិ​សន្តាន និង​មិត្តភក្តិ​របស់​គេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បំផ្លាញ​រដ្ឋាភិបាល​នៃ​ដែនដី។

ហើយ​ពូជ​អំបូរ​នីមួយៗ បាន​តែងតាំង​មេ ឬ​អ្នក​ដឹកនាំ​ម្នាក់​លើ​ពួក​គេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ពូជ​អំបូរ​ទាំង​ឡាយ និង​ពួក​អ្នក​ដឹកនាំ​ពូជ​អំបូរ​ទាំង​ឡាយ។

ឥឡូវ​នេះ មើល​ចុះ គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ ដែល​គ្មាន​គ្រួសារ និង​ញាតិ​សន្តាន និង​មិត្តភក្តិ​ជាច្រើន​នោះ​ឡើយ ហេតុ​ដូច្នេះ​ហើយ ពូជ​អំបូរ​ទាំង​ឡាយ​របស់​គេ បាន​ក្លាយ​ទៅ​ជា​ធំ​ដ៏​លើសលប់។

ឥឡូវ​នេះ ការណ៍​អស់​ទាំង​នេះ​បាន​កើត​ឡើង តែ​ពុំ​ទាន់​មាន​សង្គ្រាម​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ ហើយ​អស់​ទាំង​អំពើ​ទុច្ចរិត​នេះ​បាន​កើត​ឡើង​ដល់​ប្រជាជន ដោយ​មក​ពី​ពួក​គេ​បាន​បណ្ដោយ​ខ្លួន​នៅ​ក្រោម​អំណាច​របស់​អា​រក្ស​សាតាំង។

ហើយ​របៀប​ចាត់ចែង​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ត្រូវ​បំផ្លាញ​ចោល ពី​ព្រោះ​មក​ពី​ការ​រួម​គំនិត​សម្ងាត់ នៃ​មិត្តភក្តិ និង​ញាតិ​សន្តាន​របស់​ពួក​ជន​ដែល​បាន​ធ្វើ​ឃាត​ពួក​ព្យាការី។

ហើយ​ពួក​គេ​បាន​បណ្ដា​ល​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​មួយ​ដ៏​ធំ​នៅ​លើ​ដែនដី ដរាប​ដល់​ផ្នែក​មនុស្ស​ដែល​សុចរិត​ច្រើន សឹង​តែ​ក្លាយ​ទៅ​ជា​ទុច្ចរិត​ទាំង​អស់ មែន​ហើយ មាន​នៅ​សល់​តែ​មនុស្ស​សុ​ចរិត​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​ពួក​គេ។

ម្ល៉ោះ​ហើយ រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ពុំ​ទាន់​ឆ្លង​ផុត​ទៅ ចាប់​តាំង​ពី​ពេល​ដែល​ប្រជាជន​ភាគច្រើន បាន​បែរ​ចេញ​ពី​ភាព​សុចរិត​របស់​គេ បី​ដូច​ជា​ឆ្កែ​បែរ​ទៅ​រក​កម្អួត​វា ឬ​ដូច​ជា​ជ្រូក​ញី​បែរ​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ។

ឥឡូវ​នេះ ពួក​ផ្សំ​គំនិត​សម្ងាត់​នេះ ដែល​បាន​នាំ​មក​នូវ​ការ​ទុច្ចរិត​ដ៏​ធំ​មក​លើ​ប្រជាជន​នោះ​បាន​ប្រមូល​គ្នា​មក ហើយ​បាន​លើក​ធ្វើ​ជា​មេ​របស់​ពួក​វា​នូវ​មនុស្ស​ម្នាក់​ដែល​ពួក​វា​ហៅ​ថា យ៉ាកុប

១០ហើយ​ពួក​វា​បាន​ហៅ​គាត់​ថា​ជា​ស្ដេច​របស់​ពួក​វា ហេតុ​ដូច្នេះ​ហើយ គាត់​ក្លាយ​ទៅ​ជា​ស្ដេច​មួយ​លើ​ក្រុម​មនុស្ស​ទុច្ចរិត​នេះ ហើយ​ទ្រង់​គឺជា​មេ​ម្នាក់ ដែល​បាន​បញ្ចេញ​សំឡេង​របស់​ទ្រង់ ទាស់​នឹង​ពួក​ព្យាការី ដែល​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​យេស៊ូវ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​វា​ពុំ​សូវ​មាន​ចំនួន​ច្រើន ដូច​ពួក​ពូជ​អំបូរ​របស់​ប្រជាជន​ដែល​បាន​រួបរួម​គ្នា​នោះ​ទេ លើក​លែង​តែ​មេដឹកនាំ​របស់​គេ បាន​បង្កើត​ច្បាប់​ទាំង​ឡាយ គឺ​ម្នាក់ៗ​ទៅ​តាម​ពូជ​អំបូរ​របស់​ខ្លួន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ជា​ពួក​ខ្មាំងសត្រូវ​ដែរ ទោះ​បី​ពួក​គេ​ពុំ​មែន​ជា​ប្រជាជន​សុចរិត​ក្ដី គង់តែ​ពួក​គេ​រួម​គ្នា​នៅ​ក្នុង​សម្អប់​ទៅ​លើ​ពួក​ជន ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា ដើម្បី​បំផ្លាញ​រដ្ឋាភិបាល​ចោល​ដែរ។

១២ហេតុ​ដូច្នេះ​ហើយ យ៉ាកុប ដោយ​បាន​ទត​ឃើញ​ថា ពួក​ខ្មាំងសត្រូវ​របស់​ទ្រង់ មាន​ចំនួន​ច្រើនជាង​ខ្លួន ឯ​ទ្រង់​ជា​ស្ដេច​របស់​ក្រុម​នោះ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បាន​បញ្ជា​ប្រជាជន​របស់​ទ្រង់​ថា ពួក​គេ​ត្រូវ​រត់គេច​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ជើង​បំផុត​នៃ​ដែនដី ហើយ​នៅ​ទី​នោះ ពួក​គេ​បាន​ស្ថាបនា​នគរ​មួយ រហូត​ដល់​ពួក​គេ​ត្រូវ​បាន​រួបរួម ដោយ​ពួក​អ្នក​ដែល​បែកបាក់ (ព្រោះ​ទ្រង់​បាន​បញ្ជោរ​ពួក​គេ​ថា នឹង​មាន​អ្នក​បែកបាក់​ជាច្រើន) ហើយ​ពួក​វា​ក្លាយ​ទៅ​ជា​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តតាំង​នឹង​ពួក​ពូជ​អំបូរ​របស់​ប្រជាជន ហើយ​ពួក​វា​បាន​ធ្វើ​យ៉ាង​នេះ។

១៣ហើយ​ពួក​វា​បាន​ធ្វើ​ដំណើរ​ទៅ​យ៉ាង​លឿន រហូត​ដល់​មិន​អាច​ត្រូវ​បង្អាក់​បាន គឺ​រហូត​ដល់​ពួក​វា​បាន​ទៅ​ផុត​ពី​កណ្ដាប់​ដៃ​របស់​ប្រជាជន។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ទៅ នោះ​ហើយ​គឺជា​កិច្ចការ​ទាំង​ឡាយ​របស់​ប្រជាជន​នីហ្វៃ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​សាមសិប​មួយ ពួក​គេ​បាន​បែក​ទៅ​ជា​ពូជ​អំបូរ​ទាំង​ឡាយ គឺ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​គ្រួសារ និង​ញាតិ​សន្តាន និង​មិត្តភក្តិ​របស់​ខ្លួន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​បាន​មក​ដល់​ការ​ព្រម​ព្រៀង​មួយ​ថា ពួក​គេ​ពុំ​ធ្វើ​សង្គ្រាម​រវាង​គ្នា​ឡើយ ប៉ុន្តែ​ពួក​គេ​ពុំ​សាមគ្គី​គ្នា​ខាង​ច្បាប់​ទាំង​ឡាយ​របស់​គេ និង​របៀប​នៃ​រដ្ឋាភិបាល​របស់​គេ​ឡើយ ព្រោះ​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​គំនិត​ទាំង​ឡាយ​របស់​ពួក​អ្នក​ដែល​ជា​មេ​របស់​គេ និង​ពួក​អ្នក​ដឹកនាំ​របស់​គេ។ ប៉ុន្តែ​ពួក​គេ​បាន​បង្កើត​ច្បាប់​ទាំង​ឡាយ​យ៉ាង​តឹង​រឹង​ថា ពូជ​អំបូរ​នីមួយៗ ពុំ​ត្រូវ​បំពារបំពាន​លើ​ពូជ​អំបូរ​មួយ​ទៀត​ឡើយ ដរាប​ដល់​ពួក​គេ​មាន​សន្តិ​ភាព​ដល់​កម្រិត​មួយ​នៅ​លើ​ដែនដី ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ចិត្ត​របស់​គេ ត្រូវ​បែរ​ចេញ​ពី​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​ពួក​គេ​បាន​ចោល​ថ្ម​ទៅ​លើ​ពួក​ព្យាការី ព្រម​ទាំង​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ចំណោម​គេ​ដែរ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ — ដោយ​មាន​ពួក​ទេវតា​មក​រក ព្រម​ទាំង​សំឡេង​នៃ​ព្រះ​អម្ចាស់​ផង ហេតុ​ដូច្នេះ​ហើយ ដោយ​បាន​ឃើញ​ពួក​ទេវតា និង​ជា​សាក្សី ហើយ​ដោយ​មាន​អំណាច​ប្រទាន​ឲ្យ​លោក ដើម្បី​ឲ្យ​លោក​អាច​ដឹង​អំពី​ការងារ​បម្រើ​នៃ​ព្រះ​គ្រីស្ទ ហើយ​ជា​សាក្សី​ចំពោះ​ការ​ត្រឡប់​ដ៏​ឆាប់​របស់​ពួក​គេ ពី​ភាព​សុចរិត​ទៅ​កាន់​ភាព​ទុច្ចរិត និង​ភាព​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ

១៦ហេតុ​ដូច្នេះ​ហើយ ដោយ​ព្រួយបារម្ភ​ដល់​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ និង​ភាព​ងងឹតងងល់​នៃ​គំនិត​របស់​គេ នោះ​លោក​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ ក្នុង​ឆ្នាំ​ដដែល​នោះ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ពី​ការ​ប្រែចិត្ត និង​ការ​ផ្ដាច់​បាប​ដោយ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។

១៧ហើយ​លោក​បាន​ធ្វើ​ការងារ​បម្រើ​ជាច្រើន​ដល់​ពួក​គេ ហើយ​ការណ៍​ទាំង​អស់​នោះ មិន​អាច​យក​មក​សរ​សេរ​បាន​ទេ ហើយ​មួយ​ផ្នែក​នៃ​ការណ៍​ទាំង​នោះ​គឺ​ពុំ​គ្រប់គ្រាន់​ដែរ ហេតុ​ដូច្នេះ​ហើយ ពុំ​បាន​យក​មក​សរសេរ​ក្នុង​គម្ពីរ​នេះ​សោះ។ ហើយ​នីហ្វៃ​បាន​ធ្វើ​ការងារ​បម្រើ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ធំ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ខឹង​នឹង​លោក គឺ​ពី​ព្រោះ​លោក​មាន​អំណាច​ខ្លាំង​ជាង​ពួក​គេ ត្បិត​គ្មាន​លទ្ធ​ភាព​ណា​អាច​ធ្វើ​ឲ្យ​ពួក​គេ​មិន​ជឿ​ពាក្យ​ទាំង​ឡាយ​របស់​លោក​បាន​ឡើយ ត្បិត​សេចក្ដី​ជំនឿ​របស់​លោក​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នោះ​ធំ​ដ៏​ក្រៃលែង បាន​ជា​ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​ដល់​លោក​ជា​រៀងរាល់​ថ្ងៃ។

១៩ហើយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ នោះ​លោក​បាន​បណ្ដេញ​ពួក​អារក្ស​អសោចិ៍ និង​ពួក​វិញ្ញាណ​ស្មោក​គ្រោក​ឲ្យ​ចេញ ហើយ​លោក​ថែម​ទាំង​បាន​ប្រោស​ប្អូន​ប្រុស​របស់​លោក​ពី​ស្លាប់ បន្ទាប់ពី​លោក​ត្រូវ​គេ​ចោល​នឹង​ថ្ម ហើយ​ត្រូវ​ប្រជាជន​ធ្វើ​ឲ្យ​ស្លាប់។

២០ហើយ​ប្រជាជន​បាន​ឃើញ​ការណ៍​នេះ ហើយ​បាន​ធ្វើ​ជាទី​បន្ទាល់​ដល់​ការណ៍​នេះ ហើយ​ក៏​ខឹង​នឹង​លោក​មក​ពី​អំណាច​របស់​លោក ហើយ​លោក​ថែម​ទាំង​បាន​សម្ដែង​នូវ​អព្ភូតហេតុ​ជាច្រើន​ទៀត​ផង គឺ​នៅ​ចំពោះ​ភ្នែក​នៃ​ប្រជាជន​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​សាមសិប​មួយ​បាន​កន្លង​ផុត​ទៅ ហើយ​មាន​តែ​មនុស្ស​ចំនួន​តិច​ទេ ដែល​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​បាន​ប្រែចិត្ត​ជឿ នោះ​បាន​ធ្វើ​សញ្ញា​យ៉ាង​ពិត​ប្រាកដ​ដល់​ប្រជាជន​ថា ពួក​គេ​ត្រូវ​បាន​សណ្ឋិត​ដោយ​ព្រះ​ចេស្ដា និង​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​គេ​ជឿ​ដល់​នោះ។

២២ហើយ​អស់​អ្នក​ណា​ដែល​បាន​បណ្ដេញ​ពួក​អារក្ស​អសោចិ៍​ចេញ​ពី​ខ្លួន ហើយ​បាន​ជា​ពី​ជំងឺ​ទាំង​ឡាយ​របស់​គេ និង​ភាព​ពិការ​របស់​គេ នោះ​បាន​សម្ដែង​យ៉ាង​ពិត​ប្រាកដ​ដល់​ប្រជាជន​ថា ពួក​គេ​ត្រូវ​បាន​ទ្រ​ទ្រង់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ហើយ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា ហើយ​ពួក​គេ​បាន​បង្ហាញ​ទី​សម្គាល់​ទាំង​ឡាយ​ផង ហើយ​បាន​សម្ដែង​អព្ភូតហេតុ​ខ្លះ​នៅ​ក្នុង​ចំណោម​ប្រជាជន។

២៣ម្ល៉ោះ​ហើយ ឆ្នាំ​ទី​សាមសិប​ពីរ​ក៏​កន្លង​ផុត​ទៅ​ដែរ។ ហើយ​នីហ្វៃ​បាន​ស្រែក​ទៅ​កាន់​ប្រជាជន នៅ​ដើម​ឆ្នាំ​ទី​សាមសិប​បី ហើយ​លោក​បាន​ផ្សាយ​ដល់​ពួក​គេ​ពី​ការ​ប្រែចិត្ត និង​ការ​ផ្ដាច់​បាប។

២៤ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ផង​ថា គ្មាន​អ្នក​ណា​ម្នាក់​សោះ ដែល​ត្រូវ​បាន​នាំ​ឲ្យ​មាន​ការ​ប្រែចិត្ត ដែល​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក​នោះ​ឡើយ។

២៥ហេតុ​ដូច្នេះ​ហើយ មាន​មនុស្ស​ទាំង​ឡាយ ដែល​នីហ្វៃ​បាន​តែងតាំង​ឡើង​ក្នុង​ការងារ​បម្រើ​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​មក​រក​ពួក​គេ នឹង​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​ការ​នេះ​គឺជា​សាក្សី និង​ជាទី​បន្ទាល់​មួយ​នៅ​ចំពោះ​ព្រះ និង​ដល់​ប្រជាជន​ថា ពួក​គេ​បាន​ប្រែចិត្ត ហើយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ។

២៦ហើយ​មាន​មនុស្ស​ជាច្រើន​នៅ​ដើម​ឆ្នាំ​នេះ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ចំពោះ​ការ​ប្រែចិត្ត ម្ល៉ោះ​ហើយ ភាគច្រើន​នៃ​ឆ្នាំ​នេះ​បាន​កន្លង​ទៅ៕