ជំពូកទី ២៥
គ្រាយាងមកលើកទីពីរ ពួកអ្នកឆ្មើងឆ្មៃ និងពួកទុច្ចរិតនឹងត្រូវឆេះដូចជាជញ្ជ្រាំង — អេលីយ៉ានឹងត្រឡប់មកវិញមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនោះ — ចូរប្រៀបធៀបនឹងគម្ពីរម៉ាឡាគី ៤។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ត្បិតមើលចុះ ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ មែនហើយ ហើយនិងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះនឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
២តែព្រះរាជបុត្រានៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់នាមយើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោដែលលែងចេញពីក្រោល។
៣ហើយព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ត្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។
៤ចូរនឹកចាំពីក្រឹត្យវិន័យលោកម៉ូសេ ជាអ្នកបម្រើយើង ដែលយើងបានបញ្ជាដល់លោក នៅលើភ្នំហូរែបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
៥មើលចុះ មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់បានមកដល់ នោះយើងនឹងចាត់អេលីយ៉ា គឺជាព្យាការីឲ្យមកអ្នករាល់គ្នា។
៦ហើយលោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងយើងមកវាយផែនដីដោយសេចក្ដីបណ្ដាសា៕