ព្រះគម្ពីរ
នីហ្វៃ ទី ៣ 23


ជំពូក​ទី ២៣

ព្រះ​យេស៊ូវ​យល់​ព្រម​ទទួល​ពាក្យ​ទាំង​ឡាយ​របស់​អេសាយ — ទ្រង់​បញ្ជា​ឲ្យ​ប្រជាជន​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី — ពាក្យ​ទាំង​ឡាយ​របស់​សាំយូអែល ជា​សាសន៍​លេមិន ស្ដី​អំពី​ដំណើរ​រស់​ឡើង​វិញ ត្រូវ​បាន​បន្ថែម​ចូល​ក្នុង​បញ្ជី​ទាំង​ឡាយ​របស់​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​ពិចារណា​មើល​ការណ៍​ទាំង​នេះ។ មែន​ហើយ យើង​ឲ្យ​បញ្ញត្តិ​មួយ​ដល់​អ្នក​រាល់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ពិចារណា​មើល​ការណ៍​ទាំង​នេះ​ដោយ​ព្យាយាម ត្បិត​ពាក្យ​ពេចន៍​របស់​អេសាយ​ជា​ពាក្យ​ដ៏​មហិមា។

ត្បិត​លោក​បាន​មាន​ប្រសាសន៍​ជា​ប្រាកដ​ពី​គ្រប់​ទាំង​ការណ៍ ដែល​ទាក់​ទង​នឹង​រាស្ត្រ​យើង គឺជា​វង្ស​អ៊ីស្រាអែល ដូច្នេះ​លោក​ត្រូវ​តែ​ប្រាប់​ទៅ​ពួក​សាសន៍​ដទៃ​ផង​ដែរ។

ហើយ​គ្រប់​ទាំង​ការណ៍​ដែល​លោក​មាន​ប្រសាសន៍​នោះ​បាន​កើត​ឡើង ហើយ​នឹង​កើត​ឡើង គឺ​ស្រប​តាម​ពាក្យ​ពេចន៍​ដែល​លោក​បាន​ប្រាប់។

ហេតុ​ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​តាម​ពាក្យ​របស់​យើង​ចុះ ចូរ​សរសេរ​នូវ​អ្វីៗ​ដែល​យើង​បាន​ប្រាប់​ដល់​អ្នក ហើយ​ស្រប​តាម​ពេល​វេលា និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ការណ៍​ទាំង​នោះ​នឹង​ចេញ​ទៅ​ដល់​ពួក​សាសន៍​ដទៃ។

ហើយ​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ពាក្យ​របស់​យើង ហើយ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​នោះ​ហើយ​ដែល​នឹង​បាន​សង្គ្រោះ។ ចូរ​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី ត្បិត​មាន​ជាច្រើន​ដែល​បាន​ធ្វើ​បន្ទាល់​អំពី​ការណ៍​ទាំង​នេះ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ទៀត គឺ​បន្ទាប់​ពី​ទ្រង់​បាន​ពន្យល់​ប្រាប់​ពួក​គេ នូវ​បទគម្ពីរ​ទាំង​ឡាយ​ដែល​គេ​បាន​ទទួល នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កត់​ទុក​នូវ​បទគម្ពីរ​ផ្សេងៗ​ទៀត ដែល​អ្នក​រាល់​គ្នា​ពុំ​ទាន់​មាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នីហ្វៃ​ថា ៖ ចូរ​យក​បញ្ជី​ដែល​អ្នក​បាន​កត់​ទុក​មក​ឯណេះ។

ហើយ​កាល​នីហ្វៃ​បាន​យក​បញ្ជី​មក ក៏​ដាក់​ចុះ​នៅ​ចំពោះ​ទ្រង់​ហើយ នោះ​ទ្រង់​ទត​សម្លឹង​មើល​បញ្ជី​ទាំង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ថា ៖

យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​បាន​បញ្ជា​ឲ្យ​អ្នក​បម្រើ​យើង គឺ​សាំយ៉ូអែល ជា​សាសន៍​លេមិន​ឲ្យ​លោក​ធ្វើ​បន្ទាល់​ដល់​ប្រ​ជា​ជន​នេះ​ថា នៅ​ថ្ងៃ​ដែល​ព្រះ​វរបិតា​នឹង​តម្កើង​ព្រះ​នាម​ទ្រង់​នៅ​ក្នុង​យើង នោះ​នឹង​មាន​ពួក​បរិសុទ្ធ​ជាច្រើន បាន​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​នឹង​លេច​មក​ឲ្យ​មនុស្ស​ជាច្រើន​បាន​ឃើញ ហើយ​នឹង​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ។ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ៖ តើ​ពុំ​មែន​ដូច្នោះ​ទេ​ឬ​អី?

១០ហើយ​ពួក​សិស្ស​របស់​ទ្រង់​ឆ្លើយ​ថា ៖ ព្រះ​ពរ ព្រះ​អម្ចាស់ សាំយូអែល​បាន​ព្យាករ​ដូច​ពាក្យ​របស់​ព្រះ​អង្គ​មែន ហើយ​ពាក្យ​ទាំង​អស់​នោះ​បាន​បំពេញ​ហើយ។

១១ហើយ​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ពុំ​ទាន់​កត់​ការណ៍​នេះ​ទុក ដែល​ថា​មាន​ពួក​បរិសុទ្ធ​ជាច្រើន​បាន​រស់​ឡើង​វិញ ហើយ​បាន​លេច​មក​ឲ្យ​មនុស្ស​ជាច្រើន​បាន​ឃើញ ហើយ​ក៏​បាន​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ទាំង​នោះ?

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ​នឹក​ឃើញ​ថា ការណ៍​នេះ​ពុំ​ទាន់​បាន​សរសេរ​ទុក​នៅ​ឡើយ​ទេ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ជា​ឲ្យ​សរសេរ​ការណ៍​នោះ​ទុក ដូច្នេះ​ការណ៍​នោះ​ក៏​បាន​សរសេរ​ទុក ដូចដែល​ទ្រង់​បាន​បញ្ជា​ម​ក។

១៤ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ពន្យល់​ប្រាប់​អស់​ទាំង​បទគម្ពីរ​តែមួយ ដែល​ពួក​គេ​បាន​សរសេរ​ទុក នោះ​ទ្រង់​បាន​បញ្ជា​ថា ពួក​គេ​ត្រូវ​បង្រៀន​ការណ៍​ទាំង​ឡាយ ដែល​ទ្រង់​បាន​ពន្យល់​ប្រាប់​ដល់​ពួក​គេ៕